តើតម្លៃអចលនទ្រព្យនៅជុំវិញសារៈមន្ទីរប្រល័យពូជសាសន៍ រងផលប៉ះពាល់ឬទេ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ តើអ្នកធ្លាប់ត្រូវខ្មោចលងឬទេ? ហើយបើអ្នកមិនធ្លាប់ខ្មោចលង តើអ្នកជឿថាមានខ្មោចលងឬទេ? ចម្លើយប្រាកដជាមានអ្នកជឿ និងមិនជឿ ប៉ុន្តែជំនឿនៅតែ​ជាការពិត ព្រោះប្រសិនជាវាមិនមែនជាការពិត ជំនឿនោះពិតជាគ្មានអត្ថិភាពនោះទេ។

ជាសន្តិសុខយាមសារៈមន្ទីរទួលស្លែង អស់រយៈពេលជាង១០ឆ្នាំ លោកនង សាវឿន បានស្នាក់នៅក្នុងសារៈមន្ទីរនេះបាននិ​យាយឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកធ្លាប់មានបទពិសោធន៍អាក្រក់ ព្រោះត្រូវខ្មោ​ចលងកាលពីកំឡុងពេលមកស្នាក់នៅ និងធ្វើការនៅក្នុងសារៈមន្ទីរនេះជាលើកតំបូង។លោកបន្តថា មិនថាតែលោកទេ គឺអ្នកធ្វើការនៅទីនេះភាគច្រើនសុទ្ឋតែមានអារម្មណ៍ភ័យខ្លាច និងជួបហេតុ​ការណ៍បែបនោះ។

លោកបន្តថា “កំឡុងឆ្នាំ២០០២ ពេលងើបពីគេងទៅរកកន្លែងបន្ទោរបង់ ខ្ញុំឃើញស្រមោលធំមួយឈ្ងោកមុខមកមើលខ្ញុំ ហើយសក់ខ្ញុំបះជ្រោង។ ខ្ញុំភ័យខ្លាំងណា​ស់ ក៏លូនចូលមុងវិញរហូតព្រឹកឡើង ទើបប្រាប់អ្នកធ្វើការជាមួយ”។

សន្តិសុខម្នាក់ទៀត ដែលឈរស្តាប់ការរៀបរាប់ប្រាប់លោកនង សាវឿននិយា​យបានបន្ទរថា ពេលលោកធ្វើការនៅពេលយប់ លោកឃើញមនុស្សបើ​កទ្វារចូល លឺមនុស្សងូតទឹកនៅខាងក្រោយអាគារ តែពេលលោកដើរទៅមើលមិនឃើ ញមានអ្នកណាម្នាក់ឡើយ។ ប៉ុន្តែក្រោយមកហេតុការណ៍នេះហាក់បានស្ងប់ ចាប់តាំងពីថ្នាក់ដឹក​នាំជាន់ខ្ពស់រដ្ឋាភិបាល បានមកប្រារពពិធីបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយនិមន្តព្រះសង្ឃមករាប់បាត្រនៅទីនេះមក។

ទោះជាហេតុការណ៍នោះកន្លងមកជាង១០ឆ្នាំហើយក៏ដោយ ក៏លោកនង សាវឿននៅតែមានអារម្មណ៍ភ័យខ្លាច នៅពេលយប់មកដល់ម្តងៗរហូតមកដល់សព្វថ្ងៃនេះ។

ចំណែកអ្នករត់រ៉ឺម៉កកង់បី (តុក តុក)ដឹកភ្ញៀវទេសចរណ៍មកទស្សនាសារៈមន្ទីរឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ដដែលនេះបានឲ្យដឹងថា លោកមិនដែលលឺអ្នកទេស​ចរណ៍ ណាម្នាក់និយាយពីបញ្ហាខ្មោចលងនោះទេ ផ្ទុយទៅវិញពួកគេមានអារម្មណ៍ និងសម្តែ​ងការសោកស្តាយ និងសោកសង្រេងជំនួសវិញ។

អ្នករត់រ៉ឺម៉កកង់បីសូមមិនបញ្ចេញឈ្មោះរូបនេះបានបន្តថា “អ្នកទេសចរណ៍មកទីនេះ ពួកគេមានអារម្មណ៍សោកស្តាយ និងសោកសង្រេងបន្ទាប់ពីបានឃើញ​សារៈមន្ទីរនេះ វាជាអ្វីដែលយើងទាំងអស់គ្នាមិនចង់ជួប”។

លោកវេជ្ជបណ្ឌិតលី ចេងហ៊ុយដែលធ្លាប់មានលំនៅដ្ឋាននៅជាប់នឹងជញ្ជាំងភាគខាងត្បូង នៃរបងសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អស់រយៈពេលជាង១០ឆ្នាំមកហើយបានថ្លែងថា លោកមិនដែលបានឃើញហេតុការណ៍ខ្មោចលង ឬមានស ម្លេងអ្វីចម្លែកចេញពីសារៈមន្ទីរនេះនោះទេ។ លោកបន្តថា ទាំងអ្នកជិតខាងរបស់លោក ក៏មិនដែលបានឃើញ ឬបានលឺពួកគេនិយាយពីជំងឺអរូបិយនេះទេ ហើយលោ​កក៏មិនជឿថាមានខ្មោចលងនោះដែរ។

លោកបន្តថា “ខ្ញុំមិនជឿថាមានខ្មោចលងទេ វាជាជំនឿអរូបិយប៉ុណ្ណោះ ខ្ញុំមិន​ធ្លាប់ឃើញខ្មោចលងនោះទេ”។លោកបន្តថា​ “តំលៃដីឬផ្ទះនៅជុំវិញសារៈមន្ទីរនេះ មិនរងផលប៉ះពាល់ដោយ​សារសារៈមន្ទីរនេះនោះទេ តំលៃដីមានតែឡើងថ្លៃជារៀងរាល់ឆ្នាំ ព្រោះវាស្ថិតនៅ​សង្កាត់បឹងកេងកងបី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស”។

នៅពេលលើកឡើងពីតម្លៃអចលនទ្រព្យនៅជុំវិញសារៈមន្ទីរទាំងនេះ អ្នកនៅក្នុងតំបន់នេះបាននិយាយថា អចលនទ្រព្យនៅជុំវិញសារៈមន្ទីរនេះមិនបានរងផលប៉ះពាល់ទេ មានតែឡើងថ្លៃ និងកំពុងបន្តឡើងថ្លៃបន្តទៀត។

លោកចំរើន សុវណ្ណារិទ្ឋដែលជាអ្នកលក់ភេសជ្ជៈ និងអាហារសំរ៉ន់សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងសារៈមន្ទីរប្រល័យពូជសា​សន៍ជើងឯកបានឲ្យដឹងថា តំលៃដីនៅជុំវិញតំបន់នេះមិនបានចុះថ្លៃ ឬរងផលប៉ះពាល់​ដោយសារៈមន្ទីរនេះនោះទេ គឺមានតែឡើងថ្លៃ ជាក់ស្តែងដីឡូត៍នាពេលនេះមានតំលៃ​ចន្លោះពី៧០០០ទៅជាង១០០០០ដុល្លារអាមេរិកក្នុងមួយឡូត៍ ខុសពីប៉ុន្មានឆ្នាំមុនតំលៃដីធ្លីនៅទីនេះ មិនសូវមានអ្នកចាប់អារម្មណ៍ច្រើននោះទេ។

មានស្រុកកំណើតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខ័ណ្ឌដង្កោ យុវជនរូបនេះ ​កើតមិនទាន់ហេតុការណ៍កើតឡើងនៅតំបន់នេះនោះទេ តែការដឹងព៌តមានខ្លះៗរបស់លោក គឺលឺតាមរយៈការនិយាយប្រាប់របស់ចាស់ៗក្នុងភូមិនេះប៉ុណ្ណោះ។

ចំរើន សុវណ្ណារិទ្ឋបានឲ្យដឹងថា “ចាស់ៗប្រាប់ខ្ញុំថា ពេលបែកពីរបបប៉ុល ពតថ្មីៗ អ្នកភូមិនៅទី​នេះមិនដឹងថា មានការសម្លាប់មនុស្សច្រើននៅទីនេះនោះទេ គឺពួកគាត់បានដឹងនៅពេលធុំក្លិនស្អុយប៉ុណ្ណោះ”។ លោកបន្តថា “ពេលនេះមិនលឺមានថាខ្មោចលងនោះទេ បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល មកប្រារពពិធីបុណ្យឧទ្ទិសកុសល ដល់អ្នកស្លាប់នៅទី​នេះបីដងក្នុងមួយឆ្នាំ”។

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Khmer Real Estate លោកងិន សុវណ្ណាបានថ្លែងថា តំលៃដីនិងអចលនទ្រព្យដទៃទៀត នៅជុំវិញសារៈមន្ទីរទាំងពីរ​មិនរងផលប៉ះពាល់នោះទេ តែតំបន់នៅជុំវិញជិតៗសារៈមន្ទីរទាំងនេះ មិនអាចសាងសង់អាគារខ្ពស់បាននោះទេ ពិសេសតំបន់ជុំវិញសារៈមន្ទីរជើងឯកមានការសាងសង់​រោងចក្រ មានចលនាពុះដីឡូត៍លក់ និងមានការសាងសង់ឃ្លាំងច្រើនផងដែរ។

លោកបន្តថា “តំលៃដីនៅជុំវិញសារៈមន្ទីរទួលស្លែង បច្ចុប្បន្នមានតំលៃចន្លោះ ២៥០០ទៅ៣០០០ដុល្លារអាមេរិក តែតំលៃដីនៅតំបន់ជើងឯកមានតំលៃចន្លោះពី៥០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Vichakvong Realty Group លោកស៊ុយ ឆៃលាងបានថ្លែងស្រដៀងគ្នាថា តំលៃដីធ្លីនៅជុំវិញសារៈមន្ទីរទាំងពីរមិនរងផលប៉ះ ពាល់នោះទេ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ តំលៃដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់គួរឲ្យកត់សំគាល់ ជាក់ស្តែងកាលពី៥ ទៅ៦ឆ្នាំមុនដីនៅជុំវិញតំបន់ជើងឯកមាន​តំលៃចន្លោះពី២០ ទៅ៥០ដុល្លារ បច្ចុប្បន្នបានឡើងដល់ចន្លោះ៣០០ទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់ទួលស្លែង ក្នុងសង្កាត់បឹងកេងកង៣បានកើនពីតំលៃ១០០០ទៅ១២០០ដុល្លារកាលពី៥ឆ្នាំមុន ដល់២២០០ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនាពេលនេះ។

លោកបន្តថា “ម្ចាស់ដីនៅតែទាមទារតំលៃខ្ពស់លើសទីផ្សារ ព្រោះការពិតតំលៃដីនៅជុំវិញតំបន់ទួលស្លែង បើលក់ក្នុងតំលៃចន្លោះ១២០០ ទៅ១៥០០ដុល្លារក្នុង​​មួយម៉ែត្រការ៉េ ទើបអាចលក់បាន ដោយសារតំបន់នេះមានផ្លូវចង្អៀត”។លោកបន្តថា “បញ្ហាទីតាំងសារៈមន្ទីរ មិនមានអ្វីព្រួយបារម្ភនោះទេ វាមិនរងផលប៉ះពាល់ដល់​តំលៃអចលនទ្រព្យនៅតំបន់នេះទេ”៕

ដំណឹងល្អ! ស្ពានអាកាសចោមចៅ នឹងត្រូវចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃខានស្អែក

0

ដោយ រ៉ាវី

ភ្នំពេញ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមក ទីបំផុតស្ពានអាកាសចោមចៅ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ2018ស្អែកនេះហើយ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោម៉េត មាសភ័ក្តីបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិថុនានេះថា មកទល់បច្ចុប្បន្នការពិភាក្សាររវាងអាជ្ញាធររាជធានី រួមនិងមន្រ្តីជំនាញពាក់ព័ន្ឋផ្សេងៗ ចំពោះការសាងសង់សស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានឈានដល់ទីបញ្ចប់ហើយទាំងស្រុងហើយ ទាំងគម្រោងប្លង់សាងសង់ បចេ្ចកទេស និងថវិកាដោយគ្រាន់តែពេលវេលាមកដល់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់មកដល់តែប៉ុណ្ណោះ។

លោកបន្តថា “អាកាសចោមចៅនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗ នាពេលកន្លងមកក៍ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញ ចេញចូលក្នុងនិងក្រៅប្រទេស”។លោកបញ្ជាក់ថា «ស្ពាននេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជាផ្លូវដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឱ្យវិនិយោគិន អាជីវករ និងប្រជាពលរដ្ឋទូទៅ ទទួបាលផលចំណេញចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ តែថែមទាំងចំណេញថវិកាក្នុងការចំណាយចាក់សាំងរថយន្ត និងម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋផងដែរ»។

លោកម៉េត មាសភ័ក្តីបានបន្តថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានដាក់មន្រ្តីនគរបាលចរាចរណ៍ ទៅសម្រួលទីតាំងខាងលើជាបន្តបន្ទាប់ ប៉ុន្តែទោះជាដូច្នេះក៏ដោយ គេនៅតែមិនអាចទប់ស្កាត់ការកកស្ទះបាន ដែលជាហេតុធ្វើឱ្យសាលារាជធានីភ្នំពេញចំណាយថវិកា ត្រៀមសាងសង់ស្ពាននេះឡើង ឱ្យបានឆាប់តាមកាលដែលអាចធ្វើទៅបាន។ ក្រៅតែពីការសាងសង់ស្ពានអាកាសខាងលើ បច្ចុប្បន្នមន្ទីរសាធារណៈការនិងដឹកជញ្ជូភ្នំពេញ ក៏បានកំពុងជួលជុលសាងសង់ពង្រីកផ្លូវជាតិលេខ4 ឱ្យមានទំហុំកាន់តែធំឡើងៗ ដោយមានការចាក់បេតុង និងក្រាលកៅស៊ូពង្រីកផ្លូវកាន់តែធំទូលាយ សម្រួលដល់ការធ្វើដំណើរទៅមក និងដាក់លូបង្ហូរទឹកចេញកុំឱ្យភ្លៀងលិចផ្លូវដូចឆ្នាំកន្លងៗមកទៀត។

គម្រោងនេះត្រូវបានសាទរដោយប្រជាពលរដ្ឋ អាជីវករ អ្នករកស៊ីលើវិស័យដឹកជញ្ជូនរួមទាំងអ្នករត់តាក់ស៊ី អ្នកបើកបរម៉ូតូឌុប ម៉ូតូកង់បីជាដើម ដែលអាចជួយសម្រួលដល់ការធ្វើដំណើរបានលឿន និងមិនសូវកកស្ទះមិនលិចទឹក ដែលធ្វើឱ្យគាត់មិនសូវចំណា​យលុយច្រើន ក្នុងការចាក់ប្រេងសាំងរថយន្តឬម៉ូតូដូចកាលពីមុនៗទៀត៕

អាគារការិយាល័យធំមួយ នឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលទីផ្សារការិយាល័យមានភាពល្អប្រសើរ អាគារការិយាល័យធំមួយទៀតឈ្មោះ East Commercial Center នឹងបើកដំណើរការនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិថុនានេះថា គំរោង Eastland បានរួមបញ្ចូលអាគារការិយាល័យ និងខុនដូ ដែលនឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារជួលផ្តាច់មុខសម្រាប់គំរោងនេះ និងកំពុងដាក់ជួលការិយាល័យនេះ។អ្នកនាងបន្តថា អាគារការិយាល័យនេះមានទំហំ១៥,០០០ម៉ែត្រការ៉េ និងដាក់ជួលក្នុងតម្លៃ១៣ដុល្លារ បូកសេវាកម្មគ្រប់គ្រង៣,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាងបន្តថា “ទីផ្សារការិយល័យមានភាពល្អប្រសើរ ដោយសារឆ្នាំនេះអាគារការិ​យាល័យថ្មី ដែលមានម្ចាស់តែមួយ មិនមានទំហំធំ និងមានគំរោងច្រើនដាក់ចូលទីផ្សារនោះទេ”។

គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Eastland Development ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yue Tai Group។ គម្រោងនេះស្ថិតនៅលើមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

លោក Sam Yang នាយកប្រតិបត្តិក្រុមហ៊ុន Eastland Development និងជាអនុ​ប្រធានក្រុមហ៊ុន Yuetai Holding បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយអ្នកនាងអាន សុធីតាកាលពីសប្តាហ៍មុនថា បន្ទាប់ពីបានពិចារណាយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ យើងបានជ្រើសរើស CBRE Cambodia ជាដៃគូរបស់យើង ក្នុងការជួលអាគារ​ការិយាល័យដ៏សំខាន់មួយនេះ។លោកបន្តថា ផ្តើមចេញពីគំរោងដែលយើងបានរចនានិង​សាងសង់ East Commercial Center ជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម ដែលមានជំនា​ញវិជ្ជាជីវៈ ដោយផ្តោតពិសេសលើការផ្តល់សេវាកម្មកម្រិតខ្ពស់ និងបរិក្ខាទំនើបដែលមាន​គោលបំណងផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន។

គំរោង Eastland មានចំនួន៥អាគារ ដោយអាគារខាងមុខជា East Commercial Center ដែលប្រើប្រាស់ជាអាគារការិយាល័យសម្រាប់ជួល និងអាគារចំនួន៤ទៀតស្ថិតនៅក្រោយអាគារនេះជាខុនដូ ដែលមានជាច្រើនរយយូនីត៕

គំរោងរោងចក្រអគ្គិសនីមានទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិក បានអនុម័តចុងក្រោយ

0

ដោយ វុត្ថា 

ភ្នំពេញ៖ គំរោងវិនិយោគដ៏ធំ ដែលមានទុនវិនិយោគរហូតដល់ជាង ១៣០០លានដុល្លារអាមេរិក ដើម្បី សាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ត្រូវបានអនុម័តជាចុងក្រោយ ដោយព្រឹទ្ឋសភាកម្ពុជា ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុនចំនួនពីរ ចាប់ផ្តើមសកម្មភាពរបស់ខ្លួន ដើម្បីទាញយកថាមពលអគ្គិសនី​មកប្រើប្រាស់។

នៅក្នុងសម័យប្រជុំរលើកទី១ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សមាជិកព្រឹទ្ឋ​សភាបានអនុម័តលើគំរោងវិនិយោគដ៏ធំនេះ ដោយសម្លេង ៥៥នៃចំនួន សមាជិកព្រឹទ្ទស​ភា​ទាំងមូល។

ក្រុមហ៊ុនចំនួន២ ដែលព្រឹទ្ធសភាអនុម័តនៅពេលនេះ មានចំនួនពីរ ទី១ ក្រុមហ៊ុនស្នេថេក ខូអិលធីឌីដែលគ្រោ​ង​វិនិយោគលើរោងចក្រអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តកំពុងស្ពឺស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុងកឧត្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាពដំឡើង៦០មេហ្គាវ៉ាត់ ដែលអាចផ្តល់បរិមាណចំនួន៩៦លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ​ គ្រោងនឹងបោះទុនវិនិយោគចំនួនជាង៥៨លានដុល្លារអាមរិក ដោយក្នុងនោះទុនផ្ទាល់៣០ភាគរយ និងកម្ចី៧០ភាគរយ ក្នុងអត្រាការប្រាក់ចំនួន៦.៥០ភាគរយ ក្នុងរយៈពេលហិរញ្ញប្បទាន២១ឆ្នាំ ក្នុងការសាងសង់១ឆ្នាំ និងអាជីវកម្ម២០ឆ្នាំ និងគ្រោងដាក់អោយដំណើ​រការនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។

ទី២ ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពដំឡើង៧០០មេហ្កាវ៉ាត់ និងបរិមាណថាម​ពលបញ្ចេញ ឲ្យបណ្តាញជាតិ៥២១២.២០ លានគីឡូវ៉ាតម៉ោងក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដែលធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។

ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគ ទឹកប្រាក់ចំនួន១២៩០,៥៤លានដុល្លា​រអាមេរិក ដែលក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុន៣០ភាគរយ និងប្រាក់កម្ចី៧០ភាគរយ តាមអត្រាការប្រាក់៦.៥០ភាគរយ​។ រយៈពេលសម្បទាន៣៩ឆ្នាំ ក្នុងនោះសាងសង់៤ឆ្នាំ និងអាជីវកម្ម៣៥ឆ្នាំ និងគ្រោងដាក់ឲ្យដំណើរការមាស៊ីនទី១ នៅខែធ្នូឆ្នាំ ២០២៣ និងម៉ាស៊ីនទី ២ នៅខែធ្នូ ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងការពារច្បាប់ទាំងពីរនេះថា កម្ពុជាត្រូវការអភិវឌ្ឍន៍ប្រភពថាមពលថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សក្តានុពល ដែលខ្លួនមានឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ប្រភពថាមពលដែលប្រទេសកម្ពុជាអភិវឌ្ឍន៍កន្លងមក រួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គសនីដើរដោយពន្លឺព្រះអាទិត្យ។

លោកបន្តថា “រដ្ឋាភិបាលកម្ពុជា បានគិតគូពីផលប៉ះពាល់បរិស្ថាន ដោយធ្វើយ៉ាងណាអោយស្រ​ប​តាមស្តង់ដារកម្ពុជា និងពិភពលោកដោយមិនឲ្យយមានការបំពុលបរិ​យាកាស ចំពោះការសាងសង់នៅរោងចក្រអគ្គិសនីទាំងពីរនេះនោះទេ”៕

ស្វែងយល់ពីអាស៊ី! ទីក្រុងក្នុងប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាតំបន់ដែលមានការចំណាយច្រើនជាងគេក្នុងពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការសិក្សាមួយពីនាយកដ្ឋានស្រាវជ្រាវ ក្រុមហ៊ុន Nestpick បានបង្ហាញរបាយការណ៍របស់ខ្លួន កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីក្រុងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក ដែលតម្រូវឲ្យអ្នកទេសចរណ៍ ឬអ្នកដែលមានតំណងទៅរស់នៅទីនោះត្រៀមលុយច្រើន។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន នេះបង្ហាញថា ទីក្រុងចំនួន២ក្នុងចំណោមទីក្រុងទាំង៦ នៅលើពិភពលោក គឺទីក្រុង  Auckland និង Sydney របស់ប្រទេសអូស្ត្រាលីត្រូវការចំណាប្រាក់ចន្លោះពី៤,០០២,៧៤ ដុល្លារ និង៣, 000,២៧ ដុល្លារជាមធ្យមក្នុងខែ។

ការសិក្សានេះបានផ្តោតទៅលើទីក្រុងចំនួន៨០ នៅទូទាំងពិភលោក ដោយគិតទាំងការចំណាយទៅលើការជួលស្នាក់នៅ តម្លៃវីសា និងដឹកជញ្ជូន ម្ហូមអាហារ  ភេជ្ជៈ និងថ្លៃសេវាប្រើប្រាស់អិនធើណិតជាដើម។

បើយោងតាមការសិក្សានេះដដែលបង្ហាញថា ទីក្រុងហុងកុង និងសឹង្ហបូរីបានជាប់ ចំណាត់ថ្នាក់ទី១២ និងទី១៥ ដែលមានតម្លៃថ្លៃបំផុតសម្រាប់អ្នកធ្វើដំណើរកំសាន្ត ឬអ្នកដែលសចង់ទៅស្នាក់នៅរក្នុងខែដំបូង ត្រូវចំណាយគិតមធ្យមចំនួន១.៦៥៤,៣១ដុល្លារអាមេរិក ខណៈដែលថ្លៃជួលផ្ទះស្នាក់មានតម្លៃ USD១,៣៩០.៧០ដុល្លារក្នុងមួយខែ។

 

ការស្រាវជ្រាវបានរកឃើញទៀតថា ទីក្រុងឌុមបៃ គឺជាទីក្រុងថ្លៃបំផុតក្នុងពិភពលោ​​ក ដោយចំណាយប្រាក់ប្រាមាណជា៤,២៥១,៦៨ ដុល្លារអាមេរិកក្នុងមួយខែ។

នៅក្នុងទីក្រុង Kuala Lumpur មនុស្សម្នាក់អាចរំពឹងថា នឹងចំណាយចំនួនUSD១,០១៤.៥០ ក្នុងមួយខែសម្រាប់ការស្នាក់នៅ។

តែយ៉ាងណាក៏ដោយ ក៏មានទីក្រុងមួយចំនួន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ មានតម្លៃថោកសមរម្យផងដែរ ដូចជាទីក្រុងបាងកក និងទីក្រុងដទៃទៀត។

លោក Omer Kucukdere ប្រធានគ្រប់គ្រងក្រុមហ៊ុន Nestpick បានឲ្យដឹងថា តម្លៃចំណាយសម្រាប់ការរស់នៅ ពិតជាកត្តាសំខាន់ណាស់សម្រាប់អ្នក ដែលចង់ផ្លាស់ប្តូរទីលំនៅទៅកាន់ទីក្រុងនានានៅក្នុងពិភពលោក៕

វិស័យទេសចរណ៍ មិនរងផលប៉ះពាល់ដោយសារការបោះឆ្នោតទេ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងអ្នកជំនាញទេសចរណ៍នានាបានលើកឡើងថា វិស័យទេ​សចណ៍កម្ពុជា មិនរងផលប៉ះពាល់ដោយសារការបោះឆ្នោតទេ ដោយចំនួនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជានៅបន្តកើនឡើង។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននៅព្រឹកថ្ងៃទី២៦ មិថុនានេះថា វិស័យនេះមិនបានរកផលប៉ះពាល់នោះទេ ដោយសារយើងឃើញកំនើនភ្ញៀវអន្តរជាតិបន្តកើនឡើងនៅកម្ពុជា និងមិនមានការលុបបញ្ចប់ទស្សនកិច្ចណាមួយនោះទេ។លោកស្រីបន្តថា ការកើនឡើងនូវចំនួន​ភ្ញៀវទេសចរណ៍ ឆ្លុះបញ្ចាំងពីទំនុកចិត្ត ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន។

លោកស្រីបន្តថា “យើងនៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារនេះ ហើយយើងឃើញទីផ្សារកម្ពុជានៅតែមានភាពទាក់ទាញ”។

អ្នកនៅក្នុងផ្នែកសេវាបដិសណ្ឋារកិច្ច បានសម្តែងសុទិដ្ឋិនិយម ក្នុងវិស័យនេះទន្ទឹមនឹងកំនើននៃការកក់បន្ទប់ ដោយសាការមកដល់នៃភ្ញៀវអន្តរជាតិ។

កញ្ញា ម៉ឹង ប៊ុណ្ណារីជំនួយការផ្នែកលក់នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីបានមានប្រសាសន៍ឲ្យ​ដឹង ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាពុំបានជះឥទ្ធិពល មិនល្អដល់វិស័យទេសចរ​ណ៍នៅកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ កំណើនភ្ញៀវទេសចរណ៍អន្តរជាតិមកកម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់។ នេះជាការលើកឡើងរបស់

កញ្ញាបន្តថា “ចំនួនភ្ញៀវទេសចរណ៍ដែលបានកក់ និងទទួលសេវានៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីមានការកើនឡើងគួរអោយកត់សម្គាល់ ដោយគ្មានអ្វីប៉ះពាល់ដោយសារការបោះឆ្នោតនាពេលខាងមុខនោះទេ”។ កញ្ញាបន្តថា “ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងច្រើននៅឆ្នាំនេះ ធៀបនឹងឆ្នាំ២០១៧កន្លងមក”។

ចំណែកលោកហង្ស សំបូរ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនណេលីនស្តារធួរ និងត្រាវែលបានមាន​ប្រសាសន៍ឲ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនៅតែមានប្រសើរ ដោយគ្មានការព្រួយបារម្ភដោយសារការបោះឆ្នោតនៅកម្ពុជានោះទេ៕

ក្រុមហ៊ុន Jet Group ចាប់ផ្តើមលូកដៃចូលជួយចលនាភូមិ១ ផលិតផល១

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Jet Group បានសហការជាមួយគណកម្មធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងស្ថាប័នពាក់ព័ន្ឋដើម្បីលើកកំពស់ផលិផលខ្មែរនៅក្នុងទីផ្សារ និងធ្វើឲ្យផលិតផលខ្មែរកាន់តែមានគុណភាព។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី២៦ មិថុនានេះថា ការដែលក្រុមហ៊ុន​ Jet Group សហការជាមួយអគ្គលេខាធិការដ្ឋាន​ជម្រុញភូមិ១​ផលិតផល​១ គឺក្នុង​គោល​បំណង​លើក​ទឹកចិត្តដល់បណ្តាផលិតករ សិប្ប​ករខ្មែរ ឲ្យស្វែងយល់កាន់​តែ​ច្បាស់​ពី​ចង្វាក់​ផលិតកម្ម ការកែលម្អរគុណភាពផលិតផល ការវេចខ្ចប់ ឲ្យត្រូវតាមស្តង់ដា ដើម្បីងាយស្វែង​រក​ទីផ្សារលក់​ផលិតផល ក្នុង​ន័យ​​ធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហានានា និងលើកស្ទួយ​ផលិតផលខ្មែរ។

លោកជា សំណាង អគ្គលេខាធិការនៃ អគ្គលេខាធិ- ការដ្ឋានជម្រុញចលនាភូមិ១ផលិតផល១បានមានប្រសាសន៍ឲ្យដឹងផងដែរថា គណៈកម្មាធិការជាតិជម្រុញចលនា​ភូមិ១​ផលិតផល១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និង​ជនបទ។

លោកបន្តថា អគ្គលេខា​ធិ​ការដ្ឋានជម្រុញភូមិ១ ផលិតផល១ មានតួនាទីសម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ឋជាដៃគូអភិវឌ្ឍន៏ និងវិស័យឯកជន ដើម្បីអនុវត្តុយន្តការ​នានា​ដែលមានចែងក្នុង​គោលនយោ​បា​យ​ជាតិស្តីពីការជម្រុញភូមិ១ផលិតផល១ ដែលជាផែនទី​ចង្អុល​ផ្លូវសម្រាប់​អនុវត្ត​ពី​ឆ្នាំ ២០១៦-២០២៦​។

អនុប្រធានគណៈកម្មាធិការជាតិ​ជម្រុញចលនា​ភូមិ១ ​ផលិតផល​១ លោកស៊ុន គន្ធរ បានមានប្រសាសន៏ថា  ​សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តអូយតា (Oita) ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០០១ ដែលជាខេត្តមួយ​អនុវត្ត​ទស្សនាទានចលនាភូមិ១ផលិត​ផល១ ប្រកប​ដោយជោគជ័យ ហើយ​បច្ចុប្បន្នទស្សនាទាននេះ ត្រូវបានយកមកប្រើ​ប្រាស់​​នៅតាម​បណ្តា​ប្រទេស​ជាច្រើននៅក្នុង​ពិភព​លោក​។ ចំណែកឯកម្ពុជាវិញ ទស្សនាទាន ភូមិ១ផលិតផល​១ នេះ​ក៏មានយូរណាស់មកហើយ ដោយ​ប្រជាជនកម្ពុជានៅតាម​តំបន់នានាៗបាន​ផលិតនូវ​ផលិតផល​ផ្សេងៗជាច្រើន ប្រកបដោយភាព​ច្នៃប្រឌិតតាមបែបប្រពៃណីដោយ​ប្រើ​ប្រាស់​​វត្ថុ​ធាតុដើម និងធនធានដែលមានស្រាប់នៅក្នុងភូមិ ស្រុក ដើម្បី​បង្កើនចំណូលនៅក្នុងគ្រួសារ​។

លោកបន្តថា “គោលដៅជាយុទ្ឋសាស្រ្ត​នៃការ​ជំរុញចលនាភូមិ១ ផលិតផល១ គឺ​មាន​ចរិក​ជាការលើកកំពស់ផលិតផលក្នុងស្រុក រួមមានការផលិត ការវិចខ្ចប់ និងការរកទីផ្សារ​សំរាប់​ផលិតផលក្នុងស្រុកទាំងនោះ ដើម្បីរួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាជន និងការ​អភិវឌ្ឍន៏​សេដ្ឋកិច្ចជនបទ ដូចប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “ត្រូវធ្វើ​ឲ្យ​បានល្អ ធ្វើឲ្យបានច្រើន និងលក់ឲ្យដាច់”៕

ស្វែងយល់ពីអាស៊ី! តោះទៅមើលស្ថាបត្យកម្មអស្ចារ្យបំផុតក្នុងលោក

0

តំបន់អាស៊ីត្រូវបានពិភពលោកចាត់ទុកថា ជំបន់ដែលមានគំនិតឆ្នៃប្រឌិតក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធអគារល្អបំផុត ជាច្រើន និងប្លែកៗដែលគួរអោយចាត់អារម្មណ៍ និងទាក់ទាក់ទាញបំផុតក្នុងចំណោមអគារផ្សេងទៀតនៅក្នុងតំបន់អាស៊ី និងពិភពលោក។

គេហទំព័រ propertyarea.asia ដែលជគេហទំព័ត៌មានដ៏ល្បីល្បាញខាងចុះផ្សាយអចលនទ្រព្យ និង​បន្តនាំ លោក អ្នក អោយស្គាល់ និងបានស្វែងយល់ពីស្ថាបត្យកម្មសំណង់អគារកំពូលគ្មានដូចនៅក្នុងតំបន់អស៊ីចំនួន ៥ មកចុះផ្សាយ។

១ អគារ Solar Ark (Japan)

អគារនេះ មាសរចនាសម្ព័ន្ធដ៏អស្ចារ្យ និងមានតែមួយគត់នៅក្នុងប្រទេសជប៉ុន ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ ២០០២ ដោយក្រុមហ៊ុន Sanyo Electric Co.,Ltd ។ អគារនេះ គឺសម្រាប់ផលិតថាមពលព្រះអាទិត្យ ។ មន្ទីរពិសោធន៍ថាមពលព្រះអាទិត្យ (Sola Lab ជាសារមន្ទីរថាមពលពន្លឺព្រះអាទិត្យត្រូវបានគេដាក់នៅចំកណ្ដាល នៃគារ Sanyo Solar Ark ។ អគារនេះ នេះផ្តល់នូវសកម្មភាពដើម្បីបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

២ អគារ Phoenix International Media Center (China)

អគារដែលមានរចនាសម្ព័ន្ធដស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងភាកខាងត្បូងឈាងខាងលិចនៃឧទ្យាន Chaoyang ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ រូបរាង្គនៃអគារនេះត្រូវបានគេថតចំឡងប្រភពមកពី Mobius Strip ។ អគារ Phoenix International Media Center គឺជាអត្តសញ្ញាមួយនៅក្នុងទីក្រុងប៉េកាំង។  អគារនេះ ត្រូវបានរចនាប្លង់ដោយស្ថាបត្យករជនជាតិចិន គឺលោក Wang Shu ដែលនេះ ឆ្លុះបញ្ចាំងថា​ស្ថាបត្យករចិនគឺមានកម្រិតចំណេះដឹងខ្ពស់តាមស្តង់ដារអន្តរជាតិ។

៣ អគា Piano House (China)

អគារ Paino House គឺជាអគារដ៏ស្រស់ស្អាតមួយដែលមានរូបសញ្ញាជាវីយូឡុង​នៅច្រកចូលទៅក្នុងអគារ។ អគារនេះស្ថិតនៅក្នុងទីក្រុង Huainan ប្រទេសចិន ដោយមានរចនាសម្ព័ន្ធដូចបន្ទប់ប្រជុំ កន្លែងទទួលរៀបចំអាពាហ៍ពិពាហ៍។ មិនត្រឹមតែប៉ុណ្ណោះអគារនេះ បានទាក់ទាញទេសចរណ៍ក្នុងតំបន់ជាច្រើនាក់ចូលទៅទស្សនា។

៤ អគារ Ring of Life (China)

អាគារកម្ពស់ចំនួន ៥១៥ ហ្វីតនេះស្ថិតនៅ ក្នុងទីក្រុង Fushun ប្រទេសចិន។ កាសែត Huffington Post បានហៅរចនាសម្ពន្ធ័អគារពិសេសនេះថា ជាគារដ៏អស្ចារបំផុតក្នុងលោក។ ឬគេហៅជាទីទៅថា អគារ ជញ្ជៀន ព្រោះអគារនេះ មានរចនាសម្ព័ន្ធជា ជញ្ជៀន។ អគារនេះ ត្រូវគេចំណាយប្រហែល ១៦ លានដុល្លារក្នុងការកសាង។

៥ អគារ  Lotus Building (China)

អគារ Lotus Building ឬ អគារផ្កាឈូក នេះ ស្ថិតនៅចំកណ្តាលទីក្រុង Wujin ប្រទេសចិន ។ អគារនេះ បង្ហាញពីសំបកឈួកសន្លឹកដែលកំពុងតែរីកគួរអោយគយគន់ និងចាប់អារម្មណ៍បំផុតក្នុងពិភពលោក។ អគារនេះ ត្រូវបានគេសាងសង់ឡើជាការិល័យធ្វើផែនការសម្រាប់ទីក្រុង៕

តោះទៅមើលប្លង់ពង្រាងត្រួសៗ នៃទីក្រុងរណបតម្លៃ ៨០ពាន់លានដុល្លារអាមេរិក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្លង់ពង្រាងទីក្រុងនាគរាជសម្តេ​ចតេជោ តម្លៃ៨០ពាន់លានដុល្លារបានចាប់ផ្តើមគូរបណ្តើរៗហើយ ខណៈក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងចាប់អារម្មណ៍លើទីក្រុង​រណបដ៏ធំ ដែលស្ថិតនៅលើផ្ទៃដីជាង៣ម៉ឺនហិកតា។

ទីក្រុងរណបដ៏ធំនេះ ស្ថិតនៅប្រជុំទន្លេសាប និងទន្លេមេគង្គ ឬស្ថិតនៅភាគខាងជើងក្រុងភ្នំពេញ ដែលគ្រោងសាងសង់ឡើងជាទីក្រុងថ្មីមួយ បន្ទាប់ពីរយៈពេល៥៨០ឆ្នាំ​កន្លងមកនេះ កម្ពុជាមិនទាន់បានសាងសង់ទីក្រុងថ្មីនៅឡើយទេ។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសូងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលមានសញ្ញាបត្រស្មើគ្នានឹងលោកសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណនិងមាន​ស្នាដៃគូប្លង់ស្ថាបត្យកម្មក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកគូរប្លង់អាគារសន្តិភាពជាដើមនោះ បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា សម្តេចតេជោបានអនុញ្ញា​ត្តឲ្យលោកសិក្សាលើគំរោងទីក្រុងរណបដ៏ធំនេះហើយ ប៉ុន្តែមិនទាន់មានការអនុម័តនៅឡើយទេ ដោយសម្តេចឲ្យលោកសិក្សាជាមួយអ្នកជំនាញ ដើម្បីអាចរៀបចំទីក្រុងនេះនា​ពេលអនាគត។

លោកបន្តថា “ទីក្រុងរណបដ៏ធំនេះ ទាមទារការចូលរួមពីវិស័យឯកជន ពិសេសប្រទេសចិន ទើបយើងអាចសាងសង់បាន ដោយសារថវិការបស់រដ្ឋាភិបាលនៅមានកម្រិ​ត”។លោកបន្តថា “ទីក្រុងនេះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ មានកំពង់ផែធំមួយ មានព្រលានយន្តហោះ និងមានគំរោងសាងសង់អាគារដែលមានកំពស់៦០០ម៉ែត្រ”។

លោកសាស្រ្តាចារ្យបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ នឹងមានផ្លូវទឹក ផ្លូវគោក ផ្លូវរថភ្លើងអាកាស និងផ្លូវក្រោមដី ដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរហូតដល់៥០០ឆ្នាំ។ លោកបន្តថា ទីក្រុងភ្នំពេញរបស់យើងមានភាពចង្អៀត ហេដ្ឋារចនាសម្ព័ន្ឋតូច ពិបាកពង្រីក ហេតុនេះគួរដល់ពេលយើងសាងសង់ទីក្រុងថ្មីហើយ ដើម្បីឆ្លើយតបកំនើនប្រជាសាស្រ្ត នគរូបនីយក​ម្ម និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។

លោកបន្តថា “ខ្ញុំរំពឹងថាមហាមិត្តចិន នឹងជួយសម្តេចតេជោដើម្បីកសាងទីក្រុងនេះ ព្រោះសម្តេចតេជោជាមហាមិត្ត និងជាមិត្តចិត្តដែកជាមួយចិន អនុវត្តន៍គោលនយោបាយ​ចិនតែមួយ និងតែងតែគាំទ្រចិនគ្រប់វេទិកាអន្តរជាតិនានា”៕

ឧកញ៉ា លី ហួរ ចាប់អារម្មណ៍លើការអភិវឌ្ឍសំណង់ខុនដូនាពេលអនាគត

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ជាមួយនឹងជោគជ័យក្នុងការអភិវឌ្ឍន៍បុរី លោកឧកញ៉ាលី ហួរអគ្គ​នាយកក្រុមហ៊ុនលី ហួរគ្រុបបាននិងកំពុងឈានទៅប្រឡូក ក្នុងទីផ្សារខុនដូវិញ​ម្ត ង បន្ទាប់ពីលោកមើលឃើញថា តម្រូវការក្នុងវិស័យនេះបានកើនឡើង។

លោកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែង ឲ្យអ្នកយកព៌តមានគេហទំព័រ propertyarea.asia ដឹងកាលពីពេលថ្មីៗនេះថា លោកមានគម្រោងវិនិយោគលើការសាងសង់ខុនដូ នៅពេលឆាប់ៗខាងមុខនេះ ព្រោះទីតាំងដីនៃគម្រោងនេះ មានភាពសមស្របសម្រា​ប់សាងសង់ខុនដូ។លោកបន្តថា គម្រោងនេះមិនត្រឹមតែមានខុនដូមួយមុខនោះទេ ប៉ុន្តែក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើប និងការិយាល័យផងដែរ។

លោកបន្តថា “ខ្ញុំជឿជាក់ថាគម្រោងនេះនឹងទទួលជោគជ័យ ដោយសារនា​ពេលអនាគតប្រជាពលរដ្ឋរស់នៅខុនដូកាន់តែច្រើន ស្របពេលទីក្រុងកាន់តែមា​នភាពចង្អៀត”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Loft Solution បានរកឃើញថា នៅឆ្នាំ២០៣៥ខាងមុខ ប្រជាជននៅទីក្រុងភ្នំពេញនឹងកើនដល់៤លាននាក់ ពេល​នោះប្រជាជន នឹងសម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកំនើនយានយន្ត ការកកស្ទះចរាចរណ៍ និងលំនៅដ្ឋានតម្លៃសមរម្យមានចម្ងាយឆ្ងាយពី​ទីក្រុង។ ហេតុផលមួយទៀត គឺប្រព័ន្ឋបច្ចេកវិទ្យានឹងជួយសម្រួលដល់ជីវភាព​រស់​នៅរស់នៅរបស់ប្រជាជនក្នុងទីក្រុង។

ការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា ចំនួនខុនដូនៅទីក្រុងភ្នំពេញ កើនឡើងជិតដល់៥ម៉ឺនយូនីតហើយនាពេលនេះ ខណៈការលក់លំនៅដ្ឋានប្រភេទនេះកំពុងកើនឡើងផងដែរ។

លោក ស៊ុន ហួត ប្រធានផ្នែកទីផ្សារនៃគម្រោង Olympia City បានថ្លែងថា ការលក់ខុនដូបច្ចុប្បន្នកាន់តែមានកំនើនល្អប្រសើរ ប៉ុន្តែមិនកើនខ្លាំងនោះទេ តែន់តែមានកំនើនល្អប្រសើរ ប៉ុន្តែមិនកើនខ្លាំងនោះទេ មិនកើនខ្ពស់ខ្លាំងនោះទេ ប៉ុន្តែនៅតែអាចលក់បាន ដោយនិន្នាការ​ប្រជាពលរដ្ឋក្នុងស្រុក បានចាប់ផ្តើមទិញ និងស្នាក់នៅខុនដូកាន់តែច្រើន។

លោកបន្តថា ខ្ញុំគិតថានាពេលអនាគតសំណង់ខុនដូ នឹងមានទីផ្សារល្អ ប្រសើរ ធៀបនឹងបច្ចុ​ប្ប្បន្ននៅពេលប្រជាជនកាន់តែមានការយល់ដឹង ទាក់ទងនឹងវិស័យនេះកាន់តែច្រើន”៕