រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុមការងារ​សិក្សា​ពី​លទ្ធភាព​បើក​ច្រកព្រំដែន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា និង​ពិភាក្សា​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វា​ព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន។

នៅ​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា ដោយ​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋា​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ នេះ ថា​ក្រុមការងារ​នេះ មាន​សមាជិក១០រូប ដឹកនាំ​ដោយ​លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ភារកិច្ច​ស្រាវជ្រាវ​លិខិតបទដ្ឋាន​គតិយុត្តិ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការសម្រេច​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ក​ម្ព​ជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន។

សេចក្តីសម្រេច​នេះ​បាន​ជំរុញ​ឲ្យ​ក្រុមការងារ ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អំពី​កិច្ចដំណើរការ​ក្ន​ងុ​ការបើក​ច្រកទ្វារព្រំដែន​ដែល​បានសម្រេច។ ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព ជាក់ស្តែង​នៃ​ច្រកទ្វារព្រំដែននីមួយៗ ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុ​ជាំ និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប។ សម្របសម្រួល​ពិភាក្សា និង​ចរចា​ជាមួយ​ភាគី នៃ​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន។ ធ្វើ​របាយការណ៍​លទ្ធផល​ការងារ និង​សុំ​យោបល់​ដឹកនាំ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បំពេញភារកិច្ចផ្សេងៗទៀត​តាម​ការចាំបាច់។

ដំណេះដឹងថ្មី! តោះមកដឹងស្ថិតិសេវាទូរគមនាគមន៍នៅកម្ពុជាមានការរីកចម្រើនយ៉ាងដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ៖ និយតករទូរគមនាគមន៍កម្ពុជា (TRC) បានបង្ហាញរបាយការណ៍របស់ខ្លួននៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០១៩ នេះពីការរីកចម្រើនសេវាទទូរគមនាគមន៍កម្ពុជាដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ។

ខាងក្រោមនេះ គឺជាស្ថិតិសេវាទូរគមនាគមន៍នៅកម្ពុជា៖
១) សេវាទូរស័ព្ទចល័ត (ប្រតិបត្តិករចំនួន ៦)៖មានចំនួន ១៩.៣០១.៥០២ ស៊ីមកាត ត្រូវនឹង ១២០,១១% មានកំណើនប្រមាណ ៣,៧៨% បើធៀបជាមួយតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានត្រឹមតែ ១៨.៥៩៧.៧៤៣ ស៊ីមកាត។
២) សេវាទូរស័ព្ទអចល័ត (ប្រតិបត្តិករចំនួន ៧)៖ មានចំនួន ៩១.៣៣១ នាក់ ត្រូវនឹង ០.៥៧% ថយចុះ -២៧.៤៦% បើធៀបជាមួយនឹងតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរហូតដល់ ១២៥.៩០៨ នាក់។
៣) សេវាអ៊ីនធឺណិតចល័ត (ប្រតិបត្តិករចំនួន ៧)៖ មានចំនួន ១២.៩៧៤.៣១៩ ស៊ីមកាត ត្រូវនឹង ៨០.៧៤% បើធៀបជាមួយតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានកំណើនកើនឡើង ២២,៧៩% ដែលមានត្រឹមតែ ១០.៥៦៥.៨៧៥ ស៊ីមកាត។
៤) សេវាអ៊ីនធឺណិតអចល័ត (ប្រតិបត្តិករចំនួន ៣៤)៖មានចំនួន ១៤៧.៥៩៦ នាក់ ត្រូវនឹង ០,៩២% បើធៀបជាមួយតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលកំណើនកើនឡើង ៩.១៦% ដែលមានត្រឹមតែ ១៣៥.២០៦ នាក់។
៥) បណ្តាញសង្គមហ្វេសបុក៖ មានត្រឹមចុងខែកុម្ភះ ប្រមាណ ៦,៨ លានគណនី មានកំណើនឡើងចំនួន ២ លានគណនី បើធៀបតួលេខចុងឆ្នាំ២០១៧។ ចំពោះលេខនេះមានការកើនឡើងតែមិនដឹងប៉ុន្មាន? ដោយសារយើងមិនទទួលបានតួលេខផ្លូវការច្បាស់លាស់ពីប្រភពគួរឲ្យទុកចិត្តបាន និងក្រុមហ៊ុនបណ្តាញសង្គមហ្វេសបុក៕

អស្ចារ្យ! កម្ពុជា​នឹងមាន​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ2 លើ​ពិភពលោក

0

ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹងមាន​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ 2 នៅលើ​ពិភពលោក ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​ដី 500 ហិកតា ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ។

លោក​ឧកញ៉ា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី7 ខែមករា ឆ្នាំ2019 ម្សិលមិញ​នេះ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គំរោង​សហប្រតិបត្តិការ​អាជីវ​កម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ 2 លើ​ពិភពលោក រវាង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd ។

លោក​ឧ​ញ៉ា​បាន​ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​គំរោង​សាងសង់​ទីលានប្រណាំង​រថយន្ត​មួយ​នេះ​មិនសូវ​បានទទួល​ទទួល​ប្រាក់ចំណេញ​ច្រើន​នោះទេ ប៉ុន្តែ​វា​អាច​ធ្វើជា​ស្ពាន​ចម្លង​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​ប្រទេស​ទាំង 2 កម្ពុជា-ជប៉ុន ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដែល​ស្នេហា​កីឡា​ប្រណាំង​យានយន្ត​នេះ ។ ទោះជា​យ៉ាងណាក៏ដោយ លោក​ឧកញ៉ា មិនបាន​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ក្នុងការ​វិនិយោគ​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​ទេ ដោយ​លោក​ឧកញ៉ា គ្រាន់តែ​បញ្ជាក់ថា ទីលាន​មួយ​នេះ​នឹង​សាងសង់​រួចរាល់ ព្រមទាំង​មាន​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ។

ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក ត្រូវបាន​សាងសង់​លើ​ទំហំ​ដី 500 ហិកតា​នៅ​ព័ទ្ធជុំវិញ ហើយ​ទីលានប្រណាំង​ខាងក្នុង​មាន​ទំហំ​ដី 22 ហិកតា។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​របស់លោក Yamamoto មាន​ទីលានប្រណាំង​រថ​យន្ត​មួយកន្លែង​នៅក្នុង​ប្រទេស​ជប៉ុន ដែល​រហូតមក​ដល់ពេលនេះ​បាន​ដំណើរ​ការប្រមាណ16ឆ្នាំ​រួចមកហើយ។ ដោយឡែក​ចំពោះ​ការយល់ព្រម​ធ្វើការ​វិនិយោគ​សាងសង់​ទីលានប្រណាំង​រថយន្ត​រួមគ្នា​រវាង​ក្រុមហ៊ុន​ទាំង2 ខាងលើនេះ ត្រូវបាន​អនុវត្ត​តាំងពី​ប្រមាណ 7ខែ​មុន​មកម្ល៉េះ គ្រាន់តែ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ទើបតែ​ធ្វើឡើង​កាលពី​ល្ងាចម្សិលមិញ​នេះ​តែប៉ុណ្ណោះ ៕

ផ្លូវជាតិលេខ២បានសិក្សានិងរើសក្រុមហ៊ុនសាងសង់រួចរង់ចាំតែថ្ងៃបើក ការដ្ឋានសាងសង់

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះការសិក្សា និងការជ្រើសរើសក្រុមហ៊ុនសាងសង់ពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៧ មករាកន្លងមកថា ការសិក្សាសាងសង់និងពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ ហើយការជ្រើសរើសក្រុមហ៊ុនសាងសង់ផ្លូវនេះក៏បានបញ្ចប់ដែរ​នៅសល់តែនិតិវិធីការងារមួយចំនួនប៉ុណ្ណោះ ដែលយើងរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។លោកបន្តថា ទោះជាយ៉ាងណាយើងមិនទាន់កំណត់ពេលវេលា ដើម្បីបើកការដ្ឋានសាង​សង់នៅពេលណានៅឡើយទេ។

លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់បានថាផ្លួវនេះ នឹងបើកការដ្ឋានសាងសង់បាននៅពេលណេទេ ប៉ុន្តែអ្វីៗទំនងជាមិនយូរពេកទេ”។


តាមគំរោងផ្លូវជាតិលេខ២ នឹងត្រូវពង្រីកជាបួនគន្លងដែលអាចរថយន្តបើកបរបានពីរទៅពីរមកនៅតំបន់ខ្លះ និងតំបន់ខ្លះនឹងពង្រីកត្រឹម១១ម៉ែត្រប៉ុណ្ណោះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាក្នុងឳកាសជួបជាមួយកម្មករ និយោ​ជិតក្នុងខេត្តនេះ កាលពីចុងឆ្នាំមុនបានរិះគន់ពីនិតិវិធី និងភាពយឺតយ៉ាវក្នុងការសាង​សង់ និងពង្រីកផ្លូវនេះ ដោយសម្តេចបានជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនធ្វើយ៉ាងណាឲ្យការសាងសង់ផ្លូវនេះធ្វើឡើងបានលឿន និងឆាប់រហ័សតាមដែល​អាចធ្វើទៅបាន៕

សម្តេច​តេ​ជោ៖ សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​ឈរ​នៅ​លំដាប់​ទី៦ លើ​ពិភពលោក

1

ដោយ​វុត្ថា

ភ្នំពេញ៖  សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​នាពេល​បច្ចុប្បន្ន​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី៦នៅលើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង៧% ក្នុង១ឆ្នាំ។

សម្តេច​ថ្លែង​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ៧មករា ខួប​លើក​ទី៤០ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ សម្តេច​បាន​បន្តថា សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោទន ក្នុង​រយៈពេល​ជាង២ទសវត្ស​ចុងក្រោយ។ ចាប់តាំងពី​ឆ្នាំ២០០០រហូតមកដល់​ឆ្នាំ២០១៨ ផលិតផល​ក្នុងស្រុក​សរុប​មានតម្លៃ ប្រមាណ​ជា២៤,៦០៥លាន​ដុល្លារ ដូច្នេះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​ផ្លាស់ប្ដូរ​ពី​ប្រទេស ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​វិញ។

សម្ដេច​បន្ដថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី៦លើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង៧% ក្នុង១ឆ្នាំ។សម្តេច​បាន​បន្តថា  “ការរីកចម្រើន​ក្នុង​កម្រិត​ដ៏​ខ្ពស់​ជាប់​មិន​ដាច់​នេះ ដោយសារ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្ដសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន ។ ជា​លទ្ធផល សេដ្ឋកិច្ចជាតិ បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស។

សម្ដេច​តេ​ជោ បន្ថែមថា ជាក់ស្ដែង​ផលិតផល​ក្នុងស្រុក​សរុប បាន​កើន​ពី​ប្រមាណ៣.៦៤៩លាន​ដុល្លារ​នៅ​ឆ្នាំ២០០០ ដល់​ប្រមាណ២៤,៦០៥លាន​ដុល្លារ នៅ​ឆ្នាំ២០១៨  ។ រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​ផ្លាស់ប្ដូរ​ពី​ប្រទេស ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ ឧស្សាហកម្ម និង​សេវាកម្ម​វិញ។ ផ្លូវ ស្ពាន បណ្ដាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ដ្រ មន្ទីរពេទ្យ សាលារៀន ត្រូវបាន​ស្ថាបនា​ច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស ជាពិសេស​រោងចក្រ សហគ្រាស កសិដ្ឋាន ម​ជ្ឈ​ម ណ្ឌ​ល​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ខ្ពស់​ត្រូវបាន​កសាង និង​ព​ង្រឹ​ក​កាន់តែច្រើន ដែល​បានផ្ដល់​ការងារ​ជូន​ប្រជាជន​រាប់លាន​នាក់ នៅ​គ្រប់ទិសទី។ កម្ពុជា​ក៏ត្រូវ​បាន​មជ្ឈដ្ឋាន​វិនិយោគិន​ក្នុងស្រុក ក្រៅប្រទេស និង​ស្ថាប័នហិរញ្ញវត្ថុ​អន្ដរជាតិ​នានា​វាយតម្លៃថា ជា​ប្រ​ទេ ស​ដែលមាន​បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ និង​ធុរកិច្ច។

កម្ពុជា​រំពឹងថា នៅតែ​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧% ក្នុង១ឆ្នាំ និង​ធាន​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ​បន្ដទៀត។

សម្ដេច​តេ​ជោ​ហ៊ុន សែន​បានលើកឡើង​ទៀតថា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទូទៅ ក៏​ទទួលបាន​ការកែលម្អ កាន់តែ​ប្រសើរ​ឡើងជា​លំដាប់។ ប្រការនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ចំណូល​មធ្យម សម្រាប់​មនុស្ស​ម្នាក់​ពី​ប្រមាណ២៨៨ដុល្លារ នៅ​ឆ្នាំ២០០០ ដល់១.៥៦៣ដុល្លារ​នៅ​ឆ្នាំ២០១។ អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ប្រមាណ៥៣.២% នៅ​ឆ្នាំ២០០៤ មក​នៅត្រឹម​ប្រមាណ១៣.៥% នៅ​ឆ្នាំ២០១៤ និង​ត្រូវបាន​រំពឹងថា បន្ដ​ថយ​ចុះមក​នៅក្នុង​រង្វង់១០%នាបច្ចុប្បន្ន។

កម្ពុជា បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង ដើម្បី​ឈានទៅ​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ខ្ពស់​នៅ​ឆ្នាំ២០៥០ ៕

សិក្សា៦ ចំណុច​នេះ​សិន​មុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​មានការ​រីកចំរើន​យ៉ាងខ្លាំង​នៅ​កម្ពុជា ជាក់ស្តែង​វត្តមាន​អាគារខ្ពស់ៗជាច្រើន បាន​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ ពិសេស​តំលៃ​ដីធ្លី​ក៏បាន​កើនឡើង​យ៉ាងគំហុក​ផងដែរ ដែល​តំបន់​ខ្លះ​កើនឡើង​ទ្វេ​រដង និង​តំបន់​ខ្លះទៀត​កើនឡើង​មួយ​គុណ​នឹង​បី​ឬ​បួន​ដង​ក៏មាន។

តើ​អ្នក​មានបំណង​វិនិយោគ​លើដី​ធ្លី​ដែរឬទេ? មាន​ប្រាក់​ច្រើន​កម្រិតណា? គេហទំព័រ​Propertyarea.asia សូម​នាំយក​ចំណេះដឹង​ពី​អ្នកជំនាញ ដើម្បី​ធ្វើជា​មូលដ្ឋាន​យកមក​គិតពិចារណា និង​វិភាគ​ថា​គួរ​វិនិយោគ​ដីធ្លី​នៅទីណា កន្លែង​ណា​ដែល​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​និង​ឆាប់រហ័ស។

ទិញ​ដី​ក្នុង​គោលបំណង​អ្វី?

តើ​អ្នក​មានបំណង​ទិញ​ដី ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ ឬ​ទុក​សាងសង់​សំណង់​នានា? អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​ឲ្យ​ដឹងថា ប្រសិនជា​លោក អ្នក​ចង់​ទិញ​ដី​ដើម្បី​សាងសង់​ខុន​ដូ សាងសង់​អាគារ​ការិយាល័យ ឬ​សម្រាប់​សាងសង់​សណ្ឋាគារ សូម​ទិញ​ដី​នៅក្នុង​ខ័​ណ្ឌ​ចំការ  មន។

ប្រសិនជា​ចង់​ទិញ​ដី​ទុក​លក់​យកប្រាក់​ចំណេញ រយៈពេល​បី​ឆ្នាំ​ខាងមុខ គួរ​ទិញ​នៅ​តំបន់​ទួលគោក និង​តំបន់​ភ្នំពេញ​ថ្មី ប៉ុន្តែ​បើ​ទិញ​ដី​ដែលមាន​ចម្ងាយ​ពី៧ទៅ១០គីឡូម៉ែត្រ​ពី​ទីក្រុង ពួកគេ​ត្រូវ​រង់ចាំ​ដល់៧ឆ្នាំ​ទើប​ចំណេញ​បាន។ បើ​ទិញ​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​ទីក្រុង គឺ​ពួកគេ​អាច​ទទួលបាន​ផលចំណេញ​នៅ​រយៈពេល១០ឆ្នាំក្រោយ។

ការទិញ​ដីធ្លី​ជាការ​វិនិយោគ​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ

ការវិនិយោគ​ដីធ្លី ជាការ​វិនិយោគ​ដ៏​ត្រឹមត្រូវ ប្រសិនជា​លោក អ្នក​សល់​លុយ​ដោយ​ខ្លួនឯង មិនដឹង​យកទៅ​វិនិយោគ​អ្វី ប៉ុន្តែ​ប្រសិនជា​យកលុយ​បង្វិល ឬ​យកលុយ​ពី​ធនាគារ​ដើម្បី​ទិញ​ដី​វិនិយោគ អ្នកជំនាញ​បាន​និយាយថា “កុំ​អី” ព្រោះ​អ្នកខ្លះ​គិតថា ការប្រាក់​ធនាគារ១ឆ្នាំ៨ភាគរយ ហើយ​ដី​ឡើងថ្លៃ២០ភាគរយ​ក្នុង​មួយឆ្នាំ គឺអាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យកមក​ទិញ​បាន ប៉ុន្តែ​វា​ជាការ​យល់ច្រឡំ ព្រោះ​ដី​មិន​ងាយ​លក់ភ្លាមៗនោះទេ និង​អាចមាន​ភាពជាប់គាំងរ​យៈ​ពេល​ពីរ​ឬ​បី​ឆ្នាំ ពោលគឺ​ត្រូវការ​ពេលវេលា។

តំបន់​ណា​ចំណេញ​លឿន​ជាងគេ

ការទិញ​ដី​ដែល​ទទួលបាន​ផលចំណេញ​លឿន​ជាងគេ គឺ​ទិញ​នៅក្នុង​ខ័​ណ្ឌ​សែន​សុខ ដង្កោ និង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ ពិសេស​តំបន់​ទួលគោក និង​ភ្នំពេញ​ថ្មី ដោយសារ​តំបន់​នេះ​ដី​នឹង​ឡើងថ្លៃ​ទ្វេ​រដង​នៅ​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ខាងមុខនេះ។

គួរ​ទិញ​នៅតាម​បណ្តា​ខេត្ត​ឬទេ?

ក្រៅពី​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ អ្នកជំនាញ​បាន​ប្រាប់ថា “កុំ​ទិញ​អី” ព្រោះ​ក្រៅពី​ខេត្ត​ទាំងពីរ​នេះ មិនមាន​ខេត្ត​ណា​មាន​សក្តានុពល​ខ្ពស់​លើ​ផ្នែក​នេះ​ទេ ហើយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ខាងលើ គឺ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ខ្ពស់ជាង​ខេត្តសៀមរាប។ ប្រសិនជា​ទិញ​ដី​នៅ​ខេត្ត​ទុក​លក់​យកប្រាក់​ចំណេញ គឺ​ត្រូវ​រង់ចាំ​រយៈពេល១០ឆ្នាំ​ទៀត។

ការវិនិយោគ​ដីធ្លី​មិន​សុ​ទ្ឋ​ជា​ជម្រើស​ល្អ

ការវិនិយោគ​លើ​វិស័យ​ដីធ្លី​មិន​សុ​ទ្ឋ​តែ​ជា​ជម្រើស​ល្អ​នោះទេ ព្រោះ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​វិស័យផ្សេងៗទៀត ដែល​អាច​ប្រមូលប្រាក់​បាន​លឿន​ជាង​វិស័យ​ដីធ្លី។

ប្រសិនជា​អ្នកមាន​អាយុ៥០ឆ្នាំ ជា​ពេល​ដល់​អាយុ​ជិត​ចូលនិវត្តន៍ មិនគួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នោះទេ គឺ​គួរ​ទិញ​ខុន​ដូ ទិញ​ដី​សាងសង់​ផ្ទះជួល ឬ​ទិញ​ផ្ទះល្វែង​សម្រាប់​ជួល ដែល​អាច​បាន​ប្រាក់ភ្លាមៗត្រលប់​មកវិញ។ ផ្ទុយទៅវិញ​ប្រសិនជា​លោក អ្នកមាន​អាយុ​ចន្លោះ​ពី៣០ទៅ៤០ឆ្នាំ គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី ព្រោះ​ទិញ​ដី​មាន​ផលចំណេញ​ខ្ពស់ និង​ជា​វ័យ​ដែល​លោក អ្នក​កំពុង​រកលុយ​បាន​ច្រើន។

តើ​មាន​លុយ​អ្នក​ប៉ុន្មាន?

តើ​លោក អ្នកមាន​ប្រាក់​ប៉ុន្មាន មាន​ស្ថានភាព​ជីវិត​យ៉ាងដូចម្តេច? ព្រោះ​ការសម្រេចចិត្ត​ក្នុង​លក្ខ​ខ័​ណ្ឌ​នេះ​មាន​សារៈសំខាន់ មុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យនេះ។

ការវិនិយោគ​លើ​វិស័យ​អ្វីមួយ ក៏​គួរ​មាន​លក្ខ​ខ័​ណ្ឌ​ជាក់លាក់​ទាក់ទង នឹង​ចំនួន​ទុនវិនិយោគ លក្ខ​ខ័​ណ្ឌ​ការងារ លក្ខ​ខ័​ណ្ឌ​ជីវិត​ជាដើម។ ប្រសិនជា​អ្នក​ទើប​រៀបការ ហើយ​សល់​លុយ១០ម៉ឺន​ដុល្លារ គួរ​ទិញ​ផ្ទះ​សម្រាប់​ស្នាក់នៅ​សិន ប្រសិនជា​មានផ្ទះ ហើយ​សល់​លុយ​គួរ​ទិញ​ដី​ទុក ហើយ​ប្រសិនជា​មានផ្ទះ​ស្នាក់នៅ និង​មាន​ដី​រួចហើយ គួរ​ទិញ​ខុន​ដូ ព្រោះ​ខុន​ដូ​ជា​វិស័យ​ថ្មី​មួយ​ដែល​កំពុងមាន​ការពេញនិយម និង​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ៕

អស្ចារ្យ៖ ក្រុងហុងកុងគ្រោងបោះទុន ៦៤ពាន់លានដុល្លារបង្កើតកោះសិប្បនិមិត្តដើម្បីសាងសង់លំនៅដ្ឋានថ្មី

0

ដោយ វុត្ថា

ភ្នំពេញ រដ្ឋបាលក្រុងហុងកុង បាននិងកំពុងតែរៀបចំផែនការបង្កើតកោះសិប្បនិមិត្តចំនួន៤ ដែលគ្រោងចំណាយប្រាក់រហូតដល់៦៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់លំនៅដ្ឋានថ្មី ជាដំណោះស្រាយវិបត្តលំនៅដ្ឋានជូនប្រពលរដ្ឋរបស់ខ្លួនបានរហូតដល់១លាននាក់។

គម្រោងសាងសង់កោះសិប្បនិមិត្ត ដែលបង្កើតឡើងដោយក្រុមហ៊ុនពាណិជ្ជកម្ម និងអចលនទ្រព្យ Palm Jumeirah ដែលមានបទពិសោធសាងសាង និងអភិវឌ្ឍន៍កោះសិប្បនិមិត្តនៅឌុបៃ  គម្រោងលំនៅដ្ឋាន Forest City សម្រាប់មនុស្ស 700.000 នាក់នៅម៉ាឡេស៊ី និង គម្រោងJurong Island  នៅសឹង្ហបុរីជាជដើមនោះ ត្រូវបានគាំទ្រដោយរដ្ឋបាលហុងកុងទាំងស្រុង។

តែយ៉ាណាក៏ដោយ គម្រោងបង្កើតកោះសិប្បនិម្មិត ដែលត្រូវបានគាំទ្រដោយរដ្ឋបាលហុងកុងក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាននេះ ក៏មានផលវិបាកមួយចំនួនផងដែរ ដូចជាមានតម្លៃច្រើន រហូតដល់៦៤ពាន់លានុដុល្លារអាមេរិក រួមជាមួយនឹងបច្ចេកទេស និងបញ្ហានយោបាយ ដោយសារតែមានការបោះឆ្នោតធ្វើជាប្រមតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ អ្នកចូលរួមស្ទង់មតិ៤៩ភាគរយ បានប្រឆាំងទៅនឹងគម្រោងសាងសង់នេះ ដោយពួគេលើកឡើងថា វាប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ តែរដ្ឋបាលហុងកុងថា ការជ្រើសរើសតំបន់នេះ យកមកអភិវឌ្ឍន៍លំនៅដ្ឋានគឺមានផលប៉ះពាលបរិស្ថានតិចតួចបំផុត។

រដ្ឋាភិបាលស្វ័យត្នក្រុងហុងកុងពន្យល់ថា ការបង្កើតកោះសិប្បនិមិត្តនេះដើម្បីសាងសង់លំនៅដ្ឋានថ្មី ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាននៅក្នុងទីក្រុង ដែលកំពុងរងការខ្វះខាត និងទប់ទល់ទៅនឹងការប្រែលអាកាសធាតុ ដែលកំពុងយាយីដែលជាហេតុជម្រុញឲ្យរដ្ឋាភិបាលបង្កើត ទីក្រុងឆ្លាត និងមានកាបូនទាប “smart and low-carbon” ដូច្នេះបានមានគម្រោងបង្កើតកោះថ្មីនេះ ដើម្បីឪ្យមានឋាមពលកកើតឡើងវិញ និងបរិស្ថានបៃតងជាដើម។

លោក ស្រី Carrie Lam ប្រធានប្រតិបត្តិរដ្ឋបាលហុងកុងបាននិយាយកាលពីពេល​ថ្មីៗនេះថា ផែនការបង្កើតកោះសិប្បនិមិត្តនេះ គេហៅថាចក្ខុវិស័យ Lantau Tomorrow Vision ជាគោលនយោបាយប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ដែលបានប្រកាសកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ក្នុងការផ្គត់ផ្គង់ដីដល់ទីក្រុង ។

លោកស្រីពន្យល់ថា “គម្រោងបង្កើតកោះសិប្បនិមិត្តនេះ នៅលើកោះដែលមានទំហំ១៧០០ហិកតា ត្រង់ចន្លោះផ្លូវទឹកដែលជាតំបន់ប្រជុំរវាង កោះ Lamtau និងទីក្រុងហុងកុង គឺអាចសាងសលំនៅដ្ឋានថ្មីរហូតដល់៤០០,០០០ និងមានប្រជាពលរដ្ឋរស់នៅប្រហែល១,១លាននាក់ចាប់ពីឆ្នាំ២០៣២ខាងមុខនេះ”៕

បច្ចុប្បន្នភាពៈមន្រ្តីជាន់ខ្ពស់អះអាងថាព្រលានយន្តហោះខេត្តកោះកុងនឹងសាងសង់ ជាស្តង់ដាអន្តរជាតិ

0

​ដោយគង់ សូរិយា
​ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ការ​សាងសង់ព្រលានយន្តហោះនៅខេត្តកោះកុង នឹងធ្វើឡើងជាព្រលានលំដាប់អន្តរជាតិ ដែលតាមស្តង់ដាព្រលានបែបនេះ អាចចំណាយប្រាក់១០០០លានដុល្លារអាមេរិក។​

​រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ មករានេះថា ក្រុមហ៊ុនTienjing Union Development Groupបាននិងកំពុងរៀបចំប្លង់មេ និងសិក្សាគំរោងប្លង់ព្រលានយន្តហោះ​នេះលំអិត ព្រមទាំងឈូសឆាយដី មុនពេលបើកការដ្ឋានសាងសង់ ព្រោះគំរោងព្រលាន​យន្តហោះនិមួយៗ មិនមែនសាងសង់បានភ្លាមៗទេ វាអាចចំណាយរយៈពេល១០ឆ្នាំដើម្បីបញ្ចប់ការសាងស​ង់។

​លោកបន្តថា “យើងត្រួវការព្រលានយន្តហោះថ្មីទៀត ដើម្បីទទួលអ្នកដំណើរដែ​ល​មានកំនើនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមិនមានកន្លែងចុះចត និងត្រូវពង្រីកបន្ថែមនៅពេលឆាប់ៗនេះ”។លោកបន្តថា “ក្រុមហ៊ុន​Tienjing Union Development Groupបានស្នើសុំសាងសង់ព្រលានយន្តហោះនេះជា​ព្រលានស្តង់ដាអន្តរជាតិ”។

​អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធបុណ្យ សមុទ្រនៅខេត្តកោះកុង កាលពីពាក់​កណ្តាលខែធ្នូកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាបានបង្ហើប ពីគំរោងសាងសង់ព្រលានយន្តហោះនេះផងដែរ ដោ​យសម្តេចលើកឡើងពីតម្រូវការនៃការអភិវឌ្ឍ និងការអភិវឌ្ឍនៅខេត្តកោះកុង ដែលធ្លាប់
ជាខេត្តដាច់ស្រយាល មកកាន់ខេត្តមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមយ៉ាងល្អប្រសើរ។

​ជាមួយគ្នានេះសម្តេចក៏ប្រកាសពីគំរោងពង្រីកផ្លូវជាតិលេខ៤៨ ពីរ២គន្លង ទៅកាន់៤គន្លងរថយន្ត ដើម្បីសម្រួលការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញផងដែរ៕

ការវិនិយោគលើគំរោងអចលនទ្រព្យបែបលំហែរកាយកើនឡើង

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ ការវិនិយោគលើគំរោងអចលនទ្រព្យ បែបលំហែរកាយកំពុងកើនឡើងនៅកម្ពុជា ខណៈដែលការស្វែងរកកន្លែងលំហែរ និងសម្រាកកំសាន្តពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍កើនឡើង។


ជាក់ស្តែងគំរោងជាច្រើនបានលេចឡើង ដូចជា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ ភូមិឋានសំណាង គំរោងវិនិយោកគRelax Resort វិនិយោគរបស់ក្រុមហ៊ុន Macau Legend Development Limited ដែលមាន​​​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង ដែលក្រុមហ៊ុននេះ​​បាន​ទិញ​ភាគហ៊ុន​ទាំង​​អស់​របស់​​​​ក្រុមហ៊ុនHowing Enterprises ​នៅ​​​​កម្ពុជា​​ក្នុង​តម្លៃ៩០​លាន​ដុល្លារ ​ក្នុង​គោល​​បំណង​​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​​ (IR)​ នៅ​ខេត្ត​សៀម​រាប​​។​

ប្រធាន​នាយក​ប្រតិបត្តិ​ Macau Legend Development លោក Chow Kam Fai បាន​ឲ្យ​ដឹង​​​ថា ការ​ទិញ​ដី​នេះ​​មាន​បំណង​​សាងសង់​ និង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​នៅ​ខេត្ត​សៀមរាប​ ​ដែល​អាច​ឲ្យ​​ក្រុមហ៊ុន​ចូល​រួម​​ និង​ទទួល​នូវ​​អត្ថ​ប្រយោជន៍​ពី​ឧស្សា​ហ​កម្ម​ទេសចរណ៍​ដែល​កំពុង​រីក​​ ចម្រើន​​របស់​​កម្ពុជា​។​

លោក​ឲ្យ​ដឹងបន្ត​​ថា​ “​​ក្រុម​ប្រឹក្សា​ភិបាល​​​​ចាត់​ទុក​ថា លក្ខខណ្ឌ​​នៃ​ការ​ទិញ​លក់​​នេះ​ត្រឹម​ត្រូវ​ និង​សម​ហេតុផល​ ហើយ​ការ​ទិញ​នេះ​ស្ថិត​​ក្នុង​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ និង​ភាគទុនិក​ទាំង​អស់​​របស់​ខ្លួន​”។​ មកពីទីក្រុងម៉ាកាវ ដែលគ្រោងវិនិយោគរមណីយដ្ឋាន​ សមាហរណកម្មបែបវិស្សមកាលលើផ្ទៃដី១២០០ហិកតា នៅខេត្តសៀមរាប និងគំរោងជាច្រើនទៀតនៅជាយក្រុងភ្នំពេញ។


​​ជាមួយគ្នានេះ លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតា នឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។

លោកបន្តថា “ដោយសារយើងមើលឃើញប្រជាពលរដ្ឋ កាន់តែច្រើនបានចាកចេ​ញ​ពីទីក្រុងនៅចុងសប្តាហ៍ ដើម្បីស្វែងរកកន្លែងសំរាកកាយ និងលំហែរចុងសប្តាហ៍ ទើប​យើងវិនិយោគគម្រោងនេះឡើង”។ លោកបន្តថា “គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)”។

ជាមួយគ្នានេះ ក្រុមហ៊ុនA2A Town Cambodiaក៏បានវិនិយោគរមណីយដ្ឋាននិងផ្ទះលំហែរកាយចុងសប្តាហ៍នៅរមណីយដ្ឋានគិរីរម្យផងដែរ ដែលគម្រោងនេះរួមមានផ្ទះស្នាក់នៅច្រើនប្រភេទ ទីលានបោះតង់ដែលអាចផ្ទុកមនុស្សបាន២០០០នាក់ និងគំរោងទីលានវាយកូនហ្គោលជាដើម។

នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនA2A Town Cambodiaលោកហ៊ិន សុជាតិ បានមានប្រសាសន៍ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យគំរោងនេះ​ដំណើរការ ខណៈការសាងសង់ផ្ទះសម្រាប់លំហែរកាយលក់ ទទួលបានអតិថិជនភាគច្រើនជាជនជាតិជប៉ុន ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។លោកបន្តថា ក្នុងចំណោមផ្ទះលំហែរកាយ ដែលសាងសង់សម្រាប់លក់ប្រមាណ៨០ផ្ទះ រហូតមកទល់ពេលនេះលក់អស់បានប្រមាណ៦០ទៅ៧០ភាគរយហើយ។


ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការវិនិយោគលើគំរោងអចលនទ្រព្យបែបរមណីយដ្ឋាន ពិតជាបាន​និងកំពុងកើនឡើង ដោយសារប្រជាជនចាប់ផ្តើមស្វែងរកពេលវេលាលំហែរ ព្រោះប្រាក់ចំណូលពួកគេកើនឡើង។លោកបន្តថា យើងអាចចាត់ទុកជាផលិតផលថ្មីក្នុងវិស័យនេះនៅកម្ពុជា តែមិនមែនជារឿងថ្មីនៅបណ្តាប្រទេសនានានោះទេ។

លោកបន្តថា “ការវិនិយោគបែបនេះក៏ជាផ្នែកមួយ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមរបស់កម្ពុជាផងដែរ ហើយជាការជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”៕

សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាតែងតាំងប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលថ្មី

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា(CREA) បានសម្រេចបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអនុប្រធានក្រុមប្រឹក្សាភិបាលបន្ថែម ដើម្បីបំពេ ញការងារឲ្យកាន់តែមានប្រសិទ្ឋភាព និងចូលរួមលើកកំពស់វិស័យអចលនវត្ថុកម្ពុជា។

​កញ្ញាចេវ សុឃុន និងលោកយិន លាងគង់ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាននិងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ ដែលសមាគមនេះតម្រូវឲ្យមានប្រធានម្នាក់អនុប្រធានពីរនាក់គឺលោកមាស វាសនា និងលោកយិន លាងគង់ និងសមាជិកក្រុមប្រឹក្សាភិបាលចំនួន៦រូបថែមទៀត។

​លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានថ្លែងឲ្យដឹងក្នុង​កិច្ចប្រជុំកាលពីថ្ងៃទី៥ មករាកន្លងមកថា ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រ​ធានក្រុមប្រឹក្សាភិបាលនេះ ធ្វើឡើងដោយតម្លាភាព និងអ្វីកាន់តែសំខាន់គឺធ្វើឲ្យសមាគមនេះមានរចនាសម្ព័ន្ឋរៀបរយ និងអាចបំពេញការងារជូនសមាជិកសមាគម បានពេញ​លេ​ញ ពិសេសជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញនិងទាក់ទាញការ​វិនិយោគពីបរទេស ក៏ដូចជា ដើម្បីលើកកំពស់និងផ្តល់ទំនុកចិត្តដល់វិស័យនេះ។

​លោកបន្តថា “សមាគមនេះបង្កើតឡើង ដើម្បីជួយក្រុមហ៊ុនជាសមាជិក ក៏ដូចជា ​រដ្ឋាភិបាល ដើម្បីជំរុញនិងលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ”។លោកបន្តថា “វាជាសម្លេងថ្មីមួយទៀតពីកម្ពុជា ទៅកាន់ពិភពលោក ដើម្បីទាក់ទាញការចាប់អារម្មណ៍​និងវិនិយោគ ព្រោះសមាគមមួយមិនអាចក្តោបក្តាប់បានរាល់ផ្នែក និងជំរុញសក្តានុពលនៅក្នុងវិស័យនេះនោះទេ។


​ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ កញ្ញាចេវ សុឃុនបាននិងកំពុងដើរតួនាទីសំខាន់ក្នុងវិស័យនេះ ហើយកញ្ញាបានមានប្រសាសន៍ថា យើងនឹងធ្វើឲ្យសមាគមរ៉ឹងមាំ តាមរយៈការស្វែងរកការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ឋ ដើម្បីធ្វើឲ្យសមាគមនេះទទួលបានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិបន្ថែមទៀត។

​កន្លងមកលោកឃាង ពុទ្ឋីប្រធានសមាគមនេះបានស្វែងរក និងទទួលបានការគាំទ្រពីក្រុមហ៊ុន អ្នកវិនិយោគនៅប្រទេសចិន សាំងហ្កាពួរជាដើម ពិសេសកិច្ចសហការជាមួយសមាគមពាក់ព័ន្ឋនៅបរទេសផងដែរ៕