NBC​ អះអាងថា ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុកើនឡើងដល់ ៩១ភាគរយនៃផសស

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ ធនាគារជាតិនៃកម្ពុជា (NBC)បានអះអាងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការរីកចម្រើននៃប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជា ពិសេសមានជំនឿទុកចិត្តពីសាធារណជន មកលើប្រព័ន្ធធនាគារ បានធ្វើឲ្យប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ មានកំនើនឡើងដល់៩១ភាគរយ នៃផលទុនជាតិសរុបហៅកាត់ផ.ស.ស។


យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីដើម​សប្តាហ៍នេះបានបង្ហាញថា ការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយសារពើរពន្ធសមស្រប បានចូលរួមចំណែករក្សាស្ថិរភាពថ្លៃរឹងមាំ គាំទ្រដោយការវិនិយោគ និងការរីកច្រើនសកម្មភាពសេដ្ឋកិច្ច ក្នុងនោះចំពោះវិស័យធនាគារ រូបិយវត្ថុទូទៅបានកើនឡើង២៤,២% ពោលគឺបានកើនឡើងជាងឆ្នាំ២០១៧ ដោយបានស្ថិតនៅក្នុងកម្រិតសមស្របនឹងការរីកចម្រើននៃសេដ្ឋកិច្ច គឺមិនបណ្តោយឲ្យមានសម្ពោធដល់អតិផរណានោះឡើយ។

របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា ក្នុងពេលដែលម៉ាក្រូសេដ្ឋកិច្ច និងហិរ ញ្ញវត្ថុកាន់តែមានភាពរីកចម្រើន វិស័យធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ ដោ​យ សម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងវិស័យធនាគារបន្តចាប់ឬសគល់ទៅក្នុងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយបានជម្រុញភាពស៊ីជម្រៅ លើផ្នែកហិរញ្ញវត្ថុបានកើនឡើងដល់៧៨ភាគរយក្នុងឆ្នាំ២០១៨ ហើយទ្រព្យសកម្មសរុបមានកំណើនឡើងដល់១៧៤ភាគរយ នៃផ លទុនជាតិសរុប(ផសស) កើនឡើង២០ភាគរយ ក្នុងឆ្នាំ២០១៨នេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

របាយការណ៍បានបញ្ជាក់ថា “វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពទុកចិត្តពីសាធារណជនមកលើប្រព័ន្ធធនាគារ ជាក់ស្តែងបានជម្រុញឲ្យប្រាក់បញ្ញើ មានកំណើនឡើងដល់៩១ភាគរយនៃផសស កើនឡើង១៦ភាគរយក្នុងឆ្នាំ២០១៨ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ របាយការណ៍បន្តថា “ការរីកចម្រើននេះបានផ្តល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងហិរ​ញ្ញ​វត្ថុ ធ្វើអន្តរការិយកម្មហិរញ្ញប្បទានកាន់តែសកម្ម”។

ឥណទានក៏សម្រេចបានកំណើន១០២ភាគរយ នៃផសសគឺបានកើនឡើង២០,១ភាគរយ ដែលបានគាំទ្រដល់ការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច ប្រក​បដោយចីរភាព និងបរិយាប័ន្ន។ ស្របពេលដែលវិស័យធនាគារ បាននិងកំពុងចូលរួមចំណែកអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ដោ​យបានបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ ជាលំដាប់បច្ចុប្បន្ន៦៩ភាគរយ នៃប្រជាជនពេញវ័យកំពុងទទួលបានសេវាកម្មហិរញ្ញវត្ថុ ស្របពេលដែលចំណេះដឹងពីការប្រើប្រាស់ហិរញ្ញវត្ថុ ត្រូវបានពង្រីកជាប្រចាំផងដែរ៕

រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្តើមរៀបចំព្រឹត្តិការណ៍ធំៗដើម្បីទាក់ទាញ ទេសចរណ៍ឡើងវិញ

0

ដោយ : វុត្ថា
ភ្នំពេញ : បន្ទាប់ពីទទួលបានជោគជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៨-២០១៩ និងពិពណពាណិជ្ជកម្មកាលពីកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បាន និងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ក្នុងខេត្ត ដែលជាតំបន់ទេសចរណ៍នៅជាប់សមុទ្រមួយនេះឲ្យកាន់តែល្អប្រសើរ និងកម្មវិធីផ្សេងទៀតឪ្យបានច្រើន ដើម្បីទទួលស្វាគមន៍ បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងទៅលេងកម្សាន្ត ក្នុងឪកាស ពិធីបុណ្យធំៗនាពេលខាង មុខបន្តទៀត ។


នៅក្នុងទំព័រហ្វេសបុកផ្លូវការបស់រដ្ឋបាលខេត្តព្រះសីហនុ បានសរសេរថា “អោយតែបងប្អូនភ្ញៀវទេសចរបានគាំទ្រការៀបចំរបស់អាជ្ញាធរច្រើនបែបនេះ នាឱកាសបុណ្យធំៗប្រចាំឆ្នាំខាងមុខ យើងនឹងជួបគ្នាទៀត ជាមួយនឹងកម្មវិធីបន្ថែមសប្បាយជូនភ្ញៀវទេសចរទាំងអស់”។
នៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៨-២០១៩កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨-២០១៩ ដើម្បីបង្កើតការសប្បាយរីក រាយបំរើអារម្មណ៍កម្សាន្តដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយក្នុងនោះរដ្ឋបាលខេត្តបានរៀបចំការប្រគុំដន្ត្រី និងបានរៀបចំតង់ស្នាក់នៅចំនួន៣០០ នៅចុងឆ្នេរអូរឈើទាល (ឆ្នេរអារីស្តុន) ក្រៅពីបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ស្នាក់នៅជិត៩.០០០បន្ទប់។


លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍សប្បាយក្នុងឱកាសឆ្លងឆ្នាំសកល និងបង្ហាញភាពជាដៃគូរចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងរួមចំណែកអភិវឌ្ឍខេត្ត មានភាពរីកចម្រើនធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋមានភាពធូរធារថែមទៀត។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងព្រឹត្តិកាណ៍ឆ្លងឆ្នាំសកល២០១៩កន្លងទៅនេះ ខេត្តទទួលបានភ្ញៀវចំនួនជាង២២ម៉ឺននាក់ កើនឡើង១២ភាគរយ ប៉ុន្តែបើគិតតែភ្ញៀវទេសចរក្នុងស្រុកគឺថយចុះ១៨ភាគរយ ធៀបរយៈពេលដូចចគ្នាកាលពីឆ្នាំមុន។


លោកបន្តថា “ទោះជាភ្ញៀវក្នុងស្រុកធ្លាក់ចុះ តែភ្ញៀវទេសចរអន្តរជាតិបានកើន១២ភាគរយ ដោយសារខេត្តបានរៀបចំសកម្មភាពកំសាន្តច្រើន ទាំងការបោះតង់ ការតាំងពិព័រណ៍ការប្រគំតន្រ្តីជាដើម។ លោកបន្តថា “ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកំសាន្តនៅខេត្តឆ្នាំ២០១៨មានប្រមាណ២លាននាក់”៕

លោកឧកញ៉ា លឹម ហេង : កម្ពុជា ជាប្រទេសបើកចំហជាងគេនៅក្នុងតំបន់

0

ដោយ : គង់ សូរិយា
ភ្នំពេញ : អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសបើកចំហជាងគេនៅក្នុងតំបន់ និងពិភពលោកដែលបើកឳកាសឲ្យមានការវិនិយោគកាន់តែច្រើនពីបរទេស។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣ មករាកន្លងមក​ថា ជាមួយនឹងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ កម្ពុជាជា​ប្រទេសបើកចំហបំផុតនៅក្នុងពិភពលោក ដែលប្រទេសខ្លះអនុញ្ញាឲ្យជនបរទេសចូល​ទៅវិនិយោគ ដោយមានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកត្រឹម៤៩ភាគរយ ប៉ុន្តែរាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្តេច តេជោ សម្តេចបានបើកចំហ ដែលអនុញ្ញាឲ្យជនបរទេសអាចវិនិយោគ១០០ភាគរយនៅកម្ពុជា។
លោកឧកញ៉ា លឹម ហេង បានបន្តថា រដ្ឋាភិបាល​កម្ពុជាបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដោយសារកម្ពុជាមានសុខ​សន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ និងលក្ខខណ្ឌអាកាសធាតុ និងផ្ទៃដីកម្ពុជា មានភាពអំណោយផលដល់ការវិនិយោគ ក្នុងវិស័យកម្មន្តសាល និងកសិ​កម្ម ដើម្បីកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបរទេស ដែលបច្ចុប្បន្នយើងឃើញក្រុម​ហ៊ុនជាច្រើនបានចូលមកវិនិយោគក្នុងវិស័យទាំងពីរនេះ។
លោកបន្តថា “ខ្ញុំគិតថានៅបណ្តាឆ្នាំខាងមុខ កម្ពុជានឹងទទួលបានកំនើនវិនិយោគ​ក្នុងវិស័យកសិកម្ម ដោយសារកម្ពុជាមានភាពអំណោយផលជាច្រើន ពិសេសច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសអាចបោះទុន១០០ភាគរយវិនិយោគនៅកម្ពុជា”។លោកបន្តថា “ច្បាប់នេះរួមទាំងកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង”។


លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ី ធ្លាប់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាប់វិនិយោគរបស់កម្ពុជាពិតមានភាពល្អប្រសើរ និងបើកចំ​ហ ដែលជាកត្តាទាក់ទាញការវិនិយោគ ហើយប្រព័ន្ធនៃការបង់ពន្ធរបស់កម្ពុជាក៏មិនមាន​ភាពរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិឡើយ។ លោកបន្តថា ការឈានពីប្រទេសមានប្រាក់ចំណូលទាប ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម ក៏ជាកត្តាទាក់ទាញការវិនិយោគផងដែរ ព្រោះអ្នកវិនិយោគពួកគេចូលទៅវិនិយោគនៅប្រទេសណាមួយ ពួកគេក៏សិក្សាលើអំណាចនៃការទិញផងដែរ ហើយកម្ពុជាបានឈានដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប មានន័យថាអំណាចនៃការទិញកំពុងកើ​នឡើង។
លោកបន្តថា “អ្នកវិនិយោគមុនពេលពួកគេឈានចូលប្រទេសណាមួយ ពួកគេមើ​ល​ទៅលើកត្តាសន្តិភាព ស្ថេរភាពសង្គម កំនើនសេដ្ឋកិច្ច និងប្រព័ន្ធច្បាប់របស់យើងមានភាពរ៉ឹងមាំ និងអាចការពារអាជីវកម្មរបស់ពួកគេឬអត់”។ លោកបន្តថា “ជាលទ្ធផលកម្ពុជាមានលក្ខខ័ណ្ឌអំណោយផលទាំងអស់នេះ ដែលធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលមាន​ការទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន”៕

ផ្សារបន្លែផ្សារដើម”គ”នឹងត្រូវរើទៅកាន់ផ្សារថ្មីមួយស្ថិតនៅលើបឹងទំនប់កប់ស្រូវ

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ ផ្សារបន្លែនៅផ្សារដើម”គ”ក្រុងភ្នំពេញ នឹងត្រូវរើទៅកាន់ផ្សារផ្គង់ផ្គង់បន្លែ និងផ្លែឈើនៅលើបឹងតាមោឃវិញនាពេលអនាគត។ នេះបើតាមការឲ្យដឹងពីសេចក្តីជូន​ដំណឹងមួយរបស់ទីស្តីកាគណរដ្ឋមន្រ្តី។

​យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី លេខ៨២៧ សជណ ចុះថ្ងៃទី២ សីហាឆ្នាំ២០១៨កន្លងមក និងចុះហត្ថលេខាដោយលោកប៊ុន អ៊ុយ ដែលមានកម្មវត្ថុថា រដ្ឋាភិបាលបានយល់ព្រមជាគោ​លការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមផឃ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត និងអនុញ្ញាត្តរើផ្សារបន្លែពីផ្សារដើមគ ទៅកាន់ផ្សារថ្មីនឹងបឹកតាមោឃវិញ។

​បឹងតាមោឃជាបឹងធំមួយស្ថិតនៅភាគខាងលិច ឆៀងខាងជើងរាជធានីភ្នំពេញ ដែ​លបានដើរតួនាទីជាផ្នែកមួយ នៃការរំដោះទឹកជំនន់ចេញពីក្រុងភ្នំពេញ និងជាបឹងមួយដែ​លរួមចំណែកទប់ស្កាត់ទឹកជំនន់ ដែលអាចជន់លិចរាជធានីភ្នំពេញផងដែរ។
​បឹងនេះស្ថិតនៅក្នុងផ្នែកមួយនៃរាជធានីភ្នំពេញ​ ស្រុកពញ្ញាឮ ស្រុកឧត្តុង និងស្រុកអង្គស្នួល ខេត្តកណ្តាល។

​លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា ការរើផ្សារនេះជាការរំដោះបញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់របៀបរៀបរយរបស់ក្រុង ដែលតំបន់ផ្សារដើមគរ តែងតែកកស្ទះចរាចរណ៍ជាប់ជាប្រចាំ។លោកបន្តថា បច្ចុប្បន្ននៅទីក្រុងភ្នំពេញមានបញ្ហាចរាចរណ៍ដូចជាទីក្រុងនានានៅលើពិភពលោក ហេតុនេះយើងត្រូវ​រៀបចំសណ្តាប់ធ្នាប់ និងចរាចរណ៍ឲ្យបានល្អប្រសើរ៕

សញ្ញាវិជ្ជមានៈរដ្ឋាភិបាលបង្កើនលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ជាង២៨០០មេហ្គាវ៉ាត់

0

ដោយវុត្ថា
ភ្នំពេញ:​ រាជរដ្ឋាភិបាលបានសម្រេចបង្កើនលទ្ធភាព ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ជាង២៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។

លោក វ៉ិចទ័រ ហ្ស៊ូណា អ្នកនាំពាក្យក្រសួងរ៉ែ និងពលបានឲ្យដឹងកាលពីព្រលប់ថ្ងៃទី៣ មករាកន្លងមកថា ការពង្រីកលទ្ធិភាពផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋរហូតដល់ជិត៣ពាន់មេហ្គាវ៉ាត់នេះ ដោយសារតែកំណើននៃការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលចុងក្រោ​យនេះ បានកើនឡើងយ៉ាងច្រើនហួសប្រមាណលើសពីការរំពឹងទុក ពិសេសការពង្រីកគម្រោងវិនិយោគនានាទំាងសំណង់ និងរោងចក្រសហគ្រាសដែលត្រូវការថាមពលអគ្គិសនីជាច្រើន។

លោកបន្តថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួ​ងទទួលបានប្រភពថាមពលបន្ថែម ពីរោងចក្រផលិតធ្យូងថ្មនៅខេត្តព្រះសីហនុ ការបើកអោយដំណើរការពេញលេញ នៃរោងចក្រផលិតថាមពលអគ្គិសនីវារីអគ្គិសនីសេសានក្រោម២ និងគម្រោងដាក់ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យនៅចុងឆ្នាំ២០១៩នេះ”។

ជាមួយគ្នានេះ កម្ពុជានៅតែត្រូវការនាំចូលប្រភពថាមពលអគ្គិសនីពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ចំនួន២៧៧ មេហ្គាវ៉ាត់ ពីថៃចំនួនជាង ១៣៥ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន៣០មេហ្គាវ៉ាត់។

លោកបន្ថែមថា ក្នុងផែនការបពង្រីកការផ្គត់ផ្គង់ ប្រភពថាមពលអគ្គិសនីជូនដល់ប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលក៏បានត្រៀមបញ្ចុះតម្លៃថ្លៃអគ្គិសនីផងដែរ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះទៅ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ។

យោងតាមតារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី៤៨០ រៀលនៅឆ្នាំ២០១៨ មកនៅ៣៨០ រៀលឆ្នាំ ២០១៩ និងឆ្នាំ២០២០ ការប្រើប្រាស់ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ក្នុង១ខែ នឹងត្រូវចុះពី៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខណៈលំនៅឋានដែលប្រើចាប់ពី៥១ដល់២០០ គីឡូវ៉ាត់ក្នុង១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល។

លោកឆឹង ស៊ីណា តំណាងអគ្គិសនីជនបទបានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមជនបទ មានកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជិត២ដង ដោយសារការពង្រីកលំនៅដ្ឋានថ្មី និងការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចមានទូរទស្សន៍ កង្ហារ ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនត្រជាត់ជាដើម។ លោកបញ្ជាក់ថា ក្រុមសេវាករដែលជាសមាជិកនៃសមាគមអគ្គិសនីជនបទ នឹងខិតខំពង្រីកការតបណ្តាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្ងាយៗពី ខ្សែបណ្តាញជាតិ ដើម្បីអោយពួកគេមានលទ្ធភាពប្រើប្រាស់អគ្គិសនីដូចប្រជាពលរដ្ឋដ៏ទៃទៀត។

នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាបានប្រើប្រាស់ប្រភពថាមមពលអគ្គិសនីក្នុងទំហំជាង២៦៥០មេហ្គាវ៉ាត់ ដែលបានគ្រប់ដណ្តប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយនៅទូទាំងប្រទេស៕

សប្តាហ៍ទី១!CDCអនុម័តគំរោងវិនិយោគតម្លៃជាង៤លានដុល្លារ

0

​ដោយវុត្ថា
​ភ្នំពេញ:​ ទើបតែដើមសប្តាហ៍ទី១ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់CDC បានអនុម័តគំរោងវិនិយោគមានទឹកប្រាក់៤,០៧លានដុល្លារអាមេរិក ដែលជា​ការវិនិយោគរោងចក្រផលិតកាបូបនៅកម្ពុជា។

​យោងតាមសេចក្តីប្រកាសព៌តមាន លើគេហទំព័រCDCបានឲ្យដឹងកាលពីថ្ងៃទី៣មករាកន្លងមកថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន “IREACH FACTORY (CAMBODIA) CO.,LTD.”បោះទុនវិនិយោគប្រមាណ ៤,០៧ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៩កន្លែង។

អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកវីល្លៀម ហេដស៍ធ្លាប់បានមានប្រ​សា​សន៍ឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុញ្ញាត្តឲ្យកម្ពុជា នាំចូលផលិតផលធ្វើដំណើរ ដូចជា កាបូបស្ពាន វ៉ាលី ជាដើមក្នុងតម្លៃទឹកប្រាក់១០០លានដុល្លារកាលពីឆ្នាំ២០១៧ ខណៈសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពន្ឋនាំចេញលើផលិតផលសម្រាប់ធ្វើដំណើរដល់កម្ពុជាកំឡុងឆ្នាំ២០១៦កន្លងមកនេះ៕

ដំណោះស្រាយៈរដ្ឋាភិបាលចំណាយប្រាក់៣លានដុល្លារសំរាប់ស្ដារប្រព័ន្ធលូទឹកស្អុយនៅខេត្តព្រះសីហនុ

0

ដោយវុត្ថា
ភ្នំពេញ:​ ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រៀមចំណាយថវិកា ជាង៣លានដុល្លារសំរាប់ការស្ថាបនា និងស្ដារប្រព័ន្ធលូទឹកកង្វក់នានានៅក្នុងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ចូលទៅក្នុងសមុទ្រ ដើម្បីធានាការពា​រ​បរិស្ថានធ្វើអោយទឹកសមុទ្ររក្សាបាននៅភាពស្អាត។


លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអះអាងថា ក្រសួងមានថវិកាគ្រប់គ្រាន់ហើយ សម្រាប់ការស្ថាបនាប្រព័ន្ធលូចំរោះទឹកស្អុយមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការបង្ហូរទឹកស្អុយ ឬជាតិពុលអោយផ្ទាល់ចូលទៅក្នុងសមុទ្រ។លោកបន្តថា ការស្ថាបនាប្រព័ន្ធចំរោះទឹកកង្វក់នៅខេត្តព្រះសីហនុនេះ គឺដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបំពុលរិស្ថាននៅក្នុងខេត្តនេះ។

ជាក់ស្តែង បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានការបង្ហូរទឹកស្អុយចេញពីប្រព័ន្ធលូនានាដោយផ្ទាល់ចូលទៅក្នុងទឹកសមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រមានក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពស្បែកប្រជាពលរដ្ឋ ដែលមកមុជទឹកសមុទ្រ ក៏ដូចជាប៉ះពាល់ដល់កិត្តិយស និងកិត្តិនាម ដែលជាឆ្នេរសមុទ្រស្អាតរបស់កម្ពុជា។


លោកជា សុផារ៉ាបានបន្ថែមថា ក្រសួងនឹងជំរុញការសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកកង្វក់ចំនួន៤កន្លែង ឲ្យរួចរាល់មុនចូលឆ្នាំខ្មែរ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅកលេងកំសាន្តនៅខេត្តព្រះសីហនុអោយបានច្រើនឡើងវិញ។

ចាប់ពីពេលនេះទៅ ដើម្បីដោះស្រាយបញ្ហាការបំពុលទឹកកង្វក់ ដោយផ្ទាល់ចូលទៅក្នុងទន្លេ និងសមុទ្រ រាជរដ្ឋាភិបាលបានចេញគោលការណ៍ថ្មី ដោយតម្រូវអោយម្ចាស់សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន និងបុរី លំនៅដ្ឋានត្រូវ ត្រូវតែធ្វើប្លង់ប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរចូលលូសាធារណៈ ដើម្បីជួយកម្ចាស់ជាតិពុលចូលទៅក្នុងបរិស្ថាន៕

តម្លៃដីធ្លីបានកើនឡើងខ្ពស់ក្រោយផ្លូវជាតិល៥៥ទៅកាន់ស្រុកវាលវែងបានបញ្ចប់

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ តម្លៃដីធ្លីបានកើនឡើងខ្ពស់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលចេញពីក្រុងពោធិសាត់ ឆ្ពោះទៅស្រុកវាលវែងបានស្ថាបនារួចកាលពីឆ្នាំមុន។


ក្រោយបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ55 រាជរដ្ឋាភិបាលបានសម្រេចលើគម្រោងកសាងផ្លូវពីរខ្សែទៀត ចាប់ពីឆ្នាំ 2019នេះទៅ ដោយចាប់ផ្ដើមពីសំឡូតទៅកោះកុងឆ្លងកាត់ឃុំក្រពើពីរ ប្រម៉ោយ អូសោម និងមួយខ្សែទៀតពីកោះកុងទៅសំឡូត ឆ្លងកាត់ថ្មដា តំបន់សេដ្ឋកិច្ចពិសេសទៅសំឡូត ជាមួយនឹងគម្រោងសាងសង់ផ្លូវចាក់កៅស៊ូ ដែលបច្ចុ ​ប្បន្នបាន និងកំពុងធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យមួយចំនួនទាំងក្នុងស្រុក និងក្រៅស្រុកហក់ចូលមកសម្លឹងមើលទីកន្លែងដើម្បីវិនិយោគ។

​លោកហេង សុភាណា អភិបាលស្រុកវាលវែង បានទទួលស្គាល់អំពីស្ថានភាពតម្លៃដីនេះថា ពិតជាមានការប្រែប្រួលមែន ប៉ុន្តែលោកមិនលើកទឹកចិត្តឲ្យបងប្អូនលក់ដូរដីអស់នោះទេ តើដោយសារបារម្ភប្រជាជនបានប្រាក់ហើយចាយវាយខ្ជះខ្ជាយ និងទីបំផុតបាត់​បង់ដីស្រែ ចម្ការរបស់ខ្លួន ហើយធ្វើចំណាកស្រុក។

​លោកបន្តថា “ជាក់ស្ដែងផ្លូទៅដល់ណាក៏អភិវឌ្ឍន៍រីកចំរើន គឺទៅដល់នោះដូចជាស្រុកវាលវែង ជាស្រុកមួយ ដែលបានប្រែក្លាយពីទីលានប្រយុទ្ធ មកជាតំបន់សេដ្ឋកិច្ចពិសេសក្រោយនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា”។

តម្លៃដីធ្លីដែលពីមុនមិនសូវមានការនឹកនាដល់ ដោយសារផ្លូវលំបាក និងមានចម្ងា​យឆ្ងាយ ប៉ុន្តែបច្ចុប្បន្នដីនៅជាប់ផ្លូវកៅស៊ូ ក្នុងទីប្រជុំជនមួយម៉ែត្រនិងមានប្រវែងវែងមានតម្លៃជាង១ម៉ឺនដុល្លារ រីឯដីចំការមានដំណាំខ្លះក្នុងតំបន់មួយចំនួន១ហិចតា មានតម្លៃចន្លោះពី១ម៉ឺន ទៅ២ ម៉ឺនដុលារអាមេរិក។


លោកអភិបាលស្រុកហេង សុភាណាបានព្រមានឲ្យប្រជាជន ប្រុងប្រយ័ត្ននិងមានជំហរទទួលខុសត្រូវទាំងការអភិវឌ្ឍន៍ និងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើយ៉ាងណា ឱ្យមានការអភិវឌ្ឍន៍ហើយជីវភាពបងប្អូននៅទីនេះធូរធាទាំងអស់គ្នា ជាសវាងតម្លៃដ៏ខ្ពស់បងប្អូននាំគ្នាលក់ដីអស់ជាកត្តាមួយធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរ៕

ដំណឹងល្អ! ផ្លូវក្រវាត់ក្រុងទី៣តម្លៃវិនិយោគ២៥៩លានដុល្លារនឹងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលខែមករានេះ

0

​ដោយវុត្ថា
ភ្នំពេញ:​ ផ្លូវក្រវាត់ក្រុងទី៣ ដែលគ្រោងចំណាយថវិកាសាងសង់សង់២៥៩លានដុល្លារអាមេរិក នឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ ពិសេសផ្លូវក្រវាត់ក្រុងនេះ ក៏រត់កាត់ជិតគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ។ គម្រោងផ្លូវក្រវាត់ទី៣ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកពីភាគីចិន សម្រាប់គម្រោងសាងសង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។

ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ។ ពោលគឺផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងការជួយសម្រួលចរាចរណ៍ ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀតបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។

កិច្ចព្រមព្រៀងឥណទានសម្បទា នសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រក​បដោយបញ្ញាញាណ និងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រ​សាសន៍ឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងធ្វើចេញពីតំបន់អូរដឹម តាមបណ្តោយផ្លូវជាតិលេខ៤ និងបញ្ចប់នៅស្រុកកៀនស្វាយ មុននឹងឆ្លងទន្លេឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ៨ និងចុងបញ្ចប់មកភ្ជាប់គ្នានៅលើផ្លូវទំនប់កប់ស្រូវវិញ។

ជាមួយគ្នានេះ ស្ពានធំទី៣ដែលឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បាននិងកំពុងរៀបចំបើកការដ្ឋានសាងសង់ផងដែរ៕

NBC កម្ពុជាអាចទទួលបានកំនើនវិនិយោគក្នុងវិស័យកម្មន្តសាលនិងកសិកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ: ការសិក្សាមួយដែលបានធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)បានឲ្យដឹងថា កម្ពុជាអាចទទួលបានកំនើនវិនិយោគលើវិស័យកម្មន្តសាល​ និងកសិកម្ម ដោយ​សារកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិន។

ការបង្ហាញនូវសញ្ញាសុទិដ្ឋិនិយមនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ។ របាយការណ៍បានអះអាងថា ជាក់ស្តែងការ​នាំចេញរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសផលិតផលកាត់ដេរ ត្រូវ​បានប៉ាន់ស្មានថាកើនឡើង២៤,៧ភាគរយ ស្របពេលដែលការនាំចេញផលិតផលមួយចំនួន បានកើនឡើងក្នុងអត្រាពីរទៅបីខ្ទង់ ដូចជាការនាំចេញអង្ករកើនឡើង២៣ភាគរយ ទោចក្រយានកើនឡើង១២ភាគរយ និងគ្រឿងបន្លាស់យានយន្តកើនឡើងបីដង។

របាយការណ៍ដដែលនេះបានបន្តឲ្យដឹងទៀតថា ថ្វីបើការនាំចេញផលិតផលកាត់ដេរនៅបន្តមានចំណែកធំ ប្រមាណ២ភាគ៣នៃការនាំចេញសរុបក៏ដោយ ក៏ចំណែកនេះ​បានថយចុះគួរឲ្យកត់សំគាល់ បើធៀបនឹងប្រមាណ៩៦ភាគរយនៃការនាំចេញកាលពី១០​ឆ្នាំមុន។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីធ្វើពិពីធកម្មសេដ្ឋកិច្ចកម្ពុជា ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​បន្តមានកំនើនរ៉ឹងមាំ និងធ្វើពិពិធកម្មផលិតផលនានា ដើម្បីនាំចេញទៅកាន់បរទេស។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា រដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥

២០២៥ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដោយសារកម្ពុជាមានសុខ​សន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ និងលក្ខខ័ណ្ឌអាកាសធាតុ និងផ្ទៃដីកម្ពុជា មានភាពអំណោយផលដល់ការវិនិយោគ ក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដើម្បីកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបរទេស ដែលបច្ចុប្បន្នយើងឃើញក្រុម​ហ៊ុនជាច្រើនបានចូលមកវិនិយោគក្នុងវិស័យទាំងពីរនេះ។

លោកបន្តថា “ខ្ញុំគិតថានៅបណ្តាឆ្នាំខាងមុខ កម្ពុជានឹងទទួលបានកំណើនវិនិយោគ​ក្នុងវិស័យកសិកម្ម ដោយសារកម្ពុជាមានភាពអំណោយផលជាច្រើន ពិសេសច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ ដែលអនុញ្ញាត្តឲ្យក្រុមហ៊ុនបរទេសអាចបោះទុន១០០ភាគរយវិនិយោគនៅកម្ពុជា”។លោកបន្តថា “ច្បាប់នេះរួមទាំងកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង”។

ទោះជាយ៉ាងណាលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា​ទបានថ្លែងឲ្យដឹងនៅថ្ងៃដដែលនេះថា កម្ពុជាមានកំនើនការវិនិយោគក្នុងវិស័យកសិកម្ម មួយៗនៅឡើយ ដោយសារប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋរបស់យើងមិនទាន់មានភាពអំណោយ​ផលនៅឡើយ ពិសេសតម្លៃដឹកជញ្ជូន និងថ្លៃទឹក ភ្លើងរបស់កម្ពុជាមានតម្លៃខ្ពស់ធៀបជា​មួយបណ្តាប្រទេសក្នុងតំបន់។

លោកបន្តថា “ទោះជាតម្លៃពលកម្មយើងទាប តែបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជារឿងមួ​យដែលត្រូវការពេលវេលាក្នុងការដោះស្រាយ”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន​មានប្រសាសន៍ថា សុខភាពសេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាល្អប្រសើរ តែបញ្ហាប្រឈម​

របស់យើងនៅនៅតែមានភាពដដែលៗ ដូចជា តម្លៃដឹកជញ្ជូនខ្ពស់ កង្វះធនធានមនុស្ស ការិយាធិបេតយ្យ ថ្លៃទឹកភ្លើងនៅមានតម្លៃថ្លៃ និងមិនទាន់មានគុណភាពជាដើម។

ទាក់ទងនឹងគោលនយោបាយឧស្សាហកម្ម លោកបណ្ឌិតបានថ្លែងថា សេដ្ឋកិច្ចរបស់យើងប្រៀបដូចជារថយន្តចាស់ ដែលយើងត្រូវធ្វើការជួសជុល ឬបន្ថែមគ្រឿង ដើម្បីឲ្យរថយន្តរបស់យើងរត់បានលឿន និងឆ្ងាយជាងមុន៕​