ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ចចំនួន១០ ក្រោមទុនវិនិយោគជាង៤២ លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ១ ៣៦១កន្លែង។
ជាក់ស្តែងនៅដើមសប្តាហ៍នេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៧ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងទាំងនេះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងរោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និង ក្តារប៉ាកេ, គម្រោងរោងចក្រផលិត និង ដំឡើងឧបករណ៍ប្រើប្រាស់ ដោយអគ្គិសនី គ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី គម្រោងអភិវឌ្ឍអចលនទ្រព្យ គម្រោងសណ្ឋាគារ និងរីសត និងគម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង៤២លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ១៣៦១កន្លែង។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការទាក់ទាញ និង ការថែរក្សាទំនុកចិត្តវិនិយោគិន និងធុរជន គឺជាកិច្ចការដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលតាមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និងធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ហើយត្រូវលុបបំបាត់ ឬកាត់បន្ថយជាអតិបរមា នូវរបាំងរដ្ឋបាលស្មុគស្មាញ, ចូលរួមដោះស្រាយបញ្ហាប្រឈម របស់វិនិយោគិនរួមគ្នាដោយផ្ទាល់ និងត្រូវដាក់ចេញនូវយន្តការសម្របសម្រួល/ដោះស្រាយបញ្ហា ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព ។
បន្ថែមពីនេះ រាល់ការសម្របសម្រួលនីតិវិធី និងការផ្តល់ការលើកទឹកចិត្ត ត្រូវតែអនុវត្ត ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និងការសម្រួលនីតិវិធី៕








