ដោយ ម៉ាណេត
ភ្នំពេញៈ បណ្តាប្រទេសសមាជិកអាស៊ានកំពុងលេចឡើង ជាមួយនឹងកំនើនសេដ្ឋកិច្ចរបស់ខ្លួន ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ ដែលបានកើនឡើងជាប្រចាំ ហេតុនេះតើអចលនទ្រព្យនៃបណ្តាប្រទេសទាំងនោះមានតម្លៃបែបណា?។
ថ្ងៃនេះ Propertyasia.area បង្ហាញពីតម្លៃអចលនទ្រព្យនៅបណ្តាប្រទេសអាស៊ានចំនួន៥ ខណៈតម្លៃអចលនទ្រព្យក្នុងចំណោមប្រទេសទាំង៥ គឺតម្លៃអចលនទ្រព្យនៅសិង្ហបុរីមានតម្លៃថ្លៃជាងគេ ធៀបនឹងប្រទេសចំនួន ៤ទៀត។
តម្លៃម៉ែត្រការ៉េលំនៅដ្ឋានដែលបានបោះពុម្ពដោយ ក្រុមហ៊ុន Global Property Guide។ លក្ខណៈសម្បត្តិស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះ ដោយមានកន្លែងល្អៗ ហើយត្រូវបានតុបតែងលម្អឡើងវិញ ឬកែច្នៃឡើងវិញក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។
តម្លៃអចលនទ្រព្យនៅសិង្ហបុរីគិតជាមធ្យម ១៣,៧៤៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែកនៅប្រទេសហ្វីលីពីនវិញ មានតម្លៃគិតជាមធ្យម ៣,៩៥២ដុល្លារក្នុងមួយម៉ែត្រការ៉េ។
រីឯតម្លៃអចលនទ្រព្យនៅមីយ៉ាន់ម៉ាវិញ អចលនទ្រព្យមានតម្លៃគិតជាមធ្យម ៣,៤៤១ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ និងចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ីអចលនទ្រព្យមានតម្លៃដូចម្តេចដែរ?។
យោងតាមការស្រាវជ្រាវខាងលើបានបង្ហាញថា តម្លៃអចលនទ្រព្យនៅឥណ្ឌូនេស៊ីគិតជាមធ្យម៣,៨២៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែកប្រទេសកម្ពុជាវិញ ដែលមានការរីកចម្រើនខ្លាំងក្នុងមួយទសវត្សរ៍ចុងក្រោយនេះបានបង្ហាញថា តម្លៃអចលនទ្រព្យនៅកម្ពុជាគិតជាមធ្យម២,៩១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ការវាយតម្លៃនេះរួមបញ្ជូលទាំងតម្លៃអាគារ និងតម្លៃដីនៅតាមទីក្រុងសំខាន់ៗដែលជារាជធានី និងរដ្ឋធានីរបស់ប្រទេសនិមួយៗ។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិប្រចាំតំបន់អះអាងថា វិស័យអចលនទ្រព្យកំពុងតែមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងក្លា និងរីកចម្រើនបន្ថែមទៀត ដែលបណ្តាអ្នកវិនិយោគកំពុងតែសម្លឹង ដើម្បីចាប់យកឱកាស។
នាយិកាក្រុមហ៊ុន Century 21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យ មិនមែនរីកចម្រើនតែនៅក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺនៅតាមបណ្តាខេត្តមួយចំនួនទៀតក៏ពុងតែពង្រីកសក្ដានុពលដែរ។ ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យ បានកើតឡើងស្ទើរទូទាំងប្រទេស ប៉ុន្តែគ្រាន់តែតំបន់ខ្លះមានការរីកចម្រើនលឿន ឬយឺតតែប៉ុណ្ណោះ។
លោកស្រីបន្តទៀតថា “ការអភិវឌ្ឍលឿន និងមានសន្ទុះខ្លាំងយើងឃើញមាននៅរាជធានីភ្នំពេញ ក្រុងព្រះព្រះសីហនុ ប៉ោយប៉ែត និងក្រុងបាវិតជាដើម”។ លោកស្រីបានបន្តទៀតថា “ដោយឡែកសម្រាប់តាមបណ្តាខេត្តមួយចំនួនទៀត ដូចជា កំពត កែប កំពង់ចាម ត្បូងឃ្មុំ ក៏កំពុងតែមានភាពលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ”។
លោកស្រី Grace Rachny Fong បានបន្តទៀតថា “នៅពេលដែលវិស័យអចលនទ្រព្យមានភាពរីកចម្រើន និងលូតលាស់ល្អ វាគឺជាឱកាសមួយសម្រាប់អ្នកដែលធ្វើជំនួញនៅក្នុងវិស័យមួយនេះ”។
លោកស្រី Aliwassa Pathnadabutr នាយកគ្រប់គ្រង CBRE Thailand បានថ្លែងថាតម្លៃជាមធ្យមសម្រាប់ដីនិងខុនដូនៅឆ្នាំនេះ នឹងធ្លាក់ចុះបន្ទាប់ពីបានកើនឡើងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
លោកស្រីមានប្រសាសន៍ថា “តម្លៃខ្ពស់បំផុតនៅក្នុងតម្លៃមួយម៉ែត្រការ៉េសម្រាប់ប្លង់កាលពីឆ្នាំមុន»។ តម្លៃខ្ពស់បំផុតនៅតែមានតម្លៃ 3,1 លានបាត (ជាង ១០ ម៉ឺនដុល្លារ) ក្នុងមួយម៉ែត្រការ៉េនៅលើផ្លូវ Lang Suan ដែលទទួលបាននៅឆ្នាំ ២០១៧។ វានឹងមានការកែតម្រូវតម្លៃនៅឆ្នាំនេះ”។
ក្នុងអំឡុងឆ្នាំ ២០១៥-២០១៨ តម្លៃដីជាមធ្យមនៅទីក្រុងបាងកកបានកើនឡើង ១២,៥ ភាគរយក្នុងមួយឆ្នាំធៀបនឹង ៧ ទៅ ៨ ភាគរយក្នុងមួយឆ្នាំនៅក្នុងអំឡុងពេលមុន។
លោកស្រី Aliwassa បានថ្លែងថា “នៅឆ្នាំនេះកំណើនតម្លៃដីមធ្យមនឹងកើនឡើងពី ០ ទៅ៥ភាគរយ”។






