ដោយ គង់ សូរិយា
ភ្នំពេញៈ គំរោងខ្សែរ៉ត ជិះកម្សាន្ត ដែលផ្នែកមួយនៃគំរោងវិនិយោគតម្លៃ៥០០លានដុល្លារអាមេរិក របស់ក្រុមហ៊ុនជប៉ុន A2A Town Cambodia បាននិងកំពុងសាងសង់ និងត្រៀមដាក់ឲ្យដំណើរការជាផ្លូវការនាពេលខាងមុខ។
នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia លោកហ៊ិន សុជាតិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ ឧសភានេះថា គំរោងរៀបចំខ្សែរ៉តជិះកម្សាន្តនេះ បាននិងកំពុងត្រៀមដំណើរការនាពេលឆាប់ៗខាងមុខនេះ។ ខ្សែរ៉តជិះកម្សាន្តនេះមានប្រវែងជាង៣០០ម៉ែត្រ ដែលមានកំពស់ ១០ម៉ែត្រ ដោយសារស្ថានភាពទីតាំង មិនអំណោយផលដល់ការសាងសង់ខ្សែរ៉តមានកំពស់ខ្ពស់បាន។
-->
លោកបន្តថា “គំរោងខ្សែរ៉តជិះកម្សាន្តនេះ ជាផ្នែកមួយនៃគំរោងវិនិយោគជំហ៊ានទី១ ដែលមានតម្លៃជាង៥០០លានដុល្លារអាមេរិក ខណៈគំរោងដទៃទៀតបាននិងកំ ពុងដំណើរការបណ្តើរៗ”។ លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា ដើម្បីសាងសង់ទីលានវាយកូនហ្គោល និងតំបន់កម្សាន្តដទៃទៀត”។
ក្រុមហ៊ុន A2A Town Cambodia បានទទួលការអនុញ្ញាត្តពីរដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគរមណីយដ្ឋានគិរីរម្យ សម្រាប់តំបន់កម្សាន្តនិងជាផ្ទះទី២របស់ជនជាតិជប៉ុន ដោយរហូតមកទល់បច្ចុប្បន្នក្រុមហ៊ុននេះ ក្រុមហ៊ុនបានសាងសង់ផ្ទះតង់ ផ្ទះប្រអប់ វីឡាស្វីត និងវីឡាបែបលំហែរជាច្រើន សំរាប់ជួលនិងលក់ជូនអ្នកវិនិយោគ ឬអ្នកមានបំណងរកសេវាកម្មលំហែរនៅចុងសប្តាហ៍របស់ពួកគេ៕



