ទិញដីលក់ឆាប់ដាច់ និងចង់បានចំណេញច្រើនត្រូវពិនិត្យមើលលើកត្តាអ្វីខ្លះ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: អ្នកណាក៏ចង់ចំណេញច្រើន និងលក់ដីឆាប់ដាច់ដែរ នៅពេលអ្នកវិនិយោគ​ស្វែងរកផលចំណេញ ប៉ុន្តែការទិញដីទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ នឹងមិន​ធ្វើឲ្យការវិនិយោគរបស់ខ្លួនទទួលបានជោគជ័យនោះទេ។

​គេហទំព័រPropertyarea.asia សូមលើកយកគំនិតអ្នកជំនាញក្នុងវិស័យនេះរយៈពេលជាង២ទសវត្សរ៍មកបង្ហាញ ហើយលោកតែងទទួលបានជោគជ័យនូវការទិញលក់ដីធ្លីជាប្រចាំ។

​លោកកាង សុធី អគ្គនាយអគ្គនាយកក្រុមហ៊ុន 21 Land Station Real Estate បានលើកយកគំនិតជាច្រើនសម្រាប់ពិចារណា មុនសម្រេចចិត្តវិនិយោគលើដីធ្លី ដើម្បីលក់ឆាប់ដាច់ និងទទួលបានផលចំណេញច្រើន។


​ត្រូវរកទិញដីមានតម្លៃទាបជាងទីផ្សារ
​ការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហ៊ានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់​ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។

​ការទិញដីឲ្យមានតម្លៃទាបជាងទីផ្សារ២០ភាគរយ ឬ៣០ភាគរយពិតជាល្អប្រសើរ ហើយយើងនឹងលក់ចេញបានលឿន និងត្រូវទុកឳកាសឲ្យអ្នកវិនិយោគបន្ទាប់ចំណេញផង កុំចង់ចំណេញតែម្នាក់ឯង។

​ទិញដីនៅតំបន់អភិវឌ្ឍន៍
​តំបន់អភិវឌ្ឍន៍ដែលមានរោងចក្រ សហគ្រាស ឬប្រជាជនរស់នៅច្រើនជាប្រភេទដីរស់ មានន័យថាមានចរន្តនៃតម្រូវការជាប្រចាំ។ ហេតុនេះការទិញដីឲ្យបានតម្លៃល្អ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ពិតជាល្អប្រសើរ ដែលធ្វើឲ្យយើងងាយលក់ចេញ និងចំណេញ​បានលឿន។

​ទិញដីដែលមានសណ្ឋានដីល្អ
​រូបរាងដីមានសណ្ឋានខុសៗគ្នា ហេតុនេះការទិញដីដែលរូបរាងស្អាត(មើលតាមប្លង់)ក៏ជាដី ដែលផ្តល់​ឳកាសឲ្យអ្នកវិនិយោគងាយស្រួលលក់ចេញ និងចំណេញផងដែរ ប៉ុន្តែដីនៅក្នុងចំណុចទី៣នេះ ត្រូវមានរួមបញ្ចូលនូវចំណុចទី១និងទី២ខាងលើផងដែរ។

ទិញដីនៅតាមផ្លូវធំនិងជាផ្លូវវែង
​តម្លៃដីក៏មានការប្រែប្រួលលើទាក់ទងនឹងទំហំ និងទាក់ទងនឹងប្រវែងផ្លូវផងដែរ ព្រោះដីនៅតំបន់ផ្លូវតូចៗ និងផ្លូវទាល់មិនងាយឡើងថ្លៃ និងពិបាករកអតិថិជនផងដែរ។ ប្រសិនជាយើងទិញដីនៅលើផ្លូវទ័ល ផ្លូវតូចចង្អៀតមិនទទួលបានជោគជ័យក្នុងការលក់ និងទទួលបានផលចំណេញនោះទេ។

​ទិញដីនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល
​ការដឹងព៌តមានលឿន និងមុនគេ ជាជំហ៊ានជោគជ័យមួយរួចទៅហើយ ប៉ុន្តែការ​ទទួលបានព៌តមានលឿន ពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជនជារឿងពិបាកមួយ ដែលទាមទារឲ្យយើងតាមដានព៌តមាន និងមានប្រភពស្និទ្ឋនឹងរដ្ឋាភិបាល ព្រោះមានតែមន្រ្តីរដ្ឋាភិបាលទេ ដែលអាចដឹងរឿងនេះបានមុនគេនិងឆាប់រហ័ស។

​ដូច្នេះបើយើងទិញដីស្ថិតនៅក្នុងតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិ​បាលបានឆាប់រហ័ស និងជាគំរោងដែលមិនចំណាយេពេលយូរដើម្បីចាប់ផ្តើម យើងនឹងទទួលបានផលចំនេញលឿន និងលក់ឆាប់ដាច់ផងដែរ៕

ស្វែងយល់ពីអាស៊ាន: ការលក់លំនៅដ្ឋានឯកជនរបស់សឹង្ហបុរីកើនឡើង

0

ដោយវុត្ថា
សឹង្ហបុរី: ទីផ្សារលំនៅដ្ឋានឯកជនរបស់ប្រទេសសឹង្ហបុរី នៅតែមានសញ្ញាវិជ្ជមានដោយសារការលក់ បានកើនឡើងក្នុងខែវិច្ឆិកាកន្លងទៅនេះ ដោយក្នុងនោះមានលំនៅ ដ្ឋានចំនួន១. ១៩៨ត្រូវបានទិញពីសំណាក់អ្នកអភិវឌ្ឍន៍សឹង្ហបុរី។

អាជ្ញាធរលំនៅដ្ឋានសឹង្ហបុរី បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា សន្ទស្សន៍នេះបង្ហាញថា ការលក់បានចាប់ផ្តើមកើនឡើងចាប់ តាំងពីកក្កដាឆ្នាំ២០១៨ បន្តិចម្តងៗ ដែលមានចំនួន៧៨៨លំនៅដ្ឋានត្រូវបានលក់ចេញ បើធៀបនឹងឆ្នាំមុនមានត្រឹមតែ ៤៨៧លំនៅដ្ឋានប៉ុណ្ណោះ។

ចំណែកការលក់ខុនដូរវិញ ក៏មានការកើនឡើងផងដែរ ដោយក្នុងនោះមានខុនដូចំនួន ១,២០២យូនីត ត្រូវបានលក់អស់ក្នុងខែវិច្ឆិកាកន្លងទៅនេះ បើធៀបនឹងឆ្នាំ២០១៧ មានត្រឹតែ៩៣៧យូនីតប៉ុណ្ណោះត្រូវបានលក់ចេញ។ ជាមួយគ្នានោះប្រទេសនេះក៏បានសម្ភោធដាក់លក់ខុនដូចំនួន១,៣៤១ យូនីតក្នុងខែវិច្ឆិកា ឆ្នាំ២០១៨កើនឡើងចំនួន២០២ យូនីតបើធៀបនឹងខែតុលា។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍ផ្លាស់ប្តូរចំនួនទីតំាងអភិវឌ្ឍន៍ ហើយអាចនឹងប្រកាសដាក់ចេញនូវការផ្គត់ផ្គង់ដី សម្រាប់សាងសង់លំនៅដ្ឋាន ក្នុងពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ៕

ដំណឹង​ល្អ! ប័ណ្ណ​សម្គាល់​ដីធ្លី​ចាស់​នឹងត្រូវ​ដកហូត​ដោយ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានប្រកាស​ឲ្យ​គ្រប់​មន្ទីរ​រាជធានី ខេត្ត ដកហូត​ប័ណ្ណ​ដីធ្លី​ចាស់​ទាំងអស់​យកមក​កំទេចចោល ដោយ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស ជា​ប័ណ្ណ​ដែលមាន QR  Code ងាយ​ក្នុងការ​គ្រប់គ្រង និង​ចៀសវាង​ការ​ក្លែងបន្លំ។

មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ២០១៨ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការអនុវត្តន៍​ចេញ​ប័ណ្ណ​ថ្មី​ជំនួស ជា​ប័ណ្ណ​ដែលមាន​ភ្ជាប់ QR Code គឺជា​ការផ្តល់​លក្ខណៈ​ងាយស្រួល ដល់​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ដឹង​អំពី​ព័ត​មាន​ស្ថានភាព​ដី​ច្បាស់លាស់ អំពី​តំបន់ និង​ទំហំ​ក្បាលដី និង​ជា​ដី​នៅ​តំបន់​ណាមួយ តាមរយៈ​ការគ្រប់គ្រង​ដោយ​គ្រប់គ្រង​ដោយ​ម៉ាស៊ីន Server   ជាពិសេស​ការផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ច​ង់​ទិញ ចង់​លក់ ថា​ជា​ដី​ក្លែងក្លាយ ឬ​ជា​ដី​ពិតប្រាកដ​ផងដែរ។

លោក​បន្តថា “ដើម្បី​ជម្រុញ​អនុវត្តន៍​តាម​ប័ណ្ណ​ថ្មី​នេះ ប្រធាន​ភូមិបាល និង​ប្រធាន​មន្ទីរ​រាជធានី ខេត្ត​ទាំងអស់ ប្រមូលយក​ប័ណ្ណ​ចាស់​មក​កំទេចចោល​ទាំងអស់ ដោយ​ទុក​តែ​បីសន្លឹក​ជា​ឯកសារ​គំរូ​តែប៉ុណ្ណោះ និង​ត្រូវ​ផ្អាក​ការអនុវត្តន៍​ប្រភេទ​ប័ណ្ណ​ចាស់​ទាំងនោះ ដោយ​ត្រូវ​បោះ​ពុ​ម្ភ​ប័ណ្ណ​ថ្មី ដែលមាន QR Code មក​ជំ​នួវ​វិញ។

ពាក់ព័ន្ធ​ការចេញ​ប័ណ្ណ​ថ្មី​នេះ លោក​ជា សុផារ៉ា បានប្រកាស​ចាប់​អនុវត្តន៍​ពី​ពេលនេះ​តទៅ ក្នុងនោះ​ចំពោះ​ការអនុវត្តន៍​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ត្រូវ​ផ្អាក​ជាបន្ទាន់ ហើយ​ត្រូវ​ត្រឡប់មក​រៀបចំ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស​វិញ ដែលជា​ចាត់ទុកជា​ប័ណ្ណ​សំគាល់​ផ្នែក​អចលនទ្រព្យរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ គឺ​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ និង​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ​ផងដែរ៕

កម្ពុជា​ចាប់បាន​ដៃគូ​ពង្រីក​ទីផ្សារ​នាំចេញ​ជាមួយ​រុស្ស៊ី​បាន​មួយ​ទៀតហើយ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា​បាននិងកំពុង​តែ​ចាប់​ដៃគូ​ពាណិជ្ជកម្ម កាន់តែ​ធំ​ជាង​មុន​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅលើ​សម្លៀកបំពាក់ សម្រាប់​រដូវរងារ អាវ​រោមសត្វ ឬ​អាវធំ ដែលជា​សក្ដានុពល​ក្នុងការ​ពង្រីក​ទីផ្សារ​ធំ​ក្នុង​ការនាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៨ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្ល​ថ​មកនេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ដៃគូ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប-អាស៊ី ក្នុងនោះ​គឺ​ផ្ដោត​ជាមួយ ប្រទេស​រុស្ស៊ី បន្ទាប់ពី​ចរចា​រួចរាល់​ហើយ កម្ពុជា​នឹង​បើក​ទីផ្សារ​សម្លៀកបំពាក់​សម្រាប់ រដូវរងារ​ទៅកាន់​ប្រទេស​រុស្ស៊ី ដែលជា​សក្ដានុពល​ក៏ដូចជា​កាលា​នុ​វត្ដ​ភាព​របស់​កម្ពុជា​ផងដែរ។

លោក​បាន​បញ្ជាក់ថា​បន្ទា​ប់​ពី​ទីផ្សារ​រុស្ស៊ី កម្ពុជា​ក៏​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គ្រប់​ជ្រុងជ្រោយ ដែល​អាច​ចរចា​បញ្ចប់​នៅ​ឆ្នាំ២០១៩ខាងមុខនេះ ហើយ​នេះ​គឺជា​ទីផ្សារ​ធំ មាន​មនុស្ស​ជាង​ពាក់កណ្ដាល​ពិភពលោក ដែល​កម្ពុជា​មានឱកាស​នាំចេញ ទៅកាន់​ប្រទេស ផ្សេងៗជាច្រើន​ទៀត​ដូចជា​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី និង​ប្រទេស ណូ​វែ​ល​សេ​ឡង់។ លោក​រំពឹងថា ក្នុង​ឆ្នាំ២០១៩ខាងមុខ កម្ពុជា​នឹងមាន​ភាព​ប្រកួតប្រជែង និង​ធ្វើការ​នាំចេញ​នូវ​ផលិតផល​បាន​ច្រើន ជាពិសេស​ការនាំចេញ​សម្លៀកបំពាក់​សម្រាប់ រដូវរងារ​ដែល​រហូត មកដល់ពេលនេះ​កម្ពុជា​កំពុង​ចរចា​បន្ដ​ខិតខំ​ជំរុញ​តាម​នីតិវិធី និង​យន្ដការ​នៃ​ការសម្របសម្រួល​ទៅតាម​ប្រទេសនីមួយ។

យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា មាន​កំណើនប្រមាណ១០ភាគរយ ក្នុង​ឆ្នាំ២០១៨ ដែល​កំណើន​នេះ ទទួលបាន​ពី​ការបន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​តាមរយៈ​ការខិតខំ​បើក ច្រក​ទីផ្សារ​នាំចេញ​ទៅកាន់​ជាង១៤៧ប្រទេស នៅ​ទូទាំង​ពិភពលោក៕

ក្រុងព្រះសីហនុផ្លាស់ប្តូរមុខមាត់ជាមួយវត្តមានអាគារខ្ពស់ៗនឹងក្លាយជាទីក្រុងស៊ីវិល័យមួយ

0

​ដោយស៊ីវ ម៉េង
​ព្រះសីហនុ: កំនើននៃទំហំវិនិយោគ បានធ្វើឲ្យក្រុងព្រះសីហនុផ្លាស់ប្តូរមុខមាត់យ៉ាងលឿន និងមិនគួរឲ្យ​ជឿ ជាក់ស្តែងចំនួនសំណង់អាគារខ្ពស់ពី៥ជាន់ឡើង បានកើនដល់៦០អាគារ និងទុនវិនិយោគក្នុងវិស័យនេះ បានកើនដល់ជាង១០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។


ជាមួយនឹងកំនើនប្រជាសាស្រ្ត ជាអ្នករកស៊ីធ្វើការងារ អ្នកវិនិយោគជាតិ-អន្ដរជាតិដែល​បាននិងកំពុងសម្រុកកចូលមកដាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ បានធ្វើឲ្យទីក្រុងដែលធ្លាប់តែអ៊ូរអររៀបរាល់ចុងសប្តាហ៍នេះ ក្លាយទៅជាទីក្រុងមួយពេញដោយមនុស្ស ណែនណាប់តាន់តា​ប់ជាប្រចាំ ហើយទីក្រុងនេះមានសកម្មភាពរសរវើកស្ទើរពេញ២៤ម៉ោង។

អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៤ ធ្នូកន្លងមកថា រយៈពេលប៉ុន្មានឆ្នាំនេះ គឺក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ អ្នកវិនិយោគជាតិ-អន្ដរជាតិ បានចូលមកសិក្សាស្វែងរកឱកាសវិនិយោគ និងដាក់ទុនរកស៊ីជាបន្ដបន្ទាប់លើវិស័យនានា ដូចជាឧស្សាហកម្មទេសចរណ៍ ក្នុងនោះវិស័យសំណង់ បានបង្ហាញរូបរាងលេចធ្លោជាច្រើន ទាំងតូច ធំពាសពេញខេត្ដព្រះសីហនុ ដែលមានអាគារធំៗ ខ្ពសៗរាប់សិបជាន់។

លោកបន្តថា “វឌ្ឍនភាពរបស់ខេត្ដ នៃការកើនឡើងសំណង់ និងកំនើននៃអ្នកវិនិយោគនេះ គឺដោយសារកត្ដាធំៗពីរ នោះគឺកត្ដាសន្ដិភាព បានផ្ដល់នូវសុវត្ថិភាពក្នុងការកងសាង និងប្រកបរបររកស៊ីដោយសេរី និងកត្ដាច្បាប់ការពារប្រជាពលរដ្ឋ អ្នកវិនិយោគប្រកបដោយស្ថេរ​ភាពល្អ សម្រាប់បរិស្ថានវិនិយោគនៅក្នុងខេត្ដព្រះសីហនុ”។


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបាន​បង្ហាញ ក្នុងសន្និបាតក្រសួងកាលពីថ្ងៃម្សិលម៉ិញបានឲ្យដឹងថា ក្នុងរយៈពេល១១ខែនៃឆ្នាំនេះ ទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់មានទំហំ​ទឹកប្រា​ក់រហូតដល់ជាង១០០០លានដុល្លារអាមេរិក កើនឡើងជាង១០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ របាយការណ៍ដដែលបានឲ្យដឹងថា វិស័យសំណង់នៅខេត្ត ព្រះសីហនុមានការហក់ឡើងជាខ្លាំង ដោយមានគំរោងវិនិយោគរហូតដល់២៩៧គម្រោង ស្មើនឹងផ្ទៃក្រឡាសំណង់ជាង១,៦លានម៉ែត្រការ៉េ។

លោកយន្តមីន បានរំលឹកថា កាលពីមុនខេត្ដព្រះសីហនុ មានតែសណ្ឋាគារ៧ជាន់មួយគត់ដែលខ្ពស់ជាងគេ ប៉ុន្ដែឥឡូវនេះហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ដអារាម ជាពិសេសសំណង់ធំ ខ្ពស់ និងទំនើបៗ រីកលូតលាស់តាំងពីរាជធានី/ខេត្ដ ក្រុង/ស្រុក ឃុំ/សង្កាត់ ជាដើម។ល។

លោកអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋបន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយជួយថែរក្សាសន្ដិភាព ដែលកំពុងមាន ដើម្បីបន្ដការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ បានបង្ហាញឲ្យឃើញថា សំណង់តូច ធំ ក្នុងឆ្នាំ២០១៨ មានការកើនឡើង ប្រមាណ៣០ភាគរយ និងចំនួនគម្រោងបានកើនដល់២៨,៦៦ភាគរយ ធៀបទៅនឹងឆ្នាំមុន៕

រដ្ឋមន្ត្រីក្រសួង​ដែនដី​ប្រាប់​មន្ត្រី​រៀបចំ​វាយតម្លៃ​ប្រភេទ​ដី​ឲ្យ​បាន​ច្បាស់​ដើម្បីបង្កើន​ការប្រមូល​ព​ន្ឋ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​ឲ្យ​មន្ត្រី​សុរិយាដី​គ្រប់​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​តំបន់​វិនិច្ឆ័យ​វាយតម្លៃ​ក្បាលដី​ឲ្យ​បានច្បាស់លាស់ នៅតាម​តំបន់​ដី​ដែល​បាន​ចុះបញ្ជី ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​អាច​ប្រមូល​ព​ន្ឋ​បាន​ច្រើន​ចូល​រដ្ឋ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា បានលើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ២០១៨ និង​លើក​ទិសដៅ​ទៅ​ឆ្នាំ២០១៩ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា កន្លងមក​ភូមិសាស្ត្រ​ដីធ្លី​បាន​ប្តូរ​ប្រភេទ​ដី​ពី​ដី​កសិកម្ម ទៅជា​ដី​ឧស្សាហកម្ម  ដី​លំនៅឋាន និង​ដី​ផ្សារ​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ដី​កសិកម្ម​បានក្លាយ​ទៅជា​ដី​ឧស្សាហកម្ម និង​ដី​បុរី​ស្ទើរតែ​អស់​ទៅហើយ ចំណែក​ការអនុវត្តន៍​តាមផ្លូវ​ច្បាប់​វិញ នៅតែ​ចុះបញ្ជី​ជា​ដី​កសិកម្ម​ដដែល ។

លោក​បន្តថា “ការវាយតម្លៃ​ដីធ្លី​នេះ បើ​យើង​មិន​ធ្វើការ​លាតត្រដាង​នោះទេ រដ្ឋ​នឹង​បាត់​ចំណូល​ពន្ធ​លើ​បញ្ហាដីធ្លី​ជាច្រើន នឹង​ក៏មាន​ករណី​កើត​ឡើងលើ​បញ្ហាដីធ្លី​នេះ​មិន​តិចតួច​ផងដែរ ទាក់ទង​ការប្តូរ​ប្លង់ ឬ​កាត់​ប្លង់​ជាដើម។ លោក​បន្តថា “ចាប់ពីពេលនេះ​ទៅ​ប្រធាន​ភូមិបាល​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​រៀបចំ​តំបន់​វិនិច្ឆ័យ វាយតម្លៃ​ក្បាលដី​ឲ្យ​បានច្បាស់លាស់ នៅតាម​តំបន់​ដី​ដែល​បាន​ចុះបញ្ជី​រួចរាល់ ដើម្បី​ចៀសវាង​ការបាត់បង់​ថវិការ​ចំណូល​ពន្ធ​ចូល​រដ្ឋ។

លោក​ជា សុផារ៉ា​បាន​បន្តទៀតថា ដើម្បី​ចៀសវាង​បញ្ហា​បាត់ប្រាក់​ចំណូល​ពន្ធ​ចូល​រដ្ឋ យើង​ត្រូវ​បន្តធ្វើ​បច្ចុប្បន្នភាព​ក្នុង​មួយឆ្នាំ២ដង ព្រោះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នកប្រតិបត្តិ​នៅលើ​ការងារ​នេះ​ដោយផ្ទាល់។ ហេតុនេះ​ក្រោយពី​វាយតម្លៃ ឬ​ការប៉ាន់ស្មាន​ប្រភេទ​ដី​ថា ជា​ដី​កសិកម្ម ឧស្សាហកម្ម ដី​លំនៅឋាន ឬ​ដី​បុរីផ្សេងៗរួច យើង​ត្រូវ​រៀបចំ​ជា​ឯកសារ​ទម្រង់​បែបបទ និង​បញ្ជីស្នាម​ទាំងនោះ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះ​តាមរយៈ​ការអនុវត្តន៍​បែបនេះ រដ្ឋាភិបាល​នឹង​ទទួលបាន​ប្រាក់ចំណូល​កើនឡើង​មួយកម្រិត​ទៀត។

លោក​ច្រឹ​ក សុខ​នី​ម​ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី និង​ការបង្កើន​ការយក​ព​ន្ឋ​តាម​តម្លៃ​បច្ចុប្បន្នភាព អាចធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​ដី​ទំនេរ​ច្រើន ដែល​សកម្មភាព​អភិវឌ្ឍន៍​នឹង​ថមថយ​ផងដែរ ពិសេស​តម្លៃ​ដីធ្លី​នឹងមិន​កើនឡើង​ខ្ពស់ ព្រោះ​អ្នកមាន​ដីធ្លី​ពួកគេ​នឹង​លក់​ចេញ​មួយចំនួន ហើយ​អ្នកមាន​ដី​លក់​មិន​ចង់​លក់​ចេញ ដោយសារ​ការបង់​ព​ន្ឋ​កើនឡើង។

លោក​បន្តថា “កាលណា​ព​ន្ឋ​កាន់តែច្រើន នឹងធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​ថយចុះ និង​ថម​ថម​នូវ​ល្បឿន​នៃ​ការកើនឡើង​តម្លៃ​ដីធ្លី ហេតុនេះ​រដ្ឋាភិបាល​គួរ​ពិចារណា​លើ​បញ្ហា​នេះ។លោក​បន្តថា “ដើម្បី​ទប់​តម្លៃ​ដីធ្លី​កុំ​ឲ្យ​ឡើងថ្លៃ​ខ្លាំងពេក នៅ​ប្រ​ទស​រីកចម្រើន​មួយចំនួន ពួកគេ​ប្រើប្រាស់​វិធីសាស្ត្រ​ដំឡើង​ការយក​ព​ន្ឋ​បែបនេះ”៕

ក្រុមហ៊ុន​ធំ​មួយ​បោះទុន​ជិត៩៥លាន​ដុល្លារ​សាងសង់​សណ្ឋាគារ​កម្រិតផ្កាយ​ប្រាំ​នៅ​តំបន់​ជ្រៃ​ធំ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន​ធំ​មួយ​បានប្រកាស​គំរោង​វិនិយោគ​ទឹកប្រាក់៩៤,៥លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សណ្ឋាគារ​ប្រណីត កម្រិត​ផ្កាយ៥ នៅ​តំបន់​ជ្រៃ​ធំ​ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​យើង​ទទួលបាន​នា​ព្រឹក​ថ្ងៃទី២៥ ធ្នូ​នេះ​ថា គណកម្មការ​ធិ​ការវិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បានអនុម័ត​ឲ្យ​ក្រុមហ៊ុន SCORPIO CAMTRIP CO.,LTD គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ចំនួន៦០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល។

ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវបាន​រៀបចំ​រៀបចំ​ប្លង់គោល​ជិត​រួចហើយ ដើម្បី​រៀបចំ​ទីរួមស្រុក​នេះ​មាន​លក្ខណៈពិសេស និង​មាន​បែបផែន​ពិសេស​មួយ​ដែល​ត្រូវបាន​រដ្ឋាភិបាល​បានអនុម័ត​រួចហើយ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ប្លង់គោល ប្រើប្រាស់​ដី​ទីប្រជុំជន​ជ្រៃ​ធំ ដែល​គ្របដណ្តប់​លើ​ភូមិ​ចំនួន៣ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ៧០០០នាក់។

លោក​បន្តថា ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នេះ ជាការ​ជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព និង​ធ្វើយ៉ាងណា​ឲ្យ​ការអភិវឌ្ឍន៍​នៅ​តំបន់​នោះ​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ។

អភិបាលខេត្ត​កណ្តាល លោក​ម៉ៅ ភិ​រុណ​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​បាននិងកំពុង​រៀបចំ​តំបន់​ជ្រៃ​ធំ ជា​តំបន់​ពិ​សេសមួយ​តាមរយៈ​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​ឲ្យ​មាន​ភាពសមស្រប ដើម្បី​ទាក់ទាញ​ការអភិវឌ្ឍ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ៕

CDC អនុម័តគំរោងវិនិយោគទឹកប្រាក់ជិត ២៨៣លានដុល្លារដល់ក្រុមហ៊ុនចំនួន១០

0

ដោយគង់ សូរិយា

ភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគចំនួ​ន១០ ដែលមានទុនវិនិយោគជិត២៨៣លានដុល្លារអាមេរិក និងផ្តល់ការងារដល់ប្រ​ជា​ពលរដ្ឋរាប់ពាន់នាក់ នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ CDC ដែល Propertyarea.asia ទទួល​បាននាព្រឹកថ្ងៃទី២៥ ធ្នូនេះបានឲ្យដឹងថា នៅក្នុងខែធ្នូនេះគណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះវិញ្ញាបនបត្រអនុញ្ញាត្តឲ្យក្រុមហ៊ុន​ចំនួន១០ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះរូមមាន ទី១ ក្រុមហ៊ុនបង្កើតរោងចក្រផលិតស្រា និងស្រាបៀរ ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១៣,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦០កន្លែង។

ទី២ ក្រុមហ៊ុនបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១៧,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២១កន្លែង។ ទី៣ ក្រុមហ៊ុនដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦០១កន្លែង។

ទី៤ ក្រុមហ៊ុនផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌គ្រប់ប្រភេទ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៨កន្លែង។ ទី៥ ក្រុមហ៊ុនសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០KV ពីស្ថានីយវារី អគ្គិសនីស្ទឹងតាតៃ (ខេត្តកោះកុង) មករាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៦,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង។

ទី៦ ក្រុមហ៊ុនបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក “កែវ ដប ចាន ប្រអប់ ថង់ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។ ទី៧ ក្រុមហ៊ុន បង្កើតរោងចក្រផលិតស្បោង ប្លាស្ទិក និងបោះពុម្ព ស្ថិតនៅផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

ទី៨ ក្រុមហ៊ុន ធ្វើអាជីវកម្មថ្មអារ (ថ្មម៉ាប) ស្ថិតនៅតំបន់ភ្នំជំរាល ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦កន្លែង។ ទី ៩ក្រុមហ៊ុនបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១១,១១លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានចំនួន ៤០១កន្លែង។និងទី១០ ក្រុមហ៊ុនសាងសង់ និងធ្វើអាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៩៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២១កន្លែង៕

ក្រុមហ៊ុនធំមួយរបស់ចិនគ្រោងបោះទុនចិញ្ចឹមបង្កងនៅកម្ពុជាដើម្បីនាំចេញ

0

ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុនវិនិយោគ ចិញ្ចឹមបង្កងនៅកម្ពុជាដើម្បីនាំចេញទៅកាន់បរទេស ខណៈពួកគេបានសិក្សាពីការធ្វើវារីវប្បកម្ម ចិញ្ចឹមបង្កងតាមលក្ខណៈធម្មជាតិ។


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហើបឲ្យដឹងក្នុងពេលលោកត្រលប់មកពីទស្សនកិច្ច ការវិនិយោគប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish)នៅតាមដីស្រែរបស់ក្រុមហ៊ុនHubei Laker Group នៅខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៤ ធ្នូកន្លងមកថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃ ពីស្ថានភាពនៃការចិញ្ចឹមបង្កងនៅក្នុងដីស្រែនៅប្រទេសចិន លក្ខខណ្ឌបច្ចេកទេសសក្តានុពលសេដ្ឋកិច្ច និងពិភាក្សាពីកិច្ចសហប្រតិ​បត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។

លោកបន្តថា “ជំហ៊ានបន្ទាប់គឺក្រុមហ៊ុនចិន នឹងចាត់បញ្ជូនអ្នកជំនាញចុះមកសិក្សាពីទីតាំង និងភូមិសាស្រ្តនៅកម្ពុជា ជាមួយរដ្ឋបាលជលផល ព្រមទាំងរៀបចំចុះអនុស្សារណៈយោគយល់ជាមួយក្រសួង មុននឹងចាប់ផ្តើមបោះទុនវិនិយោគ”។

លោកបន្តថា “ក្រុមហ៊ុនខាងលើ ក៏មានបំណងសហការជាមួយរដ្ឋបាលជលផល ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍ពូជបង្កង និងចិញ្ចឹមសាកល្បងមុននឹងចាប់ផ្តើមពង្រីក និងផ្សព្វ​ផ្សាយពីការចិញ្ចឹមដល់កសិករ ឬដៃគូដទៃទៀត”។


តំណាងក្រុមហ៊ុន Hubei Laker Group បានបញ្ជាក់ថា ​ការវិនិយោ​​​គរប​​​​​​​​​​​​​​​​​​​​​​ស់ក្រុមហ៊ុននៅប្រទេ​​​​​​​​​​​​សចិន​​​​​​​​​​​​​​ជួបប​​​​​​​​​​​ញ្ហាប្រ​​​​​​ឈមពីរ គឺខុសពីលក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជា ទី១អាកា​​​​សធាតុនៅ​​​​​​​​​​​​ចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានស៊ីតុណ្ហភា​​​​​​​​​​​​​​​​​ពត្រជាក់​​​​​​​​​​​ខ្លាំង​​​​​​​​​​​​នៅរដូ​​​​​​​​​​​​វរងារ ដែលធ្វើឲ្យបង្កង​​​​មិនអាចលូតលា​​​​​​​​​​​ស់បាន​​​​​​​​​​​​​​​​​​​ និងទី២ ព​​​​​​​​​​​​​​​លកម្មសម្រា​​​​​​​​​​​ប់ធ្វើការ​​​​​​​​​​​​កែច្នៃមា​​​​​​នតម្លៃខ្ពស់ ដែ​​​​​​​​លធ្វើឲ្យតម្លៃផ​​​​​​​​​​​លិតផ​​​​​​​​​​​​​​​​​​​​​​លសម្រេច​​​​​​​មានកម្រិតខ្ពស់។

ហេតុដូច​នេះក្រុមហ៊ុ​​នមានបំណ​​​​​​​​​ងចង់ ទៅ​​​​​​​​​​​​​​បោះទុនវិនិយោ​​​​​​​​​​​​គលើការចិញ្ចឹម និងកែ​ច្នៃបង្កង​​​​​នៅ​​​​កម្ពុជាដោយស្នើឲ្យក្រសួង​កសិកម្ម រុក្ខាប្រមា​​ញ់ និងនេសា​​​​​​​​​​​​​​​​ទ និងរាជរដ្ឋាភិបា​​​​​​​​​​​​លកម្ពុជាជួ​​​​​​​​​​​យគាំទ្រដ​​​​​​​​​​​​ល់គម្រោ​​​​​​ងនេះ។


លោករដ្ឋមន្រ្តីបានស​ម្តែងក្តីត្រេក​​​​​​​​​​​​​​អរ និសូមស្វាគម​​​​​​​​​​ន៍គម្រោងវិនិយោ​​​​​​​​​​គ​​​​​​​​​​​​​​​​​​​​​​វារីវប្បកម្មបង្កង​​​​​​​​​​​​​នៅកម្ពុជា ​​​​​​​​​​ដោយ​​លោកគិតថា​​​ការវិនិយោគបែបនេះ ​អាចជួយជំរុញកំណើន​​​​​​​​ជីវភាព​​​​​​​​​​​​​​​​​កសិករ និង​​​​​​​​​​​​​​​​សេដ្ឋកិច្ច​​​​​ជាតិ៕

លោកជា សុផារ៉ាអះអាងថានឹងចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឲ្យចប់នៅឆ្នាំ២០២១

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា ក្រសួងនឹងចុះបញ្ជីក្បាលដីជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានចប់នៅត្រឹមឆ្នាំ២០២១ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋមានទុន អាចលក់ ឬអនុវត្តន៍តាមកិច្ចព្រមព្រៀងផ្សេងៗគ្នា។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ាបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០១៨ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា ជាគោលដៅរបស់ក្រសួង ដីទាំងអស់នៅទូទាំងប្រទេសត្រូវតែចុះបញ្ជី នឹងត្រូវតែបានធ្វើជាកម្មសិទ្ធ ដើម្បីធានាក្លាយទៅជាទុនពិតប្រាកដរបស់ប្រជាពរដ្ឋ ហើយប្រជាពលរដ្ឋត្រូវតែយល់ថា នេះគឺជាអំណោយដែលបានមកពីរាជរដ្ឋាភិបាលក្រោយការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឲ្យប្រជាពលរដ្ឋបានជាទុន អាចលក់ ឬអនុវត្តន៍តាមកិច្ចព្រមព្រៀងផ្សេងៗគ្នា ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋយើងកាន់តែមានជីវភាពល្អប្រសើ។

ឯកឧត្តមបន្តថា ការអនុវត្តចុះបញ្ជីដីធ្លីនេះ ប្រធានភូមិបាលរាជធានីខេត្តទាំងអស់ ត្រូវចាត់ទុកថា នេះជាជំហ៊ានដំបូងនិងធំបំផុត ក្នុងការផ្តល់កម្មសិទ្ធជូនប្រជាពលរដ្ឋ ក្នុងនោះគឺចង់ឲ្យប្រជាពលរដ្ឋដឹងថា ទុនរបស់ពួគគាត់សព្វថ្ងៃមានប៉ុន្មាន និងនៅលើអ្វីដែលពួគគាត់បានខិតខំប្រឹងប្រែង”។

លោកបន្តថា “ដូច្នេះសូមភូមិបាលទាំងអស់ ត្រូវអនុវត្តន៍តាមនីតិវិធី នៃការចុះបញ្ជីក្បាលដីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានចប់នៅត្រឹមឆ្នាំ២០២១”។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាបានបន្តថា ការអនុវត្តន៍នីតិវិធីចុះបញ្ជីរក្បាលដីថ្មីនេះ ក្រសួងឈប់ចេញប័ណ្ណភគ្គ ព្រោះការចេញប័ណ្ណភគ្គនេះ វាជាចំណុចរសើប និងប៉ះពាល់ផលប្រយោជន៍របស់ប្រជាជន ប៉ះពាល់ដល់ទុនវិនិយោគ ជាពិសេសប៉ះពាល់ដល់ថវិការបស់ជាតិ។ យើងចាប់ផ្តើមដកហេដ្ឋានរចនាសម្ព័ន្ធ ចេញកម្មប្លង់សិទ្ធជូនទៅដល់ប្រជាពលរដ្ឋតែម្តង ក្នុងនោះប័ណ្ណភគ្គ និងប័ណ្ណកម្មសិទ្ធខុសគ្នា គឺប័ណ្ណភគ្គមិនទាន់ដកហេដ្ឋារនាសម្ព័ន្ធ។


ដូច្នេះមន្ទីរទាំងអស់ត្រូវរៀបចំតំបន់វិនិច្ឆ័យនៅតាមភូមិ និងការរៀបចំតំបន់រដ្ឋបាល រៀបចំហេដ្ឋានរចនាសម្ព័ន្ធនៅតាមបណ្តាឃុំ និងសង្កាត់ គឺជារដ្ឋបាលថ្នាក់ក្រោយជាតិ មានន័យថា រដ្ឋបាលសុរិយាដីជាអ្នកគាំទ្របច្ចេកទេស ដោយចុះហត្ថលេខាទទួលស្គាល់ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រគល់ភារកិច្ចនេះជូនដល់អភិបាលរាជធានីខេត្ត ដើម្បីចុះហត្ថលេខាទទួលស្គាល់ នៅតាមតំបន់ហេដ្ឋារចនាម្ព័ន្ធ ដោយសហការគ្នាជាមួយក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសាធារណៈការ ដើម្បីឯកភាពគ្នាពីប្លង់គោលដែលមានហេដ្ឋារចសម្ព័ន្ធស្រាប់ ដើម្បីជម្រុញការចុះបញ្ជីឲ្យមានប្រសិទ្ធភាពខ្ពស់៕