អាគារ​កប់​ពពក THAI BUNRONG ផ្លាស់ប្តូរ​ដៃគូ​វិនិយោគ​ខណៈ​ការបុកគ្រឹះ​ទប់​ដី​បានបញ្ចប់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អាគារ​ភ្លោះ​ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កប់​ពពក​លំដាប់​ពិភពលោក Thai Bunrong Twin Tower បាន​ផ្លាស់ប្តូរ​ដៃគូ​វិនិយោគ​របស់ខ្លួន​ហើយ ខណៈ​ការបុក​គ្រឹះ​សាងសង់​ជញ្ជាំង​ទប់​ដី​បានបញ្ចប់​មុន​ផែនការ។

យោងតាម​ប្រភព​ព៌​ត​មាន​គួរ​ឲ្យ​ទុកចិត្តបាន ដែល​គេហទំព័រ Propertyarea.asia ទទួលបាន​នា​រសៀល​ថ្ងៃទី៧ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា CMT Cosmo Pte, Ltd Group ជាថ្មី​របស់​ក្រុមហ៊ុន​ដៃគូ​ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង ខណៈ​ដំបូង​ឡើយ​ក្រុមហ៊ុន​នេះ​បាន​ចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​កំពស់៥៦១ម៉ែត្រ​នេះ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ស្ថាបត្យករ​ចូលរួម​គូ​ប្លង់​គំរោង​នេះ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Thai Bunrong Group ដែលជា​អ្នក​អភិវឌ្ឍន៍​គំរោង​នេះ​មិនបាន​ឆ្លើយតប​សំណួរ​សុំ​ការពន្យល់​បានទេ។

ទាក់ទង​នឹង​ការសាងសង់​អាគារ​នេះ លោក​ទួ​ស សា​ភឿន​បាន​ឲ្យ​ដឹងថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​លំដាប់​ពិភពលោក ដែល​ធ្លាប់មាន​បទពិសោធន៍​សា​ង​សង់​អាគារខ្ពស់ៗមកពី​បួន​ប្រទេស កំពុង​សិក្សា​ពី​ការសាងសង់​អាគារ​នេះ។លោក​បន្តថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​ចូលរួម​គូរ​ប្លង់​អាគារ​ភ្លោះ​កប់​ពពក​នេះ​មាន​មកពី​ប្រទេស​បារាំង សហរដ្ឋអាមេរិក ប្រទេស​ចិន និង​ក្រុម​ស្ថាបត្យករ និង​វិស្វករ​ពោរពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍​កម្ពុជា​ជាច្រើនរូប​ផងដែរ។

លោក​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា  រហូតមកទល់​ពេលនេះ ក្រុម​អ្នកជំនាញ​និង​ក្រុមហ៊ុន បានសម្រេច​បន្ថែម​កំពស់​អាគារ​នេះ ដល់​កំពស់៥៦១ម៉ែត្រ និង​បង្កើន​ទុនវិនិយោគ​ផ្នែក​សំណង់​រហូតដល់​ជាង៣០០០លាន​ដុល្លារ​អាមេរិក និង​ជាង៣០០០លាន​ដុល្លារ​ទៀត នឹងត្រូវ​ប្រើប្រាស់​ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​រស​រវើក។

លោក​បន្តថា “ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នេះ មិនមាន​ការប្រែប្រួល​ទេ។ វា​នឹង​ជា​មោទនភាព និង​ជា​កិត្យានុភាព​សម្រាប់​កម្ពុជា​នៅលើ​ពិភពលោក។លោក​បន្តថា “មិនមាន​ប្រទេស​ទាំងអស់​អាចមាន​សម​ត្ថ​ភាព​សាងសង់​ទេ ជួនកាល​ពួកគេ​មាន​លុយ តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះឡើយ។

លោក​បន្តថា “យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​អាគារ​នេះ មាន​ភាព​ភាព​អស្ចារ្យ មិនមែន​រាប់បញ្ចូល​អង់​តែ​ន​នោះទេ គឺ​កំពស់​ជាង៥០០ម៉ែត្រ​នេះ ជា​អាគារ​ដែល​អាច​ប្រើប្រាស់​បាន​ដល់​ចំណុចកំពូល។

ទោះជា​យ៉ាងណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង ពី​ពេលវេលា​ជាក់លាក់​នៃ​ការចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ទេ ដោយបាន​ថ្លែងថា ក្រុមហ៊ុន​កំពុង​ជ្រើសរើស​រក​ពេលវេលា​សមស្រប​មួយ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaអ្នកនាង​អាន សុធី​តា​បាន​ថ្លែងថា ការសាងសង់​អាគារ​ដ៏​ធំ​នេះ ជា​រឿង​ល្អ​មួយ ប៉ុន្តែ​បើ​គិតពី​ទំហំ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទំហំ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ វា​ហាក់​ធំ​ពេក ប៉ុន្តែ​បើ​គិតពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សម្រាប់​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ ទំហំ​អាគារ​នេះ​មិនធំ​នោះទេ។

អ្នកនាង​បន្តថា “វា​ជា​មោទនភាព​សម្រាប់​កម្ពុជា បើសិនជា​អាគារ​នេះ​សាងសង់​បាន​ដោយ​ជោគជ័យ”៕

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ស្នើ​ឲ្យ​ក្រុមហ៊ុន Hitachi បង្កើត​រោងចក្រ​នៅ​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក​ចម ប្រ​សិ​ទ្ឋ​បានស្នើ​ឲ្យ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Hitachi បង្កើត​រោងចក្រ​ផលិត​ផលិតផល​នេះ​នៅ​កម្ពុជា ដើម្បី​លក់​នៅ​កម្ពុជា និង​អាច​នាំចេញ​ដោយ​រួច​ព​ន្ឋ​ផងដែរ។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Hitoshi Ito នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Hitachi Co,Ltd នៅ​ទីស្តីការក្រសួង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក​លោក​ចម ប្រ​សិ​ទ្ឋ​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន Hitachi Co,Ltd គឺជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បី​របស់​ជប៉ុន ដោយ​ផលិត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព ដូចជា​គ្រឿង​អេឡិចត្រូនិក និង​អគ្គិសនី​ជាដើម ដូច្នេះ​ដើម្បី​ឲ្យ​ផលិតផល​នេះ​មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា កាន់តែ​ទូលំទូលាយ ក្រុមហ៊ុន​គួរ​បង្កើតជា​កម្មវិធី​តាំង​ពិ​ព័រ​ណ៌ ឬ​បង្កើតជា​បន្ទប់​តាំង​បង្ហាញផ្សេងៗ ដើម្បី​ជម្រុញ​ការធ្វើ​ចរាចរ​ផលិតផល​នេះ​ឲ្យ​កាន់តែ​ប្រសើរ។

លោក​បន្តថា ដើម្បី​ឲ្យ​ផលិតផល Hitachi មាន​ស្ថិរភាព​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ក្រុមហ៊ុន​គួរ​បង្កើត​រោងចក្រ​ផលិត ឧបករណ៍​ម៉ាក​Hitachiនៅ​កម្ពុជា​តែម្តង ព្រោះ​ក្រោយពី​ផលិត​រួច​ផលិតផល​នេះ មិន​ត្រឹមតែ​សម្រាប់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​អាច​នាំ​ផលិតផល​របស់ខ្លួន លក់​ចេញទៅ​ផ្សារ​ក្រៅប្រទេស​បាន ដោយ​រួច​ពន្ធ​ក្នុងការ​នាំចេញ​ផងដែរ។

កន្លងមក​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​ការិយាល័យ​ប្រកាសនីយ៍បត្រ​តក្កកម្ម​ជប៉ុន​រួចហើយ ដែល​ការចុះ​អនុស្សរណ​នេះ​ធ្វើឡើង​ក្នុង​បំណង​ធ្វើ​កិច្ចប្រតិបត្តិការ ចុះបញ្ជី​ការពារ​នូវ​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន​នៅ​កម្ពុជា ដែលជា​ឧបករណ៍​ផ្លូវច្បាប់​មួយ​ក្នុង​កិច្ចការពារ​លួច​ចម្លង​ស្នាដៃ និង​ការច្នៃប្រឌិត​ថ្មី​របស់​តក្កករ ដែលជា​ម្ចាស់​នៃ​អ្នក​រកឃើញ​បច្ចេកវិទ្យា​អ្វីមួយ។

លោក Hitoshi Ito នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Hitachi Co,Ltd បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​នឹងធ្វើ​ការពិនិត្យ​ពិចារណា ស្រប​ពេលដែល​បរិយាកាស​វិនិយោគ និង​សក្តានុពល​របស់​កម្ពុជា កាន់​តែមាន​លក្ខណៈ​អំណោយផល​ល្អប្រសើរ។    ជាមួយគ្នានេះ​លោក​ក៏បាន​បង្ហាញ​នូវ​ការភ្ញាក់ផ្អើល ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​យ៉ាង​រហ័ស​នៃ​សេដ្ឋកិច្ច និង​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

តាមរយៈ​នេះ​លោក​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ ក្នុងការ​ទទួលបាន​ភា​ព​គាំទ្រ​បន្ថែមទៀត​លើ​ទីផ្សា​កម្ពុជា ចំពោះ​ផលិតផល​ម៉ាក Hitachi៕

សម្តេច​តេ​ជោ​ប្រាប់​ឲ្យ​ព​ន្លឿ​ន​ការចចា​ជាមួយ​កូរ៉េ​ដើម្បី​ពង្រីក​ផ្លូវជាតិ​លេខ2

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ លោក​ស៊ុន ចាន់ថុល​ព​ន្លឿ​ន​ការចចា​ជាមួយ​ភាគី​កូរ៉េ ដើម្បី​ព​ន្លឿ​ន​ការជួសជុល​និង​ពង្រីក​ផ្លូវជាតិ​លេខ2។

ក្នុង​ដំណើរ​តាម​រថយន្ត​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង២ម៉ឺន​នាក់​នៅ​ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ព​ន្លឿ​ន​ការចចា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី ព​ន្លឿ​ន​ការពង្រីក​ផ្លូវជាតិ​លេខ២ ដែលជា​ផ្លូវ​សំខាន់​មួយ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ស្រុក​គិរីវង្ស ខេត្តតាកែវ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម។ សម្តេច​តេ​ជោ​បាន​សម្តែង​ការងឿងឆ្ងល់ និង​មិន​សប្បាយចិត្ត ចំពោះ​ភាពយឺតយ៉ាវ​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ២នេះ។

សម្តេច​បន្តថា “ស្ថានភាព​ក្នុង​ខេត្តតាកែវ​បាន​ប្តូរ​អស់ហើយ មិន​ដូច​ពីមុន​នោះទេ អ្វី ដែល​មិន​ប្តូរ​គឺមាន​តែ​ផ្លូវជាតិ​លេខ២ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការសិក្សា​ដើម្បី​ចាប់ផ្តើម​សាងសង់ និង​ពង្រីក​ផ្លូវជាតិ​លេខ២បានបញ្ចប់​ហើយ ដោយ​ការសាងសង់​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩ខាងមុខនេះ ដោយ​គំរោង​នេះ​ស្ថិតក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ។

លោក​បន្តថា “បច្ចុប្បន្ន​មន្ត្រី​ពាក់​ព័​ន្ឋ​កំពុង​ដោះស្រាយ ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ មុនពេល​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់”៕

ដំណឹង​ល្អ! គំរោង​រៀបចំ​កែលំអរ និង​លើក​កំពស់​ផ្លូវជាតិ​លេខ៤ នឹង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​អះអាងថា ការកែលំអរ​និង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ៤ នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​ឬ​ដើមឆ្នាំ២០១៩ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​ថា ផ្លូវជាតិ​នេះ​នឹងមិន​មានការ​ពង្រីក​ទេ ប៉ុន្តែ​ក្រសួង​នឹង​ចាក់​នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហម ដែលមាន​នាពេល​បច្ចុប្បន្ននេះ និង​លើក​កំពស់​តួ​ផ្លូវ​នៅ​តំបន់​ស្ពាន​គគីរ និង​ស្ពាន​សំរោង ដែល​តែងតែ​ប្រឈមមុខ​នឹង​ការ​លិច​ទឹកជំនន់​ទឹកភ្លៀង​ពេល​រដូវវស្សា​ចូលមក​ដល់ម្តង។លោក​បន្តថា គំរោង​នេះ​គ្រោង​ចំណាយ​ថវិកា១០០លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារពិភពលោក។

លោក​បន្តថា “យើង​អាច​និយាយបានថា ការសិក្សា​ដើម្បី​ចាក់​កៅស៊ូ និង​លើក​កំពស់​តួ​ផ្លូវ​នៅ​តំបន់​ទាំងពីរ​បានបញ្ចប់​ហើយ ហេតុនេះ​គំរោង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​នឹង​អាច​ដំណើរការបាន​ឬ​អាច​ចាប់ផ្តើម​ឆ្នាំក្រោយ។

ផ្លូវជាតិ​លេខ៤ជា​ផ្លូវ​ដ៏​សំខាន់​មួយ ដែលជា​ការតភ្ជាប់​បណ្តា​ញ​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់ ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ។ ផ្លូវ​នេះ​មាន​ប្រវែង​ជាង១១០គីឡូម៉ែត្រ។

ការប្រកាស​ពី​ការរៀបចំ​លើក​កំពស់​តួ​ផ្លូវ និង​ចាក់​កៅស៊ូ​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​នេះ បានប្រកាស​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្នុងកំឡុងពេល​លោក​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​ហូរ​កាត់​និង​បង្អាក់​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ៕

ចំនួន​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត នឹង​កើន​ឡើងដល់ ៣០ទីតាំងនៅ​ឆ្នាំ២០១៩

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ចំនួន​កាស៊ីណូ​បាន​កើនឡើង​ខ្ពស់​នៅ​ក្រុង​ប៉ោយប៉ែត ដែល​រហូត​មកទល់ពេលនេះ​ទីក្រុង​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នេះ មាន​កាស៊ីណូ​នឹង​កើនឡើង​ដល់២០ទីតាំង​ហើយ និង​កើន​ដល់៣០នា​ឆ្នាំ​ខាងមុខ។

អ្នកវិនិយោគ​ក្នុងស្រុក​មួយរូប លោក សុខ ហ៊ាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា រហូតមកទល់​ពេលនេះ ក្រុង​ប៉ោយប៉ែត​មាន​កាស៊ីណូ​សរុប​ចំនួន២០ទីតាំង​ហើយ និង​រំពឹង​កើន​ដល់៣០ទៅ​ទីតាំងនៅ​ឆ្នាំ២០១៩ខាងមុខនេះ។លោក​បន្តថា កាស៊ីណូ​ទាំងនោះ​វិនិយោគ​ដោយ​អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកវិនិយោគ​បរទេស​ដូចជា ជនជាតិ​ចិន ថៃ ម៉ាឡេស៊ី​ជាដើម។លោក​បន្តថា អ្នក​មកលេង​កាស៊ីណូ​ភាគច្រើន​នៅ​ក្រុង​ប៉ោយប៉ែត ជា​ជនជាតិ​ថៃ និង​ជនជាតិ​ចិន និង​ជនបរទេស​ដទៃទៀត។

រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ជាតិ អន្តរជាតិ​បង្វែរ​ការសាងសង់​កាស៊ី​ណូ​ទៅកាន់​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ និង​កម្ពុជា​វៀតណាម ជាក់ស្តែង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​ជា​តំបន់​មាន​កាស៊ីណូ​ច្រើនជាងគេ។ ក្រៅពីនេះ​កម្ពុជា​ក៏មាន​ការវិនិយោគ​កាស៊ីណូ នៅ​តំបន់ភ្នំ​ដិ​ន ស្រុក​គិរីវង្ស ខេត្តតាកែវ ព្រំប្រទល់​កម្ពុជា វៀតណាម និង​នៅ​ព្រំដែន​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​ជាដើម។

លោក សុខ ហ៊ាង បាន​បន្ត​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មានការ​រីកចម្រើន​យ៉ាង​លឿន​លើ​វិស័យ​ក្រៅពី​កាស៊ីណូ ដោយ​វិស័យ​អចលនទ្រព្យ​បាន​កើនឡើង​ខ្ពស់ ដែល​រហូត​មកទល់ពេលនេះ បុរី​លំនៅដ្ឋាន​ចំនួន៨បានបញ្ចប់​ការសាងសង់ និង​បុរី​ជាច្រើន​ទៀត​កំពុង​សាងសង់។លោក​បន្តថា ក្រៅពី​បុរី​លំនៅដ្ឋាន​ក្រុង​ប៉ោយប៉ែត ក៏​កំពុងមាន​ការសាងសង់​ខុន​ដូ​កំពស់​កប់​ពពក និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប​ផងដែរ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្រុង​ប៉ោយប៉ែត​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដោយ​បច្ចុប្បន្ន​ចំនួន​កាស៊ីណូថ្មីៗជាច្រើន បាននិងកំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​កើនឡើង​កាន់តែច្រើន​នាពេល​អនាគត។

លោក​បន្តថា កំនើន​នៃ​ការវិនិយោគ បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​មាន​កំនើន​ខ្ពស់ និង​មានការ​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ ដែល​បច្ចុប្បន្ន​ក្រុង​នេះ​មាន​អាគារ​កំពស់២០ជាន់​ជាច្រើន និង​នៅ​ឆ្នាំ២០១៩ខាងមុខ ក្រុង​នេះ​អាចមាន​ការសាងសង់​អា​គារ​កំពស់២០ ទៅ៣០ជាន់​កាន់តែច្រើន៕

អស្ចារ្យ! ចិន​វិនិយោគ​ប្រាក់ ១១,២ពាន់​លាន​ដុល្លារ​សង់​ព្រលានយន្តហោះ​ថ្មី​ដែលអាច​ទទួល​អ្នកដំណើរ១០០លាន​នាក់

0

ដោយ វុត្ថា

ភ្នំពេញ៖ ដើម្បី​ពង្រីក​ម​ធ្យោ​យ​បាយ​ដឹកជញ្ជូន ក៏ដូចជា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​ចិន​បាន និង​កំពុង​វិនិយោគ​ទឹកប្រាក់១១,២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយ ដែលមាន​សមត្ថភាព​អាច​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់ ១០០លាន​នាក់​ក្នុង​មួយឆ្នាំ។

បច្ចុប្បន្ននេះ ប្រទេស​ចិន​កំពុង​សម្រុក​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ ដែល​ស្ថិត​នៅជាប់​ព្រុំប្រទល់​ទីក្រុង​ប៉េកាំង និង​ទីក្រុង Langfang នៃ​ខេត្ត Hebei។ ព្រលាន​យន្ត​អន្តរជាតិ​នេះ គឺជា​ព្រលានយន្តហោះ​ធំ​លំដាប់​ទី ២ បន្ទាប់ពី​ព្រលានយន្តហោះ​មួយទៀត​ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង។

ព្រលាន​ហោះ​នេះ ត្រូវបាន​គេ​ប្រកាស​សាងសង់​ផ្លូវការ នៅក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១៤ នេះ  ហើយ​គ្រោង​នឹង​បញ្ចប់​និង​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ចុងឆ្នាំ ២០១៩ខាងមុខនេះ។ ព្រលានយន្តហោះ​នេះ សាងសង់​នៅក្នុង​ទំហំ​ដី ៧០០,០០០ ហិកតា  នឹង​ក្លាយជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ ដែលមាន​ចំណត​រហូត២៦០ ។

ម្យ៉ាងទៀត នៅពេល​សាងសង់​រួចរាល់​ហើយ​នោះ ព្រលានយន្តហោះ​អន្តរជាតិ​នេះ នឹង​ក្លាយជា​ព្រលាន ដែល​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។ បន្ថែម​ពីនេះ​គេ​នឹង​សាងសង់​បន្ថែម​នូវ​ផ្លូវ​យន្តហោះ រត់​អោយបាន៧ខ្សែរ​នាពេលខាងមុខ​ទៀត ដើម្បី​អាច​ផ្ទុក​យន្តហោះ​ចុះចត​បាន​ចំនួន៦២០,០០០ និង​អ្នកធ្វើដំណើរ​ចំនួន ១០០លាន​នាក់​ក្នុង​មួយឆ្នាំ។ គម្រោង​ថវិកា​ក្នុងការ​សាងសង់​ព្រលានយន្តហោះ​នេះ គ្រោង​ចំណាយ​អស់​ចំនួណ១១,២ ពាន់​លាន​ដុល្លារ រួម​ជាមួយនឹង​ការសាងសង់​ត​ភ្ជាប់​ផ្លូវ​រថភ្លើង ចូលទៅក្នុង​ព្រលាន​ផងដែរ៕

កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ជាមួយ​សហព័ន្ធ​អារ៉ាប់​រួម ដើម្បី​ពង្រីក​ឧត្តមភាព​សេដ្ឋកិច្ច

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាននិងកំពុង​ចាប់ផ្តើម​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​ជាមួយ​សហ​ព័​ន្ឋ​អារ៉ាប់​រួម ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយ​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​មួយ​នេះ ដើម្បី​ពង្រីក​កាលានុវត្តន៍​ភាព​របស់​ខ្លួន។

សមាជិក​រាជវង្ស ឌូ​បៃ នៃ​សហព័ន្ធ​អារ៉ាប់​រួម ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នា​ព្រឹក​ថ្ងៃទី៦ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា សហ​ព័​ន្ឋ​អារ៉ាប់​រួមមាន​បំណង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ថែមទៀត និង​គ្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ព្រះអង្គ​បាន​បន្តថា សហ​ព័​ន្ឋ​អារ៉ាប់​រួម​នឹង​ផ្តល់ជូន​ឥណទាន​កម្ចី (Credit line) ចំនួន៥០០លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល​ពី​សហព័ន្ធ អារ៉ាប់​រួម ហើយនឹង​សិក្សា​លទ្ធផលផ្សេងៗទៀត ដើម្បី​ធ្វើការ​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយគ្នានេះ​ព្រះអង្គម្ចាស់ Amed Dalmook Al Maktoumក៏បាន​អញ្ជើញសម្តេច​តេ​ជោ​ហ៊ុន សែន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហ​ព័​ន្ឋ​អារ៉ាប់​រួម ដើម្បី​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រ៉ឹង​មាំ​ថែមទៀត។

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ព្រះអង្គម្ចាស់ និង​ប្រជាជន ក៏ដូចជា សហព័ន្ធ​អារ៉ាប់​រួម ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ផង ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា និង​ជួយ​ដល់​កុមារកំព្រា​ផង។ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​មានប្រសាសន៍​ផងដែរ​ថា ក្នុងករណី​ដែល​បាន វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់បន្ថយ​ក្នុងការ​កាប់​ឈើ​ធ្វើ​អុស​ដុត​ផង ហើយក៏​ជួយ​ក្នុងការ គ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ ។

ស​ម្ដេចក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​អម្ចាស់​ផងដែរ ចំពោះ​ការផ្ដល់​ឥណទាន​កម្ចី (Credit line) ចំនួន៥០០លាន​ដុល្លារ សម្រាប់​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អារ៉ាប់​រួម ហើយ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការអញ្ជើញ​សម្ដេច​ទៅ​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម ដោយ​សម្ដេច​បញ្ជាក់ថា នឹង​ពិនិត្យមើល​ពេលវេលា​ដ៏​សមស្រប​មួយ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ។

ពាក់ព័ន្ធ​ឥណទាន (Credit line) 500 លាន​ដុល្លារ​នោះ សម្ដេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗទៀត ដើម្បី​រក​ចំណុច​ណាមួយ​ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ៕

ដើមខែ​វិច្ឆិកា៖ CDC អនុម័ត​គំរោង​វិនិយោគ​ចំនួន៦ ដែលមាន​តម្លៃ​ទឹកប្រាក់ ១៧៣លាន​ដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់ CDC បានអនុម័ត​យល់ព្រម​ចុះបញ្ជីរ​វិនិយោគ​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម និង​សណ្ឋាគារ​ចំនួន៦ ដែលមាន​ទុនវិនិយោគ​ជាង ១៧៣លាន​ដុល្លា​អាមេរិក។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ដែល Propertyarea.asia ទើប​ទទួលបាន​នា​រសៀល​ថ្ងៃទី៦ វិច្ឆិកា​នេះ​ឲ្យ​ដឹងថា នៅក្នុង​វិ​ច្ឆ​កា ឆ្នាំ២០១៨នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៦ ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​គម្រោង​វិនិយោគ​លើ​ផ្នែក​ឧស្សាហកម្ម និង​ស​ណ្ឋា​ការ ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ លើ​ផ្នែក​សេដ្ឋកិច្ចកម្ពុជា​បន្ថែម។

ក្រុមហ៊ុន​ទាំង៦នោះ មានដូចជា ទី១ ក្រុមហ៊ុន LING XIU INT’L គ្រោង​សាងសង់ និង​បង្កើត​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៦សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​សរុប​មាណ​ជិត៦៩លាន​ដុល្លារ​អាមេរិក។ ក្រោយពី​ការសាងសង់​រួច សណ្ឋាគារ​មួយ​ត្រូវការ​កំលាំង​ពលកម្ម​ប្រមាណ១៣៣កន្លែង ជាពិសេស​បាន​ចូលរួមចំណែក​ដ៏​សំខាន់ ក្នុងការ​បម្រើសេវា​ដល់​វិស័យ​ទេសចរ។

ទី២ ក្រុមហ៊ុន NORO MALL ដែល​កំពុង​វិនិយោគ​ផ្សារ​ទំនើប Noro Mall មាន​ទីតាំង​ស្ថិត សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ក្នុង​ទឹកប្រាក់​ចំនួន៩,២លាន​ដុល្លារ​អាមេរិក។ ទី៣ ក្រុមហ៊ុន CATH PHARMA គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ថ្នាំពេទ្យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលមាន​ទុនវិនិយោគ​ចំនួន ៦,៣ លាន​ដុល្លារ​អាមេរិក​ផងដែរ។

ទី៤ ក្រុមហ៊ុន CHNEITEC RENEWABLE មាន​គម្រោង​សាងសង់​ស្ថានីយ៍ ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​ក​ម្លាំ ៦០មេ​ហ្គា​វ៉ា​ត់ គ្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង៥៨ លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៥ ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ និង​ផលិតផល​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ គ្រោង​វិនិយោគទុន​ប្រមាណ​ជាង២៦លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

និង​ទី៦ក្រុមហ៊ុន SAIER (CAMBODIA) GARMENT ដែលមាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​វិញ គ្រោង​វិនិយោគទុន​ប្រមាណ​ជាង ៤លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ទាំងនេះ​ក្រោយពី​ការសាងសង់ និង​ដាក់​ឲ្យ​ដំណ់​ការ​ជា​ផ្លូវការ​នោះ ក្រុមហ៊ុន​ទាំងនេះ ត្រូវការ​កំលាំង​ពលកម្ម​ចូលរួម​ក្នុង​វិស័យ​ការងារ​ជិត២ពាន់​កន្លែង​ផងដែរ៕

មហាយក្សចិនដាក់ចេញយុទ្ឋសាស្រ្តថ្មីក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ បណ្តាប្រទេសនានា

0

ដោយ : វុត្ថា
ភ្នំពេញៈ ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក មេដឹកនាំកំពូលរបស់ប្រទេសចិនបានសន្យាថា នឹងខិតខំកាត់បន្ថយអត្រាពន្ធគយថែមទៀត សម្រាប់ប្រទេសដែលជាគូទាំងអស់ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។


តាមការព្យាករណ៍ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនឡើងរហូតដល់៣០ទ្រីលានដុល្លារអាមេរិក ហើយសេវាកម្មក៏នឹងមានការកើនឡើងដល់១០ទ្រីលានដុល្លារអាមេរិក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍អន្តរជាតិនាំចូលចិន (China’s International Import Expo) ដែលមានការចូលរួមពីនាយកដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកកាលពីទី៥ ខែវិច្ឆិកា ម្សិលមិញនេះបានអះអាងបន្ថែមទៀតថា គោលជំហររបស់ប្រទេសចិន គឺបន្តការពារនូវបទប្បញ្ញតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគាំទ្ររាល់កំណែទម្រង់របស់អង្គការមួយនេះ ដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការធ្វើពាណិជ្ជកម្មប្រកបដោយស្មើភាព និងតម្លាភាព។
លោកបន្តថា «ប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក និងជាទីផ្សារដ៏ធំ ដែលមានសក្តានុពលអតិថិជន១,៣០០លាននាក់ ដូច្នេះចិននឹងពង្រឹងគោលនយោបាយបើកចំហរ ហើយបន្តរៀបចំពិព៌ណនាំចូលអន្តរជាតិចិននេះ ឱ្យកាន់តែធំឡើង​ៗរៀងរាល់ឆ្នាំ»។


ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំនេះ បានរៀបចំនៅលើផ្ទៃក្រឡា៣០ម៉ឺនម៉ែត្រការ៉េ ដែលមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុប ចំនួន ១៧២ នៅក្នុងនោះមានក្រុមហ៊ុន សហគ្រាសចំនួន៣,៦០០ក្រុមហ៊ុន ដែលមានអ្នកបញ្ជាទិញធំៗក្នុងពិភពលោកជាង៤០ម៉ឺននាក់។
សម្រាប់ប្រទេសកម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន១០ និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិផងដែរ៕

តោះ​មក​ឈ្វេងយល់​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ពិនិត្យ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ ឲ្យ​បាន​ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ ជាពិសេស​ធ្វើ​ឲ្យ​ប្រាកដថា​ការ​វិភា​ជ​ន៌​ថវិកា ពិតជា​ឆ្លើយតប​ទៅនឹង​វិស័យ​ជា​អាទិភាព​របស់​ជាតិ  ដែលជា​ចលករ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា បន្ទាប់ពី​ទទួលបាន​ពី​រដ្ឋាភិបាល មុននឹង​ដាក់ជូន​រដ្ឋ​សភា​ពិភាក្សា​និង​អនុម័ត​នាពេល​ខាងមុខនេះ។

លោក​ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក៏បាន​ឲ្យ​ដឹងថា ថវិកា​ឆ្នាំ២០១៩ នឹង​ដើរតួនាទី​ជា​ឧបករណ៍​គោលនយោបាយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត​នូវ “ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩-២០២៣” និង “យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤” ដើម្បី​បន្ត​រក្សា​ស្ថិរភាព​នយោបាយ បន្ត​ពង្រឹង​និង​ពង្រីក​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ បន្ត​រក្សាបាន​នូវ​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង​ធានាបាន នូវ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​គ្រឹះ គឺ​ការធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​វែង មាន​អត្រា​ខ្ពស់​ប្រមាណ៧%ក្នុង​មួយឆ្នាំ នៅលើ​មូលដ្ឋាន​ទូលាយ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាង​មុន។

តួអង្គ​សំខាន់​មួយរូប​ទៀត ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់ថា ការកសាង​សេចក្តីព្រាងច្បាប់​ហរិញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ២០១៩នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីទុកចិត្ត​ដ៏​ច្រើន លើសលប់​របស់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល មកពី​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ កាលពី​ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​នេះ មាន​គោលដៅ​គាំទ្រ ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការអនុវត្ត​អាទិភាព​គោលនយោបាយសំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្តែង​នានា ដែល​នឹងត្រូវ​ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ២០១៩ ដែលជា​ឆ្នាំ​ទី១នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦ ឱ្យសម្រេចបាន​នូវ​លទ្ធផល​ផ្លែផ្កា​ជា​អតិបរមា​ជូន​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ។

សម្តេច​អ​គ្គមហាព​ញ្ញាច​ក្រហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើង​ដែរ​ថា ថវិកាជាតិ​ឆ្នាំ២០១៩ ត្រូវបាន​គិតគូរ​ដោះស្រាយ និង​ត្រូវបាន​វិភា​ជ​ន៌​សម្រាប់​វិស័យ​អាទិភាព នៃ​គោលនយោបាយ​ជាតិសំខាន់ៗជា​សារ​វ័​ន្ត។ “យើង​ចាត់ទុកថា ថវិកាជាតិ​ឆ្នាំ២០១៩ នេះ ជា​ឧបករណ៍​នៃ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័​ក្ត​សិទ្ធ​ភាព ក្នុងការ​ថែរក្សា​ការពារ និង​ពង្រឹង​ថែមទៀត​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​សម្រេច​បានក​ន្ល​ង​មក ក៏ដូចជា​បន្ត​ចាក់គ្រឹះ​រឹងមាំ សម្រាប់​បម្រើ​ឲ្យ​ការអភិវឌ្ឍ​របស់​កម្ពុ​ជាត​ទៅមុខទៀត។

សម្តេច​ក៏បាន​សាទរ​ចំពោះ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​ដោយ​ជោគជ័យ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ នៅក្នុង​នីតិកាល​ទី៥ នៃ​រដ្ឋសភា​កន្លងមក ដោយ​រក្សាបាន​នូវ​សុខសន្តិភាព​ស្ថេរភាព​នយោបាយ និង​ការឯកភាព​ជាតិ សម្រេចបាន​នូវ​សូចនាករ​សង្គមសំខាន់ៗ ដូចជា វិស័យ​អប់រំ សុខាភិបាល សម្រេចបាន​លទ្ធផល​ល្អ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់​ជា​មធ្យម​ក្នុង​រង្វង់៧ភាគរយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ក្រោម១០ភាគរយ ដែលជា​មធ្យម​ជាង១ភាគរយ​ក្នុង​មួយឆ្នាំ ជាពិសេស​បាន​កសាង និង​ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈានទៅ​កា្ល​យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ៕