ដំណឹង​ល្អ! អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ អាច​ចាប់ផ្តើម​ទទួល​យន្តហោះ​ចុះចត​កាន់តែ​ធំ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានបញ្ចប់​ការពង្រីក​ប្រវែង​ផ្លូវ​រត់​របស់ខ្លួន ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ព្រលានយន្តហោះ​នេះ មាន​សមត្ថភាព​អាច​ទទួល​យន្តហោះ​ធុន​ធំ​បាន​ដោយ​សុវត្ថិភាព និង​មាន​ភាពងាយស្រួល​ជាង​មុន។

អគ្គនាយក​ក្រុមហ៊ុន​សម្បទាន​ព្រលានយន្តហោះ​កម្ពុជា លោក Eric Delobel បាន​ឲ្យ​ដឹងថា​ផ្លូវ​រត់​យន្តហោះ​ថ្មី​នេះ​កាលពី​ថ្ងៃទី១៥ វិច្ឆិកា​កន្លងមក​ថា ព្រលានយន្តហោះ​នេះ មានលទ្ធភាព​ទាក់ទាញ​ការ​ចុះចត​យន្តហោះ អន្តរជាតិធំៗកាន់តែច្រើន​រហូតដល់​រយៈពេល១៥ឆ្នាំ​ទៅមុខទៀត ដែល​នឹង​ជួយ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន តាមផ្លូវ​អាកាស​កាន់តែ​មាន​លក្ខណៈ​ល្អ ប្រសើរ។

លោក​បន្តថា “ផ្លូវ​ថ្មី​នេះ​បាន​ប្រើប្រាស់​បច្ចេកទេស​សាងសង់​ទំនើប ដែល​ធានាបាន​ទាំង​សុវត្ថិភាព​នៃ​ការ​ចុះចត និង​ការរត់​ឡើង​របស់​យន្ត​ហោះ។

អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក​សយ សុខា​ន់​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការស្ថាបនា​ផ្លូវ​រត់​យន្តហោះ​ថ្មី​នេះ គឺ​បាន​បង្កើន​ភាពកក់ក្តៅ​ដល់​អ្នកធ្វើដំណើរ ខណៈដែល​ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​នេះ កំពុងមាន​កំណើន​ខ្ពស់​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ផ្លូវ​រត់​យន្តហោះ​ថ្មី​នេះ​មាន​ប្រវែង៣ពាន់​ម៉ែត្រ ដែល​ចំណាយ​ទឹកប្រាក់​វិនិយោគ ជាង១២លាន​ដុល្លា​អាមេរិក ហើយ​គ្រោង​សាងសង់​ចំណត​យន្តហោះ​ចំនួន១០ចំណត​បន្ថែមទៀត ដើម្បី​កាន់តែ​ផ្តល់​ភាពងាយស្រួល ក្នុង​ការទទួល​យន្តហោះធំៗមកពី​ក្រៅប្រទេស។

លោក​ពេជ្រ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ការហោះហើរ​នៃ​អាកាសយានដ្ឋាន​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បន្ទាប់ពី​សាងសង់​ពង្រីក​ផ្លូវ​រត់​បន្ថែម​នេះ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អាចមាន​ល​ទ្ឋ​ភាព​ទទួល​អាកាសចរណ៍ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង៤០០នាក់ និង​មាន​សមត្ថភាព​ទទួល​យ​ន្ត​ហោះ​ចុះចត​កាន់តែ​ច្រើនជាង​មុន​ផងដែរ៕

ក្រុមហ៊ុន​បុរី​ប៉េង ហួត​វិនិយោគ​ហាង​លក់ទំនិញ និង​អាហារ​ដ្ឋា​ន​ដ៏​ទាក់ទាញ​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ១

0

ដោយ រតនៈ

ភ្នំពេញ៖ ក្រុមហ៊ុន​បុរី​ប៉េង ហួត គ្រុប ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បាន​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ហាង​លក់ទំនិញ​លើ​ដង​វិថី​តែមួយ ដើម្បី​បំពេញតម្រូវការ និង​ភាពងាយស្រួល នា​យុគ​សម័យថ្មី​នៃ​បទពិសោធន៍​ទទួលទាន​អាហារ និង​ការទិញ​ទំនិញ​ដ៏​អស្ចារ្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ជា​តំបន់​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​លឿន។

គំរោង​នេះ​មានឈ្មោះ PH Polaris F&B ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​គម្រោង​ដ៏​អស្ចារ្យ​របស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម (បុរី ប៉េង ហួត បឹង​ស្នោ) ចម្ងាយ​ជាង២គីឡូម៉ែត្រ ពី​ស្ពាន​ព្រះមុនីវង្ស (ច្បារអំពៅ) ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​មួយ​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​ជាទី​កន្លែង​ទទួលទាន​អាហារ​ដ៏​ពិសេស និង​ល្អ​ប្លែក ដែល​អតិថិជន​អាច​អញ្ជើញ​មក​ទទួលយក​នូវ​ឱជា​រស​ដ៏​ឆ្ងាញ់ នៃ​ម្ហូបអាហារ​ខ្មែរ និង​បរទេស​ជាច្រើន​ប្រភេទ។

ប្រជាពលរដ្ឋ​អាច​រីករាយ ជាមួយនឹង​កាហ្វេ​នា​ព្រឹក​ព្រលឹម​ក្នុង​បរិយាកាស​ដ៏​ស្រស់ស្រាយ ទទួលទាន​អាហារឆ្ងាញ់ៗនាពេល​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ប្រកបដោយ ភាព​ស្និទ​ស្នាល និង​សុភមង្គល​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ ថែមទាំង​អាច​ទិញ​ទំនិញ​ជាច្រើន​ប្រភេទ ដោយមាន​ហាង​ដូចជា Pizza Company, KOI Thé, Park Café, Lucky Burger, Lucky Express, Guardian, Zong Kong Restaurant, BreadTalk, Congee King, Phó Cali and Wine Town។

កាន់តែ​ពិសេស​ទៀត​នោះ ការបន្ថែម​មុខមាត់​ថ្មី​នៃ​ការតុបតែង​លម្អ ដោយ​ភ្លើងពណ៌​ដ៏​ស្រស់ស្អាត​នាពេល​រាត្រី PH Polaris F&B នឹង​ក្លាយជា​គោលដៅ​កំសាន្ត និង​ទីកន្លែង​ទទួលទាន​អាហារ ប្រកបដោយ​ភាព​រ៉ូ​មែន​ទិ​ក បរិយាកាស​ស្រស់ស្រាយ និង​ផាសុកភាព​សម្រាប់​លោកអ្នក និង​ក្រុមគ្រួសារ។

­­

បន្ទាប់ពី​ពេលវេលា​ដ៏​មមាញឹក​នៃ​ការងារ​ប្រចាំថ្ងៃ ការ​សម្រាក​បន្ធូរ​អារ​ម្មណ៍​ជាមួយនឹង​ការទទួល​ទាន​អាហារ​នៅតាម​ហាង​នានា​ដែលមាន​ក្នុង PH Polaris F&B ពិតជា​បង្កើត​ឲ្យ​មានបទពិសោធន៍ ទទួលទាន​អាហារ​ដ៏​អស្ចារ្យ​នា​យុគ​សម័យថ្មី​នេះ។

សូម​ទំនាក់ទំនង​មកកាន់ ប៉េង ហួត គ្រុប តាមរយៈ​លេខ 098 360 555 សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការជួល​ទីតាំង សម្រាប់​អាជីវកម្ម​លោកអ្នក។

ប៉េង ហួត​គ្រុប ត្រូវបានគេទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​ឈានមុខ​គេ ផ្តោតទៅលើ​គម្រោង​អភិវឌ្ឍ​ចម្រុះ​សម្រាប់​លំនៅដ្ឋានប្រណីតៗ អគារ​ខុន​ដូទំនើបៗ និង​អគារ​ពាណិជ្ជកម្ម​ដ៏​ទាក់ទាញផ្សេងៗទៀត។ ទាំងនេះ​គឺជា​ចក្ខុវិស័យ​របស់ ប៉េង ហួត គ្រុប ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​ដ៏​ល្អ និង​គម្រោង​ដ៏ប្រណីតៗ ដែល​លើសពី​ការរំពឹងទុក​របស់​អតិថិជន៕

អស្ចារ្យ!ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុន២០០ពាន់លានដុល្លារវិនិយោគទីក្រុងនិងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តព្រះសីហនុ

0

ដោយគង់ សូរិយា

ភ្នំពេញ: ក្រុមហ៊ុនចិនដ៏ធំមួយបានប្រកាសបោះទុនវិនិយោគ ២០០ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកពីរនៃខេត្តព្រះសីហនុ និងប្រែក្លាយស្រុកស្ទឹងហាវដូចគ្នានឹងទីក្រុងស៊ិនចិនទី២របស់ប្រទេសចិន។

លោក Zhu Zhang Jing អភិបាលក្រុមហ៊ុនអ៉ីប៉ីជានទៀនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ វិច្ឆិកាបន្ទាប់ពីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មដែលមានថាលពល១២០០មេហ្កាវ៉ាត់ថា ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ដំណើររោងចក្រសំខាន់ៗដែលគ្រោងបង្កើតឡើងនៅក្នុងស្រុកស្ទឹងហាវជាបន្តបន្ទាប់នោះ ក្រុមហ៊ុនអ៉ីប៉ីជានទៀន បានសម្រេចបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយ ដែលអាចផលិតថាមពលបានរហូតដល់ទៅ ១២០០មេហ្គាវាត់ ដែលការសងសង់គ្រោងបញ្ចប់ការសាងសង់ទាំងស្រុង និងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបាននៅឆ្នាំ២០២០។ រោងចក្រផលិតថាមពលមួយនេះ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់នាព្រឹកមិញនេះ។

លោកបន្តថា “ការសាងសង់រោងចក្រនេះ ជាការគិតគូរមួយរបស់ក្រុមហ៊ុនក្នុងការផលិតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មធំៗរបស់ខ្លួនដែលគ្រោងបង្កើតឡើងនៅឆ្នាំ២០១៩”។លោកបន្តថា “រោងចក្រទាំងនោះមានដូចជា រោងចក្រស្លដែក ទង់ដែង រោងចក្រក្រដាស រោងចក្រកញ្ចក់ និងរោងចក្រជ័រមួយចំនួនទៀត”។

លោក Zhu Zhang Jing ក៏បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែអន្តរជាតិស្ទឹងហាវ ឲ្យក្លាយទៅជាកំពង់ផែដ៏ធំមួយ ដែលអាចឲ្យនាវាផ្ទុកទំនិញរហូតដល់ទៅ១០ម៉ឺនតោនចូលសំចតបានថែមទៀតផង។
ជាមួយគ្នានេះ លោក Zhu Zhang Jing បានបង្ហាញមហិច្ឆតាប្រែក្លាយស្រុកស្ទឹងហាវឲ្យទៅជាតំបន់ មានឧស្សាហកម្មរីកចម្រើនលូតលាស់មួយ ដូចទៅនឹងទីក្រុងហ្ស៊ិនជិន របស់ប្រទេសចិន។ ហ្ស៊ិនជិន ជាទីក្រុងដ៏រីកចម្រើនមួយរបស់ចិន ដែលមានឧស្សាហកម្មទំនើបជាច្រើននៅក្នុងទីក្រុងនេះ។


លោកបន្តថា “ពួកយើងចង់ធ្វើជាក្រុមហ៊ុនគំរូ ដែលគោរពតាមគោលនយោបាយខ្សែក្រវាត់១ និងផ្លូវ១ របស់រដ្ឋាភិបាលចិនក្នុងការវិនិយោគនៅកម្ពុជា”៕

អ្នកជំនាញបង្ហើបពីវិធីសាស្រ្តទារកម្រៃជើងសារដើម្បីបញ្ចៀសបាននូវបញ្ហា

0

ដោយស៊ីវ ម៉េង

ភ្នំពេញ : ការទារកម្រៃជើងសារនៅក្នុងការទិញលក់ វិស័យអចលនទ្រព្យវាជារឿងធម្មតា និងកើតឡើងពីការព្រមព្រៀងពីអ្នកទិញឬអ្នកលក់ ដែលត្រូវផ្តល់ឲ្យអ្នកដើរតួនាទីជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។

ប៉ុន្តែការផ្តល់សេវាកម្ម មិនសុទ្ឋតែទទួលបានកម្រៃជើងសារសមស្របឡើយ ប្រសិនជាយើងគ្មានគោលការណ៍ ឬអនុវត្តន៍តាមបទដ្ឋានគតិយុត្តិជាលិខិតស្នាម ឬមេធាវីជាដើម។

តើការទាមទារប្រាក់កម្រៃជើងសារ៣ភាគរយ ឬតិចជាងនេះ គួរធ្វើដូចម្តេច ដើម្បីទទួលបានប្រាក់ទាំងនោះមក ដោយសប្បាយចិត្តទាំងអ្នកលក់ អ្នកទិញ និងភ្នាក់ងារមកពីក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់?។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីម ដែលមានបទពិសោធន៍លើការងារទាំងអស់នេះបានមានប្រសាសន៍ថា ក្រុមហ៊ុនអចលនទ្រព្យជាកន្លែងរកដំណោះស្រាយ ដូច្នេះភ្នាក់ងារអចលនទ្រព្យទាំងអស់ ដែលគាត់ចាប់ផ្តើមធ្វើការជាមួយនឹងអ្នកលក់ និងអ្នកទិញ គាត់ត្រូវតែមានគោលការណ៍ និងឯកសារផ្លូវច្បាប់ទាក់ទងនឹងកិច្ចសន្យាកម្រៃជើងសារ និងឯកសារពាក់ព័ន្ឋ។ លោកបន្តថា អ្នកលក់និងអ្នកទិញ រួមទាំងភ្នាក់ងារអចលនវត្ថុ ត្រូវតែអង្គុយដោះស្រាយគ្នា បើគ្រាន់តែជារឿងកម្រៃជើងសារ ហើយបើភ្នាក់ងារអចលនទ្រព្យមកពីក្រុមហ៊ុនស្របច្បាប់ គួរតែទទួលបានកម្រៃជើងសារពីអ្នកលក់ឬអ្នកទិញអាស្រ័យលើការជជែកគ្នា។

លោកបន្តថា “ការយកកម្រៃជើងសារវាអាស្រ័យលើការចចាថា គួរយកពីអ្នកលក់ឬអ្នកទិញ ឬយកទាំងសងខាង អាស្រ័យលើការនិយាយគ្នា ប៉ុន្តែគ្មានច្បាប់ណាកំណត់ថា
ត្រូវតែយកពីអ្នកលក់ឬយកពីអ្នកទិញនោះទេ”។

លោកបន្តថា“តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុញ្ញាត្តឲ្យភ្នាក់ងារអចលនទ្រព្យ យកកម្រៃជើងសារ តាមរយៈការបំពេញនូវឯកសារ និងមូលដ្ឋានគតិយុត្តិមួយចំនួន”។

តើភ្នាក់ងារអចលនទ្រព្យគួរធ្វើអ្វីបន្ថែមទៀត ដើម្បីការងារបស់ខ្លួនមានភាពរលូន? លោកច្រឹក សុខនីម បានមានប្រសាសន៍ថា អ្វីដែលក្រុមហ៊ុនត្រូវធ្វើគួរបណ្តុះបណ្តាលភ្នាក់ងាររបស់ក្រុមហ៊ុន ទាក់ទងនឹងមូលដ្ឋានផ្លូវច្បាប់មួយចំនួន ដូចជា ទី១ ត្រូវធ្វើកិច្ចសន្យាកម្រៃជើងសារជាមុន នៅពេលយើងមានអតិថិជនមានសក្តានុពល មុនពេលណែនាំទៅស្គាល់ទីតាំងអចលនទ្រព្យណាមួយ ភ្នាក់ងារអចលនទ្រព្យ ត្រូវចុះហត្ថលេខាជាមួយម្ចាស់អចលនទ្រព្យ ដើម្បីយកកម្រៃជើងសារ នៅពេលអចលនទ្រព្យនោះត្រូវបានលក់ ទៅឲ្យអ្នកទិញដែលយើងនាំមក។

ទី២ ផ្ទុយទៅវិញបើសិនជាភាគីច្បាស់អចលនទ្រព្យ មិនចុះហត្ថលេខាជាមួយយើង គឺយើងកុំនាំអ្នកទិញឬអ្នកជួលមក នោះបញ្ហានឹងបញ្ចប់។ ទី៣ ត្រូវរៀបចំកិច្ចសន្យាឲ្យបានច្បាស់លាស់ ដោយមានមេធាវីប្រថាប់ត្រា ឬអ្នកចេះសរសេរកិច្ចសន្យា ទី៤ បើពេលចុះកិច្ចសន្យាកម្រៃជើងសារហើយ មិនមានការផ្តល់កម្រៃជើងសារជូន យើងត្រូវរកអ្នកណាជាអ្នកជជែកជាមួយយើងទាក់ទងកម្រៃជើងសារ តើជាអ្នកទិញ ឬអ្នកលក់?ទី៥ យើងគួរមានការផ្ញើរសារតាមទូរស័ព្ទ ទាក់ទងនឹងដំនើរការនៃការអនុវត្តន៍ការងាររបស់យើងជាមួយម្ចាស់អចលនទ្រព្យណាមួយនោះ ព្រោះម្ចាស់អចលនទ្រព្យនៅពេលពួកគាត់ដាក់លក់អចលនទ្រព្យរបស់ខ្លួនមានក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យមិនតិចនោះទេ ដែលបានទូរស័ព្ទទៅគាត់។

ទាក់ទងនឹងការអន្តរាគមន៍លើករណី ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនភ្នាក់ងារអចលនទ្រព្យពីម្ចាស់អចលនទ្រព្យម្នាក់នៅតំបន់ទួលទំពូងក្រុងភ្នំពេញ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា អ្វីសំខាន់រហូតមកទល់ពេលនេះ ករណីមានការចាប់ខ្លួនភ្នាក់ងារអចលនទ្រព្យ តើពួកគេស្ថិតនៅក្នុងក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់ឬទេ? បើក្រុមហ៊ុនរបស់ពួកគេមិនបានអាជ្ញាប័ណ្ណ ហើយប្រកបរបរវិជ្ជាជីវៈលើការងារនេះ ជារឿងខុសឆ្គងមួយរួចទៅហើយ។ ចំណុចមួយទៀត តើពួកគេមានបានធ្វើលិខិតស្នាម ទាក់ទងការទទួលបានកម្រៃជើងសារឬទេ? បើពួកគេមិនមានទេ ការចូលទៅផ្ទះគេទារកម្រៃជើងសារជារឿងខុសឆ្គងមួយ។

លោកបន្តថា “ហេតុនេះករណីនេះគួរសិក្សាឲ្យបានច្បាស់លាស់ ហើយសមាគមសម្រេចជួយសម្របសម្រួលឬយ៉ាងណា វាអាស្រ័យលើក្រុមហ៊ុននោះជាសមាជិកសមាគមឬទេ? ប៉ុន្តែការពិតទៅពួកគេមិនមែនជាសមាជិកសមាគមទេ”៕

កម្ពុជាស្នើឲ្យសហភាពអារ៉ាប់រួមវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ

0

ដោយវុត្ថា

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់រួមជួយកៀងគរវិស័យឯកជន នៃសហភាពអារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ អគ្គិសនី និងទេសចរណ៍ ខណៈវិស័យទាំងនេះ កំពុងតែមានសក្តានុពលសេដ្ឋកិច្ចខ្លាំងនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបរវាងលោក Mohammad Ali Al Kamali នាយកប្រតិបត្តិរងនៃការិយាល័យនាំចេញឌុយបៃប្រទេសសហភាពអារ៉ាប់រួម នៅកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោកស្រីតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបភាគីអារ៉ាប់អំពីគម្រោងទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ដឹកនាំដោយលោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំ“The 3rd IPM” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឌុយបៃនាពេលខាងមុខ ព្រមទាំងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសឱកាសវិនិយោគ និងសក្តានុពលពាណិជ្ជកម្ម។

លោកស្រីក៏បានស្នើសហភាពអារ៉ាប់រួមចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញនាំចូលកម្ពុជាលើកទី១៣» កម្រិតអន្តរជាតិ ដែលគ្រោងនឹងរៀបចំ ចាប់ពីថ្ងៃទី៨ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។


ជាការឆ្លើយតប លោក Mohammad Ali Al Kamali នាយកប្រតិបត្តិរងនៃការិយាល័យនាំចេញឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម បានទទួលយកសំណើរនេះ ដោយបានសន្យាជួយផ្សព្វផ្សាយដំណឹង ទៅដល់វិស័យឯកជននៃសហភាពអារ៉ាប់រួម ដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិខាងលើ។ លោកនាយកប្រតិបត្តិរងរូបនេះ បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៩ ការិយាល័យនាំចេញឌុយបៃ គ្រោងរៀបចំកម្មវិធី Business Forum មួយនៅកម្ពុជា ដើម្បីនាំយកនូវក្រុមហ៊ុនល្បីៗ ពីសហភាពអារ៉ាប់រួមមកធ្វើបទបង្ហាញនិងស្វែងរកដៃគូធុរកិច្ច និងវិនិយោគថែមទៀត៕

ប្រទេស​នៅ​អនុតំបន់​ទន្លេមេគង្គ​ពង្រីក​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ទេសចរ​តាម​ផ្កូ​វ​ទឹក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ បណ្តា​ប្រទេស​នៅ​អនុតំបន់​ទន្លេមេគង្គ កម្ពុជា វៀតណាម និង​ថៃ ចាប់ផ្តើម​ពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​ការតភ្ជាប់​គម្រោង​អភិវឌ្ឍន៍ នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង ក្នុង​គោលដៅ​ជម្រុញ​ការធ្វើ​ពាណិជ្ជកម្ម ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាមផ្លូវ​ទឹក ដើម្បី​ពង្រីក​សក្តានុពល​លើ​វិស័យ​ទេសរ​ច​ណ៍​កាន់តែ​ប្រសើរឡើង។

មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងបី​នេះ បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី១ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ នៅ​ថ្ងៃទី១៥ ខែ​វិ​ច្ឆ​កា ឆ្នាំ២០១៨នេះ។ តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង៣ រួមមាន អាជ្ញាធរ​នៃ​ខេត្ត​នៅជាប់​តំបន់​សមុទ្រនីមួយៗ បាន​ធ្វើជា​សាក្សី​លើ​គម្រោង​ចុះហត្ថលេខា​លើ​ព្រមព្រៀងគ្នា ដោយមាន​គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ ជម្រុញ​ការធ្វើ​ទេសចរណ៍​តាមផ្លូវ​ទឹក ក៏ដូចជា​ការតភ្ជាប់​គ​ម្រោ​ង​អភិវឌ្ឍន៍​នៃ​ច្រករបៀង​សេដ្ឋកិច្ច ខណៈដែល​ប្រទេស​មហា​អនុតំបន់​ទាំង៣ កំពុងមាន​សក្តានុពល​លើ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍។

ប្រទេស​កម្ពុជា វៀតណាម ថៃ បាន​ផ្តោត​យ៉ាងសំខាន់​លើ​គម្រោង​ត​ភ្ជាប់​ការដឹកជញ្ជូន​ទំនិញ គម្រោង​ជម្រុញ​អភិវឌ្ឍន៍​បណ្តាញ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ផ្លូវទឹក ការបង្កើត​ឲ្យ​មាន​កំពង់ផែរ​ទេសចរ​ណ៍ និង​ការ​ជម្រុញ​បង្កើត​បន្ថែម​លើ​ផ្នែក​ភោជនីយដ្ឋាន និង​សណ្ឋាគារ​កម្រិត​មធ្យម និង​ខ្ពស់ រួមជាមួយ​ការបង្កើត​ក្រុម​មធ្យោបាយ​ដឹកជញ្ជូន ដើម្បី​ផ្តល់​សេវា ខណៈ​ភ្ញៀវ​ទេសចរណ៍​អញ្ជើញ​ទៅតាម​គោលដៅនីមួយៗ ប្រកបដោយ​សុវត្ថិភាព។

ពាក់ព័ន្ធ​កិច្ច​ការចុះ​កិច្ចព្រមព្រៀង​នេះ តំណាង​សភាពាណិជ្ជកម្ម​រវាង​ប្រទេស​ចំនួន២ គឺ​កម្ពុជា និង​ថៃ បាន​ចុះ​អនុស្សារណៈ​ជាមួយគ្នា ខណៈដែល​ភាគី​វៀតណាម​សុំ​ត្រឹម​ជា​អ្នកសង្កេតការណ៍ ពោលគឺ​មិនបាន​ចូលរួម​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​នេះឡើយ៕

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មួយ​ចាប់ផ្តើម​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ពេញលេញ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន​អចល​ទ្រព្យ​លំដាប់​ពិភពលោក ERA បានចាប់ផ្តើម​ឈាន​ជើង​ប្រឡូក​យ៉ាង​ពេញលេញ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​គុណភាព​សេវាកម្ម ទិញ លក់​ជួល​កាន់​តែមាន​គុណភាព ប៉ុន្តែ​ទីផ្សារ​នេះ​ក៏​កំពុង​ប្រឈម​ការប្រកួតប្រជែង​កាន់តែ​តានតឹង​ផងដែរ។

ការ​សម្ភោ​ធ​ជា​ផ្លូវការ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​សណ្ឋាគារ Raffles Le Royal Hotel ត្រូវបាន​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ERA ដ៏​មាន​ឥទ្ធិពល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក Jack Chua អគ្គនាយក​ក្រុមហ៊ុន ERA Singapore និង Asia Pacific ដែលមាន​ភ្នាក់ងារ​ចំនួន ៦១២០នាក់ លោក Darmadi Darmawangsa អគ្គនាយក​ក្រុមហ៊ុន ERA Indonesia ដែលមាន​ភ្នាក់ងារ​ចំនួន៦៥៣០នាក់ លោក Voradet Sivatachanon អគ្គនាយក​ក្រុមហ៊ុន ERA Thailand រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Century 21មកពី​គ្រប់​ការិយាល័យ នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​ផងដែរ។

លើសពីនេះទៅទៀត យើង​ក៏បាន​អញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ ដែលមាន​អ​ញ្ញាប​ណ្ណ័ ដែលជា​សមាជិកសមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា CVEA ផងដែរ។ កម្មវិធី​ដ៏​មាន​សារសំខាន់​មួយ​នេះ​នេះ ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល និង​សមាគមផ្សេងៗដូចជា​ក្លឹប​អ្នកវិនិយោគ​កម្ពុជា CIC ជាដើម។ ក្រុមហ៊ុន ERA មាន​វត្ត​មាននៅ​បណ្តា​តំបន់​មួយចំនួន​រួចមកហើយ​ដូចជា Africa, Caribbean, Europe, Middle East, and Asia-Pacific។

នៅ​អាស៊ី​ERA បាន​បោះ​ទីតាំងនៅ​ប្រទេស Singapore, Indonesia, Japan, Korea, Malaysia, Taiwan, Thailand និង Vietnam។ យើង​មាន​ការិយាល័យ​ចំនួន ៦៣៨ ជាមួយនឹង​ភ្នាក់ងារ ១៧០០០នាក់ នៅក្នុង​តំបន់ រួមទាំង​ប្រទេស​កម្ពុជា​នៅពេលដែល​យើង​ប្រកាស​ជា​ផ្លូវការ​ជា​ដៃគូរ​ពាណិជ្ជកម្ម​នៅក្នុង​អាណាចក្រ​មួយ​នេះ។

នាពេល​បច្ចុប្បន្ ន​ERA មាន​វត្ត​មាននៅ៤៥រដ្ឋ នៅ​សហរដ្ឋអាមេរិក និង៣២ប្រទេស​ទូទាំង​សកលលោក ជាមួយនឹង​ការិយាល័យ​ចំនួន២២៥០ និង​ភ្នាក់ងារ៣៩, ៥៥៧នាក់។

លោក​ខន គង្គា អគ្គនាយក​ក្រុមហ៊ុន ERA Cambodia មានប្រសាសន៍ថា “អ្វីដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ក្នុង​គោលបំណង​លើក​កំពស់​វិជ្ជាជីវៈ និង​ភាពស្មោះត្រង់​នៃ​ភ្នាក់ងារ​បស់​យើង ដើម្បី​ឲ្យ​ប្រាកដថា​ពួកគេ​អាច​ផ្តល់​សេវាកម្ម​គួរ​ជាទី​គាប់ចិត្ត​ជូន​ដល់​អតិថិជន និង​អ្នក​អភិវឌ្ឍន៍។

ក្រុមហ៊ុន​ERAបាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា នៅក្នុង​បែបផែន​មួយ​ដែល​ផ្លែ​ក​ពី​គេ និង​មាន​ទស្សនៈវិស័យ​ខុសពី​គេ ហើយ​យើង​បាន​នាំយកមក​ជាមួយនឹង​ប្រព​ន្ធ័​ប្រតិបត្តិការ​ស្តង់ដា​អន្តរជាតិ ដែល​បាន​កែច្នៃ​ធ្វើយ៉ាងណា​ឲ្យ​ស្របទៅតាម​បរិបទ​ប្រទេស​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​ខ្ពស់បំផុត។

លោក​ខន គង្គា​បាន​មានប្រសាសន៍ថា “ភ្នាក់ងារ​របស់​យើង​បានទទួល​ការបណ្តុះបណ្តាល​ជាប្រចាំ ហើយ​យើង​មាន​វគ្គ​បណ្តុះបណ្តាល​ជាច្រើន ទាក់ទង​ទៅនឹង​យុទ្ធសាស្ត្រ​ផ្នែក​លក់ ដែល​អាចធ្វើ​ឲ្យ​ភ្នាក់ងារ​របស់​យើង ទទួលបាន​លទ្ធផល​លឿន​និង​ច្រើន​បំផុត។

យោងទៅតាម​លោក គង្គា ក្រុមហ៊ុន​ERA បេ​ជ្ញា​នាំយក​អាជីវកម្ម​មួយ​នេះ​ឆ្ពោះទៅ​កំរិតស្តង់ដា​អន្តរជាតិ។

លោក​ចង់ឃើញ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​តាំងចិត្ត និង​ខិតខំ​ប្រឹងប្រែង ១០០ភាគរយ ក្នុងការ​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ទាំង​ក្នុងស្រុក និង​នៅលើ​ឆាក​អន្តរជាតិ។

លោក​ខន គង្គា​បាន​បន្ថែមទៀតថា យើង​បេ​ជ្ញា​ផ្តល់​សេវាកម្ម​ចំណាត់​លេខ១ ទទួលបាន​លទ្ធ​ផ​លលេ​ខ១ និង​ការពេញចិត្ត​លេខ១ ពី​សំណាក់​អតិថិជន។ ដៃគូ​អាជីវកម្ម ERA នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន​តាមរយៈ​ការបណ្តុះបណ្តាល​ឈានមុខ​គេ​លើ​វិស័ល​អចល​ទ្រព្យ។ អតិថិជន និង​អ្នក​អភិវឌ្ឍន៍ នឹងមាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការសហការ​ជាមួយ​ភ្នាក់ងារ​ដែលមាន​វិជ្ជាជីវៈ ដែល​ផ្តល់នូវ​សេវាកម្ម និង​ភាពស្មោះត្រង់​ខ្ពស់បំផុត​ពី​ក្រុមហ៊ុន​អចល​ទ្រព្យ ERA៕

ស្វែងរក​ភាព​អស្ចារ្យ​ពី​ក្រុង​ឌូ​បៃ! តោះ​ទៅ​មើល​ស្ថាបត្យកម្ម​នៃ​សតវត្សរ៍​ទី២១របស់​ទីក្រុង​នេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុង​ឌូ​បៃ​មាន​អ្វី​អស្ចារ្យ ដែល​អ្នក​មិន​ធ្លាប់បាន​គិតដល់​ជាច្រើន​ដោយសារ​ទីក្រុង​នេះ ពោ​ពេញ​ទៅដោយ​ការប្រមូលផ្តុំ​នូវ​អាគារខ្ពស់ៗ និង​មាន​រចនាបថ​ស្ថាបត្យកម្ម​ជាច្រើន​ប្រភេទ ដែល​ស្ថាបត្យកម្ម​ទាំងនោះ​គឺជា​ស្ថាបត្យកម្ម​សំណង់​សម័យ​ទំនើប ហើយ​ភាកច្រើន​គឺជា​ស្ថាបត្យកម្ម តាម​បែបបទ​សាសនា​អ៊ីស្លាម​នៅក្នុង​ពិភព​ឥស្លាម​នៅក្នុង​ទីក្រុង​ឌូ​បៃ។

ការរីកចម្រើន​ផ្នែក​ស្ថាបត្យកម្ម និង​សំណង់​នៅក្នុង​ពិភព​អារ៉ាប់​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​រចនា​ស្ថាបត្យកម្ម និង​វិស្វកម្មកំពូលៗរបស់​អារ៉ាប់ និង​អន្តរជាតិ​ដូចជា ក្រុមហ៊ុន​ Al Hashemi និង Aedas និង​មានការ​គាំទ្រ​ដោយ​ក្រុមហ៊ុនធំៗ មកពី​បុរី​ញូវយ៉ក និង​ឈី​កា​ហ្គោ​របស់​សហ​សហរដ្ឋអាមេរិក​ផងដែរ។

ជា​លទ្ធផល​នៃ​ការរីកចំរើន​របស់​ស្ថាបត្យកម្ម​អ៊ីស្លាម និង​ស្ថាបត្យកម្ម​សម័យ​ទំនើប​នេះ ត្រូវបាន​គេ​រចនា​គួបផ្សំ​ដោយ​បច្ចេកវិទ្យា​ទំនើប។ នាពេល​បច្ចុប្បន្ននេះ​ទីក្រុង​ឌូ​បៃ មាន​អគារ​ខ្ពស់​ជាច្រើន និង​មាន​កំពស់​រហូតដល់​ជិត១ពាន់​ម៉ែត្រ​ខ្ពស់ជាង​ទីក្រុងណាៗទាំងអស់​ក្នុង​ពិភពលោក។

គេហទំព័រ propertyarea.asia បាន​បង្ហា​ជូន​នូវ​អគាខ្ពស់ៗជាច្រើន​ទាំង​នៅក្នុង​ពិភព​អារ៉ាប់​និង​ពិភពលោក។ សម្រាប់​ពេលនេះ​គេហទំព័រ propertyarea.asia ដែលជា​គេហទំព័រ​ឈានមុខ​គេ ផ្នែក​អចលនទ្រព្យ នឹង​បន្ត​បង្ហាញជូន​នូវ​អគារ Cayan Tower មួយ​បន្ថែមទៀត។

អគារ Cayan ដែល​គេ​ស្គាល់​ថា​ជា​អគារ Infinity Tower មុនពេល​បើកសម្ពោធ​គឺមាន​កម្ពស់៣០៦ ម៉ែត្រ​និង៧៥ជាន់ ស្ថិតនៅ​ទីក្រុង​Dubai ប្រទេស​អារ៉ាប់​រួម​ដែល​វិនិយោគ ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​គឺ Cayan។ អគារ​នេះ​ត្រូវបាន​រចនា​ឡើង ដោយ​ក្រុម​ស្ថាបត្យកម្ម​ល្បីល្បាញ​គឺ Skidmore, Owings និង Merrill SOM ដែលជា​ក្រុម​តែមួយ​ដែល​បាន​រចនា​ប្លង់​សម្រាប់​អគារ Burj Khalifa នៅក្នុង​ទីក្រុង Dubai និង អគារ Trump Tower នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ​សហរដ្ឋអាមេរិក។

នៅពេល​បើកសម្ពោធ​នៅ​ថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០១៣ អគារ​នេះ​បាន​ក្លាយជា​អគារ​ខ្ពស់បំផុត នៅលើ​ពិភពលោក​ជាមួយនឹង​រង្វង់៩០ដឺ​ក្រេ។ កំណត់ត្រា​នេះ​បាន​វ៉ា​ដាច់​ដោយ​អគារ​សៀង​ហៃ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៥ ។

អាគារ Cayan Tower មានផ្ទះ​ល្វែង​ដ៏​ប្រណីត ដែលមាន​រូបរាង​រាង​ប្លែក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។ ជាន់​នៃ​គារនីមួយៗ មាន​រាង​កំណត់១.២ដឺ​ក្រេ តាម​ទ្រនិចនាឡិកា ពី​ជាន់​ខាងក្រោម​ធ្វើឱ្យ​ប៉ម​នេះ មាន​ទម្រង់​ខុសប្លែក​ពីគ្នា​តាម​រចនាបទ​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព និង​អាចធ្វើ​ឡើងវិញ​បាន។ រូបរាង​របស់​វា​គឺជា​ការបង្ហាញ​យ៉ាងច្បាស់ នៃ​ទំនាក់ទំនង​រវាង​សំណុំ​ប្លង់​ស្ថាបត្យកម្ម​អគារ និង​គ្រោងការ​រចនាសម្ព័ន្ធ។

CAYAN Tower មាន​សោភ័ណភាព​រូបរាង​ស្រស់បំព្រង ធ្វើឱ្យ​អាគារ​នេះ​លេចធ្លោ​ចេញពី​មាត់ទន្លេរ​ឌូ​បៃ ដែល​ភាគច្រើន​មាន​ប៉ម​មិន​ច្បាស់លាស់។ បើ​និយាយ​ពី​ទីតាំង គឺ​ស្ថិតនៅ​ជិត​ទីក្រុង​ឌូ​បៃ​មាន​ក្លិប (International Arab Emirates) និង​ទីស្នាក់ការ​កណ្តាល​សាជីវកម្ម​twisting។ វត្តមាន​អាគារ​ដ៏​អស្ចារ្យ​នេះ បង្ហាញ​ពី​ទេសភាព​គួរឱ្យ​ចាប់អារម្មណ៍ នៃ​ទីក្រុង​ឌូ​បៃ​ម៉ា​រី​ណា និង​ឈូង​សមុទ្រ​អារ៉ាប់​ក៏ដូចជា​រក្សា​ទស្សនៈ សម្រាប់​ប្រជាជន​រស់នៅ​ជិត​អគារ​នោះ និង​អាច​ធានាថា​អគារ Cayan បង្កើត​ភាព​ដ៏​អស្ចារ្យ​របស់ខ្លួន។

ងាក​ទៅ​មើល​ប្រវត្តិ​នៃ​ការសាងសង់​វិញ គឺ​ការសាងសង់​អគារ​នេះ​ត្រូវបាន​ផ្អាក​អស់​រយៈពេល​មួយឆ្នាំ​កន្លះ បន្ទាប់ពី​ទីតាំង​គ្រឹះ​នៃ​អគារ​នេះ ត្រូវបាន​ជន់​លិច​នៅពេលដែល​ជញ្ជាំង ដែល​រារាំង​នៅ​ឌូ​បៃ​ម៉ា​រី​ណា ត្រូវបាន​គេ​រំលោភបំពាន​នៅ​ថ្ងៃទី ៧ ខែកុម្ភៈ​ឆ្នាំ ២០០៧ ហើយ​ចាប់ផ្តើម​បន្ត​ការសាងសង់​ឡើងវិញ នៅ​ខែ​កក្កដា ឆ្នាំ ២០០៨ ។

Cayan Tower ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើការ ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១០  ខែមិថុនា ឆ្នាំ២០១៣ ហើយ​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ក្នុងពេលនោះ។ អគារ​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ពី​អគារ Infinity Tower ទៅកាន់ Cayan Tower ដោយសារ​តែមាន​អគារ​ឈ្មោះ Infinity ច្រើនពេក​នៅលើ​ពិភពលោក៕

ដំណឹង​ល្អ! ក្រុមហ៊ុន​ផ្សារ​ទំនើប Aeon គ្រោង​វិនិយោគ​ផ្សារ​ទំនើប​ខ្នាតតូច ៣០ទៀត​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ផ្សារ​ទំនើប EAON MALL Group បានប្រកាស​ពី​គំរោង​វិនិយោគ​ផ្សារ​ទំនើប AEON Mall ខ្នាតតូច​ចំនួន៣០ទីតាំង​បន្ថែមទៀត នៅ​ប្រទេស​កម្ពុជា ដោយសារ​កំនើន​ប្រាក់ចំណូល និង​អំណាច​នៃ​ការទិញ​កើនឡើង។

យោងតាម Asian Investment Report 2018 បានអោយដឹង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​មួយ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផ្សារ​ទំនើប​Aeon មាន​គម្រោង​បើក​ផ្សារ​ទំនើប​អោយបាន​ជាង៣០បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២០ ខាងមុខនេះ​ខណៈ​ត្រឹមតែ​ពីរ​ឆ្នាំ​គឺ​នៅក្នុង២០១៧ និង​នៅក្នុង​ឆ្នាំ២០១៨ កន្លងទៅនេះ បាន​ម្ពោ​ធ​ផ្សារ​ចំនួន២រួចហើយ។

របាយការណ៍​នេះ​បន្ថែមថា ក្រម​ហ៊ុន​មួយ​នេះ ក៏មាន​គម្រោង​ព​ង្រី​ផ្សារ​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​អោយបាន​ជាង២០ បន្ថែមទៀត​ផងដែរ នៅក្នុង​ឆ្នាំ២០២៥ ខាងមុខ។ រហូតមកដល់​ពេលនេះ​មាន​ផ្សារ​ប្រហែល១១ ហើយ​ដែល​បាន​ចូល​នៅក្នុង​ទីផ្សារ​វៀតណាម​ចាប់តាំងពី​ឆ្នាំ២០១៧ និង​បន្ត​សម្ពោធ​ដាក់អោយ​ដំណើរ​ថែមទៀត​នៅ​ទីនោះ។

ទំហំ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស របស់​ប្រទេស​ជប៉ុន​មកកាន់​តំបន់​អាស៊ាន​កើនឡើង១៨ភាគរយ​ពោល គឺ​កើនឡើង៦,១ពាន់​លាន​ដុល្លារ  ហើយ​ការវិនិយោគ​របស់​ប្រទេស​ជប៉ុន​លើ​ពាណិជ្ជកម្ម​លក់រាយ និង​ដុំ​កើនឡើង៥០ភាគរយ ពោលគឺ​មាន​ទំហំ​ទឹកប្រាក់​ចំនួន៤,៣ពាន់​លាន​ដុល្លារ ដោយ​ឡែ​ង​ប្រទេស​ជប៉ុន ក៏​គ្រោង​នឹង​សម្ពោធ​ដាក់អោយ​ដំនើរ​រការ​ផ្សារ​លក់រាយ​បន្ថែមទៀត នៅក្នុង​តំបន់​អាស៊ាន​ផងដែរ។

ដោយ​ឡែ​ង​សម្រាប់​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) របស់​សហរដ្ឋអាមេរិក​វិញ​នៅក្នុង​តំបន់​អាស៊ាន ហាក់​មានការ​ធ្លាក់ចុះ​ចាប់តាំងពី​ឆ្នាំ២០១៦ ពី ១៧ពាន់​លាន​ដុល្លារ​មក​នៅត្រឹម២,១ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​រោងចក្រ​ផលិត​សម្ភារៈ​អគ្គិសនី​នៅ​ក្រុងព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន បាននិងកំពុង​សិក្សា​ស្វែងរក​ឳ​កាស​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​សម្ភារៈ​អគ្គិសនី នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស ។

លោក Hongjian Wang ប្រធាន​ក្រុមហ៊ុន Suzhou Zhongchu Puhua Electric Tecnology  មកពី​ទីក្រុង Suzhou ខេត្ត Jiangsu ប្រទេស​ចិន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ជ​នួ​ប​ជាមួយ​លោក​បណ្ឌិត  ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​របស់លោក បាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​បាន​ផលិត​ឧបករណ៍​អគ្គិសនី ដូចជា​ប្រអប់​ភ្លើង និង​កុងតាក់​បិទ​បើកភ្លើង​ជាដើម បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កំពុង​ចែកចាយ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ផងដែរ ។

លោក​បន្តថា “ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត ឧបករណ៍​សម្ភារៈ​អគ្គិសនី​នៅ​កម្ពុជា ហើយ​ខ្ញុំ​មាន​ជំនឿ​ជឿទុកចិត្ត​យ៉ាងខ្លាំង អំពី​ការ​ចែកចាយ​ក្នុង​តំបន់ និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក ព្រោះ​ការនាំចេញ​នូវ​មុខទំនិញ​រាប់ពាន់​មុខ​ពី​កម្ពុជា គឺ​រួច​ពន្ធ និង​មិន​ជាប់​កូតា ដោយ​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ពី​ប្រទេស​អភិវឌ្ឍ​ន៌ និង​ប្រទេស​ជា​ដៃគូ​ជាច្រើន។

លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ មកដល់​បច្ចុប្បន្ន​បាន​កំពុង​ពូន​ជ្រុំ​យ៉ាងរឹងមាំ​ជាមួយ​មិត្ត​ចិន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ ខ្សែរ​ក្រវ៉ាត់​មួយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង ។លោក​បន្តថា ពាក់ព័ន្ធ​វិស័យ​ឧស្សាហកម្ម​ចាប់តាំងពី​ឆ្នាំ២០១៥មក វិស័យនេះ​មាន​អត្រាកំណើន​ខ្ពស់ ជាង​វិស័យ​កសិកម្ម ដោយមាន​កំណើន​ប្រមាណ​ពី១០ ទៅ១២ភាគរយ​ក្នុង​មួយឆ្នាំ ស្រប​ពេលដែល​វិស័យ​កសិកម្ម មាន​កំណើន​ត្រឹម ១ទៅ ២ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន ដែល​ចង់​បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ឯកឧត្តម​កិ​ទេសរដ្ឋមន្ត្រី​បាន​គាំទ្រ​ពេញទំហឹង ព្រោះ​ខេត្ត​ព្រះសីហនុ​ទាំងមូល រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ជា តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដែលមាន​ការសម្រួល​សេវា​រដ្ឋបាល​គ្រប់បែបយ៉ាង តាមរយៈ​យន្តការ​ច្រកចេញចូល​តែមួយ៕