កំនើន​ទេសចរណ៍​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជប៉ុន​វិនិយោគ​លើ​សេវាកម្ម​បដិសណ្ឋារកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​កំនើន​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​មក​ទស្សនា​កម្ពុជា​កើនឡើង អ្នកវិនិយោគ​ជប៉ុន​បាន​ចាប់យក​ឳ​កាស​នេះ ធ្វើការ​វិនិយោគ​លើ​សេវាកម្ម​បដិសណ្ឋារកិច្ច​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចាប់យក​កាលានុវត្តន៍​ភាព​នេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត​ថោង ខុន​បាន​មាន​ប្រា​សន៍​ក្នុងពេល​ចូលរួម​ក្នុង​ឳ​កាស​សម្ភោ​ធ​សណ្ឋាគារ​អ៊ី មី​អន​កាលពី​ចុង​សប្តាហ៍​មុន​ថា កាលពី​នៅ​ឆ្នាំ២០១៧ កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ២០ម៉ឺ​នាក់ ក្នុងនោះ​ទេសចរ​ជប៉ុន​មក​ភ្នំពេញ​មាន​ចំនួន៧៨,៣២២នាក់ កើន២៧ភាគរយ ហើយ​ក្នុង​រយៈពេល៨ខែ ឆ្នាំ២០១៨ នេះ​កម្ពុជា ទទួលបាន​ទេសចរ​ជ​ប៉ុន​ប្រមាណ​ជាង១៣ម៉ឺន​នាក់ ក្នុងនោះ​ទេសចរ​ជប៉ុន​មក​ភ្នំពេញ​មាន​ចំនួន៦៩,២៧៩នាក់ កើន១៣.៤ភាគរយ។

លោក​បន្តថា ដើម្បី​បន្ត​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជប៉ុន ក្រសួងទេសចរណ៍ បាននិងកំពុង​រៀបចំ​សេចក្តីព្រាង «យុទ្ធសាស្ត្រ​សិក្សា​ទីផ្សារ​ទាក់ទាញ​ភ្ញៀវទេសចរ​ជប៉ុន» សំដៅ​ទាក់ទាញ និង​ត្រៀម​ទទួលភ្ញៀវ​ទេសច​ជប៉ុន ជាមួយ​ការដាក់ចេញ​នូវ​វិធាន​ការពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​ដែលមាន​ស្រាប់ និង​ការទាក់ទាញ​វិនិយោគ​បន្ថែម លើ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែមទៀត។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​សាជីវកម្ម Starts (ខេ​ម​បូ​ឌា)របស់​ជប៉ុន​លើ​ការអភិវឌ្ឍ​គម្រោង​សណ្ឋាគារ​ទី១ ដែលមាន​ឈ្មោះថា អ៉ី មី​អន ភ្នំពេញ ដែលមាន​កំពស់១៩ជាន់ ស្មើនឹង២៤០បន្ទប់ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ដល់​វិស័យ​សណ្ឋាគារ និង​ការទាក់ទាញ​ទេសចរ និង​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កំនើន​អ្នកវិនិយោគ​ជប៉ុន​ឆ្លុះបញ្ចាំង​នូវ​ទំនុកចិត្ត និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពប្រសើ​រ​ឡើង ព្រោះ​អ្នកវិនិយោគ​ជប៉ុន​ពួកគេ​មិន​ងាយ​ទៅកាន់​ប្រទេស​ណាមួយ​នោះទេ ប៉ុន្តែ​នៅពេល​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ មានន័យថា​ពួកគេ​បាន​សិក្សា​ច្បាស់លាស់​រួចហើយ ទើប​ពួកគេ​វិនិយោគ​នៅ​ប្រទេស​នោះ។

លោក​បន្តថា ការមកដល់​នៃ​ការវិនិយោគ​ជប៉ុន និង​ការភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​របស់​អាកាសចរ​ណ៍ ANA មកកាន់​ក្រុងភ្នំពេញ​បានធ្វើ​ឲ្យ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ រវាង​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សំគាល់។លោក​បន្តថា រហូតមកទល់​ពេលនេះ​ជប៉ុន​បាន​ក្រាល​មូលដ្ឋានគ្រឹះ សម្រាប់​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ៕

អ្នកជំនាញ​ប្រាប់​ពី​វិធីសាស្ត្រ​រក​ផលចំណេញ​ពី​ការវិនិយោគ​អចលនទ្រព្យ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​អចលនទ្រព្យ​មាន​សកម្មភាព​ផុសផុល ការវិនិយោគ​លើ​វិស័យនេះ​ទាមទារ​ភាព​ឆ្លាត​វៃ​ផងដែរ ដើម្បី​ទទួលបាន​ឳ​កាស​ចំណេញ និង​កាត់បន្ថយ​ហានិភ័យ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ដែលមាន​ជំនាញ​ទិញ​លក់​លំនៅដ្ឋាន​នៅតាម​បុរី​នានា​បាន​ថ្លែងថា ការទិញ​អចលនទ្រព្យ​ទាំងនេះ វា​អាស្រ័យ​លើ​លក្ខ​ខ័​ណ្ឌ​ប្រាក់ចំណូល និង​លំហូរ​សាច់ប្រាក់​របស់​អ្នកវិនិយោគ​និមួយ។

វិនិយោគ​ទិញ​ដី

ប្រសិនជា​ចង់​វិនិយោគ​លើដី​ធ្លី អ្នកវិនិយោគ​ត្រូវ​ដឹងថា ការវិនិយោគ​បែបនេះ​មិនមាន​លំហូរ​សាច់ប្រាក់ភ្លាមៗនោះទេ។ ហេតុនេះ​អ្នកវិនិយោគ​លើ​ដីធ្លី​ត្រូវ​មើល​លក្ខ​ខ័​ណ្ឌ​ប្រាក់ចំណូល​របស់ខ្លួន ព្រោះ​ប្រសិនជា​ខ្ចីលុយ​ពី​ធនាគារ​ទិញ​ដី ហើយ​ស្ថានភាព​លំហូរ​សាច់ប្រាក់រ​បស់​ខ្លួន មិនមាន​ភាពល្អប្រសើរ​គួរ​កុំ​ទិញ​អី។ ផ្ទុយទៅវិញ ប្រសិនជា​អ្នកវិនិយោគ​មាន​សាច់ប្រាក់៥០ភាគរយ ហើយ​ខ្ចីលុយ​ធនាគារ៥០ភាគរយ និង​មាន​លំហូរ​សាច់ប្រាក់​អាច​ដំណើរការបាន គួរ​វិនិយោគ​លើដី​ធ្លី​មាន​ឳ​កាស​ចំណេញ​ច្រើនជាង។

ការវិនិយោគ​លើដី​ធ្លី​គួរ​មើល​តំបន់ ដែល​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់      រដ្ឋាភិបាល គួរ​ពិនិត្យ​លើ​ប្លង់ដី​ឲ្យ​បានច្បាស់លាស់ ដើម្បី​បញ្ចៀស​ជម្លោះ​ណាមួយ និង​គួរ​មើល​ពី​សក្តានុពល​នៅ​ទីតាំង​ដី​របស់ខ្លួន។

ទិញ​ផ្ទះល្វែង

ការទិញ​ផ្ទះល្វែង ក៏មាន​ឳ​កាស​ចំណេញ​ផងដែរ ហើយក៏​ជាការ​វិនិយោគ​មាន​លំហូរ​សាច់ប្រាក់​ផងដែរ ព្រោះ​ផ្ទះល្វែង​អាច​ជួល​បាន ប៉ុន្តែ​អ្នកទិញ​ក៏​គួរពិនិត្យមើល​លំហូរ​សាច់ប្រាក់​របស់ខ្លួន និង​ទំហំ​ឥណទាន​ដែល​ត្រូវ​ខ្ចី និង​សង​ត្រលប់​ទៅ​ធនាគារ​បាន។ ការទិញ​ផ្ទះល្វែង​នៅ​តំបន់​សម្រាប់​រស់នៅ និង​តំបន់​ពាណិជ្ជកម្ម ផ្ទះល្វែង​នៅ​តំបន់​ពាណិជ្ជកម្ម មាន​ឳ​កាស​ចំណេញ​ខ្ពស់ជាង ប៉ុន្តែ​ក៏មាន​តំលៃ​ថ្លៃ​ជាង​តំបន់​លំនៅដ្ឋាន​សម្រាប់រ​ស់​នៅ​ធម្មតា​ផងដែរ។

ការទិញ​ផ្ទះល្វែង ក៏​គួរ​ពិនិត្យ​ទៅលើ​ទីតាំង និង​លក្ខ​ខ័​ណ្ឌ​ច្បាប់​ផងដែរ ដើម្បី​បញ្ចៀស​ហានិភ័យ ដែល​ធ្វើ​ឲ្យ​អត្រា​ចំណេញ​ទាប និង​មាន​ហានិភ័យ​ខ្ពស់។

ការទិញ​ខុន​ដូ

ខុន​ដូ​ជា​វិស័យ​ថ្មី​មួយ ដែល​ទើប​មានការ​ពេញនិយម​ជាបណ្តើរៗនៅ​កម្ពុជា ។ការវិនិយោគ​លើ​ខុន​ដូ​ភាគច្រើន​ផ្តោត​សម្រាប់​ជួល យកប្រាក់​ត្រលប់​មកវិញ ប៉ុន្តែ​ការ​ទុក​លក់​យកចំណេញ មិនទាន់មាន​ឳ​កាស​ចំណេញ​ខ្ពស់​ទេ ដោយសារ​លំនៅដ្ឋាន​ជាប់​ដី នៅតាម​បុរី​នានា​នៅតែមាន​ត​ម្ល​សមស្រប និង​មាន​ចំនួន​ច្រើន​នៅឡើយ។

ហេតុនេះ​ការទិញ​ខុន​ដូ​គួរតែ​វិនិយោគ​លើ​ទីតាំង ដែលមាន​ការពេញនិយម​ច្រើន​ពី​អ្នកស្នាក់នៅ ដូចជា ក្នុង​សង្កាត់​ទន្លេបាសាក់ សង្កាត់​ចតុមុខ សង្កាត់​បឹង​កេងកង១ជាដើម ដែលជា​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន និង​មានការ​ពេញនិយម ពី​ជនបរទេស៕

គំរោង​សាងសង់​ព្រលានយន្តហោះ​កោះកុង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការសាងសង់​ព្រលានយន្តហោះ​ខេត្តកោះកុង របស់​ក្រុមហ៊ុន Tianjin Union Development Group (TUDG) ស្ថិតក្នុង​ភាពមិនច្បាស់លាស់ បន្ទាប់ពី​បាន​ផ្អាក​មួយរយៈ​ហើយ ដោយសារ​ការធ្លាក់​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​កន្លងមក​នេះ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការសាងសង់​ព្រលានយន្តហោះ​នេះ​បាន​ផ្អាក​សកម្មភាព​មួយរយៈ​ហើយ ដោយ​ពួកគេ​អះអាងថា ការធ្វើ​ការដ្ឋាន​មានការ​លំបាក ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងពេក។លោក​បន្តថា ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​នេះ មិនបាន​ជូនដំណឹង​មក​យើង​ពី​ពេលវេលា​នឹង​ចាប់ផ្តើម​សាងសង់​ព្រលាន​នេះ​ជាថ្មី​ទេ។

លោក​បន្តថា “ព្រលានយន្តហោះ​នេះ​សាងសង់​លឿន ឬ​យឺត​អាស្រ័យ​លើ​ល្បឿន នៃ​ការអភិវឌ្ឍន៍​រមណីយ​ដ្ឋា​ន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅក្នុង​ស្រុក​ថ្មបាំង និ​បុ​ទុម​សាគរ​ក្នុង​ខេត្តកោះកុង។លោក​បន្តថា “តាម​ព៌​ត​មាន​ដែល​ខ្ញុំ​ទទួលបាន គឺ​ក្រុមហ៊ុន​នេះ​សាងសង់​សម្រាប់​យន្តហោះ​ក្នុងស្រុក ដើម្បី​បង្កើន​ការលក់​គំរោង​អចលនទ្រព្យ​របស់​ពួកគេ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Tianjin Union Development Group បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជាង៥ម៉ឺន​ហិកតា ដែល​គ្របដណ្តប់​ស្រុក​ស្រុក​ពីរ​របស់​ខេត្តកោះកុង ជា​អ្នក​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ។ ក្រុមហ៊ុន​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ៥០០០លាន​ដុល្លារ​អាមេរិក។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​រំលឹកថា សកម្មភាព​ឈូសឆាយ​ទីតាំង​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ បានចាប់ផ្តើម​តាំងពីដើម​ឆ្នាំនេះ ប៉ុន្តែ​សកម្ម​ភា ព​ហាក់​មានភាពយឺតៗ ដោយសារ​រដូវភ្លៀង ប៉ុន្តែ​នៅពេល​បញ្ចប់​រដូវភ្លៀង​សកម្មភាព​នៃ​ការសាងសង់​នឹងត្រូវ​ព​ន្លឿ​ន​ហើយ។

ទោះជា​យ៉ាងណា​តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត នូវ​គំរោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Tianjin Union Development Group ជា​ក្រុមហ៊ុន​ដែល​បាន និង​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅ​ខេត្តកោះកុង។

តំណាង​ក្រុមហ៊ុន Tainjin Union Development Group លោកស្រី​ប៊ែ​ល​ឡា ហ្សា​ង​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការធ្វើ​ផែ​ម​ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​នេះ បានបញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​ធ្វើការ​សាងសង់។ ព្រលានយន្តហោះ​នេះ អាច​ទទួល​អ្នកដំណើរ​បាន១០លាន​នាក់​ក្នុង​មួយឆ្នាំ និង​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ Boeing 380 ហើយ​ក្រុមហ៊ុន​បានធ្វើការ​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រលានយន្តហោះ​នេះ​រួចហើយ។

លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​មាន​ព្រលានយន្តហោះ​ថ្មី​មួយទៀត នឹង​ហុច​សក្តានុពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ជាពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែច្រើន​ថែមទៀត សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា ហើយ​ប្រសិនជា​ព្រលាន​ថ្មី​នេះ​មាន​ស្តង់ដា​អន្តរជាតិ វា​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​ប្រទេស​ថៃ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់​នឹង​កម្ពុជា អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅវិញទៅមក។

លោក​បន្តថា “ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ ដែល​វា​នឹង​ជួយ​ជំរុញ​កំនើនសេដ្ឋកិច្ច និង​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា កាន់តែច្រើន​ថែមទៀត។

ការវិនិយោគ​នេះ​ជា​ផ្នែក​មួយ​នៃ​វិថី​សូត្រ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន មក​កម្ពុជា ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចិន២លាន​នាក់​នៅ​ឆ្នាំ២០២០ខាងមុខនេះ៕

ទីក្រុង​ឌុ​បៃ​បោះទុន ៣៥៥លាន​ដុល្លារ​សាងសង់​អគារ​សណ្ឋាគារ​បង្វិល​ដ៏​អស្ចារ្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុង​ឌុ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម កំពុងតែ​បង្ហាញ​ម​ច្ឆិ​តា​របស់ខ្លួន​តាមរយៈ​ការសាងសង់​អគារ​សណ្ឋាគារ​បង្វិល៣៦០ដឺ​ក្រេ ដែល​អាច​វិល​ទៅ​វិល​មក និង​អនុ​ញ្ញា​ត្តិ​អោយ​អ្នក​ដែល​សា្ន​ក់នៅ​ក្នុង​អគារ​នេះ អាច​ទស្សនា​ព្រះ​ទិ​ត្យ​រៈ​ឡើង​នៅពេល​ព្រឹក​ព្រលឹម និង​លិច​ចុះ​នៅពេល​ល្ងាច។

ស្ថាបត្យកម្ម​សណ្ឋាគារ​ដ៏​អស្ចារ្យ​នេះ​មាន​ឈ្មោះថា Dynamic Tower ស្ថិតនៅក្នុង​ទីក្រុង​ឌុ​បៃ។ វា​ជា​ប្រភេទ​សណ្ឋាគារ ត្រូវបាន​គេ​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ ២០០៨  ហើយ​អាច​នឹង​បញ្ចប់​ការ​សាសង់​នៅក្នុង​ឆ្នាំ២០២០ ខាងមុខនេះ។ គម្រោង​អគារ​នេះ ត្រូវបាន​ប៉ានស្មាន​ចំណាយ​អស់​ថវិការ​ចំនួន៣៥៥លា​ដុល្លារ។ អគារ​ខ្ពស់កប់ពពក​នេះ​នឹង​បំពាក់​ទៅដោយ​ប្រព័ន្ធ​អគ្គិសនី​យ​ស្វ័យប្រវត្តិ តាមរយៈ​បំពង់ខ្យល់ និង​ប្រព័ន្ធ​សូ​ឡា។ អគារ​ស​ណ្ខា​គារ​ខ្ពស់កប់ពពក​មួយ​នេះ នឹង​អាច​បង្វិល៣៦០ដឺ​ក្រេ។ ដូច្នេះ​ទិដ្ឋភាព​នឹង​ផ្លាស់ប្តូរ​ជា​រៀង​ពេល​រហូត សម្រាប់​អ្នកស្នាក់នៅ​ខាងក្នុង​អគារ​នេះ​អាច​គយគន់​ទិដ្ឋភាព​ទីក្រុង​ឌូ​បៃ​បាន​គ្រប់​ទិស។

អគារ​សណ្ឋាគារ​នេះ មាន​កំពស់១,៣៧៥ហ្វី​ត ស្មើនឹង៤១៩ ម៉ែត្រ និង​មាន​កំពស់៨០ជាន់ ដែល​ជាន់នីមួយៗត្រូវបាន​បង្វិល​ដោយ​ខ្លួនឯង។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Dynamic Group បាន​អះអាងថា ការសាងសង​ស់នូ​វ​អគារ​នេះ​ឡើង គឺ​ចំណុច​សំខាន់​ន​នឹង​ផ្តល់ជូន​នូវ’បទពិសោធ​ថ្មី​សម្រាប់​មនុស្ស ជាជាង​គ្រាន់តែ​ធ្វើជា​សណ្ឋាគារ។

គេហទំព័រ​របស់​ក្រុមហ៊ុន Dynamic Group នេះ​បានសរសេរថា: “បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត និង​កន្លែង​សម្រាប់​អ្នកធ្វើដំណើរ​កម្សាន្ត ដែលមាន​បច្ចេកវិជ្ជា​ទំនើប​បំផុត​មិន​ថា សម្រាប់​អាជីវកម្ម​ឬ​ការ​លំហែ​នោះទេ។

ក្រុមហ៊ុន Dynamic Group បានបង្ហាញ​សុទិដ្ឋិនិយម​ថា នៅពេល​សាងសង់​រួចរាល់​ហើយ​នោះ សណ្ឋាគារ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវ​ទេ​ចរណ៍ មកពី​ជុំវិញ​ពិភពលោក តាមរយៈ​ការ​ផ្តល់នូវ​បដិសណ្ឋារកិច្ច និង​សេវ​កម្ម​ផ្តាច់មុខ និង​ល្អឥតខ្ចោះ​នៃ​សណ្ឋាគារ​បង្វិល​តែមួយគត់​នៅក្នុង​ពិភពលោក៕

រឿង​វិជ្ជមាន៖ ទឹកប្រាក់ ២៥ពាន់​លាន​ដុល្លារ​ផ្លាស់ប្តូរ​មុខមាត់​ក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទឹកប្រាក់២៥ពាន់​លាន​ដុល្លារ​បាន​បង្ហូរ​ចូលក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​បានធ្វើ​ឲ្យ​ក្រុងភ្នំពេញ​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សៀវភៅ​សុវត្ថិភាព ក្នុង​ការដ្ឋាន​សំណង់ កាលពីពេលថ្មីៗនេះ លោក​ឆាន់ សូរ្យ​ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​និ​យក​ម្ម និង​សំណង់​បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​សំណង់​កម្ពុជា ដោយ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​ចាប់តាំងពី​ឆ្នាំ ២០១១រហូតដល់​ឆ្នាំ២០១៧ ។

ក្នុង​រយៈពេល​ពី​ឆ្នាំ៦ឆ្នាំ ការវិនិយោគ​លើ​វិស័យនេះ​មាន​ចំនួន១៥,៧៨២គម្រោង ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ២៤,៨៣៩លាន​ដុល្លារ​អាមេរិក។

លោក ឆាន់ សូរ្យ​ផល បាន​បន្ថែមថា គិត​ត្រឹម​រយៈពេល ១៧ឆ្នាំ​ចុងក្រោយ ចាប់ពី​ឆ្នាំ២០០០មកដល់​ឆ្នាំ ២០១៧ វត្តមាន​អាគារខ្ពស់ៗប្រណីត​នៅ​កម្ពុជា មាន​ចំនួន​រហូតដល់៩៧៩អាគារ​បាន​សាងសង់ឡើង។ អគារខ្ពស់ៗប្រណីត​ទាំងនេះ រួមមាន អាគារ​ដែលមាន​កំពស់​ចាប់ពី៥ជាន់​រហូតដល់៤០ជាន់​ឡើងទៅ។ ក្នុងនោះ​អាគារ ដែលមាន​កំពស់​ចាប់ពី៥ជាន់​ដល់៩ជាន់ មាន​ចំនួន៥៧៩អាគារ ហើយ​អាគារ​ដែលមាន​កម្ពស់១០ជាន់​ដល់១៩ជាន់​មាន​ចំនួន២៩០អាគារ។ រីឯ​អាគារ​ដែលមាន​កំពស់​ចា​ប់​ពី២០ជាន់ ដល់២៩ជាន់​មាន​ចំនួន៧០អាគារ ហើយ​អាគារ​ដែលមាន​កំពស់​ចា​ប់​ពី៣០ ជាន់​ដល់៣៩ជាន់​មាន​ចំនួន២៩អាគារ ជាពិសេស​អាគារ​ដែលមាន​កំពស់ ចាប់ពី៤០ជាន់ឡើង​វិញ​មាន​ចំនួន១១អាគារ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​CBRE Cambodia បាន​ថ្លែងថា វិស័យ​សំណង់​បានរួម​ចំណែក​ដល់​កំនើន​សេដ្ឋកិច្ចកម្ពុជា​យ៉ាងខ្លាំង ហើយ​វិស័យនេះ​បាន​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា និង​ធ្វើ​ឲ្យ​កម្ពុជា​លេចឡើង​កាន់តែខ្លាំង​លើ​ឆាក​អន្តរជាតិ។

អ្នកនាង​បន្តថា “ពី​មុនគេ​មិនសូវ​ស្គាល់​កម្ពុជា​ទេ ប៉ុន្តែ​ពេលនេះ​មនុស្ស​ភាគច្រើន​បាន​ស្គាល់​កម្ពុជា​និង​ទីក្រុង​ភ្នំពេញ ដោយសារ​កំនើន​វិនិយោគ​ក្នុង​វិស័យនេះ។អ្នកនាង​បន្តថា “ដោយសារ​កំនើនសេដ្ឋកិច្ច និង​បរិយាកាស​នយោបាយ​ល្អ បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​គោលដៅ​នៃ​ការវិនិយោគ​បរទេស។

លំហូរ​ទុនវិនិយោគ​ពី​បរទេស​សរុប​កាលពី​ឆ្នាំ២០១៦ ២០១៧នៅ​កម្ពុ​ជាមាន​ទំហំ​ខ្ពស់ជាង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ដែល​នៅ​ជិត​កម្ពុជា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ពិតជា​មានការ​រីកចម្រើន​លឿន ន​ហើយ​លោក​ផ្ទាល់​សឹង​មិន​ជឿថា ល្បឿន​នៃ​ការអភិវឌ្ឍន៍​ប្រទេស​របស់​យើង​បាន​ឈាន​មកដល់​ដំណាក់កាល​នេះ​យ៉ាង​លឿន​បែបនេះ​ឡើយ។

លោក​បន្តថា “យើងទាំងអស់គ្នា​គួរ​រីករាយ និង​ពេញចិត្ត​ចំពោះ​អ្វីដែល​កើតឡើង​នេះ ព្រោះ​មួយ​ទសវត្សរ៍​មុខមាត់​ទីក្រុង​ភ្នំពេញ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង វត្តមាន​អាគារ​កប់​ពពក​កំពុង​ធ្វើ​ឲ្យ​ទីក្រុង​នេះ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ”៕

មូលដ្ឋាន​ត្រូវ​គិត​មុន​សម្រេចចិត្ត​ទិញ​ផ្ទះ​បង់​រំលស់

0

ដោយ រ៉ាវី

ភ្នំពេញ៖  បច្ចុប្បន្ននេះ​សម្រាប់​ការទិញ​ផ្ទះ ដោយ​ការអនុវត្ត​វិធីសាស្ត្រ​បង់​រំលស់ គឺ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងនោះ​រាប់ទាំង​ប្រភេទ​លំនៅដ្ឋាន​ធម្មតា សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​បែប​ប្រណីត ស្ថិតនៅក្នុង​បុរី ដែល​ផ្តោត​សំខាន់​លើ​អ្នកមាន​ចំណូល​ខ្ពស់។

តើ​ការទិញ​ផ្ទះ​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ មាន​ចំណុច​ល្អប្រសើរ និង​ប៉ះពាល់​អ្វីខ្លះ ចំពោះ​អតិថិជន​ដែលជា​អ្នកទិញ ? ចម្ងល់​មួយ​នេះ​ត្រូវបាន​បំភ្លឺ​ដោយ​លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោក​ឧកញ៉ា នួន រឹទ្ធី បាន​មានប្រសាសន៍​បញ្ជាក់ថា ការបង់​រំលស់​ថ្លៃ​ផ្ទះ​នេះ គឺត្រូវធ្វើ​ឡើង​ដោយ​អម​ជាមួយគ្នា​រវាង​ថ្លៃដើម និង​ការប្រាក់ ។ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ចំនួន​ថ្លៃដើម គឺ​ដំបូង​បាន​រំលស់​តិច​ណាស់ ដែល​វា​ត្រូវ​ចំណាយ​លើ​ការប្រាក់​ច្រើន​ក្នុង​មួយខែ។ បើ​យើង​រំលស់​ក្នុង​រយៈពេល​យូរ យើង​បង់ខាត​កាន់តែច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព នៃ​ចំណូល​របស់ខ្លួន​ជាមុនសិន​ថា តើ​ចំណូល​ដែល​បានមក​ស័ក្តិសម​នឹង​ការទិញ​ផ្ទះ​ដែរឬទេ។

មួយវិញទៀត សម្រាប់​អ្នក​ដែលមាន​ចំណូល​មាន​កម្រិត ក៏​គួរ​ពិចារណា​ថា តើ​ការជួល​ផ្ទះ និង​ការទិញ​ផ្ទះ​ដោយ​ការ​រំលស់​នេះ មួយណា​ប្រសើរ​ជាង​សម្រាប់​ជីវភាព​ជាក់ស្ដែង​របស់​យើង ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​លើក​ជា​ឧទាហរណ៍​ថា យើង​ស្នាក់​នៅក្នុង​ផ្ទះជួល​ដោយ​ចំណាយ 200ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​នៅពេល​មាន​គេ​សង់ផ្ទះ​លក់​ដោយ​ការបង​រំលស់​ត្រឹម 200ដុល្លារ ក្នុង​មួយខែ​ដូចគ្នា សួរថា​តើ​យើង​ត្រូវ​នៅផ្ទះ​ជួយ​បន្តទៀត ឬ​ត្រូវ​ទិញ​ផ្ទះ ? ជាការ​ពិត បើ​យើង​បូកសរុប​ចំនួន​នៃ​ការចំណាយ​លើ​ការបង់​សរុប​នៃ​ថ្លៃ​ផ្ទះ គឺមាន​ចំនួន​ច្រើន​លើស​ថ្លៃដើម ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការបង់​រំលស់​នេះ គឺ​បាន​បន្ធូរបន្ថយ​ដល់​អ្នកមាន​លទ្ធភាព​ម​ធ្យ​ម និង​ក្រោម​មធ្យម​ទទួលបាន​ផ្ទះ​ស្នាក់នៅ។

លោក​ឧកញ៉ា​បន្តថា និយាយ​រួមការ​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់ មាន​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន។ ចំណុច​ល្អ​ត្រង់​ថា យើង​អាច​មានផ្ទះ​ស្នាក់នៅ និង​ជា​កម្មសិទ្ធិ​តាំងពី​យើង​មិនទាន់មាន​លុយ​ទិញ​ផ្ទះ​គ្រប់ ដោយឡែក​ចំណុច​អវិជ្ជមាន គឺ​ត្រូវ​ចំណាយ​ថ្លៃបង់​ការប្រាក់​ប្រចាំខែ​ច្រើន៕

ឧកញ៉ាធំៗពីររូប​បង្ហាញ​ពី​គន្លឹះ និង​វិធីសាស្ត្រ​ដើម្បី​ក្លាយជា​អ្នកមាន

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកណា​ក៏​ចង់​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​មែន​ទេ? ប៉ុន្តែ​ការមិន​ដឹង​ពី​វិធីសាស្ត្រ​ដើម្បី​ក្លាយជា​អ្នកមាន មិនមាន​ច​ក្ខ​វិស័យ​ច្បាស់លាស់ ការ​ស្រម័យ​ដើម្បី​ក្លាយជា​អ្នកមាន​ទ្រព្យធន​ច្រើន ប្រាកដជា​មិន​ជោគជ័យ​នោះទេ។

គេហទំព័រ Propertyarea.asia សូម​លើកយក​ប្រសាសន៍ និង​វិធីសាស្ត្រ​អ្នក ជោគជ័យ​ពីររូប​មក​បង្ហាញ ដែល​ពួកគាត់​ជា​ឧកញ៉ា​ល្បីឈ្មោះ​ក្នុងសង្គម​កម្ពុជា​ផងដែរ។

លោក​ឧកញ៉ា​លី ហួរ​អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​ដែល​លោក​បានចាប់ផ្តើម​អាជីវកម្ម​ពី​ជ្រូក​មួយ​ក្បាល និង​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុង​ដៃ​ចំនួន៨បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អ្នក​ចង់​ធ្វើជា​អ្នកមាន​ត្រូវមាន​មហិច្ឆតា​ធំ និង​ត្រូវមាន​គោលដៅ​ច្បាស់លាស់​ថា​ខ្លួន​ចង់បាន​អ្វី និង​ធ្វើ​អ្វី ប៉ុន្តែ​មិនត្រូវ​ធ្វើ​អ្វីដែល​ប្រាសចាក​ច្បាប់​នោះទេ។

លោក​ឧកញ៉ា​បន្តថា “យើង​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត យើង​ត្រូវតែ​តស៊ូ និង​ត្រូវមាន​មហិច្ឆតា ព្រោះ​បើ​គ្មាន​មហិច្ឆតា យើង​ធ្វើ​អ្វី​ក៏​អត់​បានដែរ។

លោក​ឧកញ៉ា​ដែល​ល្បីឈ្មោះ​តំបូង​ពី​ហាង​ប្តូរប្រាក់​លី ហួរ​នេះ​បាន​បន្តថា “កុំ​គិត​ទុ​ទិដ្ឋិ​ថា​ខ្លួនឯង​ធ្វើ​មិនបាន គេ​ធ្វើបាន​ក៏​យើង​ធ្វើ​បានដែរ។ ត្រូវ​យល់​ពី​ចំណុច​នេះ។លោក​បន្តថា “ទំរាំ​បាន​ដូច​សព្វថ្ងៃ​អាយុ​ខ្ញុំ​ជាង៦០ឆ្នាំ​ហើយ ហើយ​អ្នកណា​ថា​អ្នកមាន​ស្រួល។

ចំណែក​ស្ត្រី​ដ៏​មាន​ឥ​ទ្ឋិ​ពល​ក្នុង​ពិភព​ជំនួញ​មួយរូប​ទៀត លោកជំទាវ​ឧកញ៉ា​លឹម ឈីវហូរ ក៏មាន​ប្រវត្តិ​ចាប់ផ្តើម​ការងារ​ជំនួញ​ពី​តូចតាច រហូតដល់​ក្លាយ ជា​ឧកញ៉ា និង​មាន​ក្រុមហ៊ុន​ជា​បុត្រ​ស​ម្ព័​ន្ឋ នៃ​ក្រុមហ៊ុន​អ៊ែត​វូដ​គ្រុប​មិនតិចជាង១០នោះទេ។

លោកជំទាវ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គ្មាន​អ្នកណាម្នាក់ កើតមាន​មាន​ប្រាក់​នោះទេ ដូច្នេះ​ដើម្បី​ក្លាយជា​អ្នកមាន​បាន គឺមាន​តែ​ការ​សន្សំ​ប្រាក់​ប៉ុណ្ណោះ ឧទាហរណ៍ ពីរ​នាក់​ប្តី​ប្រព​ន្ឋ​មាន​ប្រាក់ខែ​ចូលគ្នា​បាន៥០០ទៅ១០០០ដុល្លារ ពួកគេ​អាច​សន្សំសំចៃ និង​ដក​ប្រាក់​ខ្លះ​ទិញ​ផ្ទះ​ឬ​ទិញ​ដី ដើម្បី​វិនិយោគ​ឬ​សម្រាប់​រស់នៅ ព្រោះ​សម័យនេះ​ផ្ទះ​មាន​លក់​បង់​រំ​លោះ ហេតុនេះ​យើង​បាន​បង់​រំ​លោះ​បាន​ងាយស្រួល។

លោកជំទាវ​បាន​បន្តថា“បើ​យើង​សន្សំ​ប្រាក់ និង​បង់​រំ​លោះ​ផ្ទះ​ក្នុង​រយៈពេល៥ទៅ១០ឆ្នាំក្រោយ ផ្ទះ​នឹង​ឡើងថ្លៃ ពេលនោះ​យើង​អាចមាន​លុយ​ទាំង​ដុំ​កាន់​ហើយ។លោកជំទាវ​បាន​បន្តថា “ប្អូនៗអាច​ចាយវាយ និង​សន្សំ​ដោយ​អត់ធ្មត់​បន្តិច នឹង​ទទួលបាន​លុយ​ហើយ ហើយ១០ឆ្នាំក្រោយ យើង​អាចមាន​លុយ​ដើម្បី​វិនិយោគ​ហើយ”៕

បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​មាន​អ្វី​ពិសេស​សម្រាប់​អភិវឌ្ឍន៍​វិស័យ​អចល​ទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ផ្លួ​វ​ជាតិ​លេខ៥បាននិងកំពុង​ចាប់ផ្តើម​ពង្រីក ខណៈ​ខ្សែ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត មកកាន់​រាជធានី​ភ្នំពេញ​ត្រូវបាន​ត​ភ្ជាប់ ដែល​ធ្វើ​ឲ្យ​តំបន់​ភាគ​ពាយ័ព្យ​កាន់តែ​សមាហរណកម្ម​មក​ផ្ទៃក្នុង​ប្រទេស។

ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នេះ ជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​គោលនយោបាយ​ផ្លួ​វ​សូត្រ(ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ)នៃ​មហា​យក្ស​ចិន ហើយ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​កំពុង​ចាប់ផ្តើម​ធ្វើការ​ជាមួយគ្នា​កាន់តែ​សកម្ម​ជាង​មុន ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ធ្វើ​ឲ្យ​សហគមន៍​សេដ្ឋកិច្ច សង្គម វប្ប​ធ៌​ម​អាស៊ាន​កាន់តែ​រស​រវើក។

អ្នកវិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​នេះ ពិសេស​ក្រុង​ពោធិសាត់​និង​បាត់ដំបង​លោក​ឧកញ៉ា​ភួ ពុ​យ​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ខេត្តពោធិសាត់ បាត់ដំបង​មាន​សក្តានុពល​អភិវឌ្ឍ​ន៍​ខ្ពស់ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ ពិសេស​ខេត្តពោធិសាត់​ជា​ខេត្ត​មានការ​រីកចម្រើន និង​មាន​ប្រជាជនមាន​ជីវភាព​ថ្នាក់កណ្តាល​ភាគច្រើន ជាហេតុ​ធ្វើ​ឲ្យ​លោក​វិនិយោគ​សាងសង់​ផ្សារ និង​បុរី​នៅក្នុង​ទីក្រុង​នេះ។

លោក​បន្តថា “គំរោង​ស្ថាបនា​ផ្លួ​វ​ពី​ខេត្តបាត់ដំបង ឆ្លងកាត់​ខេត្តពោធិសាត់ ទៅកាន់ ខេត្តកោះកុង​នឹងធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ក្នុង​ខេត្ត ពិសេស​ការដឹកជញ្ជូន​កសិផល​កាន់តែ​ប្រសើរ។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក​ហេង សុខ​គង់​បាន​ថ្លែងថា រដ្ឋាភិបាល​គ្រោង​រៀបចំ​តំបន់ឧស្សាហកម្ម និង​សួន​ឧស្សាហកម្ម​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​នេះ ព្រោះ​កម្ពុជា​ស្ថិតនៅ​ចំណុចកណ្តាល​រវាង​ប្រទេស​ធំ​ពីរ​ក្នុង​តំបន់​គប្រ​ទេស​វៀតណាម និង​ប្រទេស​ថៃ។

ថ្នាក់ដឹកនាំ​ខេត្ត​នៅតាម​បណ្តោយ​ផ្លូវ ស្ថិតនៅ​តំបន់​ភូមិភាគ​ពាយ័ព្យ​នេះ​កំពុង​រីករាយ​នឹង​មនុញ្ញផល​នេះ។

លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងថា ការតភ្ជាប់​ផ្លូវដែក​នេះ បាន​ផលប្រយោជន៍​ច្រើនណាស់ ព្រោះ​បណ្តាញ​ផ្លូវ​នេះ​នឹង​ជួយ​សម្រាល​ការដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ៥ និង​អាច​ដឹកជញ្ជូន​កម្រិតធ្ងន់​បាន​ច្រើន កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ និង​អាចជួយ​សម្រួលការ​ធ្វើដំណើ​រ​របស់​ប្រជាពលរដ្ឋ។លោក​បន្តថា កាលពី​ជំនាន់​ទសវត្សរ៍​ទី៨០ បើ​ធ្វើដំណើរ​ពី​ក្រុង​បាត់ដំបង មកកាន់​រាជធានី​ភ្នំពេញ​ត្រូវ​ដេក​ផ្លូវ​រហូតដល់​ពីរ​យប់។

លោក​បន្តថា “ប្រសិនជា​រថភ្លើង​ដាក់​ដំណើរការ អាច​រត់​ក្នុង​ល្បឿន​លឿន នឹងមាន​មនុស្ស​ធ្វើដំនើរ​ច្រើន ហើយ​ខេត្ត​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ការឆ្លងកាត់​នេះ​នាពេល​អនាគត។

លោក​សន សៀ​ប​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​ថ្លែងថា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នា​តំបន់​ភូមិភាគ​ពាយ័ព្យ​គឺ​ក្រុង​បាត់ដំបង និង​ក្រុង​ប៉ោយប៉ែត ជា​តំបន់​មាន​សក្តានុពល​និង​ទាក់ទាញ​ជាងគេ។ ចំណែក​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​ប៉ុណ្ណោះ។លោក​បន្តថា ក្រុង​បាត់ដំបង ជា​ក្រុងមាន​សក្តានុពល និង​ជា​តំបន់​មានការ​អភិវឌ្ឍ​លំដាប់​ទី៤ បន្ទាប់ពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ ដូច្នេះ​ប្រសិន​ជាមាន​ខ្សែ​រថភ្លើង​ភ្ជាប់​ជាមួយ​ភូមិភាគ​នេះ វា​ជួយ​សម្រួល​ការតភ្ជាប់ និង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​កាន់តែ​រស​រវើក​ថែមទៀត។

លោក​បន្តថា “តំបន់​ភូមិភាគ​ពាយ័ព្យ​នឹងមាន​ការរីកចំរើន​ខ្លាំង ខណៈ​តំលៃ​ដីធ្លី​បាន​ឡើងថ្លៃ​បន្តិចម្តងៗ ប្រកបដោយ​ភាព​លំនឹង​រួចហើយ វា​មិន​ហក់​ឡើង​ខ្ពស់​ខ្លាំង​នោះទេ។លោក​បន្តថា “ខ្ញុំ​មិន​និយាយថា វា​នឹង​ក្លាយជា​តារា​រះ​ឡើង​នៅ​ភូមិភាគ​ពាយ័ព្យ​ឬ​យ៉ាងណា​នោះទេ ព្រោះ​តំបន់​នេះ​មាន​សក្តានុពល​លើ​កសិឧស្សាហកម្ម។វា​មិនមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ដូច​ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប​នោះទេ”៕

ដំណឹងរីករាយ! ទីក្រុងចំនួនបីកំពុងរៀបចំដើម្បីស្នើយូណេស្កូដាក់បញ្ចូលជាទីក្រុងបុរាណ

0

ដោយស៊ីវ ម៉េង SIV MENG

ភ្នំពេញ: អង្គុយលើកៅអីស៊ីម៉ងត៍ មុខផ្ទះសល់ពីសម័យអនានិគមរបស់ខ្លួនអ្នកស្រីព្រំ អាំងគីម តែងតែសម្រាកលំហែរពេលល្ងាច ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ឋដែលបក់ផាត់ចេញពីស្ទឹងសង្កែដែលនៅក្បែរនោះ និងគយគន់តំបូលផ្សារណាត់ជាសំណង់បុរាណធំជាងគេក្នុងទីក្រុងបាត់ដំបង។

ផ្ទះស្រ្តីសក់ល្បាយអាចម៍ខ្លារូបនេះស្ថិតនៅទល់មុខផ្សារណាត់ ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ជាសង្កាត់ដែលមានសំណង់សល់ពីសម័យច្រើនជាងគេក្នុងក្រុងបាត់ដំបង និងជាសង្កាត់ពេញនិយមជាងគេ សម្រាប់ជនបរទេសរស់នៅនិងប្រកបអាជីវកម្ម។

ស្រ្តីវ័យចំណាស់រូបនេះ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងបានមករស់នៅក្រុងបាត់ដំបងតាំងពីសម័យសង្គមរាស្រ្តនិយម ហើយបានជាប់ចិត្តនឹងទីក្រុងនេះរហូតមក ដោយអ្នកស្រីបានថ្លែងថា ពីមួយជំនាន់ទៅមួយជំនាន់ទីក្រុងនេះបានផ្លាស់ប្តូរមុខមាត់រហូត ដែលពីមុនមិនមានម៉ូតូឡានច្រើននោះទេ ប៉ុន្តែបច្ចុប្បន្នទីក្រុងនេះមានភាពរីកចំរើន។

អ្នកស្រីបានបន្តថា “ទីក្រុងនេះស្អាត ខ្ញុំចូលចិត្ត ទោះបីកូនចៅហៅទៅរស់នៅ ភ្នំពេញ ក៏ខ្ញុំមិនទៅរស់នៅដែរ ព្រោះមិនចេះរស់នៅ”។អ្នកស្រីបន្តថា “ទីក្រុងនេះមានភ្ញៀវទេសចរណ៍មកដល់កាន់តែច្រើន ព្រោះទីក្រុងនេះបន្សល់ទុកសំណង់សម័
យបារាំងច្រើន មានអាកាសធាតុល្អ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានរៀបចំឯកសារពាក់ព័ន្ឋ ដើម្បីស្នើទៅអង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនបីចូលជាទីក្រុងបុរាណ គឺទីក្រុងបាត់ដំបង ក្រុងកំពត និងទីក្រុងក្រចេះ។

លោកអឿម សុខុនប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបងបានថ្លែងថា បច្ចុប្បន្នក្រុងបាត់ដំបងមាននៅសល់ផ្ទះ ពីសម័យអាណានិគមចំនួន៨០០ផ្ទះ ដែលបាននិងកំពុងអភិរ័ក្សទុក។ ផ្ទះទាំងនោះភាគច្រើនស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់វត្តគរ ជាតំបន់ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ហើយក្រុងកំពុងរៀបចំផែនការអភិរ័ក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានឯកភ្នំ ស្ថិតក្នុងស្រុកឯកភ្នំ និងប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ផងដែរ។

លោកបន្តថា“ក្រៅពីសំណង់បេតិកភ័ណ្ឌសល់ពីសម័យអាណានិគម ក្រុងបាត់ដំបងក៏មាននៅសល់វត្តពីសម័យបុរាណជាច្រើនផងដែរ ពិសេសក្រុងមានប្លង់គោល ដែលមានសូចនាករចំនួន៧ ដើម្បីចង្អុលបង្ហាញពីការអភិវឌ្ឍផងដែរ”។លោកបន្តថា “បច្ចុប្បន្នតំបន់ដែលមានសំណង់បុរាណ ក្នុងខេត្តបានក្លាយជាកន្លែងរស់នៅ និងប្រកបអាជីវកម្មរបស់ជនបរទេសជាច្រើន ហើយភ្ញៀវទេសចរណ៍កាន់តែច្រើនបានមកទស្សនាខេត្តនេះ”។

លោករុន ភារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានថ្លែងថា ទីរួមខេត្តក្រចេះ ពិតមានសល់សំណង់សល់ពីសម័យអាណានិគមច្រើន ដូចជាផ្ទះនៅជុំវិញផ្សារ និងអាគាររដ្ឋបាលរបស់ខេត្ត ព្រមទាំងអាគាររបស់មន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងខេត្ត សុទ្ឋតែជាអាគារសល់ពីសម័យបារាំង ដែលមានការអភិរ័ក្សនិងរក្សាទុករហូតមកទល់សព្វថ្ងៃនេះ។ក្រៅពីក្រុងក្រចេះ ទីរួមស្រុកឆ្លូង ក៏មានបន្សល់នូវអាគារសម័យអាណានិគមច្រើនផងដែរ។

លោកបន្តថា “ទីក្រុងក្រចេះត្រូវតែទាក់ទាញភ្ញៀវទេសចរណ៍មកច្រើន ពិសេសភ្ញៀវមកពីអឺរ៉ុប ដោយកាលពីឆ្នាំមុនខេត្តទទួលបានភ្ញៀវអន្តរជាតិជាង២៦០០០នាក់ ក្នុងនោះបារាំងជាប់ចំណាត់ថ្នាក់លេខ១”។លោកបន្តថា “ប្រសិនជាទីក្រុងនេះ អាចចូលជាទីក្រុងបេតិកភ័ណ្ឌមែន ខ្ញុំគិតថាភ្ញៀវទេសចរណ៍នឹងមកទស្សនាខេត្តកាន់តែច្រើនថែមទៀត”។

អតីតអភិបាលខេត្តក្រចេះលោកស ចំរ៉ុងបានថ្លែងឲ្យដឹងផងដែរថា ការបញ្ចូលទីក្រុងក្រចេះជាទីក្រុងបេតិកភ័ណ្ឌលំដាប់ទី២ ជាគំរោងរបស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ដែលបានដាក់ស្នើទៅប្រមុខរដ្ឋាភិបាល ព្រោះក្រុងក្រចេះមានបន្សល់ទុននូវសំណង់ពីសម័យបារាំងច្រើន ដែលសំណង់ទាំងនោះមួយចំនួនបានវាយចោល មុនពេលលោកមកគ្រប់គ្រងខេត្តនេះ ប៉ុន្តែចាប់តាំងពីលោកបានមកដឹកនាំខេត្ត សំណង់ទាំងនោះត្រូវបានអភិរ័ក្ស ទោះបីពុយផុយ ក៏ម្ចាស់ត្រូវសាងសង់ឡើងវិញក្នុងទម្រង់ដើមដែរ។

ងាកទៅកាន់ខេត្តមាត់សមុទ្រ គឺទីក្រុងកំពត ក៏ជាទីក្រុងមានភាពទាក់ទាញ និងបន្សល់ទុកនូវអាគារសម័យអាណានិគមច្រើនផងដែរ។

បណ្តាសំណង់បន្សល់ទុកពីសម័យអាណានិគម នៅក្នុងខេត្តត្រូវបានអភិរ័ក្សទុក ដោយមិនមានការវាយចោលនោះទេ ពិសេសផ្ទះមុខងារសល់ពីសម័យបារាំង បច្ចុប្បន្នត្រូវបានរៀបចំជាសារៈមន្ទីរ ហើយសំណង់ចាស់ៗដែលមិនសូវមានសោភ័ណភាព ត្រូវបានលាបថ្នាំឲ្យមានសោភ័ណភាពស្រស់ស្អាតផងដែរ ពិសេសផ្ទះទាំងនោះត្រូវបានជនជាតិបារាំង និងជនបរទេសនានាជួលឬទិញសម្រាប់បើកជាភោជនីយដ្ឋានភាគច្រើន។

អង្គការហ្រ្វង់កូហ្វូនបានផ្តល់អនុសាសន៍ឲ្យខេត្ត ធ្វើការអភិរ័ក្សសំណង់បុរាណ និងរៀបចំផ្លូវថ្មើជើង ដើម្បីធ្វើឲ្យទីក្រុងនេះកាន់តែមានសោភ័ណភា ព និងទាក់ទាញ”។
ផ្ទះសល់ពីសម័យអាណានិគមភាគច្រើន ស្ថិតនៅក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានរៀបចំឯកសាររួចរាល់ហើយ ដើម្បីដាក់ប
ញ្ចូលទីក្រុងទាំងនេះ ជាទីក្រុងបេតិកភ័ណ្ឌឬទីក្រុងបុរាណលំដាប់ទី២របស់អង្គការយូណេស្កូ។

ងាកទៅកាន់ក្រុងបាត់ដំបងវិញ អ្នកស្រីព្រំ អាំងគីមបានថ្លែងថា ផ្ទះអ្នកស្រីមានភាពធន់ជាប់ មិនធ្លាប់បានជួសជុលនោះទេតាំងពីមករស់នៅ ហើយផ្ទះនេះមានអារម្មណ៍ត្រជាក់ត្រជុំណាស់ ខុសពីផ្ទះសម័យឥឡូវដែលងាយប្រេះជញ្ជាំង និងរបកថ្នាំព៌ណ។
អ្នកស្រីបានបន្តថា “ខ្ញុំសង្ឃឹមថាទីក្រុងនេះ នឹងទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើនទៀត បើសិនជាទីក្រុងនេះក្លាយជាទីក្រុង បេតិកភ័ណ្ឌរបស់អង្គការយូណេស្កូ”៕

ដំណឹងល្អ : ជប៉ុនបង្កើនការវិនិយោគសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : ស្របពេលដែលចំនួនវិនិយោគិនជប៉ុនមកកម្ពុជា កាន់តែមានចំនួនកើនឡើងច្រើន សាជីវកម្ម Starts (ខេមបូឌា) របស់ជប៉ុនបានអនុវត្តគម្រោងសណ្ឋាគារទី១ របស់ខ្លួនបានសម្ពោធដាក់អោយដំណើរការនូវ សណ្ឋាគារ អ៉ី មីអន ភ្នំពេញថ្មីយមួយទៀត កាលពីម្សិលមិញ។
សណ្ឋាគារនេះ បានកសាងប្រកបដោយភាពច្នៃប្រឌិត និងគិតគូរខ្ពស់ពីបរិស្ថាន ដែលមិនត្រឹមតែចូលរួមយ៉ាងសំខាន់ ដល់ការបង្កើតឱកាសការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព។


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែង ក្នុងពេលចូលរួមសម្ភោធសណ្ឋាគារខាងលើថា កិច្ចខិតខំប្រឹងប្រែងរបស់សាជីវកម្ម Starts (ខេមបូឌា) របស់ជប៉ុន លើការអភិវឌ្ឍគម្រោងសណ្ឋាគារទី១ ដែលមានឈ្មោះថា អ៉ី មីអន ភ្នំពេញ ដែលមានកំពស់១៩ជាន់ ស្មើនឹង ២៤០បន្ទប់ គឺជាការរួមចំណែកដ៏សំខាន់ដល់វិស័យសណ្ឋាគារ និងការទាក់ទាញទេសចរ និងវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្ត្រីបន្តថា តាមការព្យាករណ៍ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ១៥លាននាក់នៅឆ្នាំ២០៣០ និងអាចនាំមកនូវចំណូលសរុបប្រមាណ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ២លាននាក់។
ដោយឡែកកាលពីនៅឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ២០ម៉ឺនាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន៧៨.៣២២នាក់ កើន ២៧% និង៨ខែ ឆ្នាំ២០១៨ នេះកម្ពុជាទទួលបានទេសចរជប៉ុន ប្រមាណជាង១៣ម៉ឺននាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន៦៩,២៧៩នាក់ កើន១៣.៤%។
លោក ថោង ខុន បានបញ្ជាក់ថា ដើម្បីបន្តត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុន ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសេចក្តីព្រាង «យុទ្ធសាស្រ្តសិក្សាទីផ្សារទាក់ទាញភ្ញៀវទេសចរជប៉ុន» សំដៅទាក់ទាញ និងត្រៀមទទួលភ្ញៀវទេសចជប៉ុន ជាមួយការដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ និងការទាក់ទាញវិនិយោគបន្ថែម លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គម្រោងវិនិយោគខ្នាតធំដោយវិនិយោគិនជប៉ុន ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបមកទល់នឹងបច្ចុប្បន្នមានចំនួន៧គម្រោង (៦គម្រោង ជាការវិនិយោគអាជីវកម្មសណ្ឋាគារ និង១គម្រោង ជាការវិនិយោគរមណីយដ្ឋានទេសចរណ៍ (V-Pine Kirirom Resort)។
ក្រៅពីការវិនិយោគធំៗលើអាជីវកម្មសណ្ឋាគារ ដោយវិនិយោគគិនជប៉ុន កម្ពុជាក៏មានសណ្ឋាគារធំៗល្បីៗ ដូចជា សណ្ឋាគារ Park Hyatt, Sofitel , le Meridien, អាម៉ាន់សារា, Raffles, Marriots, Rosewood, Great Duke ជាដើម ហើយក៏មានគម្រោងវិនិយោគសណ្ឋាគារធំៗផ្សេងទៀត ទាំងនៅភ្នំពេញ សៀមរាប និងព្រះសីហនុ កំពុងដំណើរការសាងសង់ផងដែរ។ ដោយឡែក នៅតំបន់កោះក៏មានរមណីយដ្ឋានទេសចរណ៍ល្អៗជាច្រើន ដូចជា កោះសង្សារ កោះក្របី តាតៃ កោះឫស្សី កោះស្តេចជាដើម៕