ស្វែងយល់ពីអាស៊ី! អ្នកទិញលំនៅដ្ឋានក្នុងប្រទេសថៃស្វែងរកអន្តរគមន៍ពីអាជ្ញាធរ

0

ដោយវុត្ថា

       ភ្នំពេញ អ្នកស្វែងរកទិញលំនៅដ្ឋានក្នុងប្រទេសថៃ កំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរ ខណៈតម្លៃលំនៅដ្ឋានកើនឡើងមិនស្របគ្នា នឹងកំនើនសេដ្ឋកិច្ចជាតិរបស់ពួកគេ។

យោងតាមការសិក្សាស្រាវជ្រាវនៃគេហទំព័រ DDproperty របស់ប្រទេសថៃបានអោយដឹងថា  តំលៃអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសថៃកំពុងកើនឡើង ខណៈសេដ្ឋកិច្ចកំពុងមានការស្រុចចុះនោះ បានធ្វើអោយអ្នកស្វែងរកទិញលំនៅដ្ឋានស្នើរសុំអោយអជ្ញាធរជួយអន្តរាគមន៍អោយបានលឿន តាមដែលអាចធ្វើទៅបានស្របពេល ដែលវិស័យអចលនទ្រព្យក្នុងប្រទេសមួយនេះកំពុងតែនាំមុខគេ។

គេហទំព័រ DDproperty  ដែលបានធ្វើការស្ទង់មតិអ្នកស្វែងរកទិញលំនៅដ្ឋានបាន​បង្ហាញថា អ្នកស្វែងរកទិញអចលនទ្រព្យភាគច្រើនយល់ឃើញថា តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅពាក់កណ្តាលឆ្នាំ២០១៨នេះ បានហក់ឡើងខ្ពស់ជាពេលណាៗទាំងអស់។ ក្នុងចំណោមទិន្ន័យនៃការស្ទង់មតិចំនួន១០០០នាក់ បានស្នើរអោយរដ្ឋាភិបាល ឬអជ្ញាធរ​ពាក់ព័ន្ធដាក់ចេញវិធានការថ្មីៗ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋអ្នកដែលចង់បានលំនៅដ្ឋានរស់នៅ។ ទីផ្សារអចលនទ្រព្យក្នុងប្រទេស គួរតែមានការយកចិត្តទុកដាក់ និងបើកភ្នែកមើលពីអជ្ញាធរពាក់ព័ន្ធ ព្រោះវាជាតម្រូវការរបស់ប្រជាសាស្ត្រដ៏សំខាន់ក្នុងសហវត្សនេះ។

DDproperty បានអោយដឹងទៀតថា ៧០ភាគរយនៃអ្នកដែលបានសាកសួរក្នុងការស្ទង់មតិបានយល់ឃើញថា ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្នមានតម្លៃខ្ពស់ពេក និង ៦០ភាគរយបានយល់ឃើញទៀតថា សេដ្ឋកិច្ចក្នុងប្រទេសក៏មានដំណើរការមិនសូវល្អ ដែលនាំអោយមិនសប្បាយចិត្ត ពីបរិយាកាសធចលនទ្រព្យក្នុងប្រទេសទាំងមូល។

ដោយសារកត្តានេះ បានធ្វើអោយការលក់អចលនទ្រព្យលំនៅដ្ឋានធ្លាក់ពី៦១ មកត្រឹមតែ៥៩ភាគរយ ក្នុងពាក់កណ្តាលឆមាទី១ឆ្នាំនេះ  បើប្រៀបទៅនឹងឆ្នាំ២០១៧។

ការស្ទង់មតិនេះបានបង្ហាញទៀតថា ៦១ភាគរយនៃអ្នកឆ្លើយបានយល់ឃើញថា   រដ្ឋាភិបាលមិនដែលប្រងើយកន្តើយចំពោះបញ្ហានេះទេ។ ក្នុងនាមរដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយសមស្របណាមួយ ដើម្បីគាំទ្រដល់អ្នកដែលចង់បានលំដ្ឋានស្នាក់នៅ ដូចជា ធ្វើច្បាប់កំណត់ទៅលើតម្លៃអចលនទ្រព្យ ជួយសម្របសម្រួលឧបត្ថម្ភដល់អ្នកស្វែងរកទិញអចលនទ្រព្យ និងចាត់ចែងប្រភេទលំនៅដ្ឋានអចលនទ្រព្យ ឲ្យបានត្រឹមត្រូវជាដើម។

តម្លៃអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសថៃ មានតម្លៃចន្លោះចាប់ពី១៥ម៉ឺនដុល្លារ ដល់៥០ម៉ឺនដុល្លារអាមេរិក៕

A2A Town ចាប់យកអតិថិជនជប៉ុនសម្រាប់ទីផ្សារផ្ទះលំហែរកាយ

0

ដោយដែន ចែងចាំង

       ភ្នំពេញ ទំនងជាទីផ្សារនៅកម្ពុជាមិនទាន់មានប្រជាប្រិយភាព សម្រាប់ផ្ទះវិស្សមកា​លឬផ្ទះលំហែរកាយ ទើបក្រុមហ៊ុនជប៉ុន A2A Town Cambodia បានចាប់យកអតិថិជនជប៉ុនជាគោលដៅចម្បង។

នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia លោក ហ៊ិន សុ​ជាតិ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ សីហានេះថា ​ការលក់លំនៅដ្ឋា​នបែបលំហែរកាយនៅក្នុងស្រុក ហាក់មិនសូវមានភាពល្អប្រសើរនៅឡើយទេ ហេតុនេះទើបក្រុមហ៊ុនសម្រេចចាប់យកអតិថិជនជប៉ុនជាគោលដៅ ដែលរហូតមកទល់ពេលនេះមានជនជាតិជប៉ុនជាច្រើនបានជាវយកគំរោងនេះ។លោកបន្តថា ក្នុងចំណោមលំនៅដ្ឋាន​បែបលំហែរកាយ ដែលផ្សារភ្ជាប់ជីវិតនិងធម្មជាតិសម្រេចលក់បានប្រមាណ៦៥ភាគរយ​ហើយ ដោយភាគច្រើនអតិថិជនជប៉ុនជាអ្នកទិញ។

លោកបន្តថា “ទីផ្សារលំនៅដ្ឋានបែបលំហែរកាយ នឹងមានភាពពេញនិយមនាពេល​អនាគត វាត្រូវការពេលវេលាបន្តិច”។លោកបន្តថា “នៅប្រទេសគេលំនៅដ្ឋានបែបលំហែរ​កាយមានភាពពេញនិយមច្រើន ប៉ុន្តែនៅកម្ពុជាបានចាប់ផ្តើមហើយ តែមិនទាន់កើនខ្លាំងទេ”។

ក្រុមហ៊ុន A2A Town Cambodia បាននិងកំពុងវិនិយោគលើគំរោងជាច្រើននៅលើ​រមណីយដ្ឋានគិរីរម្យ ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គម្រោងទាំងនោះមានដូចជា ផ្ទះលំហែរកាយច្រើនប្រភេទ ផ្ទះតង់ ភោជនីយដ្ឋាន កន្លែងបោះតង់ខ្នាតធំ និងទីតាំងកំសាន្តប្លែកៗជាច្រើនទៀត។

លោកហ៊ិន សុជាតិបានបន្តឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាលទ្ឋភាពសាងសង់ទីលានវាយកូនហ្គោល តាមស្តង់ដាអន្តរជាតិនៅលើភ្នំនេះ ប៉ុន្តែអគ្គនាយកក្រុមហ៊ុនលោកមិនចង់ឲ្យមានផលប៉ះពាល់ជាមួយធម្មជាតិ ពិសេសដើមឈើនោះទេ ហេតុនេះទើប​ត្រូវការសិក្សារយៈពេលយូរ ដើម្បីរកវិធីការពារដើមឈើនៅក្នុងឧទ្យាននេះ និងធានា​ការអភិវឌ្ឍន៍ និងការអភិរក្សបរិស្ថានត្រូវដើរទន្ទឹមគ្នា៕

អាគារកប់ពពកនៃគម្រោងតម្លៃ ៥០០លានដុល្លារ ចាប់ផ្តើមសាងសង់ហើយ

0

ដោយគង់ សូរិយា

       ភ្នំពេញ អាគារកប់ពពកចំនួនពីរ ដែលស្ថិតនៅក្នុងគំរោង Olympia City បាននិងកំពុងសាងសង់បញ្ចប់គ្រឹះនិងបានឡើងមកដល់ជាន់ទី៣ នៃគម្រោងដែលមានកំពស់៣៨ជាន់ និង៤៥ជាន់នៃគំរោងដ៏ធំនេះហើយ។

ប្រធានគម្រោង Olympia City លោកវិស្វករម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ សីហានេះថា តាមគំរោងការវិនិយោគគម្រោងនេះ ដំបូងឡើយក្រុមហ៊ុនគ្រោងសាងសង់អាគារមេក្នុងគំរោងនេះ កំពស់៦៥ជាន់ដែលប្រើប្រាស់ជាស ណ្ឋា​គារ ការិយាល័យ ខុនដូ និងអាផាតម៉ិនជាដើម ប៉ុន្តែលក្ខខ័ណ្ឌទីផ្សារអាចធ្វើឲ្យម្ចាស់គំរោងនេះបន្ថយមកនៅត្រឹម៤៥ជាន់វិញ។លោកបន្តថា ទោះជាយ៉ាងណាការរៀបចំគ្រឹះ​អាគារនេះ ធ្វើឡើងសម្រាប់កំពស់៦៥ជាន់ ហេតុនេះបើទីផ្សារល្អអ្នកវិនិយោគនឹងសាងសង់អាគារកំពស់៦៥ជាន់ តាមគំរោងដើមវិញ។

លោកបន្តថា “រហូតមកទល់ពេលនេះ ការសិក្សាបាននិងកំពុងធ្វើឡើង ខណៈអាគារមេក្នុងគំរោងនេះបានបញ្ចប់គ្រឹះ និងសាងសង់មកដល់ជាន់ទី៦ និងអាគារខ្ពស់មួយទៀតបានសង់បញ្ចប់ជើងតាងហើយ”។លោកបន្តថា “លក្ខខ័ណ្ឌទីផ្សារបច្ចុប្បន្នគឺការលក់​មានភាពល្អប្រសើរ ទោះជាទើបបញ្ចប់ការបោះឆ្នោតថ្មីៗក៏ដោយ”។

Olympia City មានផ្ទះសរុបចំនួនប្រមាណ១៨០០យូនីត ដែលរួមបញ្ចូលនូវខុនដូ និងផ្ទះបែបអាជីវកម្ម។

លោកម៉េង ចំរើនបានបន្តថា រហូតមកដល់ពេលនេះ ការសាងសង់គំរោងនេះបាន​និងកំពុងដំណើរការយ៉ាងសកម្ម ខណៈអាគារមួយចំនួនក្នុងគំរោងនេះ ក្រុមហ៊ុនបានអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅរួចហើយ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងថា ប្រសិនជាគិតតែតម្លៃសំណង់គំរោងនេះ ចំណាយប្រមាណ៥០០លានដុល្លារអាមេរិក ដោយមិនទាន់គិតបញ្ចូលតម្លៃដីនៅក្នុងគំរោងនេះនៅឡើយ។លោកបន្តថា គំរោងនេះពិតជាមានភាពទាក់ទាញ និងកំពុងទទួលបានជោគជ័យ ដោយសារវាជាគំរោងដែលស្ថិតនៅកណ្តាលក្រុង និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អក្នុងទីផ្សារ៕

ផ្សារទំនើបតម្លៃ ៨០លានដុល្លារ ចាប់យកអតិថិជនវ័យក្មេងជាគោលដៅ

0

ដោយ គង់ សូរិយា

       ភ្នំពេញ ផ្សារទំនើប Olympia Mall តម្លៃ៨០លានដុល្លារអាមេរិក បានផ្តោតលើអតិថិជនវ័យក្មេងជាគោលដៅ ដើម្បីពង្រីកឧត្តមភាពរបស់ខ្លួន ដែលមានទីតាំងនៅកណ្តា​លក្រុងភ្នំពេញ។

តំណាងផ្សារទំនើបនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដឹងនាព្រឹកថ្ងៃទី៦ សីហានេះថា តាមគំរោងផ្សារទំនើបនេះនឹងបើកដំណើរការនៅខែធ្នូ ចុងឆ្នាំនេះ ជាមួយនឹងស្តង់សរុប១០៤ និងមានផ្ទៃក្រឡា១៥០០០ម៉ែត្រការ៉េ កំពស់៧ជាន់ក្នុងដំណា​ក់កាលទី១ ប៉ុន្តែដំណាក់កាលទី២អាចមានទំហំធំជាងនេះ។លោកបន្តថា អ្វីដែលផ្សារនេះមានឧត្តមភាព គឺមានបីចំណុចទី១ ជាទីតាំងស្ថិតនៅកណ្តាលក្រុង ជាតំបន់ពាណិជ្ជ​កម្មរសរវើក ទី២ មានផ្ទះអាជីវកម្ម និងខុនដូសរុប១៨០០ផ្ទះ ស្ថិតនៅក្នុងគំរោងនេះគាំទ្រ ដល់ផ្សារនេះ និងទី៣ អ្វីផ្តោតសំខាន់មួយទៀត គឺការរៀបចំប្រព័ន្ឋលក់ឲ្យមានភាពទាក់ទាញពិសេសអតិថិជនវ័យក្មេង និងអ្នកកំពុងបំពេញការងារ។

លោកបន្តថា “អ្វីដែលផ្សារនេះផ្តោតជាចំបងគឺអាហារដ្ឋាន ភោជនីយដ្ឋានគ្របដណ្តប់៦៥ភាគរយ និងអ្វីក្រៅពីនោះគឺការ fashion និងទំនិញដទៃទៀត”។ លោកបន្តថា “យើងរំពឹងថាផ្សារនេះនឹងទទួលបានជោគជ័យ ដោយសារលក្ខខ័ណ្ឌពិសេសខាងលើនិង​កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ”។

ក្រុមហ៊ុន OCIC បាននិងកំពុងត្រៀមអនុញ្ញាត្តឲ្យអតិថិជន ជួលស្តង់ក្នុងគំរោងនេះចូលដេគ័រស្តង់របស់ខ្លួននៅថ្ងៃទី១៥​ សីហាខាងមុខនេះហើយ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគគំរោង Olympia City បានថ្លែងថា ផ្សារទំនើបនេះគ្រោងបោះទុនវិនិយោគ ៨០លានដុល្លារអាមេរិក ជាគំរោងធំមួយដែលនឹងជួយធ្វើឲ្យតំបន់នេះកាន់តែរសរវើក។ គំរោងនេះល្អ និងទាក់ទាញ ហើយផ្សារទំនើបនេះនឹងទទួលបានជោគជ័យ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា នៅឆ្នាំ​២០១៨នេះផ្សារទំនើបចំនួន១៣បាន និងកំពុងគ្រោងបើកដំណើរការនៅរាជធានីភ្នំពេញ ហើយរហូតមកទល់ពេលនេះ ផ្សារមួយចំ​នួនបានបើករួចហើយ ដូចជាផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL2, Eden Garden ជាដើម៕

អ្នកនាង Grace Rachny ពីក្មេងស្រីទូលនំលក់ ក្លាយជាអ្នកដឹកនាំឆ្នើមក្នុងវិស័យអចលនទ្រព្យ

0

ដោយ គង់ សូរិយា

       ភ្នំពេញ មនុស្សម្នាក់ៗពើបនឹងវាសនាខុសៗគ្នា ប៉ុន្តែការតស៊ូ និងមិនបោះ​បង់បានធ្វើឲ្យអ្នកនាង Grace Rachny Fong ដែលធ្លាប់ទូលនំលក់ និងញុំាបាយជាមួយអំបិលក្នុងវិស័យកុមារភាព បានក្លាយជាអ្នកដឹកនាំនិងជាគ្រូបង្វឹកឆ្នើមក្នុងវិស័យអចលនទ្រព្យ។

ចាប់កំណើតនៅភូមិ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ក្មេងស្រីរូបនេះបានចូលសិក្សានៅសាលាឋបសិក្សាព្រៃជ្រូក និងបន្តមកកាន់អនុវិទ្យាល័យបឹងកេងកង១ មុនបន្តទៅសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ហើយបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រង ដោយសិក្សាជំនាញធនាគារនិងហិរញ្ញវត្ថុ។

ជាកុមារកំព្រា ព្រោះឪពុកម្តាយតាំងពីកុមារភាព បានធ្វើឲ្យក្មេងស្រីឆ្លាតវៃរូបនេះមិនសូវហ៊ាននិយាយ ព្រោះខ្លាចនិ​យា​​យខុស ប៉ុន្តែឆ្លងកាត់ការលើកទឹកចិត្តជាច្រើន បានធ្វើឲ្យអ្នកនាង Grace Rachny មានភាពក្លាហាននិងអាចនិយា​យបានយ៉ាងល្អ និងប្រកបដោយទំនុកចិត្ត ក្នុងនាមជាគ្រួបង្វឹកផ្នែកអចលនទ្រព្យម្នាក់នាពេលបច្ចុប្បន្ននេះ។

ផ្តើមជីវិតជាមួយភាពជូរចត់

ក្នុងចំណោមបងប្អូន៤នាក់ វាសនាបានបន្សល់តែអ្នកនាងម្នាក់ប៉ុណ្ណោះដែ​លបានរស់រានបន្ទាប់ពីរបបប៉ុល ពត ហើយបានចាកចេញពីស្រុកកំណើតមកកាន់ក្រុងភ្នំពេញ ជាមួយឪពុកមាក្នុងកំឡុងដើមទសវត្សរ៍ទី៩០ និងបន្តសិក្សានៅទីក្រុង ដែលទើបបើកចំហសេដ្ឋកិច្ចនាពេលនោះ។

ក្នុងរបបប៉ុល ពតក្មេងស្រីរូបនេះរៀនរស់តាមកាលៈទេសៈ ដោយពេលខ្លះមិនមានអ្វីបរិភោគបាយ ក្រៅពីអំបិលឡើយ។

ជាមួយនឹងទឹកដីថ្មីនាក្រុងភ្នំពេញ អ្នកនាង Grace Rachny បានធំដឹងក្តីនៅទីក្រុងថ្មីនេះ។ ក្នុងភាពជាយុវវ័យ ឆាកជីវិតតរុណីរូបនេះ ក៏នៅតែហត់នឿយ ដោយរៀន​ផង ធ្វើការផ្ទះគ្រប់បែបយ៉ាងនៅផ្ទះរបស់លោកពូផង គឺពេលវេលារៀនសូត្រមានតិចតួចណាស់ ប៉ុន្តែការលំបាកទាំងឡាយ មិនបានធ្វើឲ្យកញ្ញាបោះបង់ការតស៊ូនោះឡើយ។

អ្នកនាង Grace Rachny Fong បាននិយាយក្នុងភាពជឿជាក់ថា “ឆ្លងកាត់លំ​បាកទាំងអស់នោះ បានធ្វើឲ្យខ្ញុំរឹងមាំ និងអាចដោះស្រាយបានគ្រប់បញ្ហាកើតឡើង ទោះបញ្ហានោះលំបាកបែបណាក្តី គឺខ្ញុំតែងអាចរកមធ្យោបាយដោះស្រាយ​បានជានិច្ច”។

ការងារថ្មីចាប់ផ្តើមចេញពីភាពស្ងៀមស្ងាត់

ពេលវេលារំកិលទៅមុខ ការវិវត្តនៃចំណេះដឹង គួបផ្សំនឹងបទពិសោធន៍ជីវិត

បានធ្វើឲ្យអ្នកនាងចាប់ផ្តើមឆាកជីវិត និងអាជីពថ្មីស្រឡាងមួយ គឺនៅពេលបញ្ចប់​ការសិក្សាមហាវិទ្យាល័យនៅឆ្នាំ២០០២ ដោយបានចាប់ផ្តើមធ្វើការជាបុគ្គលិកផ្នែ​កលក់នៅក្រុមហ៊ុនសឹង្ហបុរី ជាក្រុមហ៊ុនដែលបាននាំចូលសម្ភារៈអគ្គិសនីទំនើបមួយនៅទីក្រុងភ្នំពេញ ដោយទទួលបានប្រាក់ខែដំបូងចំនួន៤០ដុល្លារក្នុងមួយខែ។

ទីតាំងការងារថ្មីនេះ ក៏ជាកន្លែងដែលអ្នកនាងGrace Rachnyបានចាកចេញពីនារីស្ងៀមស្ងាត់ មកជានារីម្នាក់មានភាពរួសរាយរាក់ទាក់ មានជំ​នឿចិត្តដោយខ្លួនឯង។ អ្នកនាងបន្តថា “អ្នកផ្លាស់ប្តូរខ្ញុំធំជាងគេក្នុងជីវិតគឺ​មនុស្សពីរនាក់ គឺលោកPhilip Fong(ស្វាមី) និងលោកKen Cheeជាជនជាតិសឹង្ហ​បុរី ដែលពួកគាត់ជាអ្នកលើកទឹកចិត្តខ្ញុំឲ្យនិយាយជាសាធារណៈលើកតំបូង”។

ការងារពិតជាបង្រៀនមនុស្ស និងផ្តល់បទពិសោធន៍ការងារច្រើន ហើយកន្លែងការងារក៏អាចរាប់ថាជាមហាវិទ្យាល័យមួយ ដែលអ្នកនាងGrace Rachny Fongបាននិយាយថា “ខ្ញុំចូលចិត្ត អាជីពលក់ ព្រោះវាជាអាជីពដ៏ល្អ ដោយសារយើងមានឳកាសជួបជាមួយមនុស្ស​គ្រប់ឋានៈសង្គម ពិសេសអ្នកអភិជននានា ហេតុនេះ យើងដឹងថាគួររៀបចំអាកប្បកិរិ​យាបែបណា ដើម្បីអាចទាក់ទងនឹងមនុស្សគ្រប់ប្រភេទ និងអាចចូលចុះគ្រប់ស្រ​ទាប់មនុស្ស”។អ្នកនាងបន្តថា “ខ្ញុំគិតថា គ្មានអាជីពណាល្អជាងផ្នែកលក់នោះទេ ព្រោះវាជាអាជីពដែលបង្រៀនយើង ទាក់ទងនឹងការចារ ការលក់ផលិតផល និងរបៀបទំនាក់ទំនងអតិថិជន”។

កន្លែងធ្វើការផ្តើមជីវិតគូ

កន្លែងធ្វើការតំបូងរបស់អ្នកនាងGrace Rachny Fongមិនត្រឹមតែផ្តល់នូវ​បទពិសោធន៍ការងារ និងមានឳកាសទំនាក់ទំនងជាមួយក្រុមអភិជននោះទេ ប៉ុន្តែ​កន្លែងនោះក៏ជាកន្លែង ដែលអ្នកនាងបានជួបគូស្នេហ៍លោកPhillip Fongជន​ជាតិសឹង្ហបុរី ដែលជាមេរបស់ខ្លួន។ ទំនាក់ទំនងក្នុងភាពយុវវ័យនេះបានបន្តរហូត ដល់អ្នកទាំងពីរ បានរៀបការជាមួយគ្នានៅឆ្នាំ២០០៣ ដោយបច្ចុប្បន្នទទួលបានបុត្រីពីរជាចំណងដៃ។

ជាមួយនឹងពេលវេលាផ្អែមល្ហែម ក្នុងឆាកជីវិតគូ ក៏ជាពេលដែលស្វាមីនិងអ្នកនាងGrace Rachny Fongបានចាប់ផ្តើមបើកក្រុមហ៊ុនថ្មី ដោយយកទំនុកចិត្តជាដើមទុន ព្រោះកេរ្ត៍ឈ្មោះលោកប្តីរបស់ខ្លួនទៅនិយាយជា​មួយអតិថិជន និងអ្នកផ្គត់ផ្គង់។ ទីបំផុត ក្រុមហ៊ុននោះក៏ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

ចំណូលចិត្តជាអ្នករៀនសូត្រ និងចង់ចេះចង់ដឹងមិនចេះចប់ នាពេលបន្ទា​ប់មកអ្នក​នាងGrace បានផ្លាស់ប្តូរការងារជាមួយស្វាមី ទៅធ្វើការនៅអង្គការអន្តរជាតិ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗក្នុងសង្គមការងារ ក៏ដូចជា ការធ្វើជំនួញ។

នៅឆ្នាំ២០០៧ អ្នកនាងនិងស្វាមីបានចាប់ផ្តើមក្រុមហ៊ុនថ្មីមួយ គឺJM Asiaដោយសហការជាមួយអ្នកវិនិយោគសឹង្ហបុរី ដើម្បីចាប់ផ្តើមក្រុមហ៊ុននេះ ជាក្រុម​ហ៊ុនផ្តល់ការប្រឹក្សា និងបណ្តុះបណ្តាលអាជីពជាសហគ្រិននៅកម្ពុជា ជាការងារ​មួយដែលលោក Phillip Fongបានចាប់អារម្មណ៍ និងចង់ជួយប្រទេសកម្ពុជា បន្ទា​ប់​ពីលោកមើលឃើញថា ប្រទេសសឹង្ហបុរីមានការរីកចម្រើនលឿន ដោយចាប់ផ្តើមចេញពីចំ​ណុចនេះ។

ក្រុមហ៊ុនJM Aisa ក៏មានបុត្រសម្ព័ន្ឋរបស់ខ្លួនមួយទៀត គឺJM Investment ដែលផ្តល់សេវាកម្ម ជាភ្នាក់ងារផ្តល់សេវាជួលការិយាល័យ ជួលផ្ទះ និងទិញលក់អចល​នទ្រព្យបណ្តើរៗ និងក៏ជាក្រុមហ៊ុនដែលដើរតួនាទីជាអន្តរការី ដើម្បីផ្តល់ឳកាសឲ្យក្រុមហ៊ុនក្នុងស្រុក និងបរទេសអាចចាប់ដៃគ្នាវិនិយោគរួមគ្នានៅកម្ពុជា​ផងដែរ។​

អ្នកសិក្សាមិនចេះចប់

       ទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយ ក៏អ្នកនាងGrace Rachny Fongមិនដែលបោះបង់ឳកាសសិក្សាខ្លួនឯងឡើយ ដោយអ្នកនាងបានសិក្សាវគ្គ​ជំនាញខ្លីៗជាច្រើននៅសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ថៃ និងសឹង្ហបុរីជាដើម។ ជាមួ​យនឹងការពង្រឹងសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់នេះហើយ ទើបទីបំផុតអ្នកនាងបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីសហរដ្ឋអាមេរិក ក្នុងនាមជាគ្រូបង្វឹកលំដា​ប់អន្តរជាតិ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញអច​លនទ្រព្យលំដាប់អន្តរជាតិស្រ្តីជាលើកតំបូងនៅកម្ពុជា។

បច្ចុប្បន្ននៅកម្ពុជាមានតែអ្នកនាងGrace Rachny និងលោកវ៉ា វីរៈប៉ុណ្ណោះ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិនៅកម្ពុជា ដែលមានការទទួលស្គាល់ទូទាំងពិភពលោក។

អ្នកនាងGrace Rachnyបានថ្លែងថា “ពេលខ្លះខ្ញុំចំណាយប្រាក់ពី៥០០០ទៅ១០,០០០ដុល្លារអាមេរិក ដើម្បីសិក្សាវគ្គខ្លីៗនៅបរទេស ដោយសារចង់ពង្រឹងសមត្ថភាព និងបទពិសោធន៍របស់ខ្ញុំ”។

ចាប់ផ្តើមប្រឡូកការងារអចលនទ្រព្យពេញទំហឹង

       ការសិក្សា តាមរយៈការអានសៀវភៅ សិក្សាពីមនុស្សជំវិញខ្លួន ព្រមទាំងភាពជូចត់​ក្នុងជីវិតនាអតីតកាល មិនត្រឹមតែអាចឲ្យGrace Rachnyអាចក្រោកឈរដោយរ៉ឹងមាំដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឲ្យស្រ្តីរូបនេះមានឳកាសចែករំលែកចំនេះ​ដឹង បទពិសោធន៍ដល់អ្នកដទៃទៀតបានយ៉ាងច្រើន និងប្រកដដោយទំនុកចិត្តខ្ពស់។

ក្នុងឆ្នាំ២០១៤ អ្នកនាងGrace Rachny Fongបានចូលប្រឡូកក្នុងក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia ក្នុងតួនាទីជានាយិកាប្រតិបត្តិនៃក្រុមហ៊ុននេះ ដែលដើរតួនាទីជាគ្រូបង្វឹក ជាអ្នកលក់Franchise ផ្តល់សេវាកម្មទិញលក់ ជួល និងចាត់ការទូទៅក្នុងក្រុមហ៊ុននេះ។

ភាពពេញចិត្ត

មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា និងមានតម្រូវការខុសៗគ្នា ប៉ុន្តែអ្នកនាងGrace Rachnyមានភាពពេញចិត្តស្រដៀង និងដោយឡែកពីគេផងដែរ ដោយអ្នកនាងបានថ្លែងថា “ឆ្លងកាត់បទពិសោធន៍ជីវិត ការងារ ការសិក្សា និងការលំបាកទាំងឡាយ រហូតមកទល់ពេលនេះ អ្វីសំខាន់និងពេញចិត្តបំផុតក្នុងជីវិតគឺក្រុមគ្រួសារ និងសុខភាព”។

អ្នកនាងបានបញ្ជាក់ថា “ទ្រព្យសម្បត្តិយើងអាចរកបាន និងជារបស់ក្រៅខ្លួន ហេតុនេះអ្វីសំខាន់គឺគ្រួសារ ព្រោះបើគ្រួសារគ្មានសុភមង្គល គ្មានភាពជោគ ជ័យនោះទេ”។អ្នកនាងបន្ថែមថា “និយមន័យនៃភាពជោគជ័យ និងសុភមង្គល របស់ខ្ញុំ គឺគ្រួសារកក់ក្តៅ និងសុខភាពល្អ”។

អនុសាសន៍

       មនុស្សម្នាក់ៗមានភាពជោគជ័យបានមកដោយខុសៗគ្នា និងមានវិធីសា​ស្រ្តខុសៗគ្នា ដើម្បីឈានពីដំណាក់កាលមួយទៅដំនណាក់កាលមួយ មុនសម្រេ​ចបាននូវជោគជ័យក្នុងជីវិត។

អ្នកនាងGrace Rachnyបានផ្តល់នូវគំនិត និងទស្សនរបស់ខ្លួនថា ដើម្បីសម្រេចបានជោគជ័យ យើងត្រូវរៀនសូត្រកុំឈប់ និងមិនត្រូវហត់នឿយនឹងការ​សិក្សានោះទេ ធ្វើបែបនេះទើបយើងអាចអភិវឌ្ឍន៍ខ្លួនឯងបាន។ អ្នកនាងបន្តថា ក្រៅពីការបណ្តុះបណ្តាល ដោយផ្ទាល់នៅលក្រៅប្រទេស ខ្ញុំចូលចិត្តអានសៀវ​ភៅប្រភេទសៀវភៅលើកទឹកចិត្ត  អានកាសែត មើលទូរទស្សន៍ រៀនពីមនុស្សជំវិញខ្លួន។

អ្នកនាងបន្តថា “ស្រ្តីទាំងឡាយចូលប្រឡូកក្នុងសង្គម សិក្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយយកគុណតម្លៃរបស់ខ្លួនជួយដល់សង្គមវិញ”។

ជនជាគំរូ

       មនុស្សជោគជ័យតែងតែមានជនគំរូ ជានិម្មិតរូបរបស់ខ្លួន និងព្យាយាមយក​មនុស្សទាំងនោះជាការលើកទឹកចិត្តខ្លួនឯង ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបន្ត ហើយផ្តល់គុណតម្លៃរបស់ខ្លួនដល់សង្គមវិញ។

អ្នកនាងGrace Rachny Fong បានយកគំរូមហាសេដ្ឋីនីជាច្រើននៅលើពិភពលោក ដើម្បីរៀបចំថ្នាលជីវិតរបស់ខ្លួន ឲ្យមានពន្លឺកាន់តែត្រចះត្រចង់ឡើង និងយកគំរូស្រ្តីកម្ពុជាពីររូបជាIdolរបស់ខ្លួន។

ស្រ្តីខ្មែរដ៏រ៉ឹងមាំម្នាក់ គឺលោកស្រីសូតូ គូលីកាជាអ្នផលិតខ្សែភាពយន្តរឿង “ដុំហ្វីលចុងក្រោយ”។ ស្រ្តីរូបនោះមានស្វាមីជាជនជាតិអាមេរិក ហើយភាពយន្ត​របស់លោកស្រីបានទទួលពានរង្វាន់អន្តរជាតិជាច្រើន។

លោកស្រីតូតូ គូលីកាក៏ជាស្រ្តីបានឆ្លងកាត់នូវការលំបាក និងតស៊ូក្នុងឆាកជីវិតជាច្រើន ទំរាំមានភាពជោគជ័យមកដល់សព្វថ្ងៃនេះ មិនខុសពីអ្នកនាងGrace Rachny Fongបានឆ្លងកាត់ឆាកជីវិតដ៏ជូរចត់ ជាអ្នកមិនសូវនិយាយស្តី មកជាស្រ្តីដែលមានចរិករួសរាយរាក់ទាក់ រហូតក្លាយជាគ្រូបង្វឹកឆ្នើម និងមានជំនឿចិត្តលើខ្លួនឯង ​ទំរាំទទួលបាន​ជោគជ័យមកទល់សព្វថ្ងៃនេះ៕

ចិន បោះទុនជាង 32លានដុល្លារ វិនិយោគលើដំណាំចេក សម្រាប់នាំចេញ

0

ដោយ រ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់លើកិច្ចចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន និងភាគីខាងចិន ដែលតំណាងដោយលោក ស្យុង ប័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កាលពីដើមសប្ដាហ៍កន្លងទៅនោះ ពេលនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញនូវ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ដល់ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. ឱ្យបើកដំណើរការជាផ្លូវការលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ។

តាមរយៈគណនីផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអោយដឹងថា សម្រាប់ទីតាំងដែលត្រូវបង្កើតជាកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់សម្រាប់ការនាំចេញខាងលើនេះ គឺស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាមួយនឹងទុនវិនិយោគ 32,021,570ដុល្លារអាមេរិក ដែលផ្តល់កន្លែងធ្វើការងារបានចំនួន 572 កន្លែង ។ ដោយឡែកចំពោះពូជដំណាំចេក ជាប្រភេទពូជចេកថ្មី ដែលអាចផ្តល់ផលចាប់ពី 60 ទៅ 73 តោន ក្នុងមួយហិកតាក្នុងមួយឆ្នាំ និងអាចប្រមូលផលបាន3ដងក្នុង2ឆ្នាំ ៕

តំបន់ភ្នំប្រសិទ្ធ នឹងមានសក្តានុពលអភិវឌ្ឍន៍លឿននាពេលឆាប់ៗ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់ភ្នំប្រសិទ្ឋនឹងមានការរីកចម្រើនលឿននាពេលអនាគតឆាប់ៗខាងមុខនេះ ដោយសារតំបន់មាននេះមានលក្ខអំណោយផលជាច្រើន។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានមានប្រសាសន៍​ឲ្យដឹងនារសៀលថ្ងៃទី៣ សីហាកន្លងមកថា តំបន់ភ្នំប្រសិទ្ឋនឹងមានការរីកចម្រើនលឿននាពេលឆាប់ៗខាងមុខនេះ ដោយសារតំបន់នេះស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ ពិសេ​សខ័ណ្ឌព្រែកព្នៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ហើយផ្លូវមួយកាត់បឹងកប់ស្រូវឬបឹងតាមោឃត្រូវបានតភ្ជាប់ នឹងធ្វើឲ្យមានការសាងសង់បុរីឬលំនៅដ្ឋាន​ផ្សេងៗកាន់តែច្រើននៅតំបន់នេះ។

លោកបន្តថា “តំបន់នេះមានសក្តានុពលខ្ពស់ ដោយស្ថិតនៅក្បែររាជធានីផង និងស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង”។

ជាមួយគ្នានេះលោកលាងគង់ យិនស្ថាបនិកនិងជាអគ្គនាយកគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia បានថ្លែងថា ដោយសារភាពអំណោយផលទាំងនេះ រួមទាំងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សណ្ឋានដីខ្ពស់មិនប្រឈមមុខនឹងការលិចទឹក បានធ្វើឲ្យមានការចាប់អារម្មណ៍វិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់ តែច្រើនទៅកាន់តំបន់​នេះ។ លោកបន្តថា តម្លៃដីធ្លីពីមុនមានត្រឹម៥ទៅ១០ដុល្លារ បច្ចុប្ប ន្នបានកើនដល់១៥ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមតំបន់និមួយៗ ទំហំដី និងសណ្ឋានផ្លូវនៅតំបន់នេះ។

លោកបន្តថា “ខ្ញុំគិតថារយៈពេលបីទៅ៥ឆ្នាំខាងមុខ ការអភិវឌ្ឍនៅតំបន់នេះនឹងកញ្រ្ជោលខ្លាំង ហើយតម្លៃដីធ្លីនឹងកើនឡើងទ្វេរដង ធៀបនឹងបច្ចុប្បន្ន”។លោកបន្តថា “តាម​ប្រភពព៌តមានខ្ញុំទទួលបានគឺឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងជម្រុញឲ្យមានការវិនិយោគលំនៅដ្ឋានតម្លៃសមរម្យនៅ​តំបន់នេះនាពេលឆាប់ៗ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា ជាការពិតតំបន់ភ្នំប្រសិទ្ឋពិតជាមានសក្តានុពលនាពេលអនាគត ព្រោះវាជា​តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់លឿន ទៅកាន់តំបន់នេះ ដែលធ្វើឲ្យ​ការធ្វើដំណើរចេញពីតំបន់ពាណិជ្ជកម្មក្នុងក្រុង ចេញទៅតំបន់នេះចំណាយពេលប្រមា​ណ១៥ទៅ២០នាទីប៉ុណ្ណោះ។

លោកបន្តថា “ការអភិវឌ្ឍនៅតំបន់នេះនឹងមានកម្រិតលឿន ដោយសារដីនៅទំនេរច្រើន សណ្ឋានដីល្អ ហេដ្ឋារចនាសម្ព័ន្ឋគាំទ្រមានភាពប្រសើរ”។លោកបន្តថា “តម្លៃដីនៅតំបន់នេះមានភាពសមស្របនាពេលបច្ចុប្បន្ន ប៉ុន្តែវានឹងកើនឡើងខ្ពស់ថែមទៀតនាពេល​អនាគត”៕​

ស្វែងយល់ពីងអាស៊ី! តម្លៃលំនៅដ្ឋានក្នុងទីក្រុងហុងកុង នឹងបន្តកើនឡើងខ្ពស់បន្ថែមទៀត

0

ដោយវុត្ថា

ភ្នំពេញ៖ សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងធំលំដាប់ទី២របស់ចិន គឺទីក្រុងហុងកុងនឹងបន្តឡើងថ្លៃ ក្នុងរយៈពេលជាងមួយទសវត្សទៀត ខណៈបច្ចុប្បន្នទីក្រុងមួយនេះ កំពុងមានវិបត្តិលំនៅដ្ឋានស្រាប់ផងនោះ។

លោកស្រី Carol Wu ប្រធានស្រាវជ្រាវទីផ្សារស្រាវជ្រាវ អចនលទ្រព្យរបស់ធនា​គារ DBS ប្រចាំនៅក្នុងទីក្រុងហុងកុង បានប្រាប់សារព័ត៌មាន South China Morning Postកាលពីសប្តាហ៍មុនថា តម្លៃទីផ្សារលំនៅដ្ឋានក្នុងទីក្រុងហុងកុង នឹងកើនឡើង២ភាគរយនៅក្នុងឆ្នាំ២០៣០ខាងមុខនេះ។

លោកស្រីនិយាយថា“ ការទស្សទាយរបស់យើងគឺថា ទីផ្សារអលនទ្រព្យលំនៅដ្ឋានបានកើនឡើងប្រហែល៥ ទៅ១០ភាគរយក្នុងឆ្នាំនេះ “។លោកស្រីបន្ថែមថា “ភាពយឺតយ៉ាវនៃការទប់ស្កាត់របស់អជ្ញាធរក្រុងហុងកុង បានធ្វើអោយតម្លៃអចលនទ្រព្យកើនឡើង ៣ដងក្នុងទីក្រុងនានា ដូចជា នៅក្នុងទីក្រុង Changsha ទីក្រុង Wuhan និងទីក្រុង Guangzhou ដែលជាតីក្រុងដែលមានសក្តានុពលខ្ពស់”។

តាមការសិក្សាស្រាវជ្រាវកន្លងមកបង្ហាញថា ទីក្រុង Changsha ទីក្រុង Wuhanនិង​ទីក្រុង Guangzhou នឹងមានសក្តានុពលចំពោះការកើនឡើង តម្លៃអចលនទ្រព្យថែមមួយកម្រិតទៀត ខណៈទីផ្សារអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងមួយចំនួន ដូចជា ទីក្រុង ហុងកុង ទីក្រុង សឹង្ហបុរី ទីក្រុង ប៉េកាំង និងទីក្រុង ស៊ាងហៃ មានការធ្លាក់ចុះបន្តិច។

ការសិក្សាស្រាវជ្រាវនេះ គឺផ្តោតទៅលើការប្រើប្រាស់ប្រភពតម្លៃអចលនទ្រព្យធៀបនឹងប្រាក់ចំណូលប្រចាំឆ្នាំ (GDP) របស់មនុស្សម្នាក់ៗ ដែលប៉ាន់ស្មានបានថាអតិផរណានឹងធ្លាក់ដល់សូន្យ។

តម្លៃលំនៅដ្ឋានក្នុងទីក្រុង Wuhan ធៀបនឹង GDP ក្នុងមនុស្សម្នាក់ បានបានកើនឡើប្រហេល១០ភាគរយក្នុងឆ្នាំ២០១៧ ប៉ុន្តែសម្រាប់ទីក្រុងហុងកុងវិញ បានកើនឡើងរហូតដល់៣៦ភាគរយ។

យោងតាមរបស់ការណ៍DBSបន្តថា ទីក្រុងចិនចំនួន៨ ត្រូវបានគេទស្សន៍ទាយថា អាចនឹងវ៉ាដាច់ទីក្រុងហុងកុង និងទីក្រុងសឹង្ហបុរី បើនិយាយពីGDP សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០៣០ ខាងនេះ។

ទ្រព្យសម្បត្តិរបស់ទីក្រុង Shenzhen នឹងអាចប្រកួតប្រជែងជាមួយទីក្រុងសឹង្ហបុរិបាននាពេលបច្ចុប្បន្ន។ ចំណែកទ្រព្យសម្បត្តិរបស់ទីក្រុង Hangzhou វិញមានភាពប្រកៀកប្រកើយទៅនឹងទ្រព្យសម្បត្តិរបស់ទីក្រុងហុងកុង៕

តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ពីគោលនយោបាយផ្លូវសូត្ររបស់ចិន?

0

ដោយ វុត្ថា

ភ្នំពេញ៖ មហាបុរសចិន ប្រធានាធិបតីចិន Zhi Jinping បានបង្ហាញមហិច្ឆតាគ្រប់​គ្រងពិភពលោក តាមរយៈមូលធន និងអំណាចនៃការគ្របដណ្តប់សេដ្ឋកិច្ចរបស់ខ្លួន ដោយបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្លូវសូត្រ ឬខ្សែក្រវ៉ាត់មួយផ្លូវមួយ។

គោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងវិថីមួយ ឬ Belt and Road Initiative-BRI ដែលបានបង្កើតឡើង ដោយលោកប្រធានាធិបតីចិនដ៏មានឥទ្ឋិពលរូបនេះសំរាប់ការអភិវឌ្ឍន៍ និងតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងទ្វីបអឺរ៉ុប-អាស៊ី និងតំបន់អាហ្វ្រិកផងដែរ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី ឬ Belt and Road Initiative បានផ្តោតសំខាន់ និង លើកកម្ពស់ដល់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ (Silk Road Economic Belt) ដែលលាតសន្ធឹងដល់ទ្វីបអាស៊ី-អឺរ៉ុប រួមជាមួយ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (21st Century Maritime Silk Road) ដែលធ្វើដំណើរពីប្រទេសចិនទៅកាន់តំបន់អឺរ៉ុប និងតំបន់អាស៊ី។

គោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីមួយនេះ មានវិសាលភាពធំធេងណាស់ ដោយឆ្លងកាត់ប្រទេសជាច្រើនដែលគ្របដណ្តប់ ផលិតផលជាតិសរុបនៅលើពិភពលោកចំនួន៥៥% ចំនួនប្រជាជនចំនួន ៧០% និងគ្របដណ្តប់ឋាមពលបំរុងចំនួន ៧៥%នៅលើពិភពលោក។

គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ វិថីមួយ គឺជាគម្រោងខ្សែក្រវាត់ និងវិថីមួយនេះ ជា ច្រករបៀង និងហេដ្ឋារចនាសម្ព័ន្ធ និងជាយុទ្ធសាស្រ្តចំរុះខាងភូមិសាស្រ្តរបស់លោក Xi Jinping ប្រធានាធិបតីចិនដើម្បីពង្រឹង និងពង្រីកអំណាចសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក ដោយក្នុងនោះបានចំណាយប្រាក់រាប់រយពាន់លានដុល្លារ។

ងាកមកមើលប្រទេសកម្ពុជាវិញ តើទទួលបានផលប្រយោជន៍អ្វីខ្លះពីមហិច្ឆតារបស់មហាយក្សអាស៊ីនេះ? ។

 តាមរយៈគោលនយោយបាយគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ វិថីមួយនេះ កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចពង្រឹងសហប្រតិបត្តិការ និងវិនិយោគលើវិស័យឧស្សាហកម្ម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង។

ទី១ ការវិនិយោគរួមរវាងក្រុមហ៊ុន China Huanneng Group របស់ចិនជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា សាងសង់រោងចក្រវារីអគ្គិសនីទំហំ ៤០០MW នៅទន្លេសេសានក្រោម ដែលមានទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក។ ទី២ការ​វិនិយោគប្រមាណ១,៤ប៊ីលានដុល្លារអាមេរិក សាងសង់រោងចក្រវារីអគ្គិសនីទំហំ ២៤៦MW នៅស្ទឹងតាតៃ ដែលនឹងមានសមត្ថភាពចែកចាយអគ្គិសនីចំនួន៣០ភាគរយនៃអគ្គិសនីត្រូវការសរុប។

ទី៣ វិនិយោគលើគម្រោងផ្លូវចំនួន១៦ ខ្សែក្រោមតម្លៃសរុប១,៦ ប៊ីលានដុល្លារអាមេរិក។ ទី៤វិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប ដែលមានតម្លៃ៨៨០លានដុល្លារអាមេរិក។ ទី៥ ចិនទទួលទិញអង្ករពីកម្ពុជាប្រមាណ ៣០០,០០០ តោនក្នុងឆ្នាំ២០១៨។ល។

មកដល់ពេលនេះ កម្ពុជាបាននឹងកំពុងអនុវត្តន៍ នូវគោលយោបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវមួយនេះ យ៉ាងពេញលេញស្រប់តាមនូវអ្វី ដែលប្រទេសចិនបានចុះហត្ថលេខាផ្តល់ជំនួយ ជាបន្តបន្ទាប់ជាច្រើនពាន់លានដុល្លារមកកម្ពុជា សម្រាប់អភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានាក្នុងប្រទេស។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មធ្លាប់បានឲ្យដឹងថា គោលនយោយបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវមួយ (Belt and Road Initiative) នេះវាមិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ តែនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕

ការបោះឆ្នោតបញ្ចប់៖ តើគួរវិនិយោគដីធ្លីដូចម្តេចដើម្បីបានផលចំណេញ?

0

ដោយដែន ចែងចាំង

       ភ្នំពេញ៖ ការបោះឆ្នោតបានបញ្ចប់ហើយ ជាពេលវេលាសមស្របសម្រាប់ការវិនិ​យោគឬបង្កើនការវិនិយោគលើដីធ្លី ហេតុនេះតើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីទទួលបានផលចំណេញ និងបញ្ចៀសហានិភ័យបាន។

គេហទំព័រដែលឈានមុខគេ ក្នុងផ្នែកអចលនទ្រព្យPropertyarea.asia បានជួបជាមួយអ្នកជំនាញ ដើម្បីផ្តល់ចំណេះដឹងខ្លះៗទាក់ទងនឹងបញ្ហានេះ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះថា ការបោះឆ្នោតបានបញ្ចប់ដោយរលូន ហេតុនេះសម្រាប់អ្នកស្ទាក់ស្ទើរមុនការបោះឆ្នោត គួរចាប់ផ្តើមវិនិយោគឡើងវិញដោយត្រូវសម្លឹងមើលកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១ ត្រូវក្តាប់ព៌តមានឲ្យបានគ្រប់ជ្រុងជ្រោ​យពីតំបន់អភិវឌ្ឍន៍ និងគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ស្វែងរកអចលនទ្រព្យដែល​ម្ចាស់លក់បន្ទាន់ ដែលជាអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ ដែលធ្វើឲ្យការវិនិយោគ​របស់យើងងាយរកផលចំណេញបាន ទី៣ ត្រូវកសាងបណ្តាញទីផ្សារឲ្យបាច្រើន ដើម្បីអចលនទ្រព្យដែលយើងទិញបានហើយលក់ឆាប់ដាច់។

ទី៤ បើអ្នកទិញឬអ្នកលក់មានបញ្ហាហិរញ្ញវត្ថុ គួរស្វែងរកអ្នកជំនាញក្នុងវិស័យនេះ ព្រោះពួកគេអាចជួយស្វែងរកប្រភពទុនជូនបាន។

តើគួរទិញដីធ្លីនៅតំបន់ណា ងាយទទួលបានចំណេញនិងលក់ចេញបានលឿនលោកច្រឹក សុខនីមបានផ្តល់ជាយោបល់ថា ដីនៅតំបន់ភ្នំពេញថ្មី តំបន់ក្រាំងធ្នង់ និងដីនៅតាមតំបន់ផ្សេងៗក្នុងខ័ណ្ឌសែនសុខ ជាតំបន់មានការអភិវឌ្ឈលឿន និងមានការចាប់អារម្មណ៍ច្រើនពីអតិថិជន៕