ដោយ រ៉ាណេត
ភ្នំពេញ៖ អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ដែលបោះទុនវិនិយោគជាង៦០លានដុល្លារសហរដ្ឋអាមេរិក នាទឹកដីកោះពេជ្រ បានចាប់ផ្តើមដំណើរការជាបណ្ដើរៗហើយ ខណៈដែលការសាងសង់ នឹងត្រូវបានបញ្ចប់ជាស្ថាពរយ៉ាងយូរនៅត្រឹមបំណាច់ ចុងខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុននេះ។
អាគារពាណិជ្ជកម្មដែលមានកម្ពស់រហូតដល់៣២ជាន់ នៅលើទឹកដីកោះពេជ្រ Diamond Twin Tower ក៏មានការរៀបចំជាឆ្នេរខ្សាច់សិប្បនិម្មិត យ៉ាងស្រស់ស្អាតជាប់ដងទន្លេផងដែរ។ គំរោងវិនិយោគមានតម្លៃជាង៦០លានដុល្លារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក សហការជាមួយក្រុមហ៊ុនចិនតៃវ៉ាន់។
-->
អគ្គនាយកនៃ Diamond Twin Tower លោក លី ឈុនឡុង បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១១ មិនានេះថា អាគារពាណិជ្ជកម្មដ៏ទំនើបមួយនេះ ត្រូវបានបែងចែកចេញជាពីរ គឺអគារខុនដូរសម្រាប់ស្នាកនៅ ដែលមានជាង ៣០០Units តម្លៃចាប់ពីជាង ១៣ម៉ឺនដុល្លារ រហូតដល់ជាង៥០ម៉ឺនដុល្លារក្នុងមួយ Unit ហើយអាគារសម្រាប់បម្រើសេវាការិយាល័យមានជាង ២០០Units និងដាក់ជួលតម្លៃ២៥ដុល្លារក្នុងមួយម៉ែត្រ (Grade A)។
លោកបន្តថា មកទល់ពេលនេះចំពោះអាគារការិយាល័យក៏កំពុងមានការដាក់ជួលជាបណ្ដើរៗ ហើយផ្នែកខុនដូរក្រុមហ៊ុនក៏ចាប់ផ្តើម ប្រគល់ម្ចាស់ដែលបានទិញរួចរាល់ផងដែរ ខណៈគំរោងនេះវានឹងក្លាយទៅជាអាគារមជ្ឈមណ្ឌលពាណិជ្ជចម្រុះមួយ។
នាយិកាក្រុមហ៊ុន Century 21 Cambodia លោកស្រី Grace Rachny Fong បានលើកឡើងថា កោះពេជ្រនៅពេលបច្ចុប្បន្ននេះ បានក្លាយទៅជាមជ្ឈមណ្ឌលកណ្តាលនៃអាគារពាណិជ្ជកម្មចម្រុះ ព្រោះវាត្រូវបានហ៊ុព័ទ្ធទៅដោយអាគារពាណិជ្ជកម្ម និងសេវាកម្មកម្រិតអន្តរជាតិជាច្រើន ដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល កាំបូឌីយ៉ាណា ហ៊ីម៉ាវ៉ារី សណ្ឋាគារ និងមណ្ឌលកម្សាន្តណាហ្គាវើល ផ្សារទំនើបអ៊ីអន ក៏ដូចជាអាគាពាណិជ្ជកម្មលំដាប់ពិភពលោកជាច្រើនទៀត។
អ្នកស្រីបន្ត “កោះពេជ្រ ជាតំបន់ដែលគួរជាទីទាក់ទាញបំផុត ចំពោះវិស័យការិយាល័យផងដែរ ព្រោះវាជាទីតាំងដ៏ប្រសើរដែលអាច ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះក្រុមហ៊ុនផងដែរ”។លោកបន្តថា “តម្រូវការសេវាកម្មជួល និងការវិនិយោគនៅតំបន់នេះមានតម្រូវការខ្ពស់ ប្រសិនជាគំរោងនេះបានរៀបចំល្អប្រសើរ ទាំងចំណតយានយន្ត និងការបំពាក់សម្ភារៈបរិក្ខានានា”៕