អាគារការិយាល័យប្រណីតកប់ពពកមួយត្រៀម ឈានជើងចូលទីផ្សារ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ទីផ្សារការិយាល័យមិនទាន់ឆ្អែតនៅឡើយទេ ដោយអាគារការិយាល័យថ្មី​កប់ពពកមួយស្ថិតនៅលើមហាវិថីព្រះនរោត្តម នឹងបើកដំណើរការនៅចុងត្រីមាសទី៣ខាងមុខនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ដែលទទួលសិទ្ឋិគ្រប់គ្រងការជួលផ្តាច់មុខ នៃគំរោងនេះបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២ កក្កដានេះថា អាគារការិយាល័យប្រណីត Key Stone នឹងបើកដំណើរការនៅចុងត្រីមាសទី៣ឆ្នាំនេះ ដែលវានឹងក្លាយជាអាគារការិយាល័យលំដាប់B Plusថ្មីមួយសម្រាប់ទី​ក្រុងភ្នំពេញ។ គំរោងនេះនឹងដាក់ជួលក្នុងតម្លៃ២២ដុល្លារ បូកនឹងថ្លៃសេវាកម្មគ្រប់គ្រងចំ​នួន៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អាគារ Key Stone នឹងមានការប្រើប្រាស់ចម្រុះផងដែរ ដែលមានធនាគារនៅជាន់ខាងក្រោម និង Sky Bar នៅជាន់ខ្ពស់ជាងគេនៃអាគារ ដែលមានកំពស់សរុប២០ជាន់នេះ។

អ្នកនាងអាន សុធីតាបានបន្តថា គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ហើយប្រើប្រាស់សេវាកម្មរបស់ CBRE Cambodia ជាភ្នាក់ងារជួលផ្តាច់មុខ។ អ្នកនាងបន្តថា ទីផ្សារការិយាល័យដែលមានម្ចាស់តែមួយ មិនមានបញ្ហានៅក្នុងទីផ្សារទេ ប៉ុន្តែយើងមានការព្រួយបារម្ភពីទីផ្សារការិយាល័យបែបសហកម្មសិទ្ឋ ដែលមានការផ្គត់ផ្គង់ច្រើនរហូតដល់ជាង៦០,០០០ម៉ែត្រ​ការ៉េនៅក្នុងឆ្នាំនេះ។

អាគារការិយាល័យ Key Stone ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន ជាតំបន់បណ្តុះទៅដោយសកម្មភាពពាណិជ្ជកម្ម សេវាកម្មយ៉ាងរសរវើក។

ការកើនឡើងនូវការផ្គត់ផ្គត់អាគារការិយាល័យថ្មីៗ កំពុងឆ្លើយតបការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ពិសេសការកើនឡើងនូវក្រុមហ៊ុនក្នុងស្រុកថ្មីៗ និងការកើនឡើងនៃក្រុម​ហ៊ុនអន្តរជាតិ ដែលបានចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងគំហុក៕

ព៌តមានក្តៅ! មហាយក្សចិន កំពុងចាត់វិធានការទៅលើភាពមិនប្រក្រតីក្នុងវិស័យអចលនទ្រព្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ មហាយក្សចិននៅមិនស្កប់ឡើយ នៅពេលវិស័យអចលនទ្រព្យក្នុងប្រទេ​សរបស់ខ្លួន មានភាពមិនប្រក្រតីដោយអ្នកអភិវឌ្ឍន៍ និងទីភ្នាក់ងារអចលនទ្រព្យមួយចំនួនធ្វើសកម្មភាពដោយគ្មានច្បាប់ទម្លាប់ ឬមិនបានសុំការអនុញ្ញាពីអាជ្ញាធរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានអោយដឹងកាលពីពេលថ្មីៗនេះថា អជ្ញាធរលំនៅដ្ឋានចិន កំពុងចាត់វិធានការក្តៅនៅទូទាំងប្រទេស ទៅលើអ្នកអភិវឌ្ឍន៍ និងទីភ្នាក់ងារអចលនទ្រព្យដែលមិនបានគោរពច្បាប់អោយបានត្រឹមត្រូវ។

តាមរបាយការណ៍របស់ក្រសួងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ជនបទ និងទីប្រជុំជនរបស់ចិនបានឲ្យដឹងថា មានទីក្រុងចំនួន៣០នៃប្រទេសចិន នឹងត្រូវធ្វើការត្រួតពិនិត្យចំពោះភាពមិនប្រក្រតីខាងផ្នែកអចលនទ្រព្យ ដោយសារមានក្រុមហ៊ុនមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយជាសាធារណៈ នូវពាណិជ្ជកម្មមិនពិតក្នុងការផ្តល់វិញ្ញាបនបត្រក្លែងក្លាយ ការប្រឌិតព័ត៌មានអំពីការលក់លំនៅដ្ឋាន អតិផរណាសិប្បនិម្មិតនៃតម្លៃផ្ទះ ការប្រើប្រាស់ប្រាក់កម្ចីខុសច្បាប់ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត។

យុទ្ធនាការចុះបង្ក្រាបចំពោះករណីមិនប្រក្រតីនេះ បានចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។ សាធារណជនទូទៅ និងអជ្ញាធរពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាមួយអាជ្ញាធរចិន ដើម្បីចាត់វិធានការចំពោះភាពមិនប្រក្រតីចំពោះវិស័យអចលនទ្រព្យមួយនេះ ដែលកំពុងមានការរីកចម្រើនក្នុងតំបន់អាស៊ី។

ទីក្រុងធំៗ ដូចជា ទីក្រុង Wuhan និង ទីក្រុង Chengdu ព្រមទាំងទីក្រុងតូចៗដូចជា ទីក្រុង Yichang និង ទីក្រុង Foshan ត្រូវបានគេចាត់បញ្ចូល ដែលមានភាពមិនប្រក្រតីលើវិស័អចលទ្រព្យខ្លាំងជាងគេ ក្រៅពីទីក្រុងប៉េកាំង និងសៀងហៃជាដើម។

ការបង្រ្កាបនេះបង្ហាញពីជំហ៊ានថ្មីមួយទៀត ដែលធ្វើឡើងដោយក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃលំនៅឋាន នៅទូទាំងទាំងប្រទសចិន ក៏ដូចជាធ្វើឱ្យមានលក្ខណៈស្តង់ដារលើវិស័យអចលនទ្រព្យ៕

ហានិភ័យ និងភាពវិជ្ជមានអ្វីខ្លះ ដែលអ្នកគួរស្វែងយល់មុនវិនិយោគលើដីធ្លី

0

ដោយ គង់ សូរិយា     

ភ្នំពេញ៖ អ្នកមានលុយ មិនប្រាកដថាវិនិយោគទទួលបានជោគជ័យនោះទេ ហេតុ​នេះអ្នកគួរសិក្សាពីហានិភ័យចំពោះមុខជាមុន ដើម្បីយកមកធ្វើការវិភាគពិចារណា មុនសម្រេចចិត្តវិនិយោគលើអចលនទ្រព្យនានា។

ជាអ្នកអភិវឌ្ឍន៍និងមានជំនាញផ្នែកអចលនទ្រព្យលោកង៉ែត ជូបានមានប្រសាស​ន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការវិនិយោគអចលនទ្រព្យមិនទទួលបានជោគជ័យ ដោយ​សារកត្តាសំខាន់ៗចំនួន៥ ដូចជា ទី១ មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ)ណាស់។

ទី២ វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោល

ដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។ ទី៣ ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។

ទី៤ ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។ ទី៥ មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា។

ទាក់ទងនឹងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញវិញ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World BridgeLand Group បានថ្លែងថា ការវិនិយោគលើដីធ្លីដើម្បីទទួលបានផលចំណេញ ត្រូវពឹងផ្អែកលើកត្តាសេដ្ឋកិច្ច ស្ថានភាពនយោបាយល្អ​ប្រសើរ ប៉ុន្តែអ្វីជាពិសេសនោះអ្នកវិនិយោគត្រូវរកព៌តមានឲ្យបានមុនគេ ពីគំរោងឬផែន​ការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទិញដីនៅក្នុងតម្លៃទាប ព្រោះបើទិញនៅក្នុងតម្លៃខ្ពស់ ហើយ​ព៌តមានគេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំណេញច្រើននោះទេ។

លោកបន្តថា “ការសិក្សាពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដឹងព៌តមានមុនគេ ទិញឲ្យបានមុនគេ យើងនឹងទទួលបានជោគជ័យហើយ”៕

ពានរង្វាន់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យលើកដំបូង នឹងប្រកាសនៅចុងសប្តាហ៍នេះ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ពានរង្វាន់សំរាប់ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា ជាលើកតំបូងនឹងប្រកាស និងផ្តល់ជូនក្រុមហ៊ុនអចលនវត្ថុឆ្នើមនៅកម្ពុជាជាលើកតំបូងនៅចុងសប្តាហ៍នេះហើយ។

ក្រុមហ៊ុនគេហទំព័រ Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកសហការរៀបចំពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ (Cambodia real estate award 2018)

យោងតាមសេចក្តីប្រកាសព៌តមានរបស់គេហទំព័រ Realestate.com.khដែលបានចែកជូនបណ្តាញអ្នកសារព៌តមាន ក្នុងសន្និសីទសារព៌តមានកាលពីពេលថ្មីៗនេះថា ការរៀបចំពានរង្វាន់នេះ ដើម្បីជំរុញដល់វិស័យអចលនវត្ថុ ដែលជាការលើ​ក​ទឹកចិត្តដល់អ្នកខិតខំប្រឹងប្រែង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ក្រុមហ៊ុន អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនវត្ថុ អាចដាក់ពាក្យចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ។ នេះជាលើកតំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលការខិតខំប្រឹងប្រែងនិងភាពជោគជ័យ នៃវិស័យអចលនវត្ថុត្រូវត្រួវទទួលស្គាល់ជាសាកល។

អគ្គនាយកក្រុមហ៊ុនគេហទំព័រ realestate.com.kh លោក Tom O’sullivanបានថ្លែងថា​ នេះគឺជាឳកាសដែលក្រុមហ៊ុន realestate.com.kh ដើម្បីជម្រុញវិស័យ​អចលនវត្ថុកម្ពុជា ដោយផ្តល់ឳកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យ ដើ​ ម្បីឲ្យពួកគេបង្ហាញពីសមិទ្ឋិផល ដែលធ្វើបានកន្លងមក។លោកបន្តថា យើងមានភាពរីករាយ ក្នុងការប្រកាសធ្វើពានរង្វាន់អចលនវត្ថុ២០១៨ ក្រោមការគាំទ្រពីក្រ​សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ​នេះ នឹងក្លាយជាសករាជថ្មីមួយ និងឧត្តមភាពមួយសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។

គណៈកម្មការរៀបចំពានរង្វាន់នេះ នឹងផ្តល់រង្វាន់ចំនួន៣០ដល់ក្រុមហ៊ុននានា ដែលបានចូលរួម និងជាប់ក្នុងកម្មវិធីនេះ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហ​កម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកម៉ី វ៉ាន់បានថ្លែងថា កម្មវិធីនេះគឺជាវេទិកាមួយ ដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារ ក្រុមហ៊ុនភ្នាក់​ងារអចលនវត្ថុ ដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងអនុ​លោមតាមច្បាប់ និងបទបញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា “វាមិនមែនជាពានរង្វាន់របស់ CVEA មិនមែនពានរង្វាន់របស់ Realestate.com.kh ទេ តែសម្រាប់កម្ពុជា សម្រាប់វិស័យអចលនវត្ថកម្ពុជា”។

លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានគណកម្មការវាយតម្លៃពានរង្វាន់នេះបានមានប្រសាសន៍ថា ពានរង្វាន់នេះមានសារសំ​ខាន់ណាស់ ដែលវានឹងលើកស្ទួយកិត្យានុភាពកម្ពុជា ក្នុងកម្រិតតំបន់និងពិភព​លោក ហេតុនេះពានរង្វាន់នេះនឹងធ្វើឡើងដោយសុក្រិតភាពបំផុត និងឈរលើយុត្តិធ៌ម គុណតម្លៃ និងឯករាជ្យភាព។លោកបន្តថា ក្នុងការងារជាសាស្រ្តាចារ្យ ជាអ្នកផ្តល់ពិន្ទុ លោកមិនមែនជាមនុស្សដែលងាយផ្តល់ពិន្ទុល្អនោះទេ ហេតុនេះអ្នក​ចូលរួមក្នុងកម្មវិធីនេះ និងទទួលបានពានរង្វាន់នឹងកសាងកេរ្ត៍ឈ្មោះរបស់ខ្លួនបាន៕

ស្ពានអាកាសតម្លៃ១៧លានដុល្លារ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខប្រវែង ៩៤២ម៉ែត្រ (ស្ពានអាកា​សផ្សារដីហុយ) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្យង់ ប៉ូឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធស្ពានអាកាស ដែលមានប្រវែងវែងជាងគេនៅក្នុងទីក្រុងភ្នំពេញ ដែលចំណាយពេលសាងសង់រយៈពេល២៤ខែនាព្រឹកថ្ងៃទី២ កក្កដានេះ។

បើលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបានឲ្យ​ដឹងថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ មានបណ្ដោយប្រវែង៩៤២ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ចំណាយថវិកាសាងសង់សរុបប្រមាណ ១៧ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Contructiontion Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន២៤ខែ។

លោកបន្តថា “សុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រក​ប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ដែលកំណើនសេដ្ឋកិច្ចនេះ ជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនទីក្រុងកាន់តែច្រើន”។

លោកស៊ុន ចាន់ថុលបានបន្តថា ស្ពាននេះ ដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ចំណាយពេលតិច  ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរ​ណ៍ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងអំណរគុណមហាមិត្តចិន និងបានលើកឡើងពីប្រវត្តិនៃទីក្រុងភ្នំពេញកាលពីអតីតកាល ព្រមទាំងកត្តាសុខសន្តិភាពដែលធ្វើឲ្យកម្ពុជាមានលទ្ឋភាព អភិវឌ្ឍន៍ប្រទេសបានជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ ពិសេសឆ្នាំនេះជាខួបលើកទី២០ ដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងជា​ខួបលើកទី៦០នៃទំនាក់ទំនងមិត្តភាពកម្ពុជា ចិន។

ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ស្ពាននេះ សម្តេចតេជោហ៊ុន សែនបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យចូលរួមថែរក្សាសម្បត្តិដ៏មានតម្លៃវិសេសវិសាលនេះផងដែរ៕

ក្រុមហ៊ុន​អ័រគីដេវីឡា ប្រកាសពីភាពជោគជ័យ ខណៈទីផ្សារលំនៅដ្ឋាននៅតែល្អ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដោយសារតែទទួលបានការជឿទុកចិត្ត​ពីអតិថិជន​ បានធ្វើឲ្យគំរោងលំនៅ​ដ្ឋាន​ក្រុមហ៊ុនអ័រគីដេវីឡា​ ទទួលបានជោគជ័យក្នុងការលក់គំរោងរបស់ខ្លួន ខណៈទីផ្សារ​លំនៅដ្ឋាន​​នៅតែមានភាពល្អប្រសើរ។

ជាការតបស្នងដល់អតិថិជន​ក្រុមហ៊ុនអ័រគីដេវីឡា​ បានរៀបចំ​កម្មវិធីអបអរសាទ​រ​ការលក់អស់ ១០០ភាគរយ សំរាប់គម្រោងអ័រគីដេវីឡា ដឹរ៉ូយ៉ាល់ ជូនអតិថិជនរបស់ខ្លួន ដែលបានទិញផ្ទះ​វីឡាប្រភេទផ្សេងៗ ក្នុងគម្រោងមួយនេះ។

យោងតាមសេចក្តីប្រកាសព៌តមានពីកម្មវិធីនេះបានឲ្យដឹងថា ក្រោយពីក្រុមហ៊ុន អ័រគីដេវីឡាទទួលជោគជ័យ ក្រុមហ៊ុននេះនឹងប្រកាស​បើកលក់គម្រោងថ្មីរបស់ខ្លួន​ នៅ​ក្នុងពេលឆាប់ៗខាងមុខនេះ។​ ដូច្នេះអតិថិជនដែលស្រលាញ់ និងជឿជាក់លើក្រុមហ៊ុន​ អ័រគីដេវីឡា​ អាចសាកសួរព័ត៌មានបន្ថែមរឺរក្សាទុកឈ្មោះ លេខទូរស័ព្ទ ដើម្បីទទួលបា​ន​ព័ត៌មានអាទិភាព រឺអាចទៅកាន់នៅការិយាល័យលក់ ទីតាំងណាមួយដែលនៅក្បែរលោ​កអ្នកបំផុត។

ក្រុម​ហ៊ុន​ អ័រគីដេវីឡា​បានចាប់ផ្តើមគម្រោងដំបូង​ ដែលមានឈ្មោះថា​ អ័រគីដេវីឡា​ ដឹហ្គ្រេន​ ដែលត្រូវបានលក់អស់​ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ​។ នេះសរបញ្ជាក់ឲ្យ​ឃើញថា​ អ័រគីដេវីឡា​បានផ្តល់ជូនអតិថិជន​ នៅផ្ទះដ៏ល្អប្រណីត​ និងស្របទៅតាមតម្រូវ​ការទីផ្សារ។​

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា ទីផ្សារ លំនៅដ្ឋាននៅកម្ពុជានៅតែមានភាពល្អប្រសើរ ទោះជាមានការកើនឡើងនូវលំនៅដ្ឋាន​ច្រើនក្នុងទីផ្សារក្តី ប៉ុន្តែតម្រូវការនៅតែមានខ្ពស់ ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំណើន​ប្រជាជន​ចូលមករស់នៅក្នុងទីក្រុងមានការ​កើន​ឡើងជាប្រចាំ។

លោកបន្តថា​​ “ការកើនឡើងនូវតម្រូវការលំនៅដ្ឋាន ក្នុងទីផ្សារនេះនៅតែបន្តកើន​ឡើងរយៈពេលវែងបន្តទៀត ដោយសារស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅតែមាន​ភាពល្អប្រសើរ”។លោកបន្តថា “ការផ្តល់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ក៏ជាផ្នែក​មួយជួយជំរុញវិស័យនេះឲ្យរីកចម្រើន”។

យោងតាមសិក្សារបស់ក្រុមហ៊ុន Vtrust Appraisal បានរកឃើញថា ចាប់ពីឆ្នាំ​២០០០ ដល់ឆ្នាំ២០១៧មានលំនៅដ្ឋានជាង១៣ម៉ឺនខ្នងបានសាងសង់ចប់ និងដាក់លក់​នៅក្នុងទីក្រុងភ្នំពេញ៕

សហគ្រិន៥រូប​ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេង​កម្ពុជា​ប្រចាំឆ្នាំ​២០១៨

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ បានរកឃើញសហគ្រិន​វ័យ​ក្មេងឆ្នើមចំនួន៥រូបហើយ ដែលពួកគេមានស្នាដៃឆ្នើមលើអាជីវកម្ម និងមានផ្នត់​គំនិត​បង្កើតអ្វីដែលថ្មី។

កម្មវិធីនេះត្រូវបានរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខា​មេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។

សហគ្រិនវ័យក្មេងកម្ពុជា ទាំង៥រូ​បនោះរួមមាន ទី១ឈ្មោះគៀត អភិវឌ្ឍន៍ទទួល​បានពានឆ្នើម ទី២ ឈ្មោះ ផាវ ដារ័ត្ន ពានរង្វាន់សង្គម ទី៣ ខេង វ៉ានដា ពានរង្វាន់ បច្ចេកវិទ្យា ទី៤ ឈ្មោះ ថូង ធីតា ពានរង្វាន់ សហគ្រិនឆ្នើមស្រ្តី ទី៥ ឈ្មោះ វី ថានី ពានរង្វាន់ អាជីវកម្មទើបបង្កើតថ្មី។

ម្ចាស់ពានរង្វាន់ទាំង៥​រូប ក្រោយពីទទួលបានពានរង្វាន់​ នឹងបន្តយក​បទ​ពិ​សោ​ធន៍​ ដែលខ្លួនមានទៅអភិវឌ្ឍន៍​ក្រុមហ៊ុន​ និងបន្តចែករំលែកបទពិសោធន៍​របស់ពួកគេដល់​សង្គម​ ហើយមិនតែ​ប៉ុណ្ណោះ​ នឹងបោះជំហ៊ានទៅកាន់​ឆាកអន្តរជាតិផងដែរ។

អ្នករៀបចំកម្មវិធីនេះបានអះអាងថា ការផ្តល់ពានរង្វាន់នេះបានធ្វើឡើងដោយ​គណកម្មការវាយតម្លៃ ដែលមានឯករាជ្យភាព ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់ពានរង្វាន់​នេះមានភាពយុត្តិធ៌ម តម្លាភាពនិងឯករាជ្យ៕

លោកបណ្ឌិត គីម ហ៊ាង: មានកត្តាចំនួន៥បានជម្រុញធ្វើឲ្យដីឡើងថ្លៃ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ហេតុអីបានជាដីឡើងថ្លៃជាបន្តបន្ទាប់នៅកម្ពុជា? តើមានមូលហេតុអ្វីខ្លះនៅ​ពីក្រោយការឡើងថ្លៃតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា អ្នកជំនាញរបស់យើងបានបង្ហើបពីមូលហេតុដែលនាំឲ្យមានការកើនឡើងនូវតម្លៃព្រះធរណីនេះ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា មានមូល​ហេតុនិងកត្តាសំខាន់ៗចំនួន៥ ដែលធ្វើឲ្យដីធ្លីឡើងថ្លៃ ទី១ កត្តានយោបាយៈ គឺសុខ​សន្តិភាព និងស្ថិរភាពនយោបាយជាផ្នែកមួយ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើង ព្រោះបើសិនជាប្រទេសយើងគ្មានសន្តិភាព និងស្ថិរភាពនយោ​បាយ ក៏មិនមានអ្នកវិនិយោគចូលមកដែរ ហើយដីក៏មិនឡើងថ្លៃដែរ។ ទី២កត្តាសេដ្ឋកិច្ចៈ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ ព្រោះបើសេដ្ឋកិច្ចមិនកើនឡើង ប្រជាពលរដ្ឋក៏មិនមាន​ប្រាក់ចំណូលកើនឡើងដែរ ហើយអ្នកវិនិយោគបើពួកគេ មិនអាចរកផលចំណេញបាន ពួកគេក៏មិនមកវិនិយោគផងដែរ។
ទី៣ កត្តាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋានៈ តាមធម្មតាពេលតំបន់ណាមួយគ្មាន​សកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍទេ ដីធ្លីក៏មិនឡើងថ្លៃនោះទេ។

ផ្ទុយទៅវិញ បើសិនជាតំបន់ណាមួយនោះមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផុសផុល តម្លៃដីធ្លី​នឹងកើនឡើងជាស្វ័យប្រវត្តិមិនខាន។ ទី៤ កត្តាប្រជាសាស្រ្តៈ ធម្មតាតម្លៃដីធ្លីមិនកើនឡើង​នៅទីវាលរហោស្ថាន ដែលស្ងប់ស្ងាត់ និងគ្មានមនុស្សរស់នៅច្រើននោះទេ បើទោះ​ជាកើនឡើង ក៏មិនកើនឡើងខ្លាំងដែរ ព្រោះថាទីណាមានមនុស្សច្រើន សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងកើនមាននៅតំបន់នោះ ហើយពេលណាសកម្មភាពពាណិជ្ជកម្មកើនឡើង តម្លៃដីធ្លីក៏កើនឡើងផងដែរ។
ទី៥ កត្តាហេដ្ឋារចនាសម្ព័ន្ឋៈ ជាការពិតហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយសំខាន់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម
ព្រោះតំបន់ណាមួយមិនមានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ដីធ្លីនិងសកម្មភាពពាណិជ្ជកម្មនឹងមិនមានភាពប្រសើរនោះទេ។
ជាក់ស្តែងផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ក្រោយពេលរដ្ឋាភិបាលប្រកាសពង្រីកសកម្មភាណនៃការអភិវឌ្ឍន៍បានកើនឡើង ហើយតម្លៃដីធ្លីក៏បានកើនខ្ពស់លើសការរំពឹងទុកផងដែរ។ លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង៕

អស្ចារ្យពីគម្រោងបុរីប៉េង ហួត ដឹស្តាផ្លាទីនីម ប៉ូឡារីស២បញ្ចុះតម្លៃរហូតដល់៨ភាគរយ

0

ភ្នំពេញ  : នាពេលបច្ចុប្បន្នការអភិវឌ្ឍសំណង់លំនៅដ្ឋាន បាន និងកំពុងកើនឡើង ស្របទៅនឹងតម្រូវការលំនៅដ្ឋាន ដែលមានកំណើនច្រើនផងដែរ។ ប្រជាពលរដ្ឋភាគច្រើនចង់បានលំនៅដ្ឋាន សម្រាប់ការរស់នៅផង និងប្រកបអាជីវកម្មផង សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។


បើយើងសំលឹងមើលភាគខាងត្បូងឆៀងខាងកើតនៃទីក្រុងភ្នំពេញ កំពុងបង្កើននូវការរីកចម្រើនក្នុងតំបន់ឥតឈប់ឈរ គួរអោយកត់សម្គាល់ ដែលជាតំបន់ដ៏ល្អបំផុតសម្រា​ប់ការរស់នៅ និងប្រកបអាជីវកម្ម ជាពិសេសតំបន់បឹងស្នោរ ដែលកំពុងតែមានសន្ទុះកើនឡើងយ៉ាងខ្លាំង ហើយនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយសារតែតំបន់បឹងស្នោរនេះ ជាតំបន់សក្តានុពលខ្លាំង ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានធ្វើការអភិវឌ្ឍគម្រោងលំនៅដ្ឋាន សម្រាប់ការរស់នៅនិងប្រកបអាជិវកម្មជាច្រើ​នប្រភេទ។ លើសពីនេះទៅទៀត ដោយមើលឃើញនៅតែបន្តមាន ការគាំទ្រខ្លាំងពីអតិថិជន គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ប៉ូឡារីស២ បានបើកលក់ហ្សបហោស៍នៅដំណាក់កាលទី២ បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជន។


ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅដ្ឋាន ប្រភេទហ្សបហោស៍ជាច្រើនដូចជា៖ ហ្សបហោស៍C ហ្សបហោស៍D និងហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មរបស់លោក​អ្នក។
ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែលចង់បានហ្សបហោស៍ដ៏ប្រណិត ក្នុងគម្រោង ដឹស្តាផ្លាទីនីមប៉ូឡារីស២ (គម្រោងថ្មីទី២)នេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់៨%ចាប់ពីថ្ងៃនេះ រហូតដល់ដំណាក់ខែកក្កដាតែប៉ុណ្ណោះ។ សូមរួស​រាន់ឡើង កុំអោយឱកាសនេះកន្លងផុតអោយសោះ ព្រោះចំនួនមានកំណត់៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ015 90 6789 ឬតាមរយៈEmail: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/​boreypenghuothgroup៕

អ្វីដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញខុនដូរស់នៅ

0

ដោយ : គង់ សូូូូូយា
ភ្នំពេញ : ខុនដូឬលំនៅដ្ឋានបែបសហកម្មសិទ្ឋ កំពុងបង្កើននូវប្រជាប្រិយភាពរបស់ខ្លួន ដោយវត្តមានអាគារសហកម្មសិទ្ឋនេះ កំពុងផ្លាស់ប្តូរបែបផែននៃការរស់នៅរបស់ប្រ​ជាជនកម្ពុជា ខណៈដែលទីក្រុងកាន់តែចង្អៀត និងការរស់នៅកាន់តែមានភាពស៊ីវិល័យ។
ការរស់នៅតាមខុនដូ ជាផ្នែកមួយនៃ lifestyle សម័យថ្មី ដោយសារខុនដូបានផ្តល់អត្ថប្រយោជន៍ឬគុណសម្បត្តិ១០យ៉ាង សម្រាប់អ្នកវិនិយោគ និងចង់រស់នៅតាមអាគារខុន​ដូនានា។


តាមឯកសារដែល Propertyarea.asia និង Propertyaeras.com ទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មានមូលហេតុ១០យ៉ាង ដែលជួយធ្វើឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង នៅពេលសម្រេចចិត្តទិញនិងរស់នៅតាមខុនដូ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ទី១ សេវាកម្មៈ សេវាកម្មសំដៅ​ដល់តម្រូវការជីវិតប្រចាំថ្ងៃ ដោយខុនដូមានសេវាកម្មស្ទីម សោណា Sky Garden ឬSky Bar សម្រាប់ផ្តល់ការលំហែរ នៅពេលហត់នឿយពីការងារ និងមានសេវាសន្តិសុខ២៤ម៉ោង ទី២សហគមន៍ៈ ការរស់នៅ​លើខុនដូ ដូចជាការរស់នៅសហគមន៍រួមមួយ ដោយ​សារ​ខុនដូនិមួយៗ មានអ្នកស្នាក់នៅ​ច្រើន ហេតុនេះអ្នកស្នាក់នៅតាមខុនដូអាចបង្កើតចំណងមិត្តភាព និងជួយគ្នាទៅវិញទៅ​មក និងធ្វើឲ្យសហគមន៍ពួកគេកាន់តែកក់ក្តៅ និងរីករាយ។
ទី៣ ការកើនឡើងទ្រព្យសកម្មៈ មានន័យថា អ្នកទិញខុនដូអាចបង់រំលស់៥ឬ១០ឆ្នាំ ហើយវានឹងក្លាយជាកម្មសិទ្ឋិរបស់ខ្លួន។ ​ផ្ទុយទៅវិញបើយើងជួលផ្ទះគេ៥ ឬ១០ឆ្នាំ យើង​នៅសល់តែខ្លួនទទេ។ ផ្ទះនៅតែជាផ្ទះរបស់គេ ប៉ុន្តែបើយើងទិញខុនដូយើងមិនជាប់កាតព្វកិច្ចបង់ពន្ឋនោះទេ។ ទី៤ ទីតាំងៈ បើទិញផ្ទះនៅតំបន់តែមួយ យើងមិនអាចទិញបាននោះទេ ប៉ុន្តែយើងអាចទិញខុនដូបាន ក្នុងតម្លៃសមរម្យមួយ ផ្ទុយទៅវិញបើយកប្រាក់ទិញខុនដូ ទៅទិញផ្ទះគឺអាចទិញបាននៅតំបន់ឆ្ងាយពីទីក្រុង។
ទី៥ ភាពងាយបត់បែនៈ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឲ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឲ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ ទី៦ ប្រាក់ចំណេញពីការវិនិយោគ(Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រា​ក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ។
ទី៧ ការថែរទាំៈ ការស្នាក់នៅតាមខុនដូ គឺចំណាយលើការថែរទាំតិច ផ្ទុយទៅវិញ​បើយើងនៅផ្ទះវីឡាត្រូវចំណាយច្រើន។ ប៉ុន្តែការស្នាក់នៅតាមខុនដូមិនចំណាយច្រើនទេ ព្រោះពួកគេអាចរួមគ្នា និងធ្វើឲ្យចំណាយតិច។ លើសពីនេះ អ្នកស្នាក់នៅតាមខុនដូអាច​មិនចាំបាច់រកជួលអ្នកនៅជាមួយផងដែរ ដោយអាចសំអាតឬប្រើប្រាស់សេវាសំអាតបាន ទី៨ តម្លៃៈ តម្លៃខុនដូនៅកណ្តាលក្រុង និងផ្ទះនៅតម្លៃក្រុង ខុសគ្នាច្រើន ព្រោះគេមិនអាច​យកប្រាក់ទិញខុនដូ ទៅទិញផ្ទះនៅតំបន់សាងសង់ខុនដូបាននោះទេ។
ទី៩ ភាពងាយស្រួលៈ យើងអាចជ្រើសរើសទិញខុនដូ ដែលមានទីតាំងនៅជិតផ្សា​រ សាលារៀន និងនៅជិតកន្លែងការងារយើងបាន ពិសេសយើងអាចហាត់ប្រាណនៅជាន់ខាងលើ និងមកកាន់ម៉ាតដើម្បីទិញទំនិញបាននៅជាន់ខាងក្រោម។ យើងចំណេញពេលវេលាបានច្រើន និងធ្វើការបានច្រើនជាងស្នាក់នៅតាមតំបន់មួយចំនួន ដែលគ្មានសេវាកម្មទាំងនោះ និងទី១០ បច្ចេកវិទ្យាៈ បច្ចេកវិទ្យាកាន់តែរីកចម្រើន កំពុងជួយសម្រួលដល់ការរស់នៅរបស់យើង និងធ្វើឲ្យគុណភាពជីវិតរបស់យើងប្រសើរឡើង។ នៅតាមខុនដូនឹងមានការបំពាក់ប្រព័ន្ឋ Air B&B ដែលផ្តល់ការធានានូវសុវត្ថិភាព និងអាចដាក់ផ្ទះរបស់យើងជួលបានក្នុងរយៈពេលខ្លីដូចជា បីថ្ងៃឬមួយសប្តាហ៍ នៅពេលយើងមិននៅផ្ទះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុត វីរៈ។
យោងតាមការសិក្សាមួយបានរកឃើញថា ចំនួនខុនដូនៅកម្ពុជាកើនដល់ចំនួនជិត​៦០,០០០យូនីតនៅឆ្នាំ២០១៧កន្លងមកនេះ៕