ប្រជាពលរដ្ឋ​ជិត​ ​២លាន​គ្រួសារ​​បាន​ប្រើប្រាស់​​ឥណទាន​​របស់​​មីក្រូហិរញ្ញវត្ថុ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត ២លាន​គ្រួសារ​ ​បាន​និង​កំពុង​ប្រើប្រាស់​ឥណទាន​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ ​នៅ​កម្ពុជា​គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​។​ ​

​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​កាលពី​ព្រឹក​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​ខេ​ត្ដ​ព្រៃវែង​កន្លងមក​ ​លោក​ ​គិត​ ​សុ​វណ្ណា​រិទ្ធ​ ​អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិនៃកម្ពុជា​បាន​ឲ្យដឹង​ថា​ ​មក​ត្រឹម​ដំណាច់ឆ្នាំ២១០៨កន្ល​មមក​នេះ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២លាន​គ្រួសារ​បាន​ទទួល​ ​សេវា​ហិ​រញ្ញ​វត្ដុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ដូចជា​ ​សេវា​កម្ចី​ ​សេវា​សន្សំ​ ​សេវា​ផ្ទេរ​ប្រាក់​ ​និង​ទូទាត់​ជាដើម​។​

​ជាក់ស្ដែង​វិស័យ​នេះ​ ​បាន​ផ្ដល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ​ជាង៥,៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ទទួល​ប្រាក់សន្សំ​ច្រើនជាង២.០០០លាន​ដុល្លារ​ ​តាម​ការិយាល័យ​តំណាង​ជិត១.៤០០កន្លែង​ ​និង​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប​ប្រមាណ៣០.០០០នាក់​ ​នៅ​ទូទាំង​ប្រទេស២៥រាជធានី​ ​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ជាមួយគ្នា​នេះ​លោក​បាន​លើកឡើង​បញ្ហា​ពាក់​ព័ន្​ឋ​មួយចំនួន​ ​ដែល​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ ​បាន​យកការប្រាក់​លើស១៨ភាគរយ​ពី​ប្រជាពលរដ្ឋ​ ​ហើយ​ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ ​លោក​បាន​ស្នើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​សូម​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ​និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ប្រភព​ស្របច្បាប់​នៃ​ការខ្ចី​ប្រាក់​ ​ការប្រើ​ប្រាស់​ប្រាក់កម្ចី​ឱ្យ​ចំ​គោលដៅ​ ​និង​ការគោរព​តាម​ ​កាតព្វកិច្ច​សង​ប្រាក់កម្ចី​។​ ​

​លោក​បន្ត​ថា​ ​ទន្ទឹម​នេះ​អាជ្ញាធរ​ត្រូវ​ទប់ស្កាត់​ដើម្បី​ ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក​ការឃោសនា​ ​របស់​ជនខិលខូច​ដែល​បាន​កំពុង​ធ្វើសកម្មភាព​ ​ផ្ដល់​សេវា​ប្រាក់កម្ចី​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​ ​

​លោក​ឧកញ៉ា​ ​ហួត​ ​អៀង​តុង​ ​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​សុខភាព​ក្នុង​ប្រព័​ន្ឋ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​កាលពី​ឆ្នាំមុន​ ​ដោយ​អត្រា​កម្ចី​សង​ត្រលប់​យឺត​មានការ​ថយ​ចុះ​មក​ក្រោម១ភាគរយ​ ​ទន្ទឹម​នឹង​កំនើន​ឥណទាន​ ​និង​ការ​ដាក់​ប្រាក់​បញ្ញើ​រមា​នកា​រកើន​ឡើង​ក្នុង​វិស័យ​នេះ​។​

​លោក​បន្ត​ថា​ ​សំរាប់​ឆ្នាំ២០១៩នេះ​ ​លោក​គិតថា​វិស័យ​នេះ​នៅតែ​មា​នកំនើន​ល្អ​ប្រសើរ​ ​ដោយសារ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ​ពិសេស​ស្ថេរ​ភាព​នយោបាយ​ ​និង​សកម្មភាព​អាជីវកម្ម​នានា​បាន​និង​កំពុង​កើនឡើង​ ​ហើយ​មាន​ភាព​រីកចម្រើន​ជា​វិជ្ជមាន​៕​

ជប៉ុន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ​១៣២លាន​ដុល្លារ​ដល់​កម្ពុជា​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​ជប៉ុន​ ​បាន​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា១៣២លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ជំនួយឥតសំណង​ចំនួន១១៧លាន​ដុល្លារ​អាមេរិក​។​

​លោក​ឧបនាយក​រដ្ឋមន្រ្តី​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ឲ្យដឹង​ ​ក្នុង​ពិធី​ចុះ​ហត្ថេ​ល​ខា​លើ​ការ​ផ្តល់​ជំនួយឥតសំណង​ ​ពី​រដ្ឋាភិបាល​ជប៉ុន​ ​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់៤៥លាន​ដុល្លារ​អាមេរិក​នា​ថ្ងៃទី២៦​ ​កុម្ភៈ​កន្លងមក​ថាបើ​រាប់ទាំង​កិច្ច​ព្រមព្រៀង​ទាំងពីរ​នេះ​ ​ក្នុង​ឆ្នាំ​សារ​ពើ​រ​ពន្ធ​ជប៉ុន២០១៨​ ​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ ​JICA​ ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ស្តី​ពី​ ​ជំនួយ​អ​ភិ​ឌ្ឍ​ន៍​ផ្លូវការ​របស់​ជប៉ុន​ជាមួយ​កម្ពុជា​សរុប​ចំនួន​ជាង១៤ពាន់​លាន​យ៉េន​ជប៉ុន​ ​ត្រូវ​ប្រមាណ​ជាង១៣២លាន​ដុល្លារ​ ​ក្នុង​នោះ​ជំនួយឥតសំណង​មាន​ប្រមាណ​ ​១១៧លាន​ដុល្លារ​។​

​ការ​ចុះហត្ថលេខា​នៃ​ជំនួយឥតសំណង​ ​ក្នុងទឹក​ប្រាក់៤៥លាន​ដុល្លារ​អាមេរិក​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ ​លោក​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​និង​លោក​ ​Yuichi​ ​SUGANO​ ​ប្រធាន​ ​JICA​ ​ប្រចាំ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ ​សហប្រតិបត្តិ​ការ​សម្រាប់​គម្រោង​ចំនួន២​ ​ក្នុង​ទំហំ​ទឹកប្រាក់៤៥,៣០លាន​ដុល្លា​អាមេរិក​ ​ក្នុង​នោះ​សម្រាប់​គម្រោង​ទី១​ ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន១១,៨លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អគ្គិសនី​នៅ​កំពង់ផែ​ ​ដើម្បី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ ​ដោយ​គម្រោង​នេះ​មាន​ទិសដៅ​ធ្វើ​បច្ចុប្បន្នភាព​ ​និង​ទំនើបកម្ម​លើ​ប្រព័ន្ធ​ចាំបាច់​នានា​ ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​ឌីជីថល​ ​ទៅលើ​ការ​ស្នើរ​សុំ​ ​និង​ការ​ផ្តល់​ព័ត៌មាន​ជាដើម​ទៅកាន់​អ្នកគ្រប់គ្រង​កំពង់ផែ​ ​ដែល​គ្រោង​នឹង​រៀបចំ​សម្រាប់​កំពង់​ផែ​រស្វ័​យត​ ​ក្រុង​ព្រះសីហនុ​ ​និង​កំពង់ផែ​ស្វ័យ​ត​រាជធានី​ភ្នំពេញ​។​ ​

​តាមរយៈ​វិសាលភាព​នេះ​ ​នីតិវិធី​សម្រាប់​ការ​ចេញចូល​កំពង់ផែ​ ​បស់​នាវា​ ​នឹង​ត្រូវ​បា​នប្តូ​មក​ប្រើប្រាស់​តាម​ទិន្នន័យ​ឌីជីថល​ ​ហើយ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​ ​និង​ទំនើបកម្ម​ ​នៃ​រដ្ឋបាល​កំពង់ផែ​ ​ក៏​នឹង​ត្រូវ​ដាក់ឲ្យ​អនុវត្តន៍​ផង​ដែរ​។​

​រី​ឯ​ឥណទាន​សម្បទាន​ចំនួន៣៣,៥លាន​ដុល្លា​អាមេរិក​ ​គម្រោង​ស្តារ​ ​ឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ខាងលិច​ទន្លេសាប​ ​គម្រោង​ស្តារ​ឡើងវិញ​នៃ​ប្រព័ន្ធ​ស្រោចស្រព​ ​និង​និង​ប្រព័ន្ធ​រំដោះ​ទឹក​ខាងលិច​ទន្លេសាប​នេះ​ ​មាន​ទិសដៅ​សាងសង់​ ​និង​ជួសជុល​ប្រព័ន្ធ​ធារា​សាស្រ្ត​ដែល​និង​អាច​ស្រោច​ ​ស្រព​លើ​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ​ជាង១២ពាន់​ហិច​តា​ ​តាមរយៈ​គម្រោង​នេះ​យើង​នឹង​រៀបចំ​បង្កើត​ ​និង​ពង្រឹង​សហ​គម​កសិករ​ប្រើប្រាស់​ទឹក​ ​និង​ផ្សព្វផ្សាយ​ស្តី​ពី​ការ​គ្រប់គ្រង់​កសិកម្ម​ ​នៅ​តាម​តំបន់ជនបទ​ចំនួន៦​ ​អនុ​គម្រោង​នៃ​ខេត្ត​ចំនួន៣​ ​នៅ​ភាគ​ខាងលិច​បឹងទន្លេសាប​រួមមាន​ ​អនុ​គម្រោង​លំ​ហោច​ ​(​ខេត្ត​កំពង់ឆ្នាំង​)​ ​អនុ​គម្រោង​ដំណាក់អំពិល​ ​អនុ​គម្រោង​វត្ត​លឿង​ ​អនុ​គម្រោង​វត្ត​ជ្រេ​ ​(​ខេត្ត​ពោធិ​សាត់​)​ ​អនុ​គម្រោង​រៀម​កូន​ ​និង​អនុ​គម្រោង​ប្រឡាយ​ប៉ោ​ ​ខេត្ត​បាត់​ដំ​បង់​ជាដើម​។​

​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ​និយាយ​ថា​ ​កិច្ច​ព្រមព្រៀង​ទាំងពីរ​ដែល​បាន​ចុះហត្ថលេខា​នេះ​ ​គឺជា​ឯកសារ​គតិយុត្តិ​មួយ​ ​ទៀត​ ​បន្ទាប់ពី​លិ​ខិ​ប្តូរ​សារ​ដែល​បាន​ចុះហត្ថលេខា​ ​កាលពី​ថ្ងៃ២០​ ​កុម្ភៈ​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​រវាង​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​ ​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​អាច​នាំឲ្យ​ឈាន​ដល់​ការអនុវត្ត​ន៍​នីតិវិធី​បន្ត​ ​បន្ទាប់​ទៀត​ ​សម្រាប់​ការអនុវត្ត​ន៍​គម្រោង​ជាក់ស្តែង​៕

សណ្ឋាគារ​លំដាប់​ពិភពលោក​​បី​ទៀត​​បាន​​និង​​ត្រៀម​​បើក​​នៅ​កម្ពុជា​

0
សណ្ឋាគារ SHANGRI​-​LA

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​សណ្ឋាគារ​លំដាប់​ពិភពលោក​ចំនួន​បី​ ​នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ​ ​និង​ឆ្នាំ២០២០ខាងមុខនេះ​ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ ​និង​កំនើ​នវិ​និ​យោគ​បរទេស​មក​កម្ពុជា​។​

​សណ្ឋាគារ​ដែល​បាន​បើក​ដំណើរការ​រួចហើយ​នៅ​ឆ្នាំនេះ​ ​គឺ​ ​COURTYARD​ ​BY​ ​MARRIYIOTT​ ​PHNOM​ ​PENH​ ​និង​សណ្ឋាគារ​លំដាប់​ពិភពលោក​ចំនួន​ពីរ​ទៀត​នឹង​បើក​ដំណើរ​នៅ​ឆ្នាំ២០២០ខាងមុខ​ ​គឺ​សណ្ឋាគារ SHANGRI​-​LA​ ​និង​សណ្ឋាគារ​ ​HYATT​ ​REGENCY​។​

សណ្ឋាគារ COURTYARD​ ​BY​ ​MARRIYIOTT​ ​PHNOM​ ​PENH

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​ការ​រីកចម្រើន​នៃ​វិស័យ​បដិសណ្ឋារ​កិច្ច​នៅ​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​ធ្វើឲ្យ​សណ្ឋាគារ​មា​នកេរ្ត៍​ឈ្មោះ​ល្បី​ៗ​លំដាប់​ពិភពលោក​បាន​ចូល​មកកាន់​ទីផ្សារ​ ​ដោយ​សា​រកំនើ​នភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​និង​ការ​មកដល់​នៃ​អ្នក​វិ​និ​យោ​គ​ធំៗ​ពី​អន្តរជាតិ​។​

​អ្នកនាង​បន្ត​ថា​ ​“​វិស័យ​នេះ​កំពុង​បង្ហាញ​សញ្ញា​រីកចម្រើន​ ​ដែល​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កំពស់​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​”​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា​ ​ពិតជា​មានការ​រីកចម្រើន​ទាំង​បរិមាណ​និង​គុណភាព​ ​ដោយសារ​ការ​មកដល់​នៃ​ភ្ញៀវ​អន្តរជាតិ​ ​និង​ការប្រកួត​ប្រជែង​កើនឡើង​ ​ដែល​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ចាប់ផ្តើម​ពង្រឹងគុណភាព​សេវាកម្ម​របស់​ខ្លួន​ ​ហើយ​នៅពេល​មានការ​ប្រកួត​កើនឡើង​ ​គឺ​អ្នកទទួល​ផល​ជា​អតិថិជន​។​

សណ្ឋាគារ​ ​HYATT​ ​REGENCY​

លោកស្រី​បន្ត​ថា​ ​“​នៅពេល​ការប្រកួត​ប្រជែង​កើនឡើង​កាន់តែ​ខ្លាំង​ ​មានន័យថា​វិស័យ​នេះ​ចាប់ផ្តើម​រីកចម្រើន​ហើយ​”​៕​

ចំណេះដឹង​ច្បាប់​!​ ​តើ​អ្វី​ជា​តម្លៃ​គិត​ពន្ធគយ​?​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​តម្លៃ​គិត​ពន្ធគយ​លើ​ទំនិញ​នាំចូល​ ​គឺជា​តម្លៃ​ចម្លង​ការណ៍​ ​មានន័យថា​ ​ជា​ថ្លៃ​ដែល​បាន​ទូទាត់​ ​ឬ​នឹង​ត្រូវ​ទូទាត់​ពិតប្រាកដ​ ​លើ​ទំនិញ​ដែល​បាន​លក់​សម្រាប់​នាំចេញ​មក​កម្ពុជា​។​ ​

​ការប្រកាស​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​នាំចូល​ ​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​មាត្រា១៨​ ​ចំនុច​ ​“​ខ​”​ ​នៃ​ច្បាប់​ស្តី​ពី​គយ​និង​បញ្ញត្តិ​ប្រកាស​លេខ៣៨៧​ ​សហវ.គរ​ ​ចុះ​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០០៨​ ​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្តី​ពី​ ​ការកំណត់​តម្លៃ​គិត​ ​ពន្ធគយ​លើ​ទំនិញ​នាំចូល​។​ ​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​នាំចូល​ ​ត្រូវ​ប្រកាស​ជា​ប្រាក់​រៀល​ ​(​មាត្រា២៣​ ​នៃ​ច្បាប់​ស្តី​ពី​គយ​)​។​

​វិធីសាស្ត្រ​គណនា​តម្លៃ​គិត​ពន្ធគយ​ ​មាន​បកស្រាយ​តាមរបៀប​សាមញ្ញ​នៅក្នុង​ ​Brochureស្តី​ពី​ ​ការកំណត់​តម្លៃ​គិត​ពន្ធគយ​ ​ដែល​អាច​ស្វែងរក​បាន​នៅ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​។​

​ការ​ធ្វើ​វិមជ្ឈការ​ការងារ​តម្លៃ​គិត​ពន្ធគយ​
​ការ​ធ្វើ​វិមជ្ឈការ​តម្លៃ​គិត​ពន្ធគយ​ ​មាន​គោលបំណង​បង្ក​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​ការនាំចេញ​ ​នាំចូល​ ​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា​ ​និង​ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។​ ​គិត​ត្រឹម​ខែកក្កដា​ ​ឆ្នាំ២០១៥​ ​ការងារ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ ​ត្រូវ​បាន​ធ្វើ​វិមជ្ឈការ​ទៅ​បណ្តា​អង្គភាព​គយ​ ​និង​រដ្ឋាករ​មូលដ្ឋាន​នានា​នៅ​តាម​មាត់ច្រក​ព្រំដែន​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លើកលែងតែ​សាខា​គយ​និង​ ​ ​ ​រដ្ឋាករ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​និង​កំពង់ផែ​ភ្នំពេញ​។​ ​

​មានន័យថា​ ​រាល់​ការនាំចូល​តាម​មាត់ច្រក​នានា​ ​ក្រៅពី​កំពង់ផែ​អន្តរជាតិ​ទាំងពីរ​ខាងលើ​ ​ធុរជន​អាច​ទៅ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ ​នៅ​តាម​អង្គភាព​គយ​និង​រដ្ឋាករ​មូល​ ​ ​ដ្ឋាន​តែម្តង​។​ ​លើកលែងតែ​ការនាំចូល​មុខទំនិញ​ ​មាន​ហានិភ័យ​ខ្ពស់​មួយចំនួន​ ​ដូចជា​ ​មុខទំនិញ​ប្រើ​រួច​ ​យានយន្ត​គ្រប់​ប្រភេទ​ ​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ ​ផលិតផល​តេល​សិសា​ ​និង​បរិក្ខារ​ល្បែង​ ​ជាដើម​ ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ផ្ទៀងផ្ទាត់​ ​តម្លៃ​គិត​ពន្ធគយ​នៅ​ទីចាត់ការ​កណ្តាល​ ​(​នាយកដ្ឋាន​ផែនការ​ ​បច្ចេកទេស​ ​និង​កិច្ចការ​អន្តរជាតិ​)​។​ ​

​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​បាន​និង​កំពុង​ពិនិត្យ​លទ្ធភាព​ ​នៃ​ការ​ធ្វើ​វិមជ្ឈការ​នេះ​ ​ឲ្យ​មាន​ភាព​គ្រប​ដណ្តប់​ពេញលេញ​ ​នៅ​គ្រប់​អង្គភាព​គយ​និង​រដ្ឋាករ​មូលដ្ឋាន​ទូទាំង​ប្រទេស​៕​

ក្រសួង​ដែនដី​ចាប់ផ្តើម​កោះ​ប្រជុំ​រឿង​កំណត់​ទី​តាំង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​ចាប់ផ្តើម​កោះ​ប្រជុំ​ជាមួយ​មន្រ្តី​ពាក់​ព័ន្​ឋ​ ​ដើម្បី​កំណត់​និង​សិក្សា​ទីតាំង​សាងសង់​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​។​

​យោង​តាម​លិខិត​របស់ក្រ​សួង​ដែនដី​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​សេង​ ​ឡូ​ត​អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​អញ្ជើញលោក​គង់​ ​សោភ័ណ​ ​អភិបាលរងខេត្ត​កណ្តាល​ ​និង​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ខេត្ត​នេះ​ ​មក​ចូលរួម​ប្រជុំ​នៅ​ក្រសួង​ដែនដី​នា​ថ្ងៃទី២៨​ ​កុម្ភៈ​ខាងមុខនេះ​។​

​កម្មវត្ថុ​នៃ​លិខិត​ដដែល​បាន​បញ្ជាក់​ថា​ ​ក្រសួង​រៀបចំ​ដែនដី​ ​នឹង​បើក​កិច្ចប្រជុំ​ដូច​កាលបរិច្ឆេទ​ខាងលើ​ ​ក្រោម​អធិបតីភាព​លោក​ជា​ ​សុ​ផា​រ៉ា​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ ​និង​ជា​ប្រធាន​គ​ណ​កម្មា​ធិការ​រៀបចំ​ទីតាំង​ដើ​ ​ម្បី​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​។​

​កាលពី​ថ្ងៃទី២៥​ ​កុម្ភៈ​កន្លងមក​នេះ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ​ដើម្បី​បង្កើត​គ​ណ​កម្មា​ធិការ​រៀបចំ​ ​និង​សិក្សា​ទីតាំង​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​ដោយមាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ ​សុ​ផា​រ៉ា​ជា​ប្រធាន​ ​និង​លោក​ម៉ៅ​ ​ហា​វណ្ណា​ល់​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​លេខាធិការ​ ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ជា​អនុប្រធាន​ ​និង​សមាជិក​ពាក់​ព័ន្​ឋ​ជាច្រើន​រូប​ទៀត​៕​

តម្លៃ​សំបុត្រ​យន្តហោះ​ភ្នំពេញ​ ​ព្រះសីហនុ​មានតម្លៃ​ខ្ពស់​ជាង​ទៅ​បាងកក​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​មន្រ្តី​ជំនាញ​ ​និង​អ្នកធ្វើ​ដំណើរ​បាន​អះអាង​ថា​ ​បច្ចុប្បន្ន​តម្លៃ​សំបុត្រ​យន្តហោះ​តភ្ជាប់​រវាង​ក្រុងភ្នំពេញ​ ​និង​ក្រុង​ព្រះសីហនុ​មានតម្លៃ​ខ្ពស់​ ​ហើយ​ពេលខ្លះ​មានតម្លៃ​ខ្ពស់​ជាង​សំបុត្រ​យន្តហោះ​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ក្រុង​បាងកក​ទៀតផង​។​

​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ ​លោក ​ពេជ្រ​ ​សុ​ប៉ុន​តារា​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​ធ្វើដំណើរ​រវាង​ទីក្រុង​សៀមរាម​ ​និង​ទីក្រុង​ភ្នំពេញ​ ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ​មានការ​លំបាក​ដោយសារតែ​បច្ចុប្បន្ន​សំបុត្រ​យន្តហោះ​មានតម្លៃ​ខ្ពស់​ខ្លាំង​ ​ហើយ​ពេលខ្លះ​ខ្ពស់​ជាង​ការហោះហើរ​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ក្រុង​បាងកក​ប្រទេស​ថៃ​ថែមទៀត​។​

​លោក​បន្ត​ថា​ ​“​តម្រូវការ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ខេត្ត​ព្រះសីហនុ​បាន​កើនឡើង​ខ្ពស់​ ​ដោយសារ​តែ​កំនើ​ននៃ​អ្នកដំណើរ​ ​និង​វិនិយោគិន​នានា​”​។ ​លោក​បន្ត​ថា​ ​“​វា​ជា​តម្លៃ​មួយ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​ ​ព្រោះ​វា​ជា​យន្តការ​ទីផ្សារ​ធម្មតា​រវាង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​”​។​

​បច្ចុប្បន្ន​ព្រលា​នយន្​ត​ហោះ​កងកេង​ ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ពង្រីក​ ​ដើម្បី​អាច​មាន​សមត្ថភាព​ចុះចត​យន្តហោះ​ខ្នាត​ធំជាង​មុន​។​

​អ្នក​វិនិយោគ​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ ​លោក​មិនដែល​ទិញ​សំបុត្រ​យន្តហោះ​បាន​ជិះ​នោះ​ទេ​ ​ដោយសារ​មាន​អ្នកដំណើរ​ច្រើន​ ​ហេតុនេះ​ត្រូវតែ​កក់​មុន​រយៈពេល​យូរ​ ​ទើប​អាច​រក​យន្តហោះ​ជិះ​បាន​។​លោក​បន្ត​ថា​ ​តម្លៃ​សំបុត្រ​យន្តហោះ​ ​ពិតជា​ថ្លៃ​ ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​នានា​គួរ​បង្កើន​ការហោះហើរ​ ​រវាង​ក្រុងភ្នំពេញ​ទៅកាន់​ក្រុង​ព្រះសីហនុ​។​

​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លោក​ ​ជា​ ​អូន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី២៦​ ​កុម្ភៈ​នេះ​បាន​ទទួលស្គាល់​បញ្ហា​នេះ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​វា​ពិបាក​និយាយ​ទាក់ទង​នឹង​បញ្ហា​នេះ​ ​ព្រោះ​កម្ពុជា​អនុវត្តន៍​យន្តការ​ទីផ្សារសេរី​ ​ប៉ុន្តែ​លោក​នឹង​ឆែក​បញ្ហា​នេះ​ ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ​ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​។​

​លោក​បន្ត​ថា​ ​“​ការពិត​មិនសូវ​មាន​អ្នកធ្វើ​ដំណើរ​ច្រើន​ទេ​ ​ហេតុនេះ​ទើប​ក្រុមហ៊ុន​អាកាសចរណ៍​បាន​យក​តម្លៃ​ថ្លៃ​ ​ព្រោះ​មិន​ចង់​ឲ្យ​ខាត​ជើង​ ​ដោយសារ​ផ្លូវ​ធ្វើដំណើរ​មាន​ចម្ងាយ​ខ្លី​ ​ដែល​ធ្វើឲ្យ​ក្រម​ហ៊ុន​អាកាសចរណ៍​មិន​អាច​រក​ផល​ចំណេញ​បាន​”​។​

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​លោក​ ​ធួន​ ​ស៊ី​ណាន​ ​បាន​មានប្រសាសន៍​ថា​ ​ការ​មានតម្លៃ​ខ្ពស់​បែបនេះ​ ​ដោយសារ​ក្រុមហ៊ុន​អាកាសចរណ៍​ធ្វើការ​ហោះហើរ​ទៅកាន់​ក្រុង​ព្រះសីហនុ​មាន​ចំនួន​តិច​ ​ទើប​ពួកគេ​យក​តម្លៃ​សំបុត្រ​ថ្លៃ​ ​ហេតុនេះ​គួរតែ​មានការ​បង្កើន​ជើងហោះហើរ​តភ្ជាប់​រវាង​គោលដៅ​ទាំងនេះ​៕​

អាមេរិក​ជួយ​​លើក​​កំពស់​​វិស័យ​អាកាសចរណ៍​​កម្ពុជា​

0

ដោយ​ ​គង់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ស្ថានទូត​អាមេរិក​ ​ដោយ​សហការ​ជាមួយ​ ​សភា​ពាណិជ្ជកម្ម​អាមេរិក​ ​នៅ​កម្ពុជា​ ​និង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ ​រៀបចំ​ព្រឹត្តិ​ការណ៍​ពាណិជ្ជកម្ម​មួយ​ ​ដែល​ផ្តោត​លើ​វិស័យ​អាកាសចរណ៍​ ​ដែល​មានការ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​។​ ​

​សិក្ខាសាលា​ស្តី​ពី​ ​«​អាកាសចរណ៍​ ​និង​អនុសញ្ញា​ទីក្រុង​ ​Cape​ ​Town​»​ ​រៀបចំឡើង​នៅ​សណ្ឋាគារ​ ​Rosewood​ ​នា​ថ្ងៃទី២២ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នា​រាជធានី​ភ្នំពេញ​ ​។​

​គោលបំណង​នៃ​សិក្ខាសាលា​ ​គឺ​ដើម្បី​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ប្រទេស​កម្ពុជា​ ​ឱ្យ​យល់​កាន់តែ​ច្បាស់​ពីអ​ត្ថ​ប្រយោជន៍​នៃ​អនុសញ្ញា​ ​Cape​ ​Town​ ​និង​សិក្សា​បន្ថែម​ពី​របៀប​ ​ដែល​អាច​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ ​និង​ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ​​កាន់តែ​ច្រើន​ឡើង​ៗ​របស់​ប្រទេស​ ​ដែល​រួមមាន​វិធី​កាត់បន្ថយ​ការ​ចំណាយ​លើ​ការទិញ​ ​និង​ជួល​យន្តហោះ​ក៏ដូចជា​ផ្តល់​ប្រភព​ថ្មី​ ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​។​ ​ព្រឹត្តិ​ការណ៍​នេះ​ ​ក៏​នឹង​ភ្ជាប់​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ ​ជាមួយ​សម​ភាគី​កម្ពុជា​ដើម្បី​ពិភាក្សា​គ្នា​ ​ពី​ភាពជា​ដៃគូ​ទៅ​អនាគត​និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​។​

​តំណាង​ក្រុមហ៊ុន​ចំនួន១៣​ ​រូប​មក​ពី​វិស័យ​អាកាសចរណ៍​ទូទាំង​ប្រទេស​អា​មេ​រិច​ ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​ដែល​រួមមាន​ ​Boeing​,​ ​General​ ​Electric​,​ ​Sikorsky​,​ ​Aircastle​,​ ​Rossch​ ​Group​,​ ​CFM​ ​International​,​ ​Bosa​-​Thayaan​,​ ​ក្រុម​ ​Magellan​ ​Aviation​ ​Group​ ​និង​ ​AerSale​ ​។​ ​អ្នក​រួមចំណែក​ចូលរួម​រួមមាន​អ្នកជំនាញ​អាកាសចរណ៍​មក​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហបុរី​ ​និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​នៃ​សហរដ្ឋអាមេរិក​។​

​ ​លោក​ភារធារី​ ​Michael​ ​Newbill​ ​បាន​មានប្រសាសន៍​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​កំណើន​យ៉ាង​លឿន​ ​ហើយ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​។​ពលរដ្ឋ​របស់​ខ្លួន​ ​ព្រមទាំង​អ្នកទេសចរ​ ​តម្រូវ​អោយ​មាន​សេវា​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​ទំនើប​ ​ដើម្បី​ទ្រទ្រង់​ដល់​ពាណិជ្ជកម្ម​ ​និង​ការ​ធ្វើដំណើរ​អន្តរជាតិ​កាន់តែ​ច្រើនឡើង​។​ ​ការ​អនុម័ត​យល់ព្រម​តាម​អនុសញ្ញា​ ​Cape​ ​Town​ ​អាច​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ ​អាកាសចរណ៍​កម្ពុជា​ជួល​ ​ឬ​ទិញ​យន្តហោះ​ ​និង​ឧទ្ធម្ភាគចក្រ​ ​នៅក្នុង​តំលៃ​ថោក​ ​ព្រមទាំង​ទាមទារ​បច្ចេកវិជ្ជា​អាកាសចរណ៍​ចុងក្រោយ​ខ្លះ​ ​នៅ​លើ​ទីផ្សារ​។​ ​

​លោក​បន្ត​ថា​ ​“​នេះ​អាច​ជា​ជោគជ័យ​មួយ​របស់​កម្ពុជា​ ​និង​សំរាប់​អ្នក​ដែល​ចង់​មក​ទស្សនា​ប្រទេស​ដ៏​ល្អ​នេះ​៕​

មន្ត្រីធនាគារជាតិប្រាប់ពលរដ្ឋរាយការណ៍បើស្ថាប័នមីក្រូហិរញ្ញវត្ថុយកការប្រាក់ លើសពី១៨ភាគរយ

0

​ដោយគង់ សូរិយា
​ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអា​ ជ្ញា​ធរទូទាំងស្រុកស្វាយអន្ទរក្នុងខេត្តព្រៃវែងទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់មកកាន់ធ​នាគារជាតិនៃកម្ពុជា ពេលបានឃើញស្ថាប័ន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយឲ្យប្រជាពលរដ្ឋខ្ចីប្រាក់យកការប្រាក់លើសពី១៨ភាគរយក្នុងមួយឆ្នាំ។

ការអំពាវនាវនេះរបស់លោកគិត សុវណ្ណារិទ្ឋ អគ្គនាយករងនិងជាប្រធាននាយកដ្ឋា​នត្រួតពិនិត្យ ​ដល់ទីកន្លែងធនាគារជាតិនៃកម្ពុជា ជាការឆ្លើយតបទៅនឹងកង្វល់របស់លោ​កប៉ិច សុង អភិបាលស្រុកស្វាយអន្ទរក៏ដូចសិក្ខាកាម ដែលលើកឡើងពីបញ្ហានេះ និងស្វះស្វែងរកការអន្តរាគមន៍ និងរកដំណោះស្រាយដែលសុទ្ធតែជាបញ្ហា ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ពួកគាត់ជួបប្រទះកន្លងមក។

លោកបន្តទៀតថា ដើម្បីបញ្ជៀសពីបំណុលវ័ណ្ឌករ ពីការប្រាក់កម្ចីនោះគប្បីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ នៃការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅនិងកាតព្វកិច្ចសងប្រាក់។ ទន្ទឹមនឹងនេះដែរគឺត្រូវសកម្មចូលរួមទប់ស្កាត់ កុំឲ្យប្រជាពលរដ្ឋចាញ់បោកជនខិលខូចឃោសនា។ ដោយឡែកចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវកំណត់គោលនយោបាយឲ្យច្បា​ស់លាស់ និងដាក់ចេញនូវវិធានការចំពោះមន្ត្រី និងបុគ្គលិករូបណាដែលមិនគោលរពតាមបទបញ្ជាផ្ទៃដែលនាំឲ្យប៉ះពាល់ដល់ប្រតិបត្តិការខ្លួន។

លោកគិត សុវណ្ណារិទ្ឋបានបន្តថា ដើម្បីកុំឲ្យមានការយល់ច្រលំ ដូចរយៈពេលកន្លងមកអាជ្ញាធរគួរបញ្ឈប់សកម្មភាព សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រតិបត្តិការឥណទានជនបទនានា ក្នុងការដើរទារឬប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដែលនាំឲ្យមានការយល់ច្រលំថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រតិបត្តិការឥណទានជនបទទាំងនោះ ជារបស់រដ្ឋតទៅទៀត។

លោកបានឲ្យដឹងថា គិតត្រឹមបំណាច់ខែធ្នូឆ្នាំ២០១៨កន្លងមកនេះ ទំហំប្រាក់កម្ចីសរុបមានរហូតប្រមាណ២២,២៦ទ្រីលានរៀល ស្មើនឹងនឹង៥,៥៤លានដុល្លាអាមេរិកត្រូវបានផ្ដល់ឲ្យអថិតិជន ដែលជាអ្នកខ្ចីប្រមាណ២,១៥លាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការផ្ដល់ប្រាក់កម្ចីរបស់បណ្ដាគ្រឹះស្ថានមីក្រូទាំងនេះ ត្រូវបានការត្រួតពិនិត្យផ្ទាល់ពីធនាគារជាតិនៃកម្ពុជា៕

តម្លៃ​ដី​ខេត្ត​កែប​កំពុង​កើន​ឡើង​​ស្រប​​ពេល​ការ​​វិនិយោគ​​កើនឡើង​

0

​ដោយ​ ​រ៉ា​វី​

​ខេត្ត​កែប​៖​ ​ស្រប​ពេល​ដែល​ចរន្ត​នៃ​តម្លៃ​ដី​នៅក្នុង​ខេត្តកំពត​ ​កំពុងតែ​មានសន្ទុះ​កើនឡើង​ជាលំដាប់​តាម​ពីក្រោយ​ក្រុង​ព្រះសីហនុ​នោះ​ ​ពេលនេះ​សម្រាប់​តម្លៃ​ដី​នៅក្នុង​ក្រុងកែប​ក៏​កំពុង​មានការ​កើនឡើង​ ​តាម​ពីក្រោយ​ខេត្តកំពត​ផង​ផង​ដែរ​ ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ ​ដែល​ស្ថិតនៅ​ទិស​នារ​តី​នា​តំបន់​សមុទ្រ​មួយ​នេះ​ឱ្យ​ក្លាយជា​ទំ​បន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​។​ ​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​ជាពិសេស​ក្រសួងទេសចរណ៍​ ​នឹង​ធ្វើការ​ពង្រឹង​ការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ​រួម​ជាមួយនឹង​កា​រកែច្នែ​ ​និង​បង្កើត​តំបន់​កម្សាន្ត​លក្ខណៈ​ធម្មជាតិ​នានា​ ​ដែល​មានស្រាប់​នៅក្នុង​ខេត្ត​កែប​ ​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ ​ឱ្យ​ស្រប​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​ដែល​ទទួល​បាន​ ​«​ទីក្រុង​ទេសចរណ៍​ស្អាត​ ​អាស៊ាន​»​។​ ​

​សម្តេច​បន្ត​ថា​ ​វិស័យ​អចលនទ្រព្យ​វិញ​ខេត្ត​កែប​ ​ក៏​ពុង​តែ​មាន​ប្រជាប្រិយ​ភាព​ចំពោះ​បណ្តា​អ្នក​វិនិយោគ​ផង​ដែរ​ ​ជាពិសេស​ ​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​មានការ​កើនឡើង​ផង​ដែរ​។​ ​

​លោក​ ​ម៉ម​ ​សិរី​បញ្ញា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Easy​ ​Property​ ​Investment​ ​និង​ជា​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​តម្លៃ​ដី​នៅក្នុង​ខេត្ត​កែប​ ​ជាពិសេស​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ ​បាន​ហក់​ឡើង​ខ្ពស់​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​កន្លងទៅ​។​ ​

លោក​បាន​បញ្ជាក់​ថា​ ​“​កាលពី​ឆ្នាំមុន​ ​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ ​ដូចជា​ ​នៅ​ម្ដុំ​រូប​សំ​ណា​ក់​ស្រី​ស​ ​(​សិលា​ចាំ​ប្ដី​)​ ​ក៏ដូចជា​តំបន់​ដី​ជំរាល​ភ្នំ​នៅ​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ឆ្ពោះ​មក​ខាង​ផ្សារ​ក្ដាម​ ​គឺ​អាច​លក់​បាន​ត្រឹម២៣០ដុល្លារ​ ​ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​បាន​ឡើង​រហូតដល់​ប្រមាណ៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

​លោក​បន្ត​ថា​ ​ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ភ្នំ​ ​អាច​មាន​ចន្លោះ​ពី​ខ្ទង់​ ​២០០ដុល្លារ​ចុះក្រោម​។​ ​តម្លៃ​ដី​ខ្ពស់​ឬ​ទាប​អាស្រ័យ​ទៅតាម​ស្ថានភាព​ដី​ ​និង​ទំហំដី​ផង​ដែរ​ ​។​ ​លោក​ថា​ ​សម្រាប់​ថ្ងៃ​អនាគត​ ​ខេត្ត​កែប​នៅតែ​បន្ត​ឡើងថ្លៃ​ ​គ្រាន់តែ​ថា​មិន​អាច​ឡើង​ស្មើនឹង​តម្លៃ​ដី​នៅក្នុង​ខេត្តកំពត​ ​ឬ​ខេត្ត​ព្រះសីហនុ​នោះ​ក៏ដោយ​ ​ហើយក៏​អាច​ក្លាយទៅជា​តំបន់​កម្សាន្ត​ឯកជន​ក៏​ថា​បាន​ ​ព្រោះ​កែប​ ​ជា​ខេត្ត​មួយ​ដែល​មាន​ទំហំ​តូច​ ​និង​មាន​តំបន់​កម្សាន្ត​តិច​ជាង​ខេត្តកំពត​។​ ​

​លើកឡើង​ស្រដៀងគ្នា​នេះ​ ​លោកស្រី​តាំង​ ​ហួរ​ ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Amatak​ ​Property​ ​Service​,​Co​,​ ​Ltd​ ​ក៏បាន​លើកឡើង​ឱ្យ​ដឹងផង​ដែរ​ថា​ ​កែប​ ​គឺជា​ខេត្ត​មួយ​ដែល​នឹង​មានការ​អភិវឌ្ឍ​ខ្លាំង​នា​ពេល​អនាគត​ ​ដែល ជាមុ​ខ​ព្រួញ​សញ្ញា​របស់​បណ្តាអ្នក​វិនិយោគ​ជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគជនជាតិ​ចិនតែម្ដង​ ​ដ្បិតតែ​វា​មាន​សក្ដានុពល​ខ្លាំង​ ​ក្នុងនាម​ជា​ខេត្ត​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​។​ ​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​“​សព្វថ្ងៃ​នេះ​តម្លៃ​ដី​នៅ​ខេត្ត​កែប​ ​កំពុងតែ​មានការ​កើនឡើង​ប្រមាណ​ជាង៥០ភាគរយ​ ​ប្រើ​ប្រៀបធៀប​កាលពី​២ឆ្នាំ​កន្លងទៅ​ ​ជាពិសេស​ ​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់​ឆ្នេរ​”​។​ ​លោកស្រី​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ភាគច្រើន​ ​គឺ​គេ​ទិញទុក​លក់​យកចំណេញ​ក្នុងរយៈពេល​យូរ​ ​ដែល​មិនមែន​ជា​អ្នក​អភិវឌ្ឍ​នោះ​ទេ​ ​ប៉ុន្តែ​វា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​បន្ទាប់ពី​ខេត្តកំពត​”​។​ ​

​លោកស្រី​តាំង​ ​ហួរ​បាន​បន្ត​ទៀត​ថា​ ​ហេតុផល​ដែល​ធ្វើ​ឱ្យ​ដី​នៅ​ខេត្ត​កែប​នៅតែ​បន្ត​ឡើងថ្លៃ​តទៅ​ថ្ងៃ​អនាគត​ ​ក៏​ព្រោះតែ​កែប​ ​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​ ​មាន​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង​ទាំង​តំបន់ឆ្នេរ​ ​ក៏ដូចជា​តំបន់​កោះ​តូច​ៗ​ជាច្រើន​ទៀត​។​ ​ដោយឡែក​ចំពោះ​កត្តា​ភូមិសាស្ត្រ​ ​គឺ​មាន​ភាពល្អ​ប្រសើរ​ ​ដូចជា​ ​នៅ​ជាប់នឹង​ខេត្តកំពត​ ​ដែល​មាន​ប្រវែង​ប្រមាណ​ជាង៣០គីឡូម៉ែត្រ​ ​មាន​ចម្ងាយ​ជាង១៣០គីឡូម៉ែត្រ​ ​ពី​រាជធានី​ភ្នំពេញ​ ​ជាពិសេស​ ​បើ​និយាយ​ពី​ការ​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ​គឺ​មាន​ប្រវែង​ជិត​ជាង​ខេត្តកំពត​ ​ដែល​វា​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​ ​ក៏ដូចជា​តភ្ជាប់​បណ្តាញ​ទេសចរណ៍​ផង​ដែរ​៕​

កម្ពុជា​ ​វៀតណាម​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន៥ដើម្បី​ជំរុញ​ការ​​អ​ភិ​ឌ្ឍ​ប្រទេស​ទាំងពីរ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ ​វៀតណាម​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ឯកសារ​ចំនួន៥​ ​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គម​រវាង​ប្រទេស​ទាំងពីរ​ ​ហើយ​វៀតណាម​ក៏បាន​ផ្តល់​ជំនួយឥតសំណង​ ​២៥​ ​លាន​ដុល្លា​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​និង​ង្វៀន​ ​ហ្វូ​ជុង​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋសង្គមនិយម​វៀតណាម​ ​បាន​អញ្ជើញ​ជា​អធិ​ត​បី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ទាំង៥នេះ​ ​នា​ព្រឹក​ថ្ងៃទី២៦​ ​កុម្ភៈ​នៅ​វិមាន​សន្តិភាព​។​

​ឯកសារ​ដែល​ត្រូវ​ចុះហត្ថលេខា​នោះ​រួមមាន​ ​ទី១​ ​សេចក្តី​បន្ថែម​ស្តី​ពី​ការ​កែប្រែ​មាត្រា​ ​៦​ ​និង​មាត្រា១៧​ ​នៃ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ ​សង្គមនិយម​វៀតណាម​ស្តី​ពី​ការ​ដឹកជញ្ជូន​ផ្លូវទឹក​ ​។​ ​ទី២​.​ពិធីសារ​ស្តី​ពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​ ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ ​សង្គមនិយម​វៀតណាម​ស្តី​ពី​ការ​ដឹកជញ្ជូន​ផ្លូវគោក​ ​។​

​ទី៣​.​អនុសារណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋ​ ​សភាជាតិ​នៃ​ព្រះរាជា​ ​ណា​ចក្រ​កម្ពុជា​និង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​ ​ស្តី​ពី​ការ​ផ្តល់​ ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ​២៥​ ​លាន​ដុល្លារ​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋ​បាន​សម្រាប់​ ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​កម្ពុជា​ ​។​ ​

ទី៤​.​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​រដ្ឋាភិបាល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​​សង្គមនិយម​វៀតណាម​សម្រាប់​ឆ្នាំ​ ​២០១៩​-​២០២០​ ​និង​ទី៥​.​អនុសារណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទេស​ ​ចរណ៍​សម្រាប់​ឆ្នាំ​ ​២០១៩​-​២០២០​ ​រវាង​ក្រសួងទេសចរណ៍​កម្ពុជា​ ​និង​ ​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​អ៊ែ​រឡាញ​វៀតណាម​៕​