ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ភ្ជាប់ទៅនឹងគម្រោង និងសកម្មភាពដែលកំពុងតែមមាញឹកសាងសង់សំណង់អគារខ្ពស់ៗកប់ពពក រួមជាមួយនឹងផ្សារទំនើបកម្រិតអន្តរជាតិផងដែរនោះ បច្ចុប្បន្ននេះ សម្រាប់តម្លៃដីដែលស្ថិតនៅលើតំបន់កោះពេជ្រ កំពុងតែបន្តឡើងថ្លៃជាងឆ្នាំកន្លងទៅនោះទៀត ។

-->
នៅលើតំបន់ដែលកំពុងមានសកម្មភាពអភិវឌ្ឍឥតឈប់ កោះពេជ្រ រំលេចឡើងនូវសំណង់អាគារខ្ពស់ៗស្អេកស្កះក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ មានផ្សារទំនើប និងលំនៅដ្ឋានកម្រិតអភិជនព្រោងព្រាតនោះ បានជំរុញឱ្យតំបន់មួយនេះក្លាយទៅកូនទីក្រុងដ៏ឆើតឆាយ ទាន់សម័យ ដែលស្ថិតនៅក្នុងការចាប់អារម្មណ៍ពីមនុស្សទូទៅ ក៏ដូចជាបណ្តាអ្នកវិនិយោគផងដែរ។
នាយកក្រុមហ៊ុន Key Real Estate Co,. Ltd ដែលធ្លាប់ទទួលបានពានរង្វាន់ឆ្នើមលើការវាយតម្លៃអចលនទ្រព្យ លោក សន សៀប បានលើកឡើងថា ៖ «បច្ចុប្បន្ននេះ កោះពេជ្រ ត្រូវបានក្លាយជាតំបន់ដែលពេញនិយមដែលមានមនុស្សទៅ លេងកម្សាន្ត ជាពិសេសនៅពេលរសៀល ឬពេលចុងសប្ដាហ៍ជាដើម ព្រោះនៅទីនេះមានភាពល្អប្រសើរទាំងខ្យល់អាកាសដែលបក់ពីដងទន្លេ ទាំងទិដ្ឋភាពនៃការអភិវឌ្ឍលើវិស័យសំណង់នានាជាច្រើន ដូចជាសំណង់អាគារខ្ពស់ៗកប់ពពក មជ្ឈមណ្ឌលពាណិជ្ជកម្ម បណ្តុំលំនៅដ្ឋានកម្រិតអភិជន ក៏ដូចជាបណ្តុំអាហារដ្ឋាន ទីកម្សាន្តចម្រុះ ជាដើម»។
លោកបានបន្តទៀតថា ៖ បើនិយាយពីវិស័យសំណង់ និងអចលនទ្រព្យនៅតំបន់កោះពេជ្រ ពេលនេះ គឺនៅតែមានសក្ដានុពល និងភាពទាក់ទាញលើការវិនិយោគដដែល ដែលវាជាកត្តាជំរុញឱ្យតម្លៃដីនៅទីនេះនៅតែមានភាពល្អប្រសើរច្រើន ដែលគិតជាមធ្យមគឺស្ថិតនៅក្នុងចន្លោះចាប់ពីជាង ៤០០០- ៥០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬនៅទីតាំងខ្លះទៀតដែលស្ថិតនៅចំតំបន់មានតម្រូវការខ្ពស់ អាចមានតម្លៃឡើងដល់ ៥៥០០ដុល្លារក្នុងមួយម៉ែត្រក៏មានដែរ »។
ដោយឡែក នាយកក្រុមហ៊ុន ឆៃលីន ស៊ា រៀលធី ខូអិលធីឌី លោក ស៊ា ឆៃលីន បានលើកឡើងផងដែរថា ដោយសារតែកោះពេជ្រមានភាពស័ក្ដិសម និងល្អប្រសើរសម្រាប់ធ្វើជាសំណង់មជ្ឈមណ្ឌលពាណិជ្ជកម្មនានា ក៏ដូចជាបណ្តុំសំណង់លំនៅដ្ឋានបែបទំនើបកម្រិតអភិជន បានធ្វើឱ្យទីនេះនៅតែមានតម្រូវការខ្ពស់ ហើយជំរុញឱ្យតម្លៃឡើងថ្លៃគួរឱ្យគត់សម្គាល់។
លោកថា ៖ «នៅកោះពេជ្រ ស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ហាក់មិនសូវមានភាពទំនេរនោះទេ ពោលគឺពោរពេញទៅសំណង់អគារធំៗជាច្រើន។ ដោយឡែកចំពោះតម្លៃវិញនៅទីតាំងខ្លះបានឡើងខ្ពស់រហូតដល់ជាង៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយវានឹងនៅតែបន្តឡើងទៀតដរាបណាតម្រូវការនៅតែបន្តមាន »៕