ប្រធានCREAអះអាងថា ការវិយោគអចលនទ្រព្យដ៏ត្រឹមត្រូវត្រូវតែមានចំនេះដឹង ឲ្យបានគ្រប់ជ្រុងជ្រោយ

0

ដោយវុត្ថា
ភ្នំពេញ: ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានអះអាងថា ការវិនិយោគ​អចលនទ្រព្យដែលត្រឹមត្រូវ និងមិនមានហានិភ័យ អ្នកវិនិយោគត្រូវមានមូលដ្ឋាននិងចំណេះដឹងគ្រប់ជ្រុងជ្រោយ។

លោកឃាង ពុទ្ធី ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹតរៀលធី និងជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ បានមានប្រសាសន៍ឲ្យដឹងក្នុងសន្និបាតរបស់ក្រុមហ៊ុនអចលនទ្រព្យមួយកាលពីចុងសប្តាហ៍មុនថា ធ្វើអ្វីក៏ដោយត្រូវតែសំឡឹងទៅមុខ ទោះក្នុងការវិយោគក្នុងទំហំគម្រោងតូចៗក្តី យើងត្រូវសំឡឹងរកឪកាសទៅថ្ងៃក្រោយ ដើម្បីលក់គម្រោងធំៗ ដោយប្រើប្រាស់ផ្តោតលើជំនាញ និងចំណេះរបស់យើង។

លោកបន្តថា” ការវិយោគដ៏ត្រឹមត្រូវ គឺត្រូវតែមានចំនេះដឹងគ្រប់ជ្រុងជ្រោយ លើវិស័យអចលនទ្រព្យ ព្រោះក្នុងនាមយើងជាអ្នកជំនាញអចលនទ្រព្យ គ្មានអ្វីក្រៅពីមានចំនេះដឹង និងជំនាញច្បាស់លាស់នោះទេ”។លោកបន្តថា “ដូច្នេះអ្នកវនិនិយោគត្រូវស្វែងរក និងតាមដានព័ត៌មានទាក់ទង នឹងវិស័យអចលនទ្រព្យក្នុងស្ថានភាព សកលវូបនីយកម្មឲ្យបានជាប់ជាប្រចាំ”។

វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានសុខភាពល្អប្រសើរសម្រាប់ឆ្នាំបន្តបន្ទា​ប់ទៀត ជាពិសេស ដីធ្លី អគារពាណិជ្ជកម្ម អគារអាផាតម៉ិន និងខុនដូរនៅទូទាំងប្រទេស នឹងកើនឡើងលើសទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេង ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនCPLបា​ន​ថ្លែងឲ្យដឹងផងដែរថា វិស័យចលនទ្រព្យគឺជាវិស័យដែលល្អ ក្នុងចំណោមវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យមួយនេះ នឹងនៅតែមានការរីកចម្រើនឥតឈប់ឈរនាពេលខាងមុខៗទៀត ហើយវិស័យនេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការគាំទ្រសេដ្ឋកិច្ច និងក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ដោយមានលំហូរចូលពីអ្នកវិនិយោគិនបរទេសកាន់តែច្រើ។
លោកបន្តថា “យ៉ាងណាក៏ដោយ ដើម្បីរកស៊ីវិស័យមួយនេះ មាននិរន្តភាព និងយូអង្វែងនោះ អ្នករកស៊ីត្រូវតែមានចំណេះ និងជំនាញពិតប្រកដទើបរកស៊ីបានយូរអង្វែង”។

 

លោកឧកញ៉ាចេង ខេងបានបន្តថា “បងប្អូនទាំងអស់គ្នាមានចំណេះហើយ អាចរកលុយបានត្រឹមតែមួយរស់ តែបើប្អូនទាំងអស់គ្នា ចង់មានបានក្នុងអាជីពអចលនទ្រព្យ មានកិត្តយស មុខមាត់ក្នុងសង្គម បងប្អូនត្រូវតែរៀនឲ្យមានជំនាញពិតប្រកដ នោះអាចរកលុយបានរាប់រយលានដុល្លារលើវិស័យមួយនេះ ហើយអ្នកទាំងអស់គ្នាក៏ត្រូវគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងអាជីពរបស់ខ្លួនបើចង់រកស៊ីយូរអង្វែងនោះ”៕

CDC​ អនុម័តគំរោងវិនិយោគចំនួន៤មានទឹកប្រាក់ជិត១៨លានដុល្លារអាមេរិក

0

​ដោយវុត្ថា
​ភ្នំពេញ:​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់CDC បានអនុម័តគំរោងវិនិយោគចំនួន៤ មានទឹកប្រាក់១៧,៩២លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនចំនួន៤ដែលភាគច្រើន​វិនិយោគលើសម្ភារៈធ្វើដំណើរ។


យោងតាមសេចក្តីប្រកាសព៌តមានរបស់CDC ដែលPropertyarea.asiaទទួលបានកាលពីព្រឹកថ្ងៃទី៥ មករានេះបានឲ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ ក្រុមហ៊ុន“SEES GLOBAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.១៦៦កន្លែង។

ទី២ ក្រុមហ៊ុន SHENG XIANG LI (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១៦កន្លែង​។


ទី៣ ក្រុមហ៊ុន“CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន១.០៥៦កន្លែង។

និងទី៤-ក្រុមហ៊ុន“TECHWAVES ALLIANCE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោ​គប្រមាណ៤,៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៩៤កន្លែង៕

ក្រសួងទេសចរណ៍​ចាប់ផ្តើម​ធ្វើការ​ជាមួយ​អ្នកជំនាញ​ដើម្បី​លើក​កំពស់​ការបណ្តុះបណ្តាល​ក្នុង​វិស័យនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងទេសចរណ៍​បានចាប់ផ្តើម​បញ្ជ្រាប​ការយល់ដឹង​ពី​វិស័យ​ទេសចរណ៍ ដល់ តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​បណ្តាញ​អ្នកជំនាញ​ទេសចរណ៍ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​លើកទីមួយ អម​ជាមួយ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​តម្រង់ទិស​ការសិក្សា និង​មុខរបរ​ក្នុង​វិស័យ​ទេសចរណ៍ និង​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ចលនា​ប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ​ប្រចាំឆ្នាំ២០១៩ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោង ខុន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៤ មករា​កន្លងមក​ថា កិច្ចប្រជុំ​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី១នេះ បាន​ឯកភាព​បង្កើន​កិច្ចសហការ​ឱ្យ​កាន់​ល្អ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ការរួម​គិត រួម​ធ្វើ​ទាំងអស់គ្នា ដើម្បី​សម្រេច​ឱ្យបាន​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​គុណភាព និរន្តរភាព និង​ការទទួលខុសត្រូវ សំដៅ​ចូលរួម​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ក្នុង​ឆ្នាំ២០៣០ និង​ជំរុញ​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ឱ្យមាន​គុណភាព សមត្ថភាព និង​គុណវុឌ្ឍិ ឆ្លើយតប​ទៅនឹង​ស្តង់ដា​ជាតិ អាស៊ាន តំបន់ និង​អន្តរជាតិ ពោលគឺ សម្រេច​ឱ្យបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ។

ជាមួយនេះ​ក្រសួង​បានដាក់​ចេញ​យុ​ទ្ឋ​សាស្ត្រ​ជាច្រើន រួមមានៈ ទី១ ឆ្នាំ២០២០: បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ១លាន​នាក់ ហើយ​ត្រូវ​ជំរុញ​ឲ្យ​អ្នកជំនាញ​យ៉ាងតិច ៥០% ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន​តាមរយៈ​ការបណ្តុះបណ្តាល និង​ការវាយតម្លៃ​សមត្ថភាព។ ទី២ ឆ្នាំ២០២៥: បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ ១.២ លាន​នាក់ និង​ត្រូវ​សម្រេច​ឲ្យ​បាន​យុទ្ធនាការ “បុគ្គលិក​ម្នាក់ ជំនាញ​មួយ” ពោលគឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់ (១០០%) ឲ្យ​មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន។

ទី៣ ឆ្នាំ២០៣០: សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព SDG4: “ធានា​ឲ្យ​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន ព្រមទាំង​លើកកម្ពស់ ឱកាស​សិក្សា​ពេញ​មួយជីវិត​ដល់​ជន​គ្រប់រូប” និង SDG8: “ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប” ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ទាំង​ក្នុង​បរិបទ​ជាតិ និង​តំបន់។

អង្គប្រជុំ​បាន​ឯកភាព​លើ​ការរៀបចំ​ឱ្យមាន ការជួបជុំ​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស៍យ​ទេសចរណ៍​រៀងរាល់៣ខែម្តង សម្រាប់​កិច្ចប្រជុំ​ប​ចេ្ច​ក​ទេស​និង៦ខែម្តង​សម្រាប់​កិច្ចពិភាក្សា​កម្រិត​ថ្នាក់ដឹកនាំ ដើម្បី​ពិភាក្សា​ការងារ​ទាក់ទង​ទៅនឹង​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍ និង​បាន​គាំទ្រ​លើ​ការរៀបចំ​វេទិកា​ជាតិ​ទេសចរណ៍​ប្រចាំឆ្នាំ ដែល​តាមរយៈ​វេទិកា​ជាតិ​នេះ វា​នឹង​ក្លាយ​ជាទី​ណាត់ជួប​មួយ​សម្រាប់​ចែករំលែក និង​ចង​បណ្តាញ​រវាង​សិស្ស និស្សិត សា​ស្រា្ត​ចា​រ្យ អ្នកស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍ គ្រឺះ​ស្ថាន​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ក៍​ដូចជា​ពិភាក្សា​រកឱ្យឃើញ​បញ្ហា និង​ដំណោះស្រាយ​បញ្ហា​ប្រឈមផ្សេងៗ ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​និ​យ​យាយ​ដោយឡែក និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​និយាយ​ជារួម។

អង្គប្រជុំ​បានប្រកាស​ស​មា​ជិ​ក​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន៦៨នាក់ និង​បាន ឯកភាព​ដាក់បញ្ចូល​សមាជិក​បណ្តា​ញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន១៨នាក់​បន្ថែម​ផងដែរ៕

ដំណឹងល្អៈរកឃើញចំណុចឆ្លងកាត់ផ្លូវជាតិសំខាន់ៗនៃផ្លូវក្រវ៉ាត់ក្រុងទី៣ហើយ

0

​ដោយគង់ សូរិយា
​ភ្នំពេញ: ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលមានប្រវែង៤៧,៦គីឡូម៉ែត្រ ពិតជាទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងវិស័យសំណង់និងអច​លនទ្រព្យ។


ផ្លូវដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ មករាខាងមុខនេះ ក្រោមវត្តមានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នឹងត្រូវសាងសង់ជា៤គន្លង ។

តាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវនេះមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។ សម្រាប់ផ្លូវរថយន្តមាន៤គន្លង មានទទឹង៣.៥០ម៉ែត្រ។ គន្លង និងផ្លូវទោចក្រយានយន្ត២គន្លងមានទំហំទទឹង២.២៥ ម៉ែត្រ។

តើផ្លូវដ៏សំខាន់នេះ នឹងឆ្លងកាត់តំបន់ណាខ្លះ និងចេញពីចំណុចណាគេហទំព័រPropertyarea.asia ធ្លាប់បានចេញផ្សាយជាច្រើនលើករួចមកហើយ ដោយផ្លូវនេះនឹងចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់ នឹងផ្លូវជាតិលេខ១ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០។


ផ្លូវនេះក៏ឆ្លងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រលេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង៥.៣៧គីឡូម៉ែត្រ។
ជាមួយនឹងការចំណាយថវិកាដ៏ច្រើន២៥៩លានដុល្លារ ផ្លូវនេះនឹងត្រូវសាងសង់ស្ពានអាកាសជាច្រើន ដូចជា ស្ពានអាកាសកាត់ពីលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ ជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ១ និងស្ពានវែងមួយឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះទៅឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល៕

កំសាន្តចុងសប្តាហ៍! តោះទៅទស្សនារមណីយដ្ឋានជំរកសត្វស្លាបធម្មជាតិនៅទន្លេសាប

0

ដោយវុត្ថា
បាត់ដំបងៈ ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមស្រឡាញ់ធម្មជាតិ តាមរយៈទៅលេងកម្សាន្ត នៅក្នុងតំបន់រម្មណីយដ្ឋាននានា នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានោះអជ្ញាធរកម្ពុជា ក៏កំពុងយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការកែលម្អ ក៏ដូចជាអភិរក្សតំបន់ ធនធានធម្មជាតិទាំងនោះឲ្យបានគង់វង្ស សម្រាប់ប្រពលរដ្ឋ និងទុកជាកេរ្តិ៍មរកជំនាន់ក្រោយ។

គេហទំព័រpropertyarea.asisa សូមណែនាំទីតំាងរមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិ នៅតំបន់ទន្លេសាប ដែលមានអ្នកខ្លះមិនដែលបានទៅ និងអ្នកខ្លះទៀតធ្លាប់បានទៅលេងកម្សាន្តនៅទីនោះ។


តំបន់ព្រែកទាល់ជាប្រព័ន្ធបរិស្ថានធម្មជាតិ និងរមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅភូមិ ព្រែកទាល់ និងភូមិអន្លងប្អួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខាងជើងឈៀងខាងលិច នៃទីរួមខេត្តបាត់ដំបង និងមានចម្ងាយស្មើនឹងពាក់ កណ្តាលផ្លូវនៃការធ្វើដំណើរតាមទូកពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប។


ភ្ញៀវទេសចរណ៍ អាចធ្វើដំណើរទៅកាន់រមណីយដ្ឋានខេត្តពីតំបន់ភ្នំក្រោមខេត្តសៀមរាប ឬចេញពីតំបន់ចំណតទូកតាមដងស្ទឹងសង្កែ ដោយប្រើប្រាស់មធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ៧ម៉ោងនៅរដូវវស្សា និង១០ម៉ោងនៅរដូវប្រាំង អាស្រ័​យលើល្បឿនកាណូត។


ព្រែកទាល់ជារមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំង ធម្មជាតិ នៅតំបន់ទន្លេសាបមួយ ដែលមានតាំងពីយូលង់ណាស់មកហើយ នៅទីនោះគឺជាជំរកសត្វស្លាបដ៍ធំមួយ និងជាប្រភពតំណរពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ៕

អភិបាលខេត្តព្រះសីហនុថានឹងប្រែក្លាយខេត្តទៅជាទីក្រុងដ៏ប្រណីតនិងស៊ីវិល័យ

0

ដោយវុត្ថា
ព្រះសីហនុ: អភិបាលខេត្តព្រះសីហនុ លោក យន្ត មីនបានអះអាងថា នឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការកៀងគរ អ្នកវិនិយោគ អ្នកមានសមត្ថភាពឲ្យចាប់អារម្មណ៍ទឹកដីខេត្តព្រះសីហនុ និងជ្រើសខេត្តនេះជាគោដៅវិនិយោគដ៏សំខាន់ ដើម្បីធ្វើអោយខេត្តមួយនេះ ក្លាយទៅជាទីក្រុងដ៏ប្រណីត និងស៊ីវិល័យសំបូរសប្បាយ សុខសាន្តបំផុត នៅថ្ងៃអនាគត។

លោកអភិបាលបន្តថា រយៈពេល២ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននឹងកំពុងមានការអភិវឌ្ឍយ៉ាងគំហុក លើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ មានការសាងសង់អគារធំៗយ៉ាងព្រោងព្រាត ដែលមានវិនិយោគគិនខ្មែរ និងបរទេសមកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ របស់អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ រួមមានវិស័យសំណង់ វិស័យកសិកម្មមានរោងចក្រ និងសិប្បកម្មកែច្នៃផលនេសាទសមុទ្រ វិស័យឧស្សាហកម្មមានរោងចក្រកាត់ដេរ រោងចក្រចំរាញ់ប្រេងកាត និងវិស័យឧស្សាហកម្មទេសចរណ៍ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងតំបន់សេដ្ឋកិច្ចពិសេស។

របាយកាណ៍បានបង្ហាញទៀតថា បច្ចុប្បន្ននេះខេត្តព្រះស៊ីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ទីតាំង បាននិងកំពុងដំណើរការទី ១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពីវិនិយោគដោយក្រុមហ៊ុនហុងតូ(ប្រទេសចិន)ទី២តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័​​តអន្តរជាតិក្រុងព្រះសីហនុ ទី៣តំបន់សេដ្ឋកិច្ចពិសេសអាតវ៉ូត នៅស្រុកស្ទឹងហាវ និងទី៤ តំបន់សេដ្ឋកិច្ចពិសេស ចេជាងនៅស្រុកព្រៃនប់វិនិយោគដោយក្រុមហ៊ុនចិន ។

ចំណែកវិស័យសំណង់វិញពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសំណង់ក្នុងខេត្តព្រះសីហនុ​មានការអភិវឌ្ឍរីកចម្រើនដុះដាលយ៉ាងខ្លាំង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោ​យនេះ សំណង់ខ្ពស់ខ្ពស់ បានលេចរូបរាងឡើងក្នុងឆ្នាំ ២០១៨នេះ រួមមាន សំណង់កំពស់ចាប់ពីកំពស់៥ ជាន់ដល់៣៥ជាន់មានចំនួន៧៦គម្រោង។ សំណង់កំពស់ចាប់ពី ៨ ជាន់ដល់៤២ ជាន់មានចំនួន១១គម្រោង។ សំណង់កំពស់ចាប់ពី១០ជាន់ដល់១៩ ជាន់មានចំនួន២៣គម្រោង។ សំណង់កំពស់ចាប់ពី២០ជាន់ដល់ ២៩ជាន់មាន៣គម្រោង និងសំណង់កំពស់ចាប់ពី៣០ជាន់ដល់ ៣៩ជាន់មានចំនួន២គម្រោង។

 

ខេត្តព្រះសីហនុបានក្លាយជាប៉ូលសេដ្ឋកិច្ចទ២របស់កម្ពុជា ដែលទទួលបានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងបានរួមចំណែកយ៉ាងសកម្ម ព្រមទាំងសម្រេចបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចជា វិស័យឧស្សាហកម្មពាណិជ្ជកម្មកសិកម្មទេសចរណ៍ អប់រំ សុខាភិបាល បរិស្ថាន អភិវឌ្ឍន៍ជន បទហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ហើយបានបង្កើតឱកាសការងារជូន ប្រជាពលរដ្ឋបានយ៉ាងច្រើន៕

ឆ្នាំ២០១៩តម្លៃដីនៅតាមផ្លូវជាតិលេខ១ស្រុកកៀនស្វាយបន្តឡើងថ្លៃបន្ថែមទៀត

0

​ដោយរ៉ាវី
​កណ្តាលៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ១ នឹងបន្តឡើងថ្លៃបន្ដថែមទៀត ដោយសារគំរោងវិនិយោគធំៗបាននិងកំពុង​ចាប់ផ្តើមនៅតំបន់នេះ។


​អ្នកស្រី តាំង ហួរ នាយិការក្រុមហ៊ុនAmatak property service, Co, Ltd បានថ្លែងប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ មករាកន្លងមកថា គិតគិតពីចំណុចច្បារអំពៅ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ចំណុវាបានចាប់ផ្តើមមានសន្ទុះកើ​នឡើង នូវតម្លៃតាំងពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងក្រោយការបង្កើតផែស្ងួតមកម៉្លេះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងកត់សម្គាល់ខ្លាំងបំផុតនាពេលនេះ គឺសកម្មភាពរបស់អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍជាច្រើនកំពុងតែ សម្លឹងមើលតំបន់កៀន​ស្វាយ ជាពិសេសតំបន់ដែលស្ថិតនៅក្នុងឃុំដីឥដ្ឋតែម្ដង។

អ្នកស្រីបន្តថា “បើនិយាយពីតម្លៃដីធ្លី នៅតាមបណ្តោយផ្លូវជាតិលេខ១ បាននិងកំពុងកើនឡើងគ្រប់តំបន់ និងគ្រប់ទីតាំង គ្រាន់តែថាតំបន់ខ្លះឡើងខ្លាំង ហើយតំបន់ខ្លះឡើងតិចតែប៉ុណ្ណោះ”។ អ្នកស្រីបន្តថា “វាជាការធម្មតា កន្លែងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប្រជុំ ដែលមានការធ្វើពាណិជ្ជកម្ម កន្លែងនោះគឺតែងមានហាងឆេងល្អ ជាក់ស្ដែងដូចជាដីដែលស្ថិតនៅតំបន់ចាប់ពីផ្សារគគី រហូតដល់ឃុំដីឥដ្ឋ បើទោះជាស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ក៏ពិតមែន ប៉ុន្តែបើធៀបជាមួយដីដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់គល់ស្ពានអ្នកលឿងនោះ គឺមានអត្រាខ្ពស់ជាង”។

ដោយឡែកពាក់ព័ន្ធទៅនឹងភាពល្អប្រសើរ នៃតម្លៃដីដែលស្ថិតនៅក្នុតំបន់ឃុំដីឥដ្ឋវិញ បច្ចុប្បន្ននេះយើងថាវាកំពុងតែមានភាពទាក់ទាញខ្លាំង ព្រោះតំបន់នេះកំពុងតែមានគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានច្រើន ដូចជាសំណង់ផ្ទះល្វែង ក៏ដូចជាបុរីផងដែរនោះ វាក៏មានមជ្ឈមណ្ឌលកម្សាន្តដ៏ធំរបស់ចិន ដែលមានឈ្មោះថា ព្រីនស៍ ម៉ាណ័រ ផងដែរ។


អ្នកស្រីតាំង ហួរបានបន្តថា កត្តទាំងនេះហើយដែលជាកក្តាជម្រុញឱ្យតម្លៃនៅតំបន់នេះ កើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ដែលសព្វថ្ងៃតម្លៃដីដែលស្ថិតនៅជាប់ផ្លូវជាតិលេខ១ អាចមានចាប់ពី២៨០ដុល្លារ ទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីផ្លូវជាតិ ឬដីភូមិនៅក្បែរផ្លូវជាតិ អាចមានតម្លៃចាប់ពី១៥០ទៅ២០០ដុល្លារ។

​ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែល​បច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក វិនិយោគវិស័យដីធ្លីនៅក្នុងតំបន់កៀនស្វាយផងដែរនោះបានមានប្រសាសន៍ឲ្យដឹងផងដែរថា មិនយូរទៀតនោះទេ ស្រុកកៀនស្វាយ និងមាន​សក្ដានុពលខ្លាំង មិនចាញ់តំបន់ជុំវិញរាជធានីភ្នំពេញឯទៀតនោះទេ ។

សព្វថ្ងៃនេះ ដោយសារតែផ្ទៃដីនៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជម្រុញ​ឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង ដែលក្នុង​នោះកៀនស្វាយ​ ក៏ស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះផងដែរ ដែលការវិនិយោគទាំងនោះ មានដូចជា ការសង់សំណង់លំនៅដ្ឋានតម្លៃមធ្យម សំណង់បុរី មណ្ឌលកម្សាន្តកែច្នៃ ជាដើម ហើយអ្នកវិនិយោគមួយចំនួន ក៏កំពុងវិនិយោគដោយផ្ទាល់ជាមួយការពុះដីឡូត៍ផងដែរ។


លោកបន្តថា “អ្វីដែលជាហេតុផល​បណ្តាលឱ្យដីនៅតំបន់កៀនស្វាយ មានភាពលេចធ្លោ ក៏ព្រោះតែទីនេះនៅមានវិសាល​ភាព​ផ្ទៃដីនៅទូលាយច្រើន តម្លៃដីនៅមានកម្រិ​ត ជាពិសេសជាតំបន់ដែលស្ថិតនៅក្នុង​គម្រោង​​អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវ​តភ្ជាប់​សេដ្ឋកិច្ចយ៉ាងសំខាន់”៕

អស្ចារ្យ! ប្រទេសចិនគ្រោងដាក់ឲ្យដំណើរការរថភ្លើងរត់ដោយស្វ័យប្រវត្តិនៅឆ្នាំ២០២២

0

ដោយវុត្ថា
ប្រទេសចិន: មហាយក្សចិនគ្រោងនឹងដាក់ឲ្យដំណើរការ នូវរថភ្លើងរត់ដោយស្វ័យ​ប្រវត្តិជាផ្លូវការ (automatic train)នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ដែលជារថភ្លើងគ្មានមនុស្សបើក បន្ទាប់ពីដាក់ឪ្យដំណើរការសាកល្បងទទួលបានជោគកាលពីពេលថ្មីៗនេះ។

លោក Lu Dongfu អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនChina Railway Corp បានឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ការដាក់ឲ្យដំណើរការរថភ្លើងល្បឿនលឿន រត់ដោយស្វ័យ​ប្រវត្តិនាពេលខាងមុខនេះ គឺជាសករាជថ្មីរបស់ចិនក្នុងការនាំមុខពិភពលោក ជាមួយនឹងបច្ចេកវិទ្យា និងផលិតដែលបានបង្កើតនៅក្នុងស្រុក។ លោកបន្តថា ការសាកល្បងប្រព័ន្ធរត់ល្បឿនលឿនដោយស្វាយប្រវត្តិនេះ ទទួលបានជោគជ័យដោយរត់ភ្ជាប់ពីទីក្រុងប៉េកាំង និងទីក្រុងShenyang ទៅកាន់ខេត្ត Liaoningដែលមានចម្ងាយ186,000 គីឡូម៉ែត្រ។

លោកបញ្ជាក់ថា “ការដាក់ឲ្យដំណើរការរថភ្លើងរត់ដោយស្វ័យប្រវត្តិ ជំនួសការបើកដោយដៃនេះវានឹងក្លាយជាការពិត ព្រោះផ្លូវជាច្រើនត្រូវបានរៀបចំរួចរាល់ហើយ”។ លោកបន្ថែមថា “ក្រុមហ៊ុនក៏គ្រោងនឹងដាក់ប្រព័ន្ធដំណើររត់ នៅតាមទីក្រុងមួយចំនួនទៀតដូចជា ទីក្រុងDongguan-Huizhou និង ទីក្រុង Foshan-Zhaoging របស់ខេត្ត Guangdong ជាមួយនឹងល្បឿងរត់២០០គីឡូម៉ែត្រក្នុងមួយម៉ោង”។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា ការប្រប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើនេះ រថភ្លើងអាចរត់ដោយស្វ័យប្រវត្តិ ដោយរត់ចេញពីស្ថានីយ៍ទៅកាន់ទីតាំងគោលដៅ ដែលបានកំណត់តាមតារាងចេញដំណើរ ទាំងការឈប់ និងបើកទ្វាគឺដើរដោយស្វ័យប្រវត្តិ ដើម្បីបង្កើនប្រសិទ្ធិភាព និងជៀសវៀងការកកស្ទះ ពន្យាលពេល និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ប្រព័ន្ធរថភ្លើងនេះ នឹងត្រូវដាក់ឲ្យដំណើរជាផ្លូវការនៅក្នុងឆ្នាំ២០២២ ដោយរត់តាមខ្សែររថភ្លើងដែលភ្ជាប់ពីទីក្រុង Bejing និងទីក្រុងZhangjiankou ព្រមទាំងខេត្ត Hebei ព្រោះជាទីក្រុងធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០២២ (Winter Olypics 2022) ជាមួយនឹងល្បឿន៣៥០ម៉ែត្រក្នុងមួយម៉ោង៕

ដំណឹងរីករាយៈការនាំចូលគ្រឿងចក្រមកសាងសង់ផ្លូល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹង​មកដល់កម្ពុជានៅចុងខែមករានេះហើយ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: នៅទីបំផុតការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុកាន់តែខិតជិតមកដល់ហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនចិនដែលទទួលបន្ទុកសាងសង់ផ្លូវនេះនឹងដឹកគ្រឿងចក្រមកដល់កម្ពុជានៅចុងខែមករានេះហើយ។

​អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនលោកនូ វឌ្ឍនៈបាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាសៀលថ្ងៃទី៤ មករានេះថា គ្រឿងចក្រសម្រាប់សាង​សង់ផ្លូវល្បឿនលឿននេះ នឹងដឹកមកដល់កម្ពុជានៅចុងខែមករានេះ ដោយគ្រឿងចក្រទាំងនោះមានតម្លៃប្រមាណ១០០លានដុល្លារអាមេរិក។ លោកបន្តថា បច្ចុប្បន្នក្រុមអ្នកជំ​នាញចិនជិត២០០នាក់បានមកដល់កម្ពុជាហើយ ហើយការសាងសង់ស្ថានីយ៍និងការរិយា​ល័យសំរាប់ស្នាក់នៅនឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ។

​លោកបន្តថា “ជាមួយគ្នានេះរដ្ឋាភិបាលបាននិងកំពុងពន្លឿនការដោះស្រាយផល​ប៉ះពាល់លើប្រជាពលរដ្ឋ ដែលមានដីនៅតាមតំបន់ទាំងនេះ ដែលការងារនេះមានភាពស្មុគ្រស្មាញបន្តិច”។លោកបន្តថា “ពេលវេលាបើកការដ្ឋានសាងសង់នាពេលណា ខ្ញុំមិនទានច្បាស់នៅឡើយទេ ប៉ុន្តែគឺមិនចំណាយពេលយូរនោះទេ”។

​បើយោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងចាកចេញពីតំបន់អូរដឹម នៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូស​កាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤។ លោកបន្តថា ចេញពីរាជធានីភ្នំពេញ ផ្លូវនេះនឹងស្ថិតនៅផ្នែកខាងស្តាំស្របតាមផ្លូវជាតិលេខ៤ ប្រវែងប្រមាណ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុ។


លោកបន្តថា “ផ្លូវដ៏សំខាន់នេះនឹងសាងសង់នៅខែវិច្ឆិកាហើយ នេះបើតាមការប្រ​កាលរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន”។លោកបន្តថា “ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់១៩០០លានដុល្លារនេះ នឹងសាងសង់រយៈពេល៤ឆ្នាំ ហើយផ្លូវនេះនឹងមានរបងបិទជិតទាំងសងខាង ដើម្បីកុំឲ្យមានការរំខានពីការធ្វើចរាចរណ៍ឆ្លងកាត់ច្រើន”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវល្បឿនលឿនឬ Express Wayនឹងមានទទឹង២៤ម៉ែត្រ ដោយរថយន្តអាចបើកបរបានពីរគន្លងទាំងទៅទាំងមក ហើយមានសួនច្បារនៅចំកណ្តាលតាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ៕

ដំណឹងល្អៈ​ អជ្ញាធរខេត្តសៀមរាបរៀបចំផ្សារដើមក្រឡាញ់ឲ្យក្លាយជាផ្សារគំរូ

0

ដោយវុត្ថា
សៀមរាប: អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងកំពុងរៀបចំផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ឪ្យក្លាយជាផ្សារគំរូមួយសម្រាប់ខេត្តសៀមរាប ដោយផ្តើមចេញពីផ្សារធំទូលាយ មានសណ្ដាប់ធ្នាប់ល្អ បរិស្ថានល្អ អនាម័យល្អ សន្តិសុខល្អ សេវាកម្មល្អ និងតម្លៃសមរម្យ។


លោក ពៅ សារ៉ាវុធឲ្យដឹងកាលពីថ្ងៃទី៣ មករាក​ន្លងមកថា បច្ចុប្បន្នគណៈកម្មការផ្សារ និងអាជ្ញាធរក្រុងសៀមរាបកំពុងតែខិតខំធ្វើ និងដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ឱ្យបានលឿន ដើម្បីឱ្យអាជីវករទាំងជាន់ក្រោម និងជាន់លើ លក់ដាច់ដូចគ្នា ហើយប្រជាពលរដ្ឋមានការពេញចិត្ត និងមកផ្សារនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានោះ ការងាររៀបចំសណ្ដាប់ធ្នាប់នេះអាជ្ញាធរក្រុងនឹងធ្វើជាប្រចាំ ហើយលោកស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីធ្វើឱ្យផ្សារមានសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីសោភណភាពស្អាត និងក្លាយជាផ្សារគំរូនៅខេត្តសៀមរាប។

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ លោកសុខ តុញបានឱ្យដឹងថា បើតាមគម្រោងប្លង់សាងសង់ផ្សារនេះ គឺសង់ឡើងពីរជាន់ ហើយនៅជាន់ខាងលើកអ្នកទិញអាចជិះម៉ូតូឡើងទៅលើបាន ដោយមានផ្លូវឡើងចុះងាយស្រួល និងមានចំណតនៅជាន់ខាងលើធំទូលាយ។
លោកបន្តថា បច្ចុប្បន្ននេះលោកកំពុងតែស្ថាបនាផ្លូវនៅជុំវិញផ្សារ ដោយចាក់ក្រា​លបេតុងទទឹង៦ម៉ែត្រ ដែលអាចឱ្យរថយន្តពន្លត់អគ្គិភ័យចូលប្រតិបត្តិការបាន ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ។ ផ្លូវជុំវិញផ្សារនេះមានប្រវែង២៨០ម៉ែត្រ ពេលនេះស្ថាបនាជាផ្លូវបេតុងបាន ៥០ភាគរយហើយ។


អ្នកស្រីឃិត ឃុននី ជាប្រជាពលរដ្ឋម្នាក់នៅក្រុងសៀមរាបបានឲ្យដឹងថា ផ្សារស ម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ និងក្លាយជាផ្សារគំរូ ខណៈផ្សារនេះសាងសង់ឡើងតាមបែបលក្ខណៈស្តង់ដារ មានចំណតរថយន្តនិងម៉ូតូធំទូលាយ បង្កលក្ខណៈស្រួលដល់ប្រជាពលរដ្ឋដែលទៅទិញម្ហូប និងសម្ភារៈប្រើប្រាស់នៅក្នុងផ្សារមួយនេះ ជាពិសេសផ្លូវចាត់បេតុងជុំវិញផ្សារដែលជាកត្តាមួយដ៏សំខាន់ក្នុងការបង្ការពីគ្រោះអគ្គិភ័យ។

ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្សារនេះ តែងតែត្អួញត្អែរពីការកកស្ទះចរាចរណ៍នោះ ឥឡូវនេះបានប្រែក្លាយទៅជាផ្សារមួយដែលមានសណ្ដាប់ធ្នាប់ល្អ គ្មានការកកស្ទះនិងមានសោភណ្ឌភាពស្អាត ដែ​លអាចឈានទៅជាផ្សារគំរូនៅក្នុងខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការផ្សារបានរៀបចំសណ្ដាប់ធ្នាប់ ធ្វើការកែលម្អ និងស្ថាបនាផ្លូវចាត់បេតុងនៅជុំវិញផ្សារមួយនេះ៕