ដោយ វុត្ថា
ភ្នំពេញៈ ទុនវិនិយោគជាង ៥៨២លានដុល្លារ បានហូរចូលខេត្តព្រះសីហនុ ជាមួយនឹងគំរោងវិនិយោគ ១៨៦ ក្នុងរយៈ ពេល៥ខែនៃ ឆ្នាំ២០១៩ នេះ។
ប្រធានមន្ទីររៀបចំដែនដី សំណង់ និងសូរីយោដីខេត្តព្រះសីហនុ លោកចេង ស្រុង បានឲ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩ នេះថា ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ ;រួមមាន គំរោងអនុម័តដោយសមត្ថកិច្ចថ្នាក់ជាតិចំនួន៥៩គម្រោង គំរោងអនុម័តដោយសមត្ថកិច្ចថ្នាក់ក្រោមជាតិចំនួន២២គម្រោង និងគម្រោងអនុម័តដោយសមត្ថកិច្ចក្រុង ស្រុកចំនួនទូទាំងខេត្តព្រះសីហនុមានចំនួន១០៥គំរោង។
-->
លោកបន្តថាសំណង់ស្ទើរតែទាំងអស់នៅក្នុងខេត្តព្រះសីហនុ ជាប្រភេទសណ្ឋាគារ ផ្ទះសំណាក់ ខុនដូ និង ផ្ទះល្វែងជាដើម ព្រមទាំងសំណង់ដែលខ្ពស់បំផុតនៅក្នុងខេត្តមួយនេះគឺមានចំនួន៤៣ជាន់ ដែលកំពុងសាងសង់ ហើយគិតមកទល់បច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ប្រមាណជាង១៤ជាន់ហើយ។
លោកបន្ថែមថា ជាមួយគ្នានឹងការកើនឡើងនៃសំណង់នេះដែរ ក៏ធ្វើឲ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ រួមជាមួយនឹងការខ្វះមន្ត្រីជំនាញក្នុងការចុះត្រួតពិនិត្យនៅតាមការដ្ឋាសំណង់នានា ។ លោកបន្តថា ដោយមានតការណែនាំរបស់អភិបាលខេត្ត សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរខេត្ដ បានបន្តចុះរៀបចំសណ្តាប់ធ្លាប់ នៅតាមការរដ្ឋានសំណង់ និង ការសាងសង់ខ្វះលក្ខណៈបច្ចេកទេស ដូចជា ការដ្ឋានគ្មានរបងបិទបាំង យកចិញ្ជើមផ្លូវដាក់សម្ភារៈសំណង់ជាដើម។
លោកយន្ត មីន អភីបាលខេត្តព្រះសីហនុ ធ្លាប់បានឲ្យដឹងកន្លងមកថា វឌ្ឍនភាពរបស់ខេត្ដ នៃការកើនឡើងសំណង់ និងអ្នកវិនិយោគនេះ គឺដោយសារកត្ដាធំៗពីរ ទី១ កត្ដាសន្ដិភាព បានផ្ដល់នូវសុវត្ថិភាពក្នុងការកងសាង និងប្រកបរបររកស៊ីដោយសេរី និងទី២ កត្ដាច្បាប់ដែលផ្តល់ការពារប្រជាពលរដ្ឋ អ្នកវិនិយោគប្រកបដោយស្ថេរភាពល្អ សម្រាប់បរិស្ថានវិនិយោគនៅក្នុងខេត្ដព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ កំណើនសំណង់នេះ ក៏បានបង្ហាញនូវផលវិជ្ជមានច្រើន គឺប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខេត្ដ ក្នុងនោះជីឌីភីរបស់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ មានកំណើនជាលំដាប់ដែរ ជាក់ស្ដែងពលរដ្ឋម្នាក់ពីជាង១០០០ដុល្លារ រហូតដល់ជាង២០០០ដុល្លារក្នុង១ឆ្នាំ។

សម្រាប់ឆ្នាំ២០១៨ កន្លងមកនេះ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន ៣៣៦គម្រោង និងទុនវិនិយោគជាង១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះគម្រោង ដែលអនុម័តដោយសមត្ថកិច្ចថ្នាក់ជាតិមានចំនួន៦២ គម្រោងថ្នាក់ក្រោមជាតិមានចំនួន៥៣ និងថ្នាក់ក្រុង-ស្រុកចំនួន ១៦៦ គម្រោង៕
[…] ប្រភព៖ Property Area […]