រដ្ឋមន្រ្តីក្រសួងកសិកម្មៈកម្ពុជានាំចូលចំណីសត្វ២០០លានដុល្លារក្នុងមួយឆ្នាំ

0

ដោយគង់ សូរិយា

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កម្ពុជាបានចំណាយប្រាក់២០០លានដុល្លារ លើការនាំចូលចំណីសត្វពីក្រៅប្រទេស និងស្នើដល់ក្រុមហ៊ុនផលិត និងកែច្នៃចំណីសត្វក្នុងស្រុក គួរធ្វើកិច្ចសន្យាជាមួយកសិករ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការ នៃពិរព័ណ៌វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វកម្ពុជា ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៨កន្លងមកថា កម្ពុជាមិនអាចហាមឃាត់ ការមិននាំចូលផលិតផលផ្សេងៗពីក្រៅប្រទេសបានឡើយ ជាពិសេសនៅក្នុងតំបន់អាស៊ាន និង តាមរយៈកិច្ចព្រមព្រៀងជាមួយប្រទេសដ៏ទៃទៀត ជាក់ស្តែងនាពេលកន្លងមកនេះ ការនាំចូលចំណីសត្វពីក្រៅប្រទេសមកកម្ពុជា បើគិតជាថវិការមានចំនួនជាង ២០០លានដុល្លារអាមេរិក ដែលបានបង្ហាញពីចំនួនមួយខ្ពស់ក្នុងការនាំចូល។

លោកបន្តថា “ដើម្បីកាត់បន្ថយការនាំចូលផលិតផល ចំណីសត្វពីក្រៅប្រទេស ឲ្យបានជាអតិប្បរមា ក្រុមហ៊ុនផលិតនិងកែច្នៃចំណីសត្វក្នុងស្រុក គួរធ្វើកិច្ចសន្យាជាមួយកសិករ រួមជាមួយការផ្តល់ពីបច្ចេកទេស ក្នុងការប្រមូលផលការទុកដាក់ ការសង្ងួត ដែលជាផ្នែកមួយធ្វើឲ្យភាគីអ្នកដាំដុះ និងភាគីក្រុមហ៊ុនមានការ ចំណេញទាំងថវិការ និងពេលវេលា ព្រោះកម្ពុជាជាប្រទេសមានភាពអនុគ្រោះយ៉ាងខ្លាំងដល់ការដាំដុះ”។

ទាក់ទិននឹងបញ្ហានេះ លោក មុត ពិសិទ្ធ តំណាងក្រុមហ៊ុន C.P Cambodia បានលើកឡើងថា ពាក់ព័ន្ធការផលិតចំណីសត្វក្នុងស្រុក ក្រុមហ៊ុនបានចាប់ដៃគូរជាមួយកសិករ ក្នុងការប្រមូលទិញផលិតផលពីពួកគាត់ដូចជា ពោត ដំឡូងមី ដើម្បីយកមកផលិតកែច្នៃជាចំណីសត្វ និងជាផលិតផលផ្គត់ផ្គង់ដែលមានគុណភាព និងសុវត្ថិភាព ដើម្បី ចែកចាយនៅទីផ្សារក្នុងស្រុក ជាពិសេសការផ្គត់ផ្គង់ដល់ដៃគូចិញ្ចឹមមាន់ ជ្រូនិងសត្វកជាដើម ។

លោកវេង សាខុន បានឲ្យដឹងទៀតថា កម្ពុជាមានដីទូលាំទូលាយ និងមានឱកាសល្អសម្រាប់ប្រជាជនយើង សម្រាប់ពង្រីកលើវិស័យចិញ្ចាឹមសត្វ បច្ចុប្បន្នយើងមានកសិដ្ឋានជាច្រើន ក្នុងការ ពង្រីកចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ផលិតកម្មសាច់ក្នុងស្រុក ដូច្នេះនៅពេលអនាគត កម្ពុជានឹងកាត់បន្ថយការនាំសាច់សត្វ ពីក្រៅប្រទេសបានជាអតិប្បរមា៕

SCA ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលសាងសង់ព្រលានយនតហោះនៅខេត្តបីទៀត

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា(SCA)បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់ព្រលានយន្តហោះ នៅខេត្តចំនួន៣ទៀតបានបន្ទាប់ពីក្រុមហ៊ុនទាំងនោះបានសិក្សាពីសក្តានុពលនៃបណ្តាខេត្តទាំងនោះរួច។

ប្រធានផ្នែកបង្កើនជើងហោះហើរ នៃអាកាសយានដ្ឋានកម្ពុជាលោកពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបានជួយសិក្សាពីបណ្តាខេត្ត ដែលមានសក្តានុពលក្នុងការសាងសង់ ព្រលានយន្តហោះនៅទូទាំងប្រទេសរួចហើយ ដែលយើងបានចំណាយលើការសិក្សានេះដោយខ្លួនឯង។លោកបន្តថា ជាលទ្ឋផលយើងបានផ្តល់អនុសាសន៍ ឲ្យរដ្ឋាភិបាលសាងសង់ព្រលានយន្តហោះក្នុងស្រុកលើខេត្តចំនួនបី គឺខេត្តបាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ ប៉ុន្តែមិនមានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ។

លោកបន្តថា “ខេត្តទាំងបីនេះគួរមានព្រលានយន្តហោះ ដោយសារជាខេត្តមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ តែមានសក្តានុពលសេដ្ឋកិច្ចដែលអាចវិនិយោគសាងសង់ ព្រលានយន្តហោះបាន”។លោកបន្តថា“SCAគ្រប់គ្រងតែព្រលានយន្តហោះអន្តរជាតិទាំងបី ប៉ុន្តែបើសិនជារដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុន អាចវិនិយោគសាងសង់ព្រលានក្នុងស្រុក យើងនឹងសិក្សាពីរឿងនេះ”។

លោកពេជ្រ សុប៉ុនតារាបានបន្តថា ករណីខេត្តស្ទឹងត្រែងជាខេត្តស្ថិតនៅភូមិភាគឥសាន្ត ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក តែការធ្វើដំណើរឆ្ងាយនិងចំណាយ ពេលយូរ។ ហេតុនេះបើមានព្រលានយន្តហោះក្នុងស្រុកជាការប្រសើរ។

ចំណែកខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងមានប្រជាជនមានជីវភាពល្អប្រសើរ ហេតុនេះ បើសិនជាខេត្តនេះមានព្រលានយន្តហោះ អាចចុះចតយន្តហោះក្នុងស្រុក ពិតជាប្រសើរផងដែរ។លោកបន្តថា រីឯខេត្តព្រះវិហារវិញ ជាខេត្តមានតំបន់ប្រាសាទ ពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក តែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅកាន់ប្រាសាទនេះ ហាក់មិនទាន់មានភាពល្អប្រសើរ និងសម្រួលការធ្វើដំនើរបានលឿននៅឡើយ។ ដូច្នេះការសាងសង់ព្រលានយន្តហោះរវាងខេត្តព្រះវិហារ ឬស្ទឹងត្រែងគួរតែជាជម្រើសមួយនាពេលខាងមុខ។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ បានសិក្សាពីសក្តានុពលពីបណ្តាខេត្តនៅភូមិភាគឥសាន្ត ជាលទ្ឋផលការសិក្សាបានមើលឃើញខេត្តស្ទឹងត្រែង ជាខេត្តមានសក្តានុពលជាងគេ ដើម្បីរៀបចំសាងសង់ព្រលានយន្តហោះកម្រិតតំបន់។ ប៉ុន្តែរហូតមកទល់ពេលនេះ គំរោងនេះបានស្ងប់ស្ងាត់ទៅវិញ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ថា កន្លងមកតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយកគំរោងវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែង ដាក់បញ្ចួលក្នុងកញ្ចប់នៃគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន និងអាចអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជនវិនិយោគ បើសិនជាពួកគេចាប់អារម្មណ៍។

លោកបន្តថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ គំរោងសាងសង់ឡើងវិញនូវព្រលានយន្តហោះខេត្តស្ទឹងត្រែង មិនទាន់មានពន្លឺអ្វីនៅឡើយទេ”៕

លំនៅដ្ឋានតម្លៃសមរម្យនៃគំរោងវិនិយោគ ២០០លាន​ដុល្លារ​នឹង​ចាប់ផ្តើម​លក់​នៅថ្ងៃទី១៧ វិច្ឆិកា​ខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ នៃ​គម្រោង​វិនិយោគ​តម្លៃ២០០លាន​ដុល្លារ​និង​ស្ថិតនៅលើ​ផ្ទៃដី​ជាង៦០ហិកតា នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃទី១៧ វិច្ឆិកា​ខាងមុខ​នេះហើយ។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​បុរី VIP លោក យ៉ែ​ន សុខ​លីន នៅ​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២ វិច្ឆិកា​នេះ​ថា ក្រុមហ៊ុន​នឹង​ប្រកាស​លក់​គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ ចាប់ពី​ថ្ងៃទី១៧ វិច្ឆិកា​ខាងមុខ​នេះហើយ ដោយ​លំនៅ   ដ្ឋា​ន​មានតម្លៃ​ចាប់ពី​ជាង២ម៉ឺន​ដុល្លារ​ឡើងទៅ។ លោក​បន្តថា គំរោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី​ជាង៦០ហិកតា ដែល​រួមបញ្ចូល​នូវ​ផ្សារ សាលារៀន សួន​កំសាន្ត និង​តំបន់ឧស្សាហកម្ម ដែល​នឹងមាន​ការសាងសង់​លំនៅដ្ឋាន​សម្រាប់​កម្មករ និយោជិត​ស្នាក់​នៅបាន​ប្រមាណ ៥ម៉ឺន​នាក់។

លោក​បន្តថា “យើង​ជឿជាក់ថា​គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​មាន​ភាពងាយស្រួល និង​ដោយសារ​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង។លោក​បន្តថា “ការសម្រេចចិត្ត​វិនិយោគ​គំរោង​នេះ ដោយសារ​ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន និង​មាន​កំនើន​ប្រជាពលរដ្ឋ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

គំរោង​នេះ​ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុង​សង្កាត់​រាម ក្រុង ខេត្ត​ព្រះសីហនុ៕

CDC អនុម័តគំរោង៥ក្រោមទុនវិនិយោគប្រមាណ១៦៣លានដុល្លារ

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន៥ ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន១៦៣លានដុល្លារ និងអាចបង្កើតការចំនួនជាងជិត២ពាន់កន្លែងនៅកម្ពុជា។
យោងតាម facebook pageទំព័រ CDC បានឲ្យដឹងថា ក្រុមហ៊ុនដែលបានទទួល​ការអនុម័តពីគណកម្មកាវិនិយោគរបស់ CDC បានឲ្យដឹងថា ក្រុមហ៊ុនទាំង៥នោះរួមមាន ក្រុមហ៊ុន “SCHNEITEC RENEWABLE CO.,LTD.” ដែលមានគម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥៨,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៥កន្លែង។
ទី២ ក្រុមហ៊ុន “LING XIU INT’L CO.,LTD” ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨,៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៣៣កន្លែង។ ទី៣ ក្រុមហ៊ុន “CATH PHARMA CO.,LTD.”ដែលមាន គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។
ទី៤ ក្រុមហ៊ុន “SAIER (CAMBODIA) GARMENT CO.,LTD.” ដែលគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.០២៥កន្លែង។ និងទី៥ក្រុមហ៊ុន “HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦,២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៩១កន្លែង៕

ផ្សារទំនើបតម្លៃ៩,៣លានដុល្លារក្នុងសង្កាត់បឹងកេងកងទី១ទទួលបានការ អនុម័តពីCDC

0

ដោយ : វុត្ថា
ភ្នំពេញៈ ផ្សារទំនើប NORO MALLដែលបោះទុនវិនិយោគតម្លៃ៩,៣លានដុល្លារអាមេរិក និងវិនិយោគដោយក្រុមហ៊ុន NORO MALL CO.,LTD បានទទួលការអនុម័តពីគណកម្មការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្សារទំនើប NORO MALL នេះស្ថិតនៅលើមហាវិថីព្រះនរោត្តម ដែលបាននិងកំពុង​សាងសង់យ៉ាងសកម្ម។

ផ្សារទំបនើបនេះមានសេវាកម្មចម្រុះ ដូចជា រោងភាពយន្ត ហាងនំ ភោជនីយដ្ឋាន ហាងកាហ្វេ ព្រមទាំងមានកន្លែងកម្សាន្តដ៏សម្បូរបែបដើម្បីបំរើជូនដល់អតិថិជនទាំងក្នុង និងក្រៅស្រុក។

អ្នកនាងបន្តថា “ផ្សារទំនើបនៅកម្ពុជាមានកំនើនខ្ពស់ ដោយសារការវិនិយោគផ្សារទំនើបទទួលបានផលចំណេញពីការវិនិយោគខ្ពស់ ធៀបនឹងគំរោងវិនិយោគដទៃទៀត ប៉ុន្តែអ្នកវិនិយោគផ្សារទំនើប ត្រូវតែធ្វើបច្ចុប្បន្នភាពគំរោងរបស់ខ្លួនរៀងរាល់៥ឆ្នាំម្តង ដើ​ម្បីធ្វើឲ្យគំរោងរបស់ពួកគេនៅតែទាក់ទាញ”។ អ្នកនាងបន្តថា គំរោងផ្សារទំនើបកើនឡើង ដោយសារការរីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា ប៉ុន្តែបើផ្សារកើនឡើងកាន់តែច្រើនថែមទៀត ចំនួនផ្សារទំនើបអាចលើសតម្រូវការ”៕

ដំណឹងរីករាយ : ចិនអះអាងនឹងជួយអភិឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាឲ្យ រីកចម្រើនបន្ថែមទៀត

0

ដោយ : វុត្ថា
ភ្នំពេញ : មន្ត្រីជាន់ខ្ពស់នៃប្រទេសចិនជាថ្មីម្តងទៀត បានប្តេជ្ញាចិត្តជួយអភិឌ្ឍន៍សេដ្ឋ​កិច្ចសង្គមកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះទំនា​ក់ទំនងរវាងប្រទេសកម្ពុជានិ ងចិនគឺជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំនិងយូរអង្វែងចាប់តាំងពីជំនាន់សម្តេចព្រះបរមរតនៈកោដិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តសីហនុ និងលោកលោកម៉ៅ សេទុង ប្រធានាធិបតីចិនមកម្លេះ។


លោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានឲ្យដឹងក្នុងជំនួបជាមួយសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា “ប្រទេសកម្ពុជាគឺជាមិត្តដែកថែបជាមួយប្រទេសចិន ហើយទំនាក់ទំនងនៃប្រទេសទំាងពីរមិនអាចបំបែកបាន ហើយនឹងបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើ​រឡើងៗថែមទៀត។ លោកបន្តថា ព្រះករុណាបព្រះបរមរតនកោដិ សម្តេចព្រះនរោត្តមសីហនុ គឺជាមិត្តចិន ហើយប្រទេសចិន និងប្រជាជនចិនតែងតែគោរពស្រឡាញ់ព្រះអង្គ ហើយព្រះអង្គ មានមនោសញ្ចេតនាយ៉ាងជ្រាវជ្រៅជាមួយនឹងប្រទេសចិនង។
លោកបន្តថា “ប្រទេសចិននឹងខិតខំធ្វើយ៉ាងណា ដើម្បីអោយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនកាន់តែខ្លាំងណានិងរឹងមុំាបន្ថែមទៀត”។ លោកបន្តថា “គោលបំណងសំខាន់ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីរួមចំណែកជួយជម្រុញមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិនអោយកាន់តែ រឹងមាំបន្ថែមទៀត”។


មន្ត្រីជាន់ខ្ពស់ចិនរូបនេះថា ប្រទេសចិនបានកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែលប្រទេសមួយចំនូនបានជំទាស់ ដែលធ្វើអោយទំហំពាណិជ្ជកម្មចិន-អាស៊ានកើនឡើងជបន្តបន្ទាប់ចាប់តំាងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន។
លោក Zhang Chunxian បានបន្តថា គោលនយោបាយដែលប្រទេសចិន បានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក ដោយកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្ម សេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន”។
ចាប់តាំងពីឆ្នាំ២០១១ ទំហំពាណិជ្ជកម្មចិន-អាស៊ានមានសម្រេចបានទឹកប្រាក់ ៤២ពាន់លានដុល្លារប៉ុណ្ណោះ និងបានកើនឡើងរហូតដល់៥១៤ពាន់លានដុល្លារនៅឆ្នាំ​២០១៧ ដែលធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់ កំពុងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើននេះ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានសម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នានៃប្រទេសកម្ពុជា ចិន ដែលបានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេ​សទំាងពីរ មានភាពល្អប្រសើរជាងពេលណាៗទំាងអស់ ហើយឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ គឺបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមំាថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេស“កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្រ្ត គ្រប់ ជ្រុងជ្រោយ ” ដែលបាននិងកំពុងទទួលលទ្ធផលជាផ្លែផ្កាលើច្រើនវិស័យ។


សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពី គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសេដ្ឋកិច្ច ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់ប្រទេសកម្ពុជា គោលនយោបាយនេះ បានដើរតួនាទីសំខាន់ ក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទំាងពីរ ដោយសង្ឃឹមថា គម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទេសចរណ៍មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
លោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស កំពុងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយនៅក្នុងនោះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ ថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ​ធា​នព្រឹទ្ធសភានៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ទីផ្សារ​យានយន្ត​កម្ពុជា សម្រេចបាន​កំនើន​ដ៏​ប្រសើរ​ធៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីផ្សារ​យានយន្ត​នៅ​កម្ពុជា​សម្រេចបាន​កំណើន​លក់​យ៉ាង​ប្រសើរ និង​ជា​ប្រទេស​មានការ​រីកចម្រើន​ល្អ ជាង​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន ក្នុងការ​ប្រើប្រាស់​យានយន្ត​ជា​លក្ខណៈ​ឯកជន ដែលជា​ផ្នែក​មួយ​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ។

អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​ខ្មែរ ចិន លោក​ឧកញ៉ា​ជា សឿន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ នៃ​ពិរ​ព័ណ៌​អន្តរជាតិ សម្រាប់​ឧស្សាហកម្ម​យានយន្ត ២០១៨ កាលពី​ថ្ងៃទី១ ខែ​វិ​ច្ឆ​កា ឆ្នាំ២០១៨កន្លងមក​ថា ទីផ្សារ​យានយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​រំពឹងថា នឹង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ការលក់​យានយន្ត ដឹក​អ្នកដំណើរ​បាន​កើនឡើង​ប្រមាណ​ជាង២០ភាគរយ  ដែល​កំណើន​នេះ​កំពុងមាន​ការរីកលូតលាស់​ប្រសើរ ជាង​ប្រទេស​ដ៏ទៃទៀត​នៅក្នុង​អាស៊ាន​ផងដែរ។

លោក​ឧកញ៉ា​បន្តថា “ទីផ្សារ​យានយន្ត​កំពុង​មានការ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ខណៈ​កម្ពុជា​កំពុង​បាន​ងាក​ចេញ​ជាបណ្តើរៗ ពី​ការផ្លាស់ប្តូរ​នៃ​ការប្រើប្រាស់​គ្រឿង​បរិក្ខា​ថែទាំ​យានយន្ត​ជជុះ  មកប្រើប្រាស់​ផលិតផលថ្មីៗ ដែលមាន​គុណភាព​ល្អ ក្នុងការ​ថែ​រទាំ​ម៉ាស៊ីន និង​គ្រឿងបន្លាស់ផ្សេងៗ ជាពិសេស​ការផ្តល់​សុវត្ថិភាព​ក្នុងការ​បើកបរ ដល់​យើងទាំងអស់គ្នា។

លោក Richard Yaw  អនុប្រធាន​ប្រចាំការ​តំបន់​ក្រុមហ៊ុន ABM Tarsus Events Group ដែលជា​ក្រុមហ៊ុន​រៀបចំ​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ និង​កំពុង​ក្តោប​យក​ទីផ្សារ​ពិ​ព៌​ណ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា   ព្រឹត្តិការណ៍​ពិ​ពណ៌​អន្តរជាតិ សម្រាប់​ឧស្សាហកម្ម​យានយន្ត២០១៨ បានផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកប្រើប្រាស់​យានយន្ត ជាពិសេស​សម្រាប់​អ្នកជំនួញ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក ក្នុងការ​បង្កើន​អាជីវកម្ម​បន្ថែមទៀត ហើយ​លោក អ្នកនឹង​ទទួលបាន​បន្ថែម​នូវ​ការអភិវឌ្ឍន៍​ជំនាញ និង​ការយល់ដឹង​អំពី​ផលិតផលថ្មីៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​នឹង​គ្នា៕

ឧកញ៉ា​គិត ម៉េង ចាប់ដៃ​សឹង្ហ​បុរី​វិនិយោគ​អគារ​ពាណិជ្ជកម្ម​ខ័​ណ្ឌ​ទួលគោក

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន ROYAL GROUP Of Company របស់​ឧកញ៉ា​គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន HLH Development PTE LTD) សឹង្ហ​បុរី ដើម្បី​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​នៅ​ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​ទ្វេរ​ភាគី នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ រវាង​លោក​Hanna Mark នាយក​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ឲ្យ​ដឹងថា បន្ទាប់ពីរ​ក្រុមហ៊ុន​ទាំងពីរ​ចុះ​កិច្ចព្រមព្រៀង​រួចមក កំឡុងពេល០៣ខែ​ខាងមុខ​ទៀត គម្រោង​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​ឡើងលើ​ផ្ទៃដី​សរុប​ជាង៨ពាន់​ម៉ែត្រក្រឡា។

ការសហការ​គ្នា​នេះ ក្រុមហ៊ុន Royal Group Of Company ជា​អ្នកផ្តល់​ដី​សម្រាប់​វិនិយោគ​គំរោង​នេះ និង​ក្រុមហ៊ុន​សឹង្ហ​បុរី​ជា​អ្នកវិនិយោគ​សាងសង់​អាគារ។

លោក Ryan Ong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អេ​ច អិ​ល អេ​ច បាន​មានប្រសាសន៍​បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​នេះ​ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជីរ​ក្នុង​ផ្សារ​ហ៊ុន មកពី​ប្រទេស​សឹង្ហ​បុរី និង​មាន​ប្រមូល​បទពិសោធន៍​ជាច្រើន​ឆ្នាំ នៅក្នុង​ការសាងសង់​អចលនទ្រព្យ និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​តាំងពី​ឆ្នាំ១៩៨៨ យើង​ប្តេជ្ញា​នាំមក​នូវ​ជំនាញ និង​វិជ្ជាជីវៈ​ខ្ពស់​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា។

លោក​បន្តថា “ពួកយើង​អាច​កំណត់ថា សំណង់​នៃ​ការអភិវឌ្ឍន៍ នឹងត្រូវ​សាងសង់ឡើង ប្រកបដោយ​គុណភាព​ដែលមាន​ការធានា និង​មាន​ស្តង់ដា​សាងសង់​លក្ខណៈ​អន្តរជាតិ។

លោក​បាន​សម្តែង​សុទិដ្ឋិនិយម​ថា គំរោង​អភិវឌ្ឍ​ថ្មី​នេះ បូករួម​ជាមួយនឹង​ជំនាញ​ដ៏​ធំធេង​របស់​ក្រុមហ៊ុន ទាំងពីរ​ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នកទិញ ហើយនឹង​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាជន​នៅ​កម្ពុជា​បន្ថែមទៀត៕

មន្ត្រី​ជំនាញ​និយាយ​គំរោង​វិនិយោគ​លំនៅដ្ឋាន​គ្រួសារ​មាន​ចំណូល​ទាប និង​មធ្យមនៅ​ក្រុង​ប៉ោយប៉ែត

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានលើកឡើង​ពី​គំរោង​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​សមរម្យ សម្រាប់​ប្រជាជនមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​នាពេល​អនាគត ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន។

លោក ស្រី ជា​ធូ វ​ឌ្ឍ​នា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ខេត្តបន្ទាយមានជ័យ​ក្នុង​ពិធី​ផ្សព្វផ្សាយ គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី៣១ តុលា​កន្លងមក​ថា គម្រោង​នេះ​អាច​សម្រេច​ទៅបាន គឺមាន​តែ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ទៈ​ល្វែង ឬ​បូរី អាច​កសាង​លំនៅឋាន តម្រូវ​សម្រាប់​គ្រួសារ​ពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​និង​ទាប ដោយ​ទូទាត់​ជា​ប្រាក់សុទ្ធ​ឬ​បង់​រំ​លោះ។

ទោះជា​យ៉ាងណា​លោកស្រី​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង ពី​ក្រុមហ៊ុន​ណា​នឹងចូលរួម​វិនិយោគ​គំរោង​នេះ និង​ចាប់ផ្តើម​ពេលណា​នៅឡើយ​ទេ។

អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េង​ជ្រួ​ន បាន​និយាយថា កន្លងមក ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋបាលខេត្ត​បាន​កសាង​ប្លង់​មេ លើ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ដើម្បី​ងាយស្រួល​ដល់​ការប្រើប្រាស​ដី ក៏ដូចជា​ជួយ​ដល់​ការរៀបចំ​គម្រោង​គោលនយោបាយ​សង្គមកិច្ច​ផង។ ប៉ុន្តែ​បច្ចុប្បន្ន ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត​ឡើងថ្លៃ​យ៉ាងខ្លាំង។

លោក​បាន​បន្តថា “ហេតុនេះហើយ ទើប​នៅក្នុង​ក្រុង​ប៉ោយប៉ែត មាន​ក្រុមហ៊ុន និង​ម្ចាស់​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា បាន​កសាង​ផ្ទៈ និង​ពុះ​ដី​ឡូ​តិ៍ ដី​ល្វែង​លក់ ។ ប៉ុន្តែ​អាជ្ញាធរ​និង​ជំនាញ​អាច​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន និង​ម្ចាស់​ដីធ្លី​ទាំងនោះ អោយ​គាំទ្រ​គម្រោង​លំនៅឋាន សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​និង​មធ្យម សម្រាប់​លក់​អោយ​ពលរដ្ឋ​និង​មន្ត្រី​បាន។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​ប្រាក់ អង្គា​រ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​គោលនយោបាយ​ស្តីពី ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ។ លោក​បន្តថា អគ្គនាយកដ្ឋាន​លំនៅឋាន មាន​ភារកិច្ច​ជា​សេនាធិការ​អោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុងការ​សិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​លំនៅឋាន តម្រូវការ​លំនៅឋាន ការផ្គត់ផ្គង់​លំនៅឋាន និង​ការរៀបចំ​ដី​សម្រាប់​លំនៅឋាន​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត និង​សម្រាប់​គ្រួសារ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ​ជាដើម។

លោក​បន្តថា “ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​តាមរយ:អគ្គនាយកដ្ឋាន​នេះ និង​អាជ្ញាធរ​ដែនដី បានកំណត់​គោលដៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​សាងសង់​លំនៅឋាន​សម្រាប់​គ្រួសារ​មាន​ចំណូល​មធ្យម​និង​ទាប”៕

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្រុង​បាត់ដំបង​ដើម្បី​ស្នើ​អង្គការ UNESCO បញ្ចូលទៅជា​ទីក្រុង​បុរាណ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួង​ចំនួន៣និង​ស្ថាប័ន​ពាក់​ព័​ន្ឋ បាននិងកំពុង​រៀបចំ​ឯកសារ​ពាក់​ព័​ន្ឋ​ដើម្បី​ដាក់​ទៅកាន់​អង្គការ​យូនេស្កូ ដើម្បី​ស្នើ​ឲ្យ​អង្គការ​នេះ​បញ្ចូល​ទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បុរាណ​មួយ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​កាន់តែច្រើន។

ក្រសួង​ទាំងនោះ​មានដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ។

លោក កើត ពុទ្ធ​វ​រី នាយក វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្តីពី ការកសាង​គោលនយោបាយ​ទេសចរណ៍​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី១ វិច្ឆិកា​កន្លងមក​ថា មុន​ឈានដល់​ការស្នើ UNESCO ដាក់បញ្ចូល​ក្រុង​បាត់ដំបង​ទៅជា​ទីក្រុង​បុរាណ ការងារ​ដំបូង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ មាន​ប្រវត្តិ ខេត្ត ផ្ទះ​បុរាណ អគារ​បុរាណ និង​វត្ត​បុរាណ ជាដើម ឲ្យ​បានច្បាស់លាស់ ដើម្បី​បង្ហាញ​ទៅ​គេ។

លោក​បន្តថា ជំហាន​បន្ទាប់ ក្រសួង​ពាក់ព័ន្ធ​នឹង​អញ្ជើញ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់ នៅក្នុង​ផ្ទះ​បុរាណ ឬ​ផ្ទះ​សល់​ពី​សម័យ​បារាំង មក​ពន្យល់ កុំ​ឲ្យ​កែកុន​ផ្ទះ​ខុស​លក្ខណៈ​ដើម ព្រោះ​ថាបើ​រក្សា​រចនាបទ​ដើម នឹងមាន​ការទាក់ទាញ ហើយ​ការងារ​ពន្យល់​ណែនាំ​នេះ គឺ​បានធ្វើ​ជោគជ័យ​ហើយ នៅ ក្នុង​ក្រុង​ក្រចេះ ដែល​គ្រោង​នឹង​ស្នើ​អង្គការ UNESCO ដាក់បញ្ចូល​ជាទី​ក្រុង​បុរាណ​របស់​ពិភពលោក​ផងដែរ។

អភិបាលរង​ខេត្ត​ន​បាត់ដំបង លោក ហឿង សុគន្ធ បាន​មានប្រសាសន៍ថា ដើម្បីឲ្យ​សម្រេចបាន​នូវ​គោលនយោបាយ​ទេសចរណ៍​និរន្តរភាព និង​ទីក្រុង​បាត់ដំបង ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជួយ​សហការគ្នា​អនុវត្ត​ឲ្យ​បាន ឲ្យ​ស្របតាម​សូចនាករ ដែល​បានកំណត់។

លោក​បន្តថា “សន្តិភាព សាមគ្គីភាព ការរួបរួម​គ្នា នឹង​នាំ​ឲ្យ​អាច​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ហើយ​ការបញ្ចូល​ឈ្មោះ​ទីក្រុង​បាត់ដំបង ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​កិត្តិយស​ដ៏​ប្រពៃ​មួយ​សម្រាប់​ខេត្ត វា​ក៏​ជាការ​ផ្សព្វផ្សាយ​ទៅដល់​ពិភពលោក​ឲ្យ​ស្គាល់​ពី​បាត់ដំបង។

ក្នុង​ក្រុង​បាត់ដំបង មាន​សល់​ផ្ទះ​បុរាណ សំណង់​អគារ​សម័យ​បារាំង ព្រមទាំង​វត្ត​បុរាណ​ជាច្រើន ដែល​បេ​តិក​ភ័​ណ្ឌ​ទាំងអស់នេះ គឺជា​តឹកតាង​បង្ហាញថា ទីក្រុង​បាត់ដំបង មាន​អាយុកាល​ច្រើន​ឆ្នាំ និង​មាន​ប្រវត្តិ​ទាក់ទង​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។

រយៈពេល៩ខែ ឆ្នាំនេះ​ខេត្តបាត់ដំបង បានទទួល​ភ្ញៀវទេសច​រ ជាង៤០ម៉ឺន​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៧ មានការ​កើនឡើង​ចំនួន៧.៨៩ភាគរយ៕