លោកឃាង ពុទ្ឋីជំរុញឲ្យអ្នកពុះដីឡូត៍គិតពីទំហំដីធំជាងមុន និងផាសុខភាព

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្របពេលសកម្មភាពពុះដីឡូត៍លក់កាន់តែមានភាពពុះកញ្រ្ជោល និងមានភាពអសកម្មមួយចំនួន អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញភាពវិជ្ជមានចេញពីផ្នែកនេះ តែទាមទារឲ្យអ្នកពុះដីឡូត៍លក់ ចាប់ផ្តើមពង្រីកបទដ្ឋានដីឡូត៍របស់ខ្លួនឲ្យបានធំជាងមុន និងគិតគូរពីផាសុខភាព និងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជាគោល។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទន្ទឹមនឹងការពុះដីឡូត៍កើនឡើងច្រើន សកម្មភាពនេះក៏ផ្តល់ភាពវិជ្ជមានដល់សេដ្ឋកិច្ចជាតិ ព្រោះដីឡូត៍អាចអនុញ្ញាត្តឲ្យកម្មករ និយោជិត មន្រ្តីរាជការ ដែលមានចំណូលទាបអាចសន្សំលុយទិញបាន និងសន្សំលុយសាងសង់ផ្ទះនាពេលអនាគតនៅលើដីនោះ។ លោកបន្តថា ទោះជាយ៉ាងណា ការពុះដីឡូត៍ ក៏មានផលអវិជ្ជមានមួយចំនួន គឺការទិញដីឡូត៍ហើយ គាត់មិនទទួលបានប័ណ្ណកម្មសិទ្ឋ មិនដឹងទីតាំងដីច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ឋមិនសមស្របជាដើម។

លោកបន្តថា “ហេតុនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញសេចក្តីប្រកាសស្តីពីការអភិវឌ្ឍដីកាលពីពេលថ្មីៗនេះ មានលក្ខណៈការពារអ្នកទិញ និងអ្នកវិនិយោគដីឡូត៍”។លោកបន្តថា “សេចក្តីប្រកាសនេះល្អ មានភាពវិជ្ជមានច្រើនទាំងអ្នកលក់ និងអ្នកទិញ ទោះមិនទាន់គ្រប់ជ្រុងជ្រោយ តែអាចថាល្អលើស៩០ភាគរយ”។

បើសិនជាម្ចាស់គំរោងដីឡូត៍ ឬអ្នកវិនិយោគដីឡូត៍ គោរពនិងអនុវត្តន៍តាមសេចក្តីប្រកាសនេះ និងមានការអនុញ្ញាត្តចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ការវិនិយោគដីឡូត៍ មានភាពវិជ្ជមានច្រើន។លោកពុទ្ឋីបញ្ជាក់ឲ្យដឹង។

លោកឃាង ពុទ្ឋីបានបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគពុះដីឡូត៍លក់ ពង្រីក ទំហំដីឡូត៍របស់ខ្លួន ព្រោះដីឡូត៍តូចៗពេលសាងសង់លំនៅដ្ឋាន បានធ្វើឲ្យអ្នករស់នៅមានភាពធុញថប់ ដូចជា តំបន់បឹងកេងកង១ ដីមានលក្ខណៈស្តង់ដាដោយមានទំហំ២០គុណនឹង៣០ម៉ែត្រ និងតំបន់ទួលគោកក៏ទំហំដីល្អក៏ដូចគ្នា ដែលធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃ និងមានតម្លៃខ្ពស់ តែតំបន់ដែលមានដីតូចៗ គឺតម្លៃអចលនទ្រព្យមិនមានតម្លៃថ្លៃនោះទេ។

លោកបន្តថា “ហេតុនេះអ្នកវិនិយោគពុះដីឡូត៍លក់ គួរធ្វើដីឡូត៍ដែលមានទំហំធំ ដើម្បីឲ្យអ្នកទិញមានភាពងាយស្រួលសាងសង់ ហើយអ្នកទិញគួរសិក្សាទិដ្ឋភាពផ្លូវច្បាប់ ដូចជា ក្រុមហ៊ុនដែលខ្លួនចង់វិនិយោគជាមួយមានច្បាប់ឬទេ? មានដីច្បាស់លាស់ឬទេ? និងស្ថិតនៅទីតាំងណាពិតប្រាកដ? ពិសេសត្រូវសិក្សាពីហេដ្ឋារចនាសម្ព័ន្ឋ និងប្រព័ន្ឋលូឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ”។

លោកបន្តថា ដីឡូត៍មកដល់បច្ចុប្បន្នបានឈានដល់ដំណាក់កាលថ្មី ដែលអ្នកវិនិយោគពុះដីឡូត៍លក់ ត្រូវបង្កើនគុណភាពគំរោងរបស់ខ្លួន ដោយត្រូវគិតពីទំហំដីឲ្យបានធំជាងមុន គិតពីហេដ្ឋារចនាសម្ព័ន្ឋធំជាងមុន និងគិតគូរពីផាសុខភាពរបស់អ្នករស់នៅនាពេលអនាគត៕

សម្តេចតេជោៈប្រាក់ចំណូលប្រជាជនកម្ពុជានឹងកើនឡើងដល់ជាង២ពាន់ដុល្លារនៅឆ្នាំ២០២៣

0

ដោយ យិន លាងគង់

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំនៅឆ្នាំ២០២៣ខាងមុខនេះ។

អញ្ជើញចូលរួមក្នុងទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី៥ តុលានេះ សម្តេចតេជោបានថ្លែងថា នៅឆ្នាំ២០២៣ប្រាក់ចំណូលប្រជាជនខ្មែរម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយសម្តេចរំពឹងថា ប្រទេសផ្តល់កម្ចីនឹងមិនដំឡើងអត្រាការប្រាក់នោះទេ បើទោះបីសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនខ្ពស់ក្តី។សម្តេចបន្តថា សុខសន្តិភាពនៅកម្ពុជាបានផ្តល់ផ្លែផ្កាច្រើនណាស់ សម្រាប់សង្គមជាតិ។

សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលនឹងវិនិយោគកាន់តែច្រើនទៀត លើវិស័យអប់រំ ជាពិសេសការកសាងគុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ឋអប់រំនានា។

តាមការព្យារណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រាក់ចំណូលប្រជាជនកម្ពុជាម្នាក់ៗក្នុងមួយឆ្នាំនឹងកើនដល់១៥៦០ដុល្លារនៅឆ្នាំ២០១៨នេះ។
លោកបណ្ឌិតម៉ី កណ្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការព្យាករណ៍របស់រដ្ឋាភិបាល ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានលក្ខណៈវិទ្យាសាស្រ្ត ហេតុនេះលោកជឿជាក់ថា កម្ពុជានឹងសម្រេចបានកំនើនប្រាក់ចំណូលដូចការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំននល្អប្រសើរ ដោយសុខភាពនៅក្នុងវិស័យស្នូលទាំង៤ បាននិងកំពុងមានការវិវត្តល្អប្រសើរ ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋបានកើនឡើង ជាប់ជាប្រចាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តថា សេដ្ឋវិទូនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពួកគេមានសមត្ថភាព ហើយការព្យាករណ៍របស់ពួកគេពិតជាអាចទទួលយកបាន ហេតុនេះការលើកឡើងរបស់សម្តេចពិតជាអាចក្លាយជាការពិត។លោកបន្តថា “ក្រុមសេដ្ឋវិទូនៃក្រសួងសេដ្ឋកិច្ច ខ្ញុំបានចូលរួមជ្រើសរើសដោយផ្ទាល់ ពួកគេមានវ័យក្មេងតែមានចំណេះដឹងខ្ពស់ និងមានថាមពល”៕

ដំណឹងថ្មី! សម្តេច​តេ​ជោ​ប្រកាស​រំសាយ​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​រំសាយ​ការសិក្សា​ដើម្បី​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ ដែល​ស្នើ​ដោយ​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​ការបោះឆ្នោតជាតិ​កាលពីពេលថ្មីៗនេះ។

អញ្ជើញ​ចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​នា​ព្រឹក​ថ្ងៃទី៥ តុលា​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា សម្តេច​បានប្រកាស​រំសាយ​លើ​ការសិក្សា​បង្កើត​ខេត្ត​ថ្មី ដែល​គ្រោង​បែងចែក​ពី​ខេត្តកណ្តាល និង​ខេត្តរតនគិរី និង​មណ្ឌលគិរី។ សម្តេច​បាន​បង្ហើប​ថា ជាពិសេស​មាន​អ្នកខ្លះ​បាន​រត់ការ​ដើម្បី​សុំ​ឋានៈ​ជា​អភិបាលខេត្ត​ថ្មី​នេះ។

មួយរយៈ​ពេល​ចុង​ក្រោយនេះ តម្លៃ​ដី​នៅ​តំបន់​មួយចំនួន​បាន​ឡើងថ្លៃ​ខ្ពស់​ដោយសារ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការបង្កើត​ខេត្ត​ថ្មី​នៅ​តំបន់​នោះ។

លោក ង៉ែត ជូ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ភិ​វឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting ធ្លាប់បាន​ព្រមាន​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ទាក់ទង​នឹង​ការបំពុល​ព៌​ត​មាន​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​លោក​ជំរុញ​ឲ្យ​ប្រជាជន​សិក្សា ពិចារណា​លើ​ព៌​ត​មាន​ឲ្យ​បានច្បាស់លាស់ និង​គ្រប់គ្រាន់​មុន​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យនេះ ហើយ​បោះបង់​ការវិនិយោគ ដោយ​ពឹង​ផ្អែកលើ​ព្រេងសំណាង។

លោក​បន្តថា “ព៌​ត​មាន​មួយចំនួន​មាន​លក្ខណៈ​បំពុល ហេតុនេះ​ការសិក្សា​ឲ្យ​បានច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​មុន​សម្រេច​ចិត្តជា​ការសំខាន់​ណាស់ ដើម្បី​ឲ្យ​គំរោង​វិនិយោគ​របស់ខ្លួន​ប្រាសចាក​ហានិភ័យ”៕

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ត្រៀម​បណ្តុះបណ្តាល​ជំនាញ​ទាក់ទង​នឹង​វិស័យនេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សមាគម​អ្នកជំនាញ​អចលនទ្រព្យ នឹង​ចាប់ផ្តើម​បើក​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​វិស័យនេះ​នៅ​ពាក់កណ្តាល​ខែតុលា​នេះ ដើម្បី​បំពេញតម្រូវការ​ធនធាន​មនុ ស្ស​នៅក្នុង​វិស័យនេះ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​ឃាង ពុ​ទ្ឋី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ទីតាំង​សមាគម ដែល​ស្ថិតនៅក្នុង​គំរោង One Park នៃ​មជ្ឈមណ្ឌល​ភ្នំពេញ (Phnom Penh City Center អតីត​បឹងកក់)កាលពី​ល្ងាច​ថ្ងៃទី៤ តុលា​កន្លងមក​ថា រហូតមកទល់​ពេលនេះ ការចុះឈ្មោះ​ចូលរៀន​បានចាប់ផ្តើម​ហើយ ដោយមាន​សិក្ខាកាម​ជាច្រើន​បាន​ចុះឈ្មោះ​ចូលរៀន​វគ្គ​នេះ។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥តុលា​ខាងមុខនេះ។

លោក​បន្តថា “មូលហេតុ​ដែល​សមាគម​បើក​ថ្នាក់​បណ្តុះបណ្តាល​នេះ គឺ​ចង់​បង្កើន​ធនធានមនុស្ស​ដើម្បី​បំពេញការងារ​ក្នុង​វិស័យនេះ ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង។លោក​បន្តថា “អ្នក​បញ្ចប់​ការសិក្សា​ចេញពី​វគ្គ​នេះ យើង​មិន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បើក​ក្រុមហ៊ុន​ភ្លាម​ទេ តែ​ពួកគេ​អាចធ្វើ​ការ​នៅតាម​ក្រុមហ៊ុន​នានា ដែល​យើង​រក​ការងារ​ជូន ដើម្បី​ទទួលបាន​បទពិសោធន៍ និង​មូលដ្ឋាន​រ៉ឹង​មាំ​ក្នុង​វិស័យនេះ មុននឹង​ឈានទៅ​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។

វគ្គ​បណ្តុះបណ្តាល​នេះ នឹង​រៀន​រយៈពេល​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​ច័ន្ទ ដល់ថ្ងៃ​សុក្រ ដែល​ចាប់ផ្តើម​ពី​ម៉ោង៥,៣០នាទី​ដល់៨,៣០នាទី​ល្ងាច។

លោក ឃាង ពុ​ទ្ឋី បាន​បន្តថា ការបណ្តុះបណ្តាល​នេះ នឹងមាន​រយៈពេល១៥ទៅ១៦ម៉ោង​ក្នុង​មួយ​វគ្គ ដែល​បង្រៀន​ដោយ​អ្នកមាន​ជំនាញ និង​អ្នកដឹកនាំ​ក្នុង​វិស័យនេះ ដោយ​ពួកគេ​នឹង​បង្ហាញ​ពីបទ​ពិសោធន៍​ការបរាជ័យ និង​ភាពជោគជ័យ​ដែល​ពួកគេ​សម្រេចបាន ជាមួយនឹង​កម្មវិធីសិក្សា ដែលមាន​ការច្របាច់បញ្ចូល​គ្នា​ពី​កម្មវិធីសិក្សា​ក្នុងស្រុក និង​កម្មវិធីសិក្សា​លក្ខណៈ​អន្តរជាតិ។

កម្មវិធីសិក្សា​នេះ​យក​តម្លៃ១៦៨ដុល្លារ​អាមេរិក សម្រាប់​សិក្ខាកាម​ម្នាក់ ដែល​លោក​ឃាង ពុ​ទ្ឋី​បាន​មានប្រសាសន៍ថា តម្លៃ​នៃ​ការសិក្សា​នេះ​មាន​ភាពសមរម្យ បើ​ធៀប​នឹង​ចំណេះដឹង​ផ្សេងទៀត ព្រោះ​ការបណ្តុះបណ្តាល​នេះ​បង្រៀន​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ពិសេស​លោក​ស្នើ​ឲ្យ​យុវជន​ឬ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យនេះ ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ៕

ស្វែងយល់​ពី​អាស៊ាន! រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដាក់ចេញ​គោលនយោបាយ​បង្អាក់​ការអភិវឌ្ឍ​វិស័យ​សំណង់

0

ដោយ វុត្ថា

ភ្នំពេញ៖ កាសែត Myanmar Times បាន​រាយការណ៍​កាលពី​សប្តាហ៍​មុ​នេះ​ថា គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ទីក្រុង​យ៉ាំង​ហ្គោ​ន (YCDC) កាលពី​ខែមេសា​បានដាក់​ចេញ​សេចក្តីប្រកាស ដោយបាន​ហាមឃាត់​ក្រុម​អ្នក​អភិវឌ្ឍ ពី​ការសាងសង់​ជាន់​ផ្ទាល់​ដី​ឲ្យ​មាន​កម្ពស់​ជាង១២ហ្វី​ត ដែល​បាន​បង្អាក់​ដល់​វិស័យ​សំណង់​ក្នុងស្រុក។

លោក U Myo Myint សមាជិក​គណៈកម្មការ​ការងារ នៃ​សមាគម​អ្នកម៉ៅការ​សំណង់ ដែលមាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ប្រាប់​កាសែត The Times ថា ការប្រកាស​នេះ បានធ្វើឱ្យ​អ្នក​សាងសង់​មានការ​ភ្ញាក់ផ្អើល ហើយ​ការ​រឹតបន្តឹង​ទាំងនេះ​ត្រូវបាន​ដាក់អោយអនុវត្ត​ដោយ​គ្មាន​ប្រាប់​ជាមុន។

លោក​បន្តថា ការដាក់​សំណើសុំ​លិខិតអនុញ្ញាត​សាងសង់ អាច​ចំណាយពេល​មួយឆ្នាំ រដ្ឋាភិបាល​គួរតែ​ជូនដំណឹង ដល់​អ្នក​សាងសង់​នូវ​ការផ្លាស់ប្តូរ​បទបញ្ជា​នេះ យ៉ាងហោចណាស​ពី៥ខែ ទៅ១ឆ្នាំមុន​ដែរ។

លោក U Yan Aung អគ្គនាយក​ក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន​បាន​ថ្លែងថា “នៅពេល​មានការ​ពន្យារពេល ក្នុងការ​ស្វែងរក​ការ​អនុ​ញ្ញា​ត្តិ​សាងសង់ និង​ការអនុញ្ញាតឱ្យ​សាងសង់​នៅ​កម្រិតខុសៗគ្នា និង​តម្រូវការ​ទាប ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ ការ​រឹតបន្តឹង​ដែល​បង្កើត​ឧបសគ្គ​កាន់តែច្រើន ដល់​ការសាងសង់​មិនគួរ​ត្រូវ​បានកំណត់​នោះទេ”។

លោក​បន្តថា បទ​ប្បញ្ញត្តិ​ថ្មី ដែល​ហាមឃាត់​ការសាងសង់​អគារ​ខ្ពស់ ហាក់ដូចជា​ផ្ទុយ​នឹង​តម្រូវការ​សាធារណៈ ចំពោះ​ជាន់​ផ្ទាល់​ដី​ដែលមាន​ពិ​ដាន​ខ្ពស់។ ដូច្នេះ​ការ​បន្សល់ទុក​កន្លែង​ទំនេរ​មាន​តម្រូវការ​ខ្ពស់បំផុត ជាពិសេស​អ្នកស្វែងរក​អចលនទ្រព្យ​កំពុង​ស្វែងរក​ទីកន្លែង​ទាំងពីរ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ។

លោក​បាន​បន្តថា “ការបំពាក់​ឡៅតឿ គឺ​ល្អ​សម្រាប់​ទាំង​អ្នកលក់ និង​អ្នកទិញ” ។ លោក​បញ្ជាក់ទៀតថា«ជាន់​ផ្ទាល់​ដី​ចំនួន១២ហ្វី​ត នឹងមិន​មានតម្លៃ​ល្អ​ដូច​កាលពីមុន​ហើយ ក៏​មិនសូវ​ងាយស្រួល​សម្រាប់​អ្នកទិញ​ពិតប្រាកដ​ដែរ»៕

រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើសង្គ្រាម​ជាមួយ​សំរាម ជា​អាទិភាព​ក្នុង​អាណត្តិ​ថ្មី​នេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​គ​ណៈ​ក​ម្មា​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​គោលនយោបាយ​អាទិភាព​ទី១ គឺ​ការ​កំចាត់​សំរាម​នៅក្នុង​អាណត្តិរ ដ្ឋា​ភិ​បាល​ទី៦នេះ។

ឧបនាយករដ្ឋមន្ត្រី​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី៣ តុលា​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកយក​របៀបវារៈធំៗចំនួន៣ ក្នុងនោះ​វារៈ​ទី១ ការពិនិត្យ​រៀបចំ​គោលនយោបាយ​ទឹកចិត្ត ឱ្យមាន​ការកែច្នៃ​សំណល់​រឹង និង​គម្រោង​ទុកដាក់​សំរាម និង​ការស្នើសុំ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ឥណទាន​ខ្នាតតូច​ដល់​សហគមន៍​មូលដ្ឋាន​ជាដើម ។ ជាក់ស្តែង​នៅ​ឆ្នាំ២០១៧ តាម​ការប៉ាន់ប្រមាណ​នៅ​ទូទាំង​កម្ពុជា បរិមាណ​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន បាន​បង្កើតឡើង​គឺ​ប្រមាណ ៣,៦៥ លាន​តោន​ក្នុង​មួយឆ្នាំ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ៣ពាន់​តោន/ថ្ងៃ។

កិច្ចប្រជុំ​ដដែល​បានដាក់​ចេញ​នូវ​ផែនការ​អាទិភាព ដោយ​ផ្តោតលើ​ការកែច្នៃ និង​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង គឺ​ត្រូវការ​យន្តការ​ដោះស្រាយ​ជា​កញ្ចប់ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដោយ​គិត​អំពី​គោលការណ៍ធំៗរួមមាន ការ​ទុកដាក់​សំរាម, ការប្រមូល និង​ការកែច្នៃ​សំរាម ដែល​ប្រការនេះ​ទាមទារ​ជា​ចាំបាច់​នូវ​ក្របខ័ណ្ឌ​ច្បាប់/លិខិតបទដ្ឋាន​គតិយុត្ត ក្របខ័ណ្ឌ​គោលនយោបាយ វិធានការ និង​ផែនការ​សកម្មភាព ជាពិសេស​ការចូលរួម​ពី​អន្តរក្រសួង-ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ ទន្ទឹមនឹង​ការបណ្តុះ​ស្មារតី​ចូលរួម​ពី​ប្រជាជន​ទូទាំងប្រទេស។

ទី២ គណកម្មាធិការ​នេះ ក៏បាន​ជំរុញ​ការអនុវត្ត​វិធានការសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៤ ក្នុងនោះ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើរតួនាទី​សំខាន់​ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​វិធានការសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់ចេញ​ក្នុង“យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤”នាពេលថ្មីៗនេះ។

ចំណុច​ទី៣ ការពិភាក្សា​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០ ដោយ​អង្គ​ប្រជុំបាន​បន្ត​ពិនិត្យ និង​ពិភាក្សា​ឡើងវិញ​នូវ​ឯកសារ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ២០១៦-២០៣០ និង​បាន​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ពី​សារៈសំខាន់ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​ធ្វើឱ្យ​សេចក្តីព្រាង​នេះ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ផ្សារភ្ជាប់​នឹង​សូចនាករ ដែលមាន​លក្ខណៈ​អាច​វាស់វែង​បាន និង​ខ្លឹមសារ​មាន​សង្គតិភាព​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​នានា របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងទៅ និង​ស្នើសុំ​ដាក់​សេចក្តីព្រាង​នេះ​ជូន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នាពេលខាងមុខ​ផងដែរ៕

វាគ្មិនជំនាញ១២រូបនឹងចូលរួមចែករំលែកចំណេះដឹងក្នុងពិព័រណ៌អចលនទ្រព្យ កម្ពុជាឆ្នាំ​​២០១៨

0

ដោយ : គង់ សូរិយា

ភ្នំពេញ : នៅសល់ពេលតែជាងពីរសប្តាហ៍ទៀត​ប៉ុណ្ណោះ ពិព័រណ៌អចលនទ្រព្យ​កម្ពុជា​សម្រាប់ឆ្នាំ២០១៨​នេះ នឹងរៀបចំជាលើកទី៣នៅកម្ពុជា ជាមួយនឹងទំហំនៃការតាំង​បង្ហាញកាន់តែគួរអោយ ចាប់អារម្មណ៍ជាងលើកមុនៗ។

ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹង​ដំណើរ​ការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់​ចំនួន១៣រូបនឹង​ចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេទាក់ទងនឹង​ការរីកចម្រើន និង​ចក្ខុវិស័យចំពោះមុខនៅក្នុងវិស័យនេះ។

វាគ្មិនសំខាន់ៗទាំងនោះ រួមមាន ទី១ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សា​ភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL  ទី២ លោក James Whitehead នាយកប្រតិបត្តិគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Yula.la (ប្រទេសឡាវ) ទី៣ លោក តេង រិទ្ធី  ស្ថាបនិក និងនាយកក្រុមហ៊ុន R’ Investment Group ទី ៤ លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw ទី៥ លោក Michael Verdy អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការប្រទេសវៀតណាមនិងអាស៊ីអាគ្នេយ៍

ទី ៦កញ្ញា Alice Hsieh  ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ Position Property Services ទី៧ លោក Guillaume Massin ដៃគូ និងនាយក​ចាត់ចែងទូទៅនៃក្រុមហ៊ុន​ DFDL ទី៨ លោក Haijun Zeng  ដៃគូនៃក្រុមហ៊ុន Ting & Association  ទី៩ លោក Wanye Wang សហស្ថាបនិកនៃក្រុមហ៊ុន Lumi Arch Global  ទី១០. កញ្ញា Doris Han ​អ្នកប្រឹក្សាផ្នែកច្បាប់ ទី១១. លោក Kam Chin Seng  នាយកចាត់ការទូទៅនៃក្រុមហ៊ុនអភិវឌ្ឍន៍ N6A investment Co., Ltd., និងទី១២​. លោក  Simon Griffiths ជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​​ Urban Asset Solutionsជាដើម។

ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីក​ចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា ការណែនាំសម្រាប់អ្នកចង់វិនិយោគ​អចលន​ទ្រព្យ​លើ់កដំបូង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា  ព្រមទាំងសក្តានុពលនៃតំបន់ វិនិយោគសំខាន់ៗនៅកម្ពុជា។​

ក្នុងពិព័រណ៌អចលនទ្រព្យនឹងមានក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងលំនៅដ្ឋាន​ដាក់តាំង បង្ហាញជាច្រើន។ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palm ក្រុមហ៊ុន Aristo Developers​  គម្រោង One Park  គម្រោង Phnom Penh Harbour  គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Servicesជាដើម។

ក្រៅពីនេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុមួយចំនួន ដែលរួមមាន៖ ធនាគារ ANZ Royal ធនាគារភ្នំពេញពាណិជ្ជ  ធនាគារ PPCBank និងធនាគារ​ RHB។ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង ២០ ខែ​ តុលា ឆ្នាំ ២០១៨ នេះដោយមានគេហទំព័រ កាសែតជាច្រើនជាដៃគូព៌តមាន ដូចជា គេហទំព័រ​អចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia, Freshnews ជាដើម។

សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍សូមទាក់ទង:

●        ភាសាខ្មែរ និងចិន: [email protected]​​​​  ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323
●        អង់គ្លេស: [email protected]  ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669

 

កាដូបុណ្យភ្ជុំបិណ្ឌៈបុរីប៉េង ហួតផ្លូវ៦០ម៉ែត្របញ្ចុះតម្លៃរហូតដល់៧ភាគរយ

0

ដោយ : រតនៈ

ភ្នំពេញ : ក្នុងគោលដៅលើកទឹកចិត្ត ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ អតិថិជន នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៧ភាគរយ ពីហ្សបហោស៍ក្លាសស៊ិក ក្នុងគម្រោងដឹស្តាដាយមិន (ផ្លូវ៦០ម៉ែត្រ) ដែលមានសុពលភាពចាប់ពីថ្ងៃនេះ​រហូត​ដល់​ដំណា​ច់ខែតុលាខាងមុខនេះ។

ហ្សបហោស៍ក្លាសស៊ិក បានរចនាឡើងសមឥតខ្ចោះ ផ្អែកទៅលើគុណភាព សោភណ្ឌភាព និងប្រណិតភាព ជាមួយនឹងការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលរួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ប្រកបដោយបរិយាកាស​ស្រស់ស្រាយ និងផា​សុកភាព ជាពិសេសគឹស្ថិតនៅទីតាំងទល់មុខផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) ក្នុងគម្រោងដឹស្តា ដាយមិន ផ្ទាល់តែម្តង សក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មរបស់លោកអ្នក។

គម្រោងដឹស្តាដាយមិន ជាគម្រោងដែលមានវិសាលភាព ប្រមាណជា៤០ហិកតា នៅ​ជាប់​មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ)  ជាគម្រោងមួយ ដែលបែងចែក​ជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ សម្រាប់តំបន់​ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយ ក្នុង​តំបន់​ចាក់អង្រែក្រោ​ម ដែលរួមមានទាំងផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូន​លោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com​/​​​boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ព្រមាន​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ស្នើ​ឲ្យ​លោក​អភិបាលខេត្ត​ព្រះសីហនុ​បញ្ឈប់​ ​ការ​ចេញ​លិខិតអនុញ្ញាត​សាងសង់​

0

ដោយ​ ​:​ ​វុត្ថា

​ភ្នំពេញ​ ​:​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​ ​ជា​ ​សុ​ផា​រ៉ា​ ​ស្នើរ​ឲ្យ​ ​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ចេញ​លិខិតអនុញ្ញាត​ជាគោល​ការណ៍​ ​ដល់​ម្ចាស់​សំណង់​ឱ្យ​ដំណើរការ​សាងសង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ ​និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់​ឱ្យ​គោរពច្បាប់​ ​បទដ្ឋាន​គតិ​យុត្ត​ ​និង​បច្ចេកទេស​ជាធរមាន​។​

 

នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​ ​លោក​ ​ឆាន់​ ​សា​ផាន​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ផ្ញើរ​ជូន​ ​លោក​ ​យន់​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​សរសេរ​ថា​ ​“​ការដ្ឋាន​សំណង់​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ ​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ខ្លះ​ ​ជិត​រួចរាល់​ទាំងស្រុង​ទៅ​ហើយ​ ​ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់​។​ ​មានតែ​គោលការណ៍​ឲ្យ​ដំណើរការ​សាងសង់​ ​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ ​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​អនុក្រឹត្យ​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​ ​បណ្តាល​ឪ្យ​កើតមាន​បទល្មើស​សំណង់​ប៉ះពាល់​ ​ដល់​សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​ ​សោ​ភណ្ឌ​ភាព​ ​និង​គុណភាព​សំណង់​”​។​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះ​សីនុ​ ​ជា​រឿយ​ៗ​ ​តែងតែ​ចេញ​លិខិតអនុញ្ញាត​សាងសង់​ដល់​ម្ចាស់​សំណង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ ​ដែល​ធ្វើអោយ​មានការ​រិះ​គន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​សំណង់​គ្មាន​សណ្តាប់​ធ្នាប់​ ​និង​គ្មាន​សប​ទដ្ឋា​ន​គតិយុត្តិ​ត្រឹមត្រូវ​។​

​លោក​ ​យន្ត​ ​មីន​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចេញ​លិខិតអនុញ្ញាត​អោយ​លោក​ ​Liu​ ​Changhai​ ​ជនជាតិ​ចិន​សាងសង់​សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​មួយ​នេះ​ ​ដែល​បាន​ស្នើរ​សុំ​គោលការណ៍​បណ្តើរ​ ​និង​សាង​សង់​បណ្តើ​ដែល​ជាហេតុ​ធ្វើអោយ​ផ្ទុយ​ទៅ​នឹង​ស្មារតី​អនុក្រឹត្យ​លេខ​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី​ ​១៩​ ​ខែ​ធ្នូ​រ​ ​ឆ្នាំ​ ​១៩៩៧​ ​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​ ​បណ្តាល​អោយ​កើតមាន​បទ​ល្មើ​សំណង់​ ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​ ​សោ​ភណ្ឌ​ភាព​ ​និង​គុណភាព​សំណង់​នៅក្នុង​ខេត្ត​៕​

 

មន្រ្តីពាណិជ្ជកម្មអឺរ៉ុប : កម្ពុជា ជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ

0

ដោយ : ស៊ីវ ម៉េង

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានអះអាងថា កម្ពុជា​ជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ បើធៀបជាមួយបណ្តាប្រទេស​ផ្សេងទៀត ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក Tasilo Brinzer អនុប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍ ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានស្ដីពី “ធុរកិច្ចរបស់សហភាព​អឺរ៉ុប និងប្រទេ​សកម្ពុជា” នៅព្រឹកថ្ងៃទី៤ ខែតុលានេះថា កម្ពុជាជាប្រទេសមានភាព​អំណោ​យ​ផលមួយសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងដទៃទៀត។ ជាពិ​សេ​សកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា សព្វថ្ងៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា កំពុងរៀបចំកម្មវិធីជាច្រើន​ដើម្បី​ជាការទាក់ទាញ ដល់បណ្ដាវិនិយោគគិនក្នុងសហភាពអឺរ៉ុប មកបណ្ដាក់ទុននៅ​កម្ពុជា​បន្ថែមទៀតផងដែរ។ លោកបន្តថា “សព្វថ្ងៃក្រុមហ៊ុនមកពីសហភាពអឺរ៉ុប ដែល​មកបណ្ដាក់ទុននៅកម្ពុជា មានចំនួនរហូតដល់ជាង៥០០ក្រុមហ៊ុន ដោយពួកគេបាន​វិនិយោ​គ​លើវិស័យជាច្រើន”។

យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ទំ​ហំ​ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជាមានភាពល្អប្រសើរជាខ្លាំង  ដោយកាលពីឆ្នាំ ២០១៧កន្លងមក កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗដូចជា ខោអាវ ស្បែកជើង អង្ករ កង់ ម្រេច ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់រហូតដល់ ៥, ៥ ប៊ីលានយូរ៉ូ។ រីឯការនាំចូលមុខទំនិញពី សហភាពអឺរ៉ុបមកកម្ពុជាវិញ មានទំហំ​ទឹកប្រាក់​ត្រឹមតែប្រមាណ៨៥០លានយូរ៉ូប៉ុណ្ណោះ។

ចំណែកលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងផង​ដែរថា សព្វថ្ងៃវត្តមានរបស់ក្រុមហ៊ុនមកពីសហភាពអឺរ៉ុប សុទ្ធតែគោរពតាមលក្ខណ្ឌ​ត្រឹមត្រូវ តាមលក្ខណៈស្តង់ដា  គោរពច្បាប់ នឹងផ្ដល់ប្រាក់បៀរវត្សន៍ខ្ពស់ និងមាន​ការងារ​ជាប់លាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕