ក្រសួងបរិស្ថាន​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់​អូរ​ឈូង ខេត្តមណ្ឌលគិរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងបរិស្ថាន​បានប្រកាស​គាំទ្រ គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ នៅ​តំបន់​អូរ​ឈូង លើ​ផ្ទៃដី​ទំហំ១៨២គីឡូម៉ែត្រ​ក្រឡា ឬ​ស្នើ​នឹង១៨,២០០ហិកតា ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។

តំបន់​នេះ​មួយផ្នែក​ស្ថិតនៅ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ របស់ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជា​ម្ចាស់​គម្រោង​ក្រោយពី​បាន​សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយ​ក្រុម ហ៊ុន ទីប្រឹក្សា E & A Consultant Co., Ltd.។

លោក​សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA)កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​គាំទ្រ​គម្រោង សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​លោហៈ​នេះ ដើម្បី​ទទួលបាន​ទិន្នន័យ​នៃ​សក្តានុពល​ធនធាន​រ៉ែ​លោហៈ។ លោក​ក៏​ជំរុញ​ខាង​ក្រុមហ៊ុន ត្រូវ​ប្រើប្រាស់​ទិន្នន័យ​របស់​ជាតិ​ជា​គោល ត្រូវ​ស្វែងរក​បន្ថែម​នូវ​ទិន្នន័យ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ២០០៦-២០១៦ ត្រូវ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សំណល់​រឹង-រាវ​ចេញពី​ការ​ខួង និង​ជំរុំ កម្មករ ដើម្បី​កាត់បន្ថយ​ការបំពុល​គុណភាព​ទឹក​លើដី-ក្រោម​ដី។

លោក​រដ្ឋលេខាធិការ ក៏​ជម្រុញ​បន្ថែម​ឪ្យ​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ លើ​សុខុមាលភាព និង​សុវត្ថិភាព​កម្មករ ពិសេស​ការបង្ការ ជម្ងឺគ្រុនចាញ់ និង​ជម្ងឺផ្សេងៗ ត្រូវ​រៀបចំ​ផែនការ​គ្រប់គ្រង​បរិស្ថាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​អាច​នឹង​បង្កឡើង ដោយ​គម្រោង ក្រុមហ៊ុន​ផ្តល់​ថវិកា​មូលនិធិ​បរិស្ថាន និង​សង្គម​ចំនួន១៥.០០០ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង១ឆ្នាំ សម្រាប់​រយៈពេល​សិក្សា​ស្រាវជ្រាវ​ចំនួន៣ឆ្នាំ។

ជាមួយនេះ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស ធម្មជាតិ មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី និង​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុងការ​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ នៅក្នុង​តំបន់​សិក្សា​ស្រាវជ្រាវ និង​ត្រូវ​កែសម្រួល​ទៅតាម​មតិយោបល់​របស់​មតិ​អង្គប្រជុំ​ដែល​បានលើកឡើង៕

CBC នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​រាយការណ៍​ព័ត៌មាន​ឥណទានជា​លក្ខណៈ​ក្រុមហ៊ុន

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ការិយាល័យ​ឥណទាន​កម្ពុជា​ហៅ​កាត់ CBC នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​ឥណទាន​របាយការណ៍​ព៌​ត​មាន​ឥណទាន ជា​លក្ខណៈ​និតិ​បុគ្គល​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។  

ប្រធាន​នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​លោក អឿ សុធា​រ័ត្ន​បាន​មានប្រសាសន៍ ក្នុងជំនួប​ជាមួយ​ក្រុម​អ្នក​សារ​ព៌​ត​មាន​នា​ព្រឹក​ថ្ងៃទី២៧ ធ្នូ​កន្លងមក​ថា​អស់​រយៈពេល​ជាង៦ឆ្នាំ​ហើយ ដែល​ស៊ី​ប៊ី​ស៊ី​បាន​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​ទាំង១៥៨ស្ថាប័ន អាច​ឆែក​របាយការណ៍​ឥណទាន​លក្ខណៈ​បុគ្គល (Credit Report) តាមរយៈ​ប្រព័ន្ធ​របស់​ស៊ី​ប៊ី​ស៊ី។ តាមរយៈ​ប្រព័ន្ធ​នេះ វា​បាន​ជួយ​រួមចំណែក ដល់​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​សម្រេចចិត្ត ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​ឥណទាន និង ជួយ​ដល់​សេ្ថ​រ​ភាព​វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ទាំងមូល។

លោក​បន្តថា ដោយ​មើលឃើញ​អត្ថប្រយោជន៍ និង​ភាពចាំបាច់​នៃ​ប្រព័ន្ធ ទើប​នៅ​ឆ្នាំ២០១៨នេះ ការិយាល័យ​ឥណទាន​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​ជា​សមាជិក​និង​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ​នានា ក្នុងការ​បង្កើត​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន(និ​តី​បុគ្គល)។ លោក​បាន​បន្តថា ជា​លទ្ធផល យើង​មាន​មោទនភាព​ក្នុងការ​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន (និ​តី​បុគ្គល) ចាប់ពី​ខែមករា ឆ្នាំ២០១៩តទៅ ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ឥណទាន​បាន»។

ជាមួយគ្នានេះ​លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកា​អភិវឌ្ឍ​អាជីវកម្ម បានបង្ហាញ​ពី​សេវា​ដំណោះស្រាយ​អាជីវកម្ម​នៃ​CBC ដែល​ជួយ​ដល់​ស្ថាប័ន​ជា​សមាជិក ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន។ ជាពិសេស​ចាប់ពី​ឆ្នាំ២០១៩តទៅ ការិយាល័យ​ឥណទាន​កម្ពុជា នឹង​ដាក់អោយ​ដំណើរការ​នូវ​ប្រព័ន្ធ​របាយការណ៍​ឥណទាន ក្រុមហ៊ុន​ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន ដែល​ស្នើសុំ​ឥណទាន​អាជីវកម្ម។

ការិយាល័យ​ឥណទាន​កម្ពុជា គ្រោង​នឹងដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ «សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ (Financial Health Check) តាមរយៈ​ការសហការ​ដៃគូរ​ជាមួយ ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​អឹម​ខេ ដែល​អនុញ្ញាតអោយ​អតិ​ថ​ជន អាច​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​បាន ចាប់ពី​ខែមករា​ឆ្នាំ២០១៩តទៅ នៅតាម​សាខា​មួយចំនួន​របស់​ស្ថាប័ន​ទាំងពីរ។ សេវា​កម្មនេះ នឹង​ពង្រីក​បន្ថែម​ជាមួយ​ស្ថាប័ន​ដៃគូរ​ក្នុង​គោលដៅ​គ្របដណ្តប់ គ្រប់​សាខា​ទូទាំងប្រទេស​ក្នុង​ឆ្នាំ២០១៩ ផងដែរ៕

សម្តេច​តេ​ជោ៖ វិមាន​ឈ្នះ ឈ្នះ តំណាង​ឲ្យ​ការ​រួច​ផុតពី​ភាពក្រីក្រ និង​រួច​ផុតពីការ​អុចអាល​ដោយ​បរទេស

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​អះអាងថា សំណង់​វិមាន ឈ្នះ​ឈ្នះ​គឺ​បាន​តំណាង​ឲ្យ​កម្ពុជា​រួចផុត​ពី​ភាពក្រីក្រ​និង​រួច ផុតពី​ការ​អុចអាល​ពី​បរទេស ដូច្នេះ​ក្នុង​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​ខាងមុខនេះ គប្បី​បងប្អូន​ជនរួមជាតិ​ទៅ​ចូលរួម​ឲ្យ​បាន​កុះករ។

ថ្លែង​តាមរយៈ​សង្គម​ហ្វេ​ប​សុក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​លើកឡើងថា កម្ពុជា​អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន​ឈ្នះ​ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ នៅលើ​ទឹកដី​សុវណ្ណ​ភូមិ។ វិមាន​ឈ្នះ​ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល។

សម្តេច​បាន​ថ្លែងថា “វិមាន​ឈ្នះ ឈ្នះ​គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុតពី​សង្គ្រាម ឈ្នះ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុតពី​ភាពក្រីក្រ និង​ឈ្នះ​រួច​ផុតពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេលនេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ។

យ៉ាងណាក៏ដោយ ខណៈ​វិមាន​ឈ្នះ​ឈ្នះ​នៅសល់តែ​មួយថ្ងៃ​ទៀត នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​ហើយ​នោះ សម្តេច​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវ​អន្តរជាតិ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ។ ដោយ​សម្តេច​បាន​ថ្លែងថា សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលរួម​សម្ពោធ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នៅ​តំបន់​អភិវឌ្ឍ​ន៌ លី​យ៉ុង​ផាត់។

វិមាន​ឈ្នះ ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ទំហំ​ដី៨ហិច​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ចំនួន​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២៩ដល់​ថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៨ខាងមុខនេះ និង​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រារ​ព្ឋ​ពិធី​ខួប២០ឆ្នាំ​នៃ​ន​យ​បាយ​ឈ្នះ ឈ្នះ​ផងដែរ។ដោយ​កម្មវិធី​នេះ ក៏មាន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ប្រទេស​ចំនួន​បួន ចូលរួម​អបអរ​សារ​ទ​ដែរ​ដោយ​ថ្នាក់ដឹកនាំ​ទាំងនោះ​មាន​ប្រទេស​ចិន ថៃ ឡាវ និង​វៀតណាម៕

ប្រទេស​ស្រីលង្កា​ចាប់ផ្តើម​បង្អួត​ពិភពលោក​ជាមួយ​វត្តមាន​អាគារ​កប់​ពពក

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​ស្រីលង្ការ ក្រោយពី​បញ្ចប់​ជាមួយ​ក្រុម​ឧទ្ទាម​ខ្លា​តា​ម៉ិ​ល បានចាប់ផ្តើម​បើកទ្វារ​ទៅកាន់​ពិភពលោក​កាន់តែ​ច្រើនជាង​មុន ពិសេស​បង្ហាញ​កិត្យានុភាព​របស់ខ្លួន​តា​មរយៈ​ការសាងសង់​អាគារ​កប់​ពពក​នៅ​ទីក្រុង​កូ​ឡំ​បូ រដ្ឋធានី​របស់​ប្រទេស​នេះ។

រដ្ឋាភិបាល​ប្រទេស​នេះ បាននិងកំពុង​បង្ហាញ​មហិច្ឆតា​និង​បង្ហាញ​កិត្យានុភាព​របស់ខ្លួន​ទៅកាន់​ពិភពលោក តាមរយៈ​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុនធំៗចំនួន​ពីរ សាងសង់​អាគារ​កប់​ព​ពក ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ជំរុញ​កំនើនសេដ្ឋកិច្ច​របស់ខ្លួន។

ក្រុមហ៊ុនយក្សៗចំនួន ២ គឺ​ក្រុមហ៊ុន One Transworks Square (Pvt) Ltd., និង​ក្រុមហ៊ុន Zhong Tian Ding Hui (ZTDH) Company បានប្រកាស​កាលពីពេល​ថ្មី​នេះ ថា នឹង​ផ្លាសប្តូរ​មុខមាត់​ទីក្រុង​Colombo ក្នុងប្រទេស​ស្រីលង្ការ ដោយ​សាងសង់​អគារ​ខ្ពស់​អគារ​ខ្ពស់កប់ពពក​ចំនួន៣ លើ​ផ្ទៃ​ទំហំ​ដី៤.៥លាន​ម៉ែត្រ​ហ្វី​ត ដែលជា​អគារ​ខ្ពស់បំផុត​ក្នុងប្រទេស​តំបន់​អាស៊ី​ខាងត្បូង។

អគារ​នេះ​គ្រោង​សាងសង់​កម្ពស់៣៧៦ម៉ែត្រ ស្មើនឹង៩២ជាន់ ដែល​គ្រោង​នឹង​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២។ អគារ​ទាំង៣នេះ ត្រូវបាន​គេ​ហៅថា THE ONE ស្ថិតនៅក្នុង​ទីក្រុង​កូឡុំបូ នឹង​ក្លាយជា​លំនៅដ្ឋាន​ខុន​ដូ អា​ផាត​ម៉ិ​ន និង​ភោ​ជនី​ដ្ឋា​ន Ritz- Carlton ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​មួយ​នេះ ក៏​រួមបញ្ចូល​ទាំង​ការិយាល័យ កន្លែង​ស្នាក់នៅ ផ្សារ​ទំនើប កន្លែង​ចតរ​យន្ត ភោ​ជយ​នី​ដ្ឋា​ន ស្កា​យ​បា ការិយាល័យ​ពាណិជ្ជកម្ម និង​អាចដាក់​យន្តហោះ​បាន​នៅលើ​កំពូល​អាគារ​ផងដែរ។

លោក Sam Hu អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ZTDH Investment Company បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា អគារ THE ONE កសាងឡើង​សម្រាប់​ជា​កេរ្តិ៍ដំណែល​របស់​ទីក្រុង​កូ​ឡាំ​បូ និង​ជា​គារ​ខ្ពស់កប់ពពក​ដែល​ខ្ពស់​ជាងគេ នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ ដែលមាន​ស្ថាបត្យកម្ម​ដ៏​ទើប​របស់​ប្រ​ទេ​ស្រីលង្កា។

អគារ​នេះ នឹង​ផ្លាស់ប្តូរ​ផ្ត​ត់​គំនិត និង​ការរស់នៅ​របស់​ប្រទេស​នេះ ប្រកបដោយ​ស៊ីវីល័យ ដោយមាន​ភោ​ជនី​ដ្ឋា​នល្បីៗ និង​កន្លែង​ស្នាក់នៅ​ដ៏​ទំនើប សម្រាប់​អ្នក​ដែលមាន​ទ្រព្យធន និង​អ្នក​កណ្តាល។ អគារ​នេះ សាងសង់ឡើង​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ មាន​ទាំង​ជណ្តើរយន្ត​មាន​ល្បឿន​លឿន សម្ភារៈ​ដ៏​ទំនើប​ជាច្រើន​ផ្សេងទៀត។

អគារ THE ONE នេះ​ត្រូវបាន​ផ្តល់ជូន​ក្រុមហ៊ុន Zhongtian Construction Group Company Limited ជា​អ្នកទទួលបន្ទុក​ក្នុងការ​សាងសង់។

អគារ​ដល់​អស្ចារ្យ​នេះ ត្រូវបាន​គេ​បោះទុន​វិនិយោគ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៥០០លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន៥ឆ្នាំ គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២១ខាងមុខ។

ប្រទេស​ស្រីលង្ការ​មាន​ប្រជាជន២១,៤៤លាន​នាក់ និង​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​ម្នាក់​មាន​ចំនួន៤,០៦៥ដុល្លារ​អាមេរិក ហើយ​មាន​ផ្ទៃដី​ទំហំ៦៥,៦១០គីឡូម៉ែត្រ​ការ៉េ(តួលេខ​ឆ្នាំ២០១៧)៕

ផ្លូវ​ថ្មើ​ជើង​ទំនើប​ទី១នៃ​ទីក្រុង​ភ្នំពេញ​នឹង​បើក​ដំណើរការ​នៅ​ខែមេសា​ខាងមុខ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ផ្លូវ​ថ្មើ​ជើង​ដ៏​ទំនើប ដែលមាន​បំពាក់​ជណ្តើរយន្ត​លើក​ទី១នៅ​ក្រុងភ្នំពេញ​នឹង​បើក​ដំណើរការ​នៅ​កំឡុង​ខែមេសា​ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

ប្រធាន​គ្រប់គ្រង​គំរោង Olympia City លោក ម៉េង ចំរើន បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៨ ធ្នូ​នេះ​ថា គំរោង​ផ្លូវ​ថ្មើ​ជើង​នេះ នឹង​សាង​ង​សង់​បញ្ចប់​នៅ​ដំណាច់​ខែមករា​ខាងមុខ តែ​ការបើក​ឲ្យ​ដំណើរការ​នឹងធ្វើ ឡើង​នៅ​កំឡុង​ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

លោក​បន្តថា គំរោង​ផ្លូវ​ថ្មើ​ជើង​នេះ ជា​ផ្លូវ​ទំនើប​ទី១នៅ​ក្រុងភ្នំពេញ និង​មាន​ប្រវែង​ប្រមាណ​ជាង២០០ម៉ែត្រ។

ផ្លូវ​ថ្មើ​ជើង​នេះ​សាងសង់​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ចំនួន៥ គឺ​ចំណុច​ផ្លូវបំបែក​ជា៥ ដែលជា​អតីត​រង្វង់​មូល​មាន​អ​ង្ហី​ង​ចាស់។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តាម​គំរោង​ស្ពាន​ថ្មើ​ជើង​នេះ នឹង​បើក​នៅ​កំឡុង​ខែមេសា​ខាងមុខ ដំណាលគ្នា​នឹង​ការបើក​ដំណើរការ​ផ្សារ​ទំនើប Olympia Mall ដែល​នឹង​បើក​ដំណើរការ​នៅក្នុង​គម្រោង​មណ្ឌល​ម​ជ្ឈ​ម​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន Olympia City ផងដែរ។

លោក​ទូច សំណាង​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គំរោង Olympia City ចំណាយ​ប្រាក់​ផ្នែក​សំណង់​តែមួយ​មុខ អស់​ទឹកប្រាក់​ចន្លោះ​ពី ៤០០ទៅ ៥០០លាន​ដុល្លារ​អាមេរិក ហើយ​ទំហំ​ទឹកប្រាក់​នេះ មិនទាន់​គិត​បញ្ចូល​ពី​តម្លៃ​ដី​នៅ​តំបន់​នេះ​នៅឡើយ​ទេ៕

ស្វែងយល់​ពី​អាស៊ាន! ការផ្គត់ផ្គង់​ខុន​ដូ​ក្នុងប្រទេស​ថៃ​នឹង​ថយចុះ​សម្រាប់​ឆ្នាំ​ក្រោយ

0

ដោយ វុត្ថា

ប្រទេស​ថៃ៖ ការផ្គត់ផ្គង់​ខុន​ដូរ​ថ្មី នៅក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំ២០១៨ នឹង​ធ្លាក់ចុះ ១៣ភាគរយ ស្មើរ​នឹង៥៣,០០០យូ​នី​ត ដែលមាន​សភាព​ដូច​ទៅនឹង​ទីផ្សារ​មធ្យម​កាលពី៥ឆ្នាំ​ដែរ។

លោកស្រី Nalinrat Chareonsuphong ប្រធាន​គ្រប់​គ្រង់ក​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលនទ្រព្យ Nexus Property Market Coបាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការផ្គត់ផ្គង់​ខុន​ដូ នឹង​ស្ថិតនៅ​ចន្លោះ​ពី ៥០,០០០ ទៅ៥៥,០០០យូ​នី​ត ពោលគឺ​ស្មើ​ជិត​ទៅនឹង​ចំនួន​ដែល​បាន​លក់​នៅក្នុង​ឆ្នាំ២០១៨ នេះ ដែល​ខុន​ដូ​ចំនួន៥២,០០០យូ​នី​ត​ត្រូវបាន​លក់​ចេញ ។ នេះ​រាប់បញ្ចូល​ខុន​ដូ​ចំនួន៣១,០០០យូ​នី​ត ដែល​ត្រូវ​សម្ពោធ​ដាក់​នៅក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ២០១៨ និង ចំនួន២០,៨០០ យូ​នី​ត​ត្រូវបាន​សម្ពោធ​ចូលទៅក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ២០១៧ កន្លងទៅនេះ។

លោកស្រី​បានផ្តល់​យោបល់​ដល់​អ្នក​អភិវឌ្ឍន៍​ទាំងអស់ គួរផ្តោត​ទៅលើ​ការសាងសង់​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ​នៅក្នុង​ទីក្រុង ព្រោះ​វា​ជា​តម្រូវការ​មូលដ្ឋានរ​បស់​អ្នកទិញ។ នេះ​វា​ជា​ផ្នែក​មួយ​ប្រកបដោយ​ស្ថេរភាព និង​និរន្ត​ភាព​សម្រាប់​អ្នកទិញ​បរទេស ឬ អ្នកទិញ​សម្រាប់ធ្វើ​ការវិនិយោគ​បន្ត។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន ពិគ្រោះ​យោបល់​អចលនទ្រព្យ Nexus Property Marketing Co បានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា តម្លៃ​ខុន​ដូរ​នៅក្នុង​ទីក្រុង​បាងកក​មានតម្លៃ៧៥,០០០បាត ក្នុង​មួយ​ម៉ែត្រការ៉េ ឬ ក្រោម២.៥លាន​បាត​ក្នុង​មួយ​យូ​នី​ត​ដែលជា​ខុន​ដូ​មាន​តម្រូវការ​ក្នុង​ទីផ្សារ​ពិត​ប្រក​ដ៕

ក្រុមហ៊ុន KW Cambodia និង​ដៃគូ​ប្រកាស​លក់​គម្រោង​តម្លៃ ១០០ពាន់​លាន​ដុល្លារនៅ​ម៉ាឡេស៊ី

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Keller Williams Cambodia បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Country Garden ដើម្បី​លក់​គម្រោង Forest City ដែលជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែលមាន​តម្លៃ​វិនិយោគ​រហូតដល់ ១០០ពាន់​លាន​ដុល្លារ​អាមេរិក។

គំរោង​ដ៏​ធំ​នេះ​ស្ថិតនៅ​ទីក្រុង Johor Bahru ប្រទេស​ម៉ាឡេស៊ី និង​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ប្រទេស​សឹង្ហ​បុរី។

លោក​បណ្ឌិត​គីម ហ៊ាង​អគ្គនាយក​ក្រុមហ៊ុន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ចុះកិច្ចសន្យា​លក់​អចលនទ្រព្យ ជាមួយ​លោក Fuzhi Geng ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​គម្រោង Forest City ក៏​ដូច​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ជាង១០០នាក់​កាលពី​ថ្ងៃទី២៦ ធ្នូ​កន្លងមក​ថា នេះ​គឺជា​ការបោះ​ជំ​ហ៊ាន​ដ៏​ធំ​លើកដំបូង សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន Keller Williams Cambodia ហើយក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សមាជិក​របស់ខ្លួន ក្នុងការ​ចាប់យក​ឱកាស​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព រៀនសូត្រ និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្ដរជាតិ ជាមួយនឹង​ការលក់​គម្រោង Forest City ។

គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ បាន​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ប្រមាណ៣,០០០ហិច​តា ក្បែរ​ព្រំដែន​ប្រទេស​សិង្ហ​បុរី។

បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នេះ អ្នកជំនាញ​ផ្នែក​លក់​របស់​គម្រោង Forest City ក៏បាន​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​នូវ​ចំណេះដឹង​ជាច្រើន ជុំវិញ​ទីផ្សារ​អចលនទ្រព្យ​លើ​ពិភពលោក ក៏ដូចជា​គម្រោង Forest City ដល់​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ដើម្បី​ទុកជា​មូលដ្ឋានគ្រឹះ​សម្រាប់​ណែនាំ​ដល់​អតិថិជន​របស់ខ្លួន​ទៀតផង៕

រដ្ឋមន្ត្រីក្រសួង​រ៉ែ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាន​ចំនួន ៥៧គំរោង

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ មាន​ចំនួន៥៧គំរោង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍​ក្នុងជំនួប ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល និង​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ​ថា គោលដៅ​ការអភិវឌ្ឍន៍​រ៉ែ​នេះ អ្នកធ្វើអាជីវកម្ម​ស្វែង​រុករក ឬ​ដំណាក់កាល​សិក្សា​រ៉ែ បាន​ចូលក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍។ ជាក់ស្តែង​ចាប់ពី​ឆ្នាំ២០១៤ ដល់២០១៨នេះ អាជ្ញាប័ណ្ណ​រ៉ែ​មាន​កំណើន​ចាប់ពី១៤ដល់២៧អាជ្ញាប័ណ្ណ ក្នុងនោះ​ក្រសួង​បាន​ផ្អាក ឬ​ចប់​គម្រោង​សម​ប្ប​ទាន​ស្វែង​រុករក​រ៉ែ​ពី​ចំនួន១៣១ មក​នៅ៥៧គម្រោង កំពុង​បន្ត​ប្រតិបត្តិការ។

លោក​បន្តថា “ការផ្តល់​ធ្វើ​អាជីវកម្ម​រ៉ែ កន្លែង​ដែល​ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម មូលដ្ឋាន​នោះ​នឹងមាន​ការអភិវឌ្ឍន៍​រីកចម្រើន​ផងដែរ ក្រោម​គម្រោង​មូលនិធិ​រ៉ែ ទ្រទ្រង់​កិច្ចអភិវឌ្ឍន៍​សហគម​ន៍​មូលដ្ឋាន។លោក​បន្តថា “អាជ្ញាធរ​មូលដ្ឋាន​ជ្រើស​រើសយក​គោលដៅ​តំបន់​អភិវឌ្ឍន៍ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​មូលនិធិ​នេះ បាន​ចូលរួម​អភិវឌ្ឍន៍​ចំនួន៧ខេត្ត​រួចមកហើយ។

ជាមួយគ្នានេះ លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ក្រសួង​ទាំងអស់ ក្នុងការ​ជម្រុញ​កែទម្រង់​លើ​វិស័យ​របស់​ក្រសួង និង​បាន​លុបបំបាត់​ការធ្វើ​អាជីវកម្ម រ៉ែ​អាណាធិបតេយ្យ​បានជា​អតិបរិមា ជាពិសេស​វិស័យ​អគ្គិសនី ដែល​បាន​កំពុង​ចូលរួមចំណែក​យ៉ាង​ធំ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ។

លោកជំទាវ​បន្តថា “សូម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ទាំងអស់ បន្ត​ការអភិវឌ្ឍន៍​វិស័យ​ទាំងនេះ​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធ​ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រិ​ក​ចម្រើន”៕

ក្រុមហ៊ុនចិនពីរបោះទុន១០០លានដុល្លារអភិវឌ្ឍគំរោងអចលនទ្រព្យប្រណីត នៅក្រុងភ្នំពេញ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ ក្រុមហ៊ុនចិនធំៗចំនួនពីរ បានសហការគ្នាវិនិយោគក្នុងទំហំទឹកប្រាក់សរុបប្រមាណ១០០លានដុល្លារអាមេរិក ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពហុមុខងារ និងការរៀបចំសួនអេកូ រចនាបទអាស៊ីអាគ្នេយ៍។

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទីក្រុងរំដួល និងសម្ពោធការិយាល័យលក់ សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ធ្នូកន្លងមកនេះ លោកLIU FENG អគ្គនាយកក្រុមហ៊ុSRE Groupបានមានប្រសាសន៍ឲ្យដឹងថា ដោយមើលឃើញកម្ពុជា ជាប្រទេសដ៏សំខាន់មួយនៅក្នុងគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយទើបសម្រេចដាក់ទុនវិនិយោគនេះ ឡើងលើផ្ទៃដីសរុបទំហំជាង១៦ពាន់ម៉ែត្រក្រឡា​។

លោកបន្តថា “គម្រោងទីក្រុងរំដួលនេះ នឹងបង្កប់នូវទ្រឹស្តីសហគមន៍រស់នៅបែបសួនឧទ្យានបៃតងដ៏ធំ និងកម្រមួយនៅក្នុងទីក្រុងភ្នំពេញ ដោយត្រូវបានរចនាឲ្យមានសួនអេកូឡូស៊ី បែបអាស៊ីបូព៌ា និងការច្របាច់បញ្ចូលគ្នាយ៉ាងល្អនូវទេសភាពដើមត្នោត និងទឹកថ្លាឆ្វេង”។ លោកបន្តថា “គំរោងនេះក៏នឹងបង្កើតបានជាសួនឧទ្យានអេកូឡូស៊ី ដ៏ស្រស់សោភាសម្រាប់ជាមោទនភាពនៃទីក្រុងភ្នំពេញ”។

គំរោងនេះវិនិយោគដោយក្រុមហ៊ុនរំដួល អូវើស៊ី និងក្រុមហ៊ុនSRE Group។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញ នូវការចូលរួមអបអរសាទរ និងគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសការខិតខំបង្កើនទំនុកចិត្ត និងជំនឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យអច​លនទ្រព្យ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿន។

លោកបន្តថា “ការវិនិយោគគំរោងនេះ ធ្វើឡើងសមស្របទៅនឹងការកើនឡើងនូវចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋខ្មែរ និងជាការចូលរួមចំណែកឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែស៊ីវីល័យថែមទៀត”៕

អ្នកវិនិយោគក្នុងស្រុកបោះទុន៣០លានដុល្លារសង់បុរីនិងដីសម្រាប់សាងសង់អាគារពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត

0

​ដោយគង់ សូរិយា
​ក្រុងប៉ោយប៉ែត:​ អ្នកវិនិយោគក្នុងស្រុកនៃក្រុមហ៊ុនFours Star Plus Four បានសម្រេចចិត្តវិនិយោគទឹកប្រាក់៣០លានដុល្លារ លើគំរោងលំនៅដ្ឋាន និងដីសម្រាប់សាងសង់អាគារពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត ដែលជាទីក្រុងកំពុងរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។


ស្ថាបនិកក្រុមហ៊ុនFours Star Plus Fourលោកសួង សុខហ៊ាងបានមានប្រសា សន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៧ ធ្នូនេះថា ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគគំរោងមួយ ឈ្មោះStar Gold លើផ្ទៃដីជាង៧ហិកតា ដោយបែងចែកជាពីរផ្នែក ដូចជា ទី១ ដី៤ហិកតាជាប្រភេទដីឡូត៍ សម្រាប់​សាងសង់អាគារពាណិជ្ជកម្ម និងមានទំហំ២០គុណនឹង៣០ម៉ែត្រ និងទំហំ២០គុណនឹង៦០ម៉ែត្រ ដែលដាក់លក់ក្នុងតម្លៃ៦៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទី២ ចំនែក​ដី៣,៥ហិកតាទៀត នឹងសាងសង់ជាលំនៅដ្ឋានប្រភេទLink House និងShop Houseដែលលក់ក្នុងតម្លៃចាប់ពី១៨ដល់២៤ម៉ឺនដុល្លារអាមេរិក។

លោកបន្តថា “រហូតមកទល់ពេលនេះ លំនៅដ្ឋានប្រមាណ៥០ភាគរយត្រូវបានលក់អស់ហើយ ខណៈគំរោងនេះនឹងសាងសង់បញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ”។លោកបន្តថា “ជាមួយនឹងការគិតគូពីសុខមាលភាពប្រជាពលរដ្ឋ ក្រុមហ៊ុនបានគិតគូរលើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយគុណភាព និងផ្លូវមានទំហំចន្លោះពី១០ទៅ១៨ម៉ែត្រ”។


គំរោងនេះស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាតំបន់ស ដែលជនបរទេសអាចចូលមកស្នាក់នៅរយៈពេល២សប្តាហ៍ ដោយមិនចាំបាច់បោះត្រាលើប៉ាស្ព័រ។ វិនិយោគនៅក្នុងតំបន់ពិសេសនេះ ធ្វើឲ្យអ្នកវិនិយោគអាចទទួលបានផលចំណេ​ញ​ច្រើន ដោយសារបន្ទប់ជួលនៅក្នុងតំបន់នេះ អាចជួលបានជាង៣០០ដុល្លារ ខណៈបន្ទប់ជួលខាងក្រៅមានតម្លៃជាង១០០ដុល្លារប៉ុណ្ណោះ។នេះបើតាមការឲ្យដឹងពីលោកសួង សុខហ៊ាង។


លោកបន្តថា “ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារក្រុងប៉ោយប៉ែតមាន​ការរីកចម្រើនលឿន និងចំនួនអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឲ្យខ្វះកន្លែងស្នាក់នៅ និងការិយាល័យធ្វើការ”។

អ្នកចាប់អារម្មណ៍ទិញដី និងលំនៅដ្ឋានក្នុងគំរោងនេះអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៨៦ ២១៥ ៧៧៧ .០៩៩ ២១៥ ៧៧៧.០៦២ ២៨០ ៩៧៥០​។


យោងតាមរបាយការណ៍របស់សាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា ទីក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ក្នុងនោះជនបរទេសមានប្រ​មាណ៥ម៉ឺននាក់ និងមានអាគារកំពស់ចាប់ពី៤ដល់ជាង៣០ជាន់ចំនួន៦០អាគារ។ ក្រុង​ប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងកំពុងទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើន ពិសេសអ្នកវិនិយោគចិន និងជប៉ុន។


ក្រុងប៉ោយប៉ែត ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ឧស្សាហកម្ម ក្នុងគោល​នយោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ​បានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥៕