សម្តេចតេជោ៖ ទំហំពាណិជ្ជកម្មកម្ពុជាកើនឡើងដល់ជាង ២៥ពាន់លានដុល្លារអាមេរិក

0

ដោយគង់ សូរិយា

ភ្នំពេញសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ទំហំពាណិជ្ជកម្ម​កម្ពុជានៅឆ្នាំ២០១៨ បាន​កើន​ឡើង ដល់ទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីសម្ភោធវិមានឈ្នះ ឈ្នះនិងអបអរសាទរខួបលើកទី២០នៃការបញ្ចប់​សង្រ្គាមនៅកម្ពុជាកាលពីថ្ងៃទទី២៩ ធ្នូកន្លងមក សម្តេចតេជោបានថ្លែងថា ទំហំពាណិជ្ជ​កម្មកម្ពុជាបានកើនឡើងដល់២៥ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញ​ប្រមា​ណ១២ពាន់លានដុល្លារ និងនាំចូលប្រមាណ១៣ពាន់លានដុល្លារអាមេរិក។សម្តេច​តេជផោ​បានបន្តដោយរំលឹកថា កាលពីឆ្នាំ១៩៩៨ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រាក់​ប្រ​មាណ២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នការនាំចេញរបស់យើងបានកើន​ដល់កម្រិតមួយគួរឲ្យមោទនភាព។

សម្តេចបន្តថា ជាមួយនេះប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗបានកើនដល់​ជាង១៦០០ដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ និងរំពឹងកើនឡើងដល់ជាង២០០០ដុល្លារនៅដំណាច់ឆ្នាំ២០២០ខាងមុខ។សម្តេចបានបន្តទៀតថា កម្ពុជាកំពុងធ្វើដំណើរទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានមហិ​ច្ឆតាឈានទៅកាន់ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោហ៊ុន សែនបានបន្តថា “ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាត្រូវតែរក្សា​សុខសន្តិភាពឲ្យបាន”។

កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជានិងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើន ៧,៣ភាគរយ ខណៈប្រធានធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជាបានថ្លែងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនក្នុងរង្វង់ ៧ភាគរយរយៈពេលវែងបន្ថែមទៀត៕

វិភាគ៖ តម្លៃនៃសន្តិភាព​ក្រោយបញ្ចប់ស្នូរគ្រាប់កាំភ្លើងពីរទសវត្សរ៍

0

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

ភ្នំពេញរយៈពេល ២០ឆ្នាំបានមកដល់ វិមានឈ្នះ ឈ្នះបានដាក់សម្ភោធជាផ្លូវការហើយ ក្រោមវត្ដមាននៃបុរសសន្តិភាពនិយម សម្តេចតេជោហ៊ុន សែនដែលបានធ្វើឲ្យកម្ពុជាទទួ​លបានការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំ ពោរពេញដោយការ​បែកបាក់ជាតិ និងការសម្លាប់ខ្មែរ និងខ្មែរ និងបរទេសសម្លាប់ខ្មែរ។

ស្នូរគ្រាប់កាំភ្លើងប្រយុទ្ឋគ្នារវាងខ្មែរពីដើមទសវត្សរ៍ទី៧០ និងអូសបន្លាយរហូត​មកដល់ឆ្នាំ១៩៩៨ បានបញ្ច​ប់នៅលើទឹកដីកម្ពុជា ហើយប្រទេសនេះត្រូវការសរសរប្រវត្តិ​សាស្រ្តជាថ្មី និងចាប់ផ្តើមជាថ្មីជាមួយសន្តិភាពថ្មីលើទឹកដីចាស់ ជាមួយសន្តិភាពថ្មីនៃការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមួយសន្តិភាពថ្មីដើម្បីលុបលើប្រវត្តិសាស្រ្តដ៏ឈឺចាប់ និងទឹកភ្នែក ហើ​យក្រាលនូវក្រាំងមាសថ្មី លើទឹកដីដែលកំសត់ជាងគេលើដែនដីសុវណ្ណភូមិនេះ។

ក្រាលដោយទឹកភ្នែក គំនរឆ្អឹងរាយប៉ាយស្ទើរគ្រប់ទីនកន្លែងទីទាំងប្រទេស។ រាជា​ណាចក្រនេះនេះ “ពិតជាកំសត់ពេកហើយ”កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបាន​ចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចបុស្បាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាននិងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជា​ជាតិរបស់ខ្លួន។

ស្ថាបនិកសន្តិភាព

កូនប្រុសកើតក្រោមពន្លឺព្រះច័ន្ទពេញបូរមី បានបង្ហាញខ្លួនលើទឹកដីសុវណ្ណភូមិ និង​​បាន​ចាកចេញពីស្រុកកំណើត មកស្នាក់នៅវត្តសារាវ័ន្ត ក្រុងភ្នំពេញ។ បន្ទាប់មកយុវជនដ៏អង់អាចនេះ បានរត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះនរោ ​ត្តមសីហនុ ដើម្បីនាំសន្តិភាពសម្រាប់ប្រទេស។

បុរសម្នាក់នេះបានតស៊ូប្រយុទ្ឋក្នុងសមរភូមិ១០៥លើក និងរងរបួសចំនួនត្រឹមពីរលើក ​និងលើកចុងក្រោមរបួសធ្ងន់ធ្ងររហូតដល់ពិការភ្នែក ជាអ្នកនាំសន្តិភាពពិតប្រាកដមកឲ្យ​ប្រទេសដ៏សម្បូរធនធាន ដែលមិនទាន់ទាញយកអស់សក្តានុពលមកប្រើប្រាស់នេះ។

ស្ថាបនិកសន្តិភាពដ៏ជាញជ័យរូបនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយ​ក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអច្ឆរិយៈសព្វថ្ងៃនេះ។

រំលឹកដល់អតីតកាល គឺក្នុងកំឡុងទសវត្សរ៍ទី៩០ ពេលកំពុងចចាសន្តិភាពទីក្រុងប៉ារីសរវាងអតីតសម្តេចព្រះបរមរតនកោដិនរោត្តម សីហនុ និងសមមិត្តហ៊ុន សែន ដើម្បីនាំសន្តិភាពមកកាន់មាតុប្រទេស នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ សម្តេចព្រះបរមរតនកោដិនរោត្តមសីហនុបានថ្លែងថា “អ្នកកាទូតឆ្នើមម្នាក់ដែលអាចប្រកួតប្រជែងជាមួយព្រះអង្គបាន មិនទាន់កើតនៅឡើយទេ” ប៉ុន្តែការពិតសមមិត្តហ៊ុន សែន ដែលអង្គុយទល់មុខសម្តេចសីហនុនាពេលនោះហើយ ជាអ្នកកាទូតដ៏ជាញជ័យ និងអាចតស៊ូលើសមរភូមិកាទូតជាមួយសម្តេចបាន។

សម្តេចតេជោតែងតែទទូចឲ្យប្រជាជនរួមគ្នាថែររក្សាសន្តិភាព និងបានរំលឹកថា “សម្តេចសីហនុបាននាំ​និងរក្សាសន្តិភាព សម្រាប់កម្ពុជាត្រឹមរយៈពេល១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​សម្តេចបានរក្សាបាន​នូវសុខសន្តិភាព ស្ថិរភាពនយោបាយបានរយៈពេល២០ឆ្នាំហើយ”។

ការថ្លែងរបស់សម្តេចតេជោ គឺចំពេលដែលគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតបានចាប់ឆ្នោតជ្រើសរើសលេខរៀង សម្រាប់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦នាខែកក្កដាខាងមុខនេះ ហើយគណបក្ស​ប្រជាជនកម្ពុជាត្រូវបានចាប់ឆ្នោតចំលេខរៀងទី២០ គាប់ជួននឹងកម្ពុជាប្រារពខួបលើកទី២០ឆ្នាំ ជាពេលវេលាមាសមួយ ដែលសម្តេចតេជោបាននាំសុខសន្តិភាពពេញផ្ទៃប្រទេស ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហមបានយ៉ាងជោគជ័យ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះរបស់សម្តេច ដែលទីបំផុតអង្គការចាត់តាំងខ្មែរក្រហម ត្រូវបានរំលា​យទាំងស្រុងនៅឆ្នាំ១៩៩៨។

គោលនយោបាយឈ្នះៗនេះ ផ្តើមចេញពីមូលដ្ឋាននៃការដាក់ចេញយុទ្ឋសាស្រ្តផ្នែកកងទ័ព ផ្នែកចិត្តសាស្រ្ត និងការលើកទឹកចិត្តរបស់សម្តេចប្រកបដោយភាពម៉ត់ចត់ ម៉ឺងម៉ាត់របស់សម្តេច តាមរយៈមូលដ្ឋានបីសំខាន់ៗ រួមមានទី១ ប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងអភិវឌ្ឍន៍ ទី២ ប្រែក្លាយតំបន់ជាមួយប្រទេ​សជិតខាងទាំងអស់ ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទី៣ រក្សាទុនទ្រព្យសម្បត្តិ កម្មសិទ្ឋដីធ្លី និងអចលនទ្រព្យដទៃទៀត ដល់ម្ចាស់ដើមដោយគ្មានការរឹបអូស និងកែប្រែ។

សន្តិភាពនិងការអភិវឌ្ឍ

នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព ដើម្បីនាំមកនូវស្ថិរភា​ពនយោបាយ និងជាពេលដែលមេដឹកនាំប្រទេសនិមួយៗអាចរៀបចំច្បាប់ និងគោលនយោបាយនានា ដើម្បីទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិ មកវិនិយោគនៅប្រទេសរបស់ខ្លួន។ បើប្រទេសមួយគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។ នេះជាកត្តាសត្យានុម័ត។

ហេតុនេះទើបសន្តិភាពជាមូលដ្ឋាននៃអ្វីៗទាំងអស់ ហើយសម្តេចតេជោបានថ្លែង ម្តងហើយម្តងទៀតនិងទទូចថា “ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ក៏សម្តេចត្រូវរក្សាសន្តិភាពឲ្យ​បាន”។

ក្នុងសៀវភៅហ៊ុន សែនបុរសខ្លាំង ដែលនិពន្ឋដោយហារីស មេត្តា និងជូលី មេត្តាបានដកស្រង់នូវប្រសាសន៍ និងក្តីសុបិនផ្ទាល់របស់សម្តេចដែលថ្លែងថា លោកចង់ប្រែក្លាយកម្ពុជា ជាខ្លាសេដ្ឋកិច្ចនៅអាស៊ី”។

សុបិនរបស់សម្តេចបានក្លាយជាការពិត ដោយកាលពីឆ្នាំ២០១៥កន្លងមកនេះធនា​គា​រអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋិនាមកម្ពុជា “ជាខ្លាសេដ្ឋកិច្ចថ្មីក្នុងតំបន់អាស៊ី” ដោយសារតែសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍។

ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាព ស្ថិរភាពនយោបាយ មូលដ្ឋានច្បាប់ដ៏ល្អប្រសើរ និងបរិយាកាសវិនិយោគល្អប្រសើរនេះហើយ ទើបវិនិយោគិនបរទេសបានបោះទុនវិនិយោ​គរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាការចាក់បញ្ចូលនូវមូលធន ចូលសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ទី៩០ ដោយគ្រាន់តែអ្នកវិនិយោគចិនមួយបានបោះទុនជាង​១៧ពាន់លានដុល្លារគិតត្រឹមខែ ឧសភាឆ្នាំ២០១៨នេះ។ មូលធនទាំងនេះបានជ្រាបចូលគ្រប់ផ្នែកនៃសង្គមកម្ពុជា ដែលធ្វើឲ្យរដ្ឋាភិបាលអាចស្តារសេដ្ឋកិច្ចសង្គមរបស់ខ្លួនឡើងវិញយ៉ាងស្វាហាប់​។

ចំនួនទុនវិនិយោគខាងលើនេះ មិនទាន់រាប់បញ្ចូលអ្នកវិនិយោគជប៉ុន កូរ៉េ ប្រទេសក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក អឺរ៉ុបនៅឡើយទេ។

យើងអាចសួរសំណួរងាយៗថា តើអ្នកណានឹងមកបោះទុនវិនិយោគនៅកម្ពុជា ប្រសិនជាកម្ពុជាមិន​មានសុខសន្តិភាព មិនមានមូលដ្ឋានសេដ្ឋកិច្ចរ៉ឹងមាំ មិនមានច្បាប់វិនិយោគដ៏ទាក់ទាញ មិនមានច្បាប់ពន្ឋដ៏ល្អប្រសើរ និងបរិយាកាសនយោបាយ ព្រមទាំងបរិយាកាសវិនិយោគ​ដ៏ល្អប្រសើរមួយទេនោះ?។

យុវជនវ័យក្មេងម្នាក់ ដែលបានចាប់កំនើតក្នុងទសវត្សរ៍ទី៩០បាននិយាយថា“ខ្ញុំចង់ស្គាល់សង្រ្គាម តើវាមាសរសជាតិយ៉ាងណា?” ខ្ញុំអ្នកសរសេរដែលបានលឺសម្តីនេះផ្ទាល់បានគ្រវីក្បាល និងប្រាប់គាត់ថា “សូមប្អូនមើលប្រទេសស៊ីរី ប្រទេសលីប៊ី ប្រទេសអ៊ីរ៉ាក់ជាដើម តើមានសភាពខ្លោចផ្សារបែបណា? តើអ្នកពេញចិត្តនឹងឃើញខ្មែរជួបសោកនាដកម្មនេះទៀតឬ”។ ខ្មែរក្រហមសម្លាប់ជាង៣លាននាក់ ពិតជាខ្លោចផ្សារពេកហើយប្អូន!។

ហេតុនេះតម្លៃសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្តារនិងអភិវឌ្ឍន៍ប្រ​ទេសឡើងវិញ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីកសាងនិងបង្កើន​មូលដ្ឋានសេដ្ឋកិច្ច ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបានកំនើនរយៈពេលវែងបន្ថែមទៀត។

ជាថ្មីម្តងទៀតស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោហ៊ុន សែនកាលពីថ្ងៃទី៤មិថុនាកន្លងមកថ្មីៗនេះ បានស្នើដល់ជនរួមជាតិទាំងអស់ ឲ្យបន្តដំណើរជាមួយសម្តេច ដើម្បីការពារនូវសន្តិភាព ធានានូវការអភិវឌ្ឍសម្រាប់ការលូតលាស់នៃជាតិកម្ពុជាយើងបន្តទៀត។

សម្តេចបន្តថា“មានតែសន្តិភាពមួយគត់ ដែលផ្តល់ឳកាសឲ្យយើងធ្វើអ្វីៗតាមបំណ​ងប្រាថ្នារបស់ប្រជាជនកម្ពុជា”។

សន្តិភាពត្រូវបានគេប៉ងរំលាយ

ក្នុងទិដ្ឋភាពនយោបាយ យើងមិនអាចមើលតែភ្នែកទទេ និងប្រើត្រចៀកស្តាប់ហើយអាចវិនិច្ច័យថា “ខុស និងត្រូវ”បានទេ នៅពេលយើងមិនយល់ពីវិទ្យាសាស្រ្តនយោ​បាយ មិនយល់ពីភូមិសាស្រ្តនយោ​បាយ មិនយល់ពីទំនាក់ទំនងអន្តរជាតិ និងរលក​នៃ​​មនោគមវិជ្ជាអន្តរជាតិ។

ប្រជាពលរដ្ឋកម្ពុជា ទើបរស់បានសុខស្រួល មានផ្ទះ មានមុខរបរ មានប្រាក់ចំណូ​លសមរម្យ ពួកគេបានចេញដើរកំសាន្តនៅក្រៅប្រទេស។ ពួកគេឃើញប្រទេសគេមានការអភិវឌ្ឈ។ បន្ទាប់ពីត្រលប់មកដល់ប្រទេសវិញ ពួកគេចង់ឃើញប្រទេសខ្លួនឯងរីកចម្រើ​នដូចប្រទេសរីកចំ​រើននានា ក្នុងរយៈពេលមួយយប់ ដោយភ្លេចគិតមូលដ្ឋានចំណេះដឹង មិនបានវិភាគ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយថា តើប្រទេសរបស់ខ្លួនផ្តើមចេញពីទីណា ចំ​រើននានា ក្នុងរយៈពេលមួយយប់ ដោយមិនប្រើប្រាស់មូលដ្ឋានបញ្ញាថា តើប្រទេសខ្លួនស្ថិត​ក្នុងស្ថានភាពដូចម្តេចប្រទេស ឃើញប្រទេសគេមានការស្ថិត​ក្នុងស្ថានភាពដូចម្តេច និងកំពុងធ្វើដំណើរទៅកាន់ទីណាពិត​ប្រាកដឡើយ។

ការមានមហិច្ឆតាចង់ឲ្យប្រទេសរបស់ខ្លួនអភិវឌ្ឍន៍លឿន ពិតជាមិនខុសនោះទេ ខុសត្រង់ពួកគេមិនទាន់ បានយល់ដឹងពីមូលដ្ឋានប្រទេសរបស់ខ្លួន មិនបានសិក្សាពីមូលដ្ឋាននៃការអភិវឌ្ឍប្រទេសមួយបានត្រឹមត្រួវនៅឡើយ? ហើយធ្លាប់បានសួរខ្លួនឯងឬនៅថាបានចូលរួមចំណែកអ្វីខ្លះ ដើម្បីអភិវឌ្ឍន៍ប្រទេសខ្លួនឯងជាមួ​យ​រដ្ឋាភិបាល?។

លោកប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណឺឌីបានលើកសុភាសិតមួយថា“អ្នក មិនត្រូវសួរថា តើប្រទេសជាតិរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នកទេ តែត្រូវសួរខ្លួនឯងថាតើបានធ្វើអ្វីមួយសម្រាប់ប្រទេសរបស់ខ្លួនឬនៅ”។

ប្រទេសមួយដែលប្រកាន់ប្រជាធិបតេយ្យ មិនមែនសំដៅប្រជាធិបតេយ្យរបស់អាមេរិក ឬលោកខាងលិចដទៃទៀតនោះទេ ព្រោះបរិបទនៃវប្បធ៌ម អរិយធ៌ម កម្រិតនៃការយល់ដឹងរបស់ជនជាតិនិមួយៗមានភាពខុសៗគ្នា។ ហេតុនេះ កម្ពុជាគួរដើរតាមផ្លូវរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឈ សុខដុមនីយកម្ម និងវិបុលភាពសម្រាប់ប្រទេសរបស់ខ្លួន។

ការលើកឡើងរបស់មេដឹកនាំនៃគណបក្ស ដែលមាននិន្នាការងាកទៅកាន់លោ​កខាងលិច មិនខុសទេសម្រាប់បុគ្គលនោះខ្លួនឯង ប៉ុន្តែខុសសម្រាប់កម្ពុជាទាំងមូល ព្រោះនៅក្នុងភូមិសាស្រ្តនយោបាយ និងមនោគមវិជ្ជារបស់បរទេសជិតខាង ដែលមានតែសីលធ៌ម​សំប​កក្រៅ ពួកគេមិនចង់ឲ្យកម្ពុជាដើរលឿនទៅមុខជាងខ្លួននោះទេ។ ពួកគេមិនចង់ឃើញ​កម្ពុ​ជាមានវិបុលភាពជាងខ្លួនឡើយ។

ជាក់ស្តែងប្រព័ន្ឋផ្សព្វផ្សាយរបស់ប្រទេសជិតខាងកម្ពុជា បណ្តាញសង្គមហ្វេសបុក​របស់ពួកគេ មិនសូវឃើញពួកគេផ្សព្វផ្សាយពីការរីកចម្រើនរបស់កម្ពុជា ដូចប្រជាជនកម្ពុជា ដែលតែងតែមានសមាណចិត្ត និងតែងតែផ្សព្វផ្សាយពាណិជ្ជកម្មឲ្យប្រទេសគេដោយមិនដឹងខ្លួននោះឡើយ។

សន្តិភាពត្រូវជារបស់យើងទាំងអស់គ្នា

ពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយជា​ប្រចាំ។ ទីក្រុងភ្នំពេញបានផ្លាស់ប្តូរចេញពីមូលដ្ឋានដ៏ខ្លោចផ្សារ ដែលមានមនុស្សត្រឹម៧០នាក់ មកកាន់ទីក្រុងមមាញឹកមួយ ដែលមានមនុស្សជាង៣លាននាក់រស់នៅនិងចេញចូល​ជាប្រចាំ។ ទីក្រុងដែលមិនធ្លាប់មានអាគារខ្ពស់ ដល់តែងើយចង់បាក់ “ក” ទើបឃើញ​កំពូលអាគារ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានអាគារខ្ពស់ប្រ​មាណ១០០០អាគារនៅដំណាច់ឆ្នាំ២០១៧។

អត្រាភាពក្រីក្របានធ្លាក់ចុះពី៥៤ភាគរយ មកនៅត្រឹម១៣ភាគរយនៅឆ្នាំ២០១៤ ហើយប្រាក់ចំណូលប្រជាជន នឹងកើនឡើងដល់១៤៣២ដុល្លារនៅឆ្នាំ២០១៧ ដល់១៩០០ដុល្លារនៅឆ្នាំ​២០២០ខាងមុខ។

ប្រទេសដែលមានងារជាប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាប្រទេសដែលមាន​ប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់(ចន្លោះពី៤៨០០ដុល្លារ ទៅ១២០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ) នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រជាជនម្នាក់ មានប្រាក់ចំណូលចាប់ពី១២០០០ដុល្លារអាមេរិកឡើងក្នុងមួយឆ្នាំ) នៅឆ្នាំ២០៥០ ជាផែនការនិងវិថីមាស ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការ និងយុទ្ឋសាស្រ្តច្បាស់លាស់រួចទៅហើយ។

ហេតុនេះតម្លៃសន្តិភាព ត្រូវតែមាន និងគួរស្ថិតក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប ដែលចង់បានសន្តិភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមបន្តទៀត។

អ្វីដែលប្រជាពលរដ្ឋ អាចរួមចំណែកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបាន គឺការចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាមុន ចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការចែករំលែកក្តីស្រលាញ់មនុ​ ស្សជុំវិញខ្លួន ស្រលាញ់បរិស្ថានជុំវិញខ្លួន និងស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងរក្សាសន្តិភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។

កាំភ្លើងបានគួចកាណុងហើយ សន្តិភាពកំពុងមានហើយ ស្នូរគ្រាប់កាំភ្លើងចេញពីព្រៃ ដែលធ្លាប់ប្រយុទ្ឋគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់រយៈពេលពីរទសវត្សរ៍ហើយ។ ហេតុនេះអ្វីដែលនៅសល់ គឺតម្លៃនៃសន្តិភាពដែលគួរស្ថិតក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងចូលរួមថែររក្សាទាំងអស់គ្នា ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាពទាំងចិត្ត ទាំងកាយ និងក្លាយជាសង្គម​នៃអរិយជននិងវិបុលភាពនាពេលអនាគត៕

ក្រុងព្រះសីហនុចាប់ផ្តើមរៀបចំឆ្លងឆ្នាំសកលហើយ

0

ដោយវុត្ថា
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្តើមរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៨-២០១៩ និងពិពណ៏ពាណិជ្ចកម្ម នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះ សីហនុដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តឪ្យបានកាន់តែច្រើនបន្ថែមទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងបើកព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨-២០១៩ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ គូស បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី៧ ដែលរដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជបង្កើតព្រឹត្តិការណ៍សប្បាយរីក រាយបំរើអារម្មណ៍កម្សាន្តដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ។

លោកអភិបាលបន្តថា ព្រឹត្តិការណ៍ទេសចរណ៍សប្បាយក្នុងឱកាសឆ្លងឆ្នាំសកល និងបង្ហាញភាពជាដៃគូរចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងរួមចំណែកអភិវឌ្ឍខេត្ត មានភាពរីកចម្រើនធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋមានភាពធូរធារ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចយ៉ាងពិតប្រាកដ ។

លោកបន្តថា រយៈពេល ២ឆ្នាំ ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក លើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ មានការសាងសង់អគារធំៗយ៉ាងព្រោងព្រាត ដែលមានវិនិយោគគិនខ្មែរ និងបរទេសមកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ ។

បញ្ហាទាំងនេះកើតឡើងដោយសត្យានុម័ត វានឹងហុចផលល្អប្រសើរហួសពីការរំពឹងទុក ដល់បងប្អូនពលរដ្ឋក្នុងខេត្ត នាពេលខ្លីខាងមុខជាក់ជាមិនខាន និងសូមអំពាវនាវប្រជាពលរដ្ឋ ចូលរួមសំអាតអនា ម័យ បរិស្ថាននៅតាមលំនៅឋានរៀងៗខ្លួន ក៍ដូចតាមទីធ្លាសាធារណៈ គោរពច្បាប់ចរាចរណ៍ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទទួលបាន ផលល្អ៕

 

សម្តេច​តេ​ជោ៖ នយោបាយ​ឈ្នះ ឈ្នះ ធ្វើឱ្យ​ដី​ឡើងថ្លៃ​គ្រប់​ទីកន្លែង

0

ដោយ វុត្ថា
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ក្នុង​យៈ​ពេល ២០ឆ្នាំ​កន្លងមកនេះ បានធ្វើឱ្យ​វិស័យ​ដីធ្លី​នៅ​ទូទាំងប្រទេស​បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ ។


សម្តេច​តេ​ជោ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «នយោបាយ​ឈ្នះ ឈ្នះ» និង​អបអរសាទរ​ខួប ២០ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២៩ ខែធ្នូ​នេះ ថា ដោយឡែក​នៅ​តំបន់​ប៉ោយប៉ែត​ដែល​កាលពីមុន​ពោ​ពេញ​ទៅដោយ​សង្គ្រាម និង​ស្ងាត់​ស្រ​ងំ និង​គ្មាន​ការ​អភិឌ្ឍន៍ តែ​មកដល់ពេលនេះ តម្លៃ​ដីធ្លី​ឡើងថ្លៃ​គួរឱ្យកត់សម្គាល់ ហើយ​មាន​អ្នក​សម្រុក​ទៅ​ទិញ​ដី​នៅ​ទីនោះ​យ៉ាង​ផុលផុស​ជាទីបំផុត។

ប្រការនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​សម្តេច​សង្កត់ធ្ងន់​ថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ទ​ទូល​បាន​ប្រាក់ចំណូល​ជា​មធ្យម ១៦០០ដុល្លារ ហើយ​បន្ត​កើនឡើង​ប្រាប់​ចំណូល​កម្រិត​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។


សម្តេច​តេ​ជោ​បាន​ប្តេ​ជ្ងា​អភិវឌ្ឍន៍​តំបន់​អតិ​ត​សាមរ​ភូមិ​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​ជាពិសេស​នៅ​ប៉ែក​ខាងលិច​នៃ​ប្រទេស​ឱ្យមាន​ការ​អភិឌ្ឍន៍ និង​រីកចម្រើន​ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅលេង​កម្សាន្ត​ថែមទៀត​ផងដែរ។

កម្ពុជា អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ប្រវត្តិសាស្ត្រ​នៃ វិមាន ឈ្នះ ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ។ វិមាន​ឈ្នះ ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល។

វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុតពី​សង្គ្រាម ឈ្នះ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុតពី​ភាពក្រីក្រ និង​ឈ្នះ​រួច​ផុតពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេលនេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ​ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ៕

ស្វែងយល់ពីអាស៊ី ! បច្ចកវិទ្យាថ្មីបានរកឃើញភាពអស្ចារ្យជាច្រើនទៀត នៃមហាកំផែងចិន

0

ដោយវុត្ថា
ប្រទេសចិន: មហាកំផែងចិន ឬហៅថា «Great Wall» ជាអច្ឆរិយៈវត្ថុ និងជាមរតកមនុស្សជាតិដ៏ហាសាលដ៏អស្ចារ្យមួយរបស់ប្រទេសចិន ដែលត្រូវបានសាងសងឡើងនៅចន្លោះឆ្នាំ២២០ដល់២០៦មុនគ្រិស្តសករាជ ដោយព្រះចៅអធិរាជទីមួយ របស់ចិន Qin Shi Huang។


ការកសាងមហាកំផែងនេះ ធ្វើឡើងក្នុងគោលបំណងការពារការចូលឈ្លានពានទឹកដីពីសត្រូវទាំងឡាយ មកលើទឹកដីដ៏មានអានុភាពមួយនេះ។ បន្ថែមពីនេះ បើតាមប្រភពនានារបស់ចិនអះអាងថា មហាកំផែងនេះ ចិនកសាងឡើងដើម្បីទប់ទល់នឹងសត្រូវដែលប្រើអាវុធតូច ដូចជាដាវឬលំពែងជាដើម។

កំផែងយក្សនេះ លាតសន្ធឹងពីក្រុងShanhaiguan នៅភាគខាងកើតដល់ទន្លេLop Nurភាគខាងលិច។


យោងតាមការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើបបានរកឃើញថា មហាកំផែងទាំង​មូល រួមទាំងដៃផ្សេងទៀតរបស់វាមានប្រវែង សរុបដល់ទៅ៨៨៥១.៨គីឡូម៉ែត្រ។ ក្នុងនោះបើគិតតែកំផែងសុទ្ធ មានប្រវែង៦២៥៩.៦គីឡូម៉ែត្រ រន្ធចូលទៅក្នុងដីមានប្រវែង៣៥៩.៧គីឡូម៉ែត្រ និងរបាំងធម្មជាតិ ដូចជា ទួលឬទន្លេមានប្រវែង២២៣២.៥គីឡូម៉ែត្រ​។មហាកំផែងទាំងអស់មានកម្ពស់និងទទឹងផ្សេងៗគ្នា តែភាគច្រើនមានកម្ពស់ពី៥ទៅ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ។

នៅសម័យកសាងវា គេពិបាកក្នុងការរកវត្ថុធាតុដើម ដូច្នេះចិនត្រូវយកដីឥដ្ឋ ថ្មភ្នំ និងឈើមកកសាង។ យោងតាមការប៉ាន់ស្មាន មានកម្មករជាង១លាននាក់បានស្លាប់នៅក្នុងការកសាងមហាកំផែងនេះ។


កាលពី២០១៤កន្លងទៅ មានទីតាំងដែលជាផ្នែកមួយ តភ្ជាប់ជាមួយមហាកំផែងចិន ដែលមានអាយុកាលប្រមាណ៧០០ឆ្នាំនេះ បានបាក់អស់មួយចំនួនធំ ដោយសារអាយុកាល និងសភាពទ្រុឌទ្រោមកាន់តែកើនឡើងជារៀងរាល់ឆ្នាំ។ ចំនួនភ្ញៀវទេសចរជាច្រើនរាប់លាននាក់ តែងតែអញ្ជើញមកទស្សនាមហាកំផែង «Great Wall» ក្នុងប្រទេសចិន។

កន្លែងដែលបាក់ស្រុតនោះ ស្ថិតនៅត្រង់ចំណុចដំណាក់ព្រៃ ឬហៅថា «Wild section» ដែលមានជញ្ជាំងកំផែងវែងចម្ងាយប្រមាណ៩,០០០គីឡូម៉ែត្រ គឺជាទីពេញនិយ​មមួយរបស់ភ្ញៀវទេសចរក្នុងការថតរូប។ ដោយសារទីតាំងនោះ គឺពោរពេញទៅដោយធម្មជាតិ ស្រស់ស្អាតគួរជាទីទាក់ទាញបំផុត។


នៅខែធ្នូឆ្នាំ១៩៨៧ និមិត្តរូបដ៏មានអំណាចរបស់ប្រជាជនចិនមួយនេះ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូUNESCO ព្រោះវាគឺជាសំណង់សាងសង់ដោយមនុស្សតែមួយគត់ ដែលមិនអាចមើលឃើញពីលើអាកាសដោយភ្នែកទទេបាន ប្រសិនជាមិនមានជំនួយពីឧបករណ៍នោះឡើយ។

បច្ចុប្បន្នប្រទេសចិនដែលមានឈ្មោះពេញថា សាធារណៈរដ្ឋប្រជាមានិតចិនមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ពោលគឺមានចំនួន១,៣៨៦លាននាក់ តាមស្ថិតិឆ្នាំ២០១៧។ ប្រទេសនេះជាប្រទេសធំបំផុតលំដាប់ទី៤ នៅលើពិភពលោក ដែលមានផ្ទៃដីសរុប៩,៦០០,០០០ ម៉ែត្រការ៉េ និងមានសេដ្ឋកិច្ចលំដាប់លូតលាស់ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេសអាមេរិក៕

អ្នកវិនិយោគ! ក្រុងប៉ោយប៉ែតកំពុងខ្វះខាតការិយាល័យធ្វើការនិងធនធានមនុស្ស

0

​ដោយគង់ សូរិយា
​ភ្នំពេញ: ស្របពេលការហូរចូលអ្នកវិនិយោគលឿន បានធ្វើឲ្យក្រុងប៉ោយប៉ែតកំពុងជួបប្រទះកង្វះខាតការិយាល័យធ្វើការ និងកង្វះធនធានមនុស្សជាចម្បង ដែលនេះជាឳកាសសមស្របសម្រាប់ការវិនិយោគនៅទីនោះ។


​ស្ថាបស្ថាបនិកក្រុមហ៊ុន  star plus four លោកសួង សុខហ៊ាងបានមានប្រសាសន៍​ឲ្យដឹងនាព្រឹកថ្ងៃទៅ២៨ ធ្នូកន្លងមកថា បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងជួបកង្វះខាតនូវធន​ធានមនុស្ស និងបន្ទប់សំរាប់ធ្វើការ ដោយសារលំហូរចូលអ្នកវិនិយោគចិន ជប៉ុន និងជនជាតិដទៃទៀតកើនឡើងយ៉ាងគំហុក។លោកបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគនៅរាជធានីភ្នំពេញ ទៅវិនិយោគនៅក្រុងប៉ោយប៉ែត ដើម្បីបំពេញតម្រូវការនូវសេវាកម្មការិ​យាល័យ សេវាកម្មស្នាក់នៅ។

​លោកបន្តថា “ការវិនិយោគនៅក្រុងប៉ោយប៉ែតនាពេលនេះ នឹងធ្វើឲ្យអ្នកវិនិយោគ​ទទួលបានផលចំណេញច្រើន ដោយសារការផ្គត់ផ្គង់មិនទាន់ឆ្លើយតបតម្រូវការនៅឡើយ​”។លោកបន្តថា “បច្ចុប្បន្នក្រុងប៉ោយប៉ែតមានប្រជាជនរស់នៅជាង២០ម៉ឺននាក់ ក្នុងនោះជាង៥ម៉ឺននាក់ជាជនបរទេស”។

​អភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូរបានមានប្រសាសន៍ថា ទីក្រុងប៉ោយប៉ែត​មានការអភិវឌ្ឍលឿន ដោយសារកំនើននៃអ្នកវិនិយោគអន្តរជាតិ ហើយប​ច្ចុប្បន្នទីក្រុងនេះ​មានមនុស្សរស់នៅកាន់តែច្រើន និងមានកំនើនប្រជាជនជាប្រចាំ។ ហេតុនេះហើយទើបទីក្រុងនេះកំពុងប្រឈមកង្វះការិយាល័យធ្វើការ ខ្វះបន្ទប់សម្រាប់ស្នាក់នៅ ហេតុនេះ​ការវិនិយោគលើសេវាកម្មទាំងអស់នេះ មានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។


​លោកបន្តថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍនេះ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានការ​ផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ដោយបច្ចុប្បន្នអាគារចាប់ពីកំពស់៥ ដល់៣០ជាន់មានប្រមា​ណ៦០អាគារហើយ”។លោកបន្តថា តម្លៃដីធ្លីនៅក្រុងប៉ោយប៉ែត ក៏បានកើនឡើងយ៉ាងគំ​ហុកផងដែរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យកំនើនវិនិយោគិនកាន់តែច្រើន”៕

តោះ! មកស្វែងយល់ពីសក្តានុពល និងតម្លៃដីធ្លីនៅក្រុងតាខ្មៅ

0

​ដោយរ៉ាវី
ភ្នំពេញ: បន្ទាប់ពីរាជធានីភ្នំពេញ ការអភិវឌ្ឍលើវិស័យអចលនទ្រព្យនាពេលបច្ចុ​ប្បន្នត្រូវបានរីកដុះដាលដល់ទឹកដីក្រុងតាខ្មៅ ដែលកំពុងតែសន្ទុះយ៉ាងខ្លាំងរួមជាមួយនឹងសកម្មភាពនៃការសាងសង់សំណង់នានាយ៉ាងស្អេកស្កះ។

បច្ចុប្បន្នក្នុងទឹកដីក្រុងតាខ្មៅមានបុរីប្រមាណ១០ បាននិងកំពុងសាងសង់ និងគំរោងខ្លះបានបញ្ចប់ការសាងសង់។ ក្រៅពីបុរីក្រុងតាខ្មៅក៏មានការសាងសង់មណ្ឌលពា​ណិជ្ជកម្ម ខុនដូ និងអាផាតមិនជាដើម ដែលជាកត្តាជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់នេះមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលទើបតែជាប់ជាបេក្ខភាពប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អាណត្តិទី៦ បានបង្ហើបឱ្យកាលពីរសៀលថ្ងៃទី២៨ ធ្នូលន្លងមកថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅក្រុងតាខ្មៅ រាប់ទាំងវិស័យសំណង់ ក៏ដូចជាតម្លៃដីធ្លី គឺមានសន្ទុះយ៉ាងខ្លាំង ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សំណង់លំនៅដ្ឋានតែម្ដង។

លោកថា “ក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាទីតាំងដែលមានអំណោយផលយ៉ាងប្រសើរ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ”។លោកបន្តថា អាស្រ័យដោយរាជធានីភ្នំពេញពោរពេញ ទៅសំណង់អា​គារធំៗស្អេកស្កះ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះ បានជម្រុញឱ្យកត្តាប្រជាសាស្រ្តងាកទៅរកតំបន់ជិតខាង ដែលមានភាពទូលាយដើម្បីស្នាក់នៅ”។

ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ មានសំណង់លំនៅដ្ឋានជាច្រើន ក៏ដូចជាបុរីផងដែរ បាន និងកំពុងធ្វើការអភិវឌ្ឍជាហូរហែរ រហូតកើតមានជាសំណង់អាផាតមិន និងខុនដូផងដែរ។


ដោយសារតែតម្រូវការទាំងអស់នេះហើយ បានជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់តាខ្មៅកើនឡើងយ៉ាងខ្លាំង ដូចជានៅតំបន់មណ្ឌលពាណិជ្ជកម្ម តម្លៃដីអាចមានសន្ទុះចាប់ពី 800-1300 ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះ ចំពោះតំបន់ពិសេសមួយចំនួនតូច។ ដោយឡែកសម្រាប់តម្លៃដីនៅតំបន់សំណង់លំនៅដ្ឋានវិញ អាចមានសន្ទុះចាប់ពី 250-400 ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់តម្លៃដីដូចដែលបានបង្ហាញជូនខាងលើនេះ វាជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ គឺមានកំណើនជាមធ្យមប្រមាណ១០ទៅ១៥ភាគរយ ហើយវានៅនឹងតែបន្តមានកំណើនបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។

​ជាមួយគ្នានេះផងដែរ លោក ច្រឹក សុខនីម ក៏បានបន្ថែមឱ្យដឹងទៀតថា យ៉ាងយូរនៅរយៈពេលប្រមាណ៥ឆ្នាំទៀត ក្រុងតាខ្មៅទាំងមូល នឹងក្លាយជាតំបន់ដ៏ពេញនិយមមិនចាញ់រាជធានីភ្នំពេញឡើយ ដោយសារតែក្រុងតាខ្មៅមានអំណោយផលយ៉ាងពិសេស ដែលក្រៅពីមានភូមិសាស្ត្រល្អ ទីតាំងជាប់រាជធានីភ្នំពេញ មានភាពងាយស្រួលក្នុងការធ្វើដំណើរដែលចំណាយពេលមិនលើស15នាទី ចេញពីតាខ្មៅ ចូលក្នុងរាជធានីភ្នំពេញតាមមហាវិថីសម្ដេច តេជោ (ផ្លូវ60ម៉ែត្រ) មានកំណើនប្រជាសាស្ត្រ និងមានភាពងាយស្រួលក្នុងការចាកចេញទៅតាមបណ្តាខេត្តនានាផងដែរ។

​លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​មានប្រសាសន៍ឲ្យដឹងថា ដោយសារកំនើនប្រជាសាស្រ្ត និងការអភិវឌ្ឍ ទើបឃុំចំនួន៤ ក្នុងស្រុកជុំវិញទីក្រុងនេះ ត្រូវបានកាត់បញ្ចូលមកដាក់ក្នុងរដ្ឋបាលក្រុងតាខ្មៅ។លោកបន្ត​ថា ការដាក់បញ្ចូលនេះ នឹងធ្វើឲ្យមូលដ្ឋាននោះមានការអភិវឌ្ឍ ហើយប្រជាជននៅមូល ដ្ឋា​នមានកាន់តែមានជីវភាពល្អប្រសើរឡើង ដោយសារមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ​ល្អប្រសើរ និងផែនការអភិវឌ្ឍន៍ច្បាស់លាស់។

​លោកបន្តថា “ប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលអនុម័តរួចហើ​យ ហេតុនេះវានឹងធ្វើឲ្យក្រុងតាខ្មៅមានការអភិវឌ្ឍលឿន ហើយតម្លៃដីធ្លីក៏មានកំនើនខ្ពស់​ផងដែរ”៕

ក្រុមហ៊ុន Huawei រំពឹងរកចំណូលបាន១០៩ពាន់លានដុល្លារនៅឆ្នាំនេះ

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រុមហ៊ុន Huawei Technologies ត្រូវបានរំពឹងថា នឹងទទួលបានប្រាក់ចំណូល២១ភាគរយសម្រាប់ឆ្នាំ២០១៨នេះ ពោលគឺក្នុងទំហំទឹកប្រាក់ចំនួន១០៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ មានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេល២ឆ្នាំកន្លងមក បើទោះបីមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណា​ក់ពិភពលោករាល់សកម្មភាពរបស់ខ្លួនយ៉ាងណាក្តី។


ក្រុមហ៊ុនបានប្រកាសកាលពីដើមខែនេះថា ប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងលើស១០០ពាន់លានដុល្លារជាលើកដំបូង ហើយថាខ្លួនបានទទួលកិច្ចសន្យាពាណិជ្ជកម្មប្រើប្រាស់5Gកាន់តែច្រើនថែមទៀត ដែលនឹងក្លាយជាក្រុមហ៊ុនលក់ 5G ធំជាងគេនៅក្នុងពិភពលោក។ កាលពីខែសីហាឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Huawei បានព្យាករណ៍ថា ខ្លួននឹងលក់ទូរស័ព្ទស្មាតហ្វូន បានចំនួនលើស២០០លានគ្រឿងសម្រា​ប់ឆ្នាំនេះ។
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកលក់ស្មាតហ្វូនធំបំផុតលំដាប់ទីពីរ។ បើទោះបីស្ថិតនៅក្រោមសម្ពា​ធអន្តរជាតិនៅឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងអូស្ត្រាលី និងនូវែលហ្សេឡង់ បានចាប់ផ្តើមរារាំងឧបករណ៍របស់ចិន ចូលទៅក្នុងប្រទេសរបស់ខ្លួនដោយសារតែមានការព្រួយបារម្ភថា ជាចារកម្មរបស់ប្រទេសចិន។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei បានទទូចដដែលៗថា រដ្ឋបាលក្រុងប៉េកាំងមិនមានឥទ្ធិពលអ្វីមកលើក្រុមហ៊ុននោះទេ។

លោកស្រី Sabrina Meng ប្រធានហិរញ្ញវត្ថុ និងជាកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុនHauwei ផងដែរនោះត្រូវបានចាប់ខ្លួន និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ នៅប្រទេសកាណាដាកាលពីដើមខែនេះ ដោយសារតែសហរដ្ឋអាមេរិកបានចោទប្រកាន់លោកស្រីថា បានបោកប្រាស់ធនាគារនានាជាមួយប្រតិបត្តិការអ៊ីរ៉ង់។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បត៍ ដោយដកស្រង់ប្រភពនានាថា សេតវិមានកំពុងពិចារណាលើបទបញ្ជាប្រតិបត្តិមួយ នៅដើមខែមករាដែលនឹងរារាំងក្រុមហ៊ុនអាមេរិក មិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ដែលជាការវាយប្រហារចុងក្រោយបំផុតទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតពីររបស់ចិន៕

ក្រុមហ៊ុនចិនធំៗចាប់អារម្មណ៍វិនិយោគលើការបង្កើតរោងចក្រផ្គត់ផ្គង់សម្ភារៈ សំណង់នៅកម្ពុជា

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ក្រុមហ៊ុនចិនធំៗបានចាប់អារម្មណ៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ពិសេសគំរោងវិនិយោគសាងសង់រោងចក្រ ផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា ខណៈកម្ពុជានាំចូលសម្ភារៈសំណង់ភាគច្រើនពីបរទេស។


ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោក ឃាង ពុទ្ឋី បានមានប្រសាស​ន៍ឲ្យដឹង បន្ទាប់ពីត្រលប់មកពីទស្សនកិច្ចប្រទេសចិន រយៈពេល៦ថ្ងៃនៅទីក្រុងសៀងហៃ, ឈីងតាវ និងទីក្រុងជេជាំង កាលពីសប្តាហ៍មុនថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើន រួមមាន Qingjian International Group , Weixing New Building Materials, Wold Steel Mall, Zhejiang Haitian Gasជាដើម។ លោកបន្តថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះ បានចាប់អារម្មណ៍វិនិយោគលើការបង្កើតផលិតផល សម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា។


លោកបន្តថា “អ្នកវិនិយោគចិនធំៗនៅតែចាប់អារម្មណ៍ និងមានសុទិដ្ឋិនិយមពីទី​ផ្សារអចលនវត្ថុកម្ពុជា ពិសេសគម្រោងវិនិយោគបង្កើតរោងចក្រ ដើម្បីផលិតសម្ភារៈសំ​ណង់ ដើម្បីផ្គង់ផ្គង់ទីផ្សារសំណង់នៅកម្ពុជា ដែលមានការរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ននេះ”។លោកបន្តថា “ក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅកម្ពុជានាពេលអនា​គត ហើយសមាគមអ្នកជំនាញអចលនទ្រព្យ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញការអភិ​វ ឌ្ឍវិស័យអចលនទ្រព្យប្រកបដោយចីរភាព”។
ជាមួយគ្នានេះ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នឹងឈានទៅចុះ MOU ជាមួយក្រុមហ៊ុន និងសមាគមអចលនទ្រព្យមួយចំនួននៅប្រទេសចិននាពេលខាងមុខផង
ដែរ។


វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេល​មួយទសវត្សរ៍ចុងក្រោយនេះ ហើយបច្ចុប្បន្នអ្នកវិនិយោគចិន បានឈរចំណាត់ថ្នាក់លេខ១ បន្ទាប់មកអ្នកវិនិយោគកូរ៉េ។ ទុនវិនិយោគក្នុងឆ្នាំ២០១៨មានទំហំទឹកប្រាក់៥២០០លានដុល្លារ ខណៈឆ្នាំ២០១៧ ទុនវិនិយោគមក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំទឹកប្រាក់រហូតដល់៦៤០០លានដុល្លារអាមេរិច៕

ម្តងទៀត! រដ្ឋមន្ត្រីក្រសួង​រ៉ែ​រំពឹងថា​កម្ពុជា​នឹង​ទទួលបាន​ដំណក់​ប្រេង​នៅ​ចុងឆ្នាំ២០១៩

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា កម្ពុជា​នឹង​ទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង នៅ​ចុងឆ្នាំ២០១៩ និង​ដើមឆ្នាំ២០២០ខាងមុខនេះ ក្រោម​គម្រោង​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​នៅ​តំបន់​ប្លុក​A របស់​ក្រុមហ៊ុន KRISENERGY ចេញពី​ដែនសមុទ្រ​របស់​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លោក​ស៊ុយ សែម បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល និង​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា សមិទ្ធផល​ប្រេងកាត ក្រោយពី​បញ្ចូល​អាជ្ញាធរ​ប្រេងកាត​កម្ពុជា មក​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​បាន​បន្ត​ជម្រុញ​ការអភិវឌ្ឍន៍​ប្រេងកាត ដោយបាន​ចុះ​កិច្ចព្រមព្រៀង​តំបន់​ប្លុក​Aទៅ​ឲ្យ​ក្រុមហ៊ុន Kris Energy ប្រទេស​សឹង្ហ​បុរី ធ្វើការ​អភិវឌ្ឍន៍​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង​ឆៅ​នៅ​កម្ពុជា។

លោក​បន្តថា “សមិទ្ធផល​ថ្មី​មួយ​ខាងលើនេះ ក្រសួង​បាន​តាមដាន​ជាប្រចាំ នៅ​រាល់​របាយការណ៍​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Kris Energy និង​នៅ​គ្រប់​សំណាក់​កាល ដោយបាន​បញ្ជាក់​គ្មាន​ការយឺតយ៉ាវ នៅក្នុង​គម្រោង​អភិវឌ្ឍន៍​នោះឡើយ។លោក​បន្តថា “កម្ពុជា នឹង​ទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង នៅ​ចុងឆ្នាំ២០១៩ និង​ដើមឆ្នាំ២០២០ ខាងមុខ​តាម​ផែនការ​របស់​រដ្ឋាភិបាល។

លោក​ស៊ុយ សែម​បន្ត​ឲ្យ​ដឹងថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ខាងលើ ក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា ទាំង​ដែនសមុទ្រ និង​ដែន​គោក និង​មាន​ក្រុមហ៊ុនផ្សេងៗទៀត បានមក​ចរចារ​ជា​បន្តបន្ទាប់​ផងដែរ ដោយ​ក្រសួង​បាន​ថ្លឹងថ្លែង និង​ពិនិត្យមើល​លទ្ធភាព​យ៉ាង​ល្អិតល្អន់ នៅលើ​កេរ​ឈ្មោះ និង​ចរន្ត​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំងនោះ មុននឹង​អនុញ្ញាតិ​ទទួលយក​ឲ្យ​សិក្សា​ស្រាវជ្រាវ ដើម្បី​ឈានទៅរក​ការអភិវឌ្ឍន៍៕