ឧកញ៉ា​សៀ រិទ្ធី បង្ហើប​ពី​វិធីសាស្ត្រ​ជោគជ័យ​ក្នុងការ​វិនិយោគ​លើ​វិស័យអចលនទ្រព្យ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកវិនិយោគ​និមួយៗ តែងមាន​យុ​ទ្ឋ​សាស្ត្រ​ស្រដៀង​គ្នា​ឬ​ខុសគ្នា អាស្រ័យ​លើ​សមត្ថភាព និង​ចំណេះដឹង​របស់​ពួកគេ ប៉ុន្តែ​ថ្ងៃនេះ​យើង​នឹង​លើកយក​វិធីសាស្ត្រ​ចំនួន៤របស់លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​ដែល​បានបង្ហាញ​ពី​គន្លឹះ​ជោគជ័យ​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ។

លោក​ឧកញ៉ា​ដែល​កំពុង​ទទួលជោគជ័យ លើ​ការអភិវឌ្ឍន៍​វិស័យ​ខុន​ដូ​នៅ​កម្ពុជា បាន​ប្រាប់​នូវ​វិធីសាស្ត្រ​ចំនួន៤ ដល់​គេហទំព័រ Propertyarea.asia ដើម្បី​ចែករំលែក​ដល់​អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Groupបាន​ថ្លែងថា ប្រសិនជា​អ្នក​ចង់​អភិវឌ្ឍន៍​លើ​ការសាងសង់​ខុន​ដូ​លក់ ត្រូវ​គិត​លើ​កត្តា​មួយចំនួន ទី១ អ្នក​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ថា អ្នកណា​គេ​ជា​សក្តានុពល​ទីផ្សារ​របស់​យើង។ បើ​យើង​សិក្សា​ទីផ្សារ​មិន​ច្បាស់ យើង​ជួប​បញ្ហា​ហើយ។ ទី២ យើង​ត្រូវ​ដឹងថា ចិន​ត្រូវការ​បែបណា ជប៉ុន​ត្រូវការ​បែបណា សាំង​ហ្កា​ពួរ ឬ​ហុងកុង​ត្រូវការ​បែបណា? យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់។

ទី៣ បើ​យើង​ចាប់យក​អតិថិជន​ទាំងអស់ យើង​ត្រូវ​រៀបចំ​គំរោង​បែបណា ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ទាំងអស់គ្នា។ អ្នក​អភិ​វ​ឌ្ឈ​ន៍​ត្រូវ​ឆ្លាត​ចំណុច​ហ្នឹង។ ទី៤ យើង​ត្រូវ​រៀបចំ​ក្រុមហ៊ុន​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព មាន​គណនេយ្យភាព និង​បង់​ព​ន្ឋ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​បើ​យើង​រៀបចំ​ក្រុមហ៊ុន​មិនបាន​ល្អ និង​តម្លាភាព​ទេ យើង​មិនអាច​ចាប់​ដៃគូ​វិនិយោគ​ពី​ក្រៅប្រទេស​បានទេ។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​បន្តថា “ដោយសារ​ខ្ញុំ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​តម្លាភាព និង​គណនេយ្យភាព​ត្រឹមត្រូវ គោរព​ច្បាប់​ប្រទេស ទើប​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ចង់​ចាប់​ដៃគូ​ជាមួយ​ខ្ញុំ”៕

វគ្គ​បណ្តុះបណ្តាល​ពិសេស! តើ​គួរ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដូចម្តេច​ដើម្បី បញ្ចៀស​ហានិភ័យ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ ដោយ​ផ្តោតលើ​ការស្វែងរក​ព៌​ត​មាន​ជាក់លាក់ និង​អាច​ទុកចិត្តបាន និង​វិធីសាស្ត្រ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​បញ្ចៀស​ហានិភ័យ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៨ធ្នូ​ខាងមុខនេះ នៅក្នុង​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា ជប៉ុន (CJCC)។

ដោយសារ​កង្វល់​ទាក់ទង​នឹង​ការវិនិយោគ ដែល​អាច​ប្រឈម​ហានិភ័យ អ្នកជំនាញ​មួយក្រុម​នឹង​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ ដើម្បី​ពួកគេ​បាន​យល់ដឹង​ពី​វិ​និសា​ស្ត្រ​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ និង​ជាការ​វិនិយោគ​ត្រឹមត្រូវ​តាម​អ្វីដែល​ពួកគេ​ចង់បាន។

ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៥ វិច្ឆិកា​នេះ​ថា វគ្គ​បណ្តុះបណ្តាល​នេះ ពិត​ជាមាន​សារៈសំខាន់ ដោយសារ​យើង​នាំយក​នូវ​ជំនាញ ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សំរាប់​វិនិច្ឆ័យ ការស្វែងរក​ព៌​ត​មាន​ត្រឹមត្រូវ និង​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ធ្វើជា​មូលដ្ឋាន​ពិចារណា មុន​សម្រេចចិត្ត​វិនិយោគ។លោក​បន្តថា ព៌​ត​មាន​ពិត និង​អាច​ទុកចិត្ត បាន​មាន​សារៈសំខាន់​ណាស់ សម្រាប់​ធ្វើជា​មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អ្វីមួយ។

លោក​បន្តថា “ខ្ញុំ​នឹង​ប្រើប្រាស់​ជំនាញ និង​បទពិសោធន៍​រយៈពេល​ជាង២០ឆ្នាំ​ក្នុង​វិស័យ​សារ​ព៌​ត​មាន ដើម្បី​បង្ហាញ​នូវ​មូលដ្ឋានគ្រឹះ​ទាក់ទង​ព៌​ត​មាន​ពិត និង​មិន​ពិត និង​សារៈសំខាន់​នៃ​សារ​ព៌​ត​មាន ដែល​គួរ​ជ្រើសរើស​សម្រាប់​អាន។ លោក​បន្តថា “ក្នុង​ពិភព​ព៌​ត​មា

ន​អាចមាន​ព៌​ត​មាន​ពិត និង​ព៌​ត​មាន​មិន​ពិត ហេតុនេះ​យើង​នឹង​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​នៃ​ព៌​ត​មាន ដើម្បី​ដឹង​ពី​សារៈសំខាន់​នៃ​តួនាទី​សារ​ព៌​ត​មាន ដែលជា​ព៌​ត​មាន​អាច​ទុកចិត្តបាន និង​ប្រើប្រាស់​ជា​មូលដ្ឋាន​សំរាប់​គិតពិចារណា។

តើ​ព៌​ត​មាន​ពិត និង​សរសេរ​ព៌​ត​មាន​ទាក់ទង​វិស័យ​អចលនទ្រព្យ​យ៉ាងដូចម្តេច​ដើម្បី​ទាក់ទាញ​អ្នកអាន អាច​ទុកចិត្តបាន​ត្រូវ​ផ្អែកលើ​មូលដ្ឋាន​អ្វីខ្លះ យើង​នឹង​បកស្រាយ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ។

ជាមួយគ្នានេះ​លោក​ឌិ​ត ច​ណ្ណា​អគ្គនាយក​ក្រុមហ៊ុន Lucky Realty Group ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​លើ​ការទិញ​លក់ វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា មុន​សម្រេចចិត្ត​វិនិយោគ ការទទួលបាន​ព៌​ត​មាន​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ ទាក់ទង​នឹង​លំហូរ​សាច់ប្រាក់ ទីតាំង​ភូមិសាស្ត្រ និង​មូលដ្ឋាន​អ្វីខ្លះ មុន​សម្រេចចិត្ត​វិនិយោគ ដើម្បី​បញ្ចៀស​ហានិភ័យ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ភ្នាក់ងារ ក៏ដូចជា​អ្នកវិនិយោគ​នានា​ធ្វើការ​សម្រេចចិត្ត។

លោក​បន្តថា “អ្នកមានចំណេះដឹង អ្នក​យល់​ពី​ទីផ្សារ​នឹង​ទទួលបាន​ជោគជ័យ​លើ​ការវិនិយោគ​របស់ខ្លួន ហេតុនេះ​អ្នកវិនិយោគ​ដែល​ចង់​បញ្ចៀស​ហានិភ័យ គួរ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Dream Propertyលោក​គា​ម សៀក​ឡុង​ដែល​បានចាប់ផ្តើម​ក្រុមហ៊ុន ដោយ​មិនសូវមាន​មូលដ្ឋាន​ទុន ចំណេះដឹង ប៉ុន្តែ​រហូតមកទល់​ពេលនេះ​លោក​ទទួលបាន​ជោគជ័យ និង​ក្លាយជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទិញ លក់ ជួល​អចលនទ្រព្យ​ឈានមុខ​គេ​មួយ ក្នុងចំណោម​ក្រុមគ្រួសារ Century21 ដែលមាន​ការិយាល័យ​ច្រើនជាង១០ក្រុមហ៊ុន​នៅ​កម្ពុជា នឹង​បង្ហាញ​បទពិសោធន៍​ពី​ការចាប់ផ្តើម រហូតដល់​ទទួលបាន​ភាពជោគជ័យ​របស់លោក​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ។

លោក​បន្តថា “ភាពជោគជ័យ​ទាំងអស់​ផ្តើមចេញពី​មូលដ្ឋាន​ចំណេះដឹង មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​ត្រឹមត្រូវ ហេតុនេះ​ការវិនិយោគ​ដែល​អាច​បញ្ចៀស​បាន​ហានិភ័យ ជា​បំ ណង​ប្រាថ្នា​របស់​អ្នកវិនិយោគ​នានា។លោក​បន្តថា “ខ្ញុំ​នឹង​ចែករំលែក​បទពិសោធន៍​នៃ​ភាពជោគជ័យ​និង​មូលដ្ឋានគ្រឹះ​នានា ដើម្បី​ឈានទៅ​ទទួលបាន​ជោគជ័យ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ”៕

ស្វែងយល់អាស៊ាន! មេដឹកនាំអាស៊ាន​ចាត់​ទុក​ទំនាក់​ទំនង​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​រវាង​អាស៊ាន​-​ចិន​មិន​អាច​ខ្វះបាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានសំដែងសុឆន្ទៈ និងជំនឿយ៉ាងមុតមុំាបំផុតចំពោះទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ចិន ដោយមេដឹកនាំទាំងនោះបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបាននឹងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរីឪ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ដែលប្រព្រឹត្តិទៅក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត»នៅថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៨នេះថា សេដ្ឋកិច្ចរវាងអាស៊ា-ចិនត្រូវតែធ្វើឡើងដោយបើកចំហរ និងតភ្ជាប់ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយឈរលើប្រព័ន្ធពាណិជ្ជកម្មចម្រុះភាគី (multilateral trading system)។
លោកលី បន្តថា ទំហំពាណិជ្ជកម្មរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ានឈរនៅលេខរៀងទី ១ អស់រយៈពេល ៨ ឆ្នាំកន្លងមកហើយ ដោយគិតត្រឹមឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិនកើនដល់ ៤៤២ ពាន់លានដុល្លារពោលស្មើរ ១៧ ភាគរយ នៃ ទំហំពាណិជ្ជកម្មអាស៊ានសរុប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានគូសបញ្ជាក់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្រ្តមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែស្ថិតស្ថេរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នជូនប្រជាជាតិទាំងអស់។

សម្តេចបន្តថា កម្ពុជាគាំទ្រការបន្តពង្រឹង និងពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាននិងចិនឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ថ្ងៃនេះ គឺអង្គប្រជុំបានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសព័ត៌មានរួមរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១, ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០, សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន, និង របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព រួមទាំងបញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជីសកម្មភាពសម្រាប់ឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន៕

ស្វែងយល់​ពី​អាស៊ាន! ទំហំ​ពាណិជ្ជកម្ម​អាស៊ាន-អូស្ត្រាលី​កើន​ដល់ ៥៩០០លានដុល្លារ​អាមេរិក

0

ដោយ វុត្ថា

សឹង្ហ​បុរី៖ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ​រវាង​អាស៊ាន និង​អូស្ត្រាលី​កើន​ដល់៥៩០០លាន​ដុល្លារ ដោយ​គិត​ត្រឹម​ឆ្នាំ២០១៧អាមេរិក កើន​ជាង១១,៧ភាគរយ ប្រៀបធៀប​និង​ឆ្នាំ២០១៦ ហើយ​ការវិនិយោគ​ដោយផ្ទាល់​របស់​អូស្ត្រាលី មកកាន់​តំបន់​អាស៊ាន​គឺ​កើនឡើង​ប្រមាណ៣៣,៤ភាគរយ។

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន  បាន​គូសបញ្ជាក់ថា នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាស៊ាន និង​អូស្ត្រាលី ត្រូវតែ​បន្ត​ជំរុញ​និង​គាំទ្រ​បន្ថែមទៀត តាមរយះ​ការលើកកម្ពស់​សកម្មភាព​នៃ​ការផ្សព្វផ្សាយ​ធុរកិច្ច និង​ការពង្រឹង​ការតភ្ជាប់​រវាង​វិស័យ​ឯកជន និង​ឯកជន ក៏ដូចជា​វិស័យ​សាធារណៈ និង​ឯកជន​ដោយ​ផ្តោត​ជាពិសេស​លើ​សហគ្រាស​ធុន​តូច និង​មធ្យម។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​ព្រឹក​នេះ បណ្តា​មេដឹកនាំ​អាស៊ាន​ក៏បាន​ស្វាគមន៍​ចំពោះ​ការពង្រីក​ផែនការ​កូ​ឡំ​បូ​ថ្មី​របស់​អូស្ត្រាលី ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​លើកកម្ពស់​ថែមទៀត​នូវ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដោយ​ជួយ​គាំទ្រ​ដល់​សិស្ស និស្សិត​អូស្ត្រាលី​មក​សិក្សា និង​អនុវត្ត​ការងារ​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន-អូស្ត្រាលី​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​ទាំងពីរ អាស៊ាន-អូស្ត្រាលី ពិសេស​គឺ​ការជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការតភ្ជាប់​ពី​គ្រប់ផ្នែក​ទាំងអស់ រវាង​អាស៊ាន​និង​អូស្ត្រាលី​ពិត​ជាមាន​សារៈសំខាន់​ណាស់។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ដែល​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​សាន់​តិច សាធារណរដ្ឋ​សិង្ហ​បុរី​នេះ ក្រោម​ប្រធានបទ «ការកសាង​នវានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន» មានការ​ចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អា​ស៊ា និង​ប្រទេស​ជា​ដៃគូ​ជាច្រើន៕

ឧកញ៉ា​ពុង ឃាវ​សែ៖ បង្ហាញ​យុ​ទ្ឋ​សាស្ត្រ​ដើម្បី​បង្កើន​ទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជា​មនុស្ស​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង​ក្នុង​ពិភព​ជំនួញធំៗនៅ​កម្ពុជា លោក​ឧកញ៉ា​ពុង ឃាវ​សែ​ជា​បុគ្គល​ជោគជ័យ​បំផុត ក្នុង​មុខ​ជំនួញ​នៅ​កម្ពុជា ដោយ​លោក​មាន​ក្រុមហ៊ុន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនតិចជាង១០នៅក្នុង​ដៃ​ឡើយ។

លោក​ឧកញ៉ា​ពុង ឃាវ​សែ​អគ្គនាយក​ក្រុមហ៊ុន OCIC និង​ជា​ប្រធាន​ធនាគា​កាណាឌីយ៉ា និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​ថ្លែង​ឲ្យ​គេហទំព័រ​មួយ ដឹង​កាលពីពេលថ្មីៗនេះ​ថា លោក​តែងតែ​គោរព​គោលការណ៍​បី​ចំណុច​នោះ ក្នុង​មុខ​ជំនួញ​របស់លោក ដើម្បី​សម្រេចបាន​ជោគជ័យ ដូចជា ទី១ ភាពស្មោះត្រង់​ជាមួយនឹង​អតិថិជន ជាមួយ​ដៃគូ​វិនិយោគ​ធ្វើ​ឲ្យ​គេ​ជឿជាក់​លើ​យើង មិន​បោកប្រាស់​គេ ទី២ ភាព​អំណត់​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ និង​ទី៣ត្រូវ​ចេះ​ច្នៃប្រឌិត​ចាប់យកឱកាសល្អៗដើម្បី​វិនិយោគ។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា ក៏បាន​ត្អូញត្អែរ​ពី​ភាពលំបាក ក្នុង​ភាពជា​អ្នកមាន​ស្តុកស្តម្ភ​របស់លោក​ផងដែរ​ថា “ធ្វើជា​អ្នកមាន​មិនមែន​ស្រួល​ដូច​ការគិត​នោះទេ។ ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ កុំថាឡើយ ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ​នោះ មិន​ថា​យប់ មិន​ថា​ថ្ងៃ។

លោក​បន្តថា “សព្វថ្ងៃ​ខ្ញុំ​ប្រឹង​ណាស់ ហត់​ណាស់ ប៉ុន្តែ​កូន​ខ្ញុំគេ​មិន​សរសើរ​ទេ ព្រោះ​ឪ​វា​ធ្វើការ​នឿយ​ពេក។ធ្វើជា​ថៅកែ​គេ មេដឹកនាំ​គេ ត្រូវតែ​ធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ។លោក​បន្តថា “ខ្ញុំ​មាន​សម្ពាយ​របស់ខ្ញុំ​ធ្ងន់​ណាស់ ព្រោះ​ត្រូវ​ចិញ្ចឹម​បុគ្គលិក​ខ្ញុំ​ជាង១៤.០០០នាក់ និង​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ខ្ញុំ”៕

ខេត្ត​មួយ​របស់​ចិន​វិនិយោគ​ទឹកប្រាក់៣៣៥លាន​ដុល្លារ​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកវិនិយោគ​មកពី​ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន​លើ​គំរោង​ចំនួន៤៦ និង​មាន​ទុនវិនិយោគ៣៣៥លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា ខណៈ​អ្នកវិនិយោគ​ចិន​បាននិងកំពុង​ក្លាយជា​អ្នកវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា។

យោងតាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ការវិនិយោគ​របស់​ជាំ​ង​ស៊ូរ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៧ មាន​ចំនួន ៤៦គម្រោង មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៣៣៥លាន​ដុល្លារ​អាមេរិក។ គំរោង​វិនិយោគ​ទាំងនោះ​ផ្តោតលើ​វិស័យ​ជាច្រើន ដូចជា​វិស័យ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ឧស្សាហកម្ម​ដទៃទៀត។

លោក​ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ដឹង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ដ​ជាំ​ង​ស៊ូ ដឹកនាំ​ដោយ​លោក គូ វ័ន​ហ្វឹ​ង (Gu WanFeng) អនុរដ្ឋមន្ដ្រី​នៃ​នាយកដ្ឋាន​កិច្ចការ​ជួរមុខ នៃ​គណៈកម្មាធិការ​ខេត្ដ​ជាំ​ង​ស៊ូ មក​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា និង សំណង់​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា​ម្សិលមិញ​ថា ប្រទេស​កម្ពុ​ជាមាន​ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ ជាពិសេស ស្ថិរភាព​នយោបាយ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ កំណើនសេដ្ឋកិច្ច​ជា​មធ្យម៧.៧ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង ២ទសវត្សរ៍​កន្លងទៅ។

លោក​បន្តថា “កំណើន​ដ៏​រឹងមាំ​នេះ​បានធ្វើឱ្យ​កម្ពុជា ធ្វើដំណើរ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ផ្ដល់​ទំនុកចិត្ដដ​ល់​អ្នកវិនិយោគ​បរទេស ឱ្យ​បណ្តាក់ទុន​លើ​គ្រប់​វិស័យ។

លោក​ជា វុទ្ធី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ចិ​ត្ដ របស់​អ្នកវិនិយោគ​ខេត្ដ​ជាំ​ង​ស៊ូ ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ ដ៏​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្ដើម​ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន។

លោក​គូ វ័ន​ហ្វឹ​ង បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​បានទទួល​ស្គាល់ និង​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការ​ដឹកនាំ​ប្រទេស​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​លូតលាស់ និង​មាន​កំណើន​យ៉ាងខ្លាំង។ លោក​បាន​សន្យា​នឹង​ខិតខំ​ធ្វើការ​ទាក់ទាញ និង​ផ្សព្វផ្សាយ​ឱ្យ​អ្នកវិនិយោគ​ជាំ​ង​ស៊ូ ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដើម្បី​បន្ត​រឹតចំណង​មិត្តភាព​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ៕

ចំណេះដឹង​ថ្មី! តើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣នៅ​ប្រទេស​សិង្ហ​បុរី​និយាយ​ពីអ្វី​ខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖  ជាថ្មី​ម្តងទៀត​ប្រទេស​សឹង្ហ​បុរី កំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជា​លក្ខណៈ​វិលជុំ ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់​សម្រាប់​តំបន់​ដែលមាន​ប្រជាជន​ជាង៦៣០លាន​នាក់ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដ៏​លឿន​នេះ។

តើ​មេដឹកនាំ​កំពូល​អាស៊ាន​ទាំង១០ និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​នឹង​ផ្តោត​កិច្ចពិភាក្សា​លើ​បញ្ហា​អ្វីខ្លះ Propertyarea.asia នឹង​បង្ហាញត្រួសៗនូវ​ព៌​ត​មាន​ដ៏​មាន​សារៈសំខាន់​នេះ។

ការពិត​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្រោម​ប្រធានបទ «ការកសាង​នវានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន» ដែល​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​សាន់​តិច សាធារណរដ្ឋ​សិង្ហ​បុរី ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ាន ក្រោម​កិច្ច​ស្វាគមន៍​ពី លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ផងដែរ។

លោក​លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​គូសបញ្ជាក់ អាស៊ាន​មាន​សមត្ថភាព​ចូលរួម និង​សហការ​ជាមួយ​បណ្ដា​ប្រទេសធំៗ និង​អង្គការ​អន្តរជាតិ​នានា រួមទាំង​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​នានា ដូចជា​អាស៊ាន​បូក​បី និង EAS ជាដើម។ នៅថ្ងៃនេះ​អាស៊ាន​គឺជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅក្នុង​ពិភពលោក។ ជាមួយនឹង​កំណើន​យុវជន​វ័យ​កណ្ដាល និង​យុវជន​វ័យ​ពេញ​ធ្វើការ អាស៊ាន​នឹង​កា្ល​យ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី៤ នៅលើ​ពិភពលោក​នៅ​ឆ្នាំ២០៣០ ពោលគឺ​អនាគត​អាស៊ាន​កំពុងមាន​ភាពភ្លឺស្វាង។

លោក​លី​បន្តថា “នៅពេលនេះ យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​ប្រឈមថ្មីៗដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ថ្មី និង​ការផ្លាស់ប្ដូរសំខាន់ៗតាមរយៈ​បច្ចេកវិទ្យា​ឌីជីថល។ បច្ចេកវិទ្យា​ឌីជីថល​បាន​រំខាន​ដល់​សេដ្ឋកិច្ច​របស់​យើង និង​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ការរស់នៅ​ការធ្វើការ និង​ការទំនាក់ទំនង​របស់​យើង រួមមាន​ទាំង​ការវាយប្រហារ​តាម​ព័ត៌មានវិទ្យា​ទៀតផង។ លោក​បន្តថា “ព្រម​ពេល​ជាមួយគ្នានេះ ការគំរាមកំហែង​ពី​ភេរវកម្ម និង​ការប្រែប្រួល​អាកាសធាតុ​ក៏​ជា​ក្ដីកង្វល់​របស់​យើង​ផងដែរ។ ភេរវកម្ម​គឺ​មិនមែន​ត្រឹមតែ​គំរាមកំហែង​ដល់​សន្តិសុខ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បង្ក​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជាតិ​សាសន៍​នានា និង​សាសនា​ជាច្រើន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។

បញ្ហា​បម្រែបម្រួល​អាកាសធាតុ កំពុង​ធ្វើឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន​ងាយ​រងគ្រោះ​នឹង​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ។ ការកើនឡើង​សីតុណ្ហភាព និង​កំដៅ​ផែនដី កំពុង​បង្ក​ផលប៉ះពាល់​ជាមួយនឹង​ការបង្ក​ជា​ជំងឺ​តំបន់​ត្រូ​ពិ​ក ដែល​គំរាមកំហែង​ដល់​អាយុជីវិត និង​ការរស់នៅ​របស់​ប្រជាជន។ ទាំងអស់នេះ​មានន័យថា​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​គឺមាន​សារៈសំខាន់ និង​ជាបន្ទាន់​បំផុត​ជាងពេលណាៗទាំងអស់។ ការប្រឈមមុខ​នឹង​បញ្ហា​រួម​នេះ គឺមាន​ភាពស្មុគស្មាញ​នឹងមិន​ធ្លាប់មាន ហើយ​ដំណោះស្រាយ​ក៏​មិនមាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ តែម្នាក់ឯង​បាន​នៅឡើយ​ដែរ។ ពោលគឺ​យើង​ត្រូវតែ​រួមចិត្ត​រួម​កម្លាំង ដោះស្រាយ​បញ្ហា​ទាំងនេះ​ជាមួយគ្នា។ នេះហើយ​គឺ​មូលហេតុ​រុញឱ្យ​ប្រទេស​សិង្ហ​បុរី​ជ្រើសរើស​ភាពរឹងមាំ និង​ការច្នៃប្រឌិត​ជា​មូលដ្ឋាន​សម្រាប់​អាស៊ាន​របស់​យើង។លោក​លី​បញ្ជាក់។

លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​សម្តែង​ការកោតសរសើរ​ចំពោះ ប្រទេស​ជា​សមាជិក​ទាំងអស់ បាន​អនុវត្តន៍​ទ្វេ​ឡើង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​បានសម្រេច​ចេញ​នូវ​ដំណោះស្រាយ​ដ៏​ល្អប្រសើរ​នានា ដែល​បង្ហាញ​អំពី​លទ្ធផល​នៃ​ការរួបរួម ប្រសិទ្ធភាព និង​សម្ព័ន្ធភាព​ក្នុងនាម​ជា​អាស៊ាន។ ទន្ទឹមនឹង​នោះដែរ អាស៊ាន​បានបញ្ជាក់​ឡើងវិញ​នូវ​ការ  ប្តេជ្ញា​ធ្វើ​ពាណិជ្ជកម្ម​ពហុភាគី និង​បោះជំហាន​ទៅមុខ​ឲ្យ​បាន​លឿន ឆ្ពោះទៅរក​ការបញ្ចប់​កិច្ចចរចា​នានា ទៅលើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ប្រកបដោយ​ផ្លែផ្កា។ បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​របស់​អាស៊ាន(ASCN) នឹង​ក្លាយជា​វេទិកា​សម្រាប់​ទីក្រុង​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ធ្វើការ​ផ្សាយ​ភ្ជាប់​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ធ្វើ​ការងារ​រួមគ្នា​ដើម្បី​លើកស្ទួយ​គុណភាព​រស់នៅ​ដែលជា​ប្រយោជន៍​របស់​ប្រជាជន។

លោក​លី សៀន​ឡុង​បាន​បន្តថា “យើង​បាន​ពង្រឹង​មូលដ្ឋាន សម្រាប់​បរិស្ថាន​តំបន់​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន ជាមួយនឹង​ការសន្និដ្ឋាន​នៃ​សន្ធិសញ្ញា បណ្តោះអាសន្ន​ជា​គំរូ​របស់​អាស៊ាន។ យើង​បាន​បង្កើន​ភាពជា​ដៃគូ​សកម្ម​រួមគ្នា​របស់​យើង ប្រឆាំងនឹង​ការគំរាមកំហែង​ឆ្លងដែន រួមទាំង​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណេ​ត និង​ការប្រែប្រួល​អាកាសធាតុ។ លទ្ធផល​ទាំងនេះ បង្ហាញ​ពី​ជំនឿ​យ៉ាងរឹងមាំ​របស់​អាស៊ាន ចំពោះ​គំនិត​បែប​ពហុភាគី​និយម គឺជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​សម្រាប់​ការរីកចំរើន និង​ស្ថេរភាព​នៃ​តំបន់”៕

ដំណឹង​ល្អ! កម្ពុជា ថៃ ច្រកទ្វារព្រំដែន២៤ម៉ោង​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ ៣ថ្ងៃ

0

ដោយ​ដែន ចែងចាំង

ភ្នំពេញ៖ ក្នុង​គោលដៅ​សម្រួលការ​ធ្វើដំណើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ប្រទេស​កម្ពុជា និង​ថៃ​គ្រោង​បើក​ច្រកទ្វារព្រំដែន២៤ម៉ោង ក្នុង​រយៈពេល​បី​ថ្ងៃ ដែលជា​ថ្ងៃ​កម្ពុជា​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង។

អភិបាលខេត្ត​កោះកុង​លោកជំទាវ​ មិថុនា ភូ​ថង​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៣ វិច្ឆិកា​កន្លងមក​ថា កម្ពុជា និង​ភាគី​ថៃ នឹង​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ២៤ម៉ោង លើ២៤ម៉ោង រយៈពេល៣ថ្ងៃ​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ។ ការបើក​ច្រកទ្វារ​យ៉ាង​ដូច្នេះ ធ្វើឡើង​ដើម្បី​អនុញ្ញាត​សម្របសម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​ក្នុង​ពិធី ប្រសិនបើ​មានការ​ខ្វះខាត​ទីកន្លែង​ស្នាក់នៅ។

លោកជំទាវ​បាន​បន្តថា “នេះ​ជា​រឿង​ដ៏​ល្អប្រសើរ និង​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ឋ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ប្រសើរឡើង។

ជាមួយគ្នានេះ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ៤៨ថា អាជ្ញាធរ​ខេត្តកោះកុង កំពុងតែ​ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​អាជ្ញាធរខេត្ត​ត្រាត ប្រទេស​ថៃ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​បានចេញ​ចូ​លលេ​ង​កម្សាន្ត និង​ស្នាក់នៅ អំឡុង​ថ្ងៃបុណ្យ​សមុទ្រ៣ថ្ងៃ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ចាំ​យាម។

លោក​បន្តថា “ការពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេសជិតខាង​ទាំងពីរ នឹងធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ពិតជា​រឿង​ប្រសើរ។

ពិធីបុណ្យ​សមុទ្រ​លើក​ទី៧ ជុំ​ទី២ នៅ​ខេត្តកោះកុង នឹង​ប្រព្រឹត្តឡើង​ទៅតាម​ការត្រៀម​ទុក រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមាន​ការអញ្ជើញ​ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន បាន​សម្តែង​សុទិដ្ឋិនិយម​ថា ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកោះកុង នឹង​អាចមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចន្លោះ​ពី២៥ម៉ឺន​នាក់ ដល់៣០ម៉ឺន​នាក់​មកលេង​កម្សាន្ត៕

រយៈពេល៩ខែ​ការវិនិយោគ​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ទំហំ​ទុនវិនិយោគ​នៅ​កម្ពុជា ក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ដែល​គំរោង​វិនិយោគ​ទាំង​នោះបាន​បង្ហាញថា អ្នកវិនិយោគ​ចិន​នៅតែ​នាំមុខគេ​នៅ​កម្ពុជា។

យោងតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី១៤ វិច្ឆិកា​នេះ​ថា កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន១៧០ នៅក្នុង​រយៈពេល៩ខែ​ដើមឆ្នាំ២០១៨នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង៤,៧ពាន់​លាន​ដុល្លារ។ ក្នុងចំណោម​គំរោង​វិនិយោគ​នោះ មាន​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន១១៤ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន៤ពាន់​លាន​ដុល្លារ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន៥៦គម្រោង ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ជិត៧រយ​លាន​ដុល្លារ។

គម្រោង​នៃ​ការវិនិយោគ​ឆ្នាំនេះ មានការ​កើនឡើង​ចំនួន២៨គម្រោង ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ គំរោង​វិនិយោគ​ទាំងនេះ​បាននិងកំពុង​បង្កើត​ការងារ​ចំនួន​ជិត៣៦០០០កន្លែង​នៅ​កម្ពុជា​ផងដែរ។ ក្នុងចំណោម​គំរោង​វិនិយោគ​នេះ អ្នកវិនិយោគ​ក្នុងស្រុក​បាន​គ្របដណ្តប់៣៥ភាគរយ នៃ​ទុនវិនិយោគ​សរុប។

ទិន្នន័យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​គំរោង​វិនិយោគ​ឆ្នាំនេះ កា​រវិ​និ​យោ គ​លើ​គម្រោង​ឧស្សាហកម្ម និង​កម្មន្តសាល គឺជា​គម្រោង​ដែល​អ្នកវិនិយោគ​ចាប់អារម្មណ៍​ច្រើនជាង ដែលមាន​រហូតដល់១៤៥គម្រោង គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មា​ន​ចំនួន១២គម្រោង។ ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍​មាន១៣គម្រោង។

របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា ទោះជា​គម្រោង​វិនិយោគ​ឆ្នាំនេះ មាន​កំនើន​ចំនួន២៨គម្រោង ប៉ុន្តែ​ទំហំ​ទុនវិនិយោគ​មានការ​ធ្លាក់ចុះ​ជាង១ពាន់​លាន​ដុល្លារ។

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់ គឺ​ទិន្នន័យ​នេះ​បាន​បង្ហាញថា ប្រទេស​ចិន​នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​នេះ​បាន​ក្តោប​ក្តាប់​ការវិនិយោគ​ចំនួន​ជាង៦០ភាគរយ និង​តាម​ពីក្រោយ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន ថៃ ម៉ាឡេស៊ី និង​អង់គ្លេស​ជាដើម៕

កម្មវិធី​ពានរង្វាន់​អ​ចនទ្រ​ព្យ​អាស៊ី​ផ្តល់​ពានរង្វាន់​ចំនួន៦ដល់​បុរី​ប៉េង​ហួត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្មវិធី​ប្រកាស​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Property Guru បានផ្តល់​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន៦ ដល់​ប​រី​ប៉េង ហួត ដែលជា​បុរី​ធំជាងគេ​នៅ​កម្ពុជា។

កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ The Athenee Hotel នាទី​ក្រុង​បាងកក​ប្រទេស​ថៃ  ដែលមាន​ការចូលរួម​ពី១៧ប្រទេស ហើយ​ក្រុមហ៊ុន​ប៉េង​ហួត​គ្រុប ទទួលបាន​ជ័យលាភី​ចំនួន៦ បន្ទាប់ពី​គណកម្មការ​ផ្តល់​ពានរង្វាន់​បានធ្វើ​ការសិក្សា ពិនិត្យ​លក្ខ​ខ័​ណ្ឌ​គុណភាព​សំណង់ សោភ័ណភាព រចនាបទ​របស់​បុរី​នេះ។

ពានរង្វាន់​ទាំង៦នោះ​រួមមាន ទី១ ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា Best Developer (Cambodia) ទី២ ពាន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា The Star Polaris 23: Best Condo Development (Cambodia) ទី៣ពានរង្វាន់​អភិវឌ្ឍន៍​ចំរុះ​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា Greater Euro Ville: Best Mixed Use Development (Cambodia) ទី៤ ពានរង្វាន់​ឌី​ហ្សា​ញ​ផ្នែក​ក្នុង​លំនៅ
ឋាន​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា The Star Platinum Euro Ville (Housing): Best Housing Interior Design (Cambodia)

ទី៥ ពានរង្វាន់​ឌី​ហ្សា​ញ ផ្នែក​ក្នុង​ខុន​ដូ ប្រចាំ​ប្រទេស​កម្ពុជា The Star Polaris 23 (Condo): Best Condo Interior Design (Cambodia) និង​ទី៦ ពានរង្វាន់​ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​គម្រោង​ពាណិជ្ជកម្ម​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា Euro Park (Commercial): Best Commercial Landscape Architectural Design (Cambodia)។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង ហូត​ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេសជាតិ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិតពី​បរិស្ថាន សួន​បៃតង និង​រចនា​ផ្ទះ​ដែលស្អាតៗជូន​អតិថិជន​ទាំងអស់។ យើង​ចង់​ឲ្យ​ខ្មែរ​មាន​មោទនភាព​ថា ខ្មែរ​យើង​ក៏​អាច​សាងសង់​ផ្ទះ​បានល្អ ដូច​ប្រទេសផ្សេងៗបានដែរ។

លោក​បន្តថា “អ្វីដែល​យើង​ផ្តោត គឺ​អតិថិជន​ចាប់ពី​អ្នកមាន​ជីវភាព​មធ្យម រហូតដល់​អ្នកមាន​ជីវភាព​លំដាប់​ខ្ពស់។ លោក​បន្តថា “អ្វីដែល​ជោគជ័យ​រហូតមកទល់​ពេលនេះ ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង ហូត តែងតែ​ធ្វើ​អ្វី​លើសពី​ការរំពឹងទុក​របស់​អតិថិជន។ មានន័យថា អ្វី​យើង​និយាយ​គឺ​ធ្វើ ហើយ​យើង​បានធ្វើ និង​ធ្វើបាន​ស្អាត​ជាង​អ្វីដែល​យើង​បាន​សន្យា”៕