ដោយ រ៉ាណេត
ភ្នំពេញ៖ ស្របពេលដែលសន្ទុះនៃការវិនិយោគយ៉ាងគំហុក ពីសំណាក់អ្នកវិនិយោគជនជាតិចិន ក្រុងបាវិត បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា វិស័យសំណង់ផងដែរ ដែលជួយជំរុញឱ្យតម្លៃដីនៅតំបន់ទីប្រជុំជនក្នុងក្រុង និងនៅតំបន់ជាយក្រុងមានការកើនឡើងយ៉ាងខ្លាំង។
នាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃទី២៩ មិនាកន្លងមកថា ក្រុងបាវិត ខេត្តស្វាយរៀង គឺជាផ្នែកមួយដែលស្ថិតនៅក្នុងក្រសែភ្នែក របស់អ្នកវិនិយោគជនជាតិចិន បន្ទាប់ពីខេត្តជាប់តំបន់សមុទ្រដូចជាក្រុងព្រះសីហនុ កំពត កែប និងកោះកុង ព្រោះខេត្តមួយនេះគឺជាច្រកព្រំដែនអន្តរជាតិ ដែលសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់។
-->

លោកបានបន្តថា “ក្រុងបាវិតពេលនេះ កំពុងតែកែប្រែមុខមាត់យ៉ាងល្អប្រសើរជាមួយនឹងសកម្មភាពដ៏រស់រវើកនៃវិស័យពាណិជ្ជកម្ម និងសំណង់ដើម្បីឆ្លើយតបទៅនឹងកំណើនមនុស្សដែលចូលទៅរស់នៅ និងវិនិយោគលើវិស័យផ្សេងៗដូចជាឧស្សហកម្ម រោងចក្រ និងកាស៊ីណូនៅក្នុងក្រុងមួយនេះ”។
លោកថា “ដោយសារតែវិស័យពាណិជ្ជកម្មក្នុងតំបន់កើនឡើង បានជំរុញឱ្យតម្រូវការនៃវិស័យអចលនទ្រព្យ នៅទីក្រុងនេះមានភាពពុះកញ្ច្រោលខ្លាំង ដោយសារតែអ្នកវិនិយោគបានចំណាយទុនសាងសង់ជាផ្ទះល្វែង ជាបុរី ឬជាសណ្ឋាគារជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការស្នាក់នៅបណ្តាបុគ្គលិក ដែលបម្រើការងារ ក៏ដូចជាចំនួននៃកំណើនភ្ញៀវទេសចរផងដែរ។
លោកបន្តថា “សកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងក្រុងបាវិត ក៏ដូចជាតំបន់ដែលស្ថិតនៅជាប់ជាយក្រុងមានការកើនឡើងខ្លាំង”។
ជាមួយគ្នានេះប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានលើកឡើងថា បាវិតពេលនេះក៏ដូចជាថ្ងៃខាងមុខ គឺនៅតែមានសក្ដានុពលលើវិស័យពាណិជ្ជកម្មមិនចាញ់ក្រុងប៉ោយប៉ែតនោះទេ។ លោកថា ក្រុងបាវិត ខេត្តស្វាយរៀង មានភាពល្អប្រសើរច្រើន និងអំណោយផលដល់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ក៏ដូចជាវិស័យអចលនទ្រព្យផងដែរ ព្រោះខេត្តនេះជាច្រកទ្វារអន្តរជាតិ មានសារសំខាន់លើផ្នែកសេដ្ឋកិច្ច ហើយក៏មានដង់ស៊ីតេប្រជាជនរសនៅខ្ពស់។

លោកបន្តថា ទីផ្សារអចលនទ្រព្យនៅទីនោះ គឺមានភាពខុសប្លែកពីគ្នា ដែលវាអាស្រ័យទៅលើទីតាំងនៃតំបន់ ស្ថានភាពផ្លូវ និងតំបន់ប្រជាសាស្ត្ររស់នៅ”។ លោកបានបញ្ជាក់ថា “តម្លៃដីដែលស្ថិតនៅតំបន់ទីប្រជុំជនក្នុងក្រុងជាប់នឹងផ្លូវធំ ឬនៅក្បែរកាស៊ីណូ អាចមានតម្លៃក្នុងចន្លោះ១០០០- ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះនៅតំបន់ខ្លះ។ ប៉ុន្តែបើនៅផ្លូវអាចមានតម្លៃក្នុងចន្លោះ៤០០-៥០០ ដុល្លារក្នុងមួយម៉ែត្រ ហើយបើចុះពីផ្លូវជាតិ ឬឆ្ងាយពីផ្លូវធំប្រមាន១គីឡូម៉ែត្រ អាចមានតម្លៃ១០០-២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើឆ្ងាយជាងនេះ តម្លៃក៏កាន់តែចុះទៅតាមស្ថានភាពនៃទីតាំងដី”។
យ៉ាងណាក៏ដោយ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជារូបនេះ បានបង្ហើបថា ក្រុងបាវិត ខេត្តស្វាយរៀង ជាតំបន់មួយដែលមានភាពល្អប្រសើរ និងសមស្របទៅលើការអភិវឌ្ឍវិស័យលំនៅដ្ឋាន ព្រោះតំបន់មានកំណើនប្រជាជនច្រើន ជាប់ជាប្រចាំ៕