ដោយៈ រ៉ាណេត
សៀមរាបៈ ដូចទៅនឹងគម្រោងដែលបានគ្រោងទុក ពេលនេះព្រលានយន្តហោះថ្មីនៅលើទឹកដីស្រុកសូទ្រនិគម ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ដោយគំរោងដំណាក់កាលទីមួយបាននិងកំពុងចាប់ផ្តើមសាងសង់ហើយ។
ខេត្តដែលមានភាពល្បីល្បាញផ្នែកវិស័យទេសចរណ៍នេះ បាននិងកំពុងបង្ហាញសក្តានុពលបណ្តើរៗ ជាមួយគំរោងវិនិយោគធំៗជាច្រើន ពិសេសបុរីលំនៅដ្ឋានបានកើនឡើងនៅក្នុងខេត្តទេសចរណ៍មួយនេះ។
-->
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែឧសភា នេះថា ពេលនេះដំណើរការសាងសង់ព្រលានយន្តហោះថ្មី នៃខេត្តសៀមរាប បានចាប់ផ្តើមមានសកម្មភាពហើយ ដោយក្រុមហ៊ុនដែលទទួលសាងសង់ បាននិងកំពុងតែធ្វើការឈូសឆាយដី។
លោកបានបញ្ជាក់ថា “សម្រាប់ការសាងសង់ពេលនេះ គឺជាការអនុវត្តទៅតាមការសិក្សា និងផែនការដូចដែលបានគ្រោងជាដំណាក់កាលទី១ នៅក្នុងចំណោមដំណាក់ទាំង៣”។ លោកបានបន្តទៀតថា “ជាទូទៅសម្រាប់ការសាងសង់ព្រលានយន្តកម្រិតអន្តរជាតិគឺត្រូវសិក្សាយ៉ាងលម្អិត និងតម្រូវចំណាយរយៈពេលយូរ ជាក់ស្ដែងដូចជាដំណាក់កាលទី១នៃការសាងសង់នាពេលនេះយ៉ាងហោចណាស់ត្រូវចំណាយពេលយ៉ាង៥ឆ្នាំឡើងទៅទើបអាចបញ្ចប់”។
;លោកសិរីវុត្ថាបានបញ្ជាក់ទៀតថា ជាជំហានដំបូងដែលស្ថិតនៅក្នុងដំណាក់ទី១ ព្រលានយន្តហោះមួយនេះ អាចអនុញ្ញាតទទួលការចុះចតរបស់យន្តហោះប្រភេទ4E ដែលជាប្រភេទយន្តហោះខ្នាតធំ ហើយនឹងអាចឈានទៅដល់ការសាងសង់ដំណាក់កាលទី២ និងទី៣បន្ថែមទៀត។ អាចអនុញ្ញាតឱ្យយន្តហោះប្រភេទ 4F ដែលជាប្រភេទយន្តហោះខ្នាតធំបំផុត ខណៈបើមើលឃើញថាតម្រូវការនៃការដឹកជញ្ជូន ក៏ដូចជាចំនួនភ្ញៀវទេសចរមានកំណើនខ្ពស់ដូចដែលបានសិក្សា និងត្រូវបានកំណត់ដោយក្រសួង។ ជាទូទៅ ការកំណត់ពីភាពចាំបាច់ក្នុងការសាងសង់ដំណាក់នីមួយៗ ត្រូវធ្វើឡើងក្នុងរយៈពេលប្រមាណជា៥ឆ្នាំឡើង ទៅបន្ទាប់ពីបានដាក់ដំណើរឱ្យប្រើប្រាស់ជាផ្លូវការនាដំណាក់កាលទីមួយ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលនេះថា វាជារឿងដ៏ល្អសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ព្រោះតាមរយៈព្រលានយន្តហោះថ្មី នៃខេត្តសៀមរាបមួយនេះ នឹងកាន់តែបង្កើននូវចំនួនភ្ញៀវទេសចរ ក៏ដូចជាបណ្តាអ្នកវិនិយោគមកកាន់កម្ពុជា។ លោកស្រីបានបន្តទៀតថា ក្រោយពេលបើកដំណើរការឱ្យប្រើប្រាស់ ព្រលានយន្តហោះថ្មីមួយនេះ នឹងធ្វើឲ្យខេត្តសៀមរាប កាន់តែមានការប្រែប្រួលកាន់តែអស្ចារ្យ រហូតអាចក្លាយជាតំបន់គំរូ ដែលអាចទាក់ទាញភ្ញៀវទេសចរន៍ មកពីបណ្តាប្រទេសនានានៅលើសាកលលោក ខណៈដែលបច្ចុប្បន្ននេះ ភាគច្រើនភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាជនបរទេសនៅក្នុងតំបន់តែប៉ុណ្ណោះ។
លោកស្រីបន្តទៀតថា “នៅពេលមានកំណើនភ្ញៀវទេសចរកាន់តែច្រើន ការកែប្រែ និងការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនឹងកើតមាន ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគបានកាន់តែច្រើន”។
ងណាក៏ដោយ បើទោះជាវិស័យទេសចរណ៍ នឹងមានភាពរីកចម្រើនបន្ទាប់ពីដាក់ដំណើរការព្រលានយន្តហោះថ្មី នៅថ្ងៃអនាគតក៏ដោយ លោកស្រីក៏បានទទូចសុំឱ្យបណ្តាមគ្គុទេសទាំងអស់ គម្បីទទួលការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព និងគុណភាពអាជីពនៅក្នុងវិស័យនេះ។
ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ក៏បានសាទរជាមួយនឹងដំណឹងល្អនេះ ហើយលោកមើលឃើញថា សន្ទុះនៃការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ ក្នុងខេត្តសៀមរាបកំពុងដើរលើផ្លូវវិជ្ជមាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍បង្ហាញពីក្ដីសាទរជាមួយ នឹងដំណើរនៃការសាងសង់ព្រលានយន្តហោះថ្មីមួយនេះផងដែរថា ជាដំណឹងដ៏ល្អ ព្រោះនៅពេលមានព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអាចទទួលការចុះចតនូវប្រភេទយន្តហោះខ្នាតធំបាន នោះបណ្តាភ្ញៀវទេសចរជាច្រើនប្រទេស នឹងមកកាន់កម្ពុជាបានកាន់តែច្រើន ដែលក្នុងនោះក៏មានអ្នកវិនិយោគនានាមកជាមួយផងដែរ។
លោកបានបន្តថា “ជាធម្មតានៅពេលដែលមានកំនើនភ្ញៀវកាន់តែច្រើន នោះតម្រូវការនៃការស្នាក់នៅនឹងមានកាន់តែច្រើន ជាពិសេសផ្នែកសណ្ឋាគារជាដើម ដែលទាំងកត្តាអស់នេះ សុទ្ធតែជះឥទ្ធិពលល្អដល់វិស័យសំណង់ និងវិស័យអលនទ្រព្យ”។ លោកបន្តថា “នៅពេលមានការអភិវឌ្ឍផ្នែកវិស័យសំណង់ មានន័យថាតម្រូវការនៃការប្រើប្រាស់ដីនឹងកើតមាន ហើយវានឹងជម្រុញឱ្យតម្លៃមានការកើនឡើងជាក់ជាមិនខាន»។
ព្រលានយន្តហោះថ្មីនៅលើទឹកដីខេត្តសៀមរាបមួយនេះ ស្ថិតក្នុងស្រុកសូទ្រនិគម មានចម្ងាយប្រមាណ៥១គីឡូម៉ែត្រ ពីទីរួមខេត្តនៅលើផ្ទៃដីទំហំ៧០០ហិកតា ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន YUNAN Development Group នៅក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៩០០លានដុល្លារ ក្នុងកិច្ចសន្យារយៈពេល៥៥ឆ្នាំ៕
[…] ប្រភព៖ Property Area […]