ទឹកប្រាក់ ៣៥០០លានដុល្លារ ត្រូវបាន CDC អនុម័តនៅក្នុងឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គម្រោងវិនិយោគសរុបចំនួន១០៦ ដែលមានទឹកប្រាក់៣៥០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័ត នៅដំណាច់ឆមាសទី១ ឆ្នាំ២០១៨ស្មើនឹងកំនើន១៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលយើងទើបទទួលបាននាព្រឹកថ្ងៃទី២ សីហានេះបានឲ្យដឹងថា ទោះបីជាឆ្នាំនេះកម្ពុជាបានឆ្លងកាត់ដំណាក់កាលនយោបាយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦យ៉ាងក្តី ប៉ុន្តែការវិនិយោគពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិបានកើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១៨​នេះ និងបានបង្កើតការងារបានជិត១០ម៉ឺនកន្លែង។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមការវិនិយោគសរុបចំនួន១០៦គម្រោង មានគម្រោងថ្មីចំនួន៩៧ និងគម្រោ​ងពង្រីកផលិតកម្មចំនួន៩ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ៣,៥០០លា​នដុល្លារអាមេរិក។

របាយការណ៍របស់CDCបានបង្ហាញទៀតថា បើធៀបនឹងឆ្នាំ​២០១៧គំរោងវិនិយោគនៅឆ្នាំនេះ បានកើនឡើងចំនួន១៩គម្រោង ហើយអ្វីគួរឲ្យកត់សំគាល់ត្រង់ថា ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានកើនឡើងខ្លាំងរហូតដល់ទៅ៧៧ភាគរយ។ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានក៏បានកើនទ្បើង២២ភាគរយ ក្នុងនោះគម្រោ​ងរោងចក្រកាត់ដេរសម្លៀកបំពាក់ មានការកើនទ្បើងចំនួន៨គម្រោងពី១៥គម្រោង ក្នុងឆមាសទី១ឆ្នាំ២០១៧ មកដល់២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមាន​ប្រសាសន៍ថា កំណើននៃការវិនិយោគនៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ បុន្តែគឺដោយសារកត្តាសំខាន់ៗចំនួន៤ ដែលកម្ពុជាកំពុងរក្សាបាន ទី១ ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ និងជាប្រទេសកំពុងអភិវឌ្ឍន៍ថ្មី ទី២ រដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្បា​ប់វិនិយោគដ៏ល្អប្រសើរ ដែលផ្តល់ឲ្យអ្នកវិនិយោគអាចបោះទុនវិនិយោគ១០០ភាគរយបាន ទី៣ ការមានច្បាប់បទដ្ឋានគតិយុត្តិនានា ដែលផ្តល់ការលើកទឹកចិត្តនិងការពារការវិនិយោគពីអន្តរជាតិ និងទី៤ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដែលផ្តល់លទ្ឋភាពឲ្យអ្នកវិនិយោគអន្តរជាតិ មានឳកាសរកផលចំណេញបាន។

លោកបន្តថា “អ្វីសំខាន់អ្នកវិនិយោគកំពុងមើលឃើញឳកាសនៅកម្ពុជា ហើយពួកគេរកផលចំណេញបានទើបពួកគេចូលមក បើ់មិនរកចំណេញបាន ពួកគេមិនចូលមកនោះទេ”។

លោកបណ្ឌិតហុង វណ្ណៈបាមបន្តថា លើសពីនេះវិស័យទេសចរណ៍កម្ពុជាក៏មាន​ភាពរីកចម្រើន ដែលទាក់ទាញអ្នកវិនិយោគអន្តរជាតិមកវិនិយោគក្នុងវិស័យនេះ កាន់តែ​ច្រើន ហើយដែនដីកម្ពុជា ជាដីសវណ្ណភូមិ ជាដីមានជីវជាតិ ដែលអាចឲ្យអ្នកវិនិយោគអាច​មកវិនិយោគដាំដំណាំសរីរាង្គ ដើម្បីធ្វើការនាំចេញបាន។ ទាំងអស់នេះសុទ្ឋតែជាសក្តានុ​ពលកម្ពុជា ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគពីអន្តរជាតិ៕

 

សម្តេចតេជោ អះអាងថា តម្លៃដីធ្លីនៅកម្ពុជាបន្តកើនឡើង

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា តម្លៃដីធ្លីនៅ​កម្ពុជាបន្តកើនឡើងមុន និងក្រោយការបោះឆ្នោតអាណត្តិទី៦នេះ។

ក្នុងជំនួបជាមួយកម្មករ និយោជិតរាប់ម៉ឺននាក់នៅតំបន់ផ្លូវវេងស្រេង នាព្រឹកថ្ងៃទី២ សីហានេះ សម្តេចតេជោបានមានប្រសាសន៍ថា មានឈ្មួញដីធ្លីខ្លះបានទិញដីធ្លីច្រើនទាំងមុន និងក្រោយការបោះឆ្នោត ហើយឈ្មួញខ្លះបានទិញនៅមុនការបោះឆ្នោត ដោយសារ​ពួកគេដឹងថា ការបោះឆ្នោតដីនឹងឡើងថ្លៃទៀតហើយ ហើយការប្រមូលពន្ឋដាបានបន្តកើនឡើង។

សម្តេចបន្តថា អាជីវករនៅតាមបណ្តាទីផ្សារនានាបាននិយាយថា អស់ពួកអាចង្រៃនោះ (សំដៅអតីតបក្សប្រឆាំង) ពួកគេលក់ដូរបានធម្មតា ហើយពួកគេមិនបារម្ភពីការត្រូវរើតូបផ្សារ និងជ្រួលច្របល់នោះទេ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានយល់ស្របនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ប៉ុន្តែបានអះអាងថា ការឡើងតម្លៃដីធ្លីនៅឆ្នាំ២០១៨នេះ បើមើលជាទូទៅគឺឡើងថ្លៃទាបជាងឆ្នាំមុន និងឡើងតាមតំបន់ដោយតំបន់ខ្លះកើនឡើងខ្លាំង ហើយតំបន់ខ្លះក៏ស្ថិតក្នុងសភាពទ្រឹងផងដែរ។អ្នកនាងបន្តថា ផ្ទុយទៅវិញ តម្លៃដីធ្លីនៅខេត្តព្រះសីហនុបានកើនខ្លាំង ដែលតំបន់ខ្លះដូចជាតំបន់អូរឈើ​ទាល តំបន់អូរត្រេះជាដើម តម្លៃដីបានកើនរហូតដល់១០០ទៅ២០០ភាគរយក៏មាន។

អ្នកនាងបន្តថា “ជាទូទៅតម្លៃដីធ្លីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាង​ល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងកំនើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស”៕

កំនើនសេដ្ឋកិច្ច៖ ធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើងប្រមាណ ១លានខ្នង

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត និងរីកចំរើននៃសេដ្ឋកិច្ចសង្គម។

លោកប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង​សំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំនើនសេដ្ឋកិច្ច នគរូ​បនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័ស ព្រោះតាមការសិក្សារបស់ក្រសួងអំពី ​ក្របខ័ណ្ឌយុទ្ឋសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជន​រស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ និងបន្តកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

តាមទិន្នន័យនេះបានបង្ហាញឲ្យឃើញថា បើគិតចា​ប់ពីឆ្នាំ២០១៥ ដល់២០៣០ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី ក្រុង និងទីប្រជុំជនមានប្រមាណ៨០ម៉ឺនលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវ​ការប្រមា​ណ៥ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ។

លោកប៉ែន សុផលបានបន្តថា ឆ្លើយតបនឹងបញ្ហានេះក្រ​សួងបាន និងកំពុងសកម្មអនុវត្តន៍គោលនយោបាយជាតិស្តីពី ការរៀបចំដែនដី ក្នុងការកសាងផែន​​ការរៀបចំដែនដី​ប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោ​បាយជាតិស្តីពីលំនៅដ្ឋាន ពិសេសលំនៅដ្ឋានដែលមានតំលៃសមរម្យជូនមន្រ្តីរាជ​ការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកប​ដោយចីរភាព និងសមធ៌ម។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំនើនប្រជាសាស្រ្តកើនឡើងក្នុងទីក្រុង ការកើនឡើងនូវតម្លៃដីធ្លី ធ្វើឲ្យអ្នកមានដីធ្លីក្នុងទីក្រុងបានលក់ចេញ ហើយទិញលំនៅដ្ឋាននៅជាយក្រុង ឬតាមបុរីនានា និងការគាំទ្រឥណទានពីធនាគារនានា។

លោកបន្តថា “យើងឃើញថាទីផ្សារលំនៅដ្ឋាននៅតាមបុរីនានា មានសកម្ម​ភាពទិញលក់កើនឡើងជាប្រចាំ ទាំងផ្ទះថ្មី និងផ្ទះទី២ដែលអ្នកទិញលក់យកចំណេញឬលក់ចេញដើម្បីផ្លាស់ប្តូរទីតាំងថ្មី”៕

ស្វែងយល់ពីអាស៊ី! ទីក្រុងហុងកុង កំពុងខ្វះលំនៅដ្ឋានសម្រាប់ផ្គត់ផ្គង់ជូនប្រជាជនក្រីក្រ

0

ដោយវុត្ថា

ភ្នំពេញ៖ អាជ្ញាធរលំនៅដ្ឋានទីក្រុងហុងកុង កំពុងតែរិះរកដំណោះស្រាយចំពោះវិបត្តិលំនៅដ្ឋាន នៅក្នុងទីក្រុងទាំងមូល ស្របពេលដែលទីក្រុងមួយនេះ កំពុងកង្វះខាតដី ក្នុងការសាងសង់លំនៅដ្ឋាន និងកំណើនប្រជាជន។

លោក Ronnie Chan Chi-Chung ប្រធានក្រុមហ៊ុនអចលនទ្រព្យ Hang Lung Propertyបានថ្លែងប្រាប់សារព័ត៌មាន South China Morning Post កាលពីសប្តាហ៍មុនថា អាជ្ញាធរត្រូវតែមានការដោះស្រាយបន្ទាន់ ចំពោះបញ្ហាកង្វះខាតដីធ្លីក្នុងការសាងសង់លំនៅដ្ឋាន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលកើនឡើងនៅក្នុងទីក្រុងទាំងមូល ។ លោកបន្តថា ការខ្វះខាងដីធ្លីនេះ ដោយសារតែអាជ្ញាធរក្រុង បានផ្តល់ដីសម្បទានយូរអង្វែងដល់ក្រុមហ៊ុនឯកជន។

ចំណែកលោកស្រី Carrie Lam អនុប្រធានប្រតិបត្តិទីក្រុងហុងកុងបានថ្លែងច្រានចោលការដែលថា អាជ្ញាធរហុងកុងបានផ្តល់សម្បទានដីធ្លីយូអង្វែង ដែលនាំអោយមានបញ្ហាកង្វះខាតដីធ្លីសាងសង់លំនៅដ្ឋាននៅក្នុងទីក្រុង។

ឆ្លើតតបនឹងបញ្ហានេះ លោកស្រីនឹងស្នើសុំវិធានការផ្សេងៗ សម្រាប់ទប់ស្កាត់កុំអោយតម្លៃនៅដ្ឋានឡើងថ្លៃ ទើបប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញ។ ក្នុងរយៈពេលវែង លោកស្រីនឹងដាក់តំបន់ Vitoria Harbor ដែលនៅជាយក្រុងធ្វើជាតំបន់អភិវឌ្ឍន៍លំនៅ ដ្ឋានដោយជៀសមិនផុត តែយ៉ាងណាក៏ដោយក៏នៅតែមានការជំទាស់ពីសំណាក់ លោក Ronnie Chan Chi-Chung ប្រធានក្រុមហ៊ុនអចលនទ្រព្យ Hang Lung Property ផងដែរ ចំពោះការយកតំបន់នេះ យកមកអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារតែវាជាតំបន់ដែលមានភាល្បីល្បាញក្នុងពិភពលោក។

លោកស្រី Lam បានលើកឡើងថា អាជ្ញាធរទីក្រុងហុងកុង មានគម្រោងអភិរក្សដីធ្លីអោយបានចំនួនជាង៤៨០០ហិកតា ត្រឹមឆ្នាំ២០៤៦ ។

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិបានបង្ហាញថា ទីក្រុងហុងកុងជាទីក្រុងមានដង់ស៊ីតេប្រជាជនច្រើនបំផុត លំដាប់ទី៤ក្នុងពិភពលោក ដែលមានមនុស្សរស់នៅចំនួន៧,០១៤នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា៕

ផលចំណេញពីរយ៉ាងដែលអតិថិជននឹងទទួលបានពីគំរោងដីឡូត៍ AMORY 7MAKARA

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ជាមួយនឹងទីតាំងមានសក្តានុពល និងជាតំបន់មានការអភិវឌ្ឍន៍យ៉ាងឆាប់​រហ័ស ទីផ្សារដីឡូត៍នៃគំរោង AMORY 7MAKARA កំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជន ហើយពួកគេនឹងទទួលបានផលចំណេញពីរយ៉ាង ពីគំរោងដែលស្ថិតនៅតំបន់ផ្លូវជាតិលេខ៦អានេះ។

ជាមួយនឹងការអភិវឌ្ឍន៍ផ្តោតលើការទទួលខុសត្រូវផ្នែកសង្គម អ្នកវិនិយោគគំរោង AMORY 7MAKARA បានគិតគូលើបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជាចម្បង ក្នុងគំរោងនេះ ដូចជាមាន​ផ្លូវធំទូលាយ មានសួនច្បារស្រស់បំព្រង និងមានការបំពាក់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីឲ្យអ្នកទិញដីឡូត៍ក្នុងគំរោងនេះ អាចសាងសង់លំនៅដ្ឋានរស់នៅប្រកប​ដោយផាសុខភាព។

ប្រធានផ្នែកលក់ នឹងទីផ្សារនៃគំរោង AMORY 7MAKARA លោកបានថ្លែងឲ្យដឹង​ នាព្រឹកថ្ងៃទី៣១ កក្កដានេះថា ការវិនិយោគលើគំរោងដីឡូត៍នេះ អតិថិជននឹងមានផលចំណេញពីរបែប ទី១ ចំណេញសម្រាប់ការរស់នៅ ព្រោះការរស់នៅក្នុងគំរោងនេះមានផ្លូវធំទូលាយ សួនច្បាធំអមតាមមាត់ព្រែក សួនច្បាសំរាប់ក្មេងកំសាន្ត សួនច្បាបាញ់ទឹក មានធម្មជាតិស្រស់បំព្រង ជាមួយខ្យល់អាកាសបរិសុទ្ឋសំរាប់បំរើឲ្យការរស់នៅប្រកបដោយផាសុភាព។

ទី២ ការវិនិយោគដីឡូត៍នេះ នឹងទទួលបានចំណេញលើការវិនិយោគដោយសារតំបន់​នេះជាតំបន់មានការអភិវឌ្ឍន៍ និងមានការលូតលាស់លឿន ដែលមានគំរោងជាច្រើននៅព័ន្ឋជុំវិញគំរោងនេះ ដូចជា ទីក្រុងមិត្តភាពកម្ពុជា ចិន គំរោងបុរីវិមានភ្នំពេញ បុរីឌឹផ្លរ៉ា បុរីអ័រគីដេ ទីក្រុងរណបតេជោមរកត ជាដើម។

លោកបានបន្តថា “ដីនៅតំបន់នេះនឹងកើនឡើងខ្លាំងនាពេលអនា​គត ដោយសារសក្តានុ​ពលផ្លូវជាតិលេខ៦ នឹងមានការរីកចម្រើនខ្លាំង ​និងក្លាយជាតំបន់លំនៅដ្ឋាន និងមជ្ឈ​មណ្ឌលពាណិជ្ជកម្មយ៉ាងរស់រវើកនាពេលអនាគត”។ លោកបន្តថា “នាឆ្នាំ២០២៣ តំបន់នេះនឹងមានការផ្លាស់ប្តូរមុខមាត់យ៉ាងសម្បើម និងទាក់ទាញអ្នកវិនិ​យោគកាន់តែច្រើន ដោយសារជាឆ្នាំនៃការរៀបចំកីឡាអាស៊ានស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង”។

សម្រាប់ព័ត៌មានលំអិតដីឡូត៍ក្នុងគំរោងនេះ អាចមកកាន់ការិយាល័យផ្ទាល់ដែលមានទីតាំង អាគាលេខ២៤ ជាន់ទី៦នឹង៧ ផ្លូវ២៧១ សង្កាត់ ទឹកថ្លា ខណ្ឌ័សែនសុខ ភ្នំពេញ ឬទាក់ទងនឹងស្តង់របស់ក្រុមហ៊ុនដែលមានដាក់បង្ហាញរយៈពេលពីរថ្ងៃនៅផ្សារធំថ្មី ​ខាងត្បូង ស្ថិតក្នុងខ័ណ្ឌដូនពេញ ចាប់ពីថ្ងៃទី៤ ដល់៥ ខែសីហា ឆ្នាំ២០១៨ នឹងវេលាម៉ោង ៨ព្រឹក ដល់ ម៉ោង ៦ល្ងាច ខាងមុខនេះ ឬអាចទាក់ទងលេខទូរសព្ទ័ ០៧៨​ ២២៧ ៥៥៥ /​​ ០៨១ ២២៧ ៥៥៥ / ០១៧ ៣៥៥ ៣៦០ / ០២៣ ៩០៩ ៩៩៩។

ដីឡូត៍ក្នុងគំរោង AMORY 7MAKARA មានទំហំពីរប្រភេទដូចជា ទី១ ដីឡូត៍មានទំហំ១០គុណនឹង២០ម៉ែត្រ ទី២ នឹងដីឡូត៍មានទំហំ២០គុណនឹង៣០ម៉ែត្រ   លោកបានបន្តថា គំរោងដីឡូត៍ AMORY 7MAKARA មានទំហំ៣១ហិកតា ដែលជាទំហំសមស្រប ​និងអនុញ្ញាត្តឲ្យក្រុមហ៊ុនវិនិយោគនិងរៀបចំហេដ្ឋារចនាសម្ព័ន្ឋបានសមស្រប ដើម្បីឆ្លើយតបត​ម្រូវការ និងលក្ខខ័ណ្ឌជីវិតរបស់ប្រជាពលរដ្ឋដែល​ចង់បានដីដែលមានទីតាំងល្អ ​និងជាតំបន់ដែលមានខ្យល់អាកាសបរិសុទ្ឋ អមជាមួយ ធម្មជាតិស្រស់បំព្រង។

អ្នកជំនាញអចលនទ្រព្យឯករាជ្យមួយរូបបានលើកឡើងថា តំបន់ស្ថិតនៅស្របតាម​មាត់ទន្លេ និងផ្លូវជាតិលេខ៦ បាននិងកំពុងក្លាយជាទីតាំង នៃការចាប់អារម្មណ៍របស់អ្នក​វិនិយោគជាតិ អន្តរជាតិ ដែលបាននិងកំពុងស្វែងរកដី ដើម្បីសាងសង់បុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ព្រោះពួកគេមើលឃើញថា តំបន់នេះមិនត្រឹមតែមានខ្យល់អាកាសបរិសុទ្ឋទេ តែមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ តាមរយៈស្ពានជ្រោយចង្វារភ្លោះ ស្ពានឧកញ៉ាលី យ៉ុងផាត់(ព្រែកព្នៅ) ស្ពានថ្មីដែលនឹងវិនិយោគដោយក្រុមហ៊ុនOCIC តភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វារ។

លោកបន្តថា “គំរោងវិនិយោគនៅតំបន់នេះ បាននិងកំពុងក្លាយជាទីចាប់អារម្មណ៍​របស់អ្នកមានធនធាន ដែលចង់គេចចេញពីការបំពុលផ្សែងក្នុងទីក្រុង ហើយស្វែងរកបរិស្ថានបរិសុទ្ឋសម្រាប់ការរស់នៅ”។លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម​នានានៅពេលអនាគត ពិសេសទីក្រុងរណបជ្រោយចង្វារ ​និងទីក្រុងមិត្តភាពកម្ពុជាចិន នឹងទាក់ទាញអ្នកនិយមបរិស្ថាន ទៅរស់នៅនិងស្វែងរកភាពមនោរម្យក្នុងជីវិតនៅតំបន់នេះកាន់តែច្រើននាពេលអនាគត”៕

កាសែតដ៏ល្បីរបស់អង់គ្លេសថា វិនិយោគចិនកំពុងផ្លាស់ប្តូរមុខមាត់ក្រុងព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញ៖ ខេត្តព្រះសីហនុកំពុងតែមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លំាង ក្នុងរយៈពេលប៉ុន្មានឆ្នាំងចុងក្រោយនេះ ដោយសារតែលំហូរចូលនូវវិនិគិនចិន តាមរយៈការសាងសង់អគារខុនដូរ និងអគារពាណិជ្ជកម្មព្រមទាំងរោងចក្រកាត់ដេរជាច្រើន ដែលធ្វើអោយខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងលេចធ្លោជាងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បី របស់អង់គ្លេសឈ្មោះ The Guardian បានរាយការណ៍កាលពីពេលថ្មីៗនេះថា ខេត្តព្រះស៊ីហនុកំពុងគ្របដណ្តប់ដោយផ្លាកយីហោជាភាសាចិន នៅតាមបណ្តាអាគារ សណ្ឋាគារ ភោជនីយដ្ឋាននិងខុនដូរនានាក្នុងទីរួមខេត្តទាំងមូល ព្រមទាំងជាបណ្តុំនៃការកាស៊ីណូស្ទើរគ្រប់ទីកន្លែង។

សារព័ត៌មានដដែលបានលើកឡើងថា ខេត្តព្រះស៊ីហនុ ដែលជាខេត្តត្រូវបានគេបំភ្លេចជាយូណាស់មកហើយ បែរជាមានការលូតលាស់យ៉ាងលឿន ប្រដូចទៅនឹងទីក្រុង Macao និង Las Vesgas ត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ។

ខេត្តព្រះសីហនុ គឺជាខេត្តតែមួយគត់ ដែលមានកំពង់ផែអន្តរជាតិ សម្រាប់ធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើអោយមហាយក្សចិន មានគម្រោងវិនិយោគជាច្រើនក្នុងតំបន់នេះ ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន លោក Xi Jinping គឺ Belt and Road Initiative។

ដោយមានលំហូវិនិយោគពីប្រទេសចិននេះ បានធ្វើអោយតម្លៃលំនៅដ្ឋាន  និងអចនលទ្រព្យនានាមានការតម្លៃកើនឡើងកប់ពពក ក្នុងនោះមានការវិនិយោគទៅលើថាម​ពលអគ្គិសនី ដែលមានតម្លៃរហូតដល់៤,២ពាន់លានដុល្លារដែលចិនបានគ្រប់គ្រង និងវិយោគទៅលើប្រេងកាតផងដែរ។

ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសកំពុងអនុវត្តតាមគោលនយោ​បាយចិន Belt and Road Initiative យ៉ាងពេលលេញ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់។

ទន្ទឹមនឹងការរីកចម្រើននេះ បានធ្វើអោយមានការព្រួយបារម្ភដល់ប្រជាជន ដែលរស់នៅក្នុងខេត្តព្រះស៊ីហនុនេះផងដែរ ពីឥទ្ធិពលពីជនជាតិចិនដែលរស់នៅក្នុងតំបន់នេះ។ ជារឿយៗគេសង្កេតឃើញមានទាំងឧក្រឹដ្ឋកម្ម  ប្លន់ និង ការវាយប្រតប់គ្នារវាងជនជាតិចិនដែលរស់នៅ និងរកស៊ីក្នុងខេត្តព្រះស៊ីហនុនេះ។

តាមរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៧ បង្ហាញថា មានជនជាតិចិនចំនួន១២០,០០០ នាក់ដែលស្មើរនឹង២០ភាគរយនៃប្រជាជន ដែលរស់នៅក្នុងទីក្រុងព្រះស៊ីហនុនេះ ដោយចំនួននេះបានកើនឡើងរហូតដល់១២៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទំហំវិនិយោគរបស់ចិន ក្នុងទីក្រុងព្រះសីហនុទាំងវិស័យខុនដូ កាស៊ីណូ និងអចនទ្រព្យផ្សេងទៀត មានចំនួន១,៣ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងវិនិយោគចិនមានចំនួន ១,១ពាន់លានដុល្លារ។

សេចក្តីរាយការណ៍របស់សារព៌តមានដដែលបានបន្តថា អ្នកជំនួញចិនភាគច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីច្បាមយកតំបន់សេដ្ឋកិច្ចគ្មានពន្ធ រវាងគោលនបាយថ្មីរបស់ប្រទេសចិន និងកម្ពុជា ដោយក្នុងនោះមានរោងចក្រកាត់ដេរវិនិយោគដោយចិនមានចំនួនជាង១០០រោងចក្រ និងក្រុមហ៊ុនចំនួន២០០ដែលកំពុងផលិតទំនិញគ្រប់ប្រភេទ៕

ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជំនាញអចលនទ្រព្យ នឹងបើកនៅពេលខាងមុខ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជំនាញអចលនទ្រព្យ នឹងបើកដំនើរការនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការបណ្តុះបណ្តាលជំនាញពាក់ព័ន្ឋនឹងវិស័យនេះសម្រាប់រយៈពេលខ្លី នឹង​ចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារះអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ដោយសារមានភាពបន្ទាន់ ដើម្បីបំពេញ​តម្រូវការធនធានមនុស្សក្នុងវិស័យនេះ ទើបសមាគមសហការជាមួយសាកលវិទ្យាល័យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី នៅថ្ងៃទី៨ សីហាខាងមុខនេះ។

លោកបន្តថា “ជាមួយនឹងផែនការចំពោះមុខ សមាគមនិងក្រសួងសេដ្ឋកិច្ចនឹងបើកការបណ្តុះបណ្តាលជំនាញ អចលនទ្រព្យកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រនៅឆ្នាំ២០២០ខាងមុខនេះ”។ លោកបន្តថា “ការបណ្តុះបណ្តាលដែលនឹងចាប់ផ្តើម នៅដើមស ប្តាហ៍ក្រោយ ធ្វើឡើងជាលក្ខណៈបន្ទាន់”។

ជាមួយនឹងកង្វះធនធានមនុស្សក្នុងវិស័យនេះ មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជានឹងបើកដំណើរការនៅខែកញ្ញាខាងមុខផងដែរ បើសិនជាគ្មានការប្រែប្រួលទេនោះ។

លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាគ្មានការប្រែប្រួលទេនោះ មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជានឹងបើកបណ្តុះ​បណ្តាលជំនាញពាក់ព័ន្ឋក្នុងវិស័យនេះ នៅខែកញ្ញាខាងមុខ។ មជ្ឈមណ្ឌលនេះមានទីតាំង​នៅក្នុងគំរោង ONe Park ស្ថិតក្នុងមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh City Center)។លោកបន្តថា ការបើកការបណ្តុះបណ្តាលជំនាញនេះ ធ្វើឡើងតាមកម្មវិធីសិក្សាលំដាប់​អន្តរជាតិ ដែលក្រុមអ្នកជំនាញបានសិក្សាកម្មវិធីសិក្សាពីប្រទេសសឹង្ហបុរី ជប៉ុន កូរ៉េជាដើម ដើម្បីយកមកច្របាច់បញ្ចូលគ្នា ស្របតាមបរិបទនិងស្ថានភាពនៃសេដ្ឋកិច្ចសង្គមកម្ពុជា។

លោកបន្តថា “កង្វះខាតធនធានមនុស្សក្នុងវិស័យនេះ ជាអ្វីដែលយើងត្រូវឆ្លើយតប​ដើម្បីជួយលើកកំពស់វិស័យសំណង់ និងអចលនទ្រព្យកាន់តែរីកចម្រើនថែមទៀត”៕

ឆមាសទី1 ឆ្នាំ2018 ការនាំចេញរបស់កម្ពុជា កើនឡើងជាង 5ភាគរយ

0

ជាមួយនឹងភាពវិជ្ជមាននៃការនាំចេញផលិតផលសរុប នៅត្រឹមរយៈពេល6ខែនាដើមឆ្នាំ2018 នេះ កម្ពុជានៅតែរក្សាបានកំណើនដដែល ដែលស្ថិតនៅក្នុងរង្វង់ជាង5ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសេវានាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅត្រឹមឆមាសទី1 នៃឆ្នាំ2018 ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសរុបប្រមាណជាង ៥លានដុល្លារអាមេរិក កើនឡើងប្រមាណ 5,70 % បើធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ2017 ដែលមានត្រឹមប្រមាណជិត 4លានដុល្លារអាមេរិក។

ផ្អែកតាមរបាយការណ៍ដដែល ដែលទទួលបានកាលពីព្រឹកថ្ងៃទី01 ខែសីហា ឆ្នាំ2018នេះ បានឱ្យដឹងថា ការនាំចេញពីកម្ពុជាគិតជាទឹកប្រាក់សរុបប្រមាណជាង 5,2លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានទំនិញផ្នែក វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម ឆ្ពោះទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក សហគមអឺរ៉ុប កាណាដា និងជប៉ុន ។ល។

លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់ឱ្យដឹងថា ការបញ្ជារទិញនៅឆ្នាំនេះអាចកើនឡើងរង្វង់ជាង10% ក្នុងនោះមានម៉ាកល្បីៗទូទាំងពិភពលោក រួមមាន អាឌីដាស (Addidas) និង ហាសអេនអឹម (H&M) ជាដើម។

លោកបញ្ជាក់ទៀតថា ការបញ្ជារទិញ ក៏ដូចជាការនាំចេញរបស់កម្ពុជានឹងនៅតែល្អប្រសើរថែមទៀត បើទោះបីជាការបោះឆ្នោតត្រូវបានបញ្ចប់ ខណៈដែលប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេស ស្ថិរភាពនយោបាយនៅតែរក្សាបានភាពល្អប្រសើរ ៕

SCG ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

0

ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឈានមុខគេ លើផ្នែកផលិត និងផ្គត់ផ្គង់សម្ភារៈវិស័យសំណង់ បានចូលរួមផ្សព្វផ្សាយឱ្យមានការស្រឡាញ់ និងអភិរក្សផ្នែកធនធានធម្មជាតិ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ។

លោក រ៉ុងរ៉ូត រាំងស៊ីយូផាស (Roongrote Rangsiyopash) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន អេស ស៊ី ជី បានឲ្យដឹងថា ការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» គឺជាដំណើរការផលិតកម្មដែលប្រព្រឹត្តទៅដោយការយកក្រដាស អេតចាយ យកមកកែច្នៃប្រើប្រាស់ឡើងវិញ ដោយផ្សំជាមួយនឹងវត្ថុធាតុដើមមួយចំនួន ដើម្បីផលិតចេញជាក្រដាសថ្មី ដោយការប្រើប្រាស់វត្ថុធាតុដើមតិចតួចប៉ុណ្ណោះ។

ដូច្នេះ ក្នុងការផលិតក្រដាសចំនួន1ពាន់តោនជារៀងរាល់ថ្ងៃ ក្រុមហ៊ុនជួយធានាបានថា មិនមានការធ្វើឲ្យខូចបរិស្ថានពីសំណាក់ឧស្សាហកម្មនេះឡើយ ។ នេះជាការអនុវត្តមួយ ក្នុងចំណោមការអនុវត្តផ្សេងៗ ដែលអនុលោមតាមទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ដែលក្រុមហ៊ុន អេសស៊ីជី ព្យាយាមអនុវត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេដែលអនុវត្តទស្សនទាននេះក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

លោកបន្តថា សព្វថ្ងៃ ទស្សនទាន «សេដ្ឋកិច្ចវិលជុំ» នេះបានទាញចំណាប់អារម្មណ៍ទូទាំងសកលលោក ហើយក្រុមហ៊ុនអេសស៊ីជី កំពុងជំរុញការអនុវត្តទស្សនទាននេះនៅក្នុងតំបន់អាស៊ាន រាប់បញ្ចូលទាំងនៅកម្ពុជាផងដែរ។

លោកបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តទស្សនទាន «សេដ្ឋកិច្ចវិលជុំ» នេះតាមរយៈយុទ្ធសាស្រ្តគោលធំៗចំនួន៣ ៖ គឺការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ឫបង្កើនគុណភាពក្នុងការផលិតដើម្បីឲ្យប្រើប្រាស់បានយូរ ការកែលម្អ និងការជំនួស និងការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ដើម្បីលើកកម្ពស់ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ ៕

ឆមាសទី1 ឆ្នាំ2018 ការនាំចេញរបស់កម្ពុជា សម្រេចបានជាង5ពាន់លានដុល្លារ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជាមួយនឹងភាពវិជ្ជមាននៃការនាំចេញផលិតផលសរុប នៅត្រឹមរយៈពេល6ខែនាដើមឆ្នាំ2018 នេះ កម្ពុជានៅតែរក្សាបានកំណើនដដែល ដែលស្ថិតនៅក្នុងរង្វង់ជាង5ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅ ។


យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសេវានាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅត្រឹមឆមាសទី1 នៃឆ្នាំ2018 ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសរុបប្រមាណជាង 5ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ 5,70 % បើធៀបនឹងរយះដូចគ្នាក្នុងឆ្នាំ2017 ដែលមានត្រឹមប្រមាណជិត 4ពាន់លានដុល្លារអាមេរិក។
ផ្អែកតាមរបាយការណ៍ដដែល ដែលទទួលបានកាលពីព្រឹកថ្ងៃទី01 ខែសីហា ឆ្នាំ2018នេះ បានឱ្យដឹងថា ការនាំចេញពីកម្ពុជាគិតជាទឹកប្រាក់សរុបប្រមាណជាង 5,2លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានទំនិញផ្នែក វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម ឆ្ពោះទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក សហគមអឺរ៉ុប កាណាដា និងជប៉ុន ។ល។


លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មកម្ពុជា​បានប្រាប់ឱ្យដឹងថា ការបញ្ជារទិញនៅឆ្នាំនេះអាចកើនឡើងរង្វង់ជាង10% ក្នុងនោះមានម៉ាកល្បីៗទូទាំងពិភពលោក រួមមាន អាឌីដាស (Addidas) និង ហាសអេនអឹម (H&M) ជាដើម។ លោកបញ្ជាក់ទៀតថា ការបញ្ជារទិញ ក៏ដូចជាការនាំចេញរបស់កម្ពុជានឹងនៅតែល្អប្រសើរថែមទៀត បើទោះបីជាការបោះឆ្នោតត្រូវបានបញ្ចប់ ខណៈដែលប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេស ស្ថិរភាពនយោបាយនៅតែរក្សាបានភាពល្អប្រសើរ ៕