គំរោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលចំនួន៩នឹងសាងសង់ក្នុងអាណត្តិថ្មីនេះ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ : ក្នុងគោលដៅពង្រីកសក្តានុពល និងជំរុញកំនើនសេដ្ឋកិច្ចជាតិ ព្រមទាំងសមាហរណគម្មផ្ទៃក្នុងកម្ពុជា និងតំបន់ រដ្ឋាភិបាលបាននិងកំពុងរៀបចំនិងឈានទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៩ទៀត ដែលចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។


គំរោងដែលប្រកាសដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងស្ថិតក្នុងការសិក្សាជាច្រើនរួមមាន ទី១ គំរោងពង្រីកផ្លូវជាតិលេខ២ ទី២ គំរោងពង្រីកផ្លូវជាតិលេខ៣ ទី៣ ការស្ថាបនានិងលើកកំពស់ផ្លូវជាតិលេខ៤ ទី៤ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ទី៥ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ទី៦ ការសាងសង់ស្ពានចេញពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ក្នុងស្រុកល្វាឯម ទី៧ ការសាងសង់ស្ពានភ្ជាប់ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ ទី៨ គំរោងតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងទី៩ គម្រោងសាងសង់ផ្លូវចេញពីតំបន់សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុង ដែលបច្ចុប្បន្នការសិក្សាបាននិងកំពុងជិតបញ្ចប់ហើយ។


តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីម សូរិយាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងធំៗទាំងនេះបាននិងកំពុងសិក្សា និងគំរោងខ្លះបានសិក្សាចប់ហើយ និងមានថវិកាសម្រាប់សាងសង់ហើយ ដូចជាគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលចិនលើទឹកប្រាក់២៥៩លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខារួចហើយ។ ចំណែកគំរោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុក៏ត្រៀមសាងសង់នៅចុងឆ្នាំនេះផងដែរ។


លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាការចូលរួមអភិវឌ្ឍន៍ជាតិ ព្រោះបើយើងចង់ឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនទៅមុខ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿ
ងចាំបាច់ និងត្រួវតែធ្វើ”។លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ រដ្ឋាភិបាលត្រូវការចំណាយច្រើនណាស់”។

ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍន៍ លោកបណ្ឌិតម៉ី កល្យាណបានថ្លែងឲ្យដឹងផងដែរថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំមួយនៅក្នុងសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងរៀបចំនិងអភិវឌ្ឍន៍លើវិស័យនេះហើយ ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនិមួយៗ ត្រូវចំណាយពេលយូរ ហេតុនេះការពន្លឿនការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យនេះជារឿងចាំបាច់មួយ។


លោកបន្តថា “ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ យើងត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីសេដ្ឋកិច្ចរបស់យើងមានសន្ទុះកំនើនថែមទៀត ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាតម្លៃនៃសេដ្ឋកិច្ច ជាតម្លៃនៃការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕

លោកឧកញ៉ាលឹម ហេងៈការចាប់ផ្តើមពង្រីកទំនាក់ទំនងជាមួយអារ៉ាប់រួមជាចំណុចចាប់ផ្តើមដ៏ប្រសើរ

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្របពេលទំនាក់ទំនងរវាងរដ្ឋាភិបាល និងសហព័ន្ឋអារ៉ាប់រួមកាន់តែពង្រីកនិងពង្រឹង លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា នេះជាជំហ៊ានដ៏ប្រសើរ ដើម្បីចាប់ផ្តើមនូវការពង្រីកការអភិវឌ្ឈកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ វិច្ឆិកានេះថា ការចាប់ផ្តើមទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាការចាប់ផ្តើមនូវការជំរុញនិងផ្លាស់ប្តូរពា ណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកបន្តថា អ្វីៗចាប់ផ្តើមដំបូងគឺជាចំណងដៃ បីដូចយើងទៅលេងផ្ទះគេ គឺតែងតែទិញអំណោយជូនម្ចាស់ផ្ទះដូច្នេះដែរ ដូច្នេះចំណងដៃដែលអារ៉ាប់រួមផ្តល់ឲ្យយើង ជាចំណងដៃដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។


កាលពីសប្តាហ៍មុនព្រះអង្គម្ចាស់Amed Dalmook Al Maktoum ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន ព្រះអង្គម្ចាស់បានប្រកាសផ្តល់ឲ្យកម្ពុជា ធ្វើការនាំចេញទំនិញទៅលក់នៅសហព័ន្ឋអារ៉ាប់រួមតម្លៃ៥០០លានដុល្លារ ដោយមិនយកពន្ឋ ហើយព្រះអង្គម្ចាស់ក៏មានបំណងវិនិយោគលើវិស័យឧស្ម័ន អចលនទ្រព្យ និងវិស័យជាច្រើនទៀតនៅកម្ពុជាផងដែរ។

លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងទៀតថា ការពិតទំនាក់ទំនងពា ណិជ្ជកម្មរវាងប្រទេសទាំងពីរកន្លងមក និងជាមួយបណ្តាប្រទេសនៅពិភពអារ៉ាប់ជាច្រើនទៀតនៅមានកម្រិត ប៉ុន្តែប្រទេសទាំងពីរមានសក្តានុពលជាច្រើនទៀត ក្នុងការពង្រីកទំហំពាណិជ្ជកម្ម ពិសេសវិស័យកសិកម្មកម្ពុជាមានសក្តានុពលក្នុងការនាំចេញ ព្រោះប្រ
ទេសអារ៉ាប់រួម ត្រូវការផលិតផលកសិកម្មច្រើន។

ចំណុចពិសសមួយទៀត អារ៉ាប់រួមមានបទពិសោធន៍ច្រើនលើការអភិវឌ្ឍវិស័យប្រេង និងឧស្ម័ននានា ហេតុនេះកម្ពុជាអាចសហការជាមួយពួកគេដោយរឿងនេះ ព្រោះកម្ពុជាទោះជាបានអភិវឌ្ឍន៍វិស័យនេះក្តី តែយើងមិនទាន់អាចយកធនធានទាំងនោះបាននៅឡើយ។

លោកបន្តថា អ្នកវិនិយោគពីអារ៉ាប់ពួកគេអាចមកស្វែងយល់ថា កម្ពុជាអាចទទួលយកសាសនាពួកគេបានឬទេ ព្រោះបញ្ហាសាសនាក៏ជារឿងមួយធំផងដែរ ប៉ុន្តែកម្ពុជាមានភាពអំណោយផល ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាប្រកាសហើយថា កម្ពុជាមិនមានការប្រកាន់សាសនាណាមួយនោះទេ គឺយើងជាប្រទេសបើកចំហទាំងសិទ្ឋនៃជំនឿ និងសេដ្ឋកិច្ច៕

មុន​ដំណាច់ឆ្នាំ​អាគារ​ការិយាល័យ​ចំនួន៤ទៀត​នឹង​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​តម្រូវ​ការកើនឡើង បានធ្វើ​ឲ្យ​មាន​កំនើន​វិនិយោគ​លើ​អាគារ​ការិយាល័យ ជាក់ស្តែង​អាគារ​ការិយាល័យ​កម្រិត​Bចំនួន​បួន​ទៀត នឹង​បើក​ដំណើរការ​នៅមុន​ដំណាច់​ឆ្នាំនេះ។

អាគារ​ការិយាល័យ​កម្រិត​B ទាំង​បួន​នោះ​រួមមាន East Commercial Center, Diamond Twin, E.Sun Tower និង Elysee។ ការផ្គត់ផ្គង់​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ទំហំ​ការិយាល័យ​ជួល​នៅ ភ្នំពេញ កើនឡើង​ដល់​ជិត៤០០ ០០០ ម៉ែត្រការ៉េ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodiaបាន​រកឃើញថា ការិយាល័យ​ដែល​កំពុង​ប្រើប្រាស់ និង​ដាក់​ជួល​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី ៣ ឆ្នាំ ២០១៨ នេះ​បាន​កើនឡើង​តិចតួច បើ​ធៀប​នឹង​ត្រីមាស​ទី ២ ខណៈ​អត្រា​ប្រើប្រាស់​មាន​ជាង៨៦ភាគរយ។របាយការណ៍​ដដែល​បាន​បង្ហាញថា ក្នុង​ត្រីមាស​ទី ៣ អគារ​ការិយាល័យ Keystone ដែលមាន​ទំហំ​ជាង១៥,០០០ ម៉ែត្រការ៉េ ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​អគារ​ការិយាល័យ​កម្រិត​A មាន​អត្រា​ប្រើប្រាស់​ប្រហែល៦៨ភាគរយ កម្រិត​Bមាន​អត្រា​ប្រើប្រាស់៨៨ភាគរយ និង​កម្រិត C មាន​អត្រា​អ្នកប្រើប្រាស់​រហូតដល់៩២ភាគរយ។

ទាក់ទង​តម្លៃ​ជួល​វិញ​របាយការណ៍​របស់​CBRE Cambodiaបាន​ឲ្យ​ដឹងថា ក្នុង​ត្រីមាស​ទី៣ មិនមាន​ការប្រែប្រួល​នោះទេ បើ​ធៀប​នឹង​ត្រីមាស​ទី២ ដោយ​ការិយាល័យ​កម្រិត​A មានតម្លៃ​ចន្លោះ​ពី ២៨-៣៨ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ សម្រាប់​រយៈពេល ១ ខែ កម្រិត B តម្លៃ​ពី១៨-២៨ ដុល្លារ និង​កម្រិត C តម្លៃ​ពី ១០-១៨ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

ចក្រភព​អង់គ្លេស ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ចំនួន​បី​ដើម្បី​ចូលរួម​ជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Chris Pook បានបង្ហាញ​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាព និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង់គ្លេស និង​កម្ពុជា។

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក លោក Chris Pookបាន​ឲ្យ​ដឹងថា ចក្រភព​អង់គ្លេស​មានបំណង ផ្តល់នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោងសំខាន់ៗនៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការលើកកម្ពស់​សុខមាលភាព​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា។

មន្ត្រីជាន់ខ្ពស់​ចក្រភព​អង់គ្លេស​រូបនេះ​បាន​បន្ថែមទៀតថា ក្រៅពី​វិស័យ​អទិភាព​ខាងលើ អង់គ្លេស​ក៏មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត (Smart City) នៅក្នុង​ប្រទេស​កម្ពុជា និង​នៅតាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន មាន​វិនិយោគិន​អង់គ្លេស​ជាច្រើន កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ មកកាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ចេតនា​របស់​ចក្រភព​អង់គ្លេស និង​បាន​ពន្យល់​ដល់​លោក Chris Pook អំពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧ​ស្សហកម្ម និង​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការទាក់ទាញ​វិនិយោគិន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​បែក​ចែក​កំណើន​ប្រកបដោយ​សមធម៌។

លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ចក្រភព​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់ (Belt & Road) របស់​ប្រទេស​ចិន និង​ធ្វើ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី (FTA) ជាមួយ​កម្ពុជា ដើម្បី​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ នៅ​ក្នុងនោះ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា បាន​កើនឡើង​ពី​ទឹកប្រាក់៧៥២លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១៤ ដល់​ទឹកប្រាក់១,០១៤លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១។ ទន្ទឹមគ្នានេះ​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​អង់គ្លេស (FDI) មក​កម្ពុជា​កាលពី​ឆ្នាំ២០១៧ មាន​ចំនួន៥៥លាន​ដុល្លារ ដែល​ធ្វើឱ្យ​អង់គ្លេស​ស្ថិត​នៅតែ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ចំនួន១០ដែល​បាន​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា៕

ដំណឹងល្អ : ក្រុមហ៊ុនចិនចំនួន៣បោះទុនជិត៤០០លានដុល្លារវិនិយោគសណ្ឋាគារនៅក្រុងព្រះសីហនុ

0

ដោយ : វុត្ថា
ភ្នំពេញ : ឆ្លើយតបកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ និងកង្វះបន្ទប់សណ្ឋាគារជាប្រចាំ ក្រុមហ៊ុនចិនចំនួនបីបានប្រកាសវិនិយោគ ទឹកប្រាក់៣៨៨លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារកម្រិតផ្កាយ៥នៅក្រុងជាប់មាត់សមុទ្រនេះ។


យោងតាម facebook page ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនបរទេសចំនួន៣ ដូចជាក្រុមហ៊ុន “PRINCE HUAN YU REAL ESTATE” គម្រោងសាងសង់ អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ដែលមានចំនួន២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.៦៨១កន្លែង។


ក្រុមហ៊ុន“XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង។ និងក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២៧,៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង៕

 

អ្នកវិនិយោគក្នុងស្រុកកំពុងប្រែក្លាយទីប្រជុំជនផ្សារព្រែកអញ្ចាញកាន់តែរសរើក

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ស្របពេលផ្លូវជាតិលេខ៦អាបានបញ្ចប់ការសាងសង់ បានធ្វើឲ្យការតភ្ជាប់ពីតំបន់នានានៅតាមបណ្តោយផ្លូវនេះ មកកាន់ក្រុងភ្នំពេញកាន់តែមានភាពងាយស្រួល ដែលធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបានឆ្ពោះទៅតំបន់នេះ។


អ្នកវិនិយោគក្នុងស្រុកមួយរូប លោកឧកញ៉ា លី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប ​បាននិងកំពុងឆ្ពោះទៅកាន់តំបន់នេះ តាមរយៈការវិនិយោគបុរីវិមានភ្នំពេញមង្គលរតនៈ ដើម្បីប្រែក្លាយតំបន់នេះក្លាយជាសហគមន៍ដ៏ស៊ីវិល័យមួយ។
លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា តំបន់នេះនឹងមានការរីកចម្រើនលឿន ពិសេសបុរីវិមានភ្នំពេញមង្គលរតនៈ នឹងធ្វើឲ្យតំប​ន់​នេះមានរបៀបរៀបរយ និងមានសួនច្បារ កន្លែងហាត់ប្រាណ និងមានផ្លូវថ្មើជើង ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានរបៀបរៀបរយ និងស៊ីវិល័យមួយ។
លោកបន្តថា “វានឹងក្លាយជាទីប្រជុំជន ដែលបង្ហាញពីការរីកចម្រើនមួយនៅតំបន់នេះនាពេលអនាគតឆាប់ៗនេះ”។

ប្រធានផ្នែកទីផ្សារនៃគំរោងបុរីវិមានភ្នំពេញមង្គលរតនៈ អ្នកនាង ឆាយ ស៊ីណា បាន​មានប្រសាសន៍ឲ្យដឹងថា គំរោងនេះនឹងក្លាយជាសហគមន៍ធំមួយនៅតំបន់នេះ ដោយសា​រតំបន់នេះជាទីប្រជុំជនស្រាប់ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មកកាន់ក្រុងភ្នំពេញមាន​ភាពងាយស្រួល ដែលបានធ្វើឲ្យអ្នកវិនិយោគជាច្រើន បានមកសាងសង់បុរីនៅតំបន់នេះ ព្រោះនាពេលអនាគតតំបន់នេះនឹងមានភាពរីកចម្រើនលឿន និងកាន់តែរសរវើក។
អ្នក​នាងបន្តថា “រហូតមកទល់ពេលនេះ លំនៅដ្ឋានក្នុងគំរោងនេះលក់អស់ប្រមា​ណ២០ភាគរយហើយ នៅក្នុងគំរោងដំណាក់កាលទី១ ក្នុងចំណោមគំរោងទាំងមូលដែលមានលំនៅដ្ឋានសរុបជាង៣០០០ល្វែង”។អ្នកនាងបន្តថា “គំរោងនេះក្រៅពីលំនៅដ្ឋាន​ ក៏មានសួនច្បារ ក្លឹបហាត់ប្រាណ សាលរៀបចំអាពាហ៍ពិពាហ៍ និងផ្ទះបែបអាជីវកម្មជាដើម”។
លំនៅដ្ឋានក្នុងបុរីនេះមានតម្លៃចាប់ពី៤៦,០០០ ដល់ជាង២១ម៉ឺនដុល្លារអាស្រ័យលើទីតាំង និងប្រភេទផ្ទះនិមួយៗ។
អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា ដោយសារមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានលក្ខខ័ណ្ឌអាកាសធាតុអំណោយផល បានធ្វើឲ្យមានការវិនិយោគលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មកាន់​តែច្រើននៅតំបន់នេះ ដែលធ្វើឲ្យតំបន់នេះនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត។
អ្នកនាងបន្តថា “បច្ចុប្បន្នទាំងអ្នកវិនិយោគក្នុងស្រុក ពិសេសអ្នកវិនិយោគចិនបាននិងកំពុង​វិនិយោគ និងកំពុងស្វែងរកឳកាសវិនិយោគនៅតំបន់នេះផងដែរ”៕

កម្ពុជា-ចិន ចាប់ផ្តើមសិក្សាផ្លូវច្បាប់ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជា និងប្រទេសចិន ចាប់ផ្តើមសិក្សាស្រាវជ្រាវលើទិដ្ឋច្បាប់ពាក់ព័ន្ធវិនិយោគបន្ថែមទៀត ដើម្បីបើកផ្លូវឲ្យមានការវិយោគពីប្រទេសចិន មកកាន់ប្រទេសកម្ពុជាបានកាន់តែច្រើន ស្របពេលដែលទំនាក់ទំនង និងពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ចំនុចកំពូល។


សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនចិន និងជាប្រធានគណៈ​កម្មាធិការធម្មនុញ្ញ និងច្បាប់លោកលី ហ្វីបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា ដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសិក្សាផ្លូវច្បាប់វិនិយោគរបស់ប្រទេសកម្ពុជាអោយបានច្បាស់លាស់ ដើម្បីយើងជួយផ្សព្វផ្សាយដល់អ្នកវិនិគិនចិន អោយមកបណ្តាក់ទុនវិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការអោយដឹងពីលោក កឹម សាន្ត នាយករងនៃខុទ្ធកាល័យសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។


លោកបន្តថា “គណៈកម្មនីតិកម្មនៃប្រទេសទាំងពីរ កំពុងតែសិក្សាឲ្យបានស៊ីជម្រៅលើច្បាប់វិនិយោគនៃប្រទេសប្រទេសចិន និងកម្ពុជាទៅវិញមក ព្រោះថានៅក្នុងគោលនយោបាយផ្លូវមួយ និងខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន តម្រូវឲ្យមានមជ្ឈមណ្ឌលដោះស្រាវវិវាទពាក់ពាន់នឹងពាណិជ្ជកម្មណាមួលដែលកើតឡើង”។
លោកបន្តថា ជាមួយគ្នានោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ហ្វី សមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិនថា បានរួមចំណែកពូនជ្រុំទំនាក់ទំនង មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងសភាប្រទេសទំាងពីរ ដើម្បីស្វែងយល់និងចែករំលែកបទពិសោធន៍ អំពីការងារនីតិកម្ម ការកសាងច្បាប់។


សម្តេចបានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” កំពុងទទួលបានផ្លែផ្កាលើគ្រប់វិស័យ”។
សម្តេច ហេង សំរិនបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី ពីចិនមកកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រទេសចិនបានក្លាយជាដៃគូរពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១នៅកម្ពុជា។ ចំណែកកម្ពុជាវិញ កាលពីថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រាក់យន់ចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា។
សម្តេចបានបន្តថា “នេះជាយន្តការ ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព”៕

ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​មិនទាន់​ចប់​ធ្វើ​ឲ្យ​ការសាងសង់​ស្ពាន​អាកាស​ចោមចៅ​ត្រូវ​ពន្យា​ពេល

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោង​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ​កន្លែង​ដែលមាន​ការកកស្ទះ​ចរាចរ​ជាប្រចាំ បាននិងកំពុង​ពន្យា​ពេល ដោយសារ​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​មិនទាន់​បញ្ចប់។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឈាង ប៊ុន​ថា បាន​មានប្រសាសន៍​ឲ្យ ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៨ វិច្ឆិកា​នេះ​ថា ការសាងសង់​ស្ពាន​នេះ​មិនទាន់​អាច​ចាប់ផ្តើម​នៅឡើយ​ទេ ដោយសារ​ការដោះស្រាយ​ផលប៉ះពាល់ ជាមួយ​ប្រជាពលរដ្ឋ​មិនទាន់​បញ្ចប់ ប៉ុន្តែ​លោក​រំពឹងថា ការសាងសង់​អាច​នឹង​ចាប់ផ្តើម នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ។លោក​បន្តថា កាលពី​ម្សិល​ម៉ិ​ញ​អាជ្ញាធរ​ខ័​ណ្ឌ បាន​ចុះ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​មិនទាន់​ដឹងបាន​ទទួល​ល​ទ្ឋ​ផល​បែបណា​នៅឡើយ​ទេ។

លោក​បន្តថា “ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ជា​រឿង​លំបាក ហេតុនេះ​ទើប​គំរោង​មិនទាន់​អាច​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​បាន។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ស្រដៀង​គ្នា​ថា ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​កំពុង​ប្រព្រឹត្តិ​ទៅ ដូច្នេះ​នៅពេល​វា​បញ្ចប់​ពេលណា ការសាងសង់​នឹង​ចាប់ផ្តើម​ភ្លាម ព្រោះ​គំរោង​នេះ​បាននិងកំពុង​ក្លាយជា​គំរោង​អាទិភាព​មួយ ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍។

រង្វង់​មូល​ចោមចៅ ជា​ចំណុច​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ផ្លូវ​វេ​ង​ស្រេង និង​ផ្លូវជាតិ​លេខ៣ និង​លេខ។

សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ករ​ដ្ឋា​ន​សាងសង់​ស្ពាន​នេះ​កាលពី​ថ្ងៃទី២៩ មិថុនា ឆ្នាំ ២០១៨កន្លងមកនេះ ប៉ុន្តែ​ដោយសារ​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​មិនទាន់​បញ្ចប់ ទើប​គំរោង​នេះ​មិនទាន់​អាច​ចេញដំណើរ​សាងសង់​រហូតមកទល់​ពេលនេះ៕

ក្រុង​សៀមរាប នឹងមាន​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី បន្ទាប់ពី​ក្រសួង​វិនិយោគ១៥លានដុល្លារ​ដើម្បី​ស្ថាបនា​ជួសជុល

0

ដោយ វុត្ថា

ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​ក្រុង​សៀមរាប ដែល​នឹងមាន​ផ្លូវ​ស្អាត​ទាំងអស់​នៅក្នុង​ក្រុង បន្ទាប់ពី​មានការ​រិះគន់​ពី​វិស័យ​ឯកជន ទាក់ទង​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ទីក្រុង​ដ៏​ល្បី​នេះ មាន​សភាព​ទ្រុឌទ្រោម​និង​តំបន់​ខ្លះ​ជា​ផ្លូវដី ដែល​គ្មាន​ការ​ថែ​រទាំ​ពី​អាជ្ញាធរ​ក្រុង​និង​ក្រសួង​សាធារណៈការ។

ឆ្លើយតប​បញ្ហា​នេះ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​ចំណាយ​ថវិកាប្រមាណ១៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួសជុល​ផ្លូវ​ខ្នែង​ចំនួន៥២ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ៦ និង​ផ្លូវ១១ខ្សែ នៅក្នុង​ខេត្តសៀមរាប ហើយនឹង​ត្រូវ​សាងសង់​ក្នុងពេលឆាប់ៗ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់ ខេត្ត​មួយ​នេះ ឱ្យ​ស័​ក្កិ​សមជា​ខេត្ត​ទេសចរណ៍​មួយ​យ៉ាងសំខាន់។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប​កាលពី៦ ខែវិច្ឆិកា​កន្លងមក​ថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិភាក្សា​រក​នីតិវិធី​ក្នុង​ការស្តារ​ផ្លូវថ្នល់​ដែល​ខូចខាត​ទ្រុឌទ្រោម​ដោយ​កត្តាផ្សេងៗ ពិសេស​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សំដៅ​ធានា​ឱ្យ​ការគ្រប់គ្រង​ផ្លូវថ្នល់​មាន ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត​នេះ។

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​មន្ទីរ និង​ភាគី​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា​ឱ្យបាន​ល្អ​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឱ្យធ្វើ​របាយការណ៍​រួមមួយ​ដាក់ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា ប្រមាណ១៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើ ម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន៥២ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ៦ និង​ផ្លូវ១១ខ្សែ​ទៀត​ក្នុង​ខេត្តសៀមរាប ឱ្យបាន​ឆាប់​តាម​ដែល​ធ្វើទៅបាន។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​គម្រោង​ដាក់ឱ្យ​ដំណើរការ Road Care App នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ទាំងឡាយ​នៃ​ផែនការ១០០ថ្ងៃ នៅក្នុង​អាណត្តិ​ទី៦នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ប្រជាពលរដ្ឋ​អាច​ទាញយក​កម្មវិធី​នេះ​ថត​យក​រូបភាព ផ្លូវ​ខូច​ឬ​ជង្ហុក​សំបុកមាន់ ហើយ​បញ្ជូន​រូបភាព​នោះ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ទាប់មក​តាម​រយៈ​រូបភាព​នោះ មន្ត្រី​ពាក់ព័ន្ធ​អាច​ដឹង​ពី​ទីតាំង​ពិតប្រាកដ ហើយ​ធ្វើការ​ជួសជុល បាន​ទាន់ពេលវេលា ដើម្បី​បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ។

ជាមួយគ្នានេះ​ផងដែរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ ការដឹកជញ្ជូន​លើស​ទម្ងន់​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ដាក់បញ្ចូល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជា សមាជិក​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បានផ្តល់​ជញ្ជីង​ចល័ត​ចំនួន​ពីរ​គ្រឿង ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ខេត្តសៀមរាប​ឱ្យមាន​ការរីកចម្រើន​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ ឱ្យ​ស័ក្តិ​សមជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាងសំខាន់៕

លោកបណ្ឌិតគីម ហ៊ាងពន្យល់ពីក្រុមហ៊ុនអចលនទ្រព្យធំៗនឹងលេបក្រុមហ៊ុនតូចៗ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យកាន់តែមានភាពប្រកួតប្រជែង ហើយការនាំចូលFranchiseក្រុមហ៊ុនធំៗចូលមកម្ពុជាកាន់តែច្រើន អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងពីរលកថ្មីមួយក្នុងវិស័យនេះ ដោយអះអាងថា ក្រុមហ៊ុនធំៗនឹងលេបក្រុមហ៊ុនអចលនទ្រព្យតូចៗនាពេលអនាគត។

លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រយៈពេលបីឆ្នាំខាងមុខ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យតូចៗ ដែលមានបុគ្គលិកចន្លោះពី២០ ទៅ៣០នាក់នឹងស្លាប់ដោយខ្លួនឯង ប្រសិនជាពួកគេមិនជ្រកក្រោមស្លាកឬទិញFranchiseពីក្រុមហ៊ុនធំៗ ដើម្បីធ្វើប្រតិបត្តិការទេនោះ។

លោកបានលើកជាឧទាហរណ៍ថា នៅពេលអ្នកអភិវឌ្ឍន៍បុរី ឬខុនដូមួយ ត្រូវការក្រុមហ៊ុនមួយ ដែលដើរតួនាទីជាភ្នាក់ងារលក់គំរោងរបស់ពួកគេ ពួកគេនឹងជ្រើសរើសយកក្រុមហ៊ុនដែលមានបុគ្គលិក ឬអ្នកលក់២០០ទៅ៣០០នាក់ ពួកគេមិនរើសក្រុមហ៊ុនដែលមានភ្នាក់ងារលក់២០ទៅ៣០នាក់នោះទេ។

លោកគីម ហ៊ាងបានបន្តថា “នេះជានិន្នាការទីផ្សារសេរី អ្នកខ្លាំងរស់ អ្នកខ្សោយនឹងស្លាប់ដោយខ្លួនឯង ហេតុនេះជម្រើសល្អគឺក្រុមហ៊ុនតូចៗត្រូវរំលាយ ឬមកជ្រកក្រោមស្លាកក្រុមហ៊ុនធំៗ”។

បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន បានចូលមកកាន់ទីផ្សារកម្ពុជា ដូចជា Century21 Cambodia, ERA, CBRE, Knight Frank, Keller Williamជាដើម ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានទំនុកចិត្ត ព្រមទាំងចរិកនៃការប្រកួតប្រជែងកើនឡើង។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ក្រុមហ៊ុនអាមេរិកធំៗ មុនចូលមកកម្ពុជាពួកគេបានសិក្សាទីផ្សារ៤ទៅ៥ឆ្នាំមុន ទើបពួកគេសម្រេចចិត្តចូលមក ហេតុនេះនៅពេលពួកគេចូលមកដល់ មានន័យថាទីផ្សារនេះរៀបរយសម្រាប់ពួកគេរួចហើយ។លោកបន្តថា អ្នករកស៊ីអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណ នឹងកាត់បន្ថយ ហើយពួកគេនឹងរត់មករកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណដោយខ្លួនឯង នៅពេលទីផ្សារកាន់តែមានទំនុកចិត្តជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ និងមានកេរ្ត៍ឈ្មោះល្បីនៅលើពិភពលោក៕