ឧកញ៉ាទៀ វិចិត្របោះទុនជាង១៤លានដុល្លារសាងសង់សណ្ឋាគារនៅខេត្តព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញ : លោកឧកញ៉ា ទៀ វិចិត្របានបោះទុនវិនិយោគ១៤លានដុល្លារសាងសង់ សណ្ឋាគារកំពស់១៨ជាន់ មានបន្ទប់ស្នាក់នៅជាង៣០០នៅក្រុងព្រះសីហនុ ដែលជាខេត្តកំពុងមានតម្រូវការបន្ទប់ស្នាក់នៅកើនឡើងខ្ពស់។

លោកឧកញ៉ាទៀ វិចិត្រដែលជាកូនប្រុសសម្តេចពិជ័យសេនាទៀ បាញ់បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សណ្ឋាគារនេះ នាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា ក្រៅពីការវិនិយោគលើសណ្ឋាគារប្រណីតខាងលើ លោកក៏គ្រោងបំពាក់បន្ថែមនូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀត ដែលមានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងគោលបំណងដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមជាមួយគ្នានេះលោកឧញ៉ា ក៏នឹងសាងសង់អាគារផ្សារទំនើបលំដាប់អន្តរជាតិមួយកន្លែងទៀត នៅក្បែរសណ្ឋាគារប្រណីតនោះទៀតផងដែរ។


លោកឧកញ៉ាបន្តថា សណ្ឋាគារនេះ គ្រោងចំណាយពេលសាងសង់រយៈពេល២ឆ្នាំ ហើយការវិនិយោគសាងសង់សណ្ឋាគារខ្នាតធំនេះ ក៏ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ស្របពេលបច្ចុប្បន្នភាព ខេត្តទេសចរណ៍មជាប់សមុទ្រមួយនេះ កំពុងខ្វះបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តព្រះសីហនុ មានការខ្វះខាត ជាពិសេសក៏ស្របពេលកំណើនអ្នកវិនិយោគពីបរទេស បានកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ។


លោកឧកញ៉ាទៀ វិចិត្របានបញ្ជាក់ថា នេះជាគម្រោងទី២ ក្នុងវិស័យទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុនរបស់លោក បានស្ថាបនារមណីយដ្ឋាន”ម៉ាហ្វីយ៉ារីហ្សត” មានទីតាំងនៅឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង និងកំពុងបើកបំរើសេវាស្នាក់នៅជូនភ្ញៀវទេសចរសម្រុះជាតិសាសន៍។ សម្រាប់ប្រតិបត្តិការសេវាកម្មសណ្ឋាគារសាងសង់ថ្មីនេះ លោកឧកញ៉ា បញ្ជាក់ថា ធ្វើឡើងដោយផ្តោតជាសំខាន់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុនាថ្ងៃខាងមុខ។


លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជារឿយៗបានអំពាវនាវឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបន្តវិនិយោគសាងសង់សណ្ឋាគារក្នុងខេត្តនេះដើម្បីឆ្លើយតបកង្វះបន្ទប់សណ្ឋាគារ ដែលតែងតែកើតឡើងជាប្រចាំ ព្រោះសណ្ឋាគារភាគច្រើនក្នុងខេត្តត្រូវបានជួលឲ្យក្រុមហ៊ុនចិន ដើម្បីធ្វើជាកាស៊ីណូនិងរមណីយដ្ឋានកំសាន្តនានា៕

ស្វែងយល់​ពី​អាស៊ាន! ក្រុមហ៊ុន​ថៃ​សម្ពោធ​ផ្សារ​ទំនើប​តម្លៃ១៦០០លាន​ដុល្លារ

0

ដោយ វុត្ថា

ភ្នំពេញ៖ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ ដែល​បោះទុន​វិនិយោគ១៦០០លាន​ដុល្លារ ត្រូវបាន​ប្រទេស​ថៃ​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​ផ្សារ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា Iconsiam ។

ផ្សារ​ទំនើប​ដ៏​ធំ​នេះ បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​សៅ​រិ៍​ចុង​សប្តាហ៍​កន្លងទៅនេះ​ដែលមាន​ទីតាំង​ស្ថិត នៅ​ខាងលិច​នា​មាត់ទន្លេរ Chao Phrya ដែលជា​តំបន់​ដែលមាន​ការប្រកួតប្រជែង​បំផុត​នៅក្នុង​ទីក្រុង​បាកក។

ផ្សារ​ទំនើប Iconsiam ត្រូវ​កសាង​សង់​រយៈពេល៦ឆ្នាំ នៅលើ​ទំហំ​ដី៥២៥,០០០ ម៉ែត្រការ៉េ ដែល​ធំ​ជាង​ផ្សារ​ទំនើប Central World នៅ​កណ្តាល​ទីក្រុង​បាងកក។ ផ្សារ​ទំនើប​នេះ ជា​ប្រភេទ​ផ្សារ​លក់រាយ និង​អភិវឌ្ឍន៍​ដោ​ក្រុមហ៊ុន Siam Piwat ដែលជា​ម្ចាស់ និង​ប្រតិបត្តិ​ករ​នៃ​ផ្សារ Siam Paragon  និង​ផ្សារ​ទំនើប Bangkok។

បន្ថែម​ពីនេះ​ក៏មាន​ក្រុមហ៊ុន Charoen Pokphand Group និង Magnolia Guality Development ចូលរួម​អភិវឌ្ឍន៍​ផងដែរ។

លោក Chadatip Chutrakul អគ្គនាយក​នៃ​ក្រុមហ៊ុន Siam Piwat និង​ជា​ប្រធាន​ផ្សារ​Icon siam បាន​បញ្ជាក់ថា ផ្សារ​ទំនើប​នេះ​ផ្តល់នូវ​ភាពសប្បាយ​រីករាយ និង​ការដើរ​ទិញ​ឥ​វ៉ាន់​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍។ លោក​បន្តថា ផ្សារ​ទំនើប​នេះ​មាន​ស្តង់ ៥០០ ភោជនីយដ្ឋាន១០០ រោងកុន១៤ទីតាំង។ អគារ​អា​ផាត​មិន​ទំនើប និង​កន្លែង​លេង​កម្សាន្ត​ជាច្រើន​ផ្សេងទៀត។

លោក​រំពឹងថា ផ្សារ​ទំនើប​Icon siam នឹង​ទទួល​អ្នក​មកលេង​កម្សាន្ត​និង​ដើរ​ផ្សារ​ចំនួន១៥០,០០០នាក់​ជា​រៀងរាល់ថ្ងៃ នៅក្នុង​នោះ៦៥ ទៅ៧០ភាគរយ ជា​ប្រជាពលរដ្ឋ​ក្នុងស្រុក និង៣០ ទៅ៣៥ ភាគរយ​ជា​ជនបរទេស៕

ធនាគារពិភពលោក៖ ទីក្រុង​ភ្នំពេញ​កំពុង​ប្រឈម​បញ្ហាធំៗចំនួន៦ ខណៈ​អ្នកជំនាញជំរុញ​ឲ្យ​សិក្សា​លំអិត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ណ​គ​រូបនីយកម្ម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ផែនការ​ប្រើប្រាស់​ដី​លំអិត​នៅតាម​សង្កាត់​និមួយៗ ខណៈ​ធនាគារពិភពលោក​បានលើកឡើង​បញ្ហា​ប្រឈមធំៗចំនួន៦ ដែល​ត្រួវ​ត្រូវ​ដោះស្រាយ។

យោងតាម​ការសិក្សា​រប​ស់​ធនាគារពិភពលោក​ស្តីពី ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំមុន​បាន​ឲ្យ​ដឹងថា ការរីកលូតលាស​ដ៏​ឆាប់រហ័ស​នៃ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ ពិត​ជាមាន​រួមចំណែក​យ៉ាងច្រើន ក្នុងការ​បង្កើត​ឳ​កាស​ការងារ ប៉ុន្តែ​ទន្ទឹមនឹង​ការអភិវឌ្ឍ​ទីក្រុង​នេះ មាន​បញ្ហា​ប្រឈម​ជាច្រើន ក្នុង​ការផ្តល់​សេវាកម្ម​មូលដ្ឋាន ដែល​រួមមាន​ប្រ​ព័​ន្ឋ​បង្ហូរ​ទឹកស្អុយ ស្ថានីយ៍​កែច្នៃ​ទឹកស្អុយ សេវាកម្ម​សាធារណៈ ការ​គ្រប់ គ្រង​កាកសំណល់​រឹង ការគ្រប់គ្រង និង​ការផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ទីក្រុង ការពង្រឹង​អភិបាលកិច្ច និង​និង​ការគ្រប់គ្រង​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជា​រឿង​ចាំបាច់។

ឆ្លើយតប​នឹង​កង្វល់​នេះ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ចំនួន៤ចំណុច ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នេះ​ប្រកបដោយ​ភាព​សុខដុម ដូចជា ត្រូវ​កែលំអរ ស្ថាប័ន និង​អភិបាលកិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅបាន ប្រកបដោយ​ភាព​សុខដុម និង​មាន​ប្រ​សិទ្ឋិ​ភាព​ជាង​មុន។ ត្រូវ​កែលំអរ​ផែនការ​រៀបចំ​ទីក្រុង និង​ការអនុវត្តន៍​ផែនការ​តាមរយៈ ការបង្កើត​បទដ្ឋាន​គ​តិ​យុ​ត្តិ ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែលមាន​ស្រាប់។ ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង ប្រកបដោយ​និរន្តរភាព​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ និង​ការប្រកួតប្រជែង​និង​ត្រូវ​ធានាថា​ការរៀបចំ​ទីក្រុង ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជៀសវាង​វិសមភាព។

ទីក្រុង​ភ្នំពេញ​បានរៀបចំ​ផែនការមេ​រួចហើយ សម្រាប់​ឆ្នាំ២០១៥ ២០៣៥ ដែល​បាននិងកំពុង​អនុវត្តន៍ ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញថា ការអភិវឌ្ឍន៍​ទីក្រុង​នេះ​តាម​ផែនការមេ​មិនបាន​ធ្វើ​ដោយ​រលូន​នៅឡើយ​ទេ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​កាលពី​ឆ្នាំ២០១៣ បាន​រកឃើញថា តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​មាន​ចំនួន ២៨០០នាក់ ក្នុង​មួយ​គីឡូម៉ែត្រ ខណៈ​ទីក្រុង​បាងកក​មាន៨០០០នាក់ និង​ទីក្រុង​ហូ​ជី​ម៉ិ​ញ ប្រទេស​វៀតណាម​មាន៤០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១២ វិច្ឆិកា​កន្លងមក​ថា ក្រុងភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​លឿន ហេតុនេះ​បញ្ហា​ប្រឈម​ក៏​កើតមាន​ទន្ទឹមគ្នា ដែល​ទាមទារ​ឲ្យ​ក្រុង​នេះ រៀបចំ​ផែនការ​ប្រើប្រាស់​ដី​លំអិត នៅតាម​សង្កាត់ និង​ខ័​ណ្ឌ​និមួយៗ ព្រោះ​ប្លង់គោល​របស់​ទីក្រុង​នេះ ដែល​ផ្តោតលើ​ចន្លោះ​ឆ្នាំ២០១៥ ២០៣០ជា​ប្លង់ច្បោលៗ គ្មាន​ភាពជាក់លាក់​នោះទេ។

លោក​បន្តថា “ការសិក្សា​ពី​ផែនការ​ការប្រើប្រាស់​ដី​លំអិត យើង​ចំណេញ​និង​អាច​ដឹងថា​បញ្ហា​អ្វីដែល​កើតឡើង​ចំពោះមុខ ជាជាង​អង្គុយចាំ​នៅពេល​បញ្ហា​កើតឡើង។លោក​បន្តថា “ការប្រើប្រាស់​ដីធ្លី និង​ទាញយក​សេដ្ឋកិច្ច​ពី​ដីធ្លី នឹងមិន​អាច​បាន​អស់​សក្តានុពល​នោះទេ បើសិនជា​គ្មាន​ផែនការ​ប្រើប្រាស់​ដី​លំអិត នៅតាម​មូលដ្ឋាន​និមួយៗឲ្យ​បានច្បាស់លាស់”៕

ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញការវិនិយោគទៅកាន់តំបន់ជាយក្រុងសៀមរាប

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវក្រវ៉ាត់ក្រុងទី២នៃក្រុងសៀមរាប បានធ្វើឲ្យសកម្មភាពអភិវឌ្ឍន៍គំរោងធំៗជាច្រើន បាននិងកំពុងពង្រីកទៅកាន់តំបន់ជាយក្រុង ដែលធ្លាប់តែជាទឹកដីវាលស្រែនេះយ៉ាងលឿន។

អគ្គនាយកក្រុមហ៊ុនGoal Property Service Co, Ltd លោកចៅ សេងថៃបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា ពីមុនបើគិតចម្ងាយពី៣ ទៅ៥គីឡូម៉ែត្រ ចេញពីកណ្តាលក្រុងសៀមរាប តំបន់នោះពិតជាមានភាពស្ងប់ស្ងាត់ និងជាតំបន់សល់ដីទំនេរច្រើន ប៉ុន្តែដោយសារហេដ្ឋារចនាសម្ព័ន្ឋត្រូវបានតភ្ជាប់ និងពង្រីកជាបន្តបន្ទាប់ ជាមូលហេតុធ្វើឲ្យតំបន់ជាយក្រុងនេះមានការអភិវឌ្ឍយ៉ាងលឿន។

លោកបន្តថា តំបន់ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប មានការអភិវឌ្ឍលឿនជាងគេ ដោយសារកត្តាជាច្រើនដូចជា ទី១ មានសណ្ឋាគារកម្រិតផ្កាយ៥ មន្ទីរពេទ្យជប៉ុន និងស្ថិតនៅក្បែរព្រលានយន្តហោះ ទី២ អ្នកវិនិយោគចិនកំពុងរៀបចំគំរោងសាងសង់ទីក្រុងបែបបៃតងនៅតំបន់នេះ ទី៣ វិថីសម្តេចប៊ុន រ៉ានីហ៊ុន សែនបានសាងសង់បញ្ចប់ ហេតុនេះអ្នកទិញដីឡូត៍ ដែលធ្វើឡើងតាមការបំពុលព៌តមានមួយចំនួន ពិតជាមិនគួរធ្វើនោះទេ ព្រោះការវិនិយោគដែលគ្មានមូលដ្ឋានព៌តមានត្រឹមត្រូវ និងច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យច្រើន។


លោកសេងថៃបានបន្តថា យ៉ាងណាដីឡូត៍នៅតំបន់ជាយក្រុងសៀមរាប បាននិងកំពុងមានតម្លៃកើនឡើង ដែលនាពេលអនាគត អតិថិជនមិនអាចស្វះស្វែងរកទិញដីឡូត៍ក្នុងតម្លៃប្រមាណ៥០០០ដុល្លារក្នុងមួយឡូត៍នោះទេ ដោយសារតំបន់ជាយក្រុងនានាមានការអភិវឌ្ឍលឿន ព្រោះកំនើននៃការវិនិយោគរបស់អ្នកវិនិយោគចិន និងអ្នកវិនិយោគ អន្តរជាតិដទៃទៀត។

បច្ចុប្បន្នផ្សារទំនើបចំនួនពីរបាននិងកំពុងដំណើរការ ដូចជា Heritage Walkបានបើកដំណើរការរួចហើយនៅក្រុងសៀមរាប និងផ្សារទំនើបសម្រាប់ទិញទំនិញធំមួយទៀត គឺផ្សារMAKRO នឹងបើកដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ក្រុងសៀមរាបឲ្យតែចេញផុតពីតំបន់ ដែលស្ថិតក្នុងការអភិរ័ក្សរបស់អាជ្ញាធរអប្សរា ជាតំបន់មានការអភិវឌ្ឍលឿន ប៉ុន្តែល្បឿននៃការអភិវឌ្ឍក្រុងសៀមរាប មិនលឿនដូចក្រុងព្រះសីហនុ ឬក្រុងប៉ោយប៉ែតនោះទេ តែការអភិវឌ្ឍបាននិងកំពុងធ្វើឡើងដោយសន្សឹមៗ។លោកបន្តថា ដោយសារក្រុងសៀមរាប កាន់តែមានការអភិវឌ្ឍលឿន ការកកស្ទះចរាចរណ៍កំពុងកើនឡើង ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋទៅតំបន់ជាយក្រុង ជាដំណោះស្រាយសមស្របមួយ។


លោកបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល អភិវឌ្ឍន៍នៅតំបន់ណាតំបន់នោះនឹងទាក់ទាញការវិនិយោគ និងធ្វើឲ្យតម្លៃដីធ្លីកើនឡើងផងដែរ”៕

Property Management ជួយ​ឲ្យ​អ្នកវិនិយោគ​ទទួលបាន​ជោគជ័យ​ដូចម្តេច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន​ច្រើន មាន​ជំនាញ​ខាង​ការ​គ្រប់ គ្រង​អចលនទ្រព្យ (Property Management) អ្នក​អភិ​វ​ឌ្ឈ​ន៍​មួយចំនួន​មិនសូវមាន​ការយល់ដឹង ពី​ផ្នែក​ដ៏​មាន​សារៈសំខាន់​នេះនោះ​ទេ ខណៈ​សេវា​គ្រប់គ្រង​អចលនទ្រព្យ គឺជា​សេវា​មួយ​ដែល​បាន​ជួយផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​ការវិនិយោគ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពីពេលថ្មីៗនេះ​ថា បើ​អាគារ​ខុន​ដូ អាគារ​កា​រិ​យា ល័យ ឬ​អា​ផាត​ម៉ិ​ន​ណាមួយ​មាន​អ្នកជំនាញ​គ្រប់គ្រង​បានល្អ ផ្តល់​សុវត្ថិភាព ផ្តល់​ការ​ថែ​រទាំ នឹងធ្វើ​ឲ្យ​អចលនទ្រព្យ​កើនឡើង និង​ធ្វើ​ឲ្យ​អាគារ​នោះ​មាន​ភាព​ថ្មី​ជានិច្ច ព្រោះ​សេវា​គ្រប់គ្រង​អចលនទ្រព្យ នឹង​ផ្តល់​ការ​ថែ​រទាំ ជួល​ជុស​អាគារ​នោះ។

អ្នកនាង​បន្តថា “ការ​មាន​ក្រុមហ៊ុន​ជំនាញ​ធ្វើការ​លើ​ផ្នែក​នេះ នឹងធ្វើ​ឲ្យ​អចលន​ទ្រ ព្យ​នោះ​ទាក់ទាញ​អ្នក​ជួល និង​ទាក់ទាញ​អ្នកទិញ​អាគារ​នោះ​កាន់តែច្រើន ប៉ុន្តែ​យ៉ាងណាក៏ដោយ​នៅ​កម្ពុជា មិនសូវមាន​ក្រុមហ៊ុន​ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ​បែបនេះ​ច្រើន​នៅឡើយ។

អ្នកនាង អាន សុធី​តា បាន​បន្តថា ការផ្តល់សេវា​គ្រប់គ្រង​អាគារ​ឬ​អចលនទ្រព្យ​ណាមួយ ធ្វើឡើង​ដោយមាន​កិច្ចព្រមព្រៀង​រវាង​ម្ចាស់​អាគារ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ ដែល​យក​កម្រៃ​សេវាកម្ម​ពី​អ្នកស្នាក់នៅ​លើ​អាគារ តាម​តម្លៃ​សមរម្យ​មួយ ដែលមាន​ការឯកភាព​រវាង​អ្នកគ្រប់គ្រង និង​អ្នកវិនិយោគ ហើយ​ថវិកា​នោះ នឹង​បែង​ចែង​ប្រើប្រាស់​លើ​ការ​ថែ​រទាំ ការជួសជុល​អាគារ និង​បែងចែក​ភាគលាភផ្សេងៗទៀត ដល់​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​នោះ៕

ក្រុមហ៊ុន​ថៃ​បោះទុន ១០លាន​ដុល្លារ​សាងសង់​ផ្សារ​ទំនើប Big C នៅ​ក្រុង​ប៉ោយប៉ែត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ដ៏​ធំ​របស់​ថៃ បានសម្រេច​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ ១០លាន​ដុល្លារ ដើម្បី​សាងសង់​ផ្សារ​ទំនើប Big C នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកវិនិយោគ​ក្នុងស្រុក លោក សុខ ហ៊ាង បាន​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រាម នា​ល្ងាច​ថ្ងៃទី១២ វិច្ឆិកា​កន្លងមក​ថា លោក​បាន​ជួប​ជាមួយ​អ្នកវិនិយោគ​ថៃ​រួចហើយ ពួកគេ​បាន​ប្រាប់ថា​ផ្សារ​ទំនើប​នេះ នឹង​ចាប់ផ្តើម​សាងសង់​កំឡុង​ខែធ្នូ​ខាងមុខនេះ ហើយ​ភាពយឺតយ៉ាវ​នៃ​ការសាងសង់​ផ្សារ​នេះ ដោយសារ​ក្រុមហ៊ុន​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ ពី​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្តថា “តាម​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកវិនិយោគ​ថៃ​បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​នេះ នឹង​សាងសង់​លើ​ផ្ទៃដី២,៥ហិកតា ក្នុងនោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ១,៥ហិកតា និង​ដី១ហិកតា​ទៀត​បំ​រ៉ុង​ទុក​សម្រាប់​ចំណត​យានយន្ត។លោក​បន្តថា “ផ្សារ​នេះ​ស្ថិតនៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ស្ថិត​នៅជាប់​គំរោង Empire”។

លោក​សុខ ហ៊ាង​បាន​បន្តថា តាម​ព៌​ត​មាន​ដែល​លោក​ទទួលបាន​គឺ​ផ្សារ​ទំនើប​នេះ នឹង​សាងសង់​រយៈពេល៩ខែ​ប៉ុណ្ណោះ ដោយ​ពួកគេ​គ្រោង​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ។

ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ២០ម៉ឺន​នាក់ ក្នុងនោះ​អ្នកវិនិយោគ​អន្តរជាតិ​មាន​ប្រមាណ៥ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​លឿន ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ។ បច្ចុប្បន្ន​មាន​គំរោង​ខុន​ដូ​ជាច្រើន​កំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​នេះ​មានការ​ផ្លាស់ប្តូរ​ទាំងស្រុង។

យោងតាម​ទិន្នន័យ​ពី​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អាគារ​កំពស់​ចាប់ពី៥ដល់​ជាង២០ជាន់​ចំនួន៦០អាគារ​ហើយ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​ប៉ោយប៉ែត​កំពុងមាន​ការរីកចម្រើន​លឿន ដោយសារ​កំនើន​នៃ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ពិសេស​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គំ​ពុង​រៀបចំ​សាងសង់​ព្រលានយន្តហោះ​ឡើងវិញ ដែល​តាម​គំរោង​ក្រុមហ៊ុន​នេះ នឹង​សាងសង់​ព្រលានយន្តហោះ​នេះ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ។

លោក​បន្តថា “ជាមួយនឹង​ល្បឿន​នៃ​ការអភិវឌ្ឍ និង​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រុង​កាន់តែ​ល្អប្រសើរ ពិសេស​ផ្លូវ​ក្នុង​ក្រុង​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី នៅក្នុង​ទីក្រុង​នេះ​កើនឡើង​យ៉ាងខ្ពស់”៕

អស្ចារ្យ! ក្រុមហ៊ុន Alibaba រកចំណូលបានចំនួនជាង ៣០ ពាន់លានដុល្លារក្នុងរយៈពេល ២៤ ម៉ោង

0
  • ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនយក្សរបស់ចិន Alibaba Group Holding Ltd របស់មហាសេដ្ឋីពិភពលោក Jack Ma បានបំបែកកំណត់ត្រាពិភពលោកដែលរកចំណូលបាន ២១៣,៥ ពាន់លានយ័ន ដែលស្មើរ និង ៣០.៧ ពាន់លានដុល្លារក្នុងការលក់រាយតាមអនឡាញរយៈពេលមួយថ្ងៃកាលពីថ្ងៃអាទិត្យអំឡុងពេល ២៤ ម៉ោងប៉ុណ្ណោះ ប៉ុន្តែការលក់ប្រចាំឆ្នាំធ្លាក់ចុះក្នុងអត្រាទាបបំផុត។

អ្នកទិញនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក បានសម្រុកទិញវត្ថុជាច្រើនប្រភេទ មានដូចជា ទូរស័ព្ទ IPhones គ្រឿងសង្ហារឹម និង ម្សៅទឹកដោះគោជាដើមចាប់តាំងពីក្បាលព្រលឹម ដោយខាងក្រុមហ៊ុនបានកត់ត្រាទុកទទូលបានចំណូលរហូតដល់ ១០ ពាន់លានដុល្លារក្នុងការលក់ត្រឹមតែ មួយម៉ោង មុនឈានចូលកណ្តាលអាទ្រាត។

កម្មវិធីលក់របស់ក្រុមហ៊ុន មានឈ្មោះថា Single’ Day ឬ ហៅថា Double 11 គឺជាព្រឹត្តិការណ៍លក់តាមអនឡានដ៏ធំបំផុតក្នុងពិភពលោក ដែលលើសពីការលក់នៅក្នុងថ្ងៃឈប់សម្រាប់របស់សហរដ្ឋអាមេរិក មានឈ្មោះថា Black Friday និងCyber Monday ជាដើម។

ព្រឹត្តការណ៍លក់របស់ប្រទសចិននេះ មានដើមកំណើតមកពីថ្ងៃឈប់សម្រាប់របស់និស្សិតដែលប្រារព្វពិធីថ្ងៃចូលវ័យជំទង់របស់ខ្លួន ឬ ថ្ងៃនៃក្តីស្រឡាញ់ (Valentines Day) ប៉ុន្តែ វាក៏បានក្លាយទៅជាការលក់តាមអនឡាញក្នុងខែ វិច្ឆិកា ២៤ ម៉ោង លើ ២៤ ម៉ោងដែលមានប្រជាប្រិយភាពបំផុតរបស់ប្រទេសចិន។

យ៉ាងណាក៏ដោយបើតាមរបាយការណ៍របស់ក្រុមហ៊ុន បានបញ្ជាក់ថា ការលក់តាមអនឡាញនេះ ត្រូវបានធ្លាក់ចុះ១៦ភាគរយកាលពីឆ្នាំ ២០១៧៕

ដំណឹង​ល្អ! កម្ពុជា​នឹង​ទទួលបាន​ប្រេង ៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៩

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ដំណឹង​ល្អ! ក្រុមហ៊ុន KRUSENERGY បានប្រកាសថា កម្ពុជា​នឹង​អាច​ទាញយក​ដំណក់​ប្រេង​បាន ៣០ម៉ឺនបារ៉ែលក្នុមួយថ្ងៃ នៅ​ចុងឆ្នាំ២០១៩ខាងមុខនេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន KRISENERGY កាលពី​ចុងឆ្នាំ២០១៧កន្លងមកនេះ ដើម្បី​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​របស់ខ្លួន ទាញយក​ប្រេង​ពី​តំបន់​ប្លុក​អេ​នៅក្នុង​ដែនទឹក​កម្ពុជា ដែល​ស្ថិត​នៅក្បែរ​ដែនសមុទ្រ​អន្តរជាតិ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់ ក្រុមហ៊ុន KRISENGERGY បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុន SJ Production Barge Ltd ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់ខ្លួន​បានផ្តល់​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន Keppel Shipyard Ltd ដើម្បី​ធ្វើការ​កែលំអរ​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​នាវា​ផលិតកម្ម​របស់ខ្លួន ដែលមាន​តម្លៃ២២លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន KRISENERGY បាននិងកំពុង​រុករក​ប្រេង​ពី​តំបន់​ប្លុក​អេ ដែលមាន​ទំហំ៣០០០គីឡូម៉ែត្រ​ការ៉េ ដែលជា​តំបន់​មាន​ជម្រៅ​ទឹក​ចន្លោះ​ពី៥០ទៅ៨០ម៉ែត្រ។

យោងតាម​ការព្យាករណ៍​ពី​រដ្ឋាភិបាល​កន្លងមក​បាន​រំពឹងថា កម្ពុជា​អាចនឹងទទួល​បាន​ផល​ពី​ដំណក់​ប្រេង​របស់ខ្លួន​ប្រមាណ៥០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

អគ្គនាយក​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​លោក ជៀប សួរ បានលើកឡើង​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពីពេលថ្មីៗនេះ​ថា នៅក្នុង​ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជា​នឹង​បាន​ដំណើរការ​គម្រោង​អភិវឌ្ឍន៍ធំៗចំនួន​ពីរ គឺ​គម្រោង​អភិវឌ្ឍន៍​ប្រេងកាត​ប្លុក​A និង​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​ផងដែរ ក្នុងនោះ​ចំពោះ​ការអភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ប្លុក​A គឺ​បាន​កំពុង​សម្រួល​លើ​កិច្ចការ​មួយចំនួន​ជាមួយ​ក្រសួង ក្នុងនោះ​គណៈកម្មការ​អន្តរក្រសួង បាន​ពិនិត្យ​ជាប្រចាំ​លើក​ការងារ​វាយតម្លៃ​បច្ចេកទេស និង​មានការ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ជា​រៀងរាល់ខែ​ផងដែរ ដើម្បី​ឈានទៅ​អនុវត្តន៍ ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង ។

បន្ទាប់ពី​ការចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល ក្រុមហ៊ុន KRISENERGY បាន​អនុវត្តន៍​ការងារ​ជាច្រើន​ផងដែរ​ដូចជា ការយក​គំរូ​ទឹកសមុទ្រ​នៅ​តំបន់​ប្លុក​អេ​យកទៅ​វិភាគ និង​នៅ​ថ្ងៃទី១៣ ខែ​មិនា ខាងមុខនេះ ក្រុមហ៊ុន​នឹង​បញ្ជូន​កប៉ាល​ទៅមួយ​ទៀត ដើម្បី​សិក្សា​ពី​សណ្ឋាន​ដី នឹង​ចាប់ផ្តើម​សាងសង់​មូលដ្ឋាន​ប្រេងកាត។ ឯកឧត្តម​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​គូស​ប្លង់​គម្រោង​សាងសង់ ហើយ​សម្រាប់​ជំហាន​បន្ទាប់ គឺ​ការដាក់​ដេញថ្លៃ​ការសាងសង់​មូលដ្ឋាន​នោះ។ ក្រោយពី​គម្រោង​អភិវឌ្ឍន៍​ខាងលើ ក្រុមហ៊ុន​បាន​សិក្សា​រួចហើយ ក្នុងការ​បញ្ជូន​ផលិតកម្ម​ញែក​ល្បាយ​ប្រេង និង​ការដាក់​ឲ្យ​ដេញថ្លៃ​ក្នុងពេលឆាប់ៗផងដែរ ។

លោក​បន្តថា ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​អណ្តូងប្រេង​ប្លុ​កះ​អេ​នេះ ក្រុមហ៊ុន​តែងតែ​ចូលរួម​ប្រជុំ​បច្ចេកទេស​ជាមួយ​ក្រសួង និង​ការធ្វើ​ប្រជាប​តិ​ជាមួយ​អ្នកនេសាទ នៅក្នុង​ទឹកដី​ខេត្តកោះកុង ព្រះសីហនុ និង​ខេត្តកំពត រួមជាមួយ​អាជ្ញារ​ខេត្ត ស្រុក ដើម្បី​ធ្វើការ​ពិគ្រោះ​ប​ល់ ដើម្បី​ឈានដល់​ដំណើរការ​ខូង​អណ្តូង​ប្រេងកាត នៅលើ​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ជប៉ុន​ចាប់ផ្តើម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​របស់ខ្លួន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​ជប៉ុន​ចាប់ផ្តើម​ផ្សព្វផ្សាយ សក្តានុពល​តំបន់​ទេសចរណ៍​របស់​ខ្លួន​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កម្ពុជា ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន​កាន់តែច្រើន។

លោក អូ​ណឹ​ម៉ាក់ អេ​ហ្គូ (ONUMA EIGO) ប្រធាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន​ប្រចាំ​ទីក្រុង​បាងកក បានលើកឡើង​នៅក្នុង​ទស្សនា​ពិរ​ព័ណ៌​ប្រទេស​ជប៉ុន នៅ​រាជធានី​ភ្នំពេញ ២០១៨ ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អី​អន​សែន​សុខ ថ្ងៃទី១១ ខែ​វិ​ច្ឆ​កា ឆ្នាំ២០១៨កន្លងមក​ថា ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឆ្នាំនេះ គឺ​បាន​លើកយក​ផ្កា​សាគូ​រ៉ា​ជា​ប្រធានបទ​ដែល​កំពុង​ពេញនិយម និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន ក្រៅពី​ផ្កា​សាគូ​រ៉ា ជប៉ុន​នៅមាន​រដូវ​ឈ្លឹ​ក​ឈើ​ប្រ​ហម នៅ​រដូវ​ឈ្លឹ​ក​ឈើ​ជ្រុះ និង​ធ្លាក់​ព្រឹល​នៅ​រដូវរងារ​ជាដើម។

លោក​បន្តថា តំបន់​សក្តានុពល​ប្រទេស​ជប៉ុន ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មានដូចជា ផ្កា​សាគូ​រ៉ា ស្លឹកឈើ​ក្រហម ព្រឹល​ទឹកកក ជាពិសេស​ទីក្រុងធំៗ រួមមាន អូ​សា​កា (OSAKA) តូ​ក្យូ (TOKYO) ក្យូ​តូ (KYOTO) និង​តំបន់(HOKKAIDO) ជាដើម ។

លោក​ONUMA EIGOបាន​បន្តថា ក្រៅពី​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បែប​ធម្មជាតិ ប្រទេស​ជប៉ុន​មាន​ទីក្រុងធំៗកំពុង​ទាក់ទាញ​ទាំង៤រដូវ​ផងដែរ ដូចជា អូ​សា​កា (OSAKA) តូ​ក្យូ (TOKYO) ក្យូ​តូ ជាទី​ក្រុង​ទំនើប​ទាន់សម័យ ក្នុងនោះ​ចំពោះ​ទីក្រុង (KYOTO)  ជាទី​ក្រុង​បន្សល់​នូវ​វប្បធម៌ ប្រពៃណីចំណាស់ៗជាច្រើន។ ចំណែក​តំបន់ (HOKKAIDO)  ជា​តំបន់​រុំ​ព័ទ្ធ​ទៅដោយ​ធម្មជាតិ​សម្បូ​បែប ដែលជា​ផ្នែក​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេស​ចេ​ណ៍​ជាដើម។

លោក HARINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ដែល​មក​ទស្សនា​នៅ​កម្ពុជា ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន កំណើន​ប្រមាណ​ចំនួន២សែន​នាក់។ ចំណែក​ភ្ញៀវ​ទេសរ​ច​ណ៍​កម្ពុជា ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន​វិញ នៅក្នុង​ឆ្នាំ២០១៧ មាន​ចំនួន១ម៉ឺន៨ពាន់​នាក់ បើ​ធៀប​ធៀប​ទៅ​ឆ្នាំ២០១៦ ចំនួន​មានការ​កើនឡើង​ប្រមាណ៤២ភាគរយ។

ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា ភ្ញៀវ​ទេសចរណ៍​កម្ពុជា បាន​ទៅ​ទស្សនា​ជប៉ុន​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ព្រោះ​ពេល​រដូវ​បុណ្យទានម្តងៗ យើង​រក​កក់​សំបុត្រ​យន្តហោះ​មិនទាន់​នោះទេ។លោក​បន្តថា ចំណែក​ការដាក់​ពាក្យ​ទទួល​វី​សា ទៅលេង​ជប៉ុន​មិនមាន​អ្វី​លំបាក​នោះទេ ដោយសារ​ការចំណាយ​ត្រូវបាន​កាត់បន្ថយ​ច្រើន ក្រោយពេល​មានការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​ក្រុងភ្នំពេញ។

លោក​បន្តថា “យើង​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​កម្ពុជា ទៅ​ទស្សនា​ជប៉ុន​កាន់តែ​កើនឡើង​ច្រើន​ថែមទៀត ខណៈ​តម្លៃ​ទស្សនាចរណ​ទៅកាន់​ជប៉ុន​មានតម្លៃ​សមរម្យ​ផងដែរ។លោក​បន្តថា “បើ​ទៅ​ទស្សនា​ជប៉ុន​រយៈពេល៥យប់ ៦ថ្ងៃ ការចំណាយ​មាន​ចន្លោះ​ពី១២០០ទៅ១៣០០ដុល្លារ​សម្រាប់​មនុស្សម្នា​ក់​ប៉ុណ្ណោះ”៕

គំរោង​ពង្រីក​ទីក្រុង​ភ្នំពេញ​បន្ថែម​ទទួលបាន​ការគាំទ្រ​ពី​អ្នកជំនាញ

0

ដោយ រ៉ាវី

ភ្នំពេញ៖ អភិបាលក្រុង​ភ្នំពេញ លោក​ឃួ​ង ស្រេង​កាលពី​សប្តាហ៍​មុន​បានស្នើ​ឲ្យ​លោកស្រី​ Pauline CARMONA អនុប្រធាននាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​ជួយ​សិក្សា​លំអិត ដើម្បី​ឈានទៅ​ពង្រីក​ទីក្រុង​ភ្នំពេញ​បន្ថែមទៀត ដើម្បី​ជាការ​ចូលរួម​ដោះស្រាយ​បញ្ហា​កំណើន​ប្រជាសាស្ត្រ ក៏ដូចជា​ពង្រីក​ការអភិវឌ្ឍ​ផងដែរ។

ដំណឹង​នេះ លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​លោក​សូម​អបអរសាទរ​ជាមួយ នឹង​ការស្នើសុំ​អ្នកជំនាញ​នៃ​ប្រទេស​បារាំង​លើក​គម្រោង​សិក្សា ទៅលើ​ការពង្រីក​រាជធានី​ភ្នំពេញ ព្រោះ​ការសិក្សា​មុន​ពេលធ្វើ​អ្វីមួយ​វា​តែង​ផ្តល់​ផល​វិជ្ជមាន និង​ឱកាសល្អ​ច្រើនជាង​អវិជ្ជមាន។

លោក​បន្តថា “កាលណា​យើង​បាន​សិក្សា គឺមាន​ផល​វិជ្ជមាន​ច្រើន ដែល​យើង​អាច​កំណត់​បាន​ពី​ទំហំ នឹង​ទីតាំង ប្រភេទ​ដី​នៅតាម​តំបន់​ជាយក្រុង​ដែល​គួរ​អភិវឌ្ឍ ជាពិសេស យើង​អាច​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​យ៉ាង​ល្អ ដូចជា​គួរ​បំពាក់​ប្រព័ន្ធ​អគ្គិសនី ឬ ប្រព័ន្ធ​សុវត្ថិភាព​នៅ​តំបន់​ជា​អទិភាព» ។ លោក​បន្តទៀតថា “ទីក្រុង​ភ្នំពេញ​យូរ និង​ឆាប់ គឺ​ត្រូវតែ​ពង្រីក។ ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ​កំពុងតែ​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដែល​ខាង​សាលាក្រុង​កំពុង​ឈឺក្បាល និង​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ក៏​ប​ន្តែ​វា​នៅតែ​ជា​បញ្ហា​ដដែល។

លោក​ង៉ែត ជូ​បានលើកឡើង​ផងដែរ​ថា ការពង្រីក​ក្រុង​គឺ​ត្រូវតែ​ពង្រីក​ជា​ចាំបាច់។ កំណើន​ប្រជាសាស្ត្រ វា​គ្រាន់តែ​ជា​ចំណុច​មួយ ក្នុងចំណោម​ចំណុច​សំខាន់​ជាច្រើន​ទៀត​នាពេល​បច្ចុប្បន្ន ដែលមាន​ត្រឹម​ប្រមាណ​ជា២លាន​នាក់​តែប៉ុណ្ណោះ។ ប៉ុន្តែ​បើ​យើង​សម្លឹង​មើលទៅ​រយៈពេល៥ឆ្នាំ​ឬ១០ឆ្នាំ​ទៅមុខទៀត​ទីក្រុង​នេះ នឹងមាន​មនុស្ស​រស់នៅ​កាន់តែច្រើន ដូច្នេះ​បើ​យើង​គ្មាន​ផែនការមេ​ជាក់លាក់ និង​ច្បាស់លាស់​នោះទេ វា​នឹង​ក្លាយជា​ជំងឺ​ដែល​ពិបាក​ព្យាបាល និង​ជា​ឧបសគ្គ​យ៉ាងខ្លាំង​ជាក់​ជាមិនខាន។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solutions បាន​ព្យាករណ៍​ថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ នឹង​កើន​ឡើងដល់៤,៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​មានប្រសាសន៍​ឲ្យ​ដឹងថា វា​ជា​ការពិត​នៅពេល​មាន​កំណើនប្រជាជន​ច្រើន រហូតដល់​ចន្លោះ​ពី២ទៅ៣លាន​នាក់ មក​ពូន​ផ្តុំ​នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃក្រឡា​ត្រឹម​ជាង៦៧៨ គីឡូម៉ែត្រ​ការ៉េ​នោះ គេ​ត្រូវតែ​សិក្សា​លម្អិត​ថា​តើ​មាន​ផលប៉ះពាល់ និង​ឱកាស​អ្វីខ្លះ ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ និង​ចាត់ចែង​ទៅតាម​តំបន់​ធ្វើការ​អភិវឌ្ឍន៍​ឱ្យចំ​គោលដៅ។

លោក​បាន​បន្តទៀតថា “បើទោះជា​បច្ចុប្បន្ននេះ សាលា​រាជធានី​ភ្នំពេញ​មាន​ប្លង់​មេ ឬ Master Plant យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វា​តម្រូវឱ្យមាន​ការចូល​រួម​ពី​សំណាក់​រាជរដ្ឋាភិបាល ជាពិសេស​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់គ្នា ដើម្បី​ឱ្យមាន​សណ្ដាប់ធ្នាប់​ល្អ និង​សុខ​សុវត្ថិភាព​សង្គម។

ពាក់ព័ន្ធ​ទៅនឹង​គម្រោង​នៃ​ការសិក្សា​ពង្រីក​រាជធានី​ភ្នំពេញ ឱ្យ​ធំ​ទូលាយ​នាពេល​អនាគត គេ​មិនអាច​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​នោះទេ ដោយ​លោក​បញ្ជាក់ថា​ជាប់រវល់​ប្រជុំ៕