ក្រុមហ៊ុន​ទេសចរណ៍មក​ពី​ប្រទេស​ចំនួន​៣ ជួប​ជាមួយ​ក្រុម​ហ៊ុន​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

ដោយៈ ចំណាន

   ភ្នំពេញៈ ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ ទាក់ទាញប្រតិភូក្រុមហ៊ុនទេសចរណ៍ធំៗ មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ជួបពិភាក្សាជាមួយ ក្រុមហ៊ុនទេសចរណ៍កម្ពុជាបង្កើតកិច្ចសហការទេសចរណ៍រូមគ្នាជាច្រើន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ (5th Cambodia Travel Match – CTM 2026 Mini-Series) រៀបចំដោយសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធាំនីភ្នំពេញ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍។ ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍កម្ពុជា (CTB) តំណាងសមាគមសណ្ឋាគារកម្ពុជា (CHA) ព្រមទាំងប្រតិភូ និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន រួមជាមួយអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជា អ្នកសារព័ត៌មាន សរុបជាង១៣០រូប នៅសណ្ឋាគារ Crowne Plaza Phnom Penh by IHG។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ព្រមទាំងអ្នកចូលរួមទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលជាអ្នករៀបចំកម្មវិធី រួមជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ (CTB) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងផ្សព្វផ្សា​យសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយ ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន បង្កើនការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព ការបង្កើតជាវេទិកាភ្ជាប់អ្នកទិញអន្តរជាតិ ជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជាជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ ដើម្បីពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើទីផ្សាទេស​ចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាក្នុងទីផ្សារថ្មីៗ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ឱ្យមានឱកាសចូលដល់ទីផ្សារអន្តរជាតិ។

ប​ន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរ អ្នកទស្សនា និងវិនិយោគិនអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដោយភាពជឿជាក់ និងពុំមានកង្វល់ណាមួយ ព្រមទាំងទទួលបានបទពិសោធន៍ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលល្បីថា “ស្នាមញញឹមកម្ពុជា” និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាអត្តសញ្ញាណពិសេសរបស់កម្ពុជា។

ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer) ដែលជាយុទ្ធនាការទីផ្សារគោលដៅ ជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ “កម្ពុជាទៅកាន់ពិភពលោក” ដើម្បីបង្កើតវេទិកាធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក៕

សភាពាណិជ្ជកម្ម​អាមេរិក​គ្រោង​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ជា​មួយ​ផែន​ការ​នាំ​យក​អ្នក​ធុរកិច្ច​មក​ទស្សនកិច្ច​

ដោយៈ ចំណាន

   ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា-អាម៉េរិក (American Cambodian Business Chamber – ACBC)គ្រោងនាំយកអ្នកធុរកិច្ចអាមេរិក មកវិនិយោគបន្ថែមនៅកម្ពុជា។

ព័ត៌មាននេះត្រូវនបានលើកឡើងនាឱកាស លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីចាន់ សុខវាសនា ស្ថាបនិក និងប្រធានប្រតិបត្តិ នៃសភាពាណិជ្ជកម្មកម្ពុជា-អាម៉េរិក (American Cambodian Business Chamber – ACBC) និងគណៈប្រតិភូ ដែលជាតំណាងមកពីបណ្តាក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក្នុងវិស័យកែច្នៃចំណីអាហារ ការវេចខ្ចប់ ការដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីពិនិត្យលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍ របស់គណៈប្រតិភូក្នុងការស្វែងរកឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកឡើងអំពីសក្ដានុពលនៃផលិតផលកម្ពុជា រួមមាន អង្ករ ស្វាយចន្ទី ទុរេន ម្រេចកំពត ដំឡូងមី និងកៅស៊ូ ជាដើម ដែលអាចពង្រីកការកែច្នៃ បង្កើនតម្លៃបន្ថែម និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ គណៈប្រតិភូ ACBC បានបង្ហាញឆន្ទៈក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ដោយសារកម្ពុជាមានវត្ថុធាតុដើមជាកសិផល និងផលិតផលមានគុណភាពជាច្រើន ដែលពុំទាន់បានកែច្នៃ និងបង្កើនតម្លៃបន្ថែមឱ្យអស់ពីលទ្ធភាពនៅឡើយ។

ក្នុងន័យនេះ ភាគីទាំងពីរបានពិភាក្សា អំពីការតភ្ជាប់អ្នកផលិត និងអ្នកផ្គត់ផ្គង់កម្ពុជាជាមួយអ្នកទិញ និងអ្នកចែកចាយនៅសហរដ្ឋអាម៉េរិក ព្រមទាំងការពង្រឹងការវេចខ្ចប់ ការស្តុកទុក ការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ដើម្បីរក្សាគុណភាពផលិតផល និងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ACBC ក៏បានបញ្ជាក់ពីគម្រោ​ងនាំគណៈប្រតិភូធុរកិច្ចសហរដ្ឋអាម៉េរិក មកទស្សនកិច្ច និងស្វែងយល់បន្ថែមនៅកម្ពុជានាពេលខាងមុខ ដើម្បីបន្តពង្រីកកិច្ចសហប្រតិ​បត្តិការធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ៕

ទីផ្សារ​អចលនទ្រព្យ​សកល​រំពឹង​ឈានចូល​ដល់​ឆ្នាំ ២០២៧​ ក្នុង​ដំណាក់​កាល​ងើប​ឡើង​វិញ​ប្រកប​ដោយ​ស្ថេរភាព​ជាង​មុន​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលត្រូវបានគេរំពឹងថា នឹងឈានចូលដល់ឆ្នាំ ២០២៧ ក្នុងដំណាក់កាលងើបឡើងវិញដែលមានស្ថេរភាពជាងមុន។ សកម្មភាពវិនិយោគបានកើនឡើងនៅក្នុងឆ្នាំ ២០២៦ ខណៈទីផ្សារបានងាកចេញបន្តិចម្តងៗពីការធ្លាក់ចុះឆ្ពោះទៅរកការងើបឡើងវិញ។

ទោះជាយ៉ាងណា ថ្លៃដើមខ្ពស់លើប្រាក់កម្ចីរយៈពេលវែង កំណើនបំណុលរដ្ឋាភិបាល ហានិភ័យអតិផរណា និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយអាចរារាំងការវិលត្រឡប់យ៉ាងឆាប់រហ័សទៅកាន់បរិយាកាសអត្រាការប្រាក់ទាបបំផុតនៃទសវត្សរ៍ឆ្នាំ ២០១០។

មជ្ឈមណ្ឌលទិន្នន័យ ភស្តុភារកម្ម និងអចលនទ្រព្យឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងចំណោមទីផ្សារដែលមានដំណើរការរឹងមាំបំផុត ដោយមានការគាំទ្រពីបញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មអេឡិចត្រូនិក ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ទន្ទឹមនឹងនេះ ការិយាល័យបែបប្រពៃណី និងទីផ្សារលំនៅឋានមួយចំនួននឹងបន្តប្រឈមមុខនឹងបញ្ហាប្រឈមពីការផ្លាស់ប្តូរគំរូការងារ ការរឹតបន្តឹងលើលទ្ធភាពទិញ និងការផ្គត់ផ្គង់លើសតម្រូវការ។

ជារួម ឆ្នាំ២០២៧ អាចជាឆ្នាំនៃការធ្វើឱ្យមានប្រក្រតីភាពឡើងវិញ ជាជាងការរីកចម្រើនផ្នែកអចលនទ្រព្យ។ ទីផ្សារដែលមានការផ្គត់ផ្គង់មានកំណត់ កំណើនប្រជាជនខ្លាំង ការងារដែលមានធន់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ នឹងមានដំណើរការល្អជាង ខណៈដែលទីផ្សារដែលមានការផ្គត់ផ្គង់លើសតម្រូវការ អាចបន្តស្ថិតក្រោមសម្ពាធ។

ប្រទេសចិនគឺជាឧទាហរណ៍ដ៏សំខាន់មួយ ដោយតម្លៃនៅតែត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្តិចនៅឆ្នាំ២០២៧ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទីផ្សារលំនៅឋានមានស្ថិរភាពយ៉ាងណាក្តី។

សម្រាប់វិនិយោគិន យុទ្ធសាស្ត្រចម្បងនឹងផ្តោតលើគុណភាពជាជាងបរិមាណ ជំនួសឱ្យការពឹងផ្អែកជាចម្បងលើការកើនឡើងតម្លៃអចលនទ្រព្យយ៉ាងឆាប់រហ័ស៕

ប្រទេសចិន​រៀប​ចំ​សន្និសីទ​អនាគត​នៃ​ការវិនិយោគ ​ឆ្នាំ​២០២៦​ផ្តោត​លើ​ការ​វិនិយោគ​សកល​សម្រាប់​ពិភពលោក​ដែល​កំពុង​ផ្លាស់ប្តូរ​

ដោយៈ ចំណាន

   ប្រទេសចិនៈ  លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះក្នុង សន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦ ប្រព្រឹត្តទៅក្រោមប្រធានបទ “ការវិនិយោគសកលសម្រាប់ពិភពលោក ដែលកំពុងផ្លាស់ប្តូរ”និងផ្តល់កិច្ចសម្ភាសន៍ពិសេសជូនបណ្តាញព័ត៌មាន។

វេទិកាលំដាប់ពិភពលោកនេះ បានប្រារពធ្វើនៅក្នុងទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសុន្ទរកថាគន្លឹះ ប្រកបដោយចក្ខុវិស័យមុតស្រួច លោកឧប​នាយករដ្ឋមន្ត្រី បានលើកឡើងនូវទស្សនទានយុទ្ធសាស្ត្រ ដ៏ស៊ីជម្រៅ អំពីការប្រែប្រួលនៃបរិបទវិនិយោគសកល និងតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការបង្កើតកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកបញ្ជាក់ថា “ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើនល្បឿននៃការអភិវឌ្ឍបៃតង”។ លោកបន្ថែមថា “ក្នុងបរិបទនេះ ការវិនិយោគ មិនត្រឹមតែសំដៅលើការស្វែងរក ផលចំណេញហិរញ្ញវត្ថុរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើវិធីសាស្ត្របង្កើតតម្លៃបន្ថែមរយៈពេលវែង ការពង្រឹងភាពធន់ ការភ្ជាប់ទំនាក់ទំនង និងការចែករំលែកវិបុលភាពរួមគ្នា”។

កម្ពុជាគឺជាគំរូជាក់ស្តែងមួយ ដែលបានផ្លាស់ប្តូរមុខមាត់នាពេលពីរទសវត្សរ៍ចុងក្រោយនេះ ទៅជាសេដ្ឋកិច្ចបើកចំហ និងមានសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអាស៊ាន ចិន និងទីផ្សារសកល។ ក្នុងដំណើរផ្លាស់ប្តូរដ៏មានអត្ថន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងទូលំទូលាយ និងលាតសន្ធឹងលើវិស័យសក្ដានុពលជាច្រើន ដូចជា ឧស្សាហកម្មកែច្នៃ កសិកម្ម ថាមពល ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និង កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)បានដើរតួជាម៉ាស៊ីនជំរុញបន្ថែម ក្នុងការបើកច្រកទីផ្សារកាន់តែទូលំទូលាយ សម្រាប់ធុរជននៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ផ្អែកលើសុភាសិតចិនមួយឃ្លាពោលថា “ចង់មានបាន ត្រូវធ្វើផ្លូវជាមុន” លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលគាំទ្រដោយរដ្ឋាភិបាល និងវិនិយោគិនចិន មិនត្រឹមតែជាការកសាងសំណង់ផ្លូវ-ស្ពានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការភ្ជាប់កសិករទៅកាន់ទីផ្សារ ភ្ជាប់រោងចក្រទៅកាន់កំពង់ផែ និងភ្ជាប់ធុរកិច្ចទៅកាន់អតិថិជន”។

លោកបញ្ជាក់ទៀតថា “ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ មិនគួរត្រូវបានវាយតម្លៃត្រឹមតែជាទ្រព្យសកម្ម ដែលបានកសាងឡើងនោះទេ ប៉ុន្តែត្រូវវាយតម្លៃលើកាលានុវត្តភាពសេដ្ឋកិច្ច ដែលសមិទ្ធផលទាំងនោះបង្កើតបាន”។

ចំពោះការអភិវឌ្ឍទាំងនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការគាំទ្រយ៉ាងសកម្ម ពីរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍កម្ពុជា ឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយមោទនភាព នាពេលពីរទសវត្សរ៍កន្លងមកនេះ។

បន្ថែមពីនេះ លោកស៊ុន ចាន់ថុល បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រវែងឆ្ងាយរបស់ខ្លួន គឺការប្រែក្លាយទៅជា “ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០” និងឈានទៅសម្រេចបានជា “ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ដើម្បីប្រែក្លាយចក្ខុវិស័យនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង រាជ  រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តទាក់ទាញលំហូរវិនិយោគ ប្រកបដោយគុណភាព និងចីរភាព លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់។ វិស័យទាំងនោះរួមមាន ឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត ការកែច្នៃកសិផល និងប្រព័ន្ធភស្តុភារកម្មទំនើប៕

 

ទីផ្សារអចលនទ្រព្យ​នៅ​ប្រទេសហ្វីលីពីន​កំពុង​បង្ហាញ​សញ្ញា​ងើប​ឡើងវិញ​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញនៅក្នុងឆ្នាំ២០២៦ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានភាពស្មើគ្នានៅឡើយ។

ទីផ្សារការិយាល័យរបស់ទីក្រុងម៉ានីលនៅតែមានភាពធន់ ដោយមានអត្រាការិយាល័យទំនេរប្រហែល១៩ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ខណៈដែលតម្លៃជួលការិយាល័យជាទូទៅមានស្ថេរភាព។

តម្រូវការកំពុងត្រូវបានគាំទ្រដោយអាជីវកម្មបែបប្រពៃណី ភ្នាក់ងាររដ្ឋាភិបាល និងវិស័យ IT-BPM ទោះបីជាភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយបានបណ្តាលឱ្យក្រុមហ៊ុនមួយចំនួនពន្យារពេលការសម្រេចចិត្តពង្រីកការជួលការិយាល័យយ៉ាងណាក្តី។

ទីផ្សារលំនៅដ្ឋាននៅតែមានបញ្ហាប្រឈមច្រើន ជាពិសេសសម្រាប់ខុនដូ។ សកម្មភាពលក់ជាមុន presale បានងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ហើយស្តុកលំនៅឋានបានចាប់ផ្តើមធ្លាក់ចុះ។ ប៉ុន្តែការផ្គត់ផ្គង់លើសតម្រូវការនៅតែបន្តជាកង្វល់ចម្បង។

ក្រុមហ៊ុន Colliers រំពឹងថា លំនៅឋានទំនេរនៅក្នុងទីក្រុងម៉ានីលនឹងឈានដល់ប្រហែល២៥,៦% នៅចុងឆ្នាំនេះ ដោយតំបន់ Bay Area ងាយនឹងរងផលប៉ះពាល់ដោយការផ្គត់ផ្គង់លើសតម្រូវការ។

ជាលទ្ធផល តម្រូវការមានកម្រិតខ្ពស់បំផុតសម្រាប់លំនៅឋានដែលមានតម្លៃសមរម្យ និងមានទីតាំងយុទ្ធសាស្ត្រ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍កំពុងប្រើប្រាស់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌទូទាត់ដែលអាចបត់បែនបាន ដើម្បីទាក់ទាញអ្នកទិញ៕

ដំណឹងល្អៈ ​ខេត្តព្រះសីហនុ​ស្វាគមន៍​គម្រោង​វិនិយោគថ្មី​ជាមួយ​ទុន​វិនិយោគ​៤២លានដុល្លារ

ដោយៈ ម៉ាណា

   ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ចចំនួន១០ ក្រោមទុនវិនិយោគជាង៤២ លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ១ ៣៦១កន្លែង។

ជាក់ស្តែងនៅដើមសប្តាហ៍នេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៧ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងទាំងនេះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងរោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និង ក្តារប៉ាកេ, គម្រោងរោងចក្រផលិត និង ដំឡើងឧបករណ៍ប្រើប្រាស់ ដោយអគ្គិសនី គ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី គម្រោ​ងអភិវឌ្ឍអចលនទ្រព្យ គម្រោងសណ្ឋាគារ និងរីសត និងគម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង៤២លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ១៣៦១កន្លែង។

 

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការទាក់ទាញ និង ការថែរក្សាទំនុកចិត្តវិនិយោគិន និងធុរជន គឺជាកិច្ចការដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលតាមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និងធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ហើ​យត្រូវលុបបំបាត់ ឬកាត់បន្ថយជាអតិបរមា នូវរបាំងរដ្ឋបាលស្មុគស្មាញ, ចូលរួមដោះស្រាយបញ្ហាប្រឈម របស់វិនិយោគិនរួមគ្នាដោយផ្ទាល់ និងត្រូវដាក់ចេញនូវយន្តការសម្របសម្រួល/ដោះស្រាយបញ្ហា ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព ។

បន្ថែមពីនេះ រាល់ការសម្របសម្រួលនីតិវិធី និងការផ្តល់ការលើកទឹកចិត្ត ត្រូវតែអនុវត្ត ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និងការសម្រួលនីតិវិធី៕

The Ministry and METFONE Launch the “My Village, My Food” Campaign

By MoT

Phnom Penh.  H.E. HUOT Hak, Minister of Tourism, presided over the signing ceremony of a Memorandum of Understanding (MoU) between the Ministry of Tourism and METFONE to officially launch the “My Village, My Food” campaign, which aims to promote Cambodia’s tourism destinations by showcasing the unique local cuisines of different regions across the Kingdom.

 

The ceremony was attended by H.E. and Lok Chumteav leaders of the Ministry of Tourism, Mr. Cao Manh Duc, Chief Executive Officer (CEO) of METFONE, and his colleagues; officials from all departments and provincial departments of tourism; representatives from universities; professors and students; as well as content creators, with more than 200 participants in attendance at the Ministry of Tourism.

During the ceremony, H.E. the Minister warmly welcomed Mr. Cao Manh Duc and METFONE for supporting the Ministry’s campaign, in line with the sound and pragmatic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, who has encouraged Cambodian youth to use social media platforms to promote the tourism potential of their own hometowns. H.E. the Minister also expressed his appreciation and gratitude for METFONE’s innovative, technology-driven initiative to help promote Khmer culinary identity and Cambodia’s tourism potential.

Through this collaboration, the Ministry of Tourism and METFONE have jointly produced seven short videos under the “My Village, My Food” campaign, featuring signature local dishes from the provinces of Kampot, Kep, Preah Sihanouk, Siem Reap, Battambang, Pursat, and Takeo.

 

The videos will be released progressively through October 2026 across the social media platforms of the Ministry of Tourism, provincial departments of tourism, METFONE, and participating content creators (influencers).

 

In addition, H.E. the Minister emphasized that both parties will continue to strengthen and expand their partnership through new areas of cooperation that are closer, more effective, and results-oriented, with the shared goal of promoting Cambodia’s tourism potential and culinary heritage to domestic and international audiences.

 

លោកជំទាវឧកញ៉ា​គង់ សំណាង​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​ការ​បោះ​ផ្សាយ​មូលបត្រ​របស់​បុរីវិមាន សំណាង​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីវិមាន សំណាងបានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ “វេទិកាជួបជុំមហាគ្រួសារអ្នកវិនិយោគ ក្នុងវិស័យមូលបត្រកម្ពុជាប្រចាំឆ្នាំ២០២៦” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ជាមួយការគាំទ្រយ៉ាងច្រើនលើសលុបលើភាគហ៊ុន IPO របស់ បុរី វិមានសំណាង។

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ “វេទិកាជួបជុំមហាគ្រួសារអ្នកវិនិយោគ ក្នុងវិស័យមូលបត្រកម្ពុជាប្រចាំឆ្នាំ២០២៦” ដែលជាជំនួបកំពូលប្រចាំឆ្នាំដ៏ធំជាងគេ ក្នុងវិស័យមូលបត្រនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការចូលរួមយ៉ាងកុះករពីសំណាក់អ្នកវិនិយោគ ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុ និងអ្នកជំនាញជាន់ខ្ពស់ជាច្រើនរូប។

លោកជំទាវគង់ សំណាង អគ្គនាយិកាបុរីវិមានសំណាងមានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ត្រូវបានប្រពឹត្តទៅក្រោមអធិបតីភាព និងការចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញក្នុងឧស្សាហកម្មរួមមាន៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង : ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ លោកជំទាវឧកញ៉ា គង់ សំណាង : អគ្គនាយិកា នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ កញ្ញា គីម សំណាងជូលី : អភិបាលមិនប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។

លោកបណ្ឌិត ព្រំ វិសុទ្ធ : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា លោក ថៃ ញ៉ា : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា លោកស្រី មាស ដាវី : ប្រធានភ្នាក់ងារជួញដូរមូលបត្រ នៃក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក។

លោកជំទាវបន្តថា ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពេញដោយផ្លែផ្កានេះ អ្នកចូលរួមជាង២,០០០ នាក់ទទួលបានឱកាសមួយចំនួនដូចជា ទី១ វិភាគ និងស្វែងយល់ស៊ីជម្រៅ៖ បង្កើនសមត្ថភាពវិភាគទីផ្សារ និងចាប់យកឱកាសវិនិយោគលើភាគហ៊ុន ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។

ទី២ ពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញ៖ ផ្លាស់ប្តូរទស្សនទាន និងយុទ្ធសាស្ត្រវិនិយោគ ជាមួយថ្នាក់ដឹកនាំស្ថាប័នមូលបត្រ និងពាណិជ្ជករឈានមុខ។

បង្កើតបណ្តាញទំនាក់ទំនង (Networking) ភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគជាមួយមហាគ្រួសារអ្នកវិនិយោគទូទាំងប្រទេស។

ថ្លែងនៅក្នុងពិធីនេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនវិនិយោគិនទាំងអស់ ដែលបានផ្តល់ទំនុកចិត្តយ៉ាងរឹងមាំ ដោយបានចូលរួមគាំទ្រ និងទិញភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក យ៉ាងច្រើនលើសលុប រហូតទទួលបានជោគជ័យហួសពីការរំពឹងទុក។

ជាមួយគ្នានេះដែរ លោក ថៃ ញ៉ា នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយលោកបានគូសបញ្ជាក់ថា៖  “ខ្ញុំពិតជាកោតសរសើរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង យ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង និងយុទ្ធសាស្ត្រផ្សព្វផ្សាយយ៉ាងសកម្ម ដែ​លបានជំរុញឲ្យផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងធ្វើឲ្យសាធារណជនទូទៅ កាន់តែយល់ដឹងច្បាស់លាស់ពីវិស័យនេះ ចាប់តាំងពីក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំខ្លួនឡើងផ្សារមូលបត្រមក”៕

គោលដៅ​ទេសចរណ៍​កម្ពុជា​ ផ្សារ​ភ្ជាប់​ជាមួយ​ម្ហូប​អាហារ “ភូមិខ្ញុំ ​ម្ហូបខ្ញុំ” ផ្តោត​លើ​ខេត្តចំនួន​៧

ដោយៈ និស្ស័យ

   ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន METFONE សហការបើកយុទ្ធនាការ ផ្សាព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ផ្សារភ្ជាប់ជាមួយម្ហូបអាហារ  “ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food”។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone ដើម្បីបើកយុទ្ធនាការ “ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food” ដែលធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ផ្សារភ្ជាប់ម្ហូបអាហារជាលក្ខណៈពិសេស តាមតំបន់នីមួយៗ នៅជុំវិញប្រទេសកម្ពុជា ដោយមានការចូលរូមពីលោក Cao Manh Duc នាយកប្រតិបត្តិ (CEO) និងសហការី មន្រ្តីរាជការគ្រប់នាយកដ្ឋាន និងមន្ទីរទេសចរណ៍ តំណាងសកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត អ្នកបង្កើតមាតិកា សរុបជាង២០០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងពិធីប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Cao Manh Duc និងក្រុមហ៊ុន METFONE ចំពោះការចូលរួមគាំទ្រ យុទ្ធនាការរបស់ក្រសួងទេសចរណ៍ ស្របតាមការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យយុវជនប្រើប្រាស់នូវបណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ភូមិស្រុករបស់ខ្លួន ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត និងផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន METFO​NE ក្នុងការចូលរួមផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារខ្មែរ និងសក្តានុពលទេសចរណ៍កម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone ក្នុងការផ្សព្វផ្សាយកម្មវិធី “ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food” ដែលបានផលិតជាវីដេអូខ្លីៗ ចំនួន៧ភាគ បង្ហាញពីម្ហូបប្រចាំខេត្តកំពត កែប ព្រះសីហនុ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងតាកែវ ដែលនឹងផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ក្រុមហ៊ុន METFONE និងអ្នកបង្កើតមាតិកា (Influencers) រហូតដល់ខែតុលាឆ្នាំ២០២៦។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រុមហ៊ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតឱ្យ កាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាទៅកាន់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិ៕

រយៈ​ពេល​ជាង​២ឆ្នាំ​ខេត្តព្រះសីហនុ​ទាក់​ទាញ​ទុនវិនិយោគ​ជាង​៨០០០​លាន​ដុល្លារ​អាមេរិក​

ដោយៈ ចំណាន

   ព្រះសីហនុៈ ទិន្នន័យបានបង្ហាញថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប៥០០គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន៨,៤៧ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង៦ម៉ឺនកន្លែង ។

គម្រោងទាំង៥០០នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន២១៧ គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន ២៤៣ គម្រោងពង្រីកចំនួន២៥ និងគម្រោងមានស្រាប់ចំនួន១៥។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជម្រុញការវិនិយោគខេត្តព្រះសីហនុ បានថង្លែងក្នុងកិច្ចប្រជុំមួយនៅដើមសប្តាហ៍នេះ។

ក្នុងឱកាសនោះ លោកបានគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលក្រុមការងារសម្រេចបានក្នុងត្រីមាសទី៣ រួមមានជាអាទិ៍ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធCamDX ដើម្បីអាចចេញលិខិតបញ្ជាក់អត្ថប្រយោជន៍ពន្ធដារដោយស្វ័យប្រវត្តិ, ការរៀបចំនីតិវិធីនៃការផ្តល់ការលើកទឹកចិត្តផ្នែកគយ ការសិក្សាពីការសម្រួលនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណហាងលក់ទំនិញរួចពន្ធ (Duty Free) នៅតំបន់កោះរ៉ុង ការសម្របសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលមានទំនាស់ព្រំដី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង) ជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ព្រមទាំងការគាំទ្រដល់គម្រោងវិថីថ្មើរជើងតេជោ ដោយមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពេញទំហឹង ពីក្រុមការងារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ៕