រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ក្តៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ឧស្សាហ៍​លុប​ និង​ពន្យារ​ជើងហោះហើរ​

0
អ្នកធ្វើដំណើរនៅព្រលានយន្តហោះខេត្តសៀមរាប កំពុងពិនិត្យសំបុត្រ និងឯកសារ។ រូបថត ម៉ៃ វីរៈ

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូទាំង​ប្រទេស​ នៅពេល​ខាងមុខ​ នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ឧស្សាហ៍​លុបចោល​ និង​ពន្យារពេល​ហោះហើរ​ជា​រឿយ​ៗ ដែល​បង្ក​ការរិះគន់​យ៉ាង​ខ្លាំង​សម្បើម​ពីសំណាក់​ភ្ញៀវ​ទេសចរ​ និង​អ្នកដំណើរ​។

ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី១​ អាណត្តិ​ទី៦​ របស់​គណៈកម្មការ​អន្តរក្រសួង​កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បានឱ្យ​ដឹង​ថា​ កន្លងមក​ ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​ និង​អ្នកដំណើរ​បាន​លើកឡើង​ពី​ការរិះគន់​ដោយ​ផ្ទាល់​ និង​ប្រយោល​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​កម្ពុជា​ដែល​តែងតែ​ឧស្សាហ៍​លុបចោល​ជើងហោះហើរ​ ឬក៏​ពន្យារពេល​ហោះហើរ​ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ ហើយ​ពេលខ្លះ​គ្មាន​បញ្ហា​អាកាសធាតុ​អ្វី​សោះ​ ក៏​មានការ​លុបចោល​ ឬពន្យារពេល​ហោះហើរ​ដែរ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ភ្ញៀវ​មានការ​ខកចិត្ត​ មិន​សប្បាយចិត្ត​ទាល់តែសោះ​ ហើយ​ករណីនេះ​ មន្ត្រី​ថ្នាក់ដឹកនាំ​ភាគច្រើន​ ក៏​ដូច​ភ្ញៀវ​ទេសចរ​ ក៏​តែង​បាន​ជួប​បញ្ហា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ជា​ញឹកញាប់​ ដែល​ជាហេតុ​ធ្វើឲ្យ​ពេលខ្លះ​ ខកដំណើរ​ទៅ​ចូលរួម​ប្រជុំ​ ខកដំណើរ​ក្នុង​ការ​តភ្ជាប់​ជើងហោះហើរ​ ខាតបង់​ពេលវេលា​ ហើយ​ពេលខ្លះ​ខូច​ដល់​គម្រោង​ផែន​ការ​ធំៗ​ផង​ក៏​មាន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ រដ្ឋមន្ត្រី​បាន​ប្រកាស​ថា​ នា​ពេល​ខាងមុខ​ គណៈកម្មការ​អន្តរក្រសួង​នឹង​កោះ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ​ ក៏ដូចជា​ក្រុមហ៊ុន​គ្រប់​គ្រង​ព្រលា​នយន្តហោះ​ ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​ពិភាក្សា​ ឬក៏​ចាត់វិធានការ​ណាមួយ​ចំពោះ​បញ្ហា​ច្រំ​ដែល​ៗដែល​កើតមាន​យូរហើយ​ផង​ដែរ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ រឿង​ឧស្សាហ៍​លុបចោល​ និង​ពន្យារពេល​ហោះហើរ​ នេះ​ ព្រោះ​ទាំង​អ្នកធ្វើ​ដំណើរ​ អ្នកជំនួញ​ និង​អ្នក​ទេសចរណ៍​មិន​ចង់​ឲ្យ​មានការ​ខក​ជើងហោះហើរ​ឡើយ​ ។

លោក​បន្ត​ថា​ បើ​រដ្ឋាភិបាល​អាច​ចាត់វិធានការ​ចំពោះ​ករណីនេះ​ អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ ជា​ពិ​សេ​សភា្នក់​ងារ​ទេសចរណ៍​ រកចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​ និង​ភ្ញៀវ​ទេសចរណ៍​មាន​ជំនឿ​ ព្រមទាំង​មកលេង​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​កាន់​ច្រើន​ថែមទៀត​៕

អ្នកជំនាញ​ព្យាករណ៍​ថា​ ៥ឆ្នាំ​ទៀត​តំបន់​កោះ​ពេជ្រ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​

1

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វត្តមាន​អាគារ​កប់​ពពក​នៅ​ជុំវិញ​ និង​កំពុង​លូតលាស់​ជា​រៀងរាល់ថ្ងៃ​នៅ​ទីក្រុង​កោះ​ពេជ្រ​ តំបន់​នេះ​បាន​និង​កំពុង​ដើរតាម​លំអាន​ប្រទេស​រីកចម្រើន​នានា​ ដែល​អនាគត​តំបន់​នេះ​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ នា​ពេល​អនាគ​តឆាប់​ៗខាងមុខនេះ​។

សហ​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Advance​ Real​ Estate​ លោក​ ប៉ូ​ អ៊ា​វគង់​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៩​ ខែឧសភា​ កន្លងមក​ថា​ ​;ភាព​ជាក់ស្ដែង​នៃ​ការ​អភិវឌ្ឍ​នៅ​លើ​តំបន់​កោះ​ពេជ្រ​ នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ស្ថានភាព​នៃ​ការប្រើ​ប្រាស់​ដី​នៅ​តំបន់​ស្ទើរ​ប្រើប្រាស់​អស់ទៅហើយ​។ ដោយឡែក​តំបន់​ជុំវិញ​កោះ​ពេជ្រ​ ក៏​មិនសូវ​មាន​ដី​ទំ​នេរ​ធំៗ​ដែរ​ ដែល​សូម្បីតែ​ដី​អតីត​ប៊ូល​ឌីង​ ក៏​មាន​គម្រោង​អភិវឌ្ឍ​សាងសង់​ជា​មណ្ឌល​កម្សាន្ត​ ណា​ហ្គា៣រួច​បាត់​ទៅ​ហើយ​។

លោក​បាន​បន្ត​ថា​ “គម្រោង​ភាគច្រើន​នៅ​តំបន់​នេះ​ អាច​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ត្រឹម៣ឆ្នាំ​ទៀត​តែប៉ុណ្ណោះ​ ហើយ​រហូតដល់៥ឆ្នាំខាងមុខ​ទៀត​ តំបន់​នេះ​នឹង​ប្រែរូប​រាង​ទៅ​ជា​បណ្តុំ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ លេច​ធ្លោ​រជាង​បណ្តា​ប្រទេស​មួយចំនួន​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ និង​កម្រិត​ប្រជាជន​ប្រហាក់​ប្រហែលជា​មួយ​នឹង​ប្រទេស​យើង​”។ លោក​បាន​បញ្ជាក់​ថា​ “បើ​ទោះជា​បែបនេះ​ក្ដី​ ប៉ុន្តែ​វា​នៅ​មិនទាន់​អាច​ប្រៀបប្រដូច​ ឬស្មើ​ទៅ​នឹង​ប្រទេស​ជឿនលឿន​ដូចជា​ ប្រទេស​សិង្ហបុរី​ ក៏ដូចជា​ហុងកុង​នោះ​ទេ​ ដោយសារតែ​កម្រិត​ និង​ទំហំ​នៃ​ការ​វិនិយោគ​ និង​កម្រិត​មុខ​ជំនួញ​របស់​ប្រទេស​យើង​នៅ​មិនទាន់​ស្មើនឹង​បណ្តា​ប្រទេស​ទាំងនេះ​នៅឡើយ​”។

លោក​បន្ត​ថា​ “វា​ត្រូវការ​រយៈពេល​យូរ​ជាង​នេះ​បន្តិចទៀត​ ដែល​អាច​រយៈពេល​ចាប់​ ៧-១០​ ឆ្នាំ​ទៀត​ ទើប​អាច​ឈាន​ដល់កម្រិត​អន្តរជាតិ​ជាសាកល​បាន​”។

អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ ទូច​ សំណាង​ បាន​មានប្រសាសន៍​ប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គម្រោង​អភិវឌ្ឍ​តំបន់​កោះ​ពេជ្រ​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​កម្សាន្ត​លំដាប់​អន្តរជាតិ​ ជា​អ្វី​ដែល​ក្រុមហ៊ុន​បាន​រៀបចំ​គម្រោង​តាំងពី១៥ឆ្នាំមុន​មក​ម៉្លេះ​ ដោយសារតែ​ការ​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ និង​អំណោយផល​ល្អ​នៃ​ទីតាំង​ និង​ផ្នែក​ភូមិ​សាស្រ្ត​។

លោក​បាន​បន្ត​ថា​ “ទីក្រុង​កោះ​ពេជ្រ​ មាន​កក្តា​ភូមិសាស្ត្រ​ល្អ​ច្រើន​ទាក់ទង​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​ដែល​ស្ថិតនៅ​ជាប់​ទន្លេ​ និង​មាន​ភាព​ងាយស្រួល​ក្នុង​តភ្ជាប់​ទៅកាន់​តំបន់​ដទៃទៀត​ ជាពិសេស​មណ្ឌល​ពាណិជ្ជកម្ម​ដែល​នៅ​កណ្តាល​ក្រុងភ្នំពេញ​”។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​នៅ​ទីនេះ​ ទើបតែ​បាន​ប្រមាណ​ជាង២០ភាគរយ​នៃ​គម្រោង​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​ផ្ទៃដី​ត្រូវ​បាន​ប្រើប្រាស់​អស់៥០ភាគរយ​រួច​ទៅ​ហើយ​”។

លោក​បន្ត​ថា​ “មាន​ក្រុមហ៊ុន​មួយចំនួន​ទៀត​ ត្រៀម​សាងសង់​អា​គារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​កោះ​ពេជ្រ​ ហើយ​អាគារ​កំ​ពស់់ ៦៩ ជាន់​មួយ​នឹង​ប្រកាស​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​”។លោក​បន្ត​ថា​ “បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំ​ ពុង​រៀបចំ​តំបន់​ថ្មើ​ជើង​បី​កន្លែង​រួចហើយ​នៅ​ទីក្រុង​នេះ​ និង​ពង្រីក​បន្ថែម​នា​ពេល​អនាគត​ តែ​យើង​មិន​អាចប​ដិ​សេ​ធមិន​ឲ្យ​យានយន្ត​ចូល​ ដោយមាន​តែ​ថ្មើរជើង​នោះ​ទេ​”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ ​; បាន​មានប្រសាសន៍​ថា​ តំបន់​ខាងលើ​នេះ​គឺ​ពិតជា​ស័ក្ដិសម​ទៅ​បំផុត​ ក្នុងនាម​ជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ហើយ​វា​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ផង​ដែរ​។

​លោកស្រី​បន្ត​ទៀត​ថា​ “វា​មិន​ត្រឹមតែ​មានតែ​អគារ​ត្រឹមតែ​ប៉ុន្មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ តែ​វា​នៅ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៀត​ ដែល​បាន​និង​កំពុងតែ​ត្រៀម​ធ្វើការ​សាសង​សង់​នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ដែល​ភាគច្រើន​ជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ចិន​”។

ទីប្រឹក្សា​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ បើ​មើល​ពី​សកម្មភាព​ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៃ​ការសាងសង់​នា​ពេល​បច្ចុប្បន្ន​នេះ​ តំបន់​នេះ​អាច​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ ជាពិសេស​តំបន់​ទស្សនា​កម្សាន្ត​ដោយ​ថ្មើរជើង​សំរាប់​ដើរ​កំសាន្ត​ថ្មី​មួយ​នៅ​ក្រុងភ្នំពេញ​»។លោក​បាន​បន្ត​ទៀត​ថា​ អគារ​ខ្ពស់​ខ្ពស់​ៗ គួរតែ​មាន​កន្លែង​សម្រាប់​អង្គុយ​លំ​ហែរ​ និង​ទស្សនា​ទិដ្ឋភាព​ទីក្រុង​ ដែល​អាច​មើលទៅ​ទិសខាងកើត​ឃើញ​ផ្ទៃ​ទន្លៃ​ និង​ទេសភាព​បៃតង​នៃ​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​ ហើយ​ខាង​មើល​មក​ទិសខាងលិច​ឃើញ​ទិដ្ឋភាព​ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​សំណង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ជាច្រើន​។

លោក​បន្ត​ថា​ ទោះជាយ៉ាងណា​ទាំង​អាជ្ញាធរ​ និង​អ្នក​អភិវឌ្ឍន៍​គួរតែ​មានការ​រៀបចំ​របៀបរបប​ និង​សណ្តាប់​ធ្នាប់​ឱ្យ​បាន​ល្អ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​ច្រើន​ ជាពិសេស​ រដ្ឋាភិបាល​ក៏​គួរតែ​មានការ​រៀបចំ​តំបន់​ចំណត​យានយន្ត​ឱ្យ​បាន​ល្អ​។ លោក​បន្ត​ថា​ តំបន់​កោះ​ពេជ្រ​ ក៏​គួរតែ​មានការ​រៀបចំ​តុបតែង​លម្អ​រប​ន្ថែ​មទៀ​ត ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដើម្បី​អូសទាញ​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​”៕

រដ្ឋមន្ត្រី​ទេសចរណ៍​រិះគន់​អ្នក​ផ្សព្វផ្សាយ​ច្បាប់​-គតិយុត្តិ​ដល់​ម្ចាស់ហាង​ចិន​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ខណៈ​អ្នក​ជំ​នា​ញក្នុងវ​ស័យ​ទេសចរណ៍​ លើកឡើង​កាលពី​ពេល​ថ្មី​ៗថា​ កម្ពុជា​ត្រូវការ​រឹត​បន្តឹង​ច្បាប់​ និង​បង្កើត​ច្បាប់​បន្ថែម​ ដើម្បី​បង្ក​ភាព​ងាយស្រួល​គ្រប់គ្រង​ទេសចរណ៍​ចិន​ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោង​ ខុន​ ពីម្សិលមិញ​បាន​រិះគន់​ចំពោះ​មន្ត្រី​អ្នក​ផ្សព្វផ្សាយ​ឯកសារ​ច្បាប់​ លិខិត​បទ​គតិ​យុត្ត​ដល់​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​។

លោក​លើកឡើង​ថា​ មិន​បកប្រែ​ឯកសារ​ទាំងនោះ​ទៅជា​ភាសា​ចិន​ និង​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​ ពិសេស​ត្រូវ​ហៅ​ពួកគេ​មក​ផ្សព្វផ្សាយ​ពី​ច្បាប់​ លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា​ ដោយ​ត្រូវ​បកប្រែ​ ឬពន្យល់​ជា​ភាសា​ចិន​ផង​ទើបបាន​។

ការណែនាំ​យ៉ាង​ដូច្នេះ​របស់​លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី១​ អាណត្តិ​ទី៦​ របស់​គណៈកម្មការ​អន្តរក្រសួង​កាលពី​ម្សិលមិញ​។

លោក​ថោង​ ខុន​ បាន​លើកឡើង​ថា​ កន្លងមក​ជា​រឿយ​ៗ តែ​មានការ​ប្រជុំ​ផ្សព្វផ្សាយ​ពី​ឯកសារ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា​ ទៅដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ ប៉ុន្តែ​ភាព​ខ្លះ​ចន្លោះ​មួយចំនួន​ក៏​កើតមានឡើង​ផង​ដែរ​ ដូចជា​ការ​មិនសូវ​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​ឱ្យ​បាន​ច្រើន​ ជូន​កាល​អញ្ជើញ​មក​ហើយ​ បែរជា​គ្មាន​ការបកប្រែ​ឯកសារ​ជា​ភាសា​ចិន​ ឬគ្មាន​ការ​ពន្យល់​ជា​ភាសា​ចិន​ជាដើម​។

លោក​បាន​បន្ត​ថា​ ជនជាតិ​ចិន​ខ្លះ​មិន​ចេះ​ភាសាអង់គ្លេស​ ក៏​រឹតតែ​មិន​ចេះ​ភាសាខ្មែរ​ផង​ បើ​គ្មាន​ការបកប្រែ​ឬពន្យល់​ជា​ភាសា​ចិន​ឱ្យ​ពួកគេ​ទេ​ ក៏​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ដែរ​ ដូច្នេះ​គ្រប់​មន្ទីរ​ទេសចរណ៍​ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គិតគូរ​ឡើងវិញ​លើ​បញ្ហា​នេះ​។

លោក​ថោង​ ខុន​បាន​អះអាង​ថា​ “អ្នក​ប្រកប​អាជីវកម្ម​បរទេស​ មិន​ចង់​ប្រឆាំង​នឹង​រដ្ឋអំណាច​ ឬប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ប្រទេស​យើង​ទេ​ គឺ​ពួកគេ​ចង់​ស្ដាប់​ ចង់​ធ្វើអ្វី​ដែល​ល្អ​ត្រឹមត្រូវ​ ប៉ុន្តែ​យើង​អត់​បាន​ប្រាប់​គេ​ឱ្យ​បាន​ច្បាស់​ ទាំងអស់​ហ្នឹង​ដោយសារ​យើង​មិន​បកប្រែ​ជា​ភាសា​ចិន​ ហៅ​ចិន​មក​ប្រជុំ​អត់មាន​អ្នកបកប្រែ​ ហើយ​ឯកសារ​ច្បាប់​ ឯកសារ​គតិ​យុត្ត​សុទ្ធតែ​ជា​ភាសាខ្មែរ​ទាំងអស់​ តែ​ចិន​អត់មាន​ទៅវិញ​ ដូច្នេះ​ត្រូវ​មាន​បកប្រែ​ជា​ភាសា​ចិន​ចែក​ជូន​ពួកគាត់​”។

លោក​ឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​ហាង​របស់​ជនជាតិ​ចិន​ អាច​ដាក់​អក្សរ​ចិន​នៅ​ផ្នែក​កណ្ដាល​ក៏បាន​ តែ​ដាច់ខាត​ត្រូវ​ដាក់​អក្សរខ្មែរ​នៅ​ផ្នែក​ខាងលើ​ ហើយ​ត្រូវតែ​ធំជាង​ពាក់កណ្ដាល​នៃ​អក្សរ​ចិន​នោះ​ ពោល​គឺ​មិន​អាច​ជៀសវាង​ការប្រើ​ប្រាស់​ ភាសាអង់គ្លេស​បាន​ឡើយ​ ពីព្រោះ​ដោយសារ​ប្រទេស​កម្ពុជា​ ជាគោល​ដៅ​ទេសចរណ៍​ចម្រុះ​ជាតិសាសន៍​មិនមែន​មានតែ​ទេសចរ​ចិន​ប៉ុណ្ណោះទេ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ ធួន​ ស៊ី​ណា​នបាន​ថ្លែង​ថា​ ខណៈ​ពេលនេះ​ កម្ពុជា​ចាំបាច់​បង្កើត​ច្បាប់​បន្ថែម​ក្នុង​ការគ្រប់គ្រង​ ព្រោះ​ករណី​អត់​ដែល​កើតមានឡើង​នៅ​កម្ពុជា​ ហើយ​មុននឹង​បង្កើត​ច្បាប់​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ឫនៅ​ មិនមែន​បង្កើត​ច្បាប់​មក​ចោល​នោះ​ទេ​។

លោក​ថ្លែង​ថា​ “យើង​ឃើញស្រាប់​ហើយ​ ច្បាប់​ទេសចរណ៍​ត្រូវ​បាន​បង្កើត​ឡើង៥​ ឬ៦​ ឆ្នាំ​មក​ហើយ​ តែរ​ហូត​មកដល់​សព្វថ្ងៃ​សម្រាប់​ការអនុវត្ត​ន៍​នៅ​មានកម្រិត​”។ លោក​បន្ត​ថា​ “វា​ត្រូវ​កើតឡើង​ពី​ឆន្ទៈ​របស់​មនុស្ស​ គឺ​មានតែ​ច្បាប់​ទេ​ដែល​បង្កើត​ចេញ​ជា​ឆន្ទៈ​ និង​មានតែ​រឹត​បន្តឹង​ច្បាប់​ទេ​”។

លោក​បន្ត​ថា​ យើង​ត្រូវ​ដឹង​ថា​ ថ្វីត្បិតតែ​យើង​មានច្បាប់​ស្ទើ​តែ​គ្រប់​ច្រកល្ហក​ដូច​ប្រទេស​អភិវឌ្ឍន៍​ដ៏​ទៃ​ក៏​ពិតមែន​ ប៉ុន្តែ​ការ​អនុវត្ដ​ន៍​ច្បាប់​យើង​នៅ​មានកម្រិត​មែនទែន​។

លោក​ធួន​ ស៊ី​ណា​នបាន​ទៀត​ថា​ “ឲ្យដឹង​ភ្ញៀវ​មក​ប៉ុន្មាន​ក៏​មក​ចុះ​ និង​មកកាន់​តែ​ច្រើន​កាន់តែ​ល្អ​ ដូចជា​អ្នក​វិ​និ​យោ​គចឹង​ មក​ពីណា​ក៏​មក​ចុះ​ឲ្យតែ​អ្នកនោះ​ជា​ ប៉ុន្តែ​រឿង​តែមួយគត់​ តើ​ប្រទេស​ជា​ម្ចាស់​មានច្បាប់​ និង​ក្រិត​ក្រម​របស់​ខ្លូន​ហើយ​ឬនៅ​? យើង​ត្រូវ​ពង្រឹង​ច្បាប់​ និង​ចំណុច​ណា​ខ្វះខាត​ត្រូវ​បង្កើត​បន្ថែម​ ហើយ​យើង​ត្រូវ​មើល​ប្រទេស​ចិន​គេ​មាន​ប្រជាជន​រាប់​ពាន​លាន​នាក់​គេ​គ្រប់គ្រង​បាន​។ អ្វី​ដែល​យើង​ខ្វះខាត​គឺ​ការអនុវត្ត​ន៍​ច្បាប់​”៕

ចំណេះដឹង​! តើ​អ្នកណា​ខ្លះ​ត្រូវ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដើមទុន​ អ្នកនាំ​ចេញ​នាំចូល​ និង​សហគ្រាស​វិនិយោគ​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​ តម្លៃបន្ថែម​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។

បុគ្គល​ណា​ដែល​បាន​បង្កើត​សហគ្រាស​អាជីវកម្ម​ ឬ មានបំណង​ បង្កើត​សហគ្រាស​អាជីវកម្ម​ប្រសិនបើ​មាន​ ឬរំពឹង​ថា​នឹង​មានផល​របរ​ជាប់​អាករ​ ក្នុងរយៈពេល​បី​ខែ​ប្រតិទិន​ជាប់គ្នា​លើស​ពី១២៥លាន​រៀល​ សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ និង​លើស​ពី៦០លាន​រៀន​សម្រាប់​ការ​ផ្គត់ផ្គង់​សេវា​ បុគ្គល​ នោះ​អាច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​បាន​។

ម្យ៉ាងវិញទៀត​ក្នុងរយៈពេល​ដូចគ្នា​នេះ​បុគ្គល​ណា​ ដែល​មានផល​របរ​ជាប់​អាករ​បាន​មក​ពី​ការ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋ​លើស​ពី៣០លាន​រៀល​ បុគ្គល​នោះ​ត្រូវតែ​ចុះបញ្ជី​រអា​ករ​លើ​តម្លៃបន្ថែម​។ ផលរបរ​ជាប់​អាករ​ គឺជា​ចំណូល​ដុល​របស់​អាជីវកម្ម​ដោយ​មិន​គិ​តប​ញ្ជូល​អាករ​លើ​តម្លៃបន្ថែម​និង​ចំណូល​ពី​ ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ដូច​មាន​ចែង​ក្នុង​មាត្រា៥៧​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​។

សម្រាប់​គោលដៅ​នៃ​ការចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ ពាក្យ​ “បុគ្គល​” សំ​ដៅ​ដល់ៈ​

– សហគ្រាស​ឯកបុគ្គល​

– ក្រុមហ៊ុន​សហកម្មសិទ្ធិ​

– ក្រុមហ៊ុន​ឯកជន​

– ក្រុមហ៊ុន​មហាជន​

– ក្រុមហ៊ុន​ចំរុះ​

– ក្រុម​អាជីវកម្ម​

– ក្លឹប​ ឬ សមាគម​ ។ល។

ពាក្យ​ “សហគ្រាស​អាជីវកម្ម​” សំដៅ​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​ដូច​ជាៈ​

ក. អាជីវកម្ម​ធម្ម​តាៈ​ ហាង​លក់ទំនិញ​ អ្នកម៉ៅការ​ អ្នក​ផលិត​ អ្នកលក់​ដុំ​ អ្នក​ផ្តល់​សេ​វា​ផ្សេង​ៗ ។ល។

ខ. ការ​ធ្វើអាជីវកម្ម​និង​វិជ្ជាជីវៈ​ : ស្ថាបត្យករ​ វិស្វករ​ គណនេយ្យករ​ មេធាវី​ ។ល។

គ. សកម្មភាព​ដែល​ធ្វើឡើង​ដោយ​អង្គភាព​មិន​ស្វែងរក​ចំណេញ​នា​នាៈ​ សហ​គម​ សមាគម​ ក្លឹប​កីឡា​ ។ល៕

មុន​ពេល​សម្រេចចិត្ត​វិនិយោគ​អចលនទ្រព្យ​គួរ​ស្វែងយល់​ពី​ព័ត៌មាន​លម្អិត​សិន​

0

ដោយៈ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​ដែល​អ្នក​វិនិយោគ​ ដោយ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅក្នុង​ដៃ​ ការ​វិនិយោគ​អចលនទ្រព្យ​របស់​អ្នក​អាច​ងាយ​រង​ហានិភ័យ​ខ្ពស់​ ហេតុនេះ​ការសិក្សា​ និង​ស្វែងយល់​ពី​ព័ត៌មាន​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការ​វិនិយោគ​របស់​ខ្លួន​ប្រាសចាក​ពី​ការខាតបង់​។

អ្នកវិភាគ​សេដ្ឋកិច្ច​សង្គម​ និង​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ នៅក្នុង​វិស័យ​នេះ​មានការ​បំពុល​ព័ត៌មាន​ច្រើន​ ទាក់ទង​នឹង​ការ​បង្ហាញ​ ឬលើកឡើង​ពី​គំរោង​អភិវឌ្ឍន៍​នានា​ តាមរយៈ​អ្នក​វិនិយោគ​មួយចំនួន​នៅក្នុង​វិស័យ​នេះ​ ដើម្បី​ទាក់ទាញ​អតិថិជន​ ប្រយោជន៍​ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​លក់​គំរោង​របស់​ពួកគេ​ឆាប់​ដាច់​។

លោក​បន្ត​ថា​ ជាក់ស្តែង​យើង​ធ្លាប់​បានឮ​ និង​ឃើញ​រួចមក​ហើយ​ ចំពោះ​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់​មួយចំនួន​ បាន​ប្រកាស​បើក​លក់​គម្រោង​ក្នុង​តម្លៃ​សមរម្យ​ ដែល​ធ្វើ​ឱ្យ​មហាជន​មួយចំនួន​នាំគ្នា​សម្រុក​ទៅ​កក់លុយ​ទិញ​ ហើយ​មាន​អ្នកខ្លះ​បាន​ប្រើប្រាស់​លុយ​ធនាគារ​ទៅ​ទិញ​ ដើម្បី​ត្រៀម​លក់​យកចំណេញ​ ប៉ុន្តែ​ក្រោយ​បន្តិចមក​គំរោង​នោះ​ហាក់​ស្ងប់ស្ងាត់​ គ្មាន​សកម្មភាព​ មាន​ភា​ពស្ងប​ស្ងាត់​ ដែល​ជា​បញ្ហា​ប្រឈម​ទៅ​នឹង​ការខាតបង់​។

លោក​បាន​បន្ត​ទៀត​ថា​ “ហេតុនេះ​មុន​សម្រេចចិត្ត​វិនិយោគ​ ខ្ញុំ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ និង​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​ មុននឹង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​”។ លោក​បន្ត​ថា​ “នៅពេល​យើង​មិនសូវ​ស្វែងយល់​សិក្សា​រៀនសូត្រ​ និង​តាមដាន​ព័ត៌មាន​ជាក់លាក់​ អាច​នឹង​ធ្វើ​ឱ្យ​យើង​វិនិយោគ​មាន​ហានិភ័យ​ខ្ពស់​”។

លោក​បន្ត​ថា​ ការសិក្សា​រៀនសូត្រ​ និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹមត្រូវ​ ជា​មូលដ្ឋាន​ដ៏​សំខាន់​ សម្រាប់​ធ្វើការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ និង​អាច​កាត់បន្ថយ​ ឬបញ្ចៀស​បាន​នូវ​ហានិភ័យ​ ជាជាង​យើង​វិនិយោគ​បែប​ប្រថុយប្រថាន​ ព្រោះ​ការ​វិនិយោគ​ពឹង​លើ​ព្រេងសំណាង​ មិនមែន​ជា​ជម្រើស​របស់​អ្នក​វិនិយោគ​ឆ្លាតវៃ​នោះ​ឡើយ​៕

បុរី​ប៉េង​ ហួត​នឹង​បញ្ចប់​ការ​បញ្ចុះតម្លៃ៧ភាគរយ​នៅ​ត្រឹម​ដំណាច់ខែ​ឧសភា​នេះ​

0

ដោយ​ រតនៈ​

ភ្នំ​ពេញៈ​ ​គម្រោង​ថ្មី​ដឹស្តា​ មេ​រា​ហ្កា​ដិន​ របស់​ បុរី​ ប៉េង​ ហួត​កំពុងតែ​ដំណើរការ​សាងសង់​ បន្ទាប់ពី​ធ្វើពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ កាលពី​ព្រឹក​ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​។

គម្រោង​ថ្មី​ ដឹស្តា​ មេ​រា​ហ្កា​ដិន​របស់​បុរី​ ប៉េង​ ហួត​ នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវ​ក្រវាត់ក្រុង​ទី២​ ក្នុង​តំបន់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​នោះ​ចំណាយ​តែ​ ៣នាទី​ប៉ុណ្ណោះ​ពី​មហាវិថី​ សម្តេច​តេជោ​ (៦០ម៉ែត្រ​) ក្បែរ​ទាំង​ផ្សារ​ទំនើប​អ៊ី​អន៣​ និង​ក្បែរ​ព្រលា​នយន្តហោះ​ថ្មីទៀត​ផង​។

គម្រោង​ថ្មី​មួយ​នេះ​ ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ​ដ៏​គួរឲ្យ​ទាក់ទាញ​ និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ ហើយ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ៤០ហិ​កតា​ ជាមួយនឹង​លំនៅឋាន​ចម្រុះ​ជិត​ ១០០០ខ្នង​។ ក្នុង​គម្រោង​នេះ​ទៀតសោត​ ក៏​មាន​បន្ថែម​នូវ​ប្រភេទ​វីឡា​ដែល​បាន​រចនា​ជា​ម៉ូដ​ថ្មី​ ចំនួន២​ ផង​ដែរ​គឺ​ វីឡា​ ឃ្វីន​ថ្មី​ និង​ វីឡា​ ព្រី​នប៊ី​ ដើម្បី​ផ្ដល់​នូវ​ជម្រើស​កាន់តែ​សម្បូរ​បែប​ដល់​អតិថិជន​។

គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ​ ដឹស្ដា​ មេ​រា​ហ្កា​ដិន​នេះ​ ជា​គម្រោង​អភិវឌ្ឍ​ដែល​ផ្តោត​សំខាន់​ផង​ដែរ​នៅ​ធម្មជាតិ​ពណ៌បៃតង​ដែល​មាន​សួនច្បារ​ធំ​ទូលាយ​ និង​ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម​ ពោ​ពេញ​ទៅ​ដោយ​ហាងទំនិញ​ សេវាកម្ម​ និង​អគារ​ពាណិជ្ជកម្ម​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​តំបន់​ នឹង​ផ្តល់​ជូន​អតិថិជន​ នូវ​បទ​ពិសោធ​ន៏​រស់នៅ​ដ៏​អស្ចារ្យ​និង​សម្បូរ​បែប​ផង​ដែរ​។

កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ អតិថិជន​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត៧​% ពី​គម្រោង​បុរី​ ប៉េង​ ហួត​ ដឹស្តា​ មេ​រា​ហ្កា​ដិន​ ហើយ​លោកអ្នក​ក៏អាច​បង់​រំលស់​ដោយ​គ្មាន​ប្រាក់កក់​ រយៈពេល១៧ឆ្នាំ​ ផុតកំណត់​ត្រឹម​ដំណាច់ខែ​ ឧសភា​នេះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរសព្ទ​លេខ​ 015​ 90​ 6789​ ឬ Email​: sale​@penghuoth.com​

ឬចូល​ទៅ​កាន់​​គេហទំព័រ​ Facebook​: www.facebook.com​/boreypenghuoth​ ឬអាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​ រៀងរាល់​ម៉ោង​ធ្វើការ​៕

ក្រុមហ៊ុន​ចិន​ចាប់ផ្តើម​សិក្សា​គម្រោង​សាងសង់​ផ្លូវដែក​ និង​រថភ្លើង​លើ​អាកាស​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន ​(CRCC​) សហគ្រាស​សំណង់​ គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ និង​ជា​ក្រុមហ៊ុន​សំណង់​ និង​វិស្វកម្ម​ធំ​បំផុត​ទីពីរ​នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​មក​សិក្សា​គម្រោង​សាងសង់​ផ្លូវដែក​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូនៅ​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ Wang​ Wenzhong​ អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ ផ្លូវដែក​ចិន​ (CRCC​) បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្រ្តី​ អំពី​វិសាលភាព​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​ របស់​ CRCC​ នៅក្នុង​ប្រទេស​ចិន​ និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​ និង​បាន​សម្តែង​នូវ​សុឆន្ទៈ​ ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​។

លោក​បន្ត​ថា​ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​នេះ​ធ្វើឡើង​ ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ ដែល​មានស្រាប់​ (ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​ភ្នំពេញ​-ប៉ោយប៉ែត​) សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី​ (Subway​) នៅ​រាជធានី​ភ្នំពេញ​ ហើយ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ ដែល​មានប្រសិទ្ធភាព​បំផុត​ អាច​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ទេស​រដ្ឋមន្រ្តី​ ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន ​CRCC​ សិក្សា​ផ្លូវដែក​បន្ត​ពី​ក្រុង​សិរី​សោ​ភណ្ឌ​ មក​ខេត្តសៀមរាប​ ដែល​មាន​ប្រវែង​សរុប​ប្រមាណ១០០គីឡូម៉ែត្រ​ ដោយហេតុថា​ មាន​ទេសចរណ៍​យ៉ាងច្រើន​ ចង់​ធ្វើដំណើរ​តាម​រថភ្លើង​ ពីទី​ក្រុង​បាងកក​ ពីទី​ក្រុង​កូឡាឡាំពួរ​ និង​ពីទី​ក្រុង​សឹង្ហ​បុរី​ មកលេង​ប្រាសាទអង្គរវត្ត​។

លោក​ Wang​ Wenzhong​ បាន​ស្នើ​ឱ្យ​មាន​ ការពិភាក្សា​លម្អិត​បន្ថែម​ទៀត​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់ ក្រ​សួង​ ក្នុង​គោលបំណង​ឱ្យ​ផ្លូវ​ ដែក​ភាគ​ខាងជើង​ និង​ភាគ​ខាងត្បូង​របស់​កម្ពុជា​ អាច​ដំណើរការ​បាន​រលូន​ឆាប់រហ័ស​ ប្រកប​ដោយ​ប្រសិទ្ធភាព​ កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់​ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ផង​ដែរ​៕

ដំណឹងល្អ​៖ ព្រលា​នយន្តហោះ​អន្តរជាតិ​តារា​សាគរ​គ្រោង​ដាក់​សាកល្បង​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២០​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារា​សាគរ​ ខេត្តកោះកុង​ គ្រោង​ដាក់ឲ្យ​ដំណើរ​សាកល្បង​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​ ស្រប​ពេល​នឹង​មាន​សាងសង់​កំពង់ផែ​អន្តរជាតិ​ថ្មី​មួយទៀត​ស្ថិត​ ក្នុង​គម្រោង​តារា​សាគរ​ដែល​មាន​ទុន​វិនិយោគ៣​,៨ ពាន់​ដុល្លារ​អាមេរិក​ ខណៈ​តំបន់​ទេសចរណ៍​តារា​សាគរ​នេះ​រំពឹង​ថា​ នឹង​មាន​ភ្ញៀវ​អន្តរជាតិ​ជាច្រើន​ទៅកាន់​ទៅ​តំបន់​នេះ​ ហើយ នឹង​អាច​ប្រែខ្លួន​ជា​តំប់​ពាណិជ្ជកម្ម​ចំរុះ​។

លោក​ឧបនាយក​រដ្ឋ​មន្រី​ ហោ​ ណាំ​ហុង​ បាន​ធ្វើដំណើរ​ទស្សនៈ​កិច្ច​នៅ​ទីក្រុង​តា​វា​សាគរ​ក្នុង​ខេត្តកោះកុង​កាល​ដើម​សប្តាហ៍​នេះ​បាន​ថ្លែង​ថា​ ទីក្រុង​នេះ​មិន​សម្រាប់​តែ​វិស័យ​វិស័យ​ទេសចរណ៍​ទេ​ ប៉ុន្តែ​សម្រាប់​វិស័យ​ដែល​មាន​អាកាសយាន​ថ្មី​ ដែល​គ្រោង​និង​ដាក់ឲ្យ​ដំណើរ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០នា​ពេល​ខាងមុខ​ដោយ​នឹង​នាំ​មក​នូវ​ភ្លៀវ​ទេសចរណ៍​កាន់តែ​ច្រើន​មក​កម្ពុជា​។

លោក​បន្ត​ថា​ “ជាមួយ​នេះ​ក៏​កំពង់ផែ​ទឹកជ្រៅ​ ដែល​នាវា​អាច​ផ្ទុកទំនិញ១០ម៉ឺន​តោន​នៅ​តំបន់​តារា​សាគរ​ និង​ជា​កំពង់ផែ​អន្តរជាតិ​សំខាន់​មួយ​ បន្ទាប់ពី​កំពង់ផែ​សឹង្ហ​បុរី​”។ លោក​បន្ត​ថា​“ដោយសារ​កន្លងមក​នេះ​ មាន​នាវា​ជាច្រើន​ដឹក​ភ្ញៀវ​ទេសចរ​រាប់ពាន់​នាក់​ចូល​នៅ​កំពុង​ផែ​ខេត្ត​ព្រះសីហនុ​ ដូច្នេះ​ការសាងសង់​កំពង់​ថ្មីនេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេស​ចប​ន្ថែ​មទៀ​ត”។

លោក​ Li​ Tao​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​យូ​ញៀន​គ្រុប​បាន​ថ្លែង​ថា​ រហូតដល់​ពេលនេះ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារា​សាគរ​ សាងសង់​បាន៦០ភាគរយ​ និង​ជា​ប្រភេទ​ 4E ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ និង​ដាក់​ដំណើរការ​សាកល្បង​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០២០ខាងមុខ​ ដោយមាន​លទ្ធភាព​ទទួល​អ្នកដំណើរ​បាន​ពី៤​ ទៅ៥លាន​នាក់​ក្នុង​មួយឆ្នាំ​។

លោក​បាន​បន្ថែម​ថា​ “ដោយឡែក​កំពង់ផែ​ទឹកជ្រៅ​ ក្រុមហ៊ុន​កំពុង​រចនា​ផែនការ​ និង​ឈួស​ឆាយដី​ធ្លី​លើ​ផ្ទៃដី២០គីឡូម៉ែត្រ​ការ៉េ​ ហើយ​នៅពេល​បញ្ចប់​ផែនការ​រចនា​នឹង​បន្ត​សាងសង់​ជាបន្តបន្ទាប់​ទៀត​ ដោយមាន​មូលដ្ឋាន​ដឹក​ជញ្ជួន​ ទីតាំង​ឧស្សាហកម្ម​ និង​មូល​ដ្ឋាន​សម្រាប់​មជ្ឍ​មណ្ឌល​ហិរញ្ញវត្ថុ​”។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម សូ​រិយា​ បាន​ឲ្យដឹង​ពី​ពេលថ្មីនេះ​ថា​ ការ​តភ្ជាប់​ផ្លូវ​ពី​ស្រុក​សំឡូត​មកកាន់​ខេត្តកោះកុង​ មិន​ត្រឹមតែ​ជា​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះទេ​ តែ​ជា​ការ​លើក​កំពស់​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កម្ពុជា​ តាមរយៈ​ការកាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង​ ដោយ​ប្រើប្រាស់​ផ្លូវ​នេះ​សំរាប់​ដឹកជញ្ជូន​កសិផល​ពី​ភូមិភាគ​ពាយ័ព្យ​ មកកាន់​កំពង់ផែ​ទឹកជ្រៅ​នៅក្នុង​ខេត្ត​នេះ​ ហើយ​បន្ត​ដឹក​ទៅកាន់​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​។

លោក​បន្ត​ថា​ “នេះ​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ ព្រោះ​ដើម្បី​សេដ្ឋកិច្ច​រីកចម្រើន​បន្ថែម​ទៀត​ រដ្ឋាភិបាល​ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាចាំបាច់​”៕

កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​កម្ពុជា​មាន​រយៈពេល​ខ្លី​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មកដល់​កម្ពុជា​ តាមរយៈ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ធំៗ​ ដែល​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ កន្លងមក​នោះ​ ក៏​ចង់​នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​ ក្នុងរយៈពេល​ខ្លី​ណាមួយ​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​មាន​សេវា​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ដែល​អាច​វិលមកវិញ​ទាន់​ការ​ចាកចេញ​របស់​នាវា​។

លោក​ ហោ​ សា​រុន​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី១​ អាណត្តិ​ទី៦​ របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​សម្របសម្រួល​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី៨​ ខែឧសភា​ឆ្នាំ២០១៩​ កន្លងមក​នេះ​ថា​ ភ្ញៀវ​ទេសចរ​ភាគច្រើន​ ពួកគាត់​មានបំណង​ចង់ទៅ​ទស្សនា​តាម​កោះ​នានា​ និង​ចង់​ជិះ​យន្តហោះ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត​ ដោយ​វិ​ល​ល្ងាច​ឱ្យ​ទាន់​ជើង​នាវា​ចេញទៅ​វិញ​ ប៉ុន្តែ​ការ​លំបាក​លើ​ទូក​ទេសចរណ៍​មិន​មាន​ម៉ោង​កំណត់​ជាក់លាក់​ ហើយ​ជើង​ហោះ​ហើរ​មិន​ទៀងទាត់​ទៀត​។

លោក​បន្ត​ថា​ “ចំណុច​នេះ​ គឺ​បាន​បញ្ជាក់​ពី​ការខាតបង់​កំណើន​ភ្ញៀវ​ទេសចរ​ ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ដោយសារ​បញ្ហា​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​នេះ​ ក៏ដូចជា​ភាព​មិន​ទៀងទាត់​ នៃ​ការ​ចេញ​ចាក​របស់​នាវា​ទេសចរណ៍​អន្តរជាតិ​ទាំងនោះ​”។ លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​ទាំងនោះ​ មាន​រយៈពេល​ជាមធ្យម​ប្រមាណ​ត្រឹមតែ១៥ម៉ោង​ប៉ុណ្ណោះ​”។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​កញ្ចប់​ ហើយ​តម្រូ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ផ្នែកឯកជន​។

លោក​បាន​ដាក់​អនុសាសន៍​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ ត្រូវ​រៀបចំ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ពីព្រោះ​នេះ​មិនមែន​គ្រាន់តែ​ជា​ឱកាស​ ដែល​កម្ពុជា​អាច​ចាប់​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​ធំៗ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​ជា​ឱកាស​នៃ​ការ​ត្រៀម​រៀបចំ​ជា​ម្ចាស់ផ្ទះ​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ឆ្នាំ២០២២​ ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ ពង្រីក​ព្រលា​នយន្តហោះ​ និង​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ ក៏​ដោយ​​សារ​រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ និង​បាន​មើលឃើញ​ពី​និន្នាការ​ភ្ញៀវ​ទេសចរ​តាម​នាវា​ទេសចរណ៍​ ដែល​សុទ្ធតែ​ភ្ញៀវ​ទេស​ចរ​ធំៗ​កម្រិតខ្ពស់​ ហើយ​មាន​មួយភាគធំ​ចង់​ភ្ជាប់​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យដឹង​ដែរ​ថា​ ចំណុច​នេះ​ ពិតជា​គួរឲ្យ​សោក​ស្តាយ​ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​មក​ច្រើន​តាម​នាវា​ ហើយ​ចង់​មកលេង​នៅក្នុង​ខេត្តសៀមរាប​ តែ​កម្ពុជា​មិន​មាន​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​បំរើ​ដល់​ពួកគេ​ ដោយ​ខ្វះខាត​ជើង​យន្តហោះ​ដឹក​ពួកគេ​ ឲ្យ​មកលេង​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​។

លោកស្រី​ថា​ “រដ្ឋាភិបាល​គួ​តែ​បង្កើន​ជើង​យន្តហោះ​ដឹក​អ្នកដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ ទៅ​ខេត្តសៀមរាប​ឲ្យបាន​ច្រើន​ និង​ទៀតទាត់​ ដើម្បីឲ្យ​ភ្នាក់ងារ​ទេសចរណ៍​អាចយ​កទៅ​ដាក់​លក់​បាន​ តាមរយៈ​ការ​កក់​សំបុត្រ​យន្តហោះ​ ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​”។

បើ​តាម​ លោក​ លូ​ គឹ​មឈុន​ អគ្គនាយក​នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បានឱ្យ​ដឹង​ថា​ នៅ​រយៈពេល៤ខែ​ ដើមឆ្នាំ​២០១៩​នេះ​ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បាន​កត់ត្រា​ទុក​ចំនួន​នាវា​ទេសចរណ៍​បាន៣០គ្រឿង​ កើនឡើង៥៧.៨៩​% ដោយ​ផ្ទុក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន២៩​,១១១នាក់​ កើនឡើង​ ៧៨.២៥​%។ សរុប​ទាំងអស់​មាន​ចំនួន៩៧គ្រឿង​ ផ្ទុក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប៩៥​,២៤៧នាក់​ ដែល​នេះ​ជា​កំណើន​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​៕

កម្ពុជា​ ចិន​បង្កើន​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ជាមួយគ្នា​

0

ដោយ​ ដែន​ ចែងចាំង​

ភ្នំ​ពេញៈ​ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​មជ្ឈ​មណ្ឌល​វប​ប្ប​ធ៌ម​ចិន​ប្រចាំ​ខេត្ត​កាន​ស៊ូ​ បាន​និង​កំពុងធ្វើការ​រួមគ្នា​ ដើម្បី​លើក​កំពស់​ការ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៩​ ឧសភា​នេះ​ថា​ ប្រតិភូ​ខេត្ត​កាន​ស៊ូ​ ប្រទេស​ចិន​បាន​មក​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​នៅ​កម្ពុជា​ ហើយ​ឆ្លៀត​ឳកាស​នេះ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ក៏បាន​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ទៅកាន់​ប្រទេស​ចិន​ផង​ដែរ​ ដើម្បី​ទាក់ ទាញ​​ភ្ញៀវ​ទេសចរណ៍​ចិន​ កាន់តែ​ច្រើន​ថែមទៀត​មក​ទស្សនា​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “បច្ចុប្បន្ន​ភ្ញៀវ​ទេសចរណ៍​ចិន​ មក​ទស្សនា​កម្ពុជា​កំពុង​កើនឡើង​ខ្លាំង​ដដែល​ ហើយ​យើង​រំពឹង​ថា​នឹង​កើន ឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ​”។ លោក​បន្ត​ថា​ “នា​ពេល​អនាគត​ សមាគម​រំពឹង​ថា​នឹង​មានការ​ហោះហើរ​ត្រង់​ពី​ខេត្ត​កាន​ស៊ូ​មក​ម្ពុ​ជា​ ដោយ​ប្រតិភូ​មក​ពី​ខេត្ត​នេះ​កំពុង​ជំរុញ​ការងារ​នេះ​”។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជាង ៤០កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាស​យា​នដ្ឋា​កម្ពុជា​ លោក​ពេជ្រ​ សុ​ប៉ុន​តារា​បាន​មានប្រសាសន៍​ថា​ កាលពី​ឆ្នាំ​មុ​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ ខេត្តសៀមរាប​បាន​ទទួល​អ្នកដំណើរ​ឆ្លងកាត់​ប្រមាណ ៤​,៥លាន​នាក់​ និង​រំពឹង​ទទួល​បាន​ចំនួន​ភ្ញៀវ​ដដែល​នៅ​ឆ្នាំនេះ​ ដោយសារ​មាន​បញ្ហា​មួយចំនួន​ទាក់ទង​ នឹង​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ជាច្រើន​ ហើយ​ភ្ញៀវ​ទេសចរណ៍​ចិន​មា​នកំនើ​នដ​ដែល​ ប៉ុន្តែ​អត្រា​កំនើន​ទាប​ជាង​ឆ្នាំមុន​។

លោក​បន្ត​ថា​ “ខេត្តសៀមរាប​គួរ​មាន​ផលិតផល​ទេសចរណ៍​ច្រើន​ ក្រៅពី​អង្គរ​ ព្រោះ​បច្ចុប្បន្ន​ក្រៅពី​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ពួកគេ​មិនដឹង​ទៅ​ទស្សនា​នៅកន្លែង​ណា​ទៀត​នៅឡើយ​”៕