បន្ទាប់ពីប្រកាសពង្រីកផ្លូវ តម្លៃដីនៅតាមផ្លូវជាតិលេខ៣ ចាប់ផ្តើមកញ្រ្ជោលឡើងយ៉ាងខ្លាំង

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលប្រកាសពង្រីកផ្លូវជាតិលេខ៣ តម្លៃដីធ្លីនៅតាមបណ្តោ​យផ្លូវនេះបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឲ្យអ្នកវិនិយោគ​មួយចំនួនមានការរារែកក្នុងការវិនិយោគនៅតំបន់នេះ។

តាមរយៈការចុះសាកសួរព៌តមានដីធ្លី ពីក្រុមការងារPropertyarea.asiaកាលពីពេលថ្មីៗនេះបានរកឃើញថា តម្លៃដីធ្លីនៅតាមបណ្តោផ្លូវនេះ បានកើនឡើងចន្លោះ៣០ទៅ៤០ភាគរយ ដោយដីនៅចន្លោះគីឡូម៉ែត្រលេខ២០ទៅ៣០ គិតពីរង្វង់មូលចោមចៅពីមុនមានតម្លៃចន្លោះ១០ទៅ២០ដុល្លារ បានកើនដល់៣០ទៅ៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈឈ្នួញទិញដីពុះឡូត៍លក់ បានងាកទៅតំបន់នេះកាន់តែច្រើន។ សកម្មភាពពុះដីឡួត៍លក់បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងខ្ពស់ ខណៈតំបន់ពុះដីឡូ៍លក់ ជាតំបន់គ្មានការអភិវឌ្ឈ​ច្រើននោះទេ។

លោកសាត ប៊ុនធីមប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះ ស្ថិតក្នុងស្រុកគងពិធី ខេត្តកំពង់ស្ពឺបានលើកឡើងថា ដីនៅតាមតំបន់នេះពិតជាឡើងថ្លៃខ្ពស់ ដោយដីមុន​មួយម៉ែត្រការ៉េត្រឹម៥ដុល្លារ ឥឡូវម្ចាស់ដីបានទារដល់២០ទៅ៣០ដុល្លារអាមេរិកក្នុងមួយ​ម៉ែត្រការ៉េ ហើយសកម្មភាពទិញលក់មានការកើនឡើងខ្លាំងពីអ្នកវិនិយោគនានា។

លោកបន្តថា “ដីនៅតំបន់នេះពិបាកលូកណាស់ឥលូវ ព្រោះវាឡើងថ្លៃលឿនមែនទែន ធៀបនឹងប៉ុន្មានឆ្នាំមុន ដែលដីមិនសូវមានសកម្មភាពអភិវឌ្ឍន៍អ្វីនោះឡើយ”។

ការកើនឡើងតម្លៃដីធ្លី ដោយសារកត្តាមួយចំនួន ដូចជា កត្តាប្រជាសាស្រ្ត ការរីក​ចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន កត្តាសុខសន្តិភាព និងកំនើនសេដ្ឋកិច្ច ពិសេសការអភិវឌ្ឈ​ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូននឹងពង្រីកផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញដល់ចំណុចថ្នល់បំបែកបាយគូស ជាបួនគន្លងសម្រាប់រថយន្តនិងមាន​សួនច្បារកណ្តាល ដូចគ្នានឹងផ្លូវជាតិលេខ៦អាផងដែរ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា តាមធម្មតានៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័​ន្ឋរបស់រដ្ឋាភិបាល នឹងធ្វើឲ្យមានសកម្ម​ភាពទិញលក់ដីធ្លី និងសកម្មភាពពាណិជ្ជកម្មកើនឡើងនៅតំបន់នោះ ពិសេសតម្លៃដីធ្លីនឹ​ង​កើនឡើងជាស្វ័យប្រវត្តិ ប៉ុន្តែតម្លៃដីកើនឡើងលឿនឬយឺតអាស្រ័យលើតំបន់និមួយៗផងផងដែរ ពិសេសតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច តម្លៃដីធ្លីនឹងកើនឡើងខ្លាំង ប៉ុន្តែតំបន់ដែលគ្មានសកម្មភាពសេដ្ឋកិច្ច ឬមនុស្សរស់នៅច្រើនតម្លៃដីធ្លីក៏មិនកើនឡើងនោះទេ។

លោកបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយ ជួយឲ្យតម្លៃដីធ្លីកើនឡើង ខណៈកត្តាសំខាន់ៗដទៃទៀត ក៏ជួយជម្រុញតម្លៃដីធ្លីឲ្យមានកំនើនផងដែរ ដូចជាកត្តាប្រ​ជាសាស្រ្ត សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគជាដើម”៕

ការរីកចម្រើនវិស័យឧស្សាហកម្ម ធ្វើឲ្យកម្ពុជាមានរោងចក្រកើនដល់១៦០០

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងបរិយាកាសវិនិយោគកាន់តែប្រសើរបានធ្វើឲ្យរោងចក្រចំនួន១៦០០បានបើកនៅកម្ពុជា និងស្រូបយកកំលាំងពលកម្មជាង១លាននាក់។

អគ្គនាយករងឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហ៊ត ផេងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ សីហានេះថា ការចុះបញ្ជីឧស្សាហកម្ម គិតពីដើមខែមករា មកដល់ខែមិថុនា ឆ្នាំ២០១៨ នៅកម្ពុជាមានរោងចក្របង្កើតថ្មីមានចំនួន៧៤រោងចក្រ។ សរុបទាំងអស់កម្ពុជាមានរោងចក្រជិត១,៦០០រោងចក្រ ខណៈដែលឆ្នាំ២០១៣ យើងមានចំនួនរោងចក្រត្រឹមតែ១,១០៨ រោងចក្រតែប៉ុណ្ណោះ។

លោកបន្តថា“ការកើនឡើងរោងចក្រពីមួយឆ្នាំទៅមួយឆ្នាំនេះ បានធ្វើឲ្យវិស័យនេះ កំពុងមានសក្តានុពលស្រូបយកកំលាំងពលកម្មយ៉ាងខ្លាំង ជាក់ស្តែងគិតមកដល់ខែមិថុនាឆ្នាំ២០១៨នេះ វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង មានកំលាំងពលកម្មសរុបជាង៨០ម៉ឺននាក់”។លោកបន្តថា “បើបូករួមជាមួយផ្នែកផ្សេងទៀត កម្ពុជាមានកំលាំងពលកម្មសរុបជាង១លាននាក់ ខណៈនៅក្នុងឆ្នាំ២០១៣ កំលាំងពលកម្មបម្រើក្នុងវិស័យការងារត្រឹមជាង៦០ម៉ឺននាក់ប៉ុណ្ណោះ”។

វិស័យឧស្សាហកម្មកម្ពុជាកាន់តែធ្វើពិពិធកម្ម ដោយសារការដាក់ចេញនូវគោល​នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ របស់រដ្ឋាភិបាល ដើម្បីប្រែ​ក្លាយកម្ពុជាជាប្រទេសឧស្សាហកម្ម ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់​តែច្រើន ដោយផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម ទៅជាការងារដែលប្រើប្រាស់កំលាំង ជំនាញដែលទាញយកតម្លៃបន្ថែមកាន់តែច្រើន។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា វិស័យឧស្សាហកម្មកម្ពុជាកំពុងមានការរីកចម្រើន តាមរយៈការធ្វើពិពិធកម្មផលិតផលនាំចេញបានកាន់តែច្រើន តែវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងនៅតែជាមូលដ្ឋានសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ហើយជាមូលដ្ឋានឬជាជន្ទល់សំខាន់មួយ ដើម្បីកម្ពុជាឈានឡើងទៅកានកម្រិតថ្មីមួយ។

លោកបន្តថា “ទាំងអ្នកជំនាញ និងរដ្ឋាភិបាលនៅតែមើលឃើញឧស្សាហកម្មកាត់ដេរមានភាពសំខាន់ ដែលត្រូវថ្នាក់ថ្នម ហេតុនេះទើប​រដ្ឋាភិបាលកំពុងរៀបចំគោលនយោ​បាយអភិវឌ្ឍន៍វិស័យវាយណភ័ណ្ឌ ដើម្បីធ្វើយ៉ាងណាឲ្យកម្មករ និយោជិត និងនិយោជក និងភាគីពាក់ព័ន្ឋអាចធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុម”៕

ដំណឹងល្អ! ស្ពានជ្រោយចង្វារនឹងបញ្ចប់ការជួសជុល មុនចូលឆ្នាំខ្មែរខាងមុខ

0

ដោយដែន ចែងចាំង

       ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វារបាននិងកំពុងជួសជុលនិងសាងសង់ឡើងវិញលឿនជាងផែនការ ដែលនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបន្ទុកគំរោងជប៉ុនបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សី​ហានេះថា រហូតមកទល់ពេលនេះការជួសជុល និងសាងសង់ស្ពាននេះឡើងវិញសម្រេ​ចបានជិត៤០ភាគរយហើយ។ ការស្ថាបនានិងជួសជុលឡើងវិញនេះ ធ្វើបានលឿនជាងផែនការគ្រោងទុក ដែលអាចនឹងបញ្ចប់នៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែការដាក់ឲ្យដំណើរការមិនទាន់ប្រាកដនោះទេ ព្រោះក្រោយជួសជុលចប់អាចនឹងទុកមួយរយៈ មុនពេលដាក់ឲ្យដំនើរការ ដោយសារលក្ខខណ្ឌសុវត្ថិភាព។

លោកបន្តថា “ស្ពាននេះត្រូវសាងសង់ថ្មីនៅគល់ស្ពានទាំងសងខាង ប៉ុន្តែចំណុចកណ្តាលស្ពាននៅមានភាពល្អ និងជាប់មាំ ហេតុនេះក្រុមការងារជប៉ុនមិនសាងសង់ឡើង​វិញទេ គ្រាន់តែជួសជុលឡើងវិញតាមលក្ខខ័ណ្ឌបច្ចេកទេសពិសេសមួយ”។លោកបន្តថា “ការសាងសង់ស្ពានឡើងវិញនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលចំណា​យទឹកប្រាក់៣០លានដុល្លារអាមេរិក”។

ស្ពានជ្រោយចង្វារ ត្រូវបានដាក់ឲ្យដំណើរការលើកដំបូងនៅឆ្នាំ១៩៦២ និងត្រូវកាត់ផ្តាច់ដោយគ្រាប់បែកក្នុងកំឡុងឆ្នាំ១៩៧២។ ស្ពាននេះត្រូវបានជួសជុលឡើងវិញនៅ​ឆ្នាំ១៩៩១ និងដាក់ឲ្យប្រើប្រាស់ជាថ្មីនៅឆ្នាំ១៩៩៣៕

ស្តាប់ស្រ្តីជើងខ្លាំងបីរូបក្នុងវិស័យអចលនទ្រព្យ និយាយពីស្ថានភាពអចលនទ្រព្យក្រោយការបោះឆ្នោត

0
អ្នកនាង Grace Rachny Fong / អ្នកនាង អាន សុធីតា / ស្រីតាំង ហួរ

ដោយគង់ សូរិយា

       ភ្នំពេញ៖ ការបោះឆ្នោតបានបញ្ចប់ជាមួយនឹងសន្តិភាព ស្ថិរភាពនយោបាយ ដែលបានធ្វើឲ្យអាជីវកម្មទូទៅក្នុងវិស័យនានា ពិសេសវិស័យអចលនទ្រព្យបន្តរីកចម្រើននៅកម្ពុជា។

តើអ្នកនៅក្នុងវិស័យនេះយល់ឃើញយ៉ាងដូចម្តេច? ស្តាប់ស្រ្តីជើងខ្លាំងទាំងបីរូបក្នុងវិស័យអចលនទ្រព្យលើកឡើងពីដំណើរវិវត្តន៍ក្នុងវិស័យនេះ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា មុននិងក្រោយការបោះឆ្នោត បរិយា​កាសវិនិយោគ និងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនរងផលប៉ះពាល់ទេ ហើ​យបញ្ហានយោ​បាយ មិនជះឥទ្ឋិពលដល់វិស័យនេះឡើយ ដោយសារអ្នកវិនិយោគមកវិនិ​យោគនៅកម្ពុជាភាគច្រើន ជាអ្នកវិនិយោគមកពីតំបន់អាស៊ី។

អ្នកនាងបន្តថា “ខ្ញុំគិតថាក្រោយការបោះឆ្នោតបញ្ចប់ អ្វីៗនឹងមានភាពល្អប្រសើរជា​ងមុន ខណៈទីផ្សារក្នុងក្រុងកំពុងទាញយកការផ្គត់ផ្គង់មកប្រើប្រាស់វិញ ហើយទីផ្សារអច​លទ្រព្យជាយក្រុងរីកចម្រើន ដោយសារការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ឋ”។

ជាមួយគ្នានេះ អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បានលើកឡើងស្រដៀងគ្នាថា អ្វីៗនឹងល្អប្រសើរជាងមុន ដោយសារការបោះ​ឆ្នោតនេះបានបង្ហាញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ អ្នកនាងបន្តថា ទាំងមុនការបោះឆ្នោត កំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោត យើងឃើញថាស្ថានភាពនៃការទិញលក់អចលនទ្រព្យ នៅតែកើនឡើង។

អ្នកនាងបន្តថា “សន្តិភាព ស្ថិរភាពនយោបាយនេះហើយ ជាអ្វីដែលពួកគេមើលឃើញ ជាអ្វីដែលអ្នកវិនិយោគកាន់តែមានទំនុកចិត្ត ហើយខ្ញុំគិតថាអ្នកវិនិយោគអន្តរជាតិ នឹងចូលមកវិនិយោគកាន់តែច្រើននៅកម្ពុជា”។

ស្របគ្នានេះដែរលោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service បានមានប្រសាសន៍ឲ្យដឹងផងដែរថា មុននិងក្រោយការបោះឆ្នោត សកម្មភាពទិញលក់អចលនទ្រព្យនៅបន្តកើនឡើង គ្រាន់តែមុនបោះឆ្នោតប្រហែលមួយខែសកម្ម​ភាពទិញលក់មានសភាពទ្រឹងបន្តិច ប៉ុន្តែក្រោយការបោះឆ្នោតបានបញ្ចប់នាពេលថ្មីៗ​នេះសកម្មភាពនៃការទិញលក់បានកើនឡើងវិញ ហើយភ្ញៀវមានភាពសប្បាយរីករាយជាមួយ​នឹងបរិយាកាសនយោបាយមានភាពល្អប្រសើរ។

លោកស្រីបន្តថា “ទាំងអ្នកវិនិយោគជាតិ អន្តរជាតិនៅតែមានជំនឿចិត្តហើយសកម្ម​ភាពទិញលក់បានចាប់ផ្តើមឡើងវិញ ជាមួយចរន្តទិញលក់មានការកើនឡើង”។លោកស្រីបន្តថា “ការទិញលក់ និងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ នឹងបន្តកើនឡើង​បន្ថែមទៀត ដោយសារទំនុកចិត្តពីកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន”៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រចិន វិនិយោគលើវិស័យកសិកម្មនៅខេត្តបាត់ដំបង

0

ដោយ : វុត្ថា

ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង ដែលសម្បូរទៅដោយភោគផលដំណាំដែលមានសក្តានុពល ដើម្បីបម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ប្រទេសចិន។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយលោក យ៉ាង គ័រពីង (Yang Guoping)ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន ដែលបានដឹកនាំសហការី មកសិក្សាអំពីលទ្ធភាពពង្រីករោងចក្រម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាត់ដំបង និងស្វែងយល់អំពីសក្តានុពលវិនិយោគ នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

លោក ប៉ាន សូរស័ក្តិ បានប្រាប់លោក យ៉ាង គ័រពីង អំពីកត្តាប្រឈមនៃវិស័យស្រូវអង្ករ និងដំណាំសក្តានុពលផ្សេងៗ ដូចជា ស្វាយ មៀន ពោត និងដំឡូងមី ព្រមទាំងអត្ថប្រយោជន៍នៃការសាងសង់ឡសម្ងួតបន្ថែម ដើម្បីរក្សាទុកកសិផលនៅក្នុងរយៈពេលយូរ សំដៅបម្រើការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូចជាខេត្តសៀមរាប និងខេត្តហ៊ូណាន ប្រទេសចិនជាដើម។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលខេត្តព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាខេត្តដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅដោយរោងចក្រតូចធំជាង ១០០ក្រុមហ៊ុន សម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។ បន្ថែមលើនេះ លោក​ ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូន លោក យ៉ាង គ័រពីង និងសហការី អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោក យ៉ាង គ័រពីង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកត្តាប្រឈម និងកាលានុវត្តភាពវិនិយោគ លើដំណាំសក្តានុពលរបស់កម្ពុជា។

លោក យ៉ាង គ័រពីង ក៏បានសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅជម្រាបជូន ឯកឧត្តមអភិបាលខេត្តហ៊ូណាន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខ ព្រមទាំងផ្សព្វផ្សាយបន្តជូនសមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

កម្ពុជាចុះហត្ថលេខា នាំចេកចេញទៅកាន់ប្រទេសចិនជាលើកដំបូង

0

ដោយវុត្ថា

       ភ្នំពេញ៖ ក្រសូងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនឹងចុះកិច្ចហត្ថលេខាដើម្បីនាំចេញចេក ជាលើកដំបូងទៅកាន់ប្រទេសចិន។

ពិធីចុះហត្ថលេខានេះនឹងធ្វើឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនាល្ងាចថ្ងៃទី២ សីហានេះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ចេកសម្រា​ប់នាំចេញនេះ អាចផ្តល់ផលពី៦០ ទៅ៧៣តោន ក្នុងមួយហិកតាក្នុងមួយឆ្នាំ ដោយអាចប្រមូលផល៣ដងក្នុង២ឆ្នាំ។

ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់កសិដ្ឋានរូតរះ ទាក់ទងលំអិតអំពីនីតិវិធី និងនីតិវិធីពាក់ព័ន្ធ នឹងការនាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម។

ទោះជាយ៉ាងណាចេកប្រភេទនេះ មិនទាន់មានដាំ​ច្រើននៅកម្ពុជានៅឡើយទេ វាជាប្រភេទពូជចេកថ្មីមួយ ដែលផ្តល់ទិន្នផលយ៉ាងខ្ពស់៕

ស្វែងយល់ពីអាស៊ី! ឌុបៃ សាងសង់អគារពាណិជ្ជកម្មជួញដូរពេជ្យដ៏អស្ចារ្យ

0

ដោយវុត្ថា

       ភ្នំពេញ៖ ទីក្រុងឌូបៃពិតជាAmazing ដែលពោពេញទៅដោយការប្រមូលផ្តុំនូវអាគា​រ​ខ្ពស់ៗ និងស្ថាបត្យកម្មទំនើបជាច្រើនប្រភេទ ហើយភាគច្រើនគឺជាស្ថាបត្យកម្មតាមបែបបទសាសនាអ៊ីស្លានៅក្នុងទីក្រុងឌូបៃ។

គេហទំព័រ propertyarea.asia បានបង្ហាជូនអ្នកអានបានសិក្សាស្វែងយល់ ពីអគាខ្ពស់ៗជាច្រើនទាំងនៅក្នុងពិភពអារ៉ាប់ និងពិភពលោក។ សម្រាប់ពេលនេះ នឹងបន្តបង្ហា​ញជូននូវអគារ Almas Tower (អគារពេជ្យ) មួយបន្ថែមទៀត ទុកគ្រាន់បានស្វែងយល់ពីការរីកចម្រើនវិស័យសំណង់។

 

អាគារ Almas Tower ឬ ហៅថា Diamond Tower មានកំពស់៣៦០ម៉ែត្រនិង ៦៨ជាន់ គឺជាអគារខ្ពស់កប់ពពកមួយ ស្ថិតនៅក្នុងតំបន់មាត់បឹងJumeirah ទីក្រុង Dubai ប្រទេសអារ៉ាប់រួម។ អាគារនេះ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០០៥ និងបានបញ្ចប់នៅក្នុងឆ្នាំ២០០៩។

Almas Tower គឺជាអគារដែលខ្ពស់ជាងគេ ក្នុងតំបន់អភិវឌ្ឍន៍មួយនេះ ដោយសាងសាងឡើង ក្នុងគោលបំណងសម្រាប់ពាណិជ្ជកម្មពេជ្យ។ អគារនេះ ផងដែរត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Atkins Middle East ។ ចំណែកកំពូលអគារវិញ កសាងដោយក្រុមហ៊ុនTaisei Corperation របស់ប្រទេសជប៉ុន សហការជាមួយក្រុមហ៊ុន Arabian Construction Co. ដែលជាក្រុមហ៊ុនទទួលបានពានខាងផ្នែកសាងសង់ ពីក្រុមហ៊ុន Nakheel Properties កាលពីឆ្នាំ២០០៥។

អាគារAlmas Tower បំរើសេវាកម្មជាច្រើនប្រភេទ រួមមាន កន្លែងលក់ពេជ្យ ឧស្សាហកម្មត្បូង រ៉ែ  ដែលគេហៅអគារនេះថា ជាមណ្ឌលជួញដូរមាស ពេជ្យ និងរ៉ែ  ព្រមទាំងមានកន្លែងប្រជុំរបស់អ្នកជំនួញមាស នៅទូទាំងពិភពលោកផងដែរ ។ អគារនេះ ត្រូវបានគេសាងសងឡើងប្រកបដោយសុវត្ថិភាពបំផុត។

ជាមួយគ្នានោះអគារនេះ ក៏ធ្លាប់ទទួលបានរង្វាន់ជាអគារខ្ពស់លំដាប់ទី៨ ក្នុងឆ្នាំ២០០​៩ ពី Emporis Skyscraperផងដែរ៕

អស្ចារ្យ! មជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតផ្កាយ៦ ជាលើកដំបូងនៅខេត្តព្រះសីហនុ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Groupបានចាប់ផ្តើម​ផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃខេត្តព្រះសីហនុ តាមរយៈការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម​កម្រិតផ្កាយ៦ជាលើកដំបូងនៅកម្ពុជា និងតំបន់អាស៊ីអាគេ្នយ៍។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ បានឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា គំរោងថ្មីនេះមានឈ្មោះព្រីន ធានស៊ីវ៉ាន ដែលមានទំហំរហូតដល់រហូតដល់៣០ម៉ឺនម៉ែត្រការ៉េ និងប្រើប្រាស់សម្រាប់សណ្ឋាគារប្រណីត ផ្សារទំនើប អាផាតម៉ិន តំបន់កំសាន្តលំដាប់ពិភពលោក ភោជនីយដ្ឋាន ជាដើម។ គំរោងនេះស្ថិតនៅភូមិលេខ៣ សង្កាត់បី ខ័ណ្ឌមិត្តភាព ខេត្តព្រះសីហនុ។

ជាមួយនឹងផែនការចំពោះមុខរបស់ខ្លួន ដោយគ្រោងវិនិយោគទឹកប្រាក់រហូតដល់​៥០០០លានដុល្លារអាមេរិក ក្រុមហ៊ុននេះបាននិងកំពុងត្រៀមដីទំហំ៨០០ហិកតា នៅខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍គំរោងជាបន្តបន្ទាប់របស់ខ្លួន។

យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងទៀតថា គំរោងនេះក្រៅពីមានបំពាក់នូវផ្សារទំនើប សាលពិព៌ណ សាលសន្និសីទលំដាប់អន្តរជាតិ លំនៅដ្ឋាន សេវាកម្មពាណិជ្ជកម្ម អាងហែងទឹកទំនើប ក្លឹបទូកល្បឿនលឿន គំរោងនេះក៏មានចំណតរថយន្តទំនើប ដែលមានទំហំរហូតដល់២៥០០០ម៉ែត្រការ៉េផងដែរ។

ក្រុមហ៊ុនអចលនទ្រព្យPrince Real Estate Groupបាននិងកំពុងវិនិយោគគំរោង​ជាច្រើននៅរាជធានីភ្នំពេញ ដូចជា Prince Plaza, Prince Modern Plaza, Diamond oNe, និងសណ្ឋាគារកំពស់៦០ជាន់ភ្លោះផងដែរ។

ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគ ក្នុងគំរោងនេះនៅឡើយទេ៕

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងទាក់ទាញអ្នកពុះដីឡូត៍លក់

0

ដោយរ៉ាវី

ភ្នំពេញ បន្ទាប់ពីរដ្ឋភិបាល ប្រកាសសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី3រួចមក សកម្មភាពពុះដីឡូត៌លក់នៅតាមផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ កំពុងមានសកម្មភាពពុះកញ្ជ្រោលបណ្តើរ​ៗ​ហើយ ទោះបីជាកម្ពុជាកំពុងរៀបចំដំណើរការ ប្រកាសចូលកាន់តតំណែងរដ្ឋាភិបាលថ្មីក៍ដោយ។

លោកលី សុបិន ប្រធានក្រុមហ៊ុនអចលនទ្រព្យ ដេលី រៀលធីគ្រុប មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ សីហានេះ ដោយបានទទួលស្គាល់ថា ទោះបីបច្ចុប្បន្នកម្ពុជាបានបញ្ចប់ដំណើរការបោះឆ្នោត និងត្រៀមប្រកាសចូលកាន់តំណែង ជាផ្លូវការរដ្ឋាភិបាលថ្មី នៅពេលឆាប់ៗនេះក៍ដោយ តែការពុះដីឡូត៌លក់នៅជាយក្រុងភ្នំពេញ ពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី3 តភ្ជាប់ពីគល់ស្ពានព្រែកភ្នៅឆ្លងកាត់តាមផ្លូវទំបន់កប់ស្រូវ ឆ្លងកាត់ផូវជាតិលេខ4 តភ្ជាប់មកសង្កាត់ព្រែកកំពិសខណ្ឌដង្កោ ឆ្ពោះទៅផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងមានសកម្មភាពខ្លាំងឡើងគួរឱ្យកត់សម្គាល់។

លោកបន្តថា ការបោះឆ្នោតនៅកម្ពុជាមានបរិយាកាសល្អ ប្រសើរជាងឆ្នាំមុនៗនិងមានស្ថេរភាពនយោបាយ ដែលបានផ្តល់ទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ និងវិនិយោគិនផ្សេងៗ សម្រាប់ការប្រកបរបរអាជីវកម្មរបស់ខ្លួនលោកបន្តថា “អ្នកវិនិយោគមួយចំនួនមានតម្រូវការប្រាក់ ពួកគាត់បានសម្រេចពុះដីឡូត៌លក់គគ្រឹកគគ្រឹង នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងលេខ3នេះ ចំណែកអតិថិជនក៍បានក្តាប់យកឱកាសនេះ ទិញដីឡូត៌ទុកលក់យកប្រាក់ចំណេញវិញនៅពេលខាងមុខដែរ

លោកលី សុបិនបានបន្តថា ដីនៅតំបន់ទំបន់កប់ស្រូវ បច្ចុប្បន្នហាក់មានតម្លៃឡើងខ្ពស់ខ្លាំងរួចទៅហើយ ដោយដីជាប់ផ្លូវធំមានតម្លៃចាប់ពី200ដុល្លារ ទៅដល់250ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចុះពីផ្លូវធំមានម្លៃ80-150ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឱ្យអតិថិជន ងាកមករកទិញនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី3 នៅចំណុចព្រែកកំពិស ក្នុងខណ្ឌដង្កោវិញម្តង ដោយសារដីតំបន់នេះមានតម្លៃទាបជាងតំបន់ទំន់កប់ស្រូវ។ ដីនៅលើផ្លូវធំ ក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោរនេះ មានតម្លៃចន្លោះពី100ដុល្លារទៅ120ដុល្លារប៉ុណ្ណោះនៅលើផ្លូវធំ ហើយដីចុះពីផ្លូវធំមានតម្លៃត្រឹម 50-80ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដែលអតិថិជនភាគច្រើន ឆក់ឱកាសនេះ ទិញដីទុកលក់យកប្រាក់ចំណេញនៅពេលក្រោយ។

ជាមួយគ្នានេះលោក តាន់ ហុងលី ភ្នាក់ងារពុះដីឡូត៍លក់នៅជិតរង្វង់មូលគួរស្រូវ សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោមានប្រសាសន៍ឱ្យដឹងដែរថា នៅមុនដំណាក់កាលបោះឆ្នោតសកម្មភាពទិញដីរបស់អតិថិជន ហាក់មានសភាពស្ងាត់បន្តិច ដោយដីឡូត៌របស់លោកត្រូវបានទុកចោលមួយរយៈ ប៉ុន្តែបន្ទាប់កម្ពុជារៀបចំបោះឆ្នោតរួចភ្លាម អតិថិជនបានដើររកទិញដីគួរកត់សម្គាល់សឹងមិនជឿ ព្រោះថាដីឡូររបស់លោក ត្រូវបានអតិថិជនមកកក់ប្រាក់ទិញទុកជារៀងរាល់ថ្ងៃ ធ្វើឱ្យដីឡូដែលធ្លាប់មានភាពស្ងប់ស្ងាត់នេះ មានសកម្មភាពកក្រើកឡើងវិញហើយលក់ជិតអស់ហើយ។

លោកថាអ្វីដែលធ្វើឱ្យអតិថិជន ងាកមកទិញដីនៅសង្កាត់ព្រែកកំពិស ដោយសារដីលោកនៅមានតម្លៃទាបមួយឡូត៌ទំហុំ 5គុណ20ម៉ែត្រ មានតម្លៃត្រឹមតែ 6000ដុល្លារទៅ7000ដុល្លារប៉ុណ្ណោះ ខណៈដីឡូត៌មួយចំនួនបានឡើងថ្លៃខ្លាំង ដោយដីមួយឡូត៌ចន្លោះពី 8,000ដុល្លារទៅដល់10,000ដុល្លារអស់ទៅហើយ។

លោកថា ដោយសារការពុះដីឡូត៌លក់ ហាក់មានសកម្មភាពឡើងវិញ និងមានអតិថិជនរកទិញដីទុកបន្ថែមទៀតនោះ លោកបានរៀបចំពុះដីឡូត៌មួយកន្លែងទៀត លក់ក្នុងតម្លៃទាប នៅតាមផ្លូវក្រវ៉ាត់ក្រុងទី3ដូចគ្នាដែរ តែស្ថិតនៅតាមបណ្តោយផ្លូវ41 តភ្ជាប់ពីភ្នំបាសិតមកផ្សារថ្នល់ទទឹង ដែលជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដោយសារអតិថិជនភាគច្រើន មាននិន្នាការទិញដីក្នុងតម្លៃទាបនៅជាយក្រុង ទុកលក់យកប្រាក់ចំណេញវិញទៅថ្ងៃអនាគត។

ចំណែកលោក គង់ ពៅ ម្ចាស់គម្រោងផ្ទះល្វែងនៅជិតភ្នំប្រសិទ្ឋិបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នទោះជាកម្ពុជា កំពុងដំណើរការរៀបចំរដ្ឋាភិបាលអាណត្តិថ្មីក៍ដោយ ប៉ុន្តែទំនុកចិត្តវិនិយោគិនបរទេស នៅតែមានសុទិដ្ឋិនិយមសម្រាប់ស្ថេរភាពនោ​បាយកម្ពុជា។ តួយ៉ាងអ្នកវនិយោគជនជាតិចិន បានមកសហការជាមួយលោក ទិញដីសាងសង់ផ្ទះល្វែង ដែលមានគុណភាពស្តង់ដារ ទុកលក់ក្នុងតម្លៃទាបសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋ មានចំណូលមធ្យមអាចមានលទ្ឋភាពទិញផ្ទះរស់ចូលមករស់នៅ មានលំនៅដ្ឋានបានកាន់តែច្រើនឡើង ហើយក៍នឹងផ្តល់ឱកាសឱ្យអាជីវករ ដែលចង់ទិញផ្ទះទុកលក់បន្ត អាចលក់ចេញទៅវិញរកប្រាក់ចំណេញបានច្រើនដែរ៕

រដ្ឋមន្រ្តីកសិកម្ម៖ ទឹកជំនន់មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំកសិកម្មទេ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងថា ទឹកជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំកសិកម្មនោះទេ ផ្ទុយទៅវិញការដាំដុះដំណាំ​កសិកម្ម និងកសិ ឧស្សាហកម្មភាពប្រសើរជាងឆ្នាំមុន។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹង​តាមទូរស័ព្ទតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ សីហានេះថា ផ្ទៃដីកសិកម្មទំហំ១៨,០០០ហិកតាបាន​រងផលប៉ះពាល់ ប៉ុន្តែខូចខាតតែជាង៣០០០ហិកតាប៉ុណ្ណោះ ក្នុងនោះខេត្តក្រចេះខូចខាតដំណាំស្រូវទំហំ៨៥៨ហិកតា ខេត្តស្ទឹងត្រែងបានប៉ះពាល់ជាង១០០ហិកតា និង​ខេត្តត្បូងឃ្មុំបានរងផលប៉ះពាល់៤៨៨ហិកតា។លោកបន្តថា ក្រៅពីនេះដំណាំរួមផ្សំមួយ​ចំនួនក៏បានរងផលប៉ះពាល់ផងដែរ ប៉ុន្តែស្ថានភាពជាទូទៅមិនមានអ្វីគួរឲ្យបារម្ភនោះទេ។

លោកបន្តថា “អ្វីៗមិនមានភាពធ្ងន់ធ្ងរទេ ព្រោះយើងមានពេលវេលាគ្រប់គ្រាន់ក្នុង​ការស្តារឡើងវិញ ក្រោយទឹកជំនន់ ប៉ុន្តែយើងត្រូវរង់ចាំរហូតទឹកជំនន់ឈប់ហក់ឡើង ព្រោះទឹកត្រូវហក់ឡើងនៅដើមខែ និងចុងខែកក្កដានេះ និងនៅខែកញ្ញាខាងមុខ”។លោកបន្តថា #ជាទូទៅស្ថានភាពបង្កបង្កើនផលវិញមានភាពល្អប្រសើរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

ជាក់ស្តែងរហូតមកទល់ពេលនេះ ការដាំដុះសម្រេចបាន៨៨ភាគរយនៅទូទាំងប្រទេស ដែលស្មើនឹងផ្ទៃដី២,២៣១,៨១៦ហិកតា នៃផ្ទៃដីដាំដុះសរុប២,៥១៣,៨៩៥ហិកតា ក្នុងនោះដំណាំរួមផ្សំសម្រេចបាន៩២ភាគរយ និងដំណាំកសិឧស្សាហកម្មសម្រេចបាន​១០២ភាគរយ។

វិស័យកសិកម្ម ជាវិស័យធំមួយដែលរួមចំណែកជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយវិស័យនេះបានគ្របដណ្តប់ប្រមាណ២០ភាគរយ នៃផលទុនជាតិសរុប។

ទោះជាយ៉ាងណាវិស័យនេះកំពុងផ្លាស់ប្តូររបត់ថ្មីមួយ តាមរយៈទំនើបកម្មឧបករ​ណ៍កសិកម្ម ដោយទំហំការប្រើប្រាស់ពលកម្មបានថយចុះពីជាង៨០ភាគរយ មកនៅត្រឹម​ប្រមាណ៤០ភាគរយនាឆ្នាំ២០១៨នេះ៕