តើ​វេទិកា​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី​និយាយ​ពី​បញ្ហា​អ្វីខ្លះ?

0

នៅ​រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ក្រោម​ប្រធានបទ «ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​តាមរយៈ​សក​ម្ម​ភាព​សហប្រតិបត្តិកា​រ​តំបន់ និង​សកល» ដែល​ជំនួប​កំពូល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

នៅក្នុង​ជំនួប​ប្រជុំ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ  ហើយ​ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​ដែលមាន​សារៈសំខាន់​ចំពោះ​អនាគត​ប្រទេស​យើងទាំងអស់គ្នា ជាពិសេស​សម្រាប់​សហគម​ន៍​អាស៊ាន​ទាំ​មូល។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា អាស៊ាន​គឺជា​តំបន់​មួយ​ដែលមាន​ការរីកចំរើន​ឆាប់រហ័ស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី៦លើ​ពិភពលោក ជាមួយនឹង​ប្រជាជន​ប្រមាណ​ជា ៦៤០លាន​នាក់ និង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​កំណើន​ពិភពលោក។ ទស្សនៈវិស័យ​អនាគត​អាស៊ាន​មាន​ភាពល្អប្រសើរ​ដោយ​យើង​បានកំណត់​ថា​នឹង​សម្រេច​ឲ្យ​បាន​កំណើន​លើសពី៥%ក្នុងឆ្នាំនេះ នឹង​លើសពី៥%នៅ​ឆ្នាំក្រោយ និង​ក្នុង​រយៈពេល​មធ្យ​មខាង​មុខ។

ជាការ​ពិត​នៅ​ក្នុងនេះ​ក៏មាន​ប្រទេស​មួយចំនួន​សម្រេចបាន​នូវ​កំណើន​ខ្ពស់​លើស​កំរិត​មធ្យម​ដែល​រួមបញ្ចូល​ប្រទេស​កម្ពុជា​ផង​ដែល​កំពុងមាន​កំណើន​លើសពី ៧ %ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ អាស៊ាន​សម្រេចបាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​លទ្ធផល​ផ្នែក​សង្គម ជាពិសេស​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិធានការសំខាន់ៗនៃ​ការអភិវឌ្ឍ​មនុស្ស សំដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មុនគេ​ផងដែរ។

បច្ចុប្បន្ន​សាកលលោក​កំពុង​វិ​វ​ឌ្ឍ​ទៅរក​ក្របខ័ណ្ឌ​ពហុ​ប៉ូល​ថ្មី ការ​បម្រែបម្រួល​កម្លាំង និង​តុល្យភាព​ព្រមទាំង​កំពុង​ប្រឈម​នឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ  ភេរវកម្ម និង​អំពើហិង្សា​ក្នុង​តំបន់ និង​សកលលោក ក៏ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ភាពមិនប្រាកដប្រជា​ក្នុង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ដោយសារតែ​នយោបាយ​គាំពារ​និយម  សង្គ្រាម​ពាណិជ្ជកម្ម  ការរំលោភ​លើ​ប្រព័ន្ធ​ពហុភាគី​និយម  និង​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សកល​និង​តំបន់។

ជាងនេះទៅទៀត​អាស៊ាន​ក៏​ប្រឈម​នឹង​បញ្ហា​ជាក់ស្ដែង​របស់ខ្លួន​មួយចំនួន​ផងដែរ ដូចជា​កំណើន​នៃ​ភាព​ចាស់ជរា និង​ការថយចុះ​កម្លាំង​ពលកម្ម  គម្លាត​ជំនាញ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម 4.0 គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក និង​ការបែងចែក​ផ្លែផ្កា​កំណើន​ប្រកបដោយ​សមធម៌ ព្រមទាំង​បញ្ហា​និរន្ត​ភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ។ ក្នុង​បរិការណ៍​នេះ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់ ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​បន្តធ្វើ​សមាហរណកម្ម​លើ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​អាស៊ាន​ទៅនឹង​ការវិវត្តន៍​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ដូច្នេះ​យើង​ត្រូវ​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គាំពារ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ជាង​ពីរ​ទសវត្សរ៍​មកនេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម ៧.៧% ក្នុង​មួយឆ្នាំ  ជាមួយនឹង​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ឯក​ទ​គ្គៈ ពាក់កណ្តាល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេលថ្មីៗកន្លងទៅនេះ  ហើយ​មូលដ្ឋាន​កំណើន​កាន់តែ​មានជីវិត​កាន់​ច្រើនឡើង ភាពក្រីក្រ​ក៏​ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម១០%ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន​ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប​តាមរយៈ​បែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន។  ជាងនេះទៅទៀត​កម្ពុជា​ក៏​សម្រេចបាន​មុន​កាលកំណត់​នូវ​គោលដៅ​សូចនាករ​ផ្នែក​សង្គមសំខាន់ៗទាំង​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល។

ផ្នែក​លើ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤សំដៅ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​បន្ថែម​សម្រាប់​ធានា​នាំ​ឲ្យ​កម្ពុជា​ឈាន​ឆ្ពោះទៅរក​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ខាងមុខ។ ក្នុង​គោលដៅ​នេះ  កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន លើកកម្ពស់​ការទទួល​បាន​សេវាសាធារណៈសំខាន់ៗប្រកបដោយ​គុណភាព​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត, សេវា​អប់រំ,  សេវា​សុខភាព  និង​សេវា​មូលដ្ឋាន​ចាំបាច់ផ្សេៗ  ពិសេស​ធានា​តុល្យភាព​និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ, បន្ត​ខិតខំ​ប្រឹងប្រែង  និង​ពង្រីក​ការតភ្ជាប់​ទាំង​ផ្នែក​ទន់ និង​រឹង​ព្រមទាំង​ព​ន្លឿ​នស​មា​រណកម្ម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស, ក្នុង​តំបន់  និង​សកលលោក។

នៅក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អទិភាព​ខ្ពស់​ទៅលើ​ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន ប្រកបដោយ​បរិ​យា​ប័ន្ន​ទី១ តាមរយៈ​កា​រព​ន្លឿ​ន​កែទម្រង់​រចនាសម្ព័ន្ធ​ចាំបាច់​នានា​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​រួមមាន​ការកាត់បន្ថយ​ចំណាយ​ថាមពល​ការលើកកម្ពស់​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការដោះស្រាយ​គម្លាត​ជំនាញ​តាមរយៈ​ការកែលម្អ​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​បង្កើន​ការវិនិយោគ​លើ​យុវជន​ដើម្បី​ចាប់យក​ឱកាស​ពី​ឧត្តមភាព​ប្រជាសាស្ត្រ និង​រក្សាបាន​កម្លាំង​ពលកម្ម​ធៀប​នឹង​ប្រជាជន​ទូទៅ​ក្នុង​កម្រិត៦៧% ដល់​ឆ្នាំ ២០៣០ និង​ទី២ តាមរយៈ​ជំរុញ​គោលនយោបាយ​សារពើពន្ធ​ដើម្បី​គាំទ្រ​បរិ​យា​ប័ន្ន​ឲ្យ​កាន់តែ​ប្រសើរ ដោយ​ផ្លាស់ប្ដូរ​ទៅរក​ប្រភព​អ្នកមាន​ចំណូល​កាន់តែ​ខ្ពស់​ស្របគ្នា​ទៅនឹង​រក្សាបាន​នូវ​លំអរ​ថវិកា​ដើម្បី​បង្កើន​ចំណាយ​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​សុខភាព និង​វិស័យ​អប់រំ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ចាប់យក​សក្តានុពល​ពី​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ យើង​កំពុងតែ​គិតគូរ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​បន្ថែម ព្រមទាំង​បង្កើន​ផ្នែក​ហិរញ្ញវត្ថុ​ដែល​នឹង​ជួយ​ពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ខណ្ឌ​កម្ពុជា​បាន និង​កំពុង​ជំរុញ​នូវ​គោលដៅ​អភិវឌ្ឍន៍​សកល មកជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​កម្ពុជា ដែល​គ្រោង​នឹង​អនុម័ត​នៅ​ដំណាច់ឆ្នាំ២០១៨នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា លើសពីនេះទៅទៀត យើង​នឹង​កែលម្អ​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​តាមរយៈ​ការអនុវត្ត​វិធានការ​មុត​ស្រួច​សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម​នៃ​ការធ្វើ​ធុរកិច្ច​សម្រួលការ​បង្កើត និង​ធ្វើ​ធុរកិច្ច ព្រមទាំង​បង្កើន​ការវិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ​និង​ជំរុញ​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក៕

ស្វែងយល់​ពី​អាស៊ី! កូរ៉េ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​កំពស់ ៦៦៥ម៉ែត្រ

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កូរ៉េ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដ៏​រីកចម្រើន និង​បាន​សាងសង់​អគារ​ខ្ពស់កប់ពពក​ជាច្រើន មិន​ចាញ់​បណ្តា​ប្រទេស​អារ៉ាប់​រួម និង​បណ្តា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​នោះ កំពុង​សាងសង់​អាគារ​មួយ​ដែលមាន​ឈ្មោះ​អាគារ​សុបិន ដើម្បី​បង្ហាញ​ពី​ឧត្តមភាព​របស់ខ្លួន។

គេហទំព័រ Propertyarea.asia នឹង​បន្ត​លើកយក​សក្តានុពល​ពី​ការី​កច​ម្រើ​នៃ​អគារ​ខ្ពស់កប់ពពក​មួយទៀត នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង គឺ​អគារ Dream Tower ដែលមាន​រចនាបទ​ដ៏​អស្ចារ្យ។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លំដាប់​ទី១៣ នៅលើ​ពិភពលោក​នេះ​កំពុង​សាងសង់​អាគារ Dream Tower អគារ​ជា​អគារ​ខ្ពស់កប់ពពក ដែលមាន​កំពស់៦៦៥  ម៉ែត្រ។ អាគារ​នេះ​ត្រូវបាន​សាងសង់ឡើង នៅក្នុង​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ Yongsan ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង។

Dream Tower ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ នឹងត្រូវ​បាន​គេ​ជំនួស​ដោយ​អគារ Triple One Tower ។ អគារ Trip One Tower ត្រូវបាន​គេ​ស្នើរ​សាងសង់​ក្នុង​កម្រិត​កម្ពស់៦២០ម៉ែត្រ ប៉ុន្តែ​ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា​អាគារ​Dream Tower និង​ផ្លាស់ប្តូរ​ប្លង់​របស់​វា​ទាំងមូល។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នេះ មាន​កម្ពស់​រហូតដល់១៥០ជាន់ ដែល​បាន​សាងសង់​ចំ​កណ្តាល នៃ​តំបន់​ពាណិជ្ជកម្ម Yongsan Dreamhub ដែល​គ្រោង​ចំណា​ថវិកា​សាងសង់​ចំនួន២៨ ទ្រី​លាន​វ៉ុ​ន ស្មើរ​នឹង២២.៦ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​គម្រោង​នានា ហើយនឹង​ត្រូវ​សាងសង់​នៅជាប់​ច្រាំងទន្លេ Han Riverនៅ​ជិត​ស្ថានីយ៍ Yongsan។

អាគារ​ដ៏​អស្ចារ្យ​នេះ បានចាប់ផ្តើម​ឈូសឆាយ​ដី​នៅក្នុង​ឆ្នាំ២០១០ និង​ចាប់ផ្តើម​សាងសង់​បុកគ្រឹះ​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១។

អាគារ​ដ៏​អស្ចារ្យ​នេះ នឹង​ប្រើប្រាស់​សម្រាប់​ជា​ផ្សារ​ទំនើប កន្លែង​លេង​កម្សាន្ត សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ​សម្រាប់​ជនបរទេស ស្កា​យ​បារ និង​កន្លែង​ទស្សនា​ទីក្រុង៕

លោកឧកញ៉ា នួន រឹទ្ធី៖ ចង់រកស៊ីវិស័យអចលនទ្រព្យត្រូវមានសសរស្ដម្ភទាំង៤ជាទុន

0

ដោយ រ៉ាវី

ភ្នំពេញ៖ នៅពេល​បច្ចុប្បន្ននេះ ចំពោះ​ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​ផុលផុស​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ចាប់អារម្មណ៍ និង​ចាប់​ប្រកប​ជា​មុខ​ជំនួញ​ជា​ហូរហែរ ដែល​ក្នុងនោះ​រាប់​ចាប់តាំងពី​ការ​ចងក្រង​បង្កើតជា​ក្រុម​ភ្នាក់ងារ​បម្រើសេវា ដើម្បី​ទទួលបាន​កម្រៃជើងសារ រហូតដល់​ការបង្កើត​ជា​ក្រុមហ៊ុន​លំដាប់​ស្ដង់ដារ ក្នុង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការតម្កល់​ដើមទុន​យ៉ាង​សន្ធឹកសន្ធាប់។

យ៉ាងណាក៏ដោយ​នៅក្នុង​ចំណោម​អ្នក ដែល​ចាប់​ប្រកប​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​មួយ​នេះ មិនមែន​សុទ្ធតែ​ទទួលបាន​ភាពជោគជ័យ​នោះទេ។

ពាក់ព័ន្ធ​ទៅនឹង​មុខ​ជំនួញ​មួយ​នេះ លោក​ឧ​ញ៉ា នួន រឹទ្ធី ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទទួលបាន​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ 2018 បានផ្តល់​ជា​អនុសាសន៍​ថា មុខ​ជំនួញ​អាច​សម្រេច​ជា​លទ្ធផល​ទៅបាន លុះត្រាតែ​មានការ​តាំងចិត្ត​ខ្ពស់ និង​មាន​គម្រោង​ផែនការ​ច្បាស់លាស់ ជាពិសេស​ត្រូវមាន​ចំណុចសំខាន់ៗទាំង៤ជាដាច់ខាត។

ទុន​ថវិកា

ជាមួយនឹង​ការកំណត់​ផែនការ ដែលជា​គោលបំណង ដើមទុន​គឺជា​ចំណុច​សំខាន់ និង​ដំបូង​គេ​បង្អស់ ដែល​ត្រូវតែមាន​ជា​ចាំបាច់ សម្រាប់​ដាក់ឱ្យ​ដំណើរការ​នៃប្រតិបត្តិ​ការ​នៃ​មុខ​ជំនួញ ដែល​ក្នុងនោះ​រាប់​ចាប់តាំងពី​ការចាត់​បែងចែក សម្រាប់​ការ​បង្កើតជា​ទីស្នាក់ការ ចែកជា​ខ្ទង់ចំណាយ​សម្រាប់​បុគ្គលិក សមាជិក ការកសាង​កេរ្តិ៍ឈ្មោះ ដែល​អាច​ធានា​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​យូរអង្វែង។

ទុន​ចំណេះ

ថ្វី​ត្បិត​ទុន​ថវិកា​ជា​ចំណុច​ចាប់ផ្តើម និង​ត្រូវតែមាន​ជាសំខាន់​ក្ដី ប៉ុន្តែ​ចំណេះដឹង​ជា​សាកល ក៏ដូចជា​ជំនាញ​ផ្ទាល់ ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ ក៏​ជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​ផងដែរ។

នៅត្រង់ចំណុច​នេះ លោក​ឧកញ៉ា នួន រឹទ្ធី ក៏បាន​បញ្ជាក់​ផងដែរ​ថា ជំនាញ គឺជា​ទុន​យ៉ាងសំខាន់។ អ្នកមាន​ជំនាញ​ច្បាស់​លើ​វិស័យ​អ​ចនទ្រ​ព្យ ទោះ​ជាមាន​ថវិកា​ជា​ទុន​តិចតួច​ក្ដី ក៏​អាចឱ្យ​ដំណើរការ​នៃ​អាជីវកម្ម​ដើរទៅ​មុខ​បានដែរ បើទោះជា​មិនមាន​ភាព​ធំធាត់​ឆាប់រហ័ស​ដូច​ការចំណាយ​ថវិកា​ជា​គោល​ក្ដី។ ជាក់ស្ដែង នៅលើ​ទីផ្សារ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មាន​មនុស្ស​មួយចំនួន​បាន​ចាប់ដំណើរការ​អាជីវក​ម្ម ក៏ដូចជា​មុខ​ជំនួញ​មួយ​នេះ​បានជាបណ្ដើរៗ ដោយ​ផ្តើម​ពី​ការងារ​ជា​ភ្នាក់ងារ​លក់ និង​ការសម្រួល​ជា​ឯកសារ​ពាក់ព័ន្ធ​ឡើងទៅ ដើម្បី​ទទួលបាន​ភាគលាភ​ជា​កម្រៃជើងសារ (Commission)។

ទុន​បណ្តាញ 

ការផ្សារភ្ជាប់ និង​បង្កើតជា​ទំនាក់ទំនង​បណ្តាញ គឺជា​ប្រការ​ដែល​សំខាន់​នៅក្នុង​វិស័យ​មួយ​នេះ ។ នៅពេល​អ្នកមាន​ទំនាក់ទំនង​ល្អ ជាមួយ​មនុស្ស​ទូទៅ​ដែល​ស្ថិតនៅ​ជុំវិញខ្លួន ជាពិសេស​ស្ថិតនៅក្នុង​វិស័យ​រួមគ្នា នោះ​អ្នកនឹង​អាច​បំបែក​ពង្រីក​វិសាលភាព​របស់​អ្នក​កាន់តែខ្លាំង ដែល​អាជ​បើក​ជំហរ​ទីផ្សារ​របស់​អ្នក​កាន់តែ​ទូលាយ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ជាមួយនឹង​ទាំ​នក់​ទំនង​ល្អ អ្នក​ក៏​អាច​បញ្ចៀស​នូវ​រាល់​ហានិភ័យ ឬ​អាច​ដោះស្រាយ​បញ្ហា​ទៅតាម​ស្ថាន​ការ​បាន​យ៉ាង​ប្រសើរ​បំផុត។

ស្ថិរភាព​សង្គម

សម្រាប់​ចំណុច​ចុងក្រោយ​នេះ ត្រូវបាន​លោក​ឧកញ៉ា​នួន រឹទ្ធី មានប្រសាសន៍​សង្កត់ធ្ងន់​ថា  មិន​ថា​ចំពោះតែ​ប្រទេស​កម្ពុជា​នោះទេ សេចក្ដីសុខ សន្ដិភាព និង​ស្ថិរភាព​សង្គម​គឺជា​កត្តា​ចម្បង​បំផុត។ នៅពេល​ប្រទេស​មាន​សន្ដិសុខ​ល្អ អ្នកវិនិយោគ ក៏ដូចជា​វិនិយោគិន​បរទេស​នានា នឹង​ងាក​មក​ចាប់អារម្មណ៍​បណ្តាក់ទុន​ជាក់​មិន​ខាន ហើយ​ចំណុច​មួយទៀត ក៏​ជាការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក អាច​រកចំណូលបាន​ខ្ពស់ ហើយនឹង​ឈានទៅរក​ទីជម្រក ដែល​ស្ថិតនៅក្នុង​វិស័យ​មួយ​នេះ៕

ស្វែងយល់អាស៊ី! រដ្ឋាភិបាលកូរ៉េចាប់ផ្តើមធ្វើរឹតបន្តឹងលើប្រតិបត្តិការអចលន ទ្រព្យខុសច្បាប់

0

ដោយ : វុត្ថា
ភ្នំពេញ: សេវាបង់ពន្ធជាតិ (National Tax Service ) នៅក្នុងប្រទេសកូរ៉េបានចាប់ផ្តើមធ្វើសវនកម្ម ចំនួនប្រតិបត្តិការអចលនទ្រព្យ ដែលបានកត់ត្រាទុកកាលពីឆ្នាំ២០១៧ កន្លងទៅ ក្នុងទិសដៅដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការផ្ទេរអចលនទ្រព្យខុសច្បាប់ និងទប់ស្កាត់ការរំពឹងទុកនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។


បើតាមការចុះផ្សាយរបស់សារព័ត៌មានYonhap ដោយបានដកស្រង់សម្តីរបស់លោក Park Myung-jae មន្ត្រីផ្នែកច្បាប់របស់រដ្ឋាភិបាលកូរ៉េ បានឲ្យដឹងកាលពីពេលថ្មីៗ​នេះថា ទីភ្នាក់ងារបង់ពន្ធបានអនុវត្តសវនកម្ម ទៅលើអចលនទ្រព្យចំនួន៤,៥៤៩ ករណីដែលបានធ្វើប្រត្តិការកាលពីឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ចំនួន៤៥១.៣លានដុល្លារ ដែលមិនបានបង់ពន្ធចូលរដ្ឋ និងបង់ពន្ធផាកពិន័យ។
សារព៌តមាននេះបានឲ្យដឹងទៀតថា តួលេខនេះជាសញ្ញាមួយ នៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ដដែល គិតចាប់តាំងពីសេវាបង់ពន្ធជាតិ (National Tax Service ) បានកត់ត្រាទុកចំនួន៥,០៤៦ករណី កាលពីឆ្នាំ២០១៣។
សេវាបង់ពន្ធជាតិ (National Tax Service ) ក៏បានរកឃើញករណីផ្ទេរអចលនទ្រព្យខុសច្បាប់ចំនួន១០១ករណី រវាងឪពុកម្តាយ និងកូនកាលពីឆ្នាំមុន ដែលជាចំនួនមិនធ្លាប់មានពីមុនមក។ ភ្នាក់ងារនេះបានប្រមូលប្រាក់២០,៤ពាន់លានវ៉ុន ដែលមិនបានបង់ពន្ធរដ្ឋ និងការបង់ថ្លៃពិន័យចំពោះរយៈពេលដូចគ្នា។
NTSបាននឹងកំពុងយកចិត្តទុកដាក់ ត្រួតពិនិត្យលើកិច្ចព្រមព្រៀងអចលនទ្រព្យយ៉ាងទំលំទូលាយចាប់តាំងពីឆ្នាំ២០១៣ ដើម្បីទប់ស្កាត់ទៅនឹងការផ្ទេរខុសច្បាប់។ កាលពីខែឧសភាភ្នាក់ងារនេះបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតចំពោះម្ចាស់ក្រុមហ៊ុនខ្នាតមធ្យម និងអ្នកមានទ្រព្យសម្បត្តិដែលសង្ស័យថា ពួកគេបានផ្ទេរទ្រព្យសម្បត្តិទៅឱ្យកូនៗ របស់ពួកគេ តាមរយៈទីលំនៅពន្ធនិងបណ្តាញខុសច្បាប់ដទៃទៀត៕

វិភាគ៖ ជំហររ៉ឹងមាំរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនគួរទទួលបានការគោរព

0

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ www.propertyarea.asia

ភ្នំពេញ ការសម្រេចចិត្តប្រាសចាក សុភវិនិច្ឆ័យរបស់ក្រុមមនុស្សមួយចំនួននៃស​ហ​ភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)” សម្រាប់ប្រទេសកម្ពុជាជារឿងគួរឲ្យអស់សំណើច និងអាម៉ាស់មួយសម្រាប់សហ គមន៍ ដែលសម្បូរដោយបញ្ញាជនមួយនេះ។

ការរំលាយគណបក្សនយោបាយមួយ ដែលតែងតែបង្កហេតុដល់ប្រទេសរបស់ខ្លួន និងតែងតែបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិដាក់គំនាប ឬទណ្ឌកម្មដល់ប្រទេសរបស់ខ្លួន ហើយទាមទារឲ្យអង្គការសហប្រជាជាតិព្យួរសមាជិកភាពរបស់កម្ពុជា និងសុទ្ឋតែជារឿងគួរឲ្យអៀនខ្មាស់ ខណៈរដ្ឋាភិបាលកម្ពុជាសម្រេចបានវឌ្ឍនភាព សម្រាប់ប្រទេសរបស់ខ្លួនយ៉ាងគួរឲ្យមោទនភាព ពួកគេបែរជាមើលមិនឃើញ តែពួកគេចង់មើលឃើញកម្ពុជាចង់មានបដិវត្តន៍ព៌ណ និងភាពចលាចលជំនួសវិញ។

ការឈានទៅរកការសម្រេចចិត្តគួរឲ្យអៀនខ្មាស់

ការយកលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្សមកធ្វើជាលេស និងដើម្បីបន្លាចឬកំទេចប្រទេសណាមួយ ដោយអត្តនោម័តនិងមិនបានពិចារណាគ្រប់ជ្រុងជ្រោយ និងម៉ត់​ចត់លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធ៌មរបស់ប្រទេសមួយ ជារឿងដែលគួរឲ្យអៀនខ្មាស់ និងមិនគួរស្ថិតក្នុងការសម្រេចចិត្តរបស់ក្រុមបញ្ញាវ័ន្ត ឬក្រុមដែលតាំងខ្លួនជាមនុស្សមានអរិយធ៌មនោះទេ។

ហេតុនេះការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសំដែងនូវការខកចិត្ត ចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ន នូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» ជារឿងត្រឹមត្រូវរបស់រដ្ឋាភិបាល ដោយឈរលើសុភវិនិច្ឆ័យមួយចំនួន ដូចជា ទី១ ការសម្រេចរបស់ហភាពអឺរ៉ុបនេះគឺប្រថុយប្រថាន និងជាការមិនទទួលស្គាល់ ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទា​ញមនុស្សប្រុស ស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ ទី២ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ តាមរយៈការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលកើនដល់១៥៦០​ដុល្លារនៅឆ្នាំ២០១៨នេះ។

ទី៣ ការបង្កើនប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងពី៤០ដុល្លារនៅឆ្នាំ១៩៩៧ ដល់១៧០ដុល្លារនៅឆ្នាំ២០១៨ និងកើនដល់១៨២ដុល្លារនៅឆ្នាំ២០១៩ខាងមុខ សុទ្ឋតែជាឆន្ទៈរបស់រដ្ឋាភិបាល ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងសុខមាលភាពសង្គមរបស់ខ្លួន។ ទី៤ ការសម្រេ​ចបាននូវកំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ហើយកម្ពុជាបានជាប់ជាឯក្តទករកំនើនក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទាំង១០ក្នុងពិភពលោក និងបន្តកំនើនយ៉ា​ងរ៉ឹងមាំរយៈពេលវែងបន្តទៀត។ ទី៥ការឈានឡើងរបស់កម្ពុជា ពីប្រទេសមានប្រាក់ចំណូលតិចតួច មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប​កាលពីឆ្នាំ២០១៦ និងឈានទៅក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ គួរតែជាមូលដ្ឋាន សម្រា​ប់ការពិចារណារបស់ក្រុមអ្នកនយោបាយ ដែលមាននិន្នាការបង្អាក់ការអភិវឌ្ឍកម្ពុជា និយមទាំងនោះ។

ទី៦ ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាល តាមរយៈការ​លើកលែងការបង់ថ្លៃសេវាសុខភាពដល់កម្មករ និយោជក មន្រ្តីរាជការ និងបុគ្គលិកធ្វើការក្រៅប្រព័ន្ឋ ពិសេសការផ្តល់ប្រាក់ដល់ស្រ្តីកម្មករ និយោជិតនៅពេលសម្រាលកូន សុទ្ឋតែជាអ្វីដែលជាការខិតខំ និងប្តេជ្ញាចិត្តដោយគ្មានការនឿយហត់របស់រដ្ឋាភិបាលកម្ពុជា។

ឈរលើមូលដ្ឋានរាប់រៀបត្រួសៗទាំងនេះ វាសមល្មមសម្រាប់ធ្វើជាទល្ហីករណ៍មួយ​ពីសំណាក់ក្រុមម​ន្រ្តីសហគមន៍អឺរ៉ុបទាំងនោះ សម្រាប់ធ្វើមូលដ្ឋានក្នុងការពិចារណា ដើម្បីវាស់វែងរវាងលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្ស។

សិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យ មិនអាចកើតមាននៅប្រទេសក្រីក្រ ឬនៅក្នុង​កាលៈទេសៈ ដែលប្រទេសមួយដែលមានទុរភឹក្សនោះទេ។ ផ្ទុយទៅវិញ វានឹងកើតឡើងសម្រាប់ប្រទេ​សមួយ ដែលប្រជាពលរដ្ឋមានជីវភាពធូរធារ វាកើតមានសម្រាប់ប្រទេសមួយដែលមាន​ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ និងកើតមានសម្រាប់ប្រទេសដែលមានសន្តិភាពពិតប្រា​កដ។

ការប្រតិកម្មរបស់កម្ពុជា

ទោះជាឈរលើមូលដ្ឋានណាក៏ដោយ និងយោងលើទិដ្ឋភាពច្បាប់ ក៏ដូចជា ទិដ្ឋភា​ព​នៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គមការប្រតិកម្មរបស់រដ្ឋាភិបាល ជារឿងគួរឲ្យ​គោរព និងយកចិត្តទុកដាក់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១ តុលានេះបានចេញ​សេចក្តីថ្លែងការណ៍ ដោយសេចក្តីថ្លែងការណ៍នោះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការសម្រេចចិត្តនេះថា ជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះ យ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លីតែម្តង។

រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍ បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាន នៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងទៀតថា ចាប់តាំងពីប្រទេសកម្ពុជាសម្រេចបានសន្តិភាពពេញលេញ និងការផ្សះផ្សារជាតិឡើងវិញមក កម្ពុជាបានអនុវត្តក្នុងកាលៈទេសៈដ៏លំបាកបំផុតការស្តារឡើងវិញនូវការគោរពសិទិ្ធមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋាន ដែលសូម្បីតែប្រទេសអឺរ៉ុបខ្លួនឯង ក៏ត្រូវចំណាយពេលខិតខំប្រឹងប្រែងអស់ជាច្រើនសតវត្សរ៍ ទម្រាំតែពួកគេអាចសម្រេចបានផ្នែកខ្លះ។ សិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និងការងារ គឺជាបុរេលក្ខខណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យដែរនោះ។

សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោល តថភាពដូចនេះទេ ប៉ុន្តែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហរបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអ៊ឺរ៉ុប ច្បាស់ណា​ស់ថា បានវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ ដោយហេតុនេះ វាជាការច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោបាយ នៅពីក្រោយសេចក្ដីសម្រេចមកលើប្រទេសកម្ពុជានេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “ជាលទ្ធផលនៃការសម្រេចបែបនេះ អាចនឹងធ្វើឲ្យបាត់បង់ទាំងស្រុង នូវលទ្ធផលជាវិជ្ជមានដ៏ច្រើននៃគោលនយោបាយអឺរ៉ុប ដែ​លកម្ពុជាទទួលបានផលប្រយោជន៍រហូតមកដល់ពេលនេះ”។

យ៉ាងណាក៏ដោយកម្ពុជាបានចាត់ទុកថា ការជ្រើសរើសយកវិធានការដាក់ទណ្ឌក​ម្មយ៉ាងតឹងរឹងបែបនេះ ជាជាងការប្រកាន់យកកិច្ចសន្ទនា ប្រកបដោយលក្ខណៈស្ថាបនានោះ អាចនឹងផ្តល់ផលអវិជ្ជមានបញ្ច្រាស់មកវិញទេ ហើយស្ថាប័នអឺរ៉ុបតែងតែបដិសេធមិនទទួលស្គាល់ហេតុការណ៍មិនអាចប្រកែកបាន ដែលនាំឲ្យរដ្ឋាភិបាលប្រើប្រាស់នូវបុព្វសិទ្ធិនៃរដ្ឋឯករាជ្យ និងអធិបតេយ្យភាព ក្នុងការចាត់វិធានការនានាតាមផ្លូវច្បាប់កន្លងមក។

សេចក្តីថ្លែងការណ៍របស់កម្ពុជាបានលើកឡើងទៀតថា ប្រសិនបើស្ថាប័នអឺរ៉ុបសំរេចដាក់ទណ្ឌកម្មមកលើកម្ពុជាផ្អែកលើជំហរនេះ វានឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀត ក្នុងការការពារនិងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋ ទាំងអស់ស្របតាមគុណតំលៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្តែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ ដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោ​បាយក្តី ឬជាសមាជិកនៃក្រុមសង្គមស៊ីវិលក្តី។

ប្រទេសកម្ពុជាសូមឲ្យមានការគាំទ្រ ពីសំណាក់សហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យសម្រេចគោលដៅដ៏ពិសិដ្ឋនេះ ដោយមានការគោរពដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

រឿងនយោបាយ?

ការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប ច្បាស់ណាស់ គឺដោយសារនយោបាយ និងអ្នកនយោបាយ ដែលតែងតែរកគ្រប់វិធីដើម្បីបង្អាក់ដំណើររបស់កម្ពុជា ដើម្បីសម្រេចបាន​វិបុលភាព ជាថ្នូរនៃការទទួលបានអំណាចដឹកនាំប្រទេស និងជាអ្វីដែលក្រុមលោកខាងលិចចង់កំចាត់សម្តេតេជោហ៊ុន សែនចេញពីអំណាច ដោយសារពួកគេមិនចូលចិត្តការគ្រប់គ្រងអំណាចរយៈពេលវែងរបស់បុរសខ្លាំងរូបនេះ។

ផ្ទុយទៅវិញ បុរសខ្លាំងរូបនេះស័ក្តិសមបំផុត សម្រាប់គ្រប់គ្រងប្រទេសក្នុងពេលនេះ ដើម្បីអ្វីដែលសម្តេចតេជោហៅថា “ដើម្បីកំចាត់ក្រុមក្បត់ជាតិ និងរក្សាសន្តិភាពទោះ​លះបង់ក្នុងតម្លៃណាក៏ដោយ ព្រោះសម្តេចស្អប់សង្រ្គាម និងមិនចង់ឃើញកម្ពុជាជួបសោកនាដកម្មជាថ្មី”។

រយៈពេលគ្រប់គ្រងប្រទេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ សម្តេចបាននាំ​កម្ពុជាទៅកាន់យគសម័យមាសមួយ សម្រាប់ប្រទេសដ៏កំសត់នេះ ដោយសម្តេចបានរំដោះកម្ពុជាចេញពីរបបកម្ពុជា ប្រជាធិបតេយ្យនៅឆ្នាំ១៩៧៩ រំលាយអង្គការចាត់តាំងខ្មែរក្រហមនៅឆ្នាំ១៩៩៨ ដោយបាននាំមកនូវសន្តិភាពផ្ទៃក្នុងប្រទេស តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ដឹកនាំប្រទេសឆ្ពោះមកកាន់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីសម្រេចវិបុលភាពរបស់ប្រជាជាតិខ្លួន ដោយរំដោះប្រទេស​ចេញពីភាពក្រីក្រតោកយ៉ាក មកកាន់ប្រទេសមានប្រាក់ចំណូល មធ្យមក​ម្រិតទាបកាលពី​ឆ្នាំ២០១៦ និងកំពុងឈានទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០  និងនាំកម្ពុជាធ្វើសមាហរណកម្មក្នុងកម្រិតតំបន់ និងពិភពលោក និងមានភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា ពិសេសការចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការកាត់បន្ថយភាពក្រីក្រមកនៅ១៣,៤០ភាគរយនៅឆ្នាំ២០១៤ ពិតជាសមិទ្ឋិផលដ៏សំខាន់និងមិនអាចកាត់ថ្លៃបានរបស់សម្តេច ក្នុងនាមជាអគ្គមគ្គុទេសក៏ឆ្នើមរបស់កម្ពុជា។

ហេតុនេះសម្រែកបង្អាប់ បន្ថោក ជាតិសាសន៍ឯងលើឆាកអន្តរជាតិរបស់ក្រុមមនុ​ ស្សប្រឆាំង ដែលគិតថាត្រូវសម្រាប់តែខ្លួនឯង ធ្វើត្រូវសម្រាប់តែខ្លួនឯង គួរទទួលការ​បដិសេធ ព្រោះប្រជាជនកម្ពុជាបានបដិសេធយុទ្ឋនាការម្រាមដៃស្អាត និងដេកផ្ទះឈ្នះឯងរបស់ពួកគេរួចហើយ ដោយប្រជាជនកម្ពុជាពួកគាត់បានស្រលាញ់សន្តិភាព និងមើលឃើញការអភិវឌ្ឍពិតប្រាកដរបស់កម្ពុជា បានចេញទៅបោះឆ្នោត​រហូតដល់ជាង៨៣ភាគរយកាលពី​ថ្ងៃទ២៩ កក្កដាកន្លងមកថ្មីៗនេះ។

ភូមិសាស្រ្តនយោបាយ

បណ្តាមេដឹកនាំលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក មិនពេញចិត្តជំហររបស់កម្ពុជា ដែលមានទំនាក់ទំនងស្អិតរមួតជាមួយចិន ដោយសារទំនាក់ទំនងប្រទេសទាំងពីរបាន​ឈានដល់ការដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១២ និងការដែល​កម្ពុជាតែងតែប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយនោះឡើយ។

ជាក់ស្តែងគ្រប់បណ្តាសារព៌តមានល្បីៗរបស់ពិភពលោក ដូចជា The New York Time, Bloomberg, ASEAN Today ជាដើម សុទ្ឋតែនិយាយមិនល្អពីការវិនិយោគរបស់ចិននៅកម្ពុជា ខណៈអ្នកវិនិយោគចិនបាននិងកំពុងចូលមកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបានផ្លាស់ប្តូរមុខមាត់កម្ពុជាយ៉ាងលឿន តាមរយៈការសាងសង់អាគាតខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកយ៉ាងច្រើននៅទីក្រុងភ្នំពេញ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ការរើសអើងនយោបាយ និងផលប្រយោជន៍និយម ដែលកម្ពុជាទទួលកំពុងរងគគ្រោះ មិនគួរជាទីដែលលោកខាងលិចចង្អៀតចង្អ ល់និងព្យាយាមបំផ្លាញកម្ពុជានោះទេ ទោះក្នុងរូបភាពណាក៏ដោយ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសរួចហើយក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ ព្រមទាំងសុខសន្តិភាព ដោយមិនឳនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។

ហេតុនេះការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)”គួរស្ថិតក្នុងការពិចារណាដោយម៉ត់ចត់ ដោយផ្អែកលើក្រមសីលធ៌ម និងវិចារណា​ញ្ញាណដែលកំណត់រវាងភាពខុស និងត្រូវរបស់អរិយជន៕

ប្រជាជន​កម្ពុជា​ចំណាយ​ចន្លោះ​ពី ១០០ដល់​ជាង ២០០លាន​ដុល្លារ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​អះអាងថា​ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ ៨៨ ទៅ ១០០លាន​ដុល្លារ ក្នុង​ឳ​កាស​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​បានបញ្ចប់​ក្នុង​សប្តាហ៍​នេះ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី-ខេត្ត ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុងឱកាស​ឈ ប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ (៨-១០ ខែតុលា ឆ្នាំ២០១៨) នេះ​មាន​ចំនួន១,២៦១,៦៩១ កើនឡើង២០,៤២ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ១,២១៣,៦៨៧ កើនឡើង២០,២៩ភាគរយ និង​ភ្ញៀវ​អន្តរជាតិ៤៨,០០៤ កើនឡើង២៣,៩៣ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី ខេត្ត​ដដែល បាន​សង្កេតឃើញ​ផងដែរ​ថា ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ មានការ​រីកចំរើន​កាន់តែ​ប្រសើរ ដោយ​ក្នុងនោះ អាច​ទប់ស្កាត់​ការ​តម្លើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយមាន​ការបិត​តម្លៃ​ជម្រាបជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ។ បញ្ហា​បរិស្ថាន​អនាម័យ​ល្អប្រសើរ​ជាង​មុន ដោយ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​ភ្ញាក់រលឹក និង​ដោយមាន​ការចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ទេសច​រណ៍ បាន​ចាត់តាំង​ក្រុមការងារ​ចុះ​អប់រំ​ផ្ទាល់​ដល់​រមណីយដ្ឋាន បើទោះបី​ជាការ​ទុកដាក់​សំរាម នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម និង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និត​ជាមួយ​កំលាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ។

ទោះជា​យ៉ាងណា​លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១១ តុលា​នេះ​ថា តាម​ការព្យាករណ៍​រប​ស់លោក​បាន​គិតថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចេញទៅ​ទស្សនា និង​សម្រាក​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូទាំងប្រទេស គឺមាន​ចំនួន​ច្រើនជាង​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ ព្រោះ​បើ​គិតពី​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ប្រមាណ៨០ភាគរយ បាន​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត​នានា ហើយ​ចំនួន​នេះ​មិនទាន់​គិត​បញ្ចូល​អ្នក​នៅ​រាជធានី​ភ្នំពេញ និង​អ្នក​នៅតាម​បណ្តា​ខេត្ត​នានា ដែល​បាន​ចល័ត​ដើរ​កំសាន្ត​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​នៅឡើយ​ទេ។

លោក​បន្តថា “បើ​គិត​លើ​ការចំណាយ​វិញ ខ្ញុំ​គិតថា​ជា​មធ្យម​ប្រជាជន​ម្នាក់​ចំណាយ​ប្រាក់​ចន្លោះ​ពី៧០ទៅ៨០ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ហេតុនេះ​ប្រជាជន​ទូទាំងប្រទេស៨៨ទៅ១០០លាន​ដុល្លារ​ក្នុង​ពិធី​នេះ។

លោក​បន្តថា ជាទូទៅ​ការដើរ​កំសាន្ត​ក្នុង​រយៈពេល​បី​ថ្ងៃនេះ មាន​ភាពល្អប្រសើរ ជាទូទៅ ប៉ុន្តែ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​អនាម័យ និង​បញ្ហា​ឡើងថ្លៃ​ម្ហូបអាហារ​នៅ​តំបន់​មួយចំនួន​មានការ​ហក់​ឡើង​ខ្ពស់​ឡើងវិញ ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម។

ទោះជា​យ៉ាងណា​លោក ​ធួន ស៊ីណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បានលើកឡើង​ផងដែរ​ថា លោក​យល់ស្រប​នឹង​តួលេខ​របស់​ក្រសួងទេសចរណ៍ ដែល​រយៈពេល​បី​ថ្ងៃនេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ជាង១,២លាន​នាក់​បានចេញ​ដើរ​កំសាន្ត​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ប៉ុន្តែ​លោក​បាន​ព្យាករណ៍​ការចំណាយ​របស់​ប្រជាជន​ម្នាក់​ជា​មធ្យម​គឺ​ចំណាយ១៨០ដុល្លារ​អាមេរិក ដូច្នេះ​បើ​គិត​ចំនួន​មនុស្ស​ជាង១,២លាន​នាក់ គុណ​នឹង​ការចំណាយ​មានន័យថា​ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់រ​ហូ​យ​ដល់២២៧លាន​ដុល្លារ​ក្នុង​ពិធីបុណ្យ​ដ៏​ធំ​នេះ។

លោក​បន្តថា “ខ្ញុំ​គិតបែបនេះ ប្រជាជន​កម្ពុជា​ចំណាយ​ច្រើន​សម្រាប់​ពិធីបុណ្យ​នេះ ដែល​មនុស្ស​ម្នាក់​អាច​ចំណាយ​មិន​ក្រោម១៨០ដុល្លារ​នោះទេ”៕

ហាងល្បីៗជាច្រើន ត្រៀម​បង្ហាញ​វត្ត​មាននៅ​ផ្សារ​ទំនើប The Bridge Lifestyle Mall

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការចូល​មកដល់​នៃ​ហាងល្បីៗនៅ​ទីក្រុង​ភ្នំពេញ មិនទាន់​បញ្ចប់​ទេ ទីក្រុង​នេះ​បាននិងកំពុង​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កាន់តែច្រើន ដើម្បី​ស្វែងរក​ប្រាក់ចំណេញ ក៏ដូចជា​បង្ហាញ​កេ​រ្ត៍​ឈ្មោះ​របស់ខ្លួន​នៅក្នុង​ទីផ្សារ ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន​នេះ។

ជាក់ស្តែង​បន្ទាប់ពី​សាងសង់​រួច និង​បើក​ឲ្យ​ដំណើរការ​ហាង​ទំនិញ និង​ភោជនីយ  ដ្ឋា​ន​និមួយៗចូល​ដេ​គ័​រ នៅក្នុង​ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែលមាន​ទីតាំង​ក្បែរ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កំពុង​លេច​រូបរាង​ពេញលេញ​ជាបណ្ដើរៗហើយ ដោយថ្មីៗនេះ​អគារ​ទាំងមូល​ទើបតែ​ស្វាគមន៍​ហាង​កាហ្វេ Brand កំពូល​មួយ​របស់​ពិភពលោក​គឺ Starbucks ដែល​បាន​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី​ខែ​មុននេះ។

ជាមួយគ្នា​នោះ ហាង A Nice Gift ដែលជា​ហាង​តែ​ទឹកដោះគោ​ថ្មី​មួយ​នៅ​កម្ពុជា ដោយបាន​នាំយក​រសជាតិ​ដើម​បែប​ហុងកុង ដំបូង​បំផុត​ដែល​ពុំ​ធ្លាប់មាន​ពីមុន​នៅ​ស្រុក​ខ្មែរ ក៏បាន​បើក​លក់​ជា​ផ្លូវការ​រួច​ដែរ​នៅ​ទីនោះ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​ផ្សារ​ទំនើប​នេះ​បាន​បញ្ជាក់ថា នៅមាន​ហាង​អាហារ ល្បីៗជាច្រើន​ទៀត​ដូចជា ហាង​នំប៉័ង Tous Les Jours ហាង​កាហ្វេ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ​Inthanin និង​ហាង​តែ​ពី​ចិន​Heekaa នឹង​ត្រៀម​បើក​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សម្រាប់​ឲ្យ​អតិថិជន​សាកល្បង ក៏​អាច​រីករាយ​បាន​ជាមួយនឹង​រសជាតិ​ថ្មី​ទាំងអស់នេះ។

ក្រៅពី​ហាង​អាហារ និង​ភេសជ្ជៈ ផ្សារ​ទំនើប​បើក​ចំ​កណ្ដាល​ក្រុង​មួយ​នេះ នៅមាន​ហាង​យីហោល្បីៗច្រើនសន្ធឹក​ទៀត ដូចជា ហាង​ទំនិញ​កម្រិត​គុណភាព​ស្តង់ដារ​ជប៉ុន Miniso ហាង​នាឡិកា​ម៉ាក​ល្បី​ពី​អឺរ៉ុប​ Paris Star ហាង​លក់​សំលៀកបំពាក់​ដែល​កំពុង​ពេញនិយម​Zando ហាង​កែ​សម្ផស្ស​និង​មា​ស្ស៉ា Eliza និង L’oreal ដែលជា​គ្រឿងសំអាង​ម៉ាក​ល្បី​មកពី​បារាំង​ជាដើម។

ជាមួយនឹង Brands មួយចំនួន ដូចជា Huawei, Vidvie, WK Remax, VR Gaming, Konfulon បូករួម​ទាំង Brand ផ្សេងៗជាច្រើន​ទៀត ដែល​ទាំងអស់នេះ​បានធ្វើអោយ The Bridge Lifestyle Mall ក្លាយជា​ផ្សារ​ទំនើប​ទីមួយ​នៅ​ភ្នំពេញ ដែល​ផ្តល់​ឳ​កាស​ដល់​អ្នកដើរ​ផ្សារ​រីករាយ​ក្នុង​ការទិញ​ផលិតផល និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចំរុះ​គ្រប់​ប្រភេទ ជាមួយនឹង​ទីតាំង​កម្សាន្ត​ដ៏​ធំ​មួយ​សម្រាប់​កុមារតូចៗ និង​មនុស្ស​ធំ​រីករាយ​ជាមួយ​ហ្គេម​អេ​ឡិច​ត្រូ​និចល​ក្ខ​ណៈពិតៗ និង​ជាក់ស្តែង ហើយក៏​អាច​សំរាក និង​រីករាយ​ជាមួយ​មិត្ត​ភ​ក្កិ ក្រុមគ្រួសារ​ថែមទៀត​ផង។

The Bridge Lifestyle Mall បើកសម្ពោធ​ផ្លូវការ​នា​ចុងឆ្នាំ​នេះហើយ បើសិនជា​អតិថិជន​មាន​ចំណាប់អារម្មណ៍ ចង់​ជួល​ទីតាំង​បើក​អាជីវកម្ម សូម​ទាក់ទង៖- លេខ​ទូរ​សព្ទ៖099 999 691- អ៊ី​ម៉ែ​ល៖ [email protected] – វេ​ប​សាយ៖ www.urbanassetsolutions.com – Facebook Page: The Bridge Lifestyle Mall

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម BOOYOUNG TOWN តម្លៃ១៦០លាន​ដុល្លារនឹង​ប្រកា​សលក់​ចុងឆ្នាំ ២០១៩

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ BOOYOUNG TOWN តម្លៃ ១៦០លាន​ដុល្លារ​អាមេរិក ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ នឹង​ប្រកាស​លក់​នៅ​ចុងឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ ២០២០ខាងមុខ។

យោងតាម​ប្រភព​ព៌​ត​មាន​របស់​ក្រុមហ៊ុន BOOYOUNG GROUP បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១១ តុលា​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​អាគារ​ភ្លោះ​ចំនួន៤ ដែលមាន​កំពស់​ជាង២៣ជាន់ កំពុងដំណើរការ​យ៉ាង​សកម្ម និង​គ្រោង​បញ្ចប់​តាម​ផែនការ​របស់ខ្លួន ។គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ ដែល​រួម​ន​មាន​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ ផ្សារ​ទំនើប​មជ្ឈមណ្ឌល​សិល្បៈ មជ្ឈមណ្ឌល​កីឡា​ផងដែរ។

រហូតមកទល់​ពេលនេះ​ការសាងសង់​ជាន់​ក្រោម​ដី​ចំនួន៤ជាន់ បានបញ្ចប់​ហើយ និង​កំពុង​សាងសង់ឡើង​មកជា​ន់ទី​មួយ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា គំរោង​នេះ​មាន​ខុន​ដូ​ប្រមាណ១៨០០យូ​នី​ត ដែល​ដាក់លក់​ដោយ   ផ្តោតលើ​អតិថិជន​គោលដៅ​បី​ប្រភេទ គឺ​អតិថិជន​មាន​ជីវភាព​មធ្យម អតិថិជន​មាន​ជីវភាព​មធ្យម​កម្រិត​ខ្ពស់ និង​ខុន​ដូ​ប្រណីត​ដែល​ផ្តោតលើ​អ្នកមាន​ជីវភាព​ធូរធារ​ខ្លាំង។

BOOYOUNG GROUP ជា​ក្រុមហ៊ុន​យក្ស​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​វិនិយោគ​គំរោង​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

ទីផ្សារ​ខុន​ដូ​បច្ចុប្បន្ន​នៅ​កម្ពុជា​កំពុងមាន​កំនើន​ខ្ពស់ ខណៈ​តម្រូវការ​ស្ថិតក្នុង​សភាពយឺតៗនៅឡើយ ប៉ុន្តែ​ខុន​ដូ​ដែល​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម នៅតែមាន​ការគាំទ្រ ពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​ថ្លែងថា ទោះបីជា​ចំនួន​ខុន​ដូ​ដាក់ចូល​ក្នុង​ទីផ្សារ​បន្ត​កើនឡើង​ច្រើនក្តី ប៉ុន្តែ​គំរោង​ខុន​ដូ​ដែល​សាងសង់​ដោយ​អ្នក​អភិវឌ្ឍន៍​មាន​កេ​រ្ត៍​ឈ្មោះ​ល្បី ជា​គំរោង​មាន​ភាព​ទាក់ទាញ និង​ស្ថិតនៅ​ទីតាំង​ល្អ នៅតែមាន​សក្តានុពល​ក្នុង​ការលក់​នៅឡើយ។

 

បច្ចុប្បន្ន​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដោយមាន​គំរោងធំៗកំពុង​សាងសង់ឡើង​ស្របគ្នា​ជាមួយ​គំរោង Booyoung Town ផងដែរ ដូចជា​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ចម្រុះ Prince International Plaza និង​គំរោង​ខុន​ដូរ​បស់​ក្រុមហ៊ុន​ជប៉ុន ARAKAWA ផងដែរ៕

ឧកញ៉ាធំៗបីរូបអះអាងថាវិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនរយៈ ពេល១០ទៅ២០ឆ្នាំទៀត

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ជាមួយនឹងកំនើនឥតឈប់ឈរនៃតម្លៃដីធ្លី និងការវិនិយោគអចល​នទ្រព្យពីសំណាក់អ្នកវិនិយោគធំៗពីបរទេស ឧកញ៉ាធំៗដែលកំពុងមាន​ឈ្មោះបោះសម្លេងក្នុងវិស័យនេះ នៅតែមានសុទិដ្ឋិនិយមថា វិស័យអចលន​ទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនរយៈពេល១០ទៅ២០ឆ្នាំទៀត។


លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុបនិងបាននិងកំពុងវិនិយោគបុរីវិមានភ្នំពេញ យ៉ាងជោគជ័យបានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយ​សារកំនើនប្រជាសាស្រ្ត ការកើនឡើងផ្នែកនគរូបនីយកម្ម និងកំនើនសេដ្ឋកិច្ច ពិសេសការកើនឡើងនូវចំនួនអ្នកវិនិយោគមកពីបរទេស។


លោកបន្តថា “ខ្ញុំគិតថាបើស្ថានភាពសេដ្ឋកិច្ចរបស់យើង នៅតែរក្សាបាន​កំនើនល្អប្រសើរក្នុងរង្វង់៧ភាគរយ និងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាព​នយោបាយដូចសព្វថ្ងៃនេះ”។

យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងរយៈពេល៦ខែឆ្នាំនេះ មានទឹកប្រាក់ជាង២១០០លានដុល្លារអាមេរិក។


ជាមួយគ្នានេះដែរ លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលល្បីល្បាញដោយសារការវិនិយគក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតែមានសញ្ញា​វិជ្ជមាននៅកម្ពុជា ដោយលោកមើ​លឃើញថា ការរីកចម្រើនវិស័យនេះ នឹងបន្តរក្សាកំនើនក្នុងរយៈពេលវែងបន្តទៀត ដោយសារសេដ្ឋកិច្ចរបស់កម្ពុជានៅតែមាន​កំនើនរ៉ឹងមាំ កំនើនប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋ ពិសេសប្រជាជនកម្ពុជា ដែលមានវ័យក្រោម៣០ឆ្នាំមានប្រមាណ៦០ទៅ៧០ភាគរយ។
លោកបន្តថា “ទោះជាយ៉ាងណាអ្នកវិនិយោគ គួរផ្តោតលើទីតាំងជាសំខាន់ និងត្រូវមានមូលដ្ឋានថវិការ៉ឹងមាំ ដើម្បីគំរោងរបស់ខ្លួនទទួលបានជោគជ័យ ទន្ទឹម​នឹងការយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាពសំណង់ផងដែរ”។


ស្រ្តីមានឥទ្ឋិពលមួយរូបទៀត ដែលបានឈរជើងក្នុងវិស័យនេះ និងវិស័យជាច្រើនទៀត លោកជំទាវ លឹម ឈីវហូ បានលើកឡើងស្រដៀងគ្នាផងដែរថា កំណើននៃការវិនិយោ​គដោ​យផ្ទាល់ពីបរទេស កំនើនសេដ្ឋកិច្ច និងកំនើននៃការវិនិយោគក្នុងវិស័យនេះ ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ កំពុងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីក​ចម្រើន ហើយនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។ លោកជំទាវបានបន្តថា “ខ្ញុំគិតថាវិស័យសំណង់ និងអចលនវត្ថុនឹងបន្តរីក​ចម្រើនរយៈពេល១០ឆ្នាំខាងមុខទៀត ដោយសារលំហួរចូលនៃអ្នកវិនិយោគចិន ពិសេសក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងចូលមកកាន់កម្ពុជា”៕

 

តំបន់ស្វាយជ្រុំរង់ចាំស្ពានឆ្លងដើម្បីជំរុញវិស័យអចលនទ្រព្យនៅតំបន់នេះ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ការសាងសង់បុរី និងសំណង់លំនៅដ្ឋាននានាស្វាយជ្រុំ បាននិងកំពុងចាប់ផ្តើមយ៉ាងសកម្ម ខណៈរដ្ឋាភិបាលគ្រោងសាងសង់ស្ពានទៅកាន់តំបន់នេះដែលធ្វើឲ្យអ្នកវិនិយោគ និងប្រជាជនរស់នៅតាមតំបន់នេះកំពុងទទួលបានផលប្រយោជ ន៍យ៉ាងច្រើនពីដីឡើងថ្លៃ។


លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់នេះកំពុងមានអនាគតល្អ ដោយសា​រទីតាំងនេះ មានភូមិសាស្រ្តស្ថិតនៅកៀករាជធានីភ្នំពេញ និងមានបរិស្ថានល្អ ព្រោះមានទន្លេចំនួនពីរអមសងខាង ដែលធ្វើឲ្យអាកាសធាតុតំបន់នេះមានសំណើមល្អ។ លោក​បន្តថា ដោយសារមានដងទន្លេ និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និង​ហេដ្ឋារចនាសម្ព័ន្ឋល្អ ពិសេសគំរោងសាងសង់ស្ពានទៅតំបន់នេះ ពិតជាសសៃឈាមមួយ ដែលរួមចំណែកលើកស្ទួយការអភិវឌ្ឍតំបន់នេះនាពេលអនាគត។
លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលភ្ជាប់ស្ពានទៅកាន់តំបន់នេះ តំបន់នេះនឹងមានសក្តានុពលខ្លាំង ហើយតំលៃដីនឹងកើនឡើងបន្ថែមទៀត”។


លោកឧកញ៉ា នួន រឹទ្ធី បានបន្តថា តំបន់ស្វាយជ្រុំមានចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះបើគិតពីវិមានឯករាជ្យ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីវត្តភ្នំ ដូច្នេះវា​ស្ថិតនៅចម្ងាយជិតទីប្រជុំជនក្រុង ដែលធ្វើឲ្យមានភាពទាក់ទាញដល់អ្នកវិនិយោគ​និងប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នេះ។
តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ ដែលស្ថិតក្នុងផែនការកាត់បញ្ចូលក្នុងទីក្រុង ផែនការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគត។
តើការសាងសង់ស្ពាននឹងចាប់ផ្តើមនៅពេលណា? លោក ផែន វិជ្ជានោ រដ្ឋលេ​ខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​បដិសេធមិនអត្ថាធិប្បាយ ដោយឲ្យសួរទៅកាន់លោក វ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងដែលមិនអាចទាក់ទងបាន។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កូរ៉េកំពុងសិក្សាសាងសង់ស្ពានពីតំបន់ជ្រោយចង្វារ ទៅកាន់ទឹកដីស្វាយជ្រុំ ជាស្ពានចំណងដៃរបស់កូរ៉េ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីកូរ៉េជួយ។
លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនដឹងថាការសិក្សានឹងបញ្ចប់ និងការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅពេលណាទេ”៕