ដោយ គង់ សូរិយា
ភ្នំពេញ៖ ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia បាននាំយកអំណោយមួយចំនួនជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ជូនដល់កុមារក្រីក្រនៅផ្ទះបាយកុមារ ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាជ័យជំនះ ក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

-->
លោក យិន លាងគង់ អគ្គនាយកក្រុមហ៊ុន Property Media Co, Ltd ដែលកំពុងដំនើរការគេហទំព័រ www.propertyarea.asia បានមានប្រសាសន៍ក្នុងពិធីដែលប្រារពធ្វើនៅព្រឹកថ្ងៃទី១១ ខែមីនា នេះថា លោកមានក្តីសប្បាយរីករាយ និងអារម្មណ៍អាណិតកុមារក្រីក្រទាំងនោះ ដែលពួកគេមិនបានសិក្សារៀនសូត្រ និងកុមារភាគច្រើនបានសិក្សារៀនសូត្រ។ ដោយមើលឃើញការលំបាកនេះ ទើបលោកបានយកថវិកាមួយចំនួន ដើម្បីទិញសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចែករំលែកដល់ពួកគេ។

លោកបន្តថា “ខ្ញុំមានអារម្មណ៍អាណិតពួកគេ ពេលឃើញពួកគេស្ថិតក្នុងស្ថានភាពបែបនេះ ហេតុនេះខ្ញុំនឹងលៃលកថវិកាមួយចំនួន ដើម្បីជួយដល់ពួកគេបន្តទៀតនាពេលខាងមុខ”។
លោក ង៉ូវ ឈីវ ប្រធានភោជនីយដ្ឋានផ្ទះបាយកុមារបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Property Media Co, Ltd ដែលបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគជាច្រើនដល់ភោជនីយដ្ឋានផ្ទះបាយកុមារ។ លោកបន្តថា ផ្ទះបាយកុមារជាអង្គការក្នុងស្រុកមួយមិនរកប្រាក់កម្រៃ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក និងអន្តរជាតិនានា ដើម្បីផ្តល់អាហារពីរពេលដល់កុមារក្រីក្រ កុមារកំព្រា គឺអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ ដើម្បីឲ្យពួកគេមានឳកាសចូលរៀន និងផ្តល់ពន្លឺជីវិតថ្មីដល់ពួកគេ។

លោកបន្តថា ជាមធ្យមក្នុងមួយថ្ងៃមានកុមារចន្លោះពី ២៥០នាក់ ទៅ ៣៥០នាក់ បានមកទទួលទានអាហារនៅផ្ទះបាយកុមារ និងមួយចំនួនទៀតបានទទួលអង្ករយកទៅជូនឪពុកម្តាយរបស់ពួកគេ ជាជាងពួកគេដើរសុំទាន និងរើសអេតចាយ។
ពេលពួកគេទទួលបានអង្ករ ពួកគេត្រូវបានឪពុកម្តាយអនុញ្ញាត្តឲ្យទៅសាលារៀន ដែលទស្សនវិស័យរបស់លោក គឺចង់ឲ្យពួកគេទទួលបានឳកាសស្មើភាពក្នុងសង្គម តាមរយៈការទទួលបានសេវាអប់រំ ដើម្បីធ្វើឲ្យគុណភាពជីវិតពួកគេប្រសើរឡើង៕

