អ្នកជំនាញប្រាប់ពីវិធីសាស្រ្តទិញដី ឬផ្ទះឆាប់បានចំណេញលឿន

0

ដោយ គង់ សូរិយា

ភ្នំពេញ ការវិនិយោគលើដីធ្លី ឬផ្ទះមិនសុទ្ឋតែបានផលចំណេញទេ បើសិនជាយើង​ខ្វះមូលដ្ឋានចំណេះដឹងត្រឹមត្រូវ និងមិនដឹងពីវិធីសាស្រ្តនៃការវិនិយោគទេនោះ ហេតុនេះ អ្នកជំនាញអចលនវត្ថុកម្ពុជា បានបង្ហើបពីវិធីសាស្រ្តមួយចំនួន ដើម្បីទិញអចលនទ្រព្យឆាប់ទទួលបានផលចំណេញ។

អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៥ កក្កដានេះថា ការទិញដីឬផ្ទះមិនសុទ្ឋតែទទួល​បានផលចំណេញទេ ព្រោះផ្ទះឬដីខ្លះទិញហើយមិនត្រឹមលក់មិនចេញទេ តែអាចនាំឲ្យខាតបង់ប្រាក់ និងពេលវេលាទៀតផង។ ហេតុនេះការទិញដី ឬផ្ទះដើម្បីបានចំណេញច្រើន និងលឿន គួរទិញដីនៅតាមផ្លូវក្រវ៉ាត់ក្រុង នៅពេលទទួលបានព៌តមានមុនគេ ទិញមុនគេ នឹងទទួលបានផលចំណេញច្រើន។

លោកស្រីបានបន្តថា “អ្នកទិញដីឬផ្ទះក៏ត្រូវគិតពីហុងស៊ុយផងដែរ  ព្រោះក្បួនហុងស៊ុយមានសារៈសំខាន់ណាស់ ទាក់ទងនឹងទ្រព្យធន់ ព្រោះទ្រព្យខ្លះមិនត្រឹមតែមិនធ្វើឲ្យ​យើងចម្រុងចម្រើនទេ តែក៏ធ្វើឲ្យយើងមានបញ្ហាក្នុងជីវិតផងដែរ”។លោកស្រីបន្តថា “ការ​ទិញដីនៅជាយក្រុង ដែលមានចម្ងាយ២០ទៅ៣០គីឡូម៉ែត្រពីទីក្រុង និងជាតំបន់អភិវឌ្ឍ​ន៍ មានមនុស្សច្រើនរស់នៅ ក៏យើងទទួលបានផលចំណេញខ្ពស់ផងដែរ”។

អ្វីដែលត្រូវចងចាំគឺគួរទិញដី ដែលស្ថិតនៅជាប់ផ្លូវ ផ្ទះដែលបែរមុខទៅរកហុងស៊ុយល្អប្រសើរ តែយើងមិនអាចកំណត់ថា ទិសណាល្អទាំងអស់ទេ វាអាស្រ័យលើហុងស៊ុយ​របស់មនុស្សម្នាក់ៗ ដែលមានជោគជតាខុសៗគ្នាផងដែរ។លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។

លោកស្រីបន្តថា ដើម្បីទទួលបានព៌តមានល្អ និងដឹងពីមូលដ្ឋានអចលនវត្ថុ ទិសនៃក្បួនហុងស៊ុយល្អប្រសើរ លោកស្រីតែងតែផ្តល់ការពិគ្រោះយោបល់ពីបញ្ហានេះ ហេតុនេះ អ្នកវិនិយោគគួរសិក្សា ឬពិភាក្សាជាមួយអ្នកជំនាញអចលនវត្ថុជាមុន មុនសម្រេចចិត្តវិនិយោគជាការល្អប្រសើរ ដើម្បីបញ្ចៀសហានិភ័យ និងទទួលបានផលចំណេញលឿនពីការ​វិនិយោគរបស់ខ្លួន៕

អភិបាលខេត្តព្រះសីហនុ៖ វិស័យសំណង់ហក់ឡើងខ្លាំងនៅចុងឆ្នាំមុន និងដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញអភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងថា វិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនលឿននៅខេត្តព្រះសីហនុ កាលពីចុងឆ្នាំមុន និងដើមឆ្នាំ២០១៨នេះ។

លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ថ្លែងប្រាប់ក្រុមអ្នកសារព៌តមានឲ្យដឹង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងមកថា រយៈពេលប៉ុន្មានឆ្នាំនេះគឺចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ អ្នកវិនិយោគជាតិ-អន្ដរជាតិចូលមកសិក្សាស្វែងរកឱកាសវិនិយោគ និងដាក់ទុនរកស៊ីជាបន្ដបន្ទាប់លើវិស័យនានា ដូចជា ឧស្សាហកម្មទេសចរណ៍ ក្នុងនោះវិស័យសំណង់ បានបង្ហាញរូបរាងលេចធ្លោជាច្រើន ទាំងតូច ធំនៅពាសពេញខេត្ដព្រះសីហនុ ដែលមានអាគារធំៗខ្ពស់ៗរាប់សិបជាន់។

លោកបន្ដថា វឌ្ឍនភាពរបស់ខេត្ដ នៃការកើនឡើងសំណង់ និងអ្នកវិនិយោគនេះ គឺដោយសារកត្ដាធំៗពីរ ទី១ កត្ដាសន្ដិភាព បានផ្ដល់នូវសុវត្ថិភាពក្នុងការកងសាង និងប្រក​ប​របររកស៊ីដោយសេរី និងទី២ កត្ដាច្បាប់ ដែលផ្តល់ការពារប្រជាពលរដ្ឋ អ្នកវិនិយោគប្រកបដោយស្ថេរភាពល្អ សម្រាប់បរិស្ថានវិនិយោគនៅក្នុងខេត្ដព្រះសីហនុ ក៍ដូចជាទូទាំងប្រទេសកម្ពុជា។ កំណើនសំណង់នេះ ក៍បានបង្ហាញនូវផលវិជ្ជមានច្រើន គឺប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខេត្ដ ក្នុងនោះជីឌីភីរបស់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ មានកំណើនជាលំដាប់ដែរ ជាក់ស្ដែងពលរដ្ឋម្នាក់ពីជាង១០០០ដុល្លារ រហូតដល់ជាង ២០០០ដុល្លារក្នុង១ឆ្នាំ។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដព្រះសីហនុបានបង្ហាញឲ្យឃើញថា សំណង់តូច ធំក្នុងឆ្នាំ២០១៧ មានការកើនឡើងច្រើន ជាលទ្ធផលជិត៣០ភាគរយ ធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានឹងការកើនឡើងនៃសំណង់នេះដែរ ក៏ធ្វើឲ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ ដោយសា​រ​ម្ចាស់ការដ្ឋានមួយចំនួន មិនបានស្ដាប់ធ្វើតាមការណែនាំរបស់សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរខេត្ដ ដោយនៅបន្ដសាងសង់ខ្វះលក្ខណៈបច្ចេកទេស ដូចជា ការដ្ឋានគ្មានរបងបិទបាំង យកចិញ្ជើមផ្លូវដាក់សម្ភារៈសំណង់ជាដើម។ល។

រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបា​យអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥ ដែលធ្វើឲ្យខេត្តនេះមានការរីក​ចម្រើនយ៉ាងលឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ខេត្តព្រះសីហនុ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី២នៅពេលដ៏ខ្លីខាងមុខនេះ ដោយសារខេត្តនេះមាន​សក្តានុពលយ៉ាងខ្លាំង ដែលបាននិងកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និង អន្តរជាតិ។ ខេត្តនេះមានសក្តានុពលដោយសារមានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា មានផ្លូវរថភ្លើង និងមានផ្លូវគោក ពិសេសគំរោងសា​ងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះនាពេលខាងមុខនេះ៕

ក្រុមហ៊ុនវៀតណាម គ្រោងបោះទុន ៥០០លាន សាងសង់រោងចក្រផលិតដែកនៅខេត្តព្រះសីហនុ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ក្រុមហ៊ុនអន្តរជាតិមួយមកពីប្រទេសវៀតណាម គ្រោងបោះទុន៥០០លានដុល្លារអាមេរិក ដើម្បី សាង​សង់​រោងចក្រផលិតដែកនៅខេត្តព្រះសីហនុ ស្របពេលខេត្តមួយនេះកំពុងមានការរីក​ចម្រើនលើវិស័យសំណង់ និងអចលនវត្ថុយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងកិច្ចជំនួបពិភាក្សាស្វែងយល់ពីឱកាសដាក់ទុនវិនិយោគ ជាមួយអភិបាលខេត្ដព្រះសីហនុ លោក Chu Quang Vu ប្រធានក្រុមហ៊ុន Research & Development  Department ថ្លែងឲ្យដឹងកាលពីថ្ងៃទី៤ កក្កដាកន្លងមកថា ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាម ឈ្មោះ Hoa Phat ចង់មកវិនិយោគធ្វើរោងចក្រផលិតដែកនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន Hoa Phat គ្រោងចំណាយទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក ក្នុងការវិនិយោគផលិតកម្មដែកនៅខេត្ត​ព្រះសីហនុ ដែលត្រូវការផ្ទៃដីប្រមាណពី១០០ហិកតា ទៅ ១៥០ហិកតា ដើម្បីវិនិយោគរោងចក្រផលិតដែកនេះ។

លោកបន្តថា មើលឃើញពីការកើនឡើងនៃការរីកចម្រើនវិស័យសំណង់ខ្លាំង នៅខេត្ដនេះ ដែលសំណង់ទាំងនោះត្រូវការដែក សម្រាប់ជាគ្រោងឆ្អឹងដ៏សំខាន់ និងចំបាច់នោះ ក្រុមហ៊ុនចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា”។ លោកបន្តថា “ការពង្រីកសាខានៅតាមប្រទេសក្នុងតំប​ន់ បង្កើនសមត្ថភាពផលិត និងការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពឆ្លើយតបបានតាមតម្រូវការទីផ្សារក្នុងតំបន់”។

អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត ក្រុមហ៊ុន Hoa Phat ដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅខេត្តនេះ។ គួរចាប់អារម្មណ៍ទីតាំងដី នៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៍មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល២០០ហិក​តា អាចឆ្លើយតបនិងតម្រូវការសម្រាប់ការវិនិយោគធ្វើរោងចក្រនេះបាន។ ជាមួយគ្នានេះដែរ កតា្ដសំខាន់ ដែលធ្វើឲ្យអ្នកវិនិយោគបរទេស បន្ដចាប់អារម្មណ៍ស្វែងរកឱកាសដាក់ទុនវិយោគរកស៊ីនៅខេត្ដនេះ គឺកត្តាសន្ដិភាព ច្បាប់ការពារអ្នកវិនិយោគ និងសក្តានុពលធម្មជាតិរបស់ខេត្ដព្រះសីហនុ។

លោកបន្តថា “រយៈកាល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់ របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ និងពីបរទេស ហើយសព្វថ្ងៃនេះបាននឹងកំពុងធ្វើឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ”។

លោកយន្ត មីនបានបន្តថា ខេត្ដព្រះសីហនុ ពិតជាកន្លែងសាកសមក្នុងការដាក់ទុនវិនិយោគល្អប្រពៃ សម្រាប់ការដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្ម វាយនភណ្ឌ ឧស្សាហកម្មទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាដើម។ល។ ម្យ៉ាងវិញទៀអ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្នុងនោះខេត្ដព្រះសីហនុ ក៍ធានាបាននូវសន្ដិសុខ សុវត្ថិភាពខ្ពស់ដែរ ជាមួយនិងធនធានធម្មជាតិសម្បូរបែប ផ្ទៃដីនៅទំនេរធំទូលាយ​ រួមទាំងកោះល្អៗ៣២ ជាពិសេសនោះ គឹប្រព័ន្ធគមនាគមន៍សម្បូរបែប ផ្លូវដែក ទឹក គោគ ផ្លូវអាកាសជាដើម ។ល។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តែមួយគត់ក្នុងប្រទេសកម្ពុជា៕

មួយថ្ងៃភោជនីយដ្ឋានចំនួន៤ បានបើកដំណើរការនៅ AEON MALL 2

0

ដោយ គង់ សូរិយា

       ភ្នំពេញជារឿងកម្រមួយ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានភោជនីយដ្ឋានចំនួនបួនបាន​បើកដំណើរការដំណាលគ្នា នៅក្នុងផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL2 ដែលមានទីតាំងស្ថិតក្នុងខ័ណ្ឌសែនសុខរាជធានីភ្នំពេញ។

ភោជនីយដ្ឋានទាំងនោះបានបើកដំណើរការកាលពីថ្ងៃទី៤ កក្កដាកន្លងមកនេះ។ ភោជនីយដ្ឋានទាំងនោះរួមមាន ភោជនីយដ្ឋាន On The Table, Master Suki Soup ដែលផ្តោតសំខាន់លើស៊ុប ភោជនីយដ្ឋាន The Ming Room ជាភោជណីយដ្ឋាន បែបម្ហូបអាហារចិន និងភោជណីយដ្ឋាន Looney Tunes  ជាភោជណីដ្ឋានបែបយុវវ័យផងដែរ។

លោក សាម សួហារ៉ូ ជា CEO នៃក្រុមហ៊ុន  Global Restaurant បានលើកឡើងក្នុងឱកាសដាក់សម្ពោធជាផ្លូវការថា ការនាំមកនូវភោជណីយដ្ឋាន On The Table នេះ គឺដោយសារជីវភាពប្រជាជនកាន់តែមានភាពប្រសើរ ជាមួយតម្រូវការកាន់តែខ្ពស់។

       តម្រូវការភោជនីយដ្ឋាននៅកម្ពុជា មានតម្រូវការកើនឡើងខ្ពស់ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ កំណើនប្រជាពលរដ្ឋក្នុងស្រុក និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក លូ ម៉េង សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ និងជាប្រធា​នសមាគមចុងភៅកម្ពុជាបានថ្លែងថា ទីផ្សារភោជនីយដ្ឋានកម្ពុជានៅតែមានភាពទូលំទូលាយ និងបន្តមានតម្រូវការកើនឡើង ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានាមកទស្សនាកម្ពុជា។លោកបន្តថា គុណភាពភោជនីយដ្ឋាន និងម្ហូបអាហាររបស់កម្ពុជាកាន់តែមានភាពប្រសើរឡើង ប៉ុន្តែស្តង់ដាអនាម័យនៅតាមកម្រិតសំរាប់ភោជនីយដ្ឋានខ្លះនៅតាមបណ្តាខេត្តមួយចំនួន។

លោកបន្តថា “រហូតមកទល់ពេលនេះ បើគិតតែនៅរាជធានីភ្នំពេញយើងមានភោជ​នីយដ្ឋានសំបូរបែប និងអាហារសម្បូរបែប ដោយភ្ញៀវអាចកុំម៉ង់ម្ហូបប្លែកៗពីគ្នាបានលើសពីមួយសប្តាហ៍ ដែលយើងអាចរៀបចំជូនបាន”៕

តើខេត្តណាខ្លះមានសក្តានុពលលើវិស័យដីធ្លី បន្ទាប់ពីរាជធានីភ្នំពេញ ?

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ ការសាងសង់សំណង់ ខុនដូរ វីឡា ផ្ទះល្វែង កំពុងតែមានសកម្មភាពកាន់តែខ្លាំងឡើងៗនៅក្នុងរាជធានីភ្នំពេញ ដែលជាចលករណ៍ជំរុញឱ្យតម្លៃដីកាន់តែមានសន្ទុះខ្លាំងឡើងៗ ទន្ទឹមគ្នានោះផងដែរ ។  ដូច្នេះក្រៅពីរាជធានីភ្នំពេញ តើខេត្តណាខ្លះ ដែលមានសក្តានុពលខ្លាំងបន្ទាប់ពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំកម្ពុជាមួយនេះ ?


លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីរាជធានីភ្នំពេញ តម្លៃដីដែលកំពុងមានសក្តាឡើងខ្លាំង ដែលស្ថិតនៅក្នុងក្រសែភ្នែកអ្នកវិនិយោគ និងចាប់អារម្មណ៍ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរណ៍ គឺខេត្តសៀមរាប ដោយសារទីនោះ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជំនាន់មុនៗ ដែលបន្សល់ទុកនូវប្រាសាទបុរាណយ៉ាងសំបូរបែប និងល្អផ្តាច់គេនៅក្នុងតំបន់អាស៊ី ដែលអាចទាក់ទាញទេសចរមកទស្សនាកម្សាន្ត ដែលជាចំណែកមួយជួយដល់កំណើនសេដ្ឋកិច្ចប្រជាជនក្នុងតំបន់តនោះ។


យោងទៅលើកំណើនទេសចរ ដែលបន្តកើនឡើងជាប្រចាំនេះហើយ ទើបធ្វើឱ្យសំណង់សណ្ឋគារទំនើបៗខ្នាតអន្តរជាតិ ផ្ទះសំណាក់ ក្លឹបកម្សាន្ត រួមនឹងសំណង់ផ្ទះល្វែងរីកលូតលាស់យ៉ាងខ្លាំង  ហើយក៏ជាចំណែកមួយយ៉ាងសំខាន់ដែលធ្វើឱ្យសកម្មភាពពុះដីឡូត៍ និងការសាងសង់ផ្ទះល្វែង មានចំនួនកើនឡើងគួរកត់សម្គាល់។ ក្រៅពីខេត្តសៀមរាប នៅមានក្រុងកំពង់សោម ក៍មានសន្ទុះដីឡើងថ្លៃខ្លាំងកប់ពពកមិនចាញ់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញដែរ ជាក់ស្តែង បច្ចុប្បន្ននេះ មានជនជាតិចិនជាច្រើនបានចូលមករស់នៅកាន់តែច្រើនឡើងៗ និងបន្តសកម្មភាពនៃការសាងសង់អគារសណ្ឋាគារ ខុនដូរ និងកាស៊ីណូទំនើបៗកំពុងតែពុះកញ្ច្រូលឡើងដូចគ្នា។


បន្ទាប់ពីកំពង់សោម នៅមាន ខេត្តកំពត ក៍ជាមជ្ឈមណ្ឌលទេសចរណ៍កម្សាន្តមាត់សមុទ្រ ដ៏មានសក្តានុពលផងដែរ ហើយបច្ចុប្បន្នគេសង្កេតឃើញថា ចលនាទិញលក់ដី សកម្មភាពពុះដីឡូតិ៍លក់ សកម្មភាពសាងសង់ទីកន្លែងកម្សាន្ត និងការសាងសង់អគារស្នាក់នៅផ្សេងៗ ក៏មានការកើនឡើងផងដែរ។
ក្រៅពីខេត្តទេសចរណ៍ទាំង3 ក្រុងបាត់ដំបង ក៍មានសក្តានុពលដីធ្លីនេះដែរ ព្រោះវាជាខេត្តដែលមានទីក្រុងធំទូលាយ មានការចរាចរណ៍ទំនិញជាច្រើនប្រភេទ ជាពិសេស មានសំណង់អាគារប្រវត្តិសាស្រ្ត ដែលបន្សល់ពីសម័យបុរាណ ឬបន្សល់ពីសម័យបារាំងជាច្រើន។

ជាមួយគ្នានេះ លោកក៏បានបង្ហើបផងដែរថា បច្ចុប្បន្នការកើនឡើងនៃតម្លៃដីក៍កំពុងបែឆ្ពោះទៅខេត្តកំពង់ចាមផងដែរ ដែលគេសង្កេតឃើញថា សកម្មភាពសាងសង់សំណង់ផ្ទះល្វែងលក់ក៍មានការរីកលូតលាស់ខ្លាំងនៅទីនោះផងដែរ៕

ក្រៅពីរាជធានីភ្នំពេញ តើខេត្តណាខ្លះមានសក្តានុពលដីធ្លីខ្លាំងដែរ?

0

បច្ចុប្បន្នការសាងសង់សំណង់ ខុនដូរ វីឡា ផ្ទះល្វែង កំពង់មានសកម្មភាពកាន់តែខ្លាំងឡើងៗនៅក្នុងរាជធានីភ្នំពេញ ដែលជាចលករជំរុញឱ្យតម្លៃដីកាន់តែមានសន្ទុះខ្លាំងឡើងៗ ទន្ទឹមគ្នានោះផងដែរ ដូច្នេះក្រៅពីរាជធានីភ្នំពេញ តើខេត្តណាខ្លះដីមានសក្តានុពលខ្លាំងទន្ទឹមគ្នានេះដែរ?
លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា មានប្រសាសន៍ថា ក្រៅពីរាជធានីភ្នំពេញតម្លៃដីកំពុងមានសក្តាឡើងខ្លាំង នៅខេត្តដែលមានសក្តានុពល ក្នុងវិស័យទេសចរណ៍។

លោកថាខេត្តដែលមានសក្តានុពលទេសចរណ៍ជាងគេ គឺខេត្តសៀមរាប ដោយសារទីនោះ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជំនាន់មុនៗ បន្សល់ទុកនូវប្រាសាទបូរាណសំបូរបែប និងល្អផ្តាច់គេនៅក្នុងតំបន់អាស៊ី សម្រាប់ទាក់ទាញទេសចរមកទស្សនាកម្សាន្ត ដែលជាចំណែកមួយជួយដល់កំណើនសេដ្ឋកិច្ចប្រជាជនក្នុងខេត្តនោះ។

យោងទៅលើកំណើនទេសចរ កើនឡើងជាប្រចាំនេះហើយ ទើបធ្វើឱ្យសំណង់សណ្ឋគារទំនើបៗខ្នាតអន្តរជាតិ ផ្ទះសំណាក់ ក្លឹបក្សាន្ត រួមនិងសំណង់ផ្ទះល្វែងរីកលូតលាស់យ៉ាងខ្លាំង ជាចំណែកសំខាន់ធ្វើឱ្យសកម្មភាពពុះដីឡូរ និងការសាងសង់ផ្ទះល្វែង មានចំនួនកើនឡើងគួរកត់សម្គាល់។ ក្រៅពីខេត្តសៀមរាប កំពង់សោមក៍មានសន្ទុះដីឡើងថ្លៃខ្លាំងកប់ពពកដូចនៅក្នុងរាជធានីភ្នំពេញដែរ ជាក់ស្តែងជនជាតិចិនបានចូលមករស់នៅកាន់តែច្រើនឡើងៗ និងសកម្មភាពនៃការសាងសង់អគារសណ្ឋាគារ ខុនដូរ និងកាស៊ីណូទំនើបៗកំពុងតែពុះកញ្ច្រូលឡើងដូចគ្នា។

បន្ទាប់ពីកំពង់សោម កំពតក៍ជាមជ្ឈមណ្ឌលទេសចរណ៍កម្សាន្តមាត់សមុទ្រ ដ៏មានសក្តានុពលផងដែរ ហើយបច្ចុប្បន្នគេសង្កេតឃើញថា ចលនាទិញលក់ដី សកម្មភាពពុះដីឡូតិ៍លក់ សកម្មភាពសាងសង់ទីកន្លែងកម្សាន្ត និងការសាងសង់អគារស្នាក់នៅផ្សេងៗ ក៏មានការកើនឡើងផងដែរ។

ក្រៅពីខេត្តទេសចរណ៍ទាំង3 បាត់ដំបងក៍មានសក្តានុពលរដ្ឋដីធ្លីនេះដែរ ដោយជាខេត្តដែលមានទីក្រុងធំទូលាយ មានការចរាចរណ៍ទំនិញខ្លាំង ពិសេសមានសំណង់អាគារប្រវត្តិសាស្រ្តបន្សល់ពីសម័យបុរាណ ឬបន្សល់ពីសម័យបារាំងជាច្រើន។ បច្ចុប្បន្នការកើនឡើងនៃតម្លៃដីក៍កំពុងបែឆ្ពោះទៅខេត្តកំពង់ចាមផងដែរ ដែលគេសង្កេតឃើញថា សកម្មភាពសាង់សាង់ផ្ទះល្វែងលក់ក៍មានការរីកលូតលាស់ខ្លាំងដែរនៅទីនោះផងដែរ៕

ដំណឹងល្អ! កម្ពុជា-ថៃ នឹងជួបចចារគ្នាដើម្បីតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ

0

ដោយ វុត្ថា

ភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការនៃប្រទេសកម្ពុជា និងប្រទេសថៃនឹងជួបចចារគ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយចំនួនស្តីពី ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញ ពោធិ៍សាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០១៨ នេះថា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនរបស់ប្រទេសថៃលោក Arkhom Termpittayapaisith នឹងដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសកម្ពុជា ដើម្បីចចារជាលើកចុងក្រោយ ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរទៅវិញទៅមក។

លោកបន្តថា ក្រោយមានការចចារបានបញ្ចប់នូវកិច្ចព្រមព្រៀនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីនេះ ដែលមានសម្តេចតេជោ ហ៊ុន សែន និង លោកប្រាយុទ្ធ ចាន់អូចា នាយរដ្ឋមន្ត្រីនៃប្រទេសថៃ នឹងធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយធ្វើដំណើរតាមរថភ្លើងឆ្លងកាត់ព្រុំដែន នៃប្រទេសទាំងពីរនាពេលខាងមុខនេះ។ លោកបន្តថា មិនយូមិនឆាប់ប្រជាពលរដ្ឋ នឹងអាចធ្វើដំណើរពីភ្នំពេញទៅកាន់ប្រទេសថៃ ពីប្រទេសថៃទៅកាន់ប្រទេសសឹង្ហបុរី តាមរយៈរថភ្លើងដែលដាក់អោយដំណើរនៅពេលនេះ។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីខែមិថុនាកន្លងមកថា ផ្លូវដែករវាងប្រទេសថៃ និងកម្ពុជានឹងរត់តាមស្រុក Aranyaprathet នៃខេត្តSa Kaeo ចូលមកស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត អាចត្រូវបើកដំណើរការក្នុងរយៈពេល២ខែទៀតប៉ុណ្ណោះ។

លោកស៊ុន ចាន់ថុល ក៏ធ្លាប់មានបានឲ្យដឹងដែរថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃរួចរាល់ហើយ នៅរង់ចាំតែចុះកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានពាក្យពេចន៍ មួយចំនួនក្នុងកិច្ចព្រមព្រៀងនោះ នៅមិនទាន់ឯកភាពគ្នានៅឡើយ​។ ពាក្យមួយម៉ាត់ៗក្នុងកិច្ចព្រមព្រៀងនោះ គឺសំខាន់ណាស់ អាចប៉ះពាល់ដល់បូរណភាពទឹកដី។ ដូច្នេះហើយនៅមានពាក្យពេចន៍មួយចំនួន ភាគីទាំងសងខាងនៅមិនទាន់ឯកភាពគ្នា»។

ស្ពានផ្លូវដែកមិត្តភាពកម្ពុជា ថៃនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៤ ក្នុងទំហំទឹកប្រាក់ប្រមាណ១លានដុល្លារ ដែលជាថវិការបស់ភាគីថៃ៕

បណ្ឌិត គីម ហ៊ាង បញ្ជាក់ថាថ្មីថាការបោះឆ្នោតមិនរងផលប៉ះពាល់ដល់ទីផ្សារដីធ្លី

0

ដោយ គង់ សូរិយា

ភ្នំពេញ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន វត្ថុកម្ពុជាលោក​បណ្ឌិ​ត​គីម ហ៊ាងបានលើកឡើងជាថ្មីថា ដោយសារកម្ពុជាមានស្ថានភាពនយោបាយរឹងមាំ និង​ចា​ស់ទុំ បានធ្វើឲ្យការរកស៊ីវិស័យអចលនវត្ថុ ក៏មានលក្ខណៈល្អប្រសើរ ទោះបីការបោះ​ឆ្នោត​ថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨ ខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខក៏ដោយ។

ការលើកឡើងរបស់ប្រធានសមាគមនេះ បានធ្វើឡើងក្នុងវេទិកាស្ដីអំពី “ការធ្វើអា ជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត” ដែលរៀបចំដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សហការជាមួយក្រុមហ៊ុន Keller Williams Cambodia នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី៤ ខែកក្កដានេះ ។ លោកបន្ដថា ទោះបីមុនឬក្រោយការបោះឆ្នោត ការរកស៊ីវិស័យដីធ្លី នៅតែមានសភាពធម្មតា ព្រោះតែ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យដំណើរទិញ-លក់នៅតែបន្ដលក្ខណៈល្អ​ប្រសើរដដែល។

អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេតដដែលបានបន្ថែមថា ចំពោះវេទិកាស្ដីអំពី “ការធ្វើអាជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត” ដែលត្រូវធ្វើឡើងរយៈពេល១ថ្ងៃ​ពេញ និងមានសិក្ខាកាមចូលរួមជាង៥០០នាក់នេះ គឺផ្ដោតសំខាន់​លើការបញ្ជ្រាប​ការយ​ល់​ដឹងពីវិស័យដីធ្លី ដល់អ្នកកំពុងធ្វើអាជីវកម្ម និងសាធារណៈជន ដែលចង់ស្វែងយល់ពី​វិ​ស័យដ៏មានសក្ដានុពលនេះ ពិសេសការស្វែងយល់ពីកំណើនសេដ្ឋកិច្ចជាតិ និងមូលដ្ឋាន​គ្រឹះមួយចំនួន ដែលជាកត្ដារួមផ្សំធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់​ឈរដូចពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីៗនេះក៏បានលើកឡើ​ងផងដែរថា ការបោះឆ្នោតនៅអាណត្តិថ្មីនេះ មិនរងផលប៉ះពាល់លើវិស័យអចលន​វត្ថុ​កម្ពុជាទេ គឺតម្លៃអចលនទ្រព្យនៅតែបន្តកើនឡើង៕

វិនិយោគិនជប៉ុននឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាល

0

ដោយវុត្ថា

ភ្នំពេញ: អ្នកវិនិយោគជប៉ុនក៏ដូចជាអ្នកវិនិយោគដទៃទៀត នៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាលកម្ពុជា នៅពេលពួកគេមានបំណងឬចូលមកវិនិយោគ​នៅប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍ក្នុងជំនួបជា​មួ​យលោកMasashi Kono ប្រធានអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដែលត្រូវបញ្ចប់អាណត្តិការងារនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨នេះថា រដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុន ដែលមានបំណងបណ្តាក់ទុនលើវិស័យធុរកិច្ចផ្សេងៗនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន។

លោករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះលោកប្រធានអង្គការ JETROថ្មី និងបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រលើផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក៏បានស្នើលោកប្រធានអង្គការJETROថ្មី ជំរុញវិនិយោគិនជប៉ុន ពង្រឹងកិច្ចសហការជាមួយសហគ្រាសធុនតូច និងធម្យមកម្ពុជា ដើម្បីអភិវឌ្ឍន៍ផលិតផលខ្មែរឲ្យមានគុណភាព និងស្តង់ដារខ្ពស់ សំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារជប៉ុន។

លោកបន្តថា “កម្ពុជាកំពុងត្រូវការវិនិយោគិនជប៉ុន មកសហការជាមួយ SME ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលមួយចំនួន ឲ្យមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុន ដើម្បីដាក់លក់នៅផ្សារ AEON និងនាំចេញ”។

លោក ម៉ាសាស្ហិ កូណូ និងលោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ដែលចែករំលែកនូវព័ត៌មានល្អៗ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងផ្តល់ការគាំទ្រជានិច្ចចំពោះវិនិយោគិន និងធុរជប៉ុន ក្នុងការប្រកបធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ ប្រធានអង្គការJETROថ្មី បានសន្យាខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីកៀងគរវិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន លើវិស័យ SME និងវិស័យអទិភាពផ្សេងៗរបស់កម្ពុជា សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

សសៃឈាមសេដ្ឋកិច្ចផ្លូវដែកទិសពាយ័ព្យត្រូវបានដាក់ឲ្យដំណើរការឡើងវិញក្រោយពីផ្អាកដំណើរការជាង៤៥ឆ្នាំ

0

ដោយវុត្ថា

ភ្នំពេញ: សសៃឈាមសេដ្ឋកិច្ចផ្លូវដែកជាប្រវត្តិសាស្រ្តថ្មីមួយ ដែលបានបោះបង់ចោល៤៥ឆ្នាំ ត្រូវបានតភ្ជាប់រវាងភាគពាយ័ព្យប្រទេស មកកាន់រាជធានីភ្នំពេញ ដើម្បីជំរុញការដឹកជញ្ជូន និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញនាព្រឹកថ្ងៃទី៤ កក្កដានេះ។

ផ្លូវដែកពោធិ៍សាត់ ភ្នំពេញមានប្រវែង១៦៦គ.ម ឆ្លងកាត់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ដែលត្រូវចំណាយអស់ទឹកប្រាក់២៣.៤ លានដុល្លារដែលចំណាយដិយថវិកាជាតិ។ កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះ ប្រើដែករ៉ៃចាស់(បារាំង) កំណល់ដែកដែលអាចបើកបរបានក្នុងល្បឿន៣០គ.ម/១ម៉ និងអាចទ្រទំងន់បាន១៥តោន ក្នុង១ភ្លៅកង់ហើយមានស្ថានីយចំនួន២០ រួមមាន ពោធិ៍សាត់-ទទឹងថ្ងៃ កំរ៉ែង បំណក់ ក្តុល ក្រាំងស្គារ រមាស បារាំង ក្រាំងល្វា មានក(Meanork)-ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។

ណាត់ផ្លូវដែកពោធិ៍សាត់ ភ្នំពេញ គឺធ្វើឡើងដើម្បីតភ្ជាប់ទាំងស្រុងផ្លូវដែកភាគខាងជើងភ្នំពេញ ប៉ោយប៉ែតដែលមានប្រវែង ៣៨៦គ.ម។ ផ្លូវដែកនេះបានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៩  ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ ហើយការតភ្ជាប់ពីពោធិ៍សាត់មកភ្នំពេញជាដំណាក់កាលចុងក្រោយ ក្នុងការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត។

លោកទេសរដ្ឋមន្ត្រីស៊ុន ចានថុលបានគូសបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពល ក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះ នឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃនាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចុះណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន។

លោកបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមានគម្រោងជាច្រើនទៀត ក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជា៖ ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើង ព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ការសាងសង់ទីលានកុងតែន័រផ្លូវដែកនៅស្ទឹងបត់។ ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការ ដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេស ដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ពីស្ថានីយ៍វាលរេញទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែក ភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង២៤៨គ.ម ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម៕