ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជាបានចុះហត្ថលេខទិញថាមពលអគ្គិសនី ពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព២៤០០មេហ្កាវ៉ាត់ នៅតំបន់រ៉ែធ្យូងថ្ម នៅខេត្តសេកុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។

-->
គណៈរដ្ឋមន្ត្រីនៃប្រទសកម្ពុជា បានសម្រេចអនុម័តផ្លូវការនូវការទិញថាមពលអគ្គិសនីពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មនេះ ដោយសារកម្ពុជាមានសន្តិភាពនិងស្ថិរភាពនយោបាយ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទន្ទឹមនឹងស្ថានភាពដ៏កាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ សកម្មភាពវិនិយោគ បានកើនឡើងយ៉ាងគំហុកលើសពីពេលមុនៗ ជាពិសេសវិស័យសំណង់ នេះជាប្រការជះឥទ្ធិពលឱ្យការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀតអាចនឹង កើនឡើងលើសពីការគ្រោងទុក។
;ចំពោះស្ថានភាពជាក់ស្តែងថ្មីនេះ ដើម្បីឱ្យការផ្គត់ផ្គង់ថាម ពលអគ្គិសនីនៅកម្ពុជាមានសុវត្ថិភាព និងបរិមាណគ្រប់គ្រាន់ រាជរដ្ឋាភិបាលបានធ្វើការព្យាករណ៍សេចក្ដីត្រូវការថាមពលអគ្គិសនីឡើងវិញយ៉ាងប្រុងប្រយ័ត្ន និងរកប្រភពថាមពលអគ្គិសនីបន្ថែមឱ្យបានគ្រប់គ្រាន់ទាន់តាមកំណើនតម្រូវការ ព្រមទាំងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញចែកចាយអគ្គិសនីគ្រប់រូបភាពទូទំាងប្រទេស។ ដូចបណ្តាប្រទេសនានាមួយចំនួនក្នុងតំបន់ដែរ ក្រៅពីការអភិវឌ្ឍប្រភពថាមពលអគ្គិសនីក្នុងស្រុក ប្រទេសកម្ពុជាត្រូវការនំាចូលថាមពល អគ្គិសនីបន្ថែមទៀតពីប្រទេសជិតខាង។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានតម្រង់ទិសជាអាទិភាពទៅរកប្រទេសឡាវដែល ការនំាចូលថាមពលអគ្គិសនីពីប្រទេសឡាវ មានលក្ខណៈអនុគ្រោះទាំងថ្លៃ ទំាងបរិមាណ និងលក្ខខណ្ឌទិញលក់ល្អប្រសើរ ហើយមានសុវត្ថិភាពយូរអង្វែង។
គម្រោង ទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០មេហ្កាវ៉ាត់ ពីប្រទេសឡាវ មកពីរោងចក្រចំនួនពីរកន្លែង ដែលត្រូវផ្គត់ផ្គង់ថាមពលអគ្គិសនីផ្តាច់មុខមកកម្ពុជាតែមួយគត់ ដោយភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា។ គម្រោងវិនិយោគនេះមានទំហំទុនសរុបចំនួន៤៩៧០លានដុល្លារអាមេរិក និងមានអាណត្តិនៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនីរយៈពេល៣០ឆ្នំា។
ចំពោះអានុភាពក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED អាចបញ្ចេញបានចំនួន៦០០មេហ្កាវ៉ាត់ និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED ; អាចបញ្ចេញបានចំនួន១៨០០មេហ្កាវ៉ាត់។ ក្រុមហ៊ុនទំាងពីរខាងលើនេះ ទទួលបានសម្បទានធ្វើការអភិវឌ្ឍអណ្តូងរ៉ែធ្យូងថ្ម និងរោងចក្រ ផលិត អគ្គិសនីពីរដ្ឋាភិបាលប្រទេសឡាវ។
គម្រោងនេះផ្តល់អត្ថប្រយោជន៍ចំពោះប្រទេស កម្ពុជាដូចជា ទី១-ទទួលបានថ្លៃអគ្គិសនី៧,៧សេនដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាថ្លៃទាប ធៀបនឹងបណ្តារោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មផ្សេងទៀតនៅកម្ពុជា និងមានថ្លៃថេរ ហើយថ្លៃនេះបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃភ្លើងនា ពេលអនាគត។ ទី២-ទទួលបានលក្ខខណ្ឌបច្ចេកទេស និងសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងទំាងពីរមានលក្ខណៈប្រសើរជាងកិច្ចព្រមព្រៀងដែលធ្លាប់មានកន្លងមក។ ទី៣-ជួយកាត់បន្ថយការទិញថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់នំាចូលមកពីប្រទេសវៀតណាម និងប្រទេសថៃនាពេល បច្ចុប្បន្ន។
ទី៤-ធានាបានការផ្គត់ផ្គង់ថាមពលបន្ថែម ដល់ប្រព័ន្ធអគ្គិសនីជាតិឱ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំង។ ទី៥-នំាមកនូវចំណេះដឹង និងការបណ្តុះបណ្តាលបង្កើនសមត្ថភាព ជំនាញរបស់កម្មករនិយោជិតអគ្គិសនីកម្ពុជា តាមរយៈការសិក្សានៅរោងចក្រអគ្គិសនីផ្ទាល់។ ទី៦-ផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់៥០០គីឡូវ៉ុលថ្មីបន្ថែមទៀត ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានថ្លៃទាបសមរម្យ ពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាគខាងត្បូង នៃប្រទេសឡាវ និងទី៧-មិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា៕