ដោយៈ រ៉ាណេត
ភ្នំពេញ៖ បើអ្នកមានជំនាញច្បាស់លាស់ នៅក្នុងការប្រកបមុខជំនួញអចលនទ្រព្យអាចទំនងជាមិនសូវមានហានិភ័យនោះទេ ប៉ុន្តែបើចំពោះអ្នកដែលមានធនធានសមល្មម ហើយមានបំណងចង់វិនិយោគទៅលើវិស័យ ដែលកំពុងតែមានសក្ដានុពលមួយទាំងមិនមានភាពម្ចាស់ការ មិនមានជំនាញ ឬធ្វើឡើងទាំងភាពប្រថុយប្រថាន វាអាចជារឿងមិនសូវទទួលបានផលល្អនោះទេ។
ជាទូទៅចំពោះអ្នកធ្វើជំនួញ តែមានក្ដីរំពឹងទទួលបានប្រាក់ចំណេញពីការវិនិយោគ ខណៈដែលអ្នកវិនិយោគមួយចំនួនតូច ក៏បានធ្វើឡើងទាំងភាពប្រថុយប្រថានដូចគ្នា។ ទង្វើបែបនេះ ត្រូវបានអ្នកជំនាញគ្រើនរំលឹកថា ជាទង្វើដែលមិនគួរគប្បីនោះទេ។ ចង់ដឹងទេថា តើមុនពេលចូលប្រឡូកក្នុងវិស័យនេះគួរសិក្សា និងផ្អែកទៅលើចំណុចគន្លឹះអ្វីខ្លះ ទើបអាចទទួលបានប្រាក់ចំណេញពីការវិនិយោគ និងគេចផុតពីការខាតបង់។
-->
សិក្សាទៅលើទីតាំង
មិនថាលោកអ្នកទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញសម្រាប់ការវិនិយោគបន្តនោះទេ ចំណុចដែលគួរពិចារណាមុនគេនោះ គឺគួរតែសិក្សាឱ្យបានលម្អិតអំពីទីតាំងជាមុនសិន។ ត្រូវដឹងពីព័ត៌មាននានាឱ្យបានច្រើនបំផុត ដូចជា បរិយាកាសទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាពងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសសេវាសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។
ប្រៀបធៀបព័ត៌មាន
នៅពេលបានសិក្សាលម្អិត និងទទួលបានព័ត៌មានពាក់ព័ន្ធទាំងអស់ ដូចបានរៀបរាប់ខាងនេះហើយ លោកអ្នកអាចយកព័ត៌មានទាំងនោះទៅពិចារណា ដោយធ្វើការប្រៀបធៀបគ្នាជាមួយទីតាំងផ្សេងទៀត ដែលស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកថា តើតំបន់ ឬទីតាំងណាមួយ ដែលមានភាពទាក់ទាញ មានការចាប់អារម្មណ៍ច្រើនជាង ដោយដោយសំអាងទៅលើចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់ ដែលជាចំណុចសំខាន់។
ភាពចាំបាច់នៃការទិញលំនៅដ្ឋាន
ការទិញលំនៅដ្ឋានសម្រាប់វិនិយោគ ដើម្បីទទួលបានចំណេញ ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់ លើការទិញទុកវិនិយោគនោះ ដូចជាមិនសូវបញ្ហានោះទេ ប៉ុន្តែបើចំពោះអ្នកវិនិយោគដោយការបង់រំលស់ ឬពឹងផ្អែកទៅលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុ គួរតែគិតឱ្យបានដិតដល់ ដែលវាអាចជាពីបញ្ហាហានិភ័យខ្ពស់ និងអាចកើតមានជាយថាហេតុដោយប្រការណាមួយ។

ដូច្នេះលោកអ្នកគួរតែមានការត្រៀមទុក នូវដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុឱ្យបានរួចរាល់ជាស្រេច។ ចំណុចសំខាន់ និងចាំបាច់មួយចំណុចទៀតគឺប្រភពចំណូលដែលត្រៀមបង់រំលស់ប្រកបដោយស្ថិរភាព។
ពិគ្រោះយោបល់ជាមួយអ្នកជំនាញ
ដើម្បីជួយឱ្យការទិញសម្រាប់វិនិយោគរបស់លោក អ្នកអាចមានភាពរលូនទៅបាន លោកអ្នកគួរតែរកអ្នកជំនាញផ្នែកវិស័យនេះ ដើម្បីជួយផ្តល់ជាយោបល់មុនពេលសម្រេចចិត្តទិញ ពីព្រោះថាការសុំពិគ្រោះពីសំណាក់អ្នកជំនាញ ក្រៅពីអាចជួយកាត់បន្ថយហានិភ័យហើយនោះ ថែមទាំងធ្វើឱ្យការទិញ-លក់លំនៅដ្ឋានរបស់លោកអ្នកមានភាពជឿជាក់ និងប្រាកដថាការសម្រេចចិត្ត មិនត្រូវធ្វើឡើងទាំងភាពប្រថុយប្រថាននោះទេ៕