ដំណឹងល្អៈរដ្ឋមន្រ្តីពាណិជ្ជកម្មសន្យារកវិធីសាស្រ្តទប់មិនឲ្យតម្លៃកសិផល ធ្លាក់ចុះនៅឆ្នាំ២០១៩

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ រដ្ឋមន្រ្តីពាណិជ្ជកម្មសន្យារកវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ក៏ដូចជាទុន ដើម្បីទប់តម្លៃកសិផល មិនឲ្យធ្លាក់ចុះនៅឆ្នាំ២០១៩ខាងមុខនេះ។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន ក្រោយពិធីបើកសន្និបាតក្រសួងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងកន្លងមកនេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ការធ្លាក់ចុះតម្លៃនៃកសិផលកន្លងមក ដោយសារតែដល់រដូវប្រមូលផល នៅប្រទេសជិតខាងក៏ប្រមូលដូចគ្នានៅកម្ពុជាផងដែរ ដែលធ្វើឲ្យតម្លៃកសិផលមានការធ្លាក់ចុះនិងធ្វើឲ្យយើងមានបញ្ហា។

លោកបន្តថា ដើម្បីធ្វើឲ្យប្រសើរឡើងលើការងារនេះ ក្រសួងបានរៀបចំគោលដៅជួយកសិករ ផលិតករ ដើម្បីទទួលបាននូវឥណទានសមស្រប រកទីផ្សារ ផ្តល់បច្ចេកទេសដាំដុះនិងប្រមូលផល កែច្នៃ វិចខ្ចប់ និងបង្កើតយន្តការអចិន្រ្តៃយ៍សម្រាប់ជួយអន្តរាគមន៍ សំដៅរក្សាស្ថេរភាពថ្លៃនៅក្នុងរដូវប្រមូលផល ក៏ដូចជាធ្វើសន្និធិទំនិញយុទ្ធសាស្រ្តសំខាន់ៗ ដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងរៀបចំយន្តការសម្រាប់ធានាស្ថេរភាពថ្លៃ និងរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការនៃទំនិញយុទ្ធសាស្រ្តទាំងនោះលើទីផ្សារជាដើម។

លោកបន្តថា “កិច្ចការទាំងនេះនឹង​ចេញជាផ្លែផ្កាខ្លះៗ នៅឆ្នាំ២០១៩ខាងមុខ និងឆ្នាំជាបន្តបន្ទាប់ ដើម្បីដោះស្រាយនូវបញ្ហាប្រមូលកសិផល ដែលជារដូវទទួលផលផងនោះ”។

​តម្លៃកសិផលជារឿងមួយដែលកសិករកម្ពុជា តែងតែជួបបញ្ហាប្រឈមនៅពេលរដូវ​ប្រមូលផលមកដល់ ដោយសារតម្លៃកសិផលតែងតែធ្លាក់ចុះ ហើយអ្នកជំនាញតែងលើកឡើងថា បញ្ហាធ្លាក់ចុះឬកើនឡើងតម្លៃកសិផល គឺដោយសារកម្ពុជាការពឹងផ្អែកប្រទេសជិតខាង។ ហេតុនេះរដ្ឋាភិបាលត្រូវពង្រីកទីផ្សារខ្លួនឯងទៅកាន់ប្រទេសទី៣ តាមរយៈការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសការដឹកជញ្ជូនតាមកំពង់ផែសមុទ្រ ទើបអាចនាំផលិ​តផលក​ម្ពុជាទៅកាន់ទីផ្សារ ដែលឆ្ងាយពីប្រទេសជិតខាងកម្ពុជាបាន៕

អស្ចារ្យ! វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ស្រូប​បាន​ទឹកប្រាក់​ជាង១ពាន់​លានដុល្លារ​នៅ​ឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

ព្រះសីហនុ៖ ក្រុងព្រះសីហនុ​បានក្លាយ​ជា​ប៉ូ​ស​សេដ្ឋកិច្ច​ទី២ យ៉ាង​ឆាប់រហ័ស​ដោយ​គិតតែ​រយៈពេល១១ខែ​នៃ​ឆ្នាំនេះ ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង១០០០លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង១០០០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៧ ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ចែក​ផ្សាយ​ក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ២០១៩ នា​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ បង្ហាញថា វិស័យ​សំណង់​នៅ​ខេត្ត ព្រះសីហនុ​មានការ​ហក់​ឡើងជា​ខ្លាំង ដោយមាន​គំរោង​វិនិយោគ​រហូតដល់២៩៧គម្រោង ស្មើនឹង​ផ្ទៃក្រឡា​សំណង់​ជាង១,៦លាន​ម៉ែត្រការ៉េ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា បើ​គិតតែ​គម្រោង​សំណង់​មានការ​កើនឡើង ៥៨ភាគរយ និង​មាន​ទំហំ​ក្រឡា​ផ្ទៃ​សំណង់​មានការ​កើនឡើង១០២ភាគរយ និង​ទំហំ​ទឹកប្រាក់​វិញ មានការ​កើនឡើង​រហូត​ដល់១១៤៧ភាគរយ។ តាម​គម្រោង​សំណង់​អាគារ​ទាំងនេះ មាន​សំណង់​អាគារ​ដែលមាន​កម្ពស់​ចា​ប់​ពី៥ជាន់ ដល់៤៣ជាន់ មាន​ចំនួន​រហូតដល់៦០គម្រោង។

ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ក្នុងឆ្នាំនេះ​មាន​ទំហំ​ទឹកប្រាក់៥២០០លាន​ដុល្លារ​អាមេរិក ដែលមាន​ចំនួន២៨៦៧គម្រោង លើ​ផ្ទៃក្រឡា​ដី​ជាង១១ លាន​ម៉ែត្រការ៉េ៕

ដំណាច់ឆ្នាំ២០១៨ សំណង់ខ្ពស់ៗនៅ​ភ្នំពេញ​កើន​ដល់ ១២៧៥អាគារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទន្ទឹមនឹង​ការរីកចម្រើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​បានធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​មានការ​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​លឿន ជាក់ស្តែង​សំណង់ខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​បាន​កើន​ដល់១២៧៥អាគារ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បានដាក់​បង្ហាញ​ក្នុង​សន្និបាត​ក្រសួង​នា​ព្រឹក​ថ្ងៃទី២៤ ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា សំណង់ខ្ពស់ៗដែលមាន​កំពស់​ចាប់ពី៤ជាន់​ឡើងទៅ​មាន​ចំនួន១២៧៥អាគារ ប៉ុន្តែ​បើ​គិតតែ​ឆ្នាំ២០១៨នេះ សំណង់​អាគារខ្ពស់ៗដែល​បាន​សាងសង់​ចាប់ពី៥ជាន់​ឡើងទៅ មាន​ចំនួន១១០អាគារ។

ជាមួយនឹង​ការរីកចម្រើន​នេះ ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដោយ​ឆ្នាំ២០១៨នេះ​ទុនវិនិយោគ ក្នុង​វិស័យ​សំណង់​មាន​ទំហំ៥២០០លាន​ដុល្លារ ថយចុះ១២០០លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ទុនវិនិយោគ​រហូតដល់៦៤០០លាន​ដុល្លារ​អាមេរិក។

ការរីកចម្រើន​ក្នុង​វិស័យនេះ កើតឡើង​ដោយ​កត្តាសំខាន់ៗជាច្រើន រួមមាន​កត្តា​សន្តិភាព ស្ថេរភាព​នយោបាយ កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ​ដែល​កម្ពុជា​សម្រេចបាន​កំនើន​ជាង៧ភាគរយ​ក្នុង​រយៈពេល​ជាង២ទសវត្សរ៍ ប្រ​ព័​ន្ឋ​ច្បាប់​វិនិយោគ​មាន​ភាព​ទាក់ទាញ និង​កម្ពុជា​ជាទី​ផ្សារ​ថ្មី​ដែលមាន​ការរីកចម្រើន​លឿន ដោយ​ផ្តល់​ឲ្យ​អ្នកវិនិយោគ​ទទួលបាន​ផលចំណេញ​ច្រើន​ពី​ការវិនិយោគ​របស់​ពួកគេ៕

ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោកកើនទឹកប្រាក់ជិត២៥ពាន់

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក សម្រេចបានទំហំទឹកប្រាក់ជិត២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើង៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចែកជូនបណ្តាញអ្នក​សារព៌តមាននៅក្នុងសន្និបាត បូកសរុបការងាររបស់ក្រសួងនាព្រឹកថ្ងៃទី២៤ ធ្នូនេះបានឲ្យដឹងថា តម្លៃទំនិញនាំចូលនិងនាំចេញប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ សរុបជាទឹកប្រាក់មានចំនួន២៤,៩៨៥លានដុល្លារ(២៤ពាន់ ៩៨៥លានដុល្លារ) កើនឡើង៥ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ត្រឹម២៣,៧៩៦លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងរយះពេលមួយឆ្នាំពេញ២០១៨ តម្លៃទំនិ​ញនាំចូលសរុប មានចំនួនជាង១៣ពាន់ ៧៧១លានដុល្លារ) និងតម្លៃនាំចេញសរុបជាង១១ពាន់២១៤លានដុល្លារ។


លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័តមានក្រោយពេលបើកសន្និតបាតរបស់ក្រសួងថា ទោះបីក្នុងឆ្នាំ២០១៧ និង២០១៨ កម្ពុជាបានទទួលរងនូវបច្ច័យមិនអំណោយផលនានា បណ្តាលមកពីកត្តាក្នុងនិងក្រៅប្រ​ទេ​សយ៉ាងណាក៏ដោយ តែការនាំចេញរបស់កម្ពុជាមានកំណើនប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០១៨ ដែលកំណើននេះទទួលបានពីការបន្តកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សា​ហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារនាំចេញ ទៅកាន់ជាង១៤០ប្រទេសនៅទូទាំងពិភពលោក។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានស្នើបុគ្គលិក មន្រ្តីក្រោមឱវាទទាំងអស់យកចិត្តទុកដាក់បន្តទៀត លើការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ខិតខំពង្រឹងសមត្ថភាពនិងប្រសិទ្ធិភាពការងារ តាមរយះការធ្វើកំណែទម្រង់នានា ដែលក្នុងនោះរួមមានរចនាសម្ព័ន្ធគ្រប់​គ្រង ការអភិវឌ្ឍស្ថាប័ន ការពង្រឹងធនធានមនុស្ស និងការកែលម្អរសេវាសាធារណៈជាដើម ដោយប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យាទំនើប៕

អស់​បារម្ភ​ហើយ! ខេត្ត​ព្រះ​ស៊ី​ហ​នុ​ត្រៀម​តង់​បន្ទប់​ជិត ៩០០០បន្ទប់​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

0

ដោយ វុត្ថា

ព្រះសីហនុ៖ ឆ្លើយតប​នឹង​ការបារម្ភ​ទាក់ទង​កង្វះ​បន្ទប់​ស្នាក់នៅ រដ្ឋបាលខេត្ត​ព្រះ​សីហ​ន​បានប្រកាស​ជាថ្មី​ថា ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ត្រៀម​បន្ទប់​ស្នាក់នៅ​ជិត៩០០០បន្ទប់ តង់៣០០ និង​រៀប​ប្រគុំ​តន្ត្រី​តាំង​ពិ​ព៌​ណ២៥០ស្តង់ សម្រាប់​ទទួលភ្ញៀវ​ទេសច​រនា​បុណ្យ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ខាងមុខនេះ។

អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក​យន្ត មីន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី២៣ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា រដ្ឋបាលខេត្ត បាន​ត្រៀម​រៀបចំ​រួចជាស្រេច​នូវ​ព្រឹត្តិការណ៍​បុណ្យ ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ នៅ​ឆ្នេរ​ឯករាជ្យ ស្ថិតក្នុង​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ និង​រៀបចំ​នូវ​ព្រឹត្តិការណ៍​ជាច្រើន ដូចជា​ការប្រគំ​តន្ត្រី​រយៈពេល ៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ឆ្នេរ​ឯករាជ្យ ដែលមាន​តារាល្បីៗនៅ​កម្ពុជា ចូលរួម​សម្ដែង​ផងដែរ។

ជាមួយនឹង​យុ​ទ្ឋ​សាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​កើន​ឡើងវិញ លោក​យន្ត មីន​បាន​ថ្លែងថា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ត្រៀម បន្ទប់​ស្នាក់នៅ​ជិត ៩.០០០បន្ទប់ ក្រៅពី​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់ រដ្ឋបាលខេត្ត ក៏បាន​ត្រៀម​រៀបចំ​តង់​ស្នាក់នៅ​ចំនួន៣០០បន្ថែមទៀត នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល (ឆ្នេរ​អា​រី​ស្តុ​ន) ចំពោះ​តង់​និ​មួយ​មានតម្លៃ​ចាប់ពី១៥ សម្រាប់​មនុស្ស២នាក់។ ចំណែក២០ដុល្លា​អាមេរិក សម្រាប់​មនុស្ស៤នាក់ និង​មាន​រៀបចំ​ភ្លើង​បំភ្លឺ​ពេលយប់ បង្គន់​អនាម័យ​ចល័ត​ចំនួន៤០ បន្ទប់​សម្រាប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ភ្ញៀវ និង​ការការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ប្រកបដោយ​ផាសុខភាព​ថែមទៀត។

ទន្ទឹម​នោះ​រដ្ឋបាលខេត្ត សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​បាន រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន២៥០ស្តង់ ដាក់​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ដើម្បី​ត្រៀម​រៀបចំ​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល២០១៨-២០១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ កាន់តែ​ច្រើនឡើង​បន្ថែមទៀត៕

វិភាគ៖ វិមានឈ្នះ ឈ្នះ តំណាងវីរៈភាព និងបញ្ចប់ការបែកបាក់ជាតិរយៈពេល ៥០០ឆ្នាំ

0

ដោយលាងគង់ យិនស្ថាបនិក និងអគ្គនាយក Propertyarea.asia

ភ្នំពេញនៅពេលនិយាយពីសន្តិភាព និងការបង្រួបបង្រួមជាតិ មានការលើកឡើងនូវបុគ្គលលេចធ្លោមួយចំនួននៅចុងសតវត្សរ៍ទី២០ និងដើមសវត្សរ៍ទី២១នេះប៉ុន្តែតើអ្នកណា​ជាតួអង្គពិតប្រាកដក្នុងការនាំមកនូវសន្តិភាព និងឯកភាពជាតិទាំងស្រុង សច្ចធ៌​ម​ប្រវ​ត្តិសាស្រ្តពិតជាមិនអាចប្រកែកបាន។

ស្ថាបនិកសន្តិភាព

មហាបុរសពីររូប បានរួមគ្នានាំនូវសន្តិភាព​លើទឹកដី ដែលហែកហួរដោយសារស  ង្រ្គា​ម និងឳនភាពក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំកន្លងមកនេះ នោះគឺអតីតសម្តេចព្រះ​បរមរតនកោដិ នរោត្តម សីហនុ និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានា​ពេលបច្ចុប្បន្ននេះ និងទំនងជានាយករដ្ឋមន្រ្តីវ័យក្មេងជាងគេ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលពេលនោះឯកឧត្តមហ៊ុន សែនមានអាយុត្រឹម២៧ឆ្នាំប៉ុណ្ណោះ។

ការចចារសន្តិភាព​ដែលបានអូសបន្លាយរយៈពេលយ៉ាងយូរ ហើយកំឡុងពេ​លចចារ ក៏ជាពេលវេ​លាដែលខ្មែរកំពុងកាប់សម្លាប់គ្នាផងដែរ។ ប៉ុន្តែការអូសបន្លាយនេះបា​នបញ្ចប់ដោយសា​រ​សម្ពាធពីអន្តរជាតិ ហើយកិច្ចចចារសន្តិភាពបានទទួលជោគជ័យនៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ដែលទីបំផុតទាហ៊ានមួកខៀវកម្ពុជា ត្រូវបានអនុញ្ញាត្តឲ្យចូលមកកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ព្យាបាលស្នាមរបួសផ្លូវចិត្ត និងនាំមកនូវការបោះឆ្នោតមួយពោរពេញដោយភាពចម្រូងចម្រាស ទោះជាពួកគេចំណាយប្រាក់អស់រហូតដល់២០០០លាន​ដុល្លារ ក្នុងរយៈពេលត្រឹមតែបីឆ្នាំ។

​ការរៀបចំការបោះឆ្នោត ដែលបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ពិតជាបានបញ្ចប់សោកនាដកម្មមួយមួយផ្នែក និងនាំមកនូវសករាជថ្មីមួយ ទោះបីជាសន្តិភាព មិនទាន់គ្រប់ទឹកក៏ដោយ តែវាជាការចាប់ផ្តើមនាំកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយពិភពលោកចាប់ផ្តើមសម្លឹងមកកាន់កម្ពុជាក្នុងរូបភាពវិជ្ជមានជាងមុន។

ពេលវេលាត្រូវផ្សះផ្សាររបួសផ្លូវចិត្ត

ទស្សនវិទូមួយរូបលើកឡើងថា សន្តិភាពពិតប្រាកដមិនអាចបញ្ចប់ដោយគ្រាប់កាំ​ភ្លើងទេ” តែសន្តិភាព​ដែលនាំមក​ជាមួយនូវការផ្សះផ្សារផ្លូវចិត្ត និងព្យាបាលស្នាមរបួសក្នុងអតីតកាល។ វាពិតជាត្រូវការពេលវេលាសមស្របមួយ និងយូរអង្វែង។ ហេតុនេះទើបក្រោយការប្រកាសលទ្ឋផលឆ្នោត មាន​បញ្ហាចម្រូងចម្រាសមួយកើតមាន(ប៊ិះផ្ទុះសង្រ្គាមជាថ្មី តែអ្វីពិតជាមានអាថ៌កំបាំ​ងធំមួយនៅពីក្រោយ អ្នកនិពន្ឋនឹងបញ្ចេញនៅពេលណាមួយសមស្រប)។

វាជាការធម្មតា ដែលវាទបដិវាទបានកើតឡើង ដោយសារអ្នកនយោបាយពីរក្រុមដែលកើតពីគ្រួសារមានឋានៈខុសគ្នាដូចមេឃនិងដី ទទួលមនោគមវិជ្ជានយោបាយខុសគ្នា ជាហេតុធ្វើឲ្យប្រព័ន្ឋនៃការគិតរបស់ក្រុមអ្នកនយោបាយទាំងពីរខុសគ្នា។ អ្វីកាន់តែខុសគ្នា គឺអ្នកនយោបាយម្ខាង ជាអ្នកសិក្សាទ្រឹស្តីច្រើនជាងការអនុវត្តផ្ទាល់ តែអ្នកនយោ​បាយមួយ​ក្រុមទៀត មិនសូវបានសិក្សាទ្រឹស្តីនយោបាយច្រើនទេ តែក្រុមនេះជាអ្នកអនុវត្តន៍ផ្ទាល់ និងស្គាល់រាក់ជ្រៅ ច្រើនជាងអ្នកសិក្សាតែទ្រឹស្តី ដែលប្រកាន់ខ្ជាប់នូវលទ្ឋិប្រជាធិបតេយ្យ​និយម តែជាលទ្ឋិប្រជាធិបតេយ្យតែសម្បកក្រៅ បែបលាពាក់ស្បែកខ្លា។

ការវេញគ្នាជាធ្លុងមួយ ជារឿងលំបាកមួយ ដែលត្រូវការពេលវេលាពិសោធន៍ ពេលវេលាសិក្សាគ្នាទៅវិញទៅមក ដើម្បីរកមូលដ្ឋានពិតប្រាកដ ទើបអាចឈានទៅផ្សះ​ផ្សារគ្នាបាន។

​ការប៉ះទង្គិច

ដោយសារការមិនចុះសម្រុងគ្នាផ្នែកនយោបាយ ភាពប្រទូស្តរាយក្នុងឆាកនយោ​

បាយ បានកើតមានជាបន្ត​បន្ទាប់ រហូតមានការផ្ទុះអាវុធកណ្តាលក្រុងភ្នំពេញនៅថ្ងៃទី៥ ៦កក្កដា ឆ្នាំ១៩៩៧ ដែលទីបំផុតក្រុមអ្នកនយោបាយ បែបអេលីតនិយមទទួលរងភាពបរាជ័យយ៉ាងអាម៉ាស់ ដោយក្រុមអេលីតនិយម បានទាក់ទាញទាហ៊ានខ្មែរក្រហម ដើម្បីកំទេចក្រុមអ្នកនយោបាយដែលពូកែអនុវត្តន៍ជាជាងទ្រឹស្តី។

ស៊ុន អ៊ូ អ្នកយុទ្ឋសាស្រ្ត និងជាមេទ័ពដ៏ល្បីរបស់ចិនលើកឡើងថា “ស្គាល់ខ្លួនឯង ស្គាល់ខ្មាំង ច្បាំង១០០ដងឈ្នះទាំង១០០ដង ស្គាល់ខ្លួនឯងមិនស្គាល់ខ្មាំង ច្បាំងមានចាញ់មានឈ្នះ តែបើមិនស្គាល់ខ្លួនឯង មិនស្គាល់ខ្មាំងច្បាំង១០០ដង ចាញ់ទាំង១០០ដង”។

ទស្សននេះបានឆ្លុះបញ្ចាំងនូវលទ្ឋផល របស់ក្រុមអ្នកនយោបាយពីរក្រុមនេះយ៉ាង​ប្រក្សត្រ។

សង្រ្គាមចិត្តសាស្រ្ត និងការអនុវត្តន៍ផ្ទាល់បានធ្វើឲ្យក្រុមអ្នកនយោបាយ ដែលមានប្រវត្តិតស៊ូ និងឆ្លងកាត់សមរភូមិរាប់មិនអស់ បានទទួលលទ្ឋផលជោគជ័យដ៏ត្រចេះត្រចង់ ហើយក្រុមនេះហើយ ដែលបាននាំមកនូវសន្តិភាពទាំងស្រុងសម្រាប់កម្ពុជា។

បុរសសន្តិភាពនិយមកាន់តែលេចធ្លោ

យុគសម័យព្រះបាទធម្មិក និងដំរីសភ្លុកខៀវបានបញ្ចប់ ហើយប្រវត្តិសាស្រ្តកម្ពុជាបានបង្ហាញនូវមហាបុរសថ្មីមួយរូបកាន់តែច្បាស់។ មហាបុរសនេះហើយដែលបានចូលមកបន្សាបយុទ្ឋសាស្រ្តនយោបាយ របស់ទ័ពព្រៃរបស់ពួកខ្មែរក្រហម ដែលបានប្រើប្រាស់វិធីសាស្រ្តច្រេសស៊ីដែក។

យុទ្ឋសាស្រ្តថ្មីមួយដែលត្រូវ​បានដាក់ឈ្មោះថា យុទ្ឋសាស្រ្តឈ្នះ ឈ្នះត្រូវបានដាក់ចេញដោយឯកឧត្តមហ៊ុន សែននាពេលនោះ(សម្តេចមិនទាន់ទទួលបានគោរមងារ)។ តាមរយៈភាពប៉ិនប្រសព្វ ទេព​កោសល្យ និងការដឹកនាំប្រើប្រាស់មនុស្សចំជំនាញ មានសមត្ថភាព អង់អាចក្លាហាន និង​ប្រកបដោយវីរៈភាព។

សម្តេចតេជោបានប្រើប្រាស់វិធីសាស្រ្តបែបនរវិទ្យា និងធ្លុះបញ្ចាំងពីតម្រូវការរបស់មនុស្សជាតិ។ បុរស​ខ្លាំងនៃកម្ពុជារូបនេះ បានដាក់ចេញនូវគោលនយោបាយបីសំខាន់ៗ ដើម្បីទាញខ្មែរក្រហមចេញពីព្រៃ បង្រួបបង្រួមខ្មែរតែមួយ និងនាំសន្តិភាពមកក្រាលគ្របលើផ្ទៃប្រទេសជាថ្មី ដែលរយៈពេល៥០០ឆ្នាំកន្លងមកនេះ ខ្មែរមិនដែលបានសុខសាន្តនឹងគ្នាឡើយ។

នយោបាយសំខាន់ៗចំនួនបីចំណុចនោះគឺ ទី១ ការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់អតីតគូបដិបក្ស ទី២ ការផ្តល់ការងារ និងអាជីពដល់អ្នកដែលបានដាក់អាវុធនិង​ទី៣ ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដី និងអគារដែលពួកគេកាន់កាប់។
សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងសន្ទរកថា នៅពេលខ្មែរក្រហមត្រូវបានធ្វើសមាហរណកម្មចូលសង្គមជាតិវិញថា “ដោយសារចំណុចសំខាន់ទាំងបីនេះហើយ ទើបយើ​ង​អាចកំទេចអង្គការចាត់តាំងនយោបាយ និងយោធាមួយ ដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើង សូម្បីតែមួយគ្រាប់ហើយ ព្រមទាំងអាចនាំមកនូវសន្តិភាព និងវឌ្ឍនភាព ជូនដល់ប្រជាជនកម្ពុជាទាំងអស់”។

តើអ្នកណានិយាយពីវាបើខ្ញុំស្លាប់

ដោយហ៊ានពលីកម្មជីវិត ដើម្បីចូលព្រៃចចារជាមួយខ្មែរមេដឹកនាំខ្មែរក្រហម សម្តេ​ចតេជោ ត្រូវបានអ្នកម្តាយហាមឃាត់ ដោយសារបារម្ភពីអាយុជីវិតរបស់លោក ប៉ុន្តែស   ម្តេចបានប្រាប់អ្នកមានគុណសម្តេចវិញថា “បើសម្តេចបរាជ័យគឺស្លាប់តែម្នាក់ឯង តែបើសម្តេចទទួលជោគជ័យ គឺសម្តេចអាចនាំសន្តិភាពសម្រាប់ប្រទេស និងផលប្រយោជន៍សម្រាប់ជាតិខ្មែរ​មូយប្រទេស”។

រំលឹកដល់នយោបាយឈ្នះ ឈ្នះ ដែលសម្តេចនិងសហសេវិកអនុវត្តន៍បានដោយ​ជោគជ័យ និងបានបញ្ចប់ការបែកបាក់សង្គមខ្មែរ សម្តេចតេជោហ៊ុន សែនបានលើកឡើង​នូវសារដ៏រំជួលចិត្តនាគ្រាមួយថា “តើនរណាដឹងថាអ្វីនឹងអាចកើតឡើង។ ប្រសិនបើខ្ញុំមិនអាចនិយាយ ឬ ប្រសិនបើខ្ញុំស្លាប់ទៅគ្មាននរណាអាចនិយាយ អំពីនយោបាយឈ្នះ-ឈ្នះជំនួសខ្ញុំបានទេ។”សម្តេ​ចបន្តថា“ខ្ញុំគឺជាអ្នកបង្កើតនយោបាយឈ្នះ-ឈ្នះ ហើយខ្ញុំគឺជាអ្នកអនុវត្តនយោបាយនេះ។ ខ្ញុំនឹងនិយាយអំពីការពិតទាំងស្រុង”។

បុរសខ្លាំងរូបនេះហើយ ដែលបានបញ្ចប់ការដឹកនាំរបស់មេខ្មែរក្រហម និងបន​ភឿន ជាក្រុមដែលបានធ្វើឲ្យកម្ពុជាធ្លាក់ក្នុងសោកនាដកម្ម និងយុគសម័យដ៏ខ្មៅងងឹតក្នុងប្រវត្តិ​សាស្រ្តពិភពលោក តាមរយៈការកាប់សម្លាប់រង្គាល ដល់ប្រជាពលរដ្ឋកម្ពុជាប្រមា​ណ៣លាននាក់ ហើយធ្វើឲ្យមាតុប្រទេសដ៏អភ័ព្វនេះពោរពេញដោយគំនរឆ្អឹង សមុទ្រទឹកភ្នែក ការរបួសផ្លូវចិត្ត ការព្រាត់ប្រាស និងស្នាមរបួសផ្លូវចិត្ត ដែលត្រូវការពេលវេលាយ៉ាងតិច៥០ឆ្នាំ ដើម្បីព្យាបាលជាតិសាសន៍ដ៏គួរឲ្យសង្វេគនេះ។

វិមានឈ្នះ ឈ្នះផុសឡើងក្រោយកាំភ្លើងគួចកាណុង២០ឆ្នាំ

ជាការរំលឹកនូវពលិកម្មដ៏ធំធេង និងមានតម្លៃមិនអាចកាត់ថ្លៃបាននេះ វិមានឈ្នះឈ្នះបានចាប់បដិសន្ឋិឡើង និងបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបី ថ្ងៃគឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូឆ្នំា២០១៨ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ឋពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ ឈ្នះ។

សំណង់វិមាន ឈ្នះឈ្នះនេះតំណាងឲ្យវរៈភាពរបស់សមមិត្តហ៊ុន សែនដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត។ មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ អស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។

ពេលវេលានៃការរួបរួមគ្នាជាធ្លុងមួយ

ជាមួយនឹងមហិច្ឆតា និងក្តីសុបិនចង់ឃើញប្រជាជាតិនេះ ខ្ពស់មុខខ្ពស់មាត់និងលើកកំពស់កិត្យានុភាពលើឆាកអន្តរជាតិ សម្តេចតេជោហ៊ុន សែនមានក្តីសុបិនមួយគឺ “ប្រែក្លាយកម្ពុជាជាខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់” ហើយទីបំផុតបុរសរូបនេះអាចធ្វើបាន ដោយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំនើនក្នុងរង្វង់ជាង៧ភាគរយក្នុងរយៈពេល២​ទ​សវត្សរ៍ ភាពក្រីក្រត្រូវបានកាត់បន្ថយមកនូវក្រោម១០ភាគរយ ប្រាក់ចំណូលប្រជាពលរដ្ឋ​កើនឡើងដល់១៥៧៥ដុល្លារ ហើយផលទុនជាតិសរុបកើនឡើងដល់ជាង២១,០០០លាន​ដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។

នៅទីបំផុតក្នុងឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រសិទ្ឋនាមកម្ពុជា”កម្ពុជាៈ ខ្លាសេដ្ឋកិច្ចថ្មីក្នុងតំបន់អាស៊ី”។ ការប្រសិទ្ឋនាមនេះមិនមែនជាការលើកជើង ឬសរសើរ​ដោយគ្មានការផ្អែកលើសូចនាករ នៃការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជានោះទេ ប៉ុន្តែវាផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្តមួយ ដែលប្រើប្រាស់ដើម្បីវាស់វែងការរីកចម្រើនរបស់​កម្ពុជាយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះដែរ ធនាគារពិភពលោកក្នុងឆ្នាំដដែលនេះ បានចាត់ចំណាត់ថ្នាក់កម្ពុជាក្លាយជាប្រទេសមនប្រាក់ចំណូលមធ្យមកម្រិតទាប ដោយចាកចេញពីប្រទេសក្រីក្រ និងមានចំណូលទាបបំផុតក្នុងលោក។

ជាមួយនឹងការបញ្ចប់នូវវិវាទ និងនាំមកនូវសន្តិភាពទាំងស្រុក សម្តេចតេជោបានដឹកនាំ និងចាប់ផ្តើមសមាហរណកម្មកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ២០០៤ ការចូលជាសមាជិកពេញសិទ្ឋនៃសហ​គមន៍សេដ្ឋកិច្ចអាស៊ាននាចុងទសវត្សរ៍ទី៩០ និងការចូលជាសមាជិកនៃអង្គការថ្នាក់តំបន់​និងពិភពលោកដទៃទៀត បានធ្វើឲ្យកម្ពុជារះឡើងកាន់តែត្រចេះត្រចង់លើឆាកអន្តរជាតិ​។

ហេតុនេះការសាងសង់វិមានឈ្នះ ឈ្នះមិនត្រឹមតែតំណាងឲ្យវីរៈភាពនៃមេដឹកនាំកម្ពុជានោះទេ តែវិមាននេះតំណាងឲ្យភាពឈ្នះ ឈ្នះរបស់ប្រជាជាតិខ្មែរទាំងមូល ដែលពួកគេឈ្នះជាមួយមេដឹកនាំរបស់ពួកគេ។ ឈ្នះក្នុងការកសាងជីវភាព ឈ្នះជាមួយសិទ្ឋសេរីភាព ឈ្នះជាមួយការកាន់ដៃរួមគ្នា ដើម្បីកសាងកម្ពុជាជាមួយសុខសន្តិភាព វិបុលភាពនៃប្រជាជាតិ ដែលទើបទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត និងជាស្នាមញញឹមចេញពីកែវភ្នែកនេះ។

ការមានទស្សននយោបាយខុសគ្នា ទទួលមនោគមវិជ្ជានយោបាយខុសគ្នា ជារឿងធម្មតា​សម្រាប់ប្រជាជាតិមួយ ប៉ុន្តែទស្សនខុសគ្នា មនោគមវិជ្ជាខុសគ្នា គួរតែប្រែក្លាយជាសួនច្បារមួយដែលមានផ្កាចម្រុះព៌ណ ហើយផ្កាទាំងនោះគួរតែបង្ហើរគន្ឋពិដោរ ដើម្បីនាំមកនូវ​សុខសន្តិភាពផ្លូវចិត្ត និងវិបុលភាពសម្រាប់ជាតិសាសន៍របស់កម្ពុជា៕

ដំណាច់ឆ្នាំ២០១៨ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ប្រា​ក់ជាង ៥២០០លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៨នេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៥២០០លាន​ដុល្លារ​អាមេរិក ថយចុះ១៨ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ទឹកប្រាក់​ចំនួន៦៤០០លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​បានដាក់​បង្ហាញ​ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ​ឆ្នាំ ២០១៨នេះ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន២៨៦៧គម្រោង មាន​ផ្ទៃក្រឡា​ជាង១១លាន​ម៉ែត្រការ៉េ។ របាយការណ៍​បាន​បន្តថា​ក្នុងចំណោម​គម្រោង​ទាំង២៨៦៧នោះ ក្រោម​សមត្ថកិច្ច​ក្រសួង​មាន​ចំនួន២៤៥គម្រោង ដោយមាន​ផ្ទៃក្រឡា​ប្រមាណ​ជាង ១០លាន​ម៉ែត្រការ៉េ និង​ក្រោម​សមត្ថកិច្ច​រាជធានី ខេត្ត មាន​ចំនួន២ ៦២២គម្រោង ដោយមាន​ផ្ទៃក្រឡា​សរុប​ជាង ១លាន​ម៉ែត្រការ៉េ។

ការវិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ ២០១៨នេះ មាន​គំរោង​ចម្រុះ ដូចជា សំណង់​បែប​លំនៅឋាន សំណង់​បែប​អាគារខ្ពស់ៗ រួមទាំង​សំណង់​លំនៅឋាន​បែប​លក្ខណៈ​បុរី​ផងដែរ។ ដោយ​សំណង់​អាគារ​ខ្ពស់ ដែលមាន​កំពស់​ចាប់ពី៥ជាន់ឡើង​ទៅក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន១១១០ អាគារ។

ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨នេះ បើ​ធៀប​នឹង​ឆ្នាំ២០១៧ មានការ​ធ្លាក់ចុះ​ជាង១៨ភាគរយ ដោយ​ឆ្នាំ២០១៧ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​មាន​ជាង៦៤០០លាន​ដុល្លារ​អាមេរិក៕

រយៈពេល១១ខែ កម្ពុជា​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១០ពាន់​លាន​ដុល្លារ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា គិត​ត្រឹម​វិច្ឆិកា​ឆ្នាំ ២០១៨នេះ ការនាំចេញ​ទំនិញ​កម្ពុជា តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង១០,៣៦០លាន​ដុល្លា​អាមេរិក ជា​កំនើន​ល្អប្រសើរ​មួយ ខណៈ​ការនាំចេញ​ទំនិញ​កម្ពុជា​នៅ​ឆ្នាំ២០១៧ មាន​ទំហំ​ទឹកប្រាក់៩,៥៦០លាន​ដុល្លា​អាមេរិក​ប៉ុណ្ណោះ។

មានប្រសាសន៍ប្រាប់​ថ្នាក់ដឹកនាំ​គណកម្មការ​ទី៩ នៃ​រដ្ឋសភា​កាល​ពេលថ្មីៗនេះ លោក​ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើ់កឡើ់ងថា ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ២០១៨នេះ មាន​ផលិតផល​កម្ពុជា​ជាច្រើន​ត្រូវបាន​នាំចេញ រួមមាន៖ កង់​ស្បែង​ជើង កាបូប សំលៀកបំពាក់ គ្រាប់​ធញ្ញជាតិ ផលិតផល​ជលផល ជ័រកៅស៊ូ ឈើ​កែច្នៃ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច ស្រូវ​អង្ករ ពោត និង​ដំឡូង​មី​ជាដើម គឺ​ត្រូវបាន​កម្ពុជា​ផលិត​នាំចេញ និង​មាន​កំពុងមាន​តម្រូវ កើនឡើង​ខ្លាំង​នៅក្នុង​ទីផ្សារ​អន្តរជាតិ។

លោក​បន្តថា “ផលិតផល​ដែល​ខ្មែរ​ដែល​បាន​នាំចេញ​នោះ ភាគច្រើន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋ​អា​មេ​រិច កាណាដា ជប៉ុន ចិន និង​ទីផ្សារ​នៅ​តំបន់​អាស៊ាន។ លោក​បន្តថា “នៅ​ថ្ងៃ​ខាងមុខ​ក្រសួង​នឹង​បន្ត​ស្នើ អោយ​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO បន្ត​ការផ្តល់ និង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ ពាណិជ្ជកម្ម​មក​កម្ពុជា​ទៅ​លក្ខខណ្ឌ និង​អត្ថប្រយោជន៍​នានា​ដែល WTO ផ្តល់​មក​ឲ្យ​កម្ពុជា។

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​សុខ សុភ​ក្ត្រ បាន​ថ្លែងថា យោងតាម​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា តាំងពី​ពេល​ចូល​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​ទទួលបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទៅកាន់​សហភាព​អឺរ៉ុប និង​ផ្តល់​ប្រព័ន្ធ​ការ​អនុ​ពន្ធ​ពាណិជ្ជកម្ម​ប្រមាណ៩៧ភាគរយ សម្រាប់​នាំ​ទំនិញ​ចូលទៅ​កាន់ បណ្តា​ប្រទេស​នានា​នៅ​ពិភពលោក។ ប៉ុន្តែ​បន្ទាប់ពី​ចូលរួម​សន្និសីទ WTO នៅ​ក្រុង​ហុងកុង​ឆ្នាំ២០០៥ មកដល់ពេលនេះ នៅមាន​ប្រទេស​មួយចំនួន​ដែលជា​សមាជិក WTO ដូចគ្នា នៅ​មិនទាន់​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ឲ្យ​មក​កម្ពុជា​នៅឡើយ​ទេ។

លោក​បន្តថា “កម្ពុជា​បាននិងកំពុង​រៀបចំ​ច្បាប់​ជាច្រើន​ទៀត តាម​សំណើរ​របស់ WTO និង​ការបង្កើត​តុលា​ពាណិជ្ជកម្ម​នៅក្នុង​ស្រុក ពិសេស​យើង​កំពុង​ជំរុញ​ឲ្យ WTO ពិនិត្យ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដើម្បី​ជម្រុញ ការផលិត​នាំចេញ​ឲ្យ​កើនឡើង​ថែមទៀត”៕

ដំណឹងល្អៈរាជធានីខេត្តចំនួន៦ហើយបានបញ្ចប់ការរៀបចំប្លង់គោលដើម្បីអភិវឌ្ឍន៍

0

​ដោយវុត្ថា
​ភ្នំពេញ:​ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងរៀបចំប្លង់គោល ដើម្បីកំណត់ការអភិវឌ្ឍន៍នៅតាមរាជធានី ខេត្តនិងបណ្តាស្រុកនានានៅទូទាំងប្រទេស ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

​លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំប្លង់គោលមានសារៈសំខាន់ណាស់ ដើម្បីរៀបចំការអភិវឌ្ឍនៅមូលដ្ឋានណា​មួមមានភាពសមស្រប នឹងការរីកចម្រើនសេដ្ឋកិច្ចសង្គម ក៏ដូចជាធ្វើឲ្យសហគមន៍មានការអភិវឌ្ឍមានភាពរបៀបរៀបរយ។លោកបន្តថា ការរៀបចំប្លង់គោលបានកំណត់តំបន់ណាមួយត្រូវប្រើប្រាស់ជាតំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម និងតំបន់កសិកម្មជាដើម។

​លោកបន្តថា “នៅពេលការរៀបចំប្លង់គោលរួច ទាមទារឲ្យមានការសហការពីស្ថា​ប័នពាក់ព័ន្ឋ និងជាពិសេសអាជ្ញាធរមូលដ្ឋានដើម្បីជំរុញឲ្យការអនុវត្តន៍តាមប្លង់គោលមាន​ប្រសិទ្ឋភាព”។

​រហូតមកទល់ពេលនេះ រដ្ឋាភិបាលបានរៀបចំប្លង់គោលរួចនៅតាមរាជធានី ខេត្តក្រុងមួយចំនួនហើយ។ សូមមើលខាងក្រោម តើទីតាំងណាខ្លះបានបញ្ចប់ការរៀបចំប្លង់​គោល???។

https://docs.google.com/a/servingweb.com/viewer?url=http://mlmupc.gov.kh/items/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%98%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92%E1%9E%95%E1%9E%9B_%E1%9E%95%E1%9F%82%E1%9E%93%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%8Bpdf.pdf

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថាឆ្នាំ២០២៥ប្រជាជនទូទាំងប្រទេសនឹងមាន ទឹកស្អាតប្រើប្រាស់

0

​ដោយដែន ចែងចាំង
​ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហក​ម្ម និងសិប្បកម្មបានថ្លែងថា ប្រជាពលរដ្ឋ​កម្ពុជាទូទាំងប្រទេសនឹងមានទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យជូនប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំ២០២៥ខាងមុខនេះ។

​លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ឋរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ឋអនាម័យកម្ពុជាកាលពីចុងសប្តាហ៍មុនថា ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានកំណត់គោលដៅយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ដែលបានកំណត់ថា នៅត្រឹមបំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នឹងទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ថ្លៃសមរម្យ ប្រកបដោយចីរភាព ក្នុងនោះប្រជាពលរដ្ឋនៅ

ទីប្រជុំជន៩០ភាគរយ នឹងទទួលបានសេវាទឹកស្អាតពីប្រព័ន្ធបំពង់ និង១០ភាគរយនឹងទទួលបានទឹកស្អាតពីប្រភពផ្សេងៗទៀត។
លោកបន្តថា “ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៦នេះ ក្រសួងក៏ចាំបាច់ត្រូវរៀបចំគោលនយោបាយក្នុងការកំណត់ថ្លៃលក់ទឹកឱ្យបានសមស្រប និងគិតគូការផ្គត់ផ្គង់ទឹកស្អាតដល់ទីជនបទតាមមធ្យោបាយផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព សុខភាពរប​ស់​ប្រជាពលរដ្ឋ”។

លោកចម ប្រសិទ្ឋបានអះអាងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានទិសដៅការងារអាទិភាពសំខាន់ៗមួយចំនួនលើវិស័យទឹកស្អាតតាមទីប្រជុំជនដូចជា ការកសាងបណ្តាឯកសារគតិយុត្ត និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគ្រប់គ្រង និងដឹកនាំវិស័យ ការបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត តាមរយៈគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានជំនួយឥតសំណង និងហិរញ្ញប្បទានឥណទាន របស់ដៃគូអភិវឌ្ឍន៍នានា ការផ្តល់ប្រកាសអនុញ្ញាតអចិន្រ្តៃយ៍ ផ្ទាល់ ជំនួស និងប្រកួតប្រជែង ការរៀបចំផែនការសកម្មភាពយុទ្ធសាស្រ្ត រយៈពេលខ្លី មធ្យម និងរយៈពេលវែងសម្រាប់វិស័យទឹកស្អាតទីប្រជុំជន និងផែនការកសាងធនធានមនុស្ស សម្រាប់វិស័យទឹកស្អាតតាមទីប្រជុំជនជាដើម។

លោកបន្តថា ការរៀបចំសិក្ខាសាលានេះ មានគោលបំណងបង្ហាញអំពីទស្សនវិស័យទឹកស្អាតនៅកម្ពុជា និងការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់ប្រទេសជប៉ុន ព្រមទាំងការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ដល់វិស័យទឹកស្អាតកម្ពុជា ក្រៅពីនេះ អ្នកជំនាញការជប៉ុន ក៏បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការចុះសិក្សាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីស្ថានភាព និងបញ្ហាប្រឈមរបស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន និងការផ្តល់ជាអនុសាសន៍កែលម្អ តាមស្ថានភាពជាក់ស្តែងនីមួយៗ៕