ដំណឹងល្អ៖ កម្ពុជានឹងមានមន្ទីរ​ពិសោធន៍​ផ្នែក​ឧស្សាហកម្ម​ខ្នាត​ធំ​លើក​ដំបូង​

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់ នៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្រសួងនឹងចាប់ផ្តើមសាងសង់មន្ទីរពិសោធន៍ខ្នាតធំលើកតំបូង ដើម្បីជួយឲ្យវិស័យឧស្សាហកម្មនៅកម្ពុជា ឈានឆ្ពោះទៅមុខប្រកបដោ​យប្រសិទ្ធភាព។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨កន្លងមកថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជួបប្រទះការខ្វះខាត ឧបករណ៍ពិសោធន៍ជាច្រើន ក្នុងការបម្រើសេវាលើផ្នែកឧស្សា​ហកម្ម ជូនសហគ្រាស បណ្តារោងចក្រឧស្សាហកម្ម និងសិប្បកម្មនានាជាដើម។ លោកបន្តថា កន្លងមកមានប្រទេសជាដៃគូរ មានបំណងចង់ជួយផ្តល់ឧបករណ៍ពិសោធន៍ជាច្រើន ប៉ុន្តែមន្ទីរពិសោធន៍ដែលកំពុងដំណើរបច្ចុប្បន្នមានទំហំតូច និងមិនអាចដាក់ឧបករណ៍បានច្រើន ដូច្នេះការចាប់ផ្តើមសាងសង់មន្ទីរពិសោធន៍នៅទីតាំងនេះ។

លោកបន្តថា​ “គំរោងបង្កើតមន្ទីរពិសោធន៍ខ្នាតធំ ដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់ នៃការរីកចម្រើនសេដ្ឋកិច្ចជាតិយើង និងជាការចាំបាច់របស់សហគ្រាស ក្រុមហ៊ុន ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសដើម្បីជួយឲ្យវិស័យទាំងនោះ ឈានឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាព”។

តាមព៌តមានដែលpropertyarea.asiaទទួលបានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពិសោធន៍ នឹងចាប់ផ្តើមសាងសង់ក្នុងរយៈពេលឆាប់ៗខាងមុខនេះ ដោយគ្រោងសាងសង់អាគារមានទំហំ២០ គុណ នឹង៣០ម៉ែត្រ កម្ពស់៧ជាន់ នៅលើផ្ទៃដីជាង៦ពាន់ម៉ែត្រការរ៉េ។ ក្រៅពីការសាងសង់អាគារក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក៏មានគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាត សួនច្បារ និងរួមបញ្ចូលចំណតរថយន្តផ្សេងៗផងដែរ៕

តំបន់ផ្លូវជាតិលេខ៦អា កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា កំពុងទាក់ទាញអ្នកវិនិយោ​គ​អន្តរជាតិធំជាច្រើនទៀត ដែលពួកគេបាននិងកំពុងត្រៀមចូលទៅវិនិយោគនៅតំបន់នេះ ស្របពេលតំបន់នេះមានទីក្រុងរណបច្រើនរួចទៅហើយ។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ កក្កដានេះថា ទន្ទឹមនឹងមានក្រុមហ៊ុនជាតិ អន្តរជាតិកំពុងវិនិយោគច្រើននៅតំបន់នេះរួចទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិជាច្រើនបាននិងកំពុងចាប់អារម្មណ៍ និងត្រៀមបោះទុនវិនិយោគនៅតំបន់នេះយ៉ាងច្រើន ដែលធ្វើឲ្យតំបន់ស្ថិតនៅជាប់ផ្លូវនេះកំពុងមានការរីកចម្រើន និងមានសក្តានុពលខ្លាំងនាពេលអនាគត។

អ្នកនាងបន្តថា “តាមខ្ញុំដឹងគឺមានក្រុមហ៊ុនជាច្រើន កំពុងត្រៀមចូលវិនិយោគនៅតំបន់នេះបន្ថែមទៀត ហើយវាជាក្រុមហ៊ុនវិនិយោគធំៗមកពីក្រៅប្រទេស”។អ្នកនាងបន្តថា “តំបន់នេះមានភាពអំណោយផលបំផុតលើលក្ខខ័ណ្ឌអាកាសធាតុ ដោយសារមានទន្លេពីរអមសងខាង និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។

បច្ចុប្បន្នក្រុមហ៊ុនធំៗជាច្រើនបាន និងកំពុងវិនិយោគទីក្រុងរណបនៅតំបន់នេះរួច​ហើយដូចជា ទីក្រុងរណបជ្រោយចង្វារដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដីជាង​១០០ហិកតា ទីក្រុងរណបអ័រគីដេរ ដឺបូតានិកលើទំហំដីជាង១០០ហិកតា ទីក្រុងរណបតេជោមរកត និងបុរីធំៗជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ដូចជាប៉េង ហួត បុរីThe Mekong Royalជាដើម។

ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងវិនិយោគទីក្រុងនាគរាជសម្តេចតេជោ លើផ្ទៃដីជាង៣ម៉ឺនហិកតានៅតំបន់នេះផងដែរ ដែលគំរោងនេះគ្រោងចំណាយប្រាក់រហូតដល់៨០ពាន់លានដុល្លារអាមេរិក៕

ប្រយ័ត្ន៖ កាំកុងត្រូលហាមពលរដ្ឋ ទិញផលិតផលអាមេរិក ក្រោយរកឃើញសារជាតិពុល និងមេរោគ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណៈជនសូមកុំទិញនិងទទួលទានផលិ​តផល Kellogg’s HoneySmack cereal ដោយក្រុមហ៊ុន Kellogg Company របស់សហរដ្ឋអាមេរិកក្រោយក្រុមហ៊ុនរកឃើញថាមានសារជាតិពុលនិងមេរោគចម្លង។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើការជម្រាបជូនដល់សាធារណៈ ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយជ្រាបថា រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញ ពីទីផ្សារសហរដ្ឋអាមេរិកដោយស្ម័គ្រចិត្ត នូវផលិតផល ខេឡូក ហាន់នី ម៉្មេកហ្សឺរៀល បន្ទាប់ពីរដ្ឋបាលឱសថនិងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិក បានស្រាវជ្រាវរកឃើញប្រភពនៃការពុលម្ហូបអាហារបណ្តាលមកពីការទទួល ទានផលិតផលខាងលើដែលចែកចាយដោយក្រុមហ៊ុនអាមេរិក មានសក្តានុពលចម្លងចូលបាក់តេរីសាម៉ុនណេឡា (Salmonella)។

ការទទួលទានអាហារ ដែលមានការចម្លងចូលបាក់តេរីនេះ បណ្តាលឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនរងគ្រោះ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ជុំវិញបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូលបាននឹងកំពុងចាត់វិធានការ រួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយ, ផ្តល់ព័តមានដល់ក្រុមហ៊ុននាំចូលដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននាំចូលនិងមានចរាចរលើទីផ្សារ និងត្រួតពិនិត្យនៅតាមទីផ្សារធំ តូច ផ្សារទំនើប ដើម្បីសម្របសម្រួ​ល និងមានវិធានការតាមនីតិវិធីប្រសិនបើមានការដាក់តាំងលក់។

សេចក្តីជូនដំណឹងដដែលបានបន្តព្រមានថា “ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថា​ហេតុ អគ្គនាយ​កដ្ឋានកាំកុងត្រូល បានអំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដូចជម្រាបជូនខាងលើ និងសូមជួយសហការផ្តល់ព័តមាន ដល់មន្រ្តីមានសមត្ថកិច្ចក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ”៕

ភ្ញាក់ផ្អើល៖ មហាយក្សចិន កំពុងមានអាគារដ៏អស្ចារ្យថ្មីបង្អូតពិភពលោកទៀតហើយ

0

ដោយ វុត្ថា

       ភ្នំពេញ៖ មហាយក្សចិនកំពុងបន្តភាពអស្ចារ្យរបស់ខ្លួន តាមរយៈការសាងសង់អាគារកប់ពពកនិងខ្ពស់លំដាប់ទី១នៅប្រទេសរបស់ខ្លួន និងខ្ពស់ជាប់លំដាប់ទី២នៅក្នុងពិភពលោក ជាអ្វីដែលមហាយក្សនេះកំពុងបង្ហាញកិត្យានុភាពរបស់ខ្លួន ទៅកាន់ពិភពលោក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១នៅពេលអនាគត។

មជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកនេះ មានឈ្មោះ Shimao Shenzhen- Hong Kong International Centre ។ អគារខ្ពស់កប់ពពកនេះ មានកំពស់ប្រមាណជា ២,១៩១ ហ្វីតដែលស្មើរជិត ៧០០ ម៉ែត្រ ដោយវ៉ាដាច់អគារ Shanghai Tower ។ អគារដ៏អស្ចារ្យនេះ សាងសងនៅក្នុងទីក្រុង Shenzhen។

ទីក្រុងធំៗរបស់មហាយក្សចិនមានអគារខ្ពស់កប់ពពកជាច្រើន មានដូចជា អគារ Pin An Finance Centre ស្ថិតនៅក្នុងទីក្រុង Shenzhen អគារ CTF Finance Centre ស្ថិតនៅក្នុងទីក្រុង Guangzhou និងអគារ China Zun Tower ក្នុងទីក្រុង ប៉េកាំង។

អគារ Shimao Shenzhen-Hong Kong International Centre ត្រូវបានគេចាប់ផ្តើមសាងសង់កាលពីពេលថ្មីនេះ នៅក្នុងទីក្រុង Shenzhen នឹងក្លាយជាអគារខ្ពស់កប់ពពកលំដាប់ទី២ បន្ទាប់ពីសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ ដែលវាជាអាគារខ្ពស់ជាងអគារមួយឈ្មោះ Dubai One Tower ដែលកំពុងស្ថិក្នុងការសាងសង់ដូចគ្នាក្នុងទីក្រុង ឌុបៃ។

អគារដ៏អស្ចារ្យនេះជាកម្មសិទ្ធ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shimao Group ដែលបានវិនិយោគក្នុងទីក្នុងទំហំទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លារអាមេរិក។

អគារខ្ពស់កប់ពពកនេះ នឹងប្រើប្រាស់ចម្រុះដូចជា អាផាតម៉ិន សណ្ឋាគារ មជ្ឈមណ្ឌ​លផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលបង្កើតថ្មីក្នុងទីក្រុង Shenzhen៕

ស្វែងយល់ពីអាស៊ាន! ទីផ្សារលំនៅដ្ឋានក្នុងប្រទេសហ្វីលីពីន មានស្ថេរភាព

0

ដោយ វុត្ថា

ភ្នំពេញ៖ ទិន្នន័យលំនៅដ្ឋានថ្មីរបស់ធនាគារកណ្តាល របស់ប្រទេសហ្វីលីពីនបានបង្ហាញថា ទីផ្សារលំនៅឋាននៅប្រទេសក្នុងប្រទេសមួយនេះ បានមានកំណើនខ្លាំងក្នុងត្រីមាសទី១ឆ្នាំនេះ ដោយបានកើនឡើង៤៤,២% និង១៣,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋាន (RREPI) បានចេញផ្សាយកា​ល​ពីសប្ដាហ៍មុនដោយក្រុមហ៊ុន Bangko Sentral ng Pilipinas (BSP) បានឲ្យដឹងថា តំបន់រដ្ឋធានីជាតិ (NCR) ដែលមានលំនៅដ្ឋានបានចុះបញ្ជីរ បានកើនឡើងតម្លៃ ៤៥៦,៨ភាគរយក្នុងឆ្នាំ២០១៨នេះ។ នៅត្រីមាសនៃឆ្នាំនេះ តម្លៃបានកើនឡើងទ្វេដងដោយបានកើនឡើងខ្ពស់រហូតដល់៦៦,២ ភាគរយ។

នៅក្នុងតំបន់ Areas Outside NCR តម្លៃលំនៅដ្ឋានមានកំណើនប្រចាំឆ្នាំ៦,១ ភាគរយ ខណៈនៅតំបន់ជាយក្រុងបានកើនឡើង១៥,៦ ភាគរយ។

តម្លៃអចលនទ្រព្យផ្នែកលំនៅឋាននៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះប៉ុន្តែមានល្បឿនយឺតបន្តិច។ តម្លៃលំនៅដ្ឋានគ្រប់ប្រភេទបានកើនឡើង២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅឆមាសទី១ឆ្នាំ២០១៨ ពោលគឺធ្លាក់ចុះពីកំណើន៦,៥ ភាគរយដែលបានចុះបញ្ជីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

ប្រសិនជាមើលពីតម្លៃខុនដូក្នុងប្រទេសនេះ បានសាងសង់ក្នុងតម្លៃល្អប្រសើរផងដែរ ដោយមួយយូនីតលក់ក្នុងតម្លៃចន្លោះពី៣ទៅ៤ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកតម្លៃលំនៅដ្ឋានធម្មតាមានតម្លៃចន្លោះពី៦ទៅ១០ម៉ឺនដុល្លារអាមេរិក។

រំលឹកទៅឆ្នាំ២០១៧វិញ តម្លៃលំនៅដ្ឋានធម្មតាមបានធ្លាក់ចុះ០,៩ភាគរយ នៅក្នុងរយៈពេល៣ខែគិតត្រឹមខែមីនា ដែលជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុត។ សន្ទស្សន៍នេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន១១៦,៣ភាគរយ នៅក្នុងត្រីមាសទី ១ ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០១៧ មានចំនួន១១៧,៤ ភាគរយ៕

អ្នកជំនាញថា៖ បើចង់មានលុយច្រើន គួរជួលផ្ទះគេសិន ហើយទុកលុយវិនិយោគ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអច​លនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។

លោក ម៉ឹង លាងហ៊ន អ្នកជំនាញអចលនទ្រព្យបានប្រាប់ propertyarea.asia នាពេលថ្មីៗនេះថា ការជួល​ផ្ទះគេជារឿងល្អ នៅពេលដែលយើងមិនទាន់មានលទ្ធភាពទិញផ្ទះដោយលុយខ្លួន​ឯងទាំ​ងស្រុង។ ឧទាហរណ៍ បើប្តី និងប្រពន្ឋរកបានចំណូល៥០០ដុល្លារក្នុងមួយខែដូចគ្នា យើងដក ៥០០ដុល្លារមកប្រើប្រាស់ ដោយយក១០០ដុល្លា​រជួលផ្ទះ និងសល់ពីនោះទុកសម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះយើងអាចខ្ចីឥណទានពីធនាគារយកមកទិញដី ហើយយកលុយដែលសល់លុយ៥០០ដុល្លារទៀត សម្រាប់បង់  ឲ្យធនាគារ។ បន្ទាប់ពីទិញដីបានហើយ យើងអាចដាក់ដីយើងសម្រាប់ជួល ឬធ្វើអ្វីមួយ។

បន្ទាប់ពីបីទៅបួនឆ្នាំ ក្រោយពីយើងបង់លុយធនាគារចប់ហើយ គឺយើងបានដីនោះជាទ្រព្យរបស់យើង។ បន្ទាប់មកយើងខ្ចីលុយពីធនាគារម្តងទៀត យកលុយទៅវិនិយោគលើដីនោះដោយធ្វើផ្ទះជួល ហើយអ្នកមកជួលផ្ទះយើង គឺជាអ្នករកចំណូលបង់ឲ្យយើង​ប្រចាំខែ ដែលអាចបង់បាន៨០ទៅ១០០ភាគរយ នៃលុយដែលយើងត្រូវបង់ធនាគារ។

លោកម៉ឹង លាងហ៊នបានបន្តថា ផ្ទុយទៅវិញ បើយើងទិញផ្ទះបង់រំលស់ យើងអាចបានផ្ទះតែ១ក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែក្នុងករណីប្តី ប្រពន្ឋមានប្រាក់ខែ៥០០ដូចគ្នា ហើយ​ចៃដន្យប្តីបាត់បង់ការងារ តើយើងអាចមានលទ្ឋភាពបង់បន្តទៀតឬយ៉ាងណា? ហើយការ​ទូទាត់នៅតែអាចទូទាត់បានឬយ៉ាងណា?។ ហេតុនេះជាយោបល់ខ្ញុំ យើងគួរទិញអចលនទ្រព្យសម្រា​ប់ធ្វើផ្ទះជួល ដើម្បីឲ្យអ្នកជួលផ្តល់ចំណូលដល់យើង និងបង់ធនាគារជំនួសយើង។

លោកបានបន្តលើកជាសំណួរសម្រាប់ពិចារណាថា ហេតុអីយើងត្រូវធ្វើបន្ទប់ជួល ដើម្បីរកចំណូលពីការជួលត្រលប់វិញ? ដោយសារយើងអាចមានប្រភពចំណូលលើសពីពីរផ្នែក ទី១ ចំណូលប្តី ទី២ចំណូលប្រពន្ឋ ទី៣ ចំណូលពីផ្ទះជួល។ ហេតុនេះបើទោះបីជាភាគីប្តី ឬប្រពន្ឋបាត់បង់ចំណូល ក៏យើងនៅ​មានលទ្ឋភាពទិញផ្ទះបានដែរ។

លោកលាងហ៊នបានបន្តថា ជាយោបល់របស់ខ្ញុំ បន្ទាប់ពីយើងបង់លុយធនាគារអស់ យើងត្រូវធ្វើគំរោងទី២ ហើយនៅបន្តជួលផ្ទះសិនទៅ។ ធ្វើឲ្យជីវិតយើងលំបាកសិនខ្លះទៅ ដើម្បីយើងយកពេលវេលា និងលុយរបស់យើងទៅវិនិយោគធ្វើផ្ទះជួលបន្តទៀត ហើយនៅពេលយើងធ្វើផ្ទះជួលបានពីរ ចំណូលយើងអាចទទួលបាន១០០០​ដុល្លារ ហើ​យប្តីប្រពន្ឋយើងបាន១០០០ដុល្លារក្នុងមួយខែទៀត នឹងធ្វើឲ្យចំណូលរបស់យើងកើនដល់២០០០​ដុល្លារក្នុងមួយខែ ពេលនោះយើងចង់ទិញផ្ទះសម្រាប់ស្នាក់នៅ គឺយើងយកចំណែកតែ៥០ភាគរយ នៃចំណូលផ្ទះជួលរបស់យើង ទៅបង់ធនាគារសម្រាប់ថ្លៃផ្ទះរបស់យើង។

ដូច្នេះប្រាក់ខែរបស់យើងក៏នៅសល់ លុយបានពីការជួលផ្ទះក៏សល់ក្នុងមួយខែ១៥០០ដុល្លារ។ ដូច្នេះទោះជាមានបញ្ហាអ្វីមួយ ក៏យើងមានលំហូរសាច់ប្រាក់សម្រាប់ទប់​ទល់បានដែរ នេះជាលក្ខខ័ណ្ឌដែលធ្វើឲ្យអ្នកទិញមិនប្រឈមហានិភ័យ៕

ការិយាល័យសហកម្មសិទ្ធជាង ៦០,០០០ម៉ែត្រការ៉េនឹងធ្វើតេស្តទីផ្សារនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

       ភ្នំពេញ៖ អាគារការិយាល័យបែបសហកម្មសិទ្ធជាច្រើន បាននិងកំពុងដាក់និងត្រៀ​ម​ដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលជាការធ្វើតេស្តទីផ្សារនៅកម្ពុជាជាលើកតំបូង ខណៈដែ​លការិយាល័យប្រភេទនេះកំពុងមានរសនិយមរួចទៅហើយ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៣ កក្កដានេះថា អាគារការិយាល័យបែបសហកម្មសិទ្ឋជាច្រើនបាននិងកំពុងដាក់ចូលទីផ្សារ និងត្រៀមដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែល​ជាទស្សនទានអភិវឌ្ឍន៍ថ្មីមួយនៅកម្ពុជា ដែលធ្វើឲ្យយើងមានការព្រួយបារម្ភ ដោយសារ​វាជាទីផ្សារថ្មី និងជាទស្សនទានអភិវឌ្ឍន៍ថ្មីនៅក្នុងប្រទេសនេះ។

អ្នកនាងបន្តថា “សំរាប់អាគារការិយាល័យដែលមានម្ចាស់តែមួយ មិនមានបញ្ហានៅ​ក្នុងទីផ្សារទេ តែអាគារការិយាល័យបែបសហកម្មសិទ្ឋដែលមានការផ្គត់ផ្គង់ច្រើន កំពុងនាំ​ឲ្យមានការបារម្ភ”។ អ្នកនាងបន្តថា “ការបារម្ភដោយសារវាជាផលិតផលថ្មី សំរាប់ទីផ្សារនេះ ហេតុនេះយើងនឹងរង់ចាំមើលពីផលិតផលថ្មីនេះ”។

អាគារការិយាល័យបែបសហកម្មសិទ្ឋមានដូចជា TK Royal One ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី (ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) អាគារការិយាល័យ Downtwon93 ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការ​មន (ក្បែរទីស្នាក់ការកាសែតរស្មីកម្ពុជា)ជាដើម។

លោក Chenyi Liu នាយកគ្រប់គ្រងទូទៅនៃអាគារ TK Royal One បានថ្លែងថា យើងមិនមានការព្រួយបារម្ភពីទីផ្សារនេះទេ ដោយសារអាគាររបស់យើងមានការប្រើប្រា ស់ចម្រុះទាំងខុនដូ និងការិយាល័យ ហើយរហូតមកទល់ពេលនេះការជួល និងលក់របស់យើងកំពុងសម្រេចបានជោគជ័យ។ លោកបន្តថា ទីផ្សារនេះកំពុងមានភាពរីកចម្រើ​នដោយសារការចូលមកដល់នៃក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកបង្កើតថ្មីកាន់តែ  ​ច្រើន។

លោកបន្តថា “អ្វីដែលយើងផ្តផោតគឺសេវាកម្មល្អ អាគារមានគុណភាពនិងសោភ័​ណភាព និងស្ថិតនៅទីតាំងងាយស្រួលរបស់អ្នករស់នៅនិងអ្នកធ្វើការ”៕

កម្ពុជានឹងមានរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តសៀមរាប នាពេលខាងមុខ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ តើអ្នកបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ តាមរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ក្រុងប៉ោយប៉ែតឬ​នៅ? ខណៈបច្ចុប្បន្នក្រុមហ៊ុនចិនបាន និងកំពុងសិក្សាលទ្ឋភាពវិនិយោគសាងសង់ផ្លូវ​រថភ្លើងល្បឿនលឿនទៅមកាន់គោលដៅទាំងនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ កក្កដា កន្លងមកថា នៅក្នុងផែនការមេរបស់​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) បានសិក្សាពីគម្រោងនេះរួច​ហើយ ហើយក្រុមហ៊ុនចិនបាននិងកំពុងសិក្សាលទ្ឋភាព ដើម្បីវិនិយោគសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែតផងដែរ។

លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនទាន់អាចបញ្ជាក់បានថា ការសិក្សាបញ្ចប់របស់ក្រុមហ៊ុនចិនទាំងនោះនឹងបញ្ចប់នៅពេលណាទេ ហើយការសាងសង់នឹងចាប់ផ្តើម​នៅពេលណាជាក់លាក់នៅឡើយទេ”។លោកបន្តថា “ប្រទេសរបស់យើងបានឈានដល់​ដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈការសាងសង់ហេ ដ្ឋារចនាសម្ព័ន្ឋថែមទៀត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។

លោកសូរិយាបានបន្តថា បើចង់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ ប៉ុន្តែវាត្រូវការការវិនិយោគលើទឹក​ប្រាក់ដ៏ច្រើន ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ ក្នុងការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា ការវិនិយោគ​លើ​​បណ្តាញផ្លូវដែក ឬហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ពិតជារឿងប្រសើរ ដែលជួយសម្រួល​ចរាចរន៍ ការតភ្ជាប់ការដឹកជញ្ជូន ការកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ដែលជាការ​ផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

សញ្ញាវិជ្ជមាន៖ កម្ពុជា អាចនឹងមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីនៅឆ្នាំ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាថ្មីម្តងទៀតមានការអះអាងថា ការតភ្ជាប់វិស័យដឹកជញ្ជូនផ្លូវអាកាសពី​ឥណ្ឌូនេស៊ីមកកាន់កម្ពុជានឹងចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខនេះ ដែលនឹងជួយពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជួប​ជាមួយលោក Sudrirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះកន្លងមកថា ភាគីទាំងពីរបានពិភាក្សាគ្នា ជំរុញ  ឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី ហើយយើងអាចមានការហោះហើរត្រង់នៅក្នុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាយអិនអ៊ែរ។

ទន្ទឹមនឹងការជំរុញឲ្យមានការហោះហើរត្រង់នៅឆ្នាំ២០១៩នេះ កម្ពុជានិងឥណ្ឌូនេស៊ីក៏បានពិភាក្សាគ្នា ដើម្បីរៀបចំពិធីបុណ្យប្រពៃណីបែបពុទ្ធសាសនាផងដែរ។

លោកថោង ខុនបានបន្ថែមថា ការរៀបចំបុណ្យបែបប្រពៃណីពុទ្ធសាសនា យើងធ្លាប់បានរៀបចំនៅសៀមរាប កាលពីឆ្នាំ២០១៧ ហើយខាងឥណ្ឌូនេស៊ីប្រាប់ថា នឹងយកចំណុចនេះ ទៅពិភាក្សាជាមួយក្រសួងទេសចរណ៍ ហើយចំពោះកិច្ចសហប្រតិបត្តិការរវាងការតភ្ជាប់ដោយផ្ទាល់ពីកម្ពុជាទៅឥណ្ឌូនេស៉ី អាចនឹងមានការហោះហើរត្រង់នៅឆ្នាំ២០១៩ ដែលជាឆ្នាំប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា និងឥណ្ឌូនេស៊ី។

អត្ថប្រយោជន៍ដែលទទួលបានពីការរៀបចំបុណ្យប្រពៃណីបែបពុទ្ធសាសនានេះរួមមាន ទី១ បានផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទី២ បានជំរុញឲ្យគេស្គាល់យើងបានកាន់តែច្រើន និងទី៣បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ កាន់តែមានជំនឿលើព្រះពុទ្ធសាសនា ប្រព្រឹត្តទង្វើមួយដែលល្អ។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាន​ថ្លែងថា ក្រុមហ៊ុន Lion Airline របស់ឥណ្ឌូនេស៊ី ពិតជាបានសិក្សាពីលទ្ឋភាពហោះហើរត្រង់មកកម្ពុជា តាមរយៈការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា ឬបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនៅកម្ពុជា ដើម្បីប្រតិបត្តិការហោះហើរ ប៉ុន្តែលទ្ឋផលនៃការសិក្សានិងការបញ្ជាក់ពីកាលបរិច្ឆេតហោះហើរនាពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ៕

ប្រកាសអាសន្ន៖ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ី កំពុងជួបហានិភ័យធ្ងន់ធ្ងរ

0

ដោយ វុត្ថា

       ភ្នំពេញ៖ ប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះហានិភ័យយ៉ាងធ្ងន់ធ្ងរ ដោយសារតែទីផ្សាលក់អចលនទ្រព្យមួយនេះលក់មិនចេញ ក្នុងពាក់កណ្តាលឆ្នាំ២០១៨ បន្ទាប់ពីបានសាងសង់រួចរាល់ចំនួន៣៤,៥៣២ផ្ទះ ដែលមានតម្លៃរហូតដល់៥,៥ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបាយការណ៍ របស់រដ្ឋាភិបាលកាលពីចុងសប្តាហ៍នេះ ។

ទិន្ន័យរបស់រដ្ឋាភិបាលបានកត់សម្គាល់ថា ការលក់លំនៅដ្ឋានមិនចេញបានកើនឡើងរហូតដល់៦៧,៨២ភាគរយ ដែលប្រការនេះបានធ្វើអោយមានការរង្គោះរង្គើរលើទីផ្សារវិស័យអចលនទ្រព្យ។ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ ដែលជាអ្នកចងក្រងទិន្ន័យនេះ ក៏បាននរួមបញ្ចូលទាំងការិយាល័យតូច ធំ និងសេវកម្មផ្ទះល្វែងក៏លក់មិនចេញផងដែរ។

របាយការណ៍ដដែលបង្ហាញទៀតថា កុំថាឡើយតម្លៃអចលនទ្រព្យដែលមានតម្លៃខ្ពស់ ប៉ុន្តែលំនៅដ្ឋានតម្លៃមធ្យម និងទាបមានតម្លៃត្រឹមតែ៣០០,០០០ ទៅ ៤០០,០០០ រីងហ្គីត ស្មើរនឹង៧ទៅ៨ម៉ឺដុល្លារ ក៏លក់មិនចេញដែរ។ជាមួយគ្នានោះដែរទីក្រុងដែលមានការលក់យឺតនោះគឺទីក្រុង Kelantan ទីក្រុង Kedah និងទីក្រុង Terengganu ។

ទីក្រុងដែលមានអត្រាលក់មិនដាច់សោះ គឺទីក្រុង Penang ទីក្រុង Johor ទីក្រុង Selangor និងទីក្រុង Kuala Lumpor ។

លោកSarkunan Subramaniam នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank ប្រចាំប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ការលក់អចនលទ្រព្យមិនចេញនេះ មិនបង្កអោយមានការការព្រួយបារម្ភខ្លាំងក្លានោះទេ។

លោកបានបន្ថែមថា “អ្វីដែលគួរឱ្យព្រួយបារម្ភ គឺនៅពេលដែលមានគម្រោងលក់មិនចេញ ហើយនឹងត្រូវគេបោះបង់ចោល ឬអ្នកអភិវឌ្ឃន៍មានធ្លាក់ចុះ”។

ទោះជាយ៉ាងណាលោកបានសម្តែងសុទិដ្ឋិនិយមផងដែរថា “ទីផ្សារអចលនទ្រព្យនឹងមានសន្ទុះឡើងវិញ និងមានទំនុកចិត្តនៅឆ្នាំក្រោយនេះ ដើម្បីកាត់បន្ថយស្ថានភាពដ៏អាក្រក់នេះ”៕