រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បង្ហាញ​ចំណុច​ពិសេស​ទាំង៦នៃ​គោលនយោបាយ​គាំពារ​ការវិនិយោគ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាងថា កម្ពុជា​គឺជា​ប្រទេស ដែលមាន​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ ជាមួយ​សក្តានុពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កម្មន្តសាល (ធុន​ស្រាល) បច្ចេកវិទ្យា និង​សេវាកម្ម ដែល​វិនិយោគិន​នូ​វែ​ល​ហ្សេ​ឡង់ អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន និង​ប្រាក់ចំណេញ​ខ្ពស់​ពី​ការវិនិយោគ។

នៅក្នុង​ជំនួប​ជាមួយ លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី កាលពី​ព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​បើក​ទីផ្សារថ្មីៗ ការកៀងគរ​វិនិយោគ ដើម្បី​ពិពិធ​កម្មវិស័យ​ការងារ និង​ការដាក់ចេញ​គោលនយោបាយ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​អំពី​អត្ថប្រយោជន៍ នៃ​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​ក​ម្ពុ​ជា​ចំនួន ៦ចំណុច​គឺ៖ មិន​រើសអើង​ជាតិ​សាសន៍ មិន​រឹបអូស​ទ្រព្យ មិនត្រូវ​ការ​ដៃគូ​ក្នុងស្រុក មិន​កំណត់​តម្លៃ​ទំនិញ​និង​សេវាកម្ម មិន​កំហិត​រូបិយប័ណ្ណ​បរទេស និង​មិន​ត្រួតត្រា​ទុនវិនិយោគ ព្រមទាំង​សក្តានុពល​នៃ​វិស័យ​កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និង​ឧស្សាហកម្ម​កម្មន្តសាល។

លោក​ប៉ាន សូរ​ស័ក្តិ បន្តថា កម្ពុ​ជាមាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​កសិផល​មិនទាន់​កែច្នៃ​ច្រើន។ យើង​ចង់បាន​វិនិយោគិន​នូ​វែ​ល​ហ្សេ​ឡង់ មក​វិនិយោគ​លើ​វិស័យ​កម្មន្តសាល ដើម្បី​ផ្ទេរ​ជំនាញ​និង​បច្ចេកវិទ្យាថ្មីៗ ព្រមទាំង​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​កសិផល ដើម្បី​ជំរុញ​ការនាំចេញ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

ជាការ​ឆ្លើយតប​លោក Tahamoana Aisea Cluny MacPherson បាន​កោតសរសើរ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ថ្លែងអំណរគុណ លោក​មន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មានល្អៗ ទាក់ទិន​កាលានុវត្តភាព​វិនិយោគ និង​សក្តានុពល​របស់​កម្ពុជា។

ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​សម្តែង​ការចាប់អារម្មណ៍ ចំពោះ​គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​បាន​សន្យា​ផ្សព្វផ្សាយ​ដំណឹង​នេះ ដល់​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នូ​វែ​ល​ហ្សេ​ឡង់ ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ជួយ​កៀងគរ​វិនិយោគិន​នូ​វែ​ហ្សេ​ឡង់ ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន​នាពេល​អនាគត៕

សាលពិព័រណ៍តម្លៃ១០លានដុល្លារបានបើកសម្ពោធនៅភាគខាងជើងរាជធានី

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : សាលពិព័រណ៍ និងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ខ្នាតអន្តរជាតិ ដែលអាចផ្ទុក​មនុស្សរហូតដល់៥០០០នាក់ និងបោះទុនវិនិយោគតម្លៃ១០លានដុល្លារ​បានបើក​សម្ភោធនៅ​ភាគខាងជើងរាជធានីភ្នំពេញ។

លោក មាន សំអុល នាយកគ្រប់គ្រងទូទៅនៃ ដឹព្រីមៀសេនធ័រ សែនសុខ បានឲ្យ​ដឹង​នាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា បន្ទាប់ពីចាប់ផ្តើមបើកទទួលការកក់សម្រាប់រៀបចំកម្មវិធី​អាពាហ៍ពិពាហ៍តាំងពីដើមឆ្នាំ២០១៨មក អាគារនេះទទួលបានការចាប់អារម្មណ៍​យ៉ាងច្រើនពីអតិថិជន ដោយទទួលការកក់ចំនួនរហូតដល់៥០០ដង ស្មើនឹង២៣៨គូ។ ក្នុងនោះមានគូស្វាមីភរិយាថ្មីចំនួន៧គូ ដែលនឹងសម្ពោធអគារថ្មីនេះ ទាំងមូលនាថ្ងៃ​ទី១១ វិច្ឆិកាខាងមុខ។

លោកបន្តថា “អាគារថ្មីនេះអាចរៀបចំកម្មវិធីផ្សេងៗជាច្រើន ក្នុងតម្លៃសមរម្យបំផុត ដែលអាចទទួលភ្ញៀវតាមតម្រូវការទាំងអស់ ហើយលក្ខណៈពិសេសនៃអគារមាន​ភាព​ច្នៃប្រឌិត ស្រស់ស្អាត និងអាចដាក់មនុស្សបានចំនួនរហូតដល់៥ពាន់នាក់ និងមាន​ចំណត​ធំទូលាយសម្រាប់ដាក់រថយន្ត និងម៉ូតូបានចំនួន២ពាន់គ្រឿង”។

លោក សំអុល បានបន្តថា ការចំណាយទឹកប្រាក់ដ៏ច្រើន ក្នុងការសាងសង់អគារថ្មីនេះ​ឡើង ដោយផ្អែកលើភាពទាន់សម័យរបស់ប្រជាជនកម្ពុជា ពិសេសភាពរីកចម្រើន និងការអភិវឌ្ឍដ៏ល្អរបស់ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

សាលពិព៌ណតម្លៃ ១០លានដុល្លារបានបើកសម្ពោធនៅភាគខាងជើងរាជធានី

0

ដោយ យដែនចែងចាំង

ភ្នំពេញ: សាលពិព៌ណ និងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ខ្នាតអន្តរជាតិ ដែលអាចផ្ទុកមនុស្សរហូតដល់៥០០០នាក់ និងបោះទុនវិនិយោគតម្លៃ១០លានដុល្លារបានបើកសម្ភោ ធនៅភាគខាងជើងរាជធានីភ្នំពេញ។

លោក មាន សំអុល នាយកគ្រប់គ្រងទូទៅនៃ ដឹព្រីមៀសេនធ័រ សែនសុខបានឲ្យដឹងនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា បន្ទាប់ពីចាប់ផ្តើមបើកទទួលការកក់ សម្រាប់រៀបចំកម្មវិធីអាពាហ៍ពិពាហ៍តាំងពីដើមឆ្នាំ២០១៨មក អាគារនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ដោយទទួលការកក់ចំនួនរហូតដល់៥០០ដង ស្មើនឹង២៣៨គូ។ ក្នុងនោះមានគូស្វាមីភរិយាថ្មីចំនួន៧គូ ដែលនឹងសម្ពោធអគារថ្មីនេះ ទាំងមូលនាថ្ងៃទី១១ វិច្ឆិកាខាងមុខ។


លោកបន្តថា “អាគារថ្មីនេះអាចរៀបចំកម្មវិធីផ្សេងៗជាច្រើន ក្នុងតម្លៃសមរម្យបំផុត ដែលអាចទទួលភ្ញៀវតាមតម្រូវការទាំងអស់ ហើយលក្ខណៈពិសេសនៃអគារមានភាពច្នៃប្រឌិត ស្រស់ស្អាត និងអាចដាក់មនុស្សបានចំនួនរហូតដល់៥ពាន់នាក់ និងមានចំណតធំទូលាយសម្រាប់ដាក់រថយន្ត និងម៉ូតូបានចំនួន២ពាន់គ្រឿង”។


លោកសំអុលបានបន្តថា ការចំណាយទឹកប្រាក់ដ៏ច្រើន ក្នុងការសាងសង់អគារថ្មីនេះឡើង ដោយផ្អែកលើភាពទាន់សម័យរបស់ប្រជាជនកម្ពុជា ពិសេសភាពរីកចម្រើន និងការអភិវឌ្ឍដ៏ល្អរបស់ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

កម្ពុជារំពឹងថានឹងសម្រេចបានកំនើនសេដ្ឋកិច្ច៧,១ភាគរយនៅឆ្នាំ២០១៩

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,១ភាគរយនៅឆ្នាំ២០១៩ ដែលកំនើននេះមានភាពប្រហាក់ប្រហែលនឹងឆ្នាំនេះ។

លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាកាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨កន្លងមកថា កំលាំងចលករដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា សំរាប់វិស័យឧស្សហកម្ម នៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលមានជាអាទិ៍សំខាន់ៗដូចជា វិស័យសំណង់ វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់ការនាំចេញ និងបម្រើក្នុងស្រុកជាដើម។

ចំណែកវិស័យសេវាកម្ម នៅបន្តកំណើនក្នុងអត្រា៧ភាគរយ និងវិស័យកសិកម្ម ដែលអាចសម្រេចបានកំណើនក្នុងរង្វង់១,៨ភាគរយផងដែរ។

ផ្អែកតាមសូចនាករម៉ាក្រូសេដ្ឋកិច្ច កម្ពុជានៅតែអាចបន្ត សម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ទៅ៧,២ភាគរយ ក្នុងមួយឆ្នាំនៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។


ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក Phillippe BAUDRY បានមានប្រសាសន៍ថា បារាំងនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់គោលនយោបាយ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានសន្យាថា នឹងប្រឹងប្រែងចែករំលែកនូវបទពិសោធន៍នានាពីឆាកអន្តរជាតិ។ បន្តការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីជួយជំរុញដល់ការអភិវឌ្ឍ និងវិនិយោគទាំងលើវិស័យសាធារណៈ ក៏ដូចជា វិស័យឯកជននៅកម្ពុជាឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕

គំរោង​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្មចិន អាមេរិក

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា គំរោង​វិនិយោគ​របស់​ចិន​មួយចំនួន​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់ ដោយសារ​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

ថ្នាក់ដឹកនាំ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​មួយរូប​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គំរោង​របស់​ចិន​នៅ​កម្ពុជា ប្រមាណ៣០ភាគរយ​បាន​រង​ផលប៉ះពាល់ ដោយសារ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ក្នុងនោះ​គំរោង​ខ្លះ​បាន​ផ្អាក​ការសាងសង់ និង​មួយចំនួនទៀត​ពួកគេ​កំពុង​ផ្អាក​គំរោង​សាងសង់​របស់ខ្លួន ។ លោក​បន្តថា ផ្សារ​ហ៊ុន​របស់​ចិន​បាន​បន្ត​ដាំ​ក្បាល​ចុះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះបញ្ជីរ​ក្នុង​ផ្សារ​ហ៊ុន​បាន​រង​ការខាតបង់​យ៉ាងដំណំ។

ជាក់ស្តែង​គំរោង SINO PLAZA , SKY VILLA, SINA PLAZA, គំរោង​សណ្ឋាគារ​របស់​ក្រុមហ៊ុន GREENLAND GROUP នៃ​គំរោង THE I.D RIVIERA ជាដើម​បាន​ផ្អាក​ការសាងសង់​និង​កែប្រែ​គំរោង​របស់ខ្លួន។

ទោះជា​យ៉ាងណា​អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អ្នកនាង​មើលឃើញថា​គំរោង​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មិនមាន​អ្វី​ប្រែប្រួល​នោះទេ សម្រាប់​ក្រុមហ៊ុន​ល្អ​ពួកគេ​នៅតែ​បន្ត​សកម្ម​សាងសង់ ប៉ុន្តែ​ក្រុមហ៊ុន​ដែលមាន​បញ្ហា​នៅតែមាន​បញ្ហា។

អ្នកនាង​បន្តថា “មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឬ​គំរោង​ណាមួយ​មាន​បញ្ហា​នោះទេ គំរោង​របស់​ចិន​នៅតែ​បន្ត​វិនិយោគ​នៅ​កម្ពុជា។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ទោះ​ជាមាន​បញ្ហា​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អាមេរិក​ក្តី ក៏​គំរោង​របស់​ចិន​មិនបាន​ផ្លាស់ប្តូរ​នៅ​កម្ពុជា​នោះទេ អ្នកវិនិយោគ​ចិន​នៅតែ​បន្តសកម្មភាព​វិនិយោគ ហើយ​អ្នកវិនិយោគថ្មីៗនៅតែ​បន្ត​ចូលមក​កាន់​កម្ពុជា។

លោក​បន្តថា “មិនមាន​សញ្ញា​ណាមួយ​បង្ក​ហានិភ័យ ដល់​គំរោង​វិនិយោគ​របស់​ចិន​នោះទេ តែ​លោក​ទទួលស្គាល់ថា​ទីផ្សារ​ភាគហ៊ុន​ចិន​បាន​ធ្លាក់ចុះ​ពិតប្រាកដ។

ប្រាក់​យ័នរ​បស់​ចិន​បាន​ធ្លាក់ចុះ​ជា​ប្រវត្តិសាស្ត្រ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​តម្លៃ​ប្រាក់​យ័ន​បាន​កើនឡើង៦,៩៧ដុល្លារ ធៀប​នឹង​ប្រាក់​មួយ​ដុល្លារ​អាមេរិក ហើយ​តាម​អ្នកជំនាញ​បានលើកឡើង​ថា តម្លៃ​ប្រាក់​យ័ន​ចិន​នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត ប្រសិនជា​សង្គ្រាម​ពាណិជ្ជកម្ម​នៅតែ​បន្ត​អូសបន្លាយ៕

ដំណឹង​ល្អ! ព្រលានយន្តហោះ​ក្នុង​ក្រុង​ប៉ោយប៉ែត​នឹង​សាងសង់​ឡើងវិញ​នៅរដូវប្រាំង​ខាងមុខ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​អះអាងថា ព្រលានយន្តហោះ​ក្រុង​ប៉ោយប៉ែត នឹង​ចាប់ផ្តើម​សាងសង់​ឡើងវិញ​នៅ​រដូវប្រាំង​ខាងមុខនេះ ហើយ។

លោក​សាន ស៊ា​ង​ហូ​អភិបាលក្រុង​ជាប់​ព្រំដែន​កម្ពុជា ថៃ​នេះ​បាន​មានប្រសាសន៍ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា តាម​ឯកសារ​ដែល​លោក​បានឃើញ គឺ​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ នឹង​ចាប់ផ្តើម​សាងសង់​ព្រលាន​នេះ​ឡើងវិញ​នៅ​រដូវប្រាំង​ខាងមុខនេះ។លោក​បន្តថា ព្រលានយន្តហោះ​នេះ​មាន​ទំហំ​ផ្ទៃដី​ចន្លោះ​ពី១០០ទៅ២០០ហិកតា ដែល​អាច​ប្រើប្រាស់​សម្រាប់​ការហោះហើរ​ក្នុងស្រុក និង​អាច​ភ្ជាប់​ទៅកាន់​អន្តរជាតិ​នាពេល​អនាគត។

លោក​បន្ត​ដោយ​រំលឹកថា “ព្រលានយន្តហោះ​នេះ បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ២០០៨ ហើយ​ខ្ញុំ​ជា​អ្នកម៉ៅការ​សាងសង់​ព្រលានយន្តហោះ​នេះ​ផ្ទាល់។ ព្រលាន​នេះ​បាន​សាងសង់​ផ្លូវរ​ត់របស់​យន្តហោះ​រួចហើយ នៅតែ​ចាក់​បេតុង​បន្ថែម និង​សាងសង់​អាគារ​ទទួល​អ្ន​ក​ដំណើរ​ប៉ុណ្ណោះ។

លោក​អភិបាលក្រុង​ប៉ោយប៉ែត​បាន​បន្តថា ព្រលានយន្តហោះ​នេះ​នឹង​ដំណើរការ​ដោយ​រលូន ព្រោះ​បច្ចុប្បន្ន​មាន​ភ្ញៀវ​ចិន និង​អ្នកវិនិយោគ​ចិន និង​អ្នកវិនិយោគ​បរទេស​ជាច្រើន​ទៀត​បានមក​វិនិយោគ​នៅ​ទីក្រុង​នេះ ដោយសារ​វា​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ និង​មាន​ផ្លូវដែក​ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន។

ព្រលានយន្តហោះ​នេះ ស្ថិតនៅ​តំបន់​មួយ​ដែល​គេ​ហៅថា “តំបន់​កូនដំរី”ដែលមាន​ចម្ងាយ​ប្រមាណ១០គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយប៉ែត។ ព្រលានយន្តហោះ​នេះ​ជាក​ម្មសិ​ទ្ឋ​និង​វិនិយោគ​ដោយ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​ហូ​លី​ដេ គឺ​លោក​ឧកញ៉ា​តូ​នី។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ជាគោលការណ៍​ឲ្យ​អ្នកវិនិយោគ​ព្រលានយន្តហោះ​នេះ ចាប់ផ្តើម​សាងសង់​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា “ការវិនិយោគ​សាងសង់​ឡើងវិញ នូវ​ព្រលានយន្តហោះ​នេះ​អាច​ចំណាយ​ទុនវិនិយោគ​ចន្លោះ​ពី៤០ទៅ៥០លាន​ដុល្លារ​អាមេរិក។

លោកស្រី​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​គំរោង​វិនិយោគ​នេះ ដោយ​លោកស្រី​បាន​អះអាងថា ការ​មាន​ព្រលានយន្តហោះ​នេះ​នឹង​ផ្តល់​ជម្រើស​កាន់តែ​ងាយស្រួល​ដល់​អ្នកដំណើរ ដែល​ពួកគេ​អាច​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ក្រុង​ប៉ោយប៉ែត និង​សម្រួល​ដល់​ការធ្វើដំនើរ​របស់​ភ្ញៀវ​ទេសចរណ៍​រវាង​រាជធានី​ភ្នំពេញ ប៉ោយប៉ែត និង​ប៉ោយប៉ែត មកកាន់​ខេត្តសៀមរាប តាមរយៈ​ការភ្ជាប់​ជើងហោះហើរ​រវាង​ព្រលានយន្តហោះ​ទាំងនេះ។

លោកស្រី​បន្តថា “វា​នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ បើសិន​ពួកគេ​មិន​ចង់​ចំណាយពេល​យូរ ពួកគេ​អាចមាន​ជម្រើស​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​អាកាស ដែល​ចំណាយ​ពេលវេលា​តិច”៕

តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត កើនឡើង​យ៉ាងគំហុក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​នឹង​កំនើន​នៃ​ការវិនិយោគ​របស់​ចិន​បាន​កើនឡើង បានធ្វើ​ឲ្យ​តម្លៃ​ជួល​អចលនទ្រព្យ​លំនៅដ្ឋាន ការិយាល័យ​កើនឡើង​យ៉ាងគំហុក នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកវិនិយោគ​គំរោង​បុរី​លំនៅដ្ឋាន​មួយរូប នៅ​ក្រុង​ប៉ោយប៉ែត លោក សុខ ហ៊ាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៣១ តុលា​កន្លងមក​ថា តម្លៃ​ជួល​លំនៅដ្ឋាន និង​អាគារ​ការិយាល័យ​បាន​កើនឡើង​ខ្ពស់​នៅ​ឆ្នាំនេះ ដោយ​ផ្ទះល្វែង​កាលពីមុន​អាច​ជួល​បាន១៥០ដុល្លារ បច្ចុប្បន្ន​តម្លៃ​ជួល​បាន​កើន​ឡើងដល់​ចន្លោះ​ពី៧០០ ទៅ៨០០ដុល្លារ​អាមេរិក ក្នុង​មួយខែ។លោក​បន្តថា ចំណែក​អាគារ​ការិយាល័យ​សម្រាប់​ជួល បាននិងកំពុង​ខ្វះខាត​យ៉ាងច្រើន​ផងដែរ ដោយសារ​កំនើន​នៃ​ការវិនិយោគ​របស់​អ្នកវិនិយោគ​ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី​ជាដើម។

លោក​បន្តថា “បច្ចុប្បន្ន​អាគារ​ការិយាល័យ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វឌ្ឍនៈ កំពស់១២ជាន់​បាននិងកំពុង​សាងសង់ ប៉ុន្តែ​ទោះជា​បញ្ចប់​ការសាងសង់​ក្តី ក៏​ការផ្គត់ផ្គង់​មិន​ឆ្លើយតប​នឹង​តម្រូវការ​នោះដែរ។លោក​បន្តថា “បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សម្រាប់​ជួល​ក៏​កំពុងមាន​ការខ្វះខាត​ជាប្រចាំ​ផងដែរ។

លើសពីនេះ​ក្រុង ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន​នេះ ក៏​បាននិងកំពុង​ខ្វ​អ​ខាត​ធនធានមនុស្ស​យ៉ាងខ្លាំង និង​ខ្វះ​គ្រប់ផ្នែក រាប់ទាំង​បុគ្គលិក​ធម្មតា ទាំង​គណនេយ្យ អ្នកគ្រប់គ្រង កម្មករ​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​ជាដើម។ ឆ្លើយតប​កង្វះខាត​នេះ បានធ្វើ​ឲ្យ​តម្លៃ​កំលាំង​ពលកម្ម​បាន​កើនឡើង​យ៉ាងគំហុក។

លោក សុខ ហ៊ាង បាន​បន្តថា ដោយសារ​មានការ​រីកចម្រើន​និង​កំនើន​នៃ​ការវិនិយោគ បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត កំពុងមាន​អាគារខ្ពស់ថ្មីៗជាច្រើន ដោយ​អាគារ​ចាប់ពី​កំពស់៥ដល់​ជាង២០ជាន់​មាន​ប្រមាណ៦០អាគារ​ហើយ ក្នុងនោះ​អាគារ​កំពស់១០ជាន់​មាន៦អាគារ និង​អាគារ​កំពស់២០ជាន់​មាន​ចំនួន៦អាគារ និង​មាន​បុរី​លំនៅដ្ឋាន​កំពុង​សាងសង់​ចំនួន១០គំរោង។

លោក​សាន ស៊ា​ង​ហូ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍ថា ក្រុង​ប៉ោយប៉ែត​ពិតជា​មានការ​រីកចម្រើន​លឿន ដោយសារ​កំនើន​នៃ​ការវិនិយោគ​ចិន ដែល​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​អាគារ​សម្រាប់​ជួល និង​ស្នាក់នៅ​ជាប្រចាំ ប៉ុន្តែ​ការវិនិយោគ​បានចាប់ផ្តើម​ដោយ​ចាប់ពី​ឆ្នាំ២០១៩ខាងមុខ​ទៅ ក្រុង​ប៉ោយប៉ែត​នឹងមាន​អាគារ​កំពស់​ចាប់ពី២០ទៅ៣០ជាន់​ហើយ។

លោក​បន្តថា “ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ បានធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​យ៉ាងខ្លាំង​ផងដែរ”៕

ស្វែងយល់​ពី​អាស៊ី! អគារ​សោយ​ក្ស ១០០ របស់​ចិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍?

0

ដោយ វុត្ថា

ភ្នំពេញ៖ គ្រប់​ប្រទេស​ទាំង​ប្រទេស​អស់​នៅលើ​ពិភពលោក តែងតែមាន​ក្តី​សុ​បិ​ន្ត និង​ម​ហិ​ច្ឆិ​តាក​សាង​អគារ​ខ្ពស់កប់ពពក​ធំជាងគេ និង​ប្លែក​ជាងគេ​សម្រាប់ ទុកជា​កេ​មរតក​សម្រាប់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្សជាតិ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។ ជាពិសេស​នោះ គឺ​ដើម្បី​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​សេដ្ឋកិច្ច​របស់ខ្លួន​ទៅកាន់​ពិភពលោក និង​ទាក់ទាញ​ទេសចរណ៍ ព្រមទាំង​វិនិយោគ​អោយ​ហូរ​ចូលមក​កាន់​ប្រទេស​របស់ខ្លួន អោយបាន​កាន់តែច្រើន។

សម្រាប់​មហា​យក្ស​ចិន​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លំ​ដាក់​ទី២ ក៏​មិន​អស់ចិត្ត​ក្នុងការ​សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ឡើយ ក្នុង​សាសង​សង់​អគារ​ខ្ពស់កប់ពពក ជា​អគារ​សោយក្ស (Kingkey100) ដែលជា​អគារ​ខ្ពស់កប់ពពក​មួយ​ក្នុងប្រទេស​របស់ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ នឹង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក និង​អារ៉ាប់​រួម​ដែលមាន​អគារ​ខ្ពស់​កប់​ពក​ច្រើន។

អគារ Kingkey 100 ដែលជា​ទូទៅ​គេ​ស្គាល់​ថា KK 100 ឬ Kingkey Financial Center Plaza គឺជា​អគារ​ខ្ពស់កបពពក​ដ៏​មាន​មោទនភាព​របស់​មហា​យក្ស​ចិន ស្ថិតនៅក្នុង​តំបន់ Shenhen Luohu ខេត្ត​Guangdong ប្រទេស​ចិន ។ អគារ​ខ្ពស់កប់ពពក​នេះ មាន​កម្ពស់​ប្រមាណ៤៤១.៨ ម៉ែត្រ និង១០០ជាន់ និង​ជា​អាគារ​ខ្ពស់​លំដាប់​ទី៤ក្នុងប្រទេស​ចិន ។

វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក ត្រូវបាន​គេ​សាងសង់ឡើង​សម្រាប់​ធ្វើជា​ការិយាល័យ​ធ្វើការ សណ្ឋាគារ កន្លែង​កំសាន្ត ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន​ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុង​អគារ​នេះ​មាន​ផ្សារ​ទំនើប​ដ៏​ល្បីល្បាញ គឺ KK Mall ដែល​បាន​បើក​ជូន​សាធារណៈជន​ពីថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១០ ដែលមាន​ដាក់លក់ សម្ភារៈ​ម៉ាក់ល្បីៗ  ជាងនេះទៅទៀត ក៏បាន​ដាក់​បំរើ​រោងភាពយន្ត​IMAZ  ដំបូង​គេ​ក្នុងប្រទេស​ចិន​ផងដែរ។

Kingkey100 បាន​ជាប់​ជា​អគារ​ខ្ពស់កប់ពពក​លំដាប់​ទី១៤ របស់​ពិភពលោក​ត្រូវបាន​ច​រចនា​ប្លង់​ដោយ​វិស្វករ​ល្បីល្បាញ​ជនជាតិ​អង់គ្លេស ។ មិនតែប៉ុណ្ណោះ​អគារ​ខ្ពស់កប់ពពក​នេះ បានទទួល​ពានរង្វាន់ Emporis Skyscraper Award ជា​អគារ​ខ្ពស់កប់ពពក​លើ​ពិភព​លោ កាលពី​ឆ្នាំ2011។

អគារ​ដែល​ទទួលបាន​ពានរង្វាន់ Emporis Skyscraper Award នេះ  បាន​ចាប់  ផ្តើម​សាងសង់​ក្នុង​ឆ្នាំ២០០៧ ព្រមទាំង​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០១១ ដែល​ចំណាយ​ថវិការ​អស់​ចំនួន៧៨៥លាន​ដុល្លារ ក្នុងការ​សាសង់​និង​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន  Kingkey Group ៕

ខេត្តសៀមរាប​នឹង​កាន់តែ​ទាក់ទាញ​ទេសចរណ៍​តាមរយៈ​ផែនការ​ថ្មី​របស់​រដ្ឋាភិបាល

0

ដោយ វុត្ថា

សៀមរាប៖ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ផែនការមេ​ចំនួន៦ចំណុច សម្រាប់​ការ​អភិ​វ  ឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប សំដៅ​ពន្យារពេល​នៃ​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បញ្ជាក់​ឲ្យ​ដឹង​នា​ថ្ងៃទី៣១ តុលា​នេះ​ថា នេះ​គឺជា​គោលនយោបាយ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ពិសេស​គឺជា​ការជំរុញ​ញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ប្រកបដោយ​និរន្តរភាព។

ចំណុចសំខាន់ៗទាំង៦ ដែល​រដ្ឋាភិបាល​ដាក់ចេញ​រួមមាន ទី១ ដាក់ចេញ​ផែនការមេ​អភិវឌ្ឍ​ក្រុង​សៀមរាប ដែល​ត្រូវ​អភិវឌ្ឍ​ជាទី​ក្រុង​ទេសចរណ៍ ជាទី​ក្រុង​បេតិកភណ្ឌ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន ដោយ​ត្រូវធ្វើ​សមាហរណកម្ម ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និង​ស្ថាបត្យកម្ម ដើម្បី​ទ្រទ្រង់​នឹង​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​ស្របតាម​ទស្សនទាន «អភិរក្ស​ដើម្បី​អភិវឌ្ឍ រីឯ​ការអភិវឌ្ឍ​ទ្រទ្រង់​ដល់​ការអភិរក្ស»។

ទី២ ធ្វើការ​សិក្សា​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​សំណល់​រឹង និង​រាវ​អោយបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បរិស្ថាន។ ព្រម​ជាមួយនេះ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ និង​មាន​របៀបរៀបរយ ដាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​គ្រប់គ្រាន់ រៀបចំ​ដាក់​ភ្លើង​បំភ្លឺ​ទីក្រុង​សៀមរាប រៀបចំ​សោភ័ណភាព​តាម​ស្ទឹង​សៀមរាប ពង្រីក​ផ្លូវ​ក្នុង​ក្រុង ជាពិសេស​ផ្លូវ​សម្រាប់​ថ្មើរជើង និង​ផ្លូវ​សម្រាប់​ជិះ​កង់។

ទី៣ អភិវឌ្ឍ​តំបន់​ទេសចរណ៍​ជុំវិញ​ក្រុង​សៀមរាប និង​គាំទ្រ​យុទ្ធនាការ «សៀមរាប៖ ក្រៅពី​ប្រាសាទ» ជាពិសេស​តំបន់​ព្រែក​ទាល់ ចុង​ឃ្នា​ស បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​សហគមន៍​ទេសចរណ៍ តំបន់​ក​សិ-ទេសចរណ៍ ទេសចរណ៍​ជនបទ ផលិតផល​ទេសចរណ៍​កែច្នៃផ្សេងៗ និង​ព្រឹត្តិការណ៍ ពិសេស​ទេសចរណ៍​កីឡា ដើម្បី​បង្កើន​ឧត្តមភាព​ប្រ​កួង​ប្រជែង​នៃ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ។

ទី៤ ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការបណ្តុះបណ្តាល​ផ្ទៃក្នុង និង​ជំរុញ​ការអនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍។

ទី៥ កាត់បន្ថយ​ការ​ធ្លុះធ្លាយ​នៃ​វិស័យ​ទេសចរណ៍ ដែល​កើតចេញពី​ការ​នាំចូល​បន្លែ ផ្លែឈើ និង​សាច់​ពី​បរទេស៖ ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញ​ក្រុង​សៀមរាប ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ។ និង​ទី៦ ការត្រៀម​លក្ខណៈសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​ចិន ជំរុញ​ការអនុវត្ត​សៀវភៅ​ស្តីពី China Ready សម្រាប់​ទេសចរណ៍​កម្ពុជា និង​ស្តង់ដា​វាយតម្លៃ​កម្ពុជា​សម្រាប់​សេវាកម្ម​ទេសចរណ៍ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ចិន ដែល​ក្រសួងទេសចរណ៍​បានរៀបចំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​ចិន​មកកាន់​ខេត្តសៀមរាប។

សម្រាប់​រយៈពេល៩ខែ ឆ្នាំ២០១៨នេះ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ១.៩លាន​នាក់ ក្នុង​កំណើន៨.៤៧% ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​មាន​ប្រមាណ៨៣ម៉ឺន​នាក់៕

ខេត្តកណ្តាល​បន្ត​ទាក់ទាញ​អ្នក​ពុះ​ដីឡូត៍​លក់​កាន់តែច្រើន

0

ដោយ រ៉ាវី

ភ្នំពេញ៖ ខណៈ​តម្លៃ​ដី​នៅក្នុង​ក្រុងភ្នំពេញ កំពុង​ហក់​ឡើង​ខ្លាំង​កាន់តែខ្លាំង​សកម្មភាព​ពុះ​ដីឡូត៍​លក់បាន និង​កំពុង​បន្ត​រីក​រាលដាល​កាន់តែខ្លាំង ទៅកាន់​ខេត្តកណ្តាល ដែលជា​ខេត្ត​មួយ​មាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​រាជធានី​ភ្នំពេញ។

លោក ឃឹម វាសនា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​គម្រោង​ពុះ​ដីឡូត៍​លក់​វឌ្ឍនៈ​ដីឡូត៍​អភិ​វ ឌ្ឍ​ន៍​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៣១ តុលា​នេះ​ថា  ដោយសារ​តម្លៃ​ដី​នៅ​ក្រុងភ្នំពេញ​កំពុង​កើនឡើង​ខ្លាំង​នេះហើយ ទើប​ក្រុមហ៊ុន​របស់លោក​ទិញ​ដី​ពុះ​ឡូ​ត៌​លក់ នៅ​តំបន់​ជាយក្រុង​វិញ​ម្តង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល។

លោក​ថា ទោះជា​ទីតាំង​ដី​មាន​ចម្ងាយ​ឆ្ងាយ​ពី​ក្រុង​បន្តិច​មែន ប៉ុន្តែ​សកម្មភាព​ពុះ​ដី​ឡូ​ត៌​លក់ កំពុង​មានការ​គាំ​ត្រ​ខ្លាំង​ពី​អតិថិជន «ដី​ឡូ​ត៌​ពុះ​ថ្មី​ទំ​ហុំ​ជាង៤ហិកតា មិនទាន់បាន​មួយខែ​ពេញ​ផង ឥឡូវ​មាន​អតិថិជន​មក​ក់លុយ​ទិញ​ទុក បាន​ប្រមាណ​ជាង៥០ភាគរយ​ហើយ ដោយសារ​តម្លៃ​ដី​នៅ​ធូ​ថ្លៃ​អតិថិជន មានឱកាស​រកប្រាក់​ចំណេញ​បាន​ទៅ​ថ្ងៃមុខ»។

ជាមួយគ្នានេះ​លោក ភឿង ប៊​ន ម្ចាស់​គម្រោង​ដីឡូត៍​ដែល​បាន​ពុះ​លក់ នៅក្នុង​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​បាន​មាន​ប្រស​សាសន៍​ថា គម្រោង​ដីឡូត៍​លក់​នៅ​ទីនោះ​ក៍មាន​អតិថិជន​គាំទ្រ​ច្រើន​ដែរ ដោយសារ​ការ​ពុះ​ដី​ឡូ​ត៌​ទំហំ​ជាង​មួយ​ហិកតា លក់​ត្រឹម​រយៈពេល​ជាង១ខែ​ប៉ុណ្ណោះ អតិថិជន​មក​ទិញ​ជិត​អស់​ទៅហើយ នៅសល់​មួយចំនួន​តូច​ដែលមាន​ទីតាំងនៅ​ចុង​ដីឡូត៍ អតិថិជន​មិនសូវ​ស្រលាញ់ ទើប​នៅសល់៥ទៅ៦ឡូ​ត៌​ទៀត​នោះ។

លោក​បន្តថា បន្ទាប់ពី​អតិថិជន​គាំទ្រ​ខ្លាំង​ដូច្នេះ លោក​បាន​បន្តទៅ​ពុះ​ដី​ឡូ​ត៌​លក់​នៅ​ទីតាំង​ផ្សេង​មួយទៀត​នៅ​ជិត​ផ្លូវ៤១ ព្រំប្រទល់​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ហើយ​កំពុង​ត្រូវបាន​អតិថិជន​កក់​ទិញ​ទុកជាបណ្តើរៗហើយ ខណៈដែល​ការចាក់ដី​និង​ស្ថាបនា​ផ្លូវ​បេតុង​ក្នុង​ដី​ឡូ​ត៌ នៅ​សាងសង់​មិនទាន់​រួចរាល់​ផង​នោះ។

ចំណែក​លោក​សុ​ទ្ឋ គឹម​សឿន សហ​ស្ថាបនិក​គម្រោង​ពុះ​ដីឡូត៍​លក់ នៅ​ខាងក្រោយ​ផ្សារ​ព្រៃទទឹង ក្នុងភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លើ​ផ្ទៃដី​ជាង២០ហិកតា លក់​ជិត​អស់៥០ភាគរយ​ហើយ បន្ទាប់ពី​ចាក់ដី​លក់បាន​ត្រឹម​រយៈពេល​ជាង២ខែ។

លោក​បន្តថា អ្វីដែល​ធ្វើឱ្យ​ទីតាំង​ពី​ឡូ​ត៌​លក់​ខាងលើ មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន គឺ​ដោយសារ​ដី​នៅមាន​តម្លៃ​ទាប ទីតាំង​មាន​សក្តានុពល នៅ​ជិត​មណ្ឌល​សុខភាព សាលារៀន ផ្ទះ​ប្រជាពលរដ្ឋ និង​នៅជាប់​ផ្សារ​ព្រៃទទឹង ហើយ​ពិសេស​នោះ​គម្រោង​នេះ​នៅ​ជិត​ផ្លូវ​រថយន្ត​ភ្លើង​ផ្លូវជាតិ​លេខ៣ និង​មាន​គម្រោង​រោងចក្រធំៗកំពុង​សាងសង់ និង​ដំណើរការ​នៅ​ទីនោះ​ជា​បណ្តើរហើយ៕