ក្រុមហ៊ុន​ចំនួន​ ៥ចាប់ផ្តើម​នាំចេញ​ផ្លែ​ចេកអំបូង​លឿង ១០០តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​កម្ពុជា​ចំនួន៥​ បាន​ចាប់ផ្តើម​នាំ​ចេញ​ញផ្លែ​ចេកអំបូង​លឿង​ចំនួន​ ១០០តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ បន្ទាប់ពី​ចុះហត្ថលេខា​លើ​អនុ​ស្ស​រណ:នៃ​ការ​យោគ​ យល់គ្នា​ជាមួយ​ក្រុមហ៊ុន​កកាលពី​ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៨ស្តី​ពី​ការ​នាំ​ចេក​ស្រស់​ចេញទៅ​កាន់​ទីផ្សារ​ចិន​។

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ លោ​កងិន​ ឆាយ​បាន​មានប្រសាសន៍​ឲ្យដឹង​ នៅក្នុង​ពិធី​ពិ​ធី​សម្ភោ​ធការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ផលិតកម្ម​ចេកអំបូង​លឿង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​អន្តរជាតិ​ ហើយ​កំពុង​ត្រៀម​រៀបចំ​ធ្វើការ​នាំចេញ​ជាបន្តបន្ទាប់​នា​ចាប់ពី​ពេលនេះ​តទៅ​។

លោ​កវេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បា​នន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ជាអនេក​ អបអរសាទរ​ និង​វាយតម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ពិធីសម្ពោធ​ការនាំចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដែល​រៀប​ ចំ​ដោយ​កិច្ចសហការ​រវាង​ក្រសួង​ ជាមួយ​ស្ថានទូត​ចិន​នា​ពេលនេះ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ដោយ​អនុវត្ត​តាម​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ វិស័យ​កសិកម្ម២០១៩​-២០២៣​ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​ ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​ ក្រសួង​ដែល​មាន​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ជា​សេនាធិការ​បាន​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ក្នុង​ឆន្ទ:ច្បាស់លាស់​ គឺ​ធ្វើ​យ៉ាងណា​នាំ​កសិផល​កម្ពុជា​ ឲ្យបាន​ចូលក្នុង​ទីផ្សារ​អន្តរជាតិ​ ហើយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ទទួលលទ្ធផល​គួរ​ជា​ទី​មោទ​នៈ​ ជាក់ស្តែង​គឺ​ថ្ងៃនេះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ “លទ្ធផល​នេះ​ មិន​អាច​កាត់​ផ្តាច់​បាន​ពី​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​រវាង​ភាគី​ទាំងពីរ​ក្នុង​ការ​ចរ​ចារ​ ការឧបត្ថម្ភ​ គាំទ្រ​ទាំង​ច្បាប់​ និង​បច្ចេកទេស​ពី​ភាគី​ចិន​ធ្វើ​យ៉ាងណា​ ដើម្បី​នាំ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន​ ហើយ​ទីបំផុត​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​”។

ក្នុងចំណោម១០ក្រុមហ៊ុន​ ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​គោ​ការណ៍​អនុញ្ញាត​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ មានតែ​ក្រុមហ៊ុន​ចំនួន០៥​ មាន​ក្រុមហ៊ុន​សុវណ្ណ​រាជ​សី​ ឡុង​ស្រេង​ហ៊ុយ​ជៀន​ ហ្គែន​ឡែន​ ហ្គ្រីន​អាយ​ឡែន​ និង​ក្រុមហ៊ុន​ឡង​មេ​ត ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់​ និង​បច្ចេកទេស​ ហើយ​អាច​ធ្វើការ​នាំចេញ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​លើក​ទី១​ បាន​ចំនួន​ជាង១០០តោន​នា​ថ្ងៃនេះ​។

លោក​ឧកញ៉ា​លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៩​ ឧសភា​នេះ​ថា​ ការនាំចេញ​នូវ​ចេកអំបូង​លឿង​ទៅកាន់​ទីផ្សារ​ចិន​របស់​កម្ពុជា​នា​ពេលនេះ​ ពិតជា​មាន​សញ្ញា​ល្អ​ដែល​កន្លងមក​នេះ​ ប្រទេស​កម្ពុជា​មិនដែល​មាន​ចេកអំបូង​លឿង​ ក្នុង​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​ ឬទីផ្សារ​អន្តរជាតិ​ក៏ដោយ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ជា​ជំហាន​ដំបូង​ គឺទី​ផ្សារ​ប្រទេស​ចិន​មាន​តម្រូវការ​ខ្ពស់​ យើង​នាំទៅ​ចិន​សិន​ បន្ទាប់មក​ទៀត​អាច​នឹង​មាន​ទីផ្សារ​អារ៉ាប់​ ​; និង​ខាង​អឺរ៉ុប​ តែ​យើង​មិនទាន់​មាន​ចុះ​កិច្ចសន្យា​លើ​មុខទំនិញ​មួយ​មុខ​នោះ​ទេ​ មានតែ​មាន​ចុះហត្ថលេខា​លើ​ពាណិជ្ជកម្ម​គ្រប់មុខ​ទំនិញ​រាប់ពាន់​មុខ​”៕

គម្រោ​ងរ៉ូ​យ៉ា​ល់​ផ្លា​ទី​នី​មកំ​ពុង​បន្ថែម​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ទួលគោក​

0
អាគារខុនដូជាច្រើនកំពុងសាងសង់នៅខណ្ឌទូលគោក។ រូបថត៖ ម៉ៃ វីរៈ

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គំរោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ​ របស់​ក្រុមហ៊ុន​ Royal​ Group​ សហការ​ជមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ Hong​ Lai​ Huat​ ​ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី​ បាន​ចាប់ផ្តើម​សាងសង់​គម្រោង​អភិវឌ្ឍ​ចម្រុះ​Royal​ Platinum​ ក្នុង​តំបន់​ទួលគោក​លើ​ទំហំ​នៃ​ការអភិវឌ្ឍន៍​ចំនួន១០០​,000​ ម៉ែ​តការ៉េ​។

លោក​ Mark​ Hanna​ នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Royal​ Group​ បាន​ឲ្យដឹង​ក្នុង​ពិ​ធី​សម្ភោ​ធគំរោង​កាលពី​ថ្ងៃទី៧​ ឧសភា​កន្លងមក​ថា​ គម្រោង​អភិវឌ្ឍ​នេះ​នឹង​បង្កើត​ឱកាស​ដល់​ប្រជាជន​ទាំង​ការសាងសង់​លំនៅ​ដ្ឋាន​ និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​ បង្កើត​ការងារ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​នៅ​ចំណុច​កណ្តាល​នៃ​ទីក្រុង​ដ៏​រីកចម្រើន​មួយ​នេះ​។ ប្រភេទ​ផ្ទះ​អា​ផា​តមិន​ចំនួន​ ៨៥១ខ្នង​ និង​ផ្ទះ​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​ចំនួន៥០ខ្នង​ ។

ហាង​លក់ទំនិញ​ដែល​ស្ថិត​លើ​ផ្លូវ​ក្នុង​បុរី​ នឹង​មាន​ភាព​ទាក់ទាញ​ដល់​អាជីវករ​ និង​ជា​កន្លែង​ដែល​ផ្តល់​សេវា​ បទពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម​លើ​យីហោ​អន្តរ​ជា​តិ​ល្បី​ៗ ក៏ដូចជា​បំពាក់​នូវ​ទំនិញ​ថ្មី​ចម្រុះ​ជាច្រើន​ប្រភេទ​ រួមមាន​ ភោជនីយដ្ឋាន​ សំលៀកបំពាក់​ ជាដើម​។ល។ សំណង់​អគារ​លំនៅ​ដ្ឋាន​ និង​ស្តង់​លក់ទំនិញ​នេះ​ នឹង​ត្រូវ​បាន​ចាប់ផ្តើម​ដាក់​លក់​នៅ​ខែ​ មិថុនា​ ឆ្នាំនេះ​ ជាមួយនឹង​ការសាងសង់​ដែល​រំពឹង​ថា​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុងរយៈពេល២ឆ្នាំ​កន្លះ​។

លោក​ Mark​ Hanna​ បន្ត​ថា​ ការ​អភិវឌ្ឍ​នេះ​មាន​សារៈសំខាន់​ប្រកបដោយ​ភាព​រីកចម្រើន​ក្នុង​តំបន់​ទួលគោក​ ដែល​ជា​តំបន់​ដ៏​សម្បូរ​បែប​មួយ​នៅ​ចំណុច​កណ្តាល​ទីក្រុង​។ លោក​បញ្ជាក់​ថា​ ការ​អភិវឌ្ឍ​នេះ​ ក៏​នឹង​ផ្តល់​នូវ​ជម្រើស​ក្នុង​ការទិញ​ទំនិញ​ដ៏​ច្រើន​ និង​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​ រួមបញ្ចូល​ទាំង​ហាងទំនិញ​ក្នុង​បុរី​ ភោជនីយដ្ឋាន​ ក្លឹប​ហាត់ប្រាណ​ជាដើម​។

លោក​ Hanna​ បាន​បន្ថែម​ថា​៖ «ពួក​យើង​ជឿជាក់​ថា​ ការ​អភិវឌ្ឍ​នេះ​នឹង​ផ្តល់​នូវ​ភាព​ទំនើប​ ទាក់ទាញ​ក្នុង​ការ​ររស់នៅ​ដល់​ក្រុម​គ្រួសារ​ និង​បរិយាកាស​ធ្វើការងារ​ សម្រាប់​អាជីវកម្ម​ធុន​តូច​ និង​មធ្យម​ ដ៏​មាន​សក្តា​នុ​ពល​ជាមួយនឹង​ការិយាល័យ​កា​រងា​រដ៍​ទំនើប​។

លោកស្រី​ Grace​ Rachany​ Fong​ នាយិកា​រក្រុ​មហ៊ុន​ Century​ 21​ Cambodia​ បាន​ឲ្យដឹង​ថា​ តំបន់​ទួលគោក​ បាន​នឹង​កំពុង​ក្លាយជា​តំបន់​សក្តា​នុ​ពល​ខ្ពស់​ទី៣​ បន្ទាប់ពី​តំបន់​បឹងកេងកង​ ដោយសារ​មាន​គម្រោង​សាងសង់​អគារ​ស្នាក់នៅ​ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក៏​មាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​ជាច្រើន​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “តម្លៃ​ដី​នៅក្នុង​តំបន់​នេះ​ ក៏បាន​កើនឡើង​រហូតដល់២០ទៅ​ ៣០​ ភាគរយ​ ពោល​គឺ​ពីឆ្នាំ​មុខ​មានតម្លៃ​ត្រឹមតែ១៨០០ដុល្លារ​អាមេរិក​ តែម​កដល់ពេល​បច្ចុប្បន្ន​នេះ​ មានតម្លៃ​ចាប់២៥០០​ ទៅ២៨០០​ ដុល្លារ​អាមេរិក​ជា​ប្រភេទ​មាន​ទំហំ​ធំ​ល្អ​”។

លោកស្រី​បន្ត​ថា​ ក្រៅពី​គម្រោង​អគារ​ពាណិជ្ជកម្ម​ ក៏​មាន​ភោជនីយដ្ឋាន​ជប៉ុន​ជាច្រើន​ចូល​ទៅ​ក្នុង​តំបន់​នេះ​ ហើយ​នៅ​ជុំវិញ​តំបន់​នេះ​ មាន​ផ្សារ​ទំនើប​ សាលារៀន​ និង​អគារ​ខុន​ដូ​ ជាមួយគ្នា​នេះ​អ្នក​អភិវឌ្ឍន៍​កំពុង​សំឡឹង​មើល​ការ​អភិវឌ្ឍ​ អគារ​ពាណិជ្ជកម្ម​ជាច្រើន​នៅក្នុង​តំបន់​នេះ​ផង​ដែរ​។

លោក​ម៉េ​ត មាស​ភក្តី​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹង​ថា​ ជា​ការពិត​ណាស់​តំបន់​បឹងកក់​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​និង​កំពុង​មាន​សក្តា​នុ​ពល​មួយ​បន្ទាប់ពី​រាជ​ ​រដ្ឋាភិបាល​សម្រេច​ធ្វើការ​កែប្រែ​តំបន់​នេះ​ ទៅជា​តំបន់​អភិវឌ្ឍន៍​ដែល​កាលពីមុន​តំបន់​នោះ​មាន​សំណង់​អាគារ​មិន​រៀបរយ​ និង​មិន​មាន​សណ្តាប់​ធ្លាប់​ល្អ​ ព្រមទាំង​ជា​តំបន់​បញ្ចេញ​ទឹក​កង្វក់​ អសន្តិសុខ​ ពុំ​មាន​បណ្តាញ​លូ​ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្អ​ល្អ​។

លោក​បន្ត​ថា​“ដូច្នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ យើង​ឃើញ​មាន​គម្រោ​ងធំៗ​ជាច្រើន​បាន​រីក​ដុះដាល​យ៉ាងច្រើន​ក្នុង​ទីនោះ​ ស្របតាម​ផែនការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​តាម​ប្លង់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​”។ លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ​មានការ​ជីវភាព​ល្អ​ប្រសើរ​ តាមរយៈ​កា​រលំ​ហូ​ចូល​នូវ​គម្រោង​វិនិយោគ​ច្រើន​រួមមាន​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូរ​ លំនៅ​ដ្ឋាន​ សាលារៀន​ មន្ទីរពេទ្យ​ និង​មជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​”៕

ទីផ្សារ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​មាន​ទីផ្សារ​ សម្រាប់​អតិថិជន​ក្នុង​ស្រុក​ ខណៈ​ដោយសារ​ការ​ផ្លាស់​ប្តូរ​ការរស់នៅ​បែបផែន​ស៊ី​វី​ល័យ​ របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ Condo​ L (ខុន​ដូ​អិល​) លោក​ ផាន់​ រ៉ា​វី​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៩​ ឧសភា​នេះ​ថា​ អ្វី​ដែល​មើលឃើញ​ ក្នុង​ទីផ្សារ​ខុន​ដូ​មិន​មាន​ឳនភា​ពនោះ​ទេ​ ហើយ​ស្ថានភាព​ទីផ្សារ​ក៏​នៅ​ល្អ​ដែរ​ ដោយសារ​ការ​ផ្លាស់​ប្តូរ​ការរស់នៅ​បែបផែន​ស៊ី​វី​ល័យ​របស់​ប្រជាជន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ប្រទេស​កម្ពុជា​មាន​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​។

លោក​ថ្លែង​ថា​ “កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ស្ថិត​ក្នុងរង្វង់៧ភាគរយ​ ក្នុង​មួយឆ្នាំ​ ហើយ​កន្លែង​ធ្វើការ​មួយចំនួន​នៅ​ទីក្រុង​កាន់តែ​មមាញឹក​ ដូច្នេះ​ការ​ធ្វើដំណើរ​ក៏​មានការ​ស្ទះចរាចរណ៍​ដែល​តម្រូវ​គាត់​ត្រូវ​ស្នាក់នៅ​ខុន​ដូ​”។

លោ​កផាន់​ រ៉ា​វី​បាន​បន្ត​ថា​ ឧទាហរណ៍​ សិស្សសាលា​ដែល​មក​រៀន​នៅ​ទីក្រុង​ភ្នំពេញ​របស់​រយៈ៥ឆ្នាំ​ គាត់​ចំណាយ​លុយ​ជួលផ្ទះ​ដែល​នៅ​ជាយក្រុង​ គាត់​ពិបាកធ្វើ​ដំណើរ​មក​សិក្សា​ ប៉ុន្តែ​បើ​គាត់​សម្រេចចិត្ត​ជ្រើសរើស​ខុន​ដូ​រស់នៅ​ គាត់​បង់​រំលស់​ជាមួយ​ខុន​ដូ​ រយៈពេល៥ឆ្នាំ​ បើ​គិត​លើ​ការ​ចំណាយ​ គឺ​ប្រហាក់​ប្រហែលជា​មួយ​ចំណាយ​ជួលផ្ទះ​ប្រចាំខែ​ដែរ​។

លោក​បន្ត​ថា​ “យើង​ក៏​ចាប់​យក​អតិថិជន​ប្រភេទ​នេះ​ ដោយសារ​យើង​ក៏​មាន​ចក្ខុវិស័យ​បែបនេះ​ដែរ​ ហើយ​គំរោង​របស់​យើង​ក៏​មានតម្លៃ​សមរម្យ​ជិត​តំបន់​សេដ្ឋកិច្ច​ និង​កន្លែង​ធ្វើការ​”។

លោក​ឲ្យដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​លំនៅ​ដ្ឋាន​កម្ពុ​ជា​អ៊ិ​លខុន​ដូ​ មាន​គម្រោង​ចំនួន៧​ ហើយ​គម្រោង​ទី១ដល់៥​ យើង​បាន​លក់​អស់ហើយ​ និង​យើង​នៅ​គម្រោង​ទី៦​ និង​ទី៧​។

សម្រាប់​គម្រោង​ Condo​ L រួមមាន​ ខុន​ដូ​គម្រោង​ទី​ ១ គឺ​ខុន​អិ​លបឹង​ត្របែក​មាន​កម្ពស់​ ១៣​ ជាន់​ គម្រោង​ទី២​ ខុន​ដូច​សុវណ្ណ​មាន​កម្ពស់​ ១៣​ ជាន់​ គម្រោង​ទី៣គឺ​ខុន​ដូ​អិល​អូឡាំពិក​មាន​កម្ពស់​ ១៦​ ជាន់​ គម្រោង​ទី៤​ ខុន​ដូ​អិល​ បឹងកេងកង​ ៣ មាន​កម្ពស់​ ២៣​ ជាន់​ គម្រោង​ទី៥​ ស្ថិតនៅ​បឹងត្របែក២មាន​កម្ពស់២២ជាន់​ គម្រោង​ទី៦ស្ថិតនៅ​បឹងទំពុន​ (ដែល​យើង​កំពុង​សាងសង់​ និង​សម្រេច​បាន​ ៦០​ ភាគរយ​) មាន​កម្ពស់​ ២៧​ ជាន់​ (ជាង៧៦០យូនី​ត) និង​គម្រោង​ទី៧​ (ដែល​ចាប់ផ្តើម​សាងសង់​ពីដើម​ខែ​នេះ​) ស្ថិតនៅ​បុរី​កីឡា​មាន​កម្ពស់៣២ជាន់ ​(ជាង​ ៤៥០យូនី​ត)។

លោក​រ៉ា​វី​បាន​បន្ថែម​ឲ្យដឹង​ថា​ “សម្រាប់​គម្រោង​ទី៦​ និង៧​ យើង​ចាប់ផ្តើម​ដាក់​លក់​ហើយ​ និង​សម្រាប់​គម្រោង​ទី៦​ យើង​លក់​បា​នប្រ​ម៉ា​ណ៨០ភាគរយ​ ហើយ​គម្រោង​ទី៧​ នេះ​ដែល​ចាប់​លក់​ចាប់ពី​ខែកុម្ភៈ​មក​ យើង​លក់​ប្រ​ម៉ា​ណជា៨០ភាគរយ​ហើយ​ដែរ​”។

លោក​ Jame​ Hodge ​អនុប្រធាន​ក្រុមហ៊ុន​ CBRE​ Cambodia​ យើង​ឃើញ​គម្រោង​ខុន​ដូ​ជាច្រើន​ដែល​មានតម្លៃ​សមរម្យ​បាន​ និង​កំពុង​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​។ នេះ​គឺជា​សញ្ញា​ជំរុញ​មួយ​ ដែល​អ្នក​អភិវឌ្ឍន៍​បាន​ទទួលស្គាល់​នូវ​អត្ថ​ប្រយោជន៍​ នៃ​ការ​ចាប់​យក​ទីផ្សារ​មួយ​នេះ​ ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ពីលើ​ការ​បន្ត​ស្វែងរក​អ្នកទិញ​នៅ​ក្រៅប្រទេស​”។

លោក​បន្ត​ថា​ “ការ​ចាប់​យក​វិស័យ​ខុន​ដូ​ ដែល​មានតម្លៃ​សមរម្យ​បាន​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ឱ្យ​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ដែល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​ ហើយ​ជា​លទ្ធផល​អ្នក​អភិវឌ្ឍ​ មួយចំនួន​បាន​ជ្រើសរើស​ចូល​ទៅ​ក្នុង​ទីផ្សារ​ដោយ​ជំរុញ​ឱ្យ​តម្លៃ​មធ្យម​នៃ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​កើនឡើង​”។

អគារ​ខុន​ដូ​គិត​មធ្យម​មានតម្លៃ២​,៥៥៩ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ខុន​ដូ​ប្រណីត​មានតម្លៃ​ជាង ៣​,២៧២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

អ្នក​វិនិយោគ​អន្តរជាតិ​បោះទុន​ ៥០០លាន​ដុល្លារ​សាងសង់​មណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​នៅ​ខេត្ត​កំពង់ស្ពឺ​

1

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ស្ពឺៈ​ ក្រុម​អ្នក​វិនិយោគ​លំដាប់​អន្តរជាតិ​ បានសម្រេច​បោះទុន​វិនិយោគ​តម្លៃ៥០០លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​សាងសង់​មណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២១០៩​ នេះ​ថា​ គម្រោង​នៃ​ការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​មួយ​នេះ​ មានឈ្មោះ​ ចូ​ ហ្គ្រេន​ ត្រូវ​បាន​ធ្វើឡើង​ ក្រោម​កិច្ចសហការ​រវាង​បណ្តា​ប្រទេស​ចំនួន៣​ រួមមាន​ ប្រទេស​ ស្វីស​ ហុងកុង​ និង​ប្រទេស​សិង្ហបុរី​។

លោក​បន្ត​ថា​ គម្រោង​មេ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ គឺ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ប្រមាណ៥០០លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ក្នុង​តំណា​ក់​កាល​ដំបូង​ក្រុមហ៊ុន​ទាំងនេះ​ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយ៥ឆ្នាំ​ ដើម្បី​ដំណើរការ​ឱ្យ​ទាន់​គម្រោង​សាងសង់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​”។

លោក​បាន​បន្ត​ទៀត​ថា​ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​លើកដំបូង​ប្រចាំ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ធ្វើការ​បែងចែក​ចេញ​ជាច្រើន​ផ្នែក​ ដូចជា​ តំបន់​ក្មេង​លេង​ទឹក​ តំបន់​សម្រា់​មនុស្ស​ពេញវ័យ​កម្សាន្ត​ជាមួយ​ឧប​ករណ៍​ទំនើប​ៗ តំបន់​សម្រាប់​មនុស្សចាស់​លំហែ​រកា​យតា​មល​ក្ខ​ណៈ​ធម្មជាតិ​ និង​តំបន់​ជិះ​កង​ហាត់ប្រាណ​ដែល​មាន​ទំហំ​រហូតដល់៤គីឡូម៉ែត្រ​ រួម​ជាមួយ​ការ​ធ្វើជា​កសិដ្ឋាន​បន្លែ​ចម្រុះ​ និង​ស្រូវ​សម្រាប់​បង្ហាញ​ជូន​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ក្រៅពី​នេះ​ នៅ​មាន​កា​សាងសង់​ជា​ផ្ទះសំណាក់​លំ​ហែរ​កាយ​ កម្រិត​ផ្កាយ៥សម្រាប់​ទទួលស្វាគមន៍​បណ្តា​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ដែល​មក​ពី​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​។

ជាមួយនឹង​គម្រោង​ដ៏​មហិមា​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ លោក​បាន​សម្ដែង​នូវ​ក្ដី​សាទរ​ ដែល​អាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​កន្លែង​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ គឺ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ ដែល​ត្រូវ​បំពេញ​បើ​ប្រៀបធៀប​ ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ី​ ជាក់ស្ដែង​ដូចជា​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ គឺ​គេ​មាន​អ្វី​ៗជាច្រើន​ ដោយឡែក​នៅ​ក្រុងភ្នំពេញ​វិញ​តំបន់​កម្សាន្ត​ដែល​គួរ​ជាទី​ទាក់ទាញ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​បន្ត​ទៀត​ថា​ “នៅពេល​មាន​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​ ដូច​ការ​លើកឡើង​ខាងលើ​នេះ​មែន​ នោះ​វា​ជា​រឿង​ដែល​ល្អ​ប្រសើរ​បំផុត​ ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ដូចជា​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ផង​ដែរ​”។

លោកជំទាវ​ឧកញ៉ា​ឆាយ​ ស៊ីវ​លី​នប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ វា​ជា​សញ្ញា​ល្អ​មែនទែន​សំរាប់​ខេត្ត​កំពង់ស្ពឺ​ និង​ប្រទេសជាតិ​ទាំងមូល​ ព្រោះ​គម្រោង​វិនិយោគ​ដែល​មាន​ទុន​ធំ​បែបនេះ​ ពិបាក​រក​ណាស់​។លោកស្រី​បន្ត​ថា​ គំរោង​វិនិយោគ​វិស័យ​ទេសចរណ៍​ចូល​ទៅកាន់​ខេត្ត​កំពង់ស្ពឺ​ ក៏​ជា​ខេត្ត​សម្បូរ​ធនធាន​ធម្មជាតិ​ ដែល​មាន​សក្តា​នុ​ពល​សំរាប់​វិស័យ​ទេសចរណ៍​ផង​ដែរ​។

លោកជំទាវ​បន្ត​ថា​ “យើង​ត្រូវការ​អ្នក​វិនិយោគ​បែបនេះ​ ព្រោះ​គំរោង​ធំ​បែបនេះ​អ្នក​វិនិយោគ​នឹង​ខិតខំ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​ ដើម្បី​ចូល​ទៅ​ទស្សនា​គំរោង​របស់​ពួកគេ​ផង​ដែរ​”៕

អ្នក​វិនិយោគ​បរទេស​ជាច្រើន​ចាប់ដៃ​គូ​ជាមួយ​វិនិយោគិន​ថៃ​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយ​ វុត្ថា​

ប្រទេស​ថៃ​៖ ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ជាច្រើន​ បាន​សម្រុកចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ចាប់ដៃ​គូ​វិនិយោគ​ជាមួយ​អ្នក​អភិវឌ្ឍ​ថៃ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លើ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នានា​។

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​នៅក្នុង​ស្រុក​ នា​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ អ្នក​វិនិយោគ​ជា​ជនជាតិ​ជប៉ុន​ បាន​នាំមុខ​គេ​ក្នុង​ចាប់ដៃ​គូ​ជាមួយ​អ្នក​អភិវឌ្ឍ​ថៃ​ លើ​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ថៃ​ ជាពិសេស​លើ​វិស័យ​ខុន​ដូ​ ហើយ​មាន​រយៈពេល​យូ​ចាប់តាំងពី​ឆ្នាំ២០១៣​ កន្លងមក​នេះ​។

សារព័ត៌មាន​ Phukhet​ News​ បាន​ចុះផ្សាយ​ថា​ កាលពី​ពេល​ថ្មី​ៗនេះ​ មាន​ក្រុមហ៊ុន​ ជប៉ុន​ Ananda​ Development​ Plc​ ​;; ជាមួយ​ក្រុមហ៊ុន​ ​;; Mitsui​ Fudosan​ និង​ក្រុមហ៊ុន​ AP​ Thailand​ ជាមួយ​ក្រុមហ៊ុន​ Mitsubishi​ Estate​ បាន​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​ខុន​ដូ​រួមគ្នា​នៅក្នុង​ប្រទេស​ថៃ​។ ជាមួយគ្នា​នេះ​ មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​របស់​ខ្លួន​ ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ថៃ​លើ​គម្រោង​ជាច្រើន​ សម្រាប់​ទាក់ទាញ​ទីផ្សារ​អ្នកទិញ​ដែល​ជា​ជនជាតិ​ចិន​។

កិច្ច​ព្រមព្រៀង​ភាគច្រើន​ លើ​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ខុន​ដូ​ ព្រោះ​ដោយសារតែ​ច្បាប់​របស់​ប្រទេស​ថៃ​អនុញ្ញាត​ឱ្យ​ជនបរទេស​កាន់កាប់​បាន​ប្រមាណ​ ៤៩ភាគរយ​ នៃ​ទំហំ​បន្ទប់​ស្នាក់នៅ​នៃ​ខុន​ដូ​។ ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ថៃ​ខ្លះ​បាន​ចាប់ផ្ដើម​សាងសង់​ គម្រោង​លំនៅ​ដ្ឋាន​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ដៃគូ​បរទេស​ ព្រោះ​ពួកគេ​ចង់​ដឹងពី​ការ​ច្នៃប្រឌិត​ពី​អ្នក​អភិវឌ្ឍ​បរទេស​ជាពិសេស​ប្រព័ន្ធ​សន្សំសំចៃ​ថាមពល​។

តម្លៃ​កើនឡើង​នៃ​គម្រោង​អចលនទ្រព្យ​រួមគ្នា​ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ​ និង​បរទេស​ឥឡូវនេះ​ មាន​ចំនួន​ច្រើនជាង​ ៥០០ពាន់​លាន​បាត​ នេះ​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​រីក​លូតលាស់​បន្ថែម​ទៀត​លើ​វិស័យ​អចលនទ្រព្យ​។ គម្រោង​ចំនួន២៥​ ត្រូវ​បាន​ប្រកាស​រួចហើយ​នៅក្នុង​ឆ្នាំ២០១៩​ ដែល​មានតម្លៃ​វិនិយោគ​សរុប​ ១៧៧ពាន់​លាន​បាត​ កើនឡើង​ ៧%បើ​ធៀប​កាលពី​ឆ្នាំមុន​។

ភាគច្រើន​នៃ​គម្រោង​ថ្មីនេះ​ គឺ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ នៅក្នុង​ទីក្រុង​បាងកក​។ ប៉ុន្តែ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​ បាន​ប្រកាស​ពី​ផែនការ​សម្រាប់​តំបន់​លំនៅ​ដ្ឋាន​ចំនួន៣នៅ​តំបន់​ជាយក្រុង​បាងកក​ ដែល​មានតម្លៃ​សរុប​ចំនួន១៧​,២ពាន់​លាន​បាត​៕

អ្នកជំនាញ​ប្រាប់​ពី​វិធី​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មានគុណ​តម្លៃ​ និង​ជោគជ័យ​

1

ដោយ​ ៖ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មានគុណ​តម្លៃ​ និង​ទទួល​បាន​ជោគជ័យ​ មិនមែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ទេ​ ខណៈ​អាជីព​មួយ​នេះ​កំពុង​ទទួល​បាន​ជោគជ័យ​ និង​មានតម្លៃ​កាន់តែ​ខ្ពស់​នៅក្នុង​សង្គម​។

នាយិកា​ក្រុមហ៊ុន​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ថា​ ការ​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​ទទួល​បាន​ជោគជ័យ​ ភ្នាក់ងារ​នោះ​ ត្រូវ​មានគុណ​សម្បត្តិ​ចំនួន​ ៦ចំណុច​ ដូចជា​ សុ​ច្ច​រឹត​ភាព​ ភាព​ស្មោះត្រង់​ ចំណេះដឹង​ ជំនាញ​ជាក់លាក់​ ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាតវៃ​។ អ្វី​ដែល​សំខាន់​បន្ថែម​ទៀត​ គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ ត្រូវ​ខិតខំ​បង្វឹក​ខ្លួនឯង​ ប៉ុន្តែ​សំខាន់​បំផុត​គឺ​មាន​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ទើប​ទទួល​បាន​នូវ​គុណ​តម្លៃ​ និង​ទទួលជោគជ័យ​ក្នុង​អាជីព​នេះ​។

លោកស្រី​បាន​បន្ត​ថា​ “អតិថិជន​នឹង​ជឿជាក់​លើ​គាត់​ ប្រសិនជា​គាត់​មាន​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ ប៉ុន្តែ​អ្នកមាន​ចំណុច​ពីរ​នេះ​ ពិបាក​រក​ណាស់​ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យ​នេះ​ ត្រូវ​គិត​ពី​ផល​រយៈពេល​វែង​”។លោកស្រី​បន្ថែម​ថា​ “ ក្រៅពី​ចំណុច​ទាំងពីរ​ខាងលើ​ចំណេះដឹង​ផ្សេងទៀត​ គឺ​យើង​អាច​បង្វឹក​បាន​ ប៉ុន្តែ​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ត្រូវ​ចេញពី​ខ្លួន​របស់​គាត់​»។

ការ​មានចំណេះ​ដឹងជាតិ​ អន្តរជាតិ​ យល់ដឹង​ទាក់ទង​ពីទី​ផ្សារ​ ច្បាប់​ ប្លង់​អចលនទ្រព្យ​ច្បាស់លាស់​ នឹង​ធ្វើ​ឱ្យ​អតិថិជន​ជឿជាក់​លើ​គាត់​ ព្រោះ​នៅពេល​អតិថិជន​ជឿជាក់​លើ​គាត់​ ពួកគេ​នឹង​មានទំនុក​ចិត្ត​ និង​មាន​ទំនាក់ទំនង​ល្អ​ ហើយ​ពេលណា​ម្ចាស់​អចលនទ្រព្យ​ជឿជាក់​លើ​គាត់​ ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នេះ​។ អ្នកនាង​ Grace​ Rachny​ Fong​បញ្ជាក់​ឱ្យ​ដឹង​។

លោកស្រី​បាន​បន្ថែម​ថា​ អាជីព​នេះ​នឹង​មាន​អនាគត​ល្អ​ នឹង​មានគុណ​តម្លៃ​ដូចជា​អាជីព​មេធាវី​ ព្រោះ​អ្នក​នៅក្នុង​អាជីព​នេះ​ត្រូវ​ធ្វើការ​ជាមួយ​ទាំង​អ្នកទិញ​ និង​អ្នកលក់​ ហើយ​អ្នកណា​ក៏​ត្រូវការ​លំនៅ​ដ្ឋាន​ដែរ​”។ លោក​ស្រី​បន​ម្ត​ថា​“អាជីព​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គាត់​មាន​លុយ​ទេ​ ប៉ុន្តែ​ក៏​មានគុណ​តម្លៃ​ខ្ពស់​នៅក្នុង​សង្គម​ផង​ដែរ​។ នៅ​ប្រទេស​ជប៉ុន​ ពួកគេ​ផ្តោត​លើ​ធនធានមនុស្ស​ ដែល​មាន​សុ​ច្ច​រឹត​ភាព​ ដើម្បី​កសាង​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ និង​មានការ​ផ្តល់​សេវាកម្ម​លើស​ការ​រំពឹង​ទុក​។ ប្រសិនជា​ចង់​ចាប់​អាជីព​នេះ​ឱ្យ​មាន​អនាគត​ល្អ​ និង​មានជោគ​ជ័យ​ អ្នក​ចង់​ចាប់​អាជីព​នេះ​ត្រូវ​គិតគូរ​វែងឆ្ងាយ​ ជាជាង​គិត​បែប​ឆក់​កណ្តៀ​ត”៕

តើ​ការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​សាងសង់​ត្រូវ​បង់ថ្លៃ​ប៉ុន្មាន ​និង​លើ​អ្វីខ្លះ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានសម្រេច​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​វិស្វកម្ម​ឯករាជ្យ​ សម្រាប់​គ្រប់គ្រង​អាជីវកម្ម​ អភិវឌ្ឍ​អចលនវត្ថុ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ តើ​ការ​ដាក់ស្នើ​សុំ​អជ្ញា​ប័ណ្ណ​សាងសង់​ត្រូវ​បង់ថ្លៃ​ប៉ុន្មាន​?។

ថ្លៃ​អាជ្ញាប័ណ្ណ​

អ្នកដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ ប្រកប​សេវាកម្ម​ជា​ក្រុមហ៊ុន​វិស្វកម្ម​ឯករាជ្យ​ ត្រូវ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ចំ​មួន​ ២.០០០.០០០​ ៛ (ពីរ​លាន​រៀល​) ។ ថ្លៃ​អាជ្ញាប័ណ្ណ​នេះ​ ត្រូវ​បង់​ទៅ​អគ្គនាយក​ដ្ឋាន​រតនាគារជាតិ​ តាម​ដីកាអម​របស់​ក្រុមការងារ​អន្តរក្រសួង​ ដើម្បី​គ្រប់គ្រង​អាជីវកម្ម​អភិ​វឌ្ឍ​អល​ចន​វត្ថុ​។

សុពលភាព​អាជ្ញាប័ណ្ណ​

អាជ្ញាប័ណ្ណ​នេះ​ មាន​សុពលភាព​រយៈពេល៣ឆ្នាំ​ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។ អ្នក​កាន់​អាជ្ញាប័ណ្ណ​ ត្រូវ​ដាក់ពាក្យ​ស្នើសុំ​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​ឲ្យបាន៣០ថ្ងៃ​ មុន​ពេល​អាជ្ញាប័ណ្ណ​នោះ​អស់​សុពលភាព​ និង​ត្រូវ​បង់​ថ្ងៃ​បន្ត​ដូ​ការ​ស្នើសុំ​លើកដំបូង​ដែរ​។

ក្រុមការងារ​អន្តរក្រសួង​មាន​សិទ្ធិបន្ត​អាជ្ញាប័ណ្ណ​ ដោយមាន​ដាក់​ ឬមិន​ដាក់​លក្ខខណ្ឌ​ឬមិន​បន្ត​អាជ្ញាប័ណ្ណ​ជូន​ ប្រសិនបើ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ មិនបាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​ណាមួយ​ ដែល​ក្រុមការងារ​អន្តរ​ជា​ក្រសួង​បាន​កំណត់​។

នណា​អាច​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​?

វិស្វករ​សំណង់​អាគារ​ដែល​បញ្ចប់​ការសិក្សា​ និង​បាន​ឆ្លងកាត់​បទពិសោធន៍​ការងារ​ជាក់ស្តែង​ក្នុង​មុខជំនាញ​ដែល​មាន​វិញ្ញា​បន​ប័ត្រ​អាជីវកម្ម​សាងសង់​ ឬសិក្សា​គម្រោង​ប្លង់​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឬសមាជិក​គណៈ​វិស្វករ​កម្ពុជា​ ដែល​មានការ​ទទួលស្គាល់​ និង​មានការ​យល់ព្រម​ពី​ក្រសួង​រៀបចំ​នគរូបនីយកម្ម​ និង​សំណង់​អាច​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ ប្រកបដោយ​សេវាកម្ម​ជា​ក្រុមហ៊ុន​វិស្វកម្ម​ឯករាជ្យ​ ទៅតាម​ទម្រង់​ ដែល​បាន​រៀបចំ​ដោយក្រុម​ការងារ​អន្តរក្រសួង​ នៅ​លេខាធិការ​ដ្ឋាន​នៃ​ក្រុមការងារ​អន្តរក្រសួង​ ដើម្បី​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ​ ដែល​មាន​ទីតាំងនៅ​ការិយាល័យ​គ្រប់គ្រង​ការ​ជួញដូរ​អចលនវត្ថុ​ នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​៕

AFD​ ផ្តល់​ហិរញ្ញ​ទាន​ហរិ​ញ្ញ​ប្ប​ទាន​ជាង​ ៣២​,៦លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​កសាង​បណ្តាញ​អគ្គិសនី​ឆ្លាតវៃ​

0

ដោយ​ ម៉ា​ណេត​

ប៉ារីសៈ​ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ (AFD​) និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ហរិ​ញ្ញ​ប្ប​ទាន​ សហប្រតិបត្តិ​ការ​ក្នុងទឹក​ប្រាក់​ចំនួន​ ២៩​,១ លាន​អឺ​រ៉ូ​ (ប្រ​ម៉ា​ណជា​ ៣២​,៦ ដុល្លារ​អាមេរិក​)។ នេះ​យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​កាលពី​ល្ងាច​ម្សិលមិញ​។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​បាន​ឲ្យដឹង​ថា​ ក្នុងចំណោម​ឥណទាន​សម្បទាន​ចំនួន២៥លាន​អឺ​រ៉ូ​ (ប្រ​ម៉ា​ណជា២៨លាន​ដុល្លារ​) ពី​ភ្នា​កងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៤​,១លាន​អឺ​រ៉ូ​ (ប្រ​ម៉ា​ណជា​ ៤,៦ លាន​ដុល្លារ​) ពី​សហគមន៍​អឺរ៉ុប​ (EU​) សម្រាប់​ហិរញ្ញប្បទាន​ លើ​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តា​ញប​ញ្ជួន​ និង​ចែកចាយ​ដែល​គម្រោង​នេះ​មាន​ទិសដៅ​ក្នុង​ការពង្រីក​ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ ឲ្យ​មានការ​វិ​វន្ត​ន៍​ទៅ​រក​ប្រព័ន្ធ​ឆ្លាតវៃ​ (Smart​ Grid​) ដែល​អាច​សម្រួល​យ៉ាងច្រើន​ ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមួល​ ក៏ដូចជា​បង្កើន​ប្រសិទ្ធិ​ភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​លើ​ខាង​ត្រូវ​បាន​ធ្វើឡើង​រវាង​ លោក​ឧបនាយក​រដ្ឋមន្រ្តី​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្រី្ត​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក​ Remi Riou​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​បា​រីស​ ប្រទេស​បារាំង​។

លោ​កឿ​បនា​យក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ សមិ​ទិ្ធ​ផល​ជា​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ដែល​កម្ពុជា​ទទួល​ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​តួនាទី​យ៉ាងសកម្ម​របស់​ភាគី​មិត្ត​ ក្នុង​ការចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ហិរញ្ញប្បទាន​ ការ​ផ្តល់​ឥណទាន​ដែល​មាន​ភាព​អំណោយ​ និង​អនុគ្រោះ​ខ្ពស់​ ជំនួយ​បច្ចេក​ទេស​ផ្សេង​ៗ ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជ​កិ​ម្ម​ សេដ្ឋកិច្ច​ សង្គមកិច្ច​ អភិបាលកិច្ច​ និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ផ្សេង​ៗទៀត​នៅ​កម្ពុជា​ជាដើម​៕

តើ​អ្វី​ជា​ការប្រកួត​ប្រជែង​គ្មាន​តម្លាភាព​នៅ​លើ​វិស័យ​អចលនទ្រព្យ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ផល​ចំណេញ​ពី​វិស័យ​មួយ​នេះ​ ដែល​ក្នុង​នោះ​ភាគច្រើន​បាន​ដើរតួ​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ ដើម្បី​ទទួល​បាន​កម្រៃ​ជើង​សារ​ពី​ការ​ ទិញ​ – លក់​ និង​ជួល​អចលនវត្ថុ​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ និង​តែងតែ​កើតមាន​ជាប្រចាំ​នោះ​ គឺ​ការប្រកួត​ប្រជែង​គ្នា​ដោយ​គ្មាន​តម្លាភាព​ ពីសំណាក់​ក្រុមហ៊ុន​ភ្នាក់ងារ​មួយចំនួន​ ដើម្បី​ដណ្ដើមយក​ចំណែក​ទីផ្សារ​ ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដទៃទៀត​ដែល​ស្ថិត​ក្នុង​វិស័យ​រួមគ្នា​។

នៅ​លើ​ទីផ្សារ​មួយ​ ដែល​មានការ​ប្រកួតប្រជែង​មិន​មាន​តម្លាភាព​ មិន​ភាព​ស្មោះត្រង់​ និង​គ្មាន​សីលធម៌​ វា​ជា​រូបភាព​មួយ​ដែល​មិន​គួរ​កើតមាន​ ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​រួមគ្នា​ រហូត​អាច​ឈាន​ដល់​ការបាត់បង់​ចំណែក​ទីផ្សារ​ផង​ដែរ​។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកជំនាញ​ ផ្នែក​វិស័យ​អចលនទ្រព្យ​។

អគ្គនាយក​ក្រុម​ហ៊ុន​អល​ចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា ​នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ថា​ ការប្រកួត​ប្រជែង​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ និង​គ្មាន​តម្លាភាព​ គឺ​បណ្តាល​មក​ពី​ហេតុផល​បន្ទាប់បន្សំ​មួយចំនួន​ ដែល​មាន​ទាំង​កក្តា​ច្បាប់​ កក្តាម​នុស្ស​ រាប់ទាំង​បុគ្គល​ដែល​ជា​ភ្នាក់ងារ​គ្មាន​វិជ្ជាជីវៈ​ និង​ភាព​មិន​ស្មោះត្រង់​របស់​អតិថិជន​ ដែល​រាប់បញ្ចូល​ទាំង​បុគ្គល​ដែល​ជា​អ្នកលក់​ និង​អ្នកទិញ​ដែល​គ្មាន​សីលធម៌​ផង​ដែរ​ ។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ នៅ​តាម​បណ្តា​ប្រទេស​គេ​ដែល​មានការ​អភិវឌ្ឍ​ គឺ​មានការ​ចែងច្បាប់​យ៉ាង​ច្បាស់លាស់​ចំពោះ​ការ​លក់​ ការទិញ​ ឬជួល​ដោយ​ម្ចាស់​អចលនវត្ថុ​ដែល​មិន​មាន​អជ្ញា​ប័ណ្ណ​ គឺ​គ្មាន​សិទ្ធិ​ក្នុង​ការ​លើកស្លា​កប្រកាស​លក់​ ឬជួល​នោះ​ឡើយ​។

​លោក​បន្ត​ថា​ “មានតែ​ក្រុមហ៊ុន​ ឬភ្នាក់ងារ​ដែល​ស្របច្បាប់​តែប៉ុណ្ណោះ​ ដែល​អាច​មាន​សិទ្ធិ​ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ហាក់​មាន​ភាព​ធូរ​លុង​ និង​មិនទាន់​មានការ​រឹ​តបណ្តឹង​ច្បាប់​មួយ​នេះ​នៅឡើយ​ ទើប​បណ្តាល​ឱ្យ​កើតមាន​ទង្វើ​ប្រា​ចាក​ពី​ក្រមសីលធម៌​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ ដោយឡែក​ចំពោះ​ការប្រកួត​ប្រជែង​គ្នា​ ដោយ​គ្មាន​តម្លាភាព​រវាង​ក្រុមហ៊ុន​ជា​ភ្នាក់ងារ​ដូចគ្នា​ មានន័យថា​ ការអនុវត្ត​អាជីវកម្ម​នៅ​លើ​ទីផ្សារ​ដោយ​គ្មាន​ការគោរព​ ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ ឧទាហរណ៍​ដូចជា​ ការដែល​ទទួល​បាន​យក​កម្រៃ​ជើង​សារ​ គឺ​ទាប​បំផុត​ត្រឹម៣ភាគរយ​ជាដើម​ ប៉ុន្តែ​មាន​ភ្នាក់ងារ​ខ្លះ​យក​កម្រៃ​ជើង​សារ​ទាប​ជាង​ការកំណត់​ ដែល​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ទទួល​បាន​ចំណែក​ទីផ្សារ​ បើ​ទោះជា​ប្រយោជន៍​ដែល​ទទួល​បាន​នោះ​មាន​ចំនួន​តិច​ក៏ដោយ​ ហើយក៏​មានការ​ចូលរួម​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ពីអ​តិថិ​ជន​ផង​ដែរ​។

លោក​បន្ត​ថា​ “ទង្វើ​នេះ​វា​ជាសកម្ម​ភាព​ដែល​គ្មាន​វិជ្ជាជីវៈ​ គ្មាន​ក្រមសីលធម៌​នោះ​ទេ​ ហើយ​សកម្មភាព​បែបនេះ​តែងតែ​កើតមាន​ជា​រឿយ​ៗ រហូត​មាន​ករណី​ខ្លះ​ឈាន​ដល់​ការ​ប្ដឹង​ផ្តល់​ដល់​ប្រពន្ធ​តុលាការ​ថែមទៀត​ផង​”។ លោក​បន្ត​ថា​“ជា​ការ​បញ្ចៀស​បញ្ហា​ទាំងនេះ​ ក្រុមហ៊ុន​ដែល​ជា​ភ្នាក់ងារ​ត្រូវតែ​ចេះ​ចងក្រង​ ឯកសារ​ធ្វើជា​កិច្ចសន្យា​ជាមួយ​អតិថិជន​ឱ្យ​បាន​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ ទើប​មិន​មានហេតុ​ការណ៍​អវិជ្ជមាន​កើតមានឡើង​ ហើយ​ចំពោះ​ក្រុមហ៊ុន​ដែល​ជា​ភ្នាក់ងារ​ក៏​គួរតែ​មានការ​គោរព​ និង​អនុវត្ត​តាម​គោលការណ៍​រួម​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ទាំងអស់គ្នា​ ដើម្បី​លើកស្ទួយ​វិស័យ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ការប្រកួត​ប្រជែង​ដោយ​គ្មាន​តម្លាភាព​ ឬការដែល​មិន​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ច្បាប់​ អាច​កើតមាន​ចំពោះតែ​ក្រុមហ៊ុន​មួយចំនួន​តូច​ ដែល​មិន​មាន​ក្រមសីលធម៌​តែប៉ុណ្ណោះ​ ហើយក៏​អាច​ទទួល​បាន​ប្រយោជន៍​ត្រឹម​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ដែល​យើង​ក៏​មិន​អាច​ហាមឃាត់​អ្នក​ទាំងនោះ​បាន​ដែរ​ ព្រោះ​វា​ជាទី​ផ្សារ​សេរី​។

លោក​បាន​បន្ត​ទៀត​ថា​ ករណី​បែបនេះ​ ហាក់​មិនទាន់​អាច​ជះឥទ្ធិពល​អាក្រក់​នៅ​លើ​ទីផ្សារ​រួម​ខ្លាំងក្លា​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ចៀស​ការខាតបង់​នោះ​ គឺ​ក្រុមហ៊ុន​ដែល​ជា​ភ្នាក់ងារ​ ត្រូវតែ​មានការ​ចង់​ជា​កិច្ចសន្យា​ជាមុន​ឱ្យ​ត្រឹមត្រូវ​ ទើប​ផ្តល់​កិច្ច​ប្រឹក្សា​ និង​ណែនាំ​អតិថិជន​របស់​ខ្លួន​តាម​ក្រោយ​។

យ៉ាងណាក៏ដោយ​ លោក​ក៏​បាន​ទទួ​ចឱ្យ​បណ្តា​ភ្នាក់ងារ​ ដែល​តែង​អនុវត្ត​ប្រាសចាក​ពី​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ទាំងនោះ​ គួរ​ចូលរួម​មក​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ទាំងអស់គ្នា​ ដើម្បី​លើកកម្ពស់​តម្លៃ​ក្រុមហ៊ុន​ ដែល​កំពុង​ប្រកប​អាជីវកម្ម​ដូចជា​ ក៏ដូចជា​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង​ផង​ដែរ​៕

ក្រុមហ៊ុន​ជាច្រើន​កំពុង​ “លឹបល​” មុន​វិនិយោគ​នៅ​ខេត្តកំពត​

0

ដោយ​ ម៉ា​ណេត

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ខេត្តកំពត​អះអាង​ថា​ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ និង​កំពុង​ចូល​មក​សិក្សា​ពី​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​ពី​ខេត្ត​នេះ​ ខណៈ​បច្ចុប្បន្ន​ការ​វិ​និ​យោ​គធំៗ​ មិនទាន់​មានការ​លិច​ឡើង​គូរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​លោក​ជាវ​ តាយ​បាន​ប្រាប់​គេហទំព័រ​ PropertyArea.asia​ តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៨​ ឧសភា​នេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​មក​ ដែល​នេះ​គ្រាន់តែ​ជា​ការសិក្សា​សិន​ ហើយ​គេ​សិក្សា​ហើយ​បាន​គេ​រៀប​គម្រោង​សកម្មភាព​ ប៉ុន្តែ​ឥឡូវនេះ​មិនទាន់​ដល់​ដំណាក់កាល​ទីពីរ​ទេ​ (ដំណាក់​កា​រនុ​វត្ដ​ន៍​គម្រោង​)។

លោក​ឲ្យដឹង​ថា​ “អីចឹង​បញ្ហា​ផ្លូវ​រថភ្លើង​ និង​បញ្ហា​ផ្លូវ​ល្បឿន​លឿន​អីហ្នឹង​ស្ថិត​ក្នុង​ដំណាក់​ការពិចារណា​ មិនទាន់​ជា​មាន​លទ្ធផល​អ្វី​នៅឡើយ​ទេ​”។

លោក​បាន​ប្រាប់​ទៀត​ថា​ “ពាក់ព័ន្ធ​និង​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​នេះ​ គឺ​យើង​ឃើញថា​មាន​ក្រុមហ៊ុន​ច្រើន​ ប៉ុន្តែ​មិន​ក្រុមហ៊ុន​ធំ​ទេ​គឺ​មក​ពី​មក​ក្នុង​ស្រុក​ ឫក៏​អ្នកវិនិយោគទុន​ក្នុង​ស្រុក​ ខណៈ​ជប៉ុន​ និង​កូរ៉េ​ធ្វើការ​វិនិយោគ​ក្នុង​រូបភាព​ល្មម​ មិនធំ​ពេក​ទេ​ដោយ​គេ​កំពុង​វិនិយោគ​បន្ត​ ពិសេស​អ្នក​នៅក្នុង​ស្រុក​តែម្តង​”។

លោក​បន្ថែ​ថា​ “ចំណែក​អ្នក​វិ​និ​យោ​គធំៗ​ បានតែ​លើក​គម្រោង​ខ្ញុំ​បាន​ជំ​រាប​ចឹង​ ដែល​ពួកគេ​គ្រោង​វិនិយោគ​តំបន់​ទេស​ចរ​ណ៍​ធំៗ​ ប៉ុន្តែ​ដល់​ថ្ងៃនេះ​ការ​កា​រវិនោ​យោគ​នេះ​មិនទាន់​ចេញ​ផ្លូវការ​ គាត់​កំពុងតែ​គិត​ តែ​មិនទាន់​គូស​ និង​មិនទាន់​ដាក់​ចូល​ជាសកម្ម​ភាព​”។

មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ កាលពី​ព្រឹក​ថ្ងៃទី២​ ខែមេសា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​លើកឡើង​ថា​កំពត​ ជា​ខេត្ត​មួយ​ដែល​មានការ​អភិវឌ្ឍន៍​ក្រោយគេ​ ប៉ុន្តែ​នឹង​មាន​ភាព​រីកចម្រើន​ខ្លាំង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សម្តេច​បន្ត​ថា​ “ក្រៅពី​មានការ​អភិវឌ្ឍន៍​ ទៅលើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវ​ផ្នល់​សំ​ខាន់​ៗរបស់​ខេត្ត​ ការ​បង្កើន​សោភ័ណភាព​ ជាពិសេស​មាន​កំពង់ផែ​ទឹកជ្រៅ​ ដែល​កំពុង​ដំណើរការ​សាងសង់​នោះ​ នៅ​មាន​បណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​មួយចំនួន​ទៀត​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​”៕