ដំណឹងល្អ! បារាំងនឹងសិក្សាពីលទ្ឋភាពពង្រីកផ្ទៃក្រឡាក្រុងភ្នំពេញបន្ថែមទៀត

0

ដោយ : រ៉ាវី
ភ្នំពេញ : មន្រ្តីជំនាញជាន់ខ្ពស់នៃប្រទេសបារាំង បានយល់ស្របទៅតាមសំណើររបស់លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ទៅលើការសិក្សាគម្រោងពង្រីករាជធានីភ្នំពេញ ឱ្យមានទំហំធំជាងពេលបច្ចុប្បន្ន ខណៈដែលកំណើនរបស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកវិនិយោគចម្រុះជាតិសាសន៍ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។


ការយល់ស្របតាមសំណើរខាងលើនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ឃួង ស្រេង ដោយអមដំណើរដោយលោក ចែម វីឌ៉្យា​ ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​សាធារណ​រដ្ឋ​បារាំង និងគណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ ចូលជួប​ជាមួយ​លោកស្រី Pauline CARMONA អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី នៃ​ក្រសួង​កិច្ចការ​បរទេស​សាធារណរដ្ឋ​បារាំង។​
ក្នុង​ជំនួប​ពិភាក្សា​ការងារ លោក ឃួង ស្រេង បានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងបានថ្លែង​អំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូច​ជា​ទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជា​បន្តបន្ទាប់​ រួម​មានទាំងជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ​ក៏ដូច​ការ​បណ្ដុះបណ្ដា​ល​​ធនធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានីភ្នំពេញ ក្នុង​ក្រមខណ្ឌកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​នាពេល​កន្លង​មក។


ឆ្លៀតក្នុងឱកាស​នោះផងដែរ លោកក៏បាន​ស្នើដល់ក្រសួង​កិច្ចការបរទេស​នៃ​សាធា​រណ​រដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី បន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងកម្ពុជា-បារាំង និង​រាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាចជួយឲ្យរាជធានី​ភ្នំពេញ​អាច​ក្លាយជាទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាតវៃ​នាពេល​អនាគត។
ជាកិច្ចឆ្លើយតប លោកស្រី Pauline CARMONA ក៏បានសន្យាផ្តល់មន្ត្រីជំនាញរបស់ខ្លួនចុះធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតាមតំបន់ជាយរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍ និងពង្រីកទំហំរាជធានីភ្នំពេញឱ្យធំជាងពេលបច្ចុប្បន្ន ជាពិសេសនៅតំបន់ភាគខាងត្បូង ឱ្យក្លាយជាទៅជាតំបន់ទីក្រុងបៃតង និងជាទីក្រុងឆ្លាតវៃ (smart city) ដែលមា​នប្រមូលផ្តុំទៅដោយអាគារធំៗទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ជាដើម។

បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្ទៃក្រឡាសរុប៦៧៨គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ២លាននាក់។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានព្យាករណ៍ថា ទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅកើនឡើងដល់៤,៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលជាពេលវេលាធ្វើឲ្យទីក្រុងនេះកាន់តែមមាញឹក និងប្រឈមមុខនឹងការកកស្ទះ​ចរាចរកាន់តែខ្លាំង៕

ដំណឹង​ល្អ! ផ្លូវ​ពី​ស្រុកស្រែ​អំបិល​ទៅកាន់​ខេត្តកោះកុង​នឹង​ជួសជុល​ចប់​មុនពិធីបុណ្យ​សមុទ្រ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្តកោះកុង បាន​ធានា​អះអាងថា បច្ចុប្បន្ននេះ ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ​រដ្ឋបាលខេត្ត​កោះកុង បាននិងកំពុង​ព​ន្លឿ​ន​ជា​រៀងរាល់ថ្ងៃ នូវ​ការងារ​ជួសជុល​ផ្លូវ​ពី​ស្រុក​ស្រែអំបិល​ទៅកាន់​ទី​រួម​ខេត្តកោះកុង ដើម្បី​ឲ្យ​រួចរាល់​ស្រេចបាច់​មុន​ពិធីបុណ្យ​សមុទ្រ​មកដល់​នាពេលខាងមុខ។

ការ​ព​ន្លឿ​ន​ការជួសជុល​នេះ ដើម្បី​ឆ្លើយ​តទៅ​នឹង​ការព្រួយបារម្ភ​មួយចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ អំពី​បញ្ហា​ផ្លូវ​ធ្វើដំណើរ​ទៅ​ទស្សនា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឲ្យ​ដឹង នៅក្នុង​កិច្ចប្រជុំ​លើក​ទី៣ ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៧ នៅ​សាលា​ខេត្តកោះកុង នា​ថ្ងៃទី៤ ខែវិច្ឆិកា​ម្សិលមិញ​នេះ​ថា“ជាការ​ពិតណាស់ យើង​ឃើញ​នៅតាម​ការដ្ឋាន​ជួសជុល​ផ្លូវ​ជាច្រើន​កន្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤៨ ក្នុង​នោះគេ​ឃើញ​មាន​មន្ត្រី​ជំនាញ បុគ្គលិក​បម្រើការ​តាម​ការដ្ឋាន និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ​យ៉ាង​មមាញឹក។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ទៀតថា ជាមួយគ្នានេះដែរ ក្រុមការងារ​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​តម្រូវការ​នានា ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​គ្រោង​មកលេង​កម្សាន្ត​នាពេលខាងមុខ ដោយ​ធ្វើយ៉ាងណា​រៀបរយ​ស្រេចបាច់​មុន​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ​ឈានចូល​មកដល់។

 

នៅសល់​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​លើក​ទី៧ នៅ​ខេត្តកោះកុង នឹង​ឈានចូល​មកដល់ ដែល​នឹង​ប្រារព្ធ​ឡើង​ធ្វើឡើង​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

គន្លឹះសំខាន់ៗត្រូវ​ដឹង​មុនពេល​សម្រេចចិត្ត​វិនិយោគ​លើ​អា​ផាត​ម៉ិ​ន

0

ដោយ រ៉ាវី

ភ្នំពេញ៖ នៅពេលនេះ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន​បាន និង​កំពុង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​កាន់តែ​តានតឹង​ជាង​មុន នៅពេល​ចំនួន​យូ​នី​ត​ខុន​ដូ​ដាក់ចូល​ទីផ្សារ​កាន់តែច្រើន ដូចនេះ​អ្នកវិនិយោគ​អា​ផាត​ម៉ិ​ន​គួរ​ធ្វើការ​វិនិយោគ​យ៉ាងដូចម្តេច ដើម្បី​ទាក់ទាញ​អតិថិជន​ចូល​ស្នាក់នៅ​កាន់តែច្រើន។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន  Khmer Foundation Appraisal ដែល​បាននិងកំពុង​ទទួលជោគជ័យ លើ​ការវិនិយោគ​អា​ផាត​ម៉ិ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅតែមាន​កំនើន​យ៉ាងរឹងមាំ ដោយ​ផ្អែកលើ​លំហូរ​ចូល​អ្នកវិនិយោគថ្មីៗ ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច ពិសេស​ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​សហគមន៍ ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​អាស៊ាន។ លោក​បាន​ឲ្យ​ដឹងថា ការវិនិយោគ​អា​ផាត​ម៉ិ​ន ដើម្បី​ទទួលបាន​ជោគជ័យ​ត្រូវ​ផ្អែកលើ​កត្តា​មួយចំនួន។

ទីតាំង

ការជ្រើសរើស​ទីតាំង​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដឹងថា​គំរោង​របស់ខ្លួន​គួរ​អភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹកប្រាក់​កម្រិតណា និង​ទាក់ទាញ​អតិថិជន​កម្រិតណា ព្រោះ​ប្រសិនជា​ទីតាំង​កម្រិត​A យើង​អាច​ទទួលបាន​ជោគជ័យ បើសិនជា​សាងសង់​អា​ផាត​ម៉ិ​ន​កម្រិត B ប៉ុន្តែ​បើ​ទីតាំង​កម្រិត B ឬ C ហើយ​សាង​សង់អា​ផាត​ម៉ិ​ន​កម្រិត Aមិន​ជោគជ័យ​នោះទេ។ ដូច្នេះ​អ្នកវិនិយោគ​គួរតែ​ដឹង​ពី​ទីតាំង​របស់ខ្លួន។

ការដាក់​តំលៃ

ការផ្តោត​លើ​គោលដៅ​អតិថិជន​ពិតជា​សំខាន់ តែ​ការ​ផ្តោតលើ​តំលៃ​កាន់តែ​សំខាន់ ដូច្នេះ​ការដាក់​តំលៃ​ជួល​គួរតែ​ពិនិត្យមើល ទៅលើ​ទីតាំង​អាគារ​អា​ផាត​ម៉ិ​ន​របស់ខ្លួន ដើម្បី​ទទួលបាន​អ្នក​ជួល​កាន់តែច្រើន និង​ធ្វើ​ឲ្យ​គំរោង​របស់ខ្លួន​ដើរ​ស្របតាម​ស្ថានភាព​ទីផ្សារ​ជាក់ស្តែង។

រក្សា​ឌី​សាញ​អាគារ

មិន​ថា​ទីតាំង ការដាក់​តំលៃ​ទេ និង​ការ​ឌី​សាញ​អាគារ​ឲ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​សំខាន់​ផងដែរ ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នកស្នាក់នៅ​ឲ្យ​មាន​ភាពកក់ក្តៅ និង​អារម្មណ៍​ប្រកបដោយ​ភាពស្រស់​ស្រាយ តាមរយៈ​ការបំពាក់​នូវ​ស្តង់ដា​អាគារ​មាន​លក្ខណៈ​សន្សំសំចៃ​ថាមពល និង​ជា​អាគារ​គោរព​តាម​ស្តង់ដា​បរិស្ថាន ដោយ​កាត់បន្ថយ​បាន​នូវ​ការបំពុល​បរិយាកាស ពោលគឺ​ធ្វើ​ឲ្យ​វា​ក្លាយជា​អាគារ​បៃតង។

ការបំពាក់​សម្ភារៈ​បរិ​ក្ខា

ការបំពាក់​សម្ភារៈ​បរិ​ក្ខា ដូចជា កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ភោជនីយដ្ឋាន​លើ​អាកាស ចំណត​យានយន្ត​ស្តង់ដា និង​សេវាកម្ម​ដទៃទៀត សុ​ទ្ឋ​តែ​ជា​តម្រូវការ​ចាំបាច់​រប​ស់​អតិថិជន ប៉ុន្តែ​ការបំពាក់​សម្ភារៈ​បរិក្ខា និង​សេវាកម្ម​នានា​នឹងធ្វើ​ឲ្យ​ការចំណាយ​កាន់តែ​ធំ ដូច្នេះ​ធ្វើ​ឲ្យ​តំលៃ​ជួល​កាន់តែ​ថ្លៃ។ ដូច្នេះ​ការបំពាក់​សម្ភារៈ​បរិក្ខា​ទំនើប មាន​សេវាកម្ម​សម្បូរបែប ដើម្បី​ធ្វើ​ឲ្យ​អ្នកស្នាក់នៅ​មាន​ភាពងាយស្រួល ក៏​គួរ​ពិចារណា​ផងដែរ ទៅលើ​ទីតាំង​គំរោង និង​គោលដៅ​អតិថិជន។

ទំហំ​បន្ទប់

តាម​ធម្មតា​អ្នកស្នាក់នៅ​អា​ផាត​ម៉ិ​ន​ភាគច្រើន​ជា​គ្រួសារ​តូច ដែលមាន​គ្នា​មិន​លើសពីរ​បីនាក់​នោះទេ ព្រោះ​ជនបរទេស​មក​ធ្វើការ​នៅ​កម្ពុជា ឬ​ប្រទេស​ដទៃ​ភាគច្រើន​ពួកគេ​ស្នាក់នៅ​បណ្តោះអាសន្ន និង​មាន​សមាជិកគ្រួសារ​តូច ហេតុនេះ​ពួកគេ​មិនសូវ​និយម​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​ច្រើន​នោះទេ។

ពួកគេ​ភាគច្រើន ត្រូវការ​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​គេង​មួយ ឬ​ពីរ​ប៉ុណ្ណោះ ហើយ​អា​ផាត​ម៉ិ​ន​ដែល​ពេញនិយម និង​មាន​អ្នក​ជួល​ច្រើន គឺជា​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​គេង១ឬ​ពីរ​ប៉ុណ្ណោះ។

សេវា​គ្រប់គ្រង​អាគារ

ការ​មាន​អាគារ​ស្រស់ស្អាត មាន​ទីតាំង​ល្អ និង​តំលៃ​សមរម្យ​គ្រប់គ្រាន់​នោះទេ គឺ​ទាមទារ​ឲ្យ​អ្នកវិនិយោគ​អា​ផាត​ម៉ិ​ន មាន​សេវា​គ្រប់គ្រង​អាគារ​ប្រកបដោយ​បទពិសោធន៍ និង​ស្តង់ដា​អន្តរជាតិ​ផងដែរ ដើម្បី​ឲ្យ​អ្នកស្នាក់នៅ​មាន​អារម្មណ៍​កក់ក្តៅ និង​ប្រកបដោយ​ផាសុខភាព ឧទាហរណ៍ សេវា​អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន មានការ​ជួលជុល​ទុយោ​ទឹក​បែក​ជូន​អតិថិជន​ទាន់ពេលវេលា​ជាដើម។

ការចង​បណ្តាញ

នៅពេល​បច្ចុប្បន្ន​ពិភព​ជំនួញ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ប៉ុន្តែ​វិធីសាស្ត្រថ្មីៗត្រូវបាន​អ្នកជំនួញ​វ័យក្មេង​ភាគច្រើន​កំពុង​ចាប់យក គឺ​ការចង​បណ្តាញ​ជំនួញ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​របស់ខ្លួន​ទទួលបាន​ជោគជ័យ និង​មាន​អតិថិជន​ច្រើន ដែលជា​ការផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បានបញ្ជាក់​ពី​បញ្ហា​នេះ​ថា ការចង​បណ្តាញ​ដៃគូ​ជំនួញ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​អា​ផាត​ម៉ិ​ន​របស់ខ្លួន​ទទួលជោគជ័យ ព្រោះ​ការធ្វើ​ជំនួញ​ម្នាក់ឯង​មិន​ទទួលបាន​ជោគជ័យ​នោះទេ ដូច្នេះ​ការចង​បណ្តាញ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់ជូន​អតិថិជន​ដល់​គ្នា​ទៅវិញទៅមក និង​ផ្តល់​ផលប្រយោជន៍​ជូន​គ្នា​ទៅវិញទៅមក៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋ​កិ​ច្ច៖ ក​ម្ពុ​ជា​អាច​ចាប់យក​កាលានុវត្តន៍​ភាព​ចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាងថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តន៍​ភាព ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ស្របពេល​ដែល​ធនា​គាត​អភិវឌ្ឍន៍អាស៊ី​បាន​សិក្សា​រកឃើញថា បដិវត្តន៍​នេះ​នឹង​បង្កើត​តម្លៃ​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​តំបន់​អាស៊ាន។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​កម្រិត​ខ្ពស់ ដែល​សហការ​រៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោម​ប្រធានបទ “តើ​បដិវត្ត​ឧស្សាហកម្ម​ទី៤ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ អាច​ជំរុញ​ការផ្លាស់ប្តូ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​របៀប​ណា? កាលពី​ចុង​សប្តាហ៍​មុន​ថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព​ទាំងឡាយ ដែល​កើតចេញពី​បដិវត្ត​ឧស្សាហកម្ម​ទី៤នេះ។

លោក​បន្តថា “កម្ពុ​ជាមាន​លក្ខណៈសម្បត្តិ​ជាច្រើន​ដូចជា ភាគលាភ​ប្រជាសាស្ត្រ គឺ​កម្ពុជា​កាន់តែ​សម្បូរ នូវ​ធនធាន​យុវជន​ប្រកបដោយ​ចំណេះដឹង ហើយ​អាច​ស្រូបយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​បាន​លឿន និង​កំណើន​យ៉ាង​លឿន​នូវ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​ទូរស័ព្ទ រួមជាមួយ​នឹង​អត្រា​ប្រើប្រាស់​ខ្ពស់ ការ​ស្រូបយក​បច្ចេកវិទ្យា ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម យ៉ាង​ឆាប់រ​ហ័យ​ដែល​កំពុង កើតឡើង​នៅក្នុង​គ្រប់​វិស័យ​ដែលសំខាន់ៗផងដែរ។

យោងតាម​កា​សិក្សា​របស់ ADB បាន​បង្ហាញថា នៅមុន​ឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃ​បដិវត្ត​ឧស្សាហកម្ម អាចបង្កើត​តម្លៃ​សេដ្ឋកិច្ច ដែលមាន​ទំហំ​ពី២២០ ទៅ៦២៥ ពាន់​លាន​ដុល្លារ ចូលទៅក្នុង​សេដ្ឋកិច្ច​នៃ​តំបន់ ASEAN ផងដែរ។

លោក​វ​ង្សី វិ​ស្សត​បាន​បន្តថា តាមរយៈ​បដិវត្ត​ឧស្សាហកម្ម​ទី៤នេះ អាស៊ាន​មាន​សក្តានុពល​ធំធេង ក្នុងការ​ជំរុញ​សក្តានុពល​កំណើនសេដ្ឋកិច្ច និង​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​សម្រាប់​តំបន់​របស់​យើង តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ក្នុង​បរិបទ នៃ​ការកើនឡើង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា។

លោក​បន្តថា បច្ចុប្បន្ន​ពិភពលោក កំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​មួយ ឬ​បដិវត្ត​ឧស្សាហកម្ម​ទី៤ ដែល​កំពុង​ជះ​ឥទ្ធិ​ព​លើ​ដំណើការ​របស់​រដ្ឋាភិបាល, ដំណើការ​របស់​អាជីវ​កម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ។ ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​ប  ច្ចេក​វិទ្យា បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ ដោយ​រាប់​ចាប់តាំងពី​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ, ដ្រូ​ន (Drone), ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក (e-commerce), បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech), រហូតដល់​ការបោះពុម្ព 3D (3D Printing), និង​បញ្ញា​និមិត្ត (Artificial Intelligence) ជាដើម។

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា បដិវត្ត​ឧស្សាហកម្ម​ទី៤ នឹងធ្វើ​ការផ្លាស់ប្តូ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម បង្កើន​ផលិតភាព និង​ពង្រីក​វិមាត្រ​សេដ្ឋកិច្ច​កាន់តែ​ធំ តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដូចជា ការទូទាត់ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក។ ក្នុងន័យនេះ​ ASEAN អាច​ក្លាយជា​ទីតាំង​ជួរមុខ​នៃ​ការផ្លាស់ប្តូរ តាមរយៈ​ការនាំ​មុខមុន​គេ នៃ​ការទទួលយក​បច្ចេកវិទ្យា​ដែល​ថ្មី​បំផុត៕

ហេតុផល​ពីរ​សហគ្រិន​វ័យក្មេង​បោះទុន​ជាង ២លាន​ដុល្លារ​វិនិយោគ​សាលារៀនលំដាប់​អន្តរជាតិ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ កំណើន​នៃ​ការវិនិយោគ និង​កំណើន​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​សហគ្រិន​វ័យក្មេង​មួយក្រុម​បាន​សហការគ្នា​បោះទុន​ជាង ២លាន​ដុល្លារ​អាមេរិក ដើម្បី​ដំណើរការ​សាលារៀន​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​នៅ​ក្រុង​ប៉ោយប៉ែត។

ស្ថាបនិក ​និង​ជា​នាយក​សាលា​អេ​ឡេ​ហ្កឹ​ន លោក​ឃុន ជឿន ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា សាលា​អន្តរជាតិ​អេ​ឡេ​ហ្កឹ​ន​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​សិក្សា២០១៦ ២០១៧ ដោយ​ផ្តោតលើ​កម្មវិធីសិក្សា​បី​ផ្នែក​សំខាន់ គឺ​កម្រិត​មតេយ្យ​សិក្សា និង​ចាប់ពី​ថ្នាក់​ទី១ដល់ទី១២។ លោក​បន្តថា ក្នុង​កម្មវិធីសិក្សា​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក ទី១ ជា​កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ ដែល​ធ្វើឡើង​ស្របតាម​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា។

ទី២ កម្មវិធីសិក្សា​អន្តរជាតិ​លើ​គ្រប់​មុខវិជ្ជា ដោយ​សិក្សា​នុ​សិស្ស​ត្រូវ​សិក្សា​ជា​ភាសា​អង់គ្លេស​ពេញ​ម៉ោង និង​សញ្ញាបត្រ​ត្រូវបាន​ទទួលស្គាល់​កម្រិត​ពិភពលោក ព្រោះ​យើង​បាន​សហការ​ជាមួយ​សាលា នៅតាម​បណ្តា​ប្រទេស​រីកចម្រើន​នានា​ជាច្រើន ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា​ជាដើម។ ទី៣ កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស និង​ភាសា​ចិន។

លោក​ឃុន ជឿន​បាន​បន្តថា “រហូតមកទល់​ពេលនេះ សាលា​អន្តរជាតិ​អេ​ឡេ​ហ្កឹ​ន​ទទួលបាន​សិស្សានុសិស្ស​សរុប​ប្រមាណ៧៥០នាក់ និង​មាន​សិស្សានុសិស្ស​បរទេស​ជាច្រើន​បានមក​ចូលរៀន​ដូចជា សិស្សានុសិស្ស​ជនជាតិ​ជប៉ុន ចិន កូរ៉េ វៀតណាម ថៃ ឥណ្ឌូនេស៊ី​ជាដើម។ លោក​បន្តថា “នាពេល​អនាគត យើង​គ្រោង​នឹង​ពង្រីក​ការវិនិយោគ​លើ​ការកម្រិត​ឧ​ត្ត​មសិ​ក្សា ដោយ​បង្កើត​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ោយប៉ែត ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​រយៈពេល​បី​ឆ្នាំ​ទៀត។

សម្រាប់​តម្លៃ​នៃ​ការសិក្សា គឺ​សិស្សានុសិស្ស​សិក្សា​ភាសា​ខ្មែរ​សម្រាប់​ចំណេះដឹង​ទូទៅ​មានតម្លៃ​ចន្លោះ​ពី៨០០ ទៅ១០០០ដុល្លារ​ក្នុង​មួយឆ្នាំ។ ថ្នាក់​ភាសា​អង់គ្លេស​ពេញ​ម៉ោង​មានតម្លៃ​សិក្សា​ចន្លោះ១២០០ទៅ១៣៥០ដុល្លារ ការសិក្សា​សម្រាប់​ថ្នាក់​មតេយ​យ​អន្តរជាតិ​មានតម្លៃ​ចាប់ពី២៤០០ដល់៣០០០ដុល្លារ​ក្នុង​មួយឆ្នាំ។

សាលា​នេះ​មាន​ទីតាំង​នៅក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​ឃុន ជឿន​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ដោយសារ​ក​ម្មិ​ធី​សិក្សា​របស់​យើង​គោរព​បាន​តាម​ស្តង់ដា​ជាតិ អន្តរជាតិ ផ្តោតលើ​សីល​ធ៌​ម និង​គុណភាព​អប់​រំជា​ចម្បង​បានធ្វើ​ឲ្យ​សាលា​អន្តរជាតិ​អេ​ឡេ​ហ្កឹ​ន ទទួលបាន​កំនើន​សិស្ស​ចូលរៀន​ជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ យើង​រំពឹងថា នឹង​ទទួលបាន​កំណើន​សិស្សានុសិស្ស៤០ភាគរយ​បន្ថែមទៀត ធៀប​នឹង​ឆ្នាំ​សិក្សា២០១៧ ២០១៨កន្លងមក។

មាតា បិតា សិស្សានុសិស្ស​អាចទាក់ទង​ចុះឈ្មោះ ចូលរៀន​សាលា​អន្តរជាតិ​អេ​ឡេ​ហ្កឹ​ន តាមរយៈ​លេខ០១២ ៨១ ៤៤ ៦៦, ០១០ ៨១ ៤៤ ៦៦ ៕

វិភាគៈ ការបន្ទន់ឥរិយាបទរបស់ចិនចំពោះអាមេរិក ជាជំហ៊ានបរាជ័យ?

0

ដោយលោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រអចលនទ្រព្យ Propertyarea.asia

ភ្នំពេញ: ការដើរថយក្រោយមួយជំហ៊ាន ដើម្បីឆ្ពោះទៅកាន់ជោគជ័យនាពេលអនាគត ទំនងជាយុទ្ឋសាស្រ្តរបស់ប្រធានាធិបតីចិនហ្សី ជីនពីងប្រធានាធិបតីចិនជាបុរសដែលមានការជឿជាក់ និងមោទនភាពនឹងខ្លួនឯងម្នាក់ ដោយសារលោកមានទស្សនវិស័យច្បាស់លាស់ និងបានកសាងសមិទ្ឋផលជាច្រើន សម្រាប់មហាប្រទេស និងប្រជាជាតិរបស់ខ្លួន។


ការទូរស័ព្ទទៅកាន់ប្រធានាធិបតីដូណាល់ ជេ ត្រាំកាលពីចុងសប្តាហ៍មុន ជាឥរិយាបទនៃការបន្ទន់ឥរិយាបទរបស់បុរសខ្លាំងចិន នៃសតវត្សរ៍ទី២១នេះ។
តួអង្គ” ឆាវ ឆាវ”នៅក្នុងរឿងនគរបី ឬសាមកុករបស់ចិនថា “ការចចារស្មើនឹងការចុះចាញ់” ប៉ុន្តែការពិតមិនមែនសុទ្ឋតែដូច្នេះឡើយ ការចចារក៏ជាការក្រាលវិថីមាស ដើម្បីសម្រេចជោគជ័យនាពេលអនាគតផងដែរ។
ផលប៉ះពាល់ដ៏មហិមា
ជាមនុស្សប្រកបដោយទស្សនវិស័យម្នាក់ និងជាមនុស្សគោរពដល់ទស្សនវិទូខុង ជឺយ៉ាងជ្រាលជ្រៅ លោកហ្សី ជីនពីងពិតជាចង់នាំចិនដើរទៅមុខឲ្យបានលឿន និងពង្រីកឥទ្ឋិពលសេដ្ឋកិច្ច នយោបាយរបស់ខ្លួននៅលើពិភពលោក ប៉ុន្តែដំណើរនេះត្រូវបានសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោកដូណាល់ ត្រាំខ្ទាស់ជើងឲ្យដួលតែមិនដួល។


ការទប់ឥទ្ឋិពលរបស់ចិន ដោយសារសហរដ្ឋអាមេរិកមានការភ័យខ្លាច ទី១ មិនចង់ឲ្យចិនដើរទៅមុខលឿនពេក និងមានឥទ្ឋិពលមកលើខ្លួន ទី២ អាមេរិកមិនចង់ឲ្យពិភពលោក មានពហុប៉ូលមហាអំណាចច្រើនពេក ទី៣ អាមេរិកមិនចង់ឲ្យចិនអាចពង្រីកនូវគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១លឿនពេក និងទី៤ ទោះជាមេរិកដឹងថាចិននឹងដឹកនាំពិភពលោកនាពេលអនាគតក្តី ក៏អាមេរិក មិនចង់ឲ្យពេលនោះមកដល់ឆាប់ពេកដែរ ហេតុនេះទើបអាមេរិកស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទប់ឥទ្ឋិពលចិន រុស្ស៊ីកុំឲ្យទៅមុខលឿនពេក។
ការប្រកាសចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨កន្លងមក ដែលលទ្ឋផលនៃសង្រ្គាមនេះគឺច្បាស់លាស់ណាស់ថា “ខាត ខាត”សម្រាប់មហាយក្សទាំងពីរពិតជាកើតមាន ប៉ុន្តែសំណួរសួរថា តើអ្នកណាខាតច្រើនជាង ចម្លើយគឺ”ចិន” តើអ្នកណានឹងដួល គឺ” ចិន” តើអ្នកណាអាចធន់ទ្រាំបានយូរជាងក្នុងវិបត្តិនេះ គឺអាមេរិក ហើយអាមេរិកក៏“ចំណេញ និងអាចធន់ទ្រាំបានយូរជាង”។

ការប្រកាសដាក់ការដំឡើងពន្ឋលើមុខទំនិញរាប់ពាន់មុខរបស់ចិន ដែលមានតម្លៃទឹកប្រាក់រហូតដល់៣០០ពាន់លានដុល្លារអាមេរិក ហើយចិនសងសឹកវិញបានតែ៦០ពាន់លានដុល្លារទៅលើអាមេរិកប៉ុណ្ណោះ។
បើមើលតែតួលេខនេះ យើងឃើញថាខុសគ្នាដូចមេឃ និងដី គឺចិនខាតបង់ច្រើនជាង។ នេះមិនទាន់និយាយដល់ផ្សារហ៊ុន តម្លៃរូបិយប័ណ្ណចិនធ្លាក់ចុះ និងការខាតបង់សម្រាប់ក្រុមហ៊ុនយក្សរបស់ចិន អ្នកផលិត កសិករចិន រាប់រយពាន់លានដុល្លារបន្ថែមនៅឡើយទេ។ នេះមិនទាន់រាប់បញ្ចូលដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកិច្ច សង្គមរបស់ចិន រយៈពេលវែងនៅឡើយ។

ការបន្ទន់ឥរិយាបទចិន
ថ្វីត្បិតអំណាចនៃការទិញរបស់ចិនកើនឡើង ប្រាក់ចំណូលរបស់ប្រទេសដែលមានប្រជាជន១.៣៨៦លាននាក់ បានកើនឡើងដល់៦៤៧៩,៣៨ដុល្លារក្នុងមួយឆ្នាំ(តួលេខឆ្នាំ២០១៧)ក្តី ប៉ុន្តែប្រជាជនចិនជាង៣០លាននាក់ ស្ថិតក្នុងភាពក្រីក្រនៅឡើយ ខណៈអាមេរិក៣២៥,៧លាននាក់ និងប្រាក់ចំណូល៥៩៥៣១ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ វាពិតជាខុសគ្នាឆ្ងាយណាស់រវាងអំណាចនៃការទិញ (មិនធៀបចំនួនប្រជាជន) ព្រោះអាមេរិកជាមហាអំណាចទី១របស់ពិភពលោក និងជាមជ្ឈមណ្ឌលផ្លាស់ប្តូរទំនិញ និងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាមូលដ្ឋាននៃបច្ចេកវិទ្យាពិភពលោក។

ហេតុនេះ ការបន្ទន់ឥរិយាបទរបស់ចិននាពេលនេះ ជារឿងត្រឹមត្រូវដោយសារ ទី១
ចិននៅតែជាប្រទេស ដែលមានប្រាក់ចំណូលសម្រាប់ប្រជាជននៅមានកម្រិត ទី២ ចិនមិនទាន់មានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយខ្លួនឯងនៅឡើយទេ ទី៣ ចិនមិនទាន់មានសាច់ដុំ រាប់ទាំងហិរញ្ញវត្ថុ សេដ្ឋកិច្ច និងអំណាចនៃការត្រួតត្រាពិភពលោកបាននៅឡើយទេ ហេតុនេះចិនត្រូវតែចចា និងសម្ងំពង្រឹងសាច់ដុំរបស់ខ្លួនសិន មុនពេលអាចប្រកួតប្រជែងជាមួយអាមេរិក។
“អ្វីៗដើម្បីប្រជាជនអាមេរិក” នេះជាសារច្បាស់លាស់ណាស់ ដែលអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំបាននិងកំពុងអនុវត្តន៍ ដែលធ្វើឲ្យពិភពលោកមិនអាចព្យាករណ៍បាន។ ទោះបីជាមេដឹកនាំនៃបណ្តាប្រទេសនានា នៅក្នុងពិភពលោករិះគន់មេដឹកនាំរូបនេះយ៉ាងណាក្តី ក៏គោលនយោបាយគាំពារនិយម និងផាត់ចោលនូវសាកលភាវូបនីយកម្មនៅតែដូណាល់ត្រាំអនុវត្តន៍ និងធ្វើមិនដឹងមិនលឺ។ ព្រោះអាមេរិកដឹងច្បាស់ណាស់ថា ខ្លួនមិនអាចឲ្យចិន និងរុស្ស៊ីងើបឡើងលឿនដូចបច្ចុប្បន្ននោះទេ បើមិនដូច្នេះឥទ្ឋិពលអាមេរិកនឹងបាត់បង់នៅលើពិភពលោក។

អ្វីៗដើម្បីប្រជាជាតិអាមេរិក ជាអ្វីដែលរដ្ឋបាលដូណាល់ត្រាំនិយាយម្តងហើយម្តងទៀត និងត្រូវតែបន្តដំណើរឆ្ពោះទៅមុខ ដើម្បីផ្តល់ប្រយោជន៍ ឧត្តមភាព និងកិត្យានុភាពអាមេរិក តាមរយៈការដាក់ចេញ និងដកខ្លួនចេញពីសន្ឋិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលខ្លួនយល់ថា មិនមានផលប្រយោជន៍ដល់ខ្លួនឯង។
ចុះប្រធានាធិបតីហ្សី ជីនពីងគិតបែបណា? វាជាសំណួរធំមួយដែលយើងសាកវិភា គទាំងអស់គ្នា។ ច្បាស់លាស់ណាស់ មេដឹកនាំដែលមានឥទ្ឋិពលបំផុតរបស់ចិន បន្ទាប់ពីលោកម៉ៅ សេទុង ពិតជាខិតខំធ្វើអ្វីៗដើម្បីប្រជាជាតិរបស់ខ្លួនផងដែរ ប៉ុន្តែដំណើរឆ្ពោះទៅមុខនេះហាក់ដូចជាត្រូវរង្គោះរង្គើរ។ ដូច្នេះមធ្យោបាយតែមួយរបស់ប្រធានាធិបតីរូបនេះត្រូវតែចចា និងត្រូវធ្វើសម្បទានដល់អាមេរិកមួយគ្រាសិន ទម្រាំមហាយក្សនេះអាចក្រោកឈរដោយខ្លួនឯង និងអាចអនុវត្តន៍គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយទទួលបានជោគជ័យ។

វាពិតជាត្រូវការបញ្ញាញ្ញាណ ការអត់ធ្មត់ ពេលវេលា និងប្រើប្រាស់នយោបាយកាតូតដ៏ប៉ិនប្រសព្វមួយ ដើម្បីអាចឲ្យចិនដើរបានលឿនជាងនេះ។ ព្រោះចិនត្រូវនៅពឹងអាមេរិកជាច្រើន ទាំងបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងអំណាចនៃមូលធនរបស់ខ្លួន។

នៅក្រោយវាំងននរបស់អាមេរិក
បន្ទាប់ពីប្រើប្រាស់នូវអាវុធ “សិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យ” មិនទទួលបានជោគជ័យនៅប្រទេសចិន សហរដ្ឋអាមេរិកបាន និងកំពុងប្រើប្រាស់ឥទ្ឋិពលរបស់ខ្លួន ដើម្បីបង្រ្កាបចិនផ្នែកយោធាផងដែរ គំរាមចិនផង ក្នុងពេលចិនបានបង្កើនថវិកាជាតិរបស់ខ្លួន ដើម្បីបង្កើនឧត្តមភាពផ្នែកការពារជាតិ និងសិក្សាស្រាវជ្រាវដើម្បីស្វែងរកការផលិតអាវុធ និងយោទ្ឋោបករណ៍របស់ខ្លួនឲ្យកាន់តែមានទំនើបកម្ម ដើម្បីប្រកួតប្រជែងជាមួយអាមេរិកផង ជាមួយរុស្ស៊ីផង។


ការដាក់ចេញនូវសង្រ្គាមពាណិជ្ជកម្ម ក៏ជាសង្រ្គាមចិត្តសាស្រ្តផងដែរ ដើម្បីមើលកំលាំងរបស់ចិនអាចមានអ្វីតបតជាមួយខ្លួន។ ជាលទ្ឋផលការបន្ទន់ឥរិយាបទរបស់ចិន(ចិនចាញ់)នឹងធ្វើឲ្យអាមេរិកកាន់តែក្រអឺតក្រទម និងអាចប្រើប្រាស់ចិនក្នុងរូបភាពណាមួយ ដែលយើងនឹងលំអិតនាពេលបន្តិចទៀតនេះ។

ការបកស្រាយប្រកបដោយភាពសមហេតុសមផលមួយ គឺអាមេរិកនិងចិនខាតដូចគ្នា តែឥទ្ឋពលរបស់ចិនមិនថមថយនោះទេ ជាមួយបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួន តាមរយៈការបង្ហូរទុនដ៏ច្រើន ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងទាញយកផលប្រយោជន៍សម្រាប់ប្រជាជាតិរបស់ខ្លួន។

ព្រួយមួយបាញ់បានសត្វពីរ
ដូចការលើកឡើងមកខាងលើហើយ អាមេរិកជាអ្នកឈ្នះសង្រ្គាមនេះ តែអាមេរិកមិនឈ្នះតែចិននោះទេ ប៉ុន្តែអាមេរិកក៏នឹងបន្ថយឥទ្ឋិពលចិន ពិសេសរុស្ស៊ី ដោយខ្ចីកាំបិតរបស់ចិនដើម្បីកាប់រុស្ស៊ី។

តាមរយៈការបន្ទន់ឥរិយាបទរបស់ចិន សហរដ្ឋអាមេរិកនឹងអាចបំបែកនូវចំណងមេត្រីភាពរវាងចិន និងរុស្ស៊ី ដោយផ្អែកលើមូលដ្ឋានមួយចំនួន ទី១ អាមេរិកមិនចង់ឲ្យមានប៉ូលមហាអំណាចច្រើននោះទេ ព្រោះធ្វើឲ្យខ្លួនពិបាកគ្រប់គ្រងពិភពលោក ទី២ ចិននិងរុស្ស៊ីបន្ទាប់ពីរងទ័ណ្ឌកម្ម(សង្រ្គាមពាណិជ្ជកម្មលើចិន) និងការដាក់ទ័ណ្ឌកម្មលើរុស្ស៊ី ដោយចោទរុស្ស៊ីសម្រាប់ចារកិច្ចរុស្ស៊ីនៅអង់គ្លេស និងការឈ្លានពានរបស់រុស្ស៊ីនៅតំបន់គ្រីមា ប្រទេសអ៊ុយក្រែន បានធ្វើឲ្យមហាអំណាចចិន និងរុស្ស៊ីកាន់តែខិតចូលគ្នាកាន់តែខ្លាំង ដែលធ្វើឲ្យអាមេរិកដេកមិនស្កប់ប៉ុន្មាននោះឡើយ។

ហេតុនេះការដែលចិនងាកទៅរកអាមេរិក ច្បាស់លាស់ណាស់ ការបំបែកឬការឲ្យចិនដកថយពីរុស្ស៊ីច្បាស់ជាមានការលើកឡើង ក្នុងកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ ហើយសង្រ្គាមពាណិជ្ជកម្មអាចនឹងមានការបន្ឋូរបន្ថយ ប្រសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោកដូណាល់ ត្រាំបានឲ្យមន្រ្តីរបស់ខ្លួនព្រាងឡើង ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរ នៅទីក្រុងហែលស៊ីនស្គី ប្រទេសហូឡង់។

នៅចុងខែវិច្ឆិកានេះ មហាយក្សសេដ្ឋកិច្ចទាំង២០នៅលើពិភពលោក នឹងជួបប្រជុំគ្នានៅទីក្រុងហែលស៊ីនស្គី ប្រទេសហ្វាំងឡង់។ វាជាពេលវេលាមាសមួយសម្រាប់អាមេរិក និងចិន តែអាចជាសុបិនអាក្រក់មួយសម្រាប់រុស្ស៊ី បើសិនជាចិនងាករកអាមេរិក ហើយលែងលះគ្នាជាមួយរុស្ស៊ី។ តើរឿងនេះនឹងអាចកើតឡើងឬទេ?។

ផលប្រយោជន៍
នៅពេលនិយាយដល់ទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍ត្រូវបានគេបាំងនៅក្រោយវាំងនន ដែលគេហៅអំណាចនៃសីលធ៌មសប្បនិម្មិត ប៉ុន្តែគ្មានផលប្រយោជន៍គ្មានទំនាក់ទំនងល្អនោះទេ។ គ្មានផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ក៏គេមិនអើពើនោះដែរ។

ហេតុនេះជំហររបស់ចិននាពេលនេះ ច្បាស់ណាស់នឹងងាកទៅអាមេរិក ហើយដកថយពីរុស្ស៊ីមួយជំហ៊ានសិន ព្រោះផលប្រយោជន៍របស់ចិន ជាមួយអាមេរិកធំជាងច្រើនជាង បើធៀបជាមួយរុស្ស៊ី។
ក្នុងទំនាក់ទំនងអន្តរជាតិមិនមានសត្រូវ មិនមានមិត្តឡើយ ហើយក៏មិនមានតែមិត្តរហូតឬសត្រូវរហូតនោះដែរ គឺមានតែផលប្រយោជន៍។

ជាមួយនឹងការកើនឡើងនូវអំណាច និងឥទ្ឋិពលរុស្ស៊ី ក្រោមការដឹកនាំរបស់លោកវ្លាឌីមៀ ពូទីនបុរសខ្លាំងប្រចាំសតវត្សរ៍ទី២១រុស្ស៊ី អាមេរិកមានរឿងឈឺក្បាលជាច្រើនជាមួយមេដឹកនាំរុស្ស៊ីរូបនេះ។ ហេតុនេះការប្រើប្រាស់ព្រួញមួយ ដើម្បីបន្ថយឥទ្ឋិពលប្រទេសទាំងពីរទាំងអំណាច នៃសេដ្ឋកិច្ច និងយោធា ពិតជាជម្រើសអាទិភាពទី១របស់អាមេរិក ដែលខ្លួនត្រូវតែយកឈ្នះមួយគ្រាសិន។

ចិនចំណេញអ្វី?
គ្មានអ្នកណាធ្វើសង្រ្គាមពាណិជ្ជកម្ម ឬបន្ទន់ឥរិយាបទ ដោយសុខចិត្តចុះចាញ់គ្រប់យ៉ាងនោះទេ។
ចិនអាចងាកមកអាមេរិក កាត់បន្ថយទំនាក់ទំនងជាមួយរុស្ស៊ី តែចិនក៏ប្រើប្រាស់អំ ណាចនៃការចចាររបស់ខ្លួន ដើម្បីឲ្យអាមេរិកធ្វើសម្បទាន ដោយលុបចោលសមយុទ្ឋយោធាជាមួយតៃវ៉ាន់ និងបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួន នៅសមុទ្រចិនភាគខាងត្បូងផងដែរ។


សម្ព័ន្ឋមិត្តអាមេរិកជាមួយតៃវ៉ាន់ ក៏ជារឿងដែលចិនច្បាស់ជាលើកឡើង ព្រោះតៃវ៉ាន់ប្រៀបបីដូចជា ម្ជុលក្នុងកែវភ្នែករបស់ចិន តែជាគ្រាប់អុករបស់អាមេរិក ព្រោះជារឿយៗមេដឹកនាំអាមេរិក ស្ទើរគ្រប់សម័យកាល(ក្រោយតៃវ៉ាន់បែកពីចិន)តែងតែយកតៃវ៉ាន់ មកក្រឡុកចិនជាបន្តបន្ទាប់។

ហេតុនេះកិច្ចប្រជុំនៃបណ្តាមេដឹកនាំ ដែលមានសេដ្ឋកិច្ចរីកចម្រើននិងធំជាងគេទាំង២០នៅលើពិភពលោក នឹងជាវេទិកាមួយ ដើម្បីវាស់ស្ទង់លទ្ឋផលនៃជំនួបចចារវាងប្រធានាធិបតីហ្សី ជីនពីង និងអាមេរិក ហើយរុស្ស៊ីនឹងរង់ចាំអ៊ុតលទ្ឋផល ដែលរឿងទាំងនេះមិនមែនជារឿងថ្មីរបស់រុស្ស៊ីឡើយ។

ដូច្នេះជាថ្មីម្តងទៀត ការបន្ទប់ឥរិយាបទរបស់ចិន មិនមែនជារឿងចាញ់នោះឡើយ ប៉ុន្តែក៏មិនឈ្នះដែរ តែវាជាពេលវេលាល្អសម្រាប់ចិន ដើម្បីពង្រឹងអំណាច ពង្រឹងសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងកាទូតរបស់ខ្លួនបន្ថែមទៀត។

វាជាពេលវេលាដ៏ល្អសម្រាប់ចិន ដើម្បីវាស់ស្ទង់ខ្លួនឯង និងរៀបចំយុទ្ឋសាស្រ្តឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនសាជាថ្មី មុនពេលពិភពលោកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដែលវាត្រូវការពេលវេលា ការអត់ធន់ បញ្ញាញ្ញាណ និងភាពបត់បែនមួយប្រកបភាពប៉ិនប្រសព្វ៕

ក្រុមហ៊ុនលំដាប់ពិភពលោកនឹងដើរតួនាទីជាភ្នាក់ងារជួលនិងលក់ផ្តាច់មុខលើ Morgan Tower

0

ដោយស៊ីវ ម៉េង

ភ្នំពេញ : ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia កម្ពុជា និងចិននឹងសហការគ្នាដើម្បីលក់ និងជួលផ្តាច់មុខសម្រាប់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Morgan Tower កំពស់ជាង២០០ម៉ែត្រនៅកណ្តាលទីក្រុងកោះពេជ្រ ដែលបាននិងកំពុងដំនើរការសាងសង់។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនCentuy21 Cambodiaបានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមគ្រួសារCentury21 Family នឹងសហការជាមួយក្រុមហ៊ុនCentury21មកពីប្រទេសចិនចំនួន១១ ដែលគ្របបណ្តប់ការិយាល័យប្រមាណ៥០០ នឹងធ្វើជាភ្នាក់ងារជួល និងលក់គំរោងនេះ។ ជាមួយគ្នានេះ Century21 Familyក៏នឹងដើរតួនាទីជាអ្នកជួល និងលក់បន្តសម្រាប់អ្នកដែលបានវិនិយោគគំរោងនេះនាពេលអនាគតផងដែរ។

មានន័យថា អ្នកទិញខុនដូ ឬអាគារការិយាល័យគំរោងនេះ នឹងនៅតែទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុនរបស់យើង ក្នុងការដើរតួនាទីជាអ្នករកភ្ញៀវទិញនិងជួលបន្តផងដែរ។

ក្រុមហ៊ុនCentury21 Family នឹងចុះកិច្ចព្រមព្រៀងសហការជាមួយបណ្តាក្រុមហ៊ុនCentury21មកពីប្រទេសចិន និងចុះហត្ថលេខាជាមួយអ្នកវិនិយោគគំរោងនេះនៅថ្ងៃទី១៩ វិច្ឆិកាខាងមុខនេះ។

អាគារMorgan Towerមានកំពស់៤៦ជាន់ ស្មើនឹង២១០ម៉ែត្របាននិងកំពុងសាងងស់នៅទីក្រុងកោះពេជ្រ កណ្តាលរាជធានីភ្នំពេញ។ Morgan Tower នឹងប្រើប្រាស់ជាអាគារការិយាល័យ សណ្ឋាគារប្រណីត សាលប្រជុំ ភោជនីយដ្ឋាន និងSky Barសម្រាប់គយគន់ទេសភាពក្រុងភ្នំពេញ។ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញពីផែនការអភិវឌ្ឍន៍ សាងសង់សណ្ឋាគារប្រណីតនៅខេត្តព្រះសីហនុផងដែរ។


ក្រុមហ៊ុននេះ មានប្រវត្តិសាងសង់អាគារខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅប្រទេសចិន ដូចជាទីក្រុងសៀងហៃ ទីក្រុងឈីងឌូជាដើម៕

អ្នកវិនិយោគជប៉ុនបោះទុនរាប់លានដុល្លារបណ្តុះបណ្តាលធនធានមនុស្សដោយឥតគិតថ្លៃនៅកម្ពុជា

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ : ក្នុងគោលដៅបំពេញកង្វះខាតធនធានមនុស្សនៅកម្ពុជា និងបំពេញតម្រូវការធនធានមនុស្សសំរាប់តំបន់ អ្នកវិនិយោគវិនិយោគជប៉ុនមួយរូបបានបោះទុនវិនិយោគរាប់លានដុល្លារអាមេរិក ដើម្បីរៀបចំវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យឡើង។

លោក តាកេស៊ិ អ៊ីហ្សូកាក់ អគ្គនាយកក្រុមហ៊ុុន A2A Town Cambodia ដែលជាក្រុមហ៊ុនវិនិយោគលើរមណីយដ្ឋាន Vkirirom Pine Resort បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានចាប់ផ្តើមកាលពីឆ្នាំ២០១៥ ដែលជាវិទ្យាស្ថាន បណ្តុះបណ្តាលផ្នែកវិស្វកម្មកុំព្យូទ័រជាលើកដំបូងនៅកម្ពុជា ហើយរហូតមកទល់ពេលនេះ និស្សិតជំនាន់ទី១បានបញ្ចប់ការសិក្សា ក្នុងនោះ៧០ភាគរយបានបំពេញការងារនៅជប៉ុន ដោយទទួលបានប្រាក់ខែចន្លោះពី២៥០០ ទៅ៣០០០ដុល្លារក្នុងមួយខែ និងក្រៅពីនេះពួកគេបានបំរើការងារនៅតាមរោងចក្រ សហគ្រាសជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា។

លោកបន្តថា ដោយមានការគាំទ្រ និងការលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួន ណារ៉ុន នៅថ្ងៃនេះយើងបើកបវេសនកាលសម្រាប់និស្សិតជំនាន់ទី៦ ដែលមានចំនួន១១០នាក់មកសិក្សានៅទីនេះ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ និងទទួលបានសម្ភារៈសិក្សា កន្លែងស្នាក់នៅ អាហារបីពេល។

លោកបន្តថា រហូតមកទល់ពេលនេះ លោកចំណាយអស់ថវិកាប្រមាណ ៥លានដុល្លារអាមេរិក គឺសំរាប់តែសម្ភារៈបរិក្ខាលើនិស្សិតជំនាន់ទី៦ប៉ុណ្ណោះ មិនរាប់បញ្ចូលការកសាងអាគារសិក្សា និងការចំណាយលើការសិក្សាកន្លងមកទេ ហើយនិស្សិតកម្ពុជាម្នាក់គិតចាប់ពីចូលរៀនរហូតដល់បញ្ចប់ការសិក្សា លោកចំណាយអស់ ៤៧០០០ដុល្លារអាមេរិក។

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ មិនត្រឹមតែទទួលនិស្សិតកម្ពុជានោះទេ ប៉ុន្តែវិទ្យាស្ថាននេះបាននិងកំពុងទទួលនិស្សិតបរទេសផងដែរ ដែលបច្ចុប្បន្នមាននិស្សិតមកពីប្រទសជប៉ុនកំពុងសិក្សាជាច្រើននៅទីនេះ ហើយពេលអនាគត លោក តាកេស៊ិ អ៊ីហ្សូកាក់ គ្រោងទាក់ទាញនិស្សិតមកពីអាហ្រ្វិក ពីបណ្តាប្រទេសក្នុងតំបន់អាស៊ានមកសិក្សានៅទីនេះផងដែរ ដែលក្រៅពីនិស្សិតកម្ពុជា គឺនិស្សិតបរទេសត្រូវសិក្សាបង់ថ្លៃនៅក្នុងវិទ្យាស្ថានេះ ដែលពួកគេត្រូវចំណាយប្រាក់ប្រមាណ៥ម៉ឺនដុល្លារ គិតចាប់ពីចូលរៀនរហូតដល់បញ្ចប់ការសិក្សា។

ការចូលសិក្សានៅវិទ្យាស្ថានគិរីរម្យ ត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដូចជា ត្រូវធ្វើតេស្តលើតក្កវិជ្ជា ការប្រលងសមត្ថភាពគណិតវិទ្យា ភាសាអង់គ្លេស ការប្តេ ជ្ញាចិត្តសិក្សារៀនសូត្រ និងមានការយល់ព្រមពីមាតាបិតា និងអាណាព្យាបាលរបស់ពួកគេ៕

អស្ចារ្យ៖ វៀតណាម​បោះទុន ១៣.៤ ពាន់​លាន​ដុល្លារ សាងសង់​ព្រលាន​យន្ត​ខ្នាត​ពិភពលោក

0

ដោយ​ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​គ្រោង​សាងសង់​ព្រលានយន្តហោះ​ដ៏​ធំ និង​ទំនើប​បំផុត​នៅក្នុង​ពិភពលោក នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ហូ​ជី​មី​ញ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​អ្នកធ្វើដំណើរ ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់​ជាង ៥លាន​នាក់​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី សង្គ្រាម​វៀតណាម (Vietnam War) ត្រូវបាន​បញ្ចប់។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNN បាន​បញ្ជាក់ថា ព្រលានយន្តហោះ​ថ្មី​ដែល​រដ្ឋាភិបាល​វៀត​គ្រោង សាងសង់​នេះ មាន​ឈ្មោះថា Long Thanh International Airport សាងសង់​នៅលើ​ទំហំ​ដី ២៥ Miles នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ហូជីមិញ ដែល​អាច​ទទួល​អ្នកធ្វើ​ដំណើរ​ចំនួន​បាន​ជាង ១០០ លាន​នាក់​ក្នុងមួយឆ្នាំៗ  ហើយ​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០១៩ខាងមុខនេះ និង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខនេះ។

 

បើតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​វៀតណាម នាពេល​បច្ចុប្បន្ននេះ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Vietnam Airlines កំពុងតែ​កើនឡើង​ប្រតិបត្តិការ​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក។

សម្រាប់​គម្រោង​សាងសង់​ព្រលានយន្តហោះ Long Thanh International Airport នេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ឯកភាព និង​អនុញ្ញាត​សាងសង់​កាលពី​ឆ្នាំ ២០១៦ ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម Phan Van Khai ដែលមាន​ការសម្របសម្រួល​ជាច្រើនលើក​ច្រើនសារ។ គម្រោង​សាងសង់​នេះ ក៏មាន​ប្រតិកម្ម​ពី​សាធារណៈជន​ផងដែរ​ថា ព្រលាន​នេះ ហាក់​នៅ​ឆ្ងាយ​ពី​ទីក្រុង​ហូ​ជី​មី​ញ​ចំងាយ ៤៥ គីឡូម៉ែត្រ។ តែ​យ៉ាងណា​ក៏​វា​ត្រូវបាន​រដ្ឋាភិបាល​បាន​ឯកភាព​រួច រាល់​ហើយ។

រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន Southern Airports Corporation ដែលជា​ក្រុមហ៊ុន​ស្ថិត ក្រោម​ការ​គ្រប់​របស់​ក្រសួង​ដឹកជញ្ជូន​ថៃ បាន​បែងចែក​សាងសង់​ជា​ដំណាក់កាល​ដើម្បី​ឆ្លើយតប នឹង​តម្រូវការ​ប្រើប្រាស់ បន្ទាន់៕

ស្ដាប់​អ្នកជំនាញ​ប្រាប់​ពី​លក្ខណៈពិសេស ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ

0

ដោយ រ៉ាវី

នៅពេលដែល​វិស័យ​អចលនទ្រព្យ​កំពុងមាន​សក្តានុពល​ខ្លាំង មនុស្ស​ជាច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​វិស័យនេះ ដើម្បី​ស្វែងរក​ផលចំណេញ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការបោះ​ទុនវិនិយោគ ការ​បង្កើតជា​ក្រុមហ៊ុន​អចលនទ្រព្យ ជាពិសេស ការតាំង​ខ្លួន​ជា​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ទទួលបាន​កម្រៃជើងសារ ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា លក្ខណៈសម្បត្តិ​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ជោគជ័យ​ម្នាក់ មាន​កត្តា​រួមផ្សំ​ជាច្រើន ដូច​ជាទី1 ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង អតិថិជន ដៃគូ​អាជីវកម្ម និង​សង្គមជាតិ។ ទី2 ត្រូវមាន​ចំណេះដឹង​ជ្រៅជ្រះ​ទាក់ទង​នឹង​តម្លៃ​អចលនទ្រព្យ​ទៅតាម​តំបន់ និង​ប្រភេទ​នៃ​អចលនទ្រព្យនីមួយៗ ព្រមទាំង​ចំណេះដឹង​ផ្នែក​ភាសាបរទេស សេដ្ឋកិច្ច ច្បាប់ សង្គម និង​នយោបាយ។

ទី៣ ត្រូវ​ស្គាល់​អតិថិជន​ដែលមាន​តម្រូវ​ការចង់​លក់​ជួល និង​ទិញ​អចលនទ្រព្យ​ដោយផ្ទាល់ ពិសេស​ត្រូវមាន​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ​ក្នុងសង្គម ពិសេស​វណ្ណៈ​កណ្តាល និង​វណ្ណៈ​ខ្ពស់ ដោយ​ត្រូវ​ស្គាល់​ឲ្យ​បាន​ច្បាស់​ថា Who is Who? ទី4 ត្រូវតែ​ស្រឡាញ់ និង​ចូលចិត្ត​អាជីព​ផ្នែក​ដីធ្លី ព្រោះ​វា​មិនមែនជា​ការងារ​ទេ តែ​ជា​អាជីព​ដែល​ត្រូវការ​ពេលវេលា និង​ភាព​អត់ធ្មត់​ខ្លាំងណាស់ ប្រៀបដូចជា​ការដាំ​ដើមត្នោត​ដែរ និង​ទី5 ត្រូវមាន​ទេពកោសល្យ និង​ឧបនិស្ស័យ​នឹង​ការងារ​ដីធ្លី​ថា តើ​ព្រហ្ម​លិខិត​ព្រម​អនុញ្ញាត​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី​ដែរឬទេ?

ស្រដៀង​គ្នា​នេះ នាយិកា​ក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​ទទួលបាន​ជោគជ័យ។ អ្នកដើរ​តួនាទី​ជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវមាន​គុណសម្បត្តិ​ចំនួន៦ចំណុច ដូចជា សុច្ច​រឹត​ភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញ​ជាក់លាក់ ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាត​វៃ។

អ្នកនាង​បន្តថា អ្វី​សំខាន់​បន្ថែមទៀត គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវខិតខំ​បង្វឹក​ខ្លួនឯង ប៉ុន្តែ​សំខាន់បំផុត​គឺមាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ទើប​ទទួលបាន​នូវ​គុណ​តម្លៃ និង​ទទួលជោគជ័យ​ក្នុង​អាជីព​នេះ។ អ្នកនាង​បន្តថា “អតិថិជន​នឹង​ជឿជាក់​លើ​គាត់ ប្រសិនជា​គាត់​មាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ប៉ុន្តែ​អ្នកមាន​ចំណុច​ពីរ​នេះ ពិបាក​រក​ណាស់ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យនេះ ត្រូវ​គិតពី​ផល​រយៈពេល​វែង។

អ្នកនាង​បន្តថា “ ក្រៅពី​ចំណុច​ទាំងពីរ​ខាងលើ ចំណេះដឹង​ផ្សេងទៀត គឺ​យើង​អាច​បង្វឹក​បាន ប៉ុន្តែ​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់​ត្រូវ​ចេញពី​ខ្លួន​របស់គាត់ ។ ការ​មានចំណេះ​ដឹងជាតិ អន្តរជាតិ យល់ដឹង​ទាក់ទង​ពី​ទីផ្សារ ច្បាប់ ប្លង់​អចលនទ្រព្យ​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​អតិថិជន​ជឿជាក់​លើ​គាត់ ព្រោះ​នៅពេល​អតិថិជន​ជឿជាក់​លើ​គាត់ ពួកគេ​នឹងមាន​ទំនុកចិត្ត និង​មាន​ទំនាក់ទំនង​ល្អ ហើយ​ពេលណា​ម្ចាស់​អចលនទ្រព្យ​ជឿជាក់​លើ​គាត់ ពួកគេ​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​នេះ” ៕