គំរោងសាងសង់ផ្សារទំនើប AEON MALL 3 នៅផ្លូវ៦០ម៉ែត្រ កំពុងជួយគំរោងអភិវឌ្ឍន៍នៅតំបន់នេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ព៌តមានទាក់ទងនឹងការសាងសង់ផ្សារទំនើប AEON MALL៣ បាននិងកំពុងធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃ និងជួយធ្វើឲ្យគំរោងអភិវឌ្ឍន៍នានា នៅក្បែរតំបន់​នេះទទួលបានផលប្រយោជន៍ផងដែរ។

តាមប្រភពព៌តមានច្បាស់ការណ៍បានឲ្យដឹង កាលពីព្រឹកថ្ងៃទី១៨ មិថុនានេះថា ក្រុមហ៊ុនAEON MALL Groupបានចាប់ផ្តើមទិញដីនៅលើដងផ្លូវ៦០ម៉ែត្រ ឬមហាវិថី សម្តេចតេជោហ៊ុន សែនប៉ុន្មានឆ្នាំមកហើយ ពោលគឺក្រុមហ៊ុននេះបានទិញដីនៅតំបន់នេះ តាំងពីដីមានតម្លៃចន្លោះពី៥០០ ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េម្លេះ ខណៈបច្ចុ​   ប្បន្នដីនៅតាមបណ្តោយផ្លូវនេះ មានតម្លៃខ្ទង់ពាន់លានដុល្លាររួចហើយក្នុងមួយម៉ែត្រការ៉េ។

បើតាមលោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន AEON MALL GROUPបានទិញដីក្នុងតម្លៃរហូតដល់ជាង១០០លានដុល្លារនៅតំបន់នេះ ដើម្បីសាងសង់ផ្សារទំនើបរបស់ខ្លួន ដែលនេះជាគំរោងវិនិយោគដ៏ធំមួយទៀតរបស់ក្រុមហ៊ុនជប៉ុន ហើយផ្សារទំនើបទី៣នេះអាចមានទំហំ​ជាងផ្សារទំនើប AEON MALL1 និង AEON MALL2 ផងដែរ។

​​លោកឧកញ៉ាបានបន្តថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។លោកបន្តថា “អ្នកវិនិយោគជប៉ុន ពួកគេមិនងាយចូលទៅវិនិយោគនៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងបរិស្ថានវិនិយោគដែលអាចផ្តល់ភាព​កក់ក្តៅដល់ពួកគេហើយ”។

តាមប្រព៌តមានមានមួយទៀតបានបង្ហើមថា ទីតាំងសាងសង់ផ្សារទំនើប AEON​MALL3 ស្ថិតនៅភាគខាងត្បូងបុរីប៉េង ហួរប្រមាណ១គីឡូម៉ែត្រ និងស្ថិតនៅស្របតាម​បណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន។

ប្រធានផ្នែកលក់នៃបុរី VIP លោកយ៉ែន សុខលីនបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ភាគខាងត្បូងក្រុងភ្នំពេញកំពុងមានភាពរីកចម្រើនខ្លាំង ដោយសារគំរោងវិនិយោ​គធំៗជាច្រើនបានឆ្ពោះទៅតំបន់នេះ ហើយគំរោងអភិវឌ្ឍន៍ជាច្រើន ពិសេសបុរីនានាដែលមានទីតាំងនៅជិតតំបន់នេះ ក៏កំពុងទទួលបានផលប្រយោជន៍ពីគំរោងធំៗ នៅតំបន់នេះផងដែរ។ លោកបន្តថា តម្លៃដីនិងលំនៅដ្ឋាននៅតំបន់នេះកំពុងកើនឡើងតម្លៃ និងមានតម្លៃកើនឡើងបន្ថែមទៀតនាពេលអនាគត។

លោកបន្តថា “ប្រជាពលរដ្ឋដែលមានបំណងទិញផ្ទះមានតម្លៃមធ្យម ពួកគេអាចសិក្សាពីគំរោងVIP ដែលផ្តោតលើគុណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ”។លោកបន្តថា “តម្លៃលំនៅដ្ឋាននៅតំបន់នេះ នឹងឡើងថ្លៃខ្ពស់នាពេលអនាគត ក្រោយពេលគំរោងអភិវឌ្ឍន៍ធំៗនៅតាមបណ្តោយផ្លូវ២៧១ ដូចជាគំរោង The Park Land របស់ក្រុមហ៊ុនជីព ម៉ុងសាងសង់ និងផ្សារទំនើប AEON MALL៣ ដំណើរការនាពេលខាងមុខ។

លោកយ៉ែន សុខលីនបានបន្តថា តំបន់ភាគខាងត្បូង ឈៀងខាងលិចក្រុងភ្នំពេញ​កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង និងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាង​រសរវើកនាពេលអនាគត ដោយសារតំបន់នេះមិនសូវមានរោងចក្រ សហគ្រាសនានាបំពុលផ្សែង ធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស និងបរិស្ថានទេ។ លោកបន្តថា អតិថិជនដែលមានបំណងទិញលំនៅដ្ឋានក្នុងបុរីVIP នឹងទទួលបានលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយបង់មួយខែអាចបង់ប្រាក់ចន្លោះពី១៦៨ដុល្លារ ដល់៣៥១ដុល្លារប៉ុណ្ណោះ នឹងទទួលបាន​លំនៅដ្ឋានដ៏ស្រស់ស្អាតសម្រាប់រស់នៅ ជាមួយសហគមន៍ដ៏រីករាយ៕

ស្វែងយល់ពីអាស៊ី! មហាយក្សចិនសាងសង់ទីស្នាក់ការទូរទស្សន៍ខ្ពស់បំផុតលើលោក

0

ដោយ : វុត្ថា
ភ្នំពេញ : មហាយក្សចិនគឺជាប្រទេសកុម្មុនីស្តមែន តែសម្បូរទៅដោយប្រព័ន្ធផ្សព្វ​ផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយភាសាជាតិ និងអន្តរជាតិល្បីល្បាញជាច្រើនកំពុងទាក់ទាញអ្នកទស្សនា និងអានពីសំណាក់ចូលចិត្តតាមដានព័ត៌មាន នៅទូទាំងសកលលោកដែលមិនអាចមើលរំលងបាន។


គេហទំព័រ propertyarea.asia នឹងលើកយកទីស្នាក់ការធំរបស់ប្រព័ន្ធផ្សាយរបស់ចិនមួយយកមកចុះផ្សាយ ដើម្បីគ្រាន់បានស្វែងយល់ និងភាពអស្ចារ្យប៉ុណ្ណាសម្រាប់មហាយក្សចិននោះ គឹទីស្នាក់ការកណ្តាលទូរទស្សន៍ល្បីល្បាញ ខ្ពស់កប់ពពកនៅលើពិភពលោកគឺ CCTV ។
ទីស្នាក់កណ្តាលរបស់ទូរទស្សន៍ CCTV ជាគារខ្ពស់កប់ពពកមួយដែលមានកំពស់ ២៣៤ ម៉ែត្រ និង៤៤ជាន់ស្ថិតនៅក្នុងទីក្រុង Beijing របស់ប្រទេសចិន រដ្ឋធានីរបស់ប្រទេសចិន។
អគារនេះគ្រប់គ្រង និងទីស្នាក់របស់ក្រុមហ៊ុន China Media Group ដែលកាលពីមុនជាអគារទូរទស្សន៍កណ្តាលរបស់ចិន (China Central Television Building) ។ អគារដ៏អស្ចារ្យនេះ ចាប់ផ្តើមបុកគ្រឹះសាងសាង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៤ និងបញ្ច​ប់​នៅឆ្នាំ២០១២។
អគារនេះ ទីស្នាក់ការកណ្តាលរបស់ទូរទស្សន៍CCTVនេះ ត្រូវបានទទួលពានរង្វាន់អគារដ៏អស្ចារ្យក្នុងឆ្នាំ២០១៣ (2013 Best Tall Building Worldwild) ពីក្រុមប្រឹក្សាអា គារខ្ពស់ និងលំនៅដ្ឋានប្រជុំជន (Coulcil on Tall Building and Urban Habitat)។


ស្ថាបត្យករសាងសង់អាគារនេះ គឺលោក Rem Koolhaas និងលោក Ole Scheeren នៃក្រុមហ៊ុនOMA ជាអ្នកទទបន្ទុកនៃការសងសង់ ខណៈលោក Cecil Balmond និងលោក Arup ជាអ្នកគូប្លង់ស្ថាបត្យកម្មអគារនេះ។
នៅក្នុងអគារនេះ មានទាំងស្ទីតយោផលិតកម្មវិធី កន្លែងផ្សាយចេញ។ កន្លែងធ្វើការ កន្លែងលំហែកាយ រោងភាពយន្ត និងភោជនីយដ្ឋានល្បីជាដើម។ អគារនេះ ត្រូវបាគេចំណាយថវិការសាងសង់អស់ចំនួន១៦លានដុល្លារសហរដ្ឋអាមេរិក៕

Century21 Cambodia ទទួលបានជោគជ័យនៅប្រទេសចិន

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ថ្នាក់ដឹកនាំនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បានទទួលជោគជ័យពីដំណើរទស្សនកិច្ចសិក្សា ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន Century21 នៅប្រទេសចិន។
ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមពីថ្ងៃទី១១ ដល់១៨ មិថុនានេះ ដោយថ្នាក់ដឹក​នាំក្រុមហ៊ុន Century21 Cambodiaបានទៅទស្សនកិច្ចនៅខេត្តស៊ាមិន ទីក្រុងហាងចូវ ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង។


អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងទី១៨ មិថុនានេះថា ដំណើរទស្សនកិច្ចសិក្សាស្វែងរកការសហការ ដើម្បីចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ និងទាក់​ទាញការវិនិយោគពីប្រទេសចិនមកកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង ព្រោះយើងទទួលបាននូវការចែករំលែកបទពិសោធន៍ និងឳកាសផ្សព្វផ្សាយពីសក្តានុពលវិនិយោគ​នៅកម្ពុជាកាន់តែច្រើនដល់អ្នកវិនិយោគ និងក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសចិន។
អ្នកនាងបន្តថា “យើងមិនត្រឹមតែអាចទទួលបានបទពិសោធន៍នោះទេ ប៉ុន្តែយើង​ក៏បានរៀនសូត្រពីអាថ៌កំបាំងនៃភាពជាអ្នកដឹកនាំ និងអាថ៌កំបាំងនៃភាពជោគជ័យក្នុងការដឹកនាំក្រុមហ៊ុនផងដែរ”។អ្នកនាងបន្តថា “ក្រុមហ៊ុនមួយដែលជោគជ័យ មិនអាស្រ័យលើកេរ្ត៍ឈ្មោះក្រុមហ៊ុននោះទេ តែក៏អាស្រ័យលើភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រងល្អផងដែរ”។

 poP
ក្រុមហ៊ុន Century21 ត្រូវបាននាំចូលទៅកាន់ប្រទេសចិនរយៈពេល២៨ឆ្នាំមកហើ​យ និងបច្ចុប្បន្នមានការិយាល័យសរុបជិត១០ម៉ឺន ការិយាល័យនៅទូទាំងប្រទេសចិន។
អ្នកនាង Grace Rachny Fong បានបន្តថា “ដំណើរទស្សនកិច្ចនេះ គឺជាឳកាសសម្រាប់ប្រទេសទាំងពីរ អ្នក​វិនិយោគប្រទេសទាំងពីរ អាចស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរថែមទៀតនាពេលអនាគត”៕

ដំណឹងល្អ : ការរៀបចំការងារបច្ចេកទេសឈានទៅសាងសង់អាគារពាណិជ្ជកម្មភ្លោះកប់ពពកបានចាប់ផ្តើមហើយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ទីបំផុតដំណើរការឈានទៅបុកគ្រឹះសាងសង់ អាគារពាណិជ្ជកម្មភ្លោះខ្ពស់​ជាងគេក្នុងតំបន់បានចាប់ផ្តើមហើយ ជាមួយនឹងការរៀបចំការិយាល័យធ្វើការ និងការនាំ​ចូលនូវគ្រឿងសំណង់នានាចូលក្នុងការដ្ឋាននេះ។


លោកសាស្រ្តាចារ្យ ទួស សាភឿន មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងជាស្ថាបត្យករចូលរួមគូរប្លង់អាគារដ៏ខ្ពស់នេះ បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការសាងសង់ជញ្ជាំងបុកគ្រឹះទប់ដី គ្រោងចំណាយពេល១៦ខែ ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់ឲ្យបាន​ចប់មុនកាលកំណត់ ស្របពេលការរៀបចំឧបករណ៍គ្រឿងចក្រពីប្រទេសចិនកំពុងដំណើ​រការ ប៉ុន្តែមិនទាន់នាំមកដល់កម្ពុជានៅឡើយទេ ប៉ុន្តែនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “ការនាំគ្រឿងសំណង់ចូលការដ្ឋានសាងសង់ ដែលស្ថិតនៅអតីតសួន​កំសាន្តឌ្រីមលែនដ៏បានធ្វើរួចហើយ ហើយយើងកំពុងរៀបចំការិយាល័យសម្រាប់ការងារ​បច្ចេកទេសបានធ្វើរួចហើយ”។លោកបន្តថា “ជាមួយនេះយើងក៏បានសិក្សាការដ្ឋាននិងទីតាំងត្រូវសាងសង់អាគារនេះចប់រួចរាល់ផងដែរ”។
ប៉ុន្តែទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ឲ្យដឹង ពីការបើកការដ្ឋានសាងសង់អាគារនេះនៅពេលណានៅឡើយទេ។


លោកសាស្រ្តាចារ្យ ទួស សាភឿន បានឲ្យដឹងទៀតថា តាមគំរោងអាគារនេះនឹងសាងសង់កំពស់៥៦១ម៉ែត្រ និងមានអង់តែនកំពស់២៨ម៉ែត្របន្ថែមទៀត ដែលធ្វើឲ្យអា​គារនេះក្លាយជាអាគារពាណិជ្ជកម្មភ្លោះ កប់ពពកខ្ពស់ជាងគេក្នុងតំបន់អាស៊ាន និងពិភព​លោក ព្រោះរហូតមកទល់ពេលនេះបណ្តាប្រទេសនានា បានសាងសង់អាគារខ្ពស់កប់ពពក មានលក្ខណៈជាអាគារទោលប៉ុណ្ណោះ។លោកបន្តថា តាមការសិក្សាជាថ្មី ការចំណា​យសាងសង់អាគារនេះ នឹងកើនទឹកប្រាក់ជាង៣០០០លានដុល្លារអាមេរិក និងថវិកាប្រ​មាណ៣០០០លានដុល្លារទៀត នឹងត្រៀមសម្រាប់ជួយធ្វើឲ្យអាគារលំដាប់ពិភពលោកនេះដំណើរការដោយរសរវើក បន្ទាប់ពីសាងសង់ចប់និងដាក់ឲ្យដំណើរការ។


ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​នេះដែលមានទីតាំងនៅទល់មុខសណ្ឋា​គារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បា​នថ្លែងថា​ ការសាងសង់អាគារដ៏ធំនេះជារឿងល្អមួយ ប៉ុន្តែបើគិតពីទំហំសេដ្ឋ​កិច្ច និងពាណិ​ជ្ជកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ទំហំមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ វាហាក់ធំពេក ប៉ុន្តែបើគិតពីការរីកចម្រើននៃសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មកម្ពុជា​សម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអាគារនេះមិនធំនោះទេ។
អ្នកនាងបន្តថា “វាជាមោទនភាពសម្រាប់កម្ពុជា បើសិនជាអាគារនេះសាង​សង់បានដោយជោគជ័យ”៕

ដំណឹងល្អៈ សមាគមអចលនទ្រព្យថ្មីមួយត្រូវបានបង្កើតឡើងស្របពេលវិស័យនេះកំពុងរីកចម្រើន

1

ដោយគង់ សូរិយា

ភ្នំពេញ: សមាគមអចលនទ្រព្យថ្មីមួយបានបង្កើតឡើង ស្របពេលវិស័យនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងនាំមុខមាត់កម្ពុជាទៅកាន់លំដាប់ថ្មីមួយ ក្រោមការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

សមាគមថ្មីនេះ មានការផ្តល់កិត្តិយសពីលោកជំទាវ ហ៊ុន សេងនី ឈរឈ្មោះជាប្រធានកិត្តិ​យស លោកស្រី ស៊ ធីតា ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកមាស វាសនាជាអនុប្រធានក្រុមប្រឹក្សាភិបាល។

លោក មាស វាសនា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៧មិថុនានេះថា សមាគមនេះ បានទទួលការអនុញ្ញាត្តពីក្រសួងមហាផ្ទៃរួចហើយ។ សមា​គម​នេះ ត្រូវបានដាក់ឈ្មោះជា “សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា”។ លោកបន្តថា ការបង្កើតសមាគមនេះឡើង ក្នុងគោលដៅជម្រុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ទៅកាន់កម្រិតថ្មីមួយទៀត និងដើរតួនាទីជាសមាគមជាតិ ដែលសហការជាមួយរដ្ឋាភិបា​លក្នុងសម្លេងតែមួយ ដើម្បីជម្រុញឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព និងទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិ មកវិនិយោគកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។

លោកបន្តថា “សមាគមអ្នកជំនាញអចលនទ្រព្យ នឹងធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុង និងក្រៅតំបន់ ដូចជា ប្រទេ​សចិន សឹង្ហបុរី កូរ៉េ និងជប៉ុនជាដើម”។​ លោកបន្តថា”ជាមួយគ្នានេះ សមាគមនឹងធ្វើការជិតស្និទ្ឋជាមួយ អ្នកវិនិយោគជាតិ អន្តរជាតិនៅកម្ពុជា ក្នុងគោលដៅផ្តល់សុខនីយកម្មក្នុងវិស័យនេះ ក៏ដូចជាផ្តល់នូវកាលានុវត្តន៍ភាពថ្មីមួយ សម្រាប់ប្រទេសកម្ពុជា និងផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ”។

លោក មាស វាសនា បានបន្តថា លើសពីនេះ យើងនឹងធ្វើការជិតស្និទ្ឋជាមួយអ្នកវិនិយោ​គ​ជាតិ អន្តរជាតិ ជាការផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជាផង និងជាការទាក់ទាញការវិនិយោគ និងពង្រីកការវិនិយោគថ្មីៗផង ខណៈទុនវិនិយោគក្នុងវិស័យនេះមានទំហំទឹកប្រាក់ជាង៦៤០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

លោកបន្តថា លោកជឿជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំដែលសម្រេចបានជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ព្រមទាំងច្បាប់វិនិយោគដ៏ទាក់ទាញ ដែលអនុញ្ញាត្តឲ្យអ្នកវិនិយោគបរទេសកាន់កាប់ភាគហ៊ុន១០០ភាគរយនៅកម្ពុជា នឹងជាកត្តាជម្រុញឲ្យវិស័យនេះ និងកេរ្ត៍ឈ្មោះកម្ពុជានឹងលេចត្រដែតបន្ថែមទៀតនៅក្នុងកម្រិតតំបន់ និងពិភពលោក៕

ភ្ញាក់ផ្អើលៈ Chip Mong Landបង្ហាញគំរោងធំមួយនៅជាយក្រុងភ្នំពេញ

0

ដោយដែន ចែងចាំង

ភ្នំពេញ: ក្រុមហ៊ុនដែលមានបណ្តាញអាជីវកម្មចម្រុះ Chip Mong Groupបានបង្ហាញគំរោងអភិវឌ្ឈន៍ដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដី៤២ហិកតា ស្ថិតនៅក្នុងតំបន់ជាយក្រុងភ្នំពេញ។

គំរោងនេះមានឈ្មោះដឹ លែនម៉ាក271 ដែលជាគម្រោងដ៏ប្រណីតមួយរបស់ ជីប ម៉ុង លែន ស្ថិតនៅបណ្ដោយផ្លូវ 271កែង371​ ជាតំបន់ដែលហ៊ុមព័ទ្ធទៅដោយសក្តានុពលភាពនៃសេដ្ឋកិច្ចរបស់ទីក្រុងភ្នំពេញ។

តាមប្រភពព៌តមានពីក្រុមហ៊ុននេះបានឲ្យដឹងថា នេះជាគម្រោងអភិវឌ្ឍន៍បែបចម្រុះកណ្តាលទីក្រុងភ្នំពេញដែលរួមមានលំនៅដ្ឋានឯកជនលំដាប់ខ្ពស់ ផ្សារទំនើបខ្នាតអន្តរជាតិសណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូ អាជីវកម្មតាមដងវិថី ក្លឹបហាត់ប្រាណស្តង់ដារ សួនលំហែបៃតង​ និង សាលារៀនអន្តរជាតិ។ លើសពីនេះ នៅជុំវិញគម្រោងហ៊ុមព័ទ្ធទៅដោយគ្រឹះស្ថានសិក្សាទាំងជាតិ និងអន្តរជាតិ ដូចជាសាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាល័យបឹងត្របែក ព្រមទាំងបណ្តុំនៃធនាគារធំៗដូចជា ធនាគារ ABA ធនាគារ ANZ Royal ធនាគារ Canadiaធនាគារ Acleda  ផ្សារទំនិញជាដើម

មជ្ឈមណ្ឌលលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិនេះ នឹងបង្កើតឲ្យមានច្រកចេញចូលធំៗចំនួម៥ ដោយមិនបារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំនើរ និងប្រកបអាជីវកម្ម

អស្ចារ្យៈក្រុមហ៊ុនយក្សមួយរបស់ចិនសម្ភោធមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកមួយទៀតនៅភ្នំពេញ

0

ដោយគង់ សូរិយា
​ភ្នំពេញ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន បានប្រកាសគំរោងសា​ង​សង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ពិភពលោកថ្មីមួយនៅទីក្រុងភ្នំពេញ ដែលគំរោងនេះរួមបញ្ចួលនូវការសាងសង់អាគារខ្ពស់ៗកប់ពពកចំនួន២២អាគារ។


យោងតាមប្រភពព៌តមានពីក្រុមហ៊ុនYue Tai Cambdoiaបានឲ្យដឹងថា គំរោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Yue Tao Cambodia ដោយដាក់ឈ្មោះគំរោងរបស់ខ្លួនថា Phnom Penh Harborជាគំរោងដែលមានការប្រើប្រាស់ចម្រុះ ដូចជា លំនៅដ្ឋាន ការិយាល័យ ផ្សារទំនើប សណ្ឋាគារជាដើម។ គំរោងនេះបានធ្វើពិធីសម្ភោធនិងប្រកាសសាងសង់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។


គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ នឹងសាងសង់នៅទីតាំងកំពង់ផែអន្តរជាតិភ្នំពេញ ឬផែថ្ម រហូតដល់ស្ពានជ្រោយចង្វារ។


គំរោងដ៏អស្ចារ្យនេះមានផញទៃក្រឡាទំហំជាង១១៨ ៦៨៧ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនទាន់បង្ហាញពីទំហំនៃទុនវិនិយោគនៅក្នុងគំរោងនេះមានទឹកប្រាក់ប៉ុន្មានពាន់លានដុល្លារ ចាប់ផ្តើមសាងសង់និងបញ្ចប់ពេលណានៅឡើយទេ។


ព៌តមានលំអិត Propertyarea.asia នឹងបញ្ជាក់ជូននៅពេលក្រោយទៀត៕

អ្នកវិនិយោគអចលនវត្ថុគួរផ្ទៀងផ្ទាត់ព៌តមានដូចម្តេចដើម្បីកុំឲ្យក្លាយជាអ្នករងគ្រោះ?

0

ដោយដែន ចែងចាំង
​ភ្នំពេញ ៖​ នៅពេលដែលអ្នកវិនិយោគ ដោយមិនមានព៌តមានក្នុងដៃ ការវិនិយោគអចលនទ្រព្យរបស់អ្នកអាចរងហានិភ័យខ្ពស់ ហេតុនេះការសិក្សានិងស្វែងយល់ពីព៌តមានឲ្យបានគ្រប់ជ្រុងជ្រោយមានសារៈសំខាន់ណាស់ ដើម្បីការវិនិយោគរបស់ខ្លួនប្រាស​ចាកហានិភ័យ។​

​ជាមួយនឹងព៌តមានកាន់តែមានភាពពិបាកគ្រប់គ្រង លើបណ្តាញទំនាក់ទំនងសង្គ ម ព៌តមានមួយចំនួនអាចពិត និងមួយចំនួនជាព៌តមានពិត ហេតុនេះការសិក្សា វិភាគពិចារណាឲ្យបានច្បាស់លាស់ពិតជាមានសារៈសំខាន់។

អ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោកង៉ែត ជូបានថ្លែងឲ្យដឹងតាមទូរ​ ស័ព្ទកាលពីពេលថ្មីៗនេះថា នៅក្នុងវិស័យនេះ មានការបំពុលព៌តមានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគំរោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បី ទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឲ្យពួកគេលក់គំរោងរបស់ពួកគេឆាប់ដាច់។

លោក​បន្តថា ជាក់ស្តែងយើងឃើញគំរោងព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាលជាឧទាហរណ៍ស្រាប់ ដែលរដ្ឋាភិបាលបានប្រកាសសាងសង់ ហើយមានអ្នកខ្លះបានប្រើប្រាស់លុយធនាគារទៅទិញ ដើម្បីលក់យកចំណេញ ប៉ុន្តែបច្ចុប្បន្នគំរោងនោះបានស្ងប់ស្ងាត់ ចលនា​នៃការទិញលក់ដីធ្លីក៏ស្ងប់ស្ងាត់នៅតំបន់នោះ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនប្រឈមមុខនឹងហានិភ័យ។

​លោកបន្តថា “ហេតុនេះមុនសម្រេចចិត្តវិនិយោគ ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រមូលព៌តមានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ”។លោកបន្តថា “នៅពេលយើងមិនសូវស្វែងយល់សិក្សា​រៀនសូត្រ និងតាមដានព៌តមានជាក់លាក់ នឹងធ្វើឲ្យយើងវិនិយោគរបស់យើងមាន​ហានិភ័យខ្ពស់”។

​លោកង៉ែត ជូបានបន្តថា ការសិក្សារៀនសូត្រ និងប្រមូលព៌តមានបានត្រឹមត្រូវ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងអាចកាត់បន្ថយឬបញ្ចៀស​បាននូវហានិភ័យ ជាជាងយើងវិនិយោគបែបប្រថុយប្រថាន ព្រោះការវិនិយោគពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ៕

ស្វែងយល់ពីអាស៊ី! តោះទៅមើលស្ថាបត្យកម្មចិនដ៏អស្ចារ្យសម្រាប់សតវត្សរ៍ទី២១

0

ដោយ​វុត្ថា
ភ្នំពេញ៖ មហាយក្សចិនមានស្ថាបត្យកម្មសំណង់យ៉ាងទំនើប និងអស្ចារ្យនៅក្នុងពិ​ភ​ពលោក ដោយមានអគារខ្ពស់កប់ពពក និងអគារចំឡែកៗជាច្រើន និងទាក់ទាញបំផុតសម្រាប់ជាអំណួតពីកិត្យានុភាពយក្សអាស៊ី ទៅកាន់ពិភពលោក។

គេទំព័រwww.propertyarea.asia ដែលជាគេហទំពរល្បីល្បាញខាងចុះផ្សាយអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស នឹងបន្តលើកយកអគារដ៏អស្ចារ្យថ្មីមួយទៀត យកមកបង្ហាញជូន លោក អ្នក ដើម្បីគ្រាន់បានជាចំណេះដឹងមូលដ្ឋាន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនោះគឺអគារដែលមានរាងមូល ឬGuangzhou Circle។

អគារGuangzhou Circleជាអគារដ៏អស្ចារ្យមួយស្ថិននៅក្នុង ទីក្រុងGuangzhou នៃខេត្ត Guangdong របស់ប្រទេសចិន។អគារដែលមានរៀងមូលដូចនំកងនេះ ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Hongda Xingye Group និងជាការិយាល័យថ្មីនៃមជ្ឈ​មណ្ឌលប្តូរប្រាក់ក្វាងទុង (GDPE) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុត ធ្វើឡើងពីវត្ថុធាតុដើមប្លាស្ទិច ដែលមានទឹកប្រាក់ជាង២៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ (២០១២) ។


អគារនេះមានកម្ពស់១៣៨ម៉ែត្រ និង៣៣ជាន់ និងសាងសង់នៅលើទំហំផ្ទៃដីចំនួន ៨៥.00ក្រឡា។ ស្ថាបត្យកម្មដល់កំពូលនេះ ត្រូវបានរចនាប្លងឡើងដោយស្ថាបត្យករជនជាតិអ៊ីតាលី លោកJoseph di Pasquale។


អគារនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hongda Xingye Group ដែលបានបោះទុនវិនិយោគអស់ទឹកប្រាក់ចំនួន៧០លានដុល្លារ។ អគារដ៏អស្ចារ្យនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Guangzhua និងនៅជាប់ច្រាំងទន្លេគុជខ្យង (Pearl River)។
អាគារនេះគឺស្រដៀងទៅនឹងអគាររាងជារង្វង់មួយផ្សេងទៀត នៅទីក្រុងសេនយ៉ាង ថ្វីបើមិនដូចស្នូលក៏ដោយ តែស្នូលកណ្តាលអាគារនេះបើកចំហដោយគ្មានកញ្ចក់។ វាគឺជាអគារដែលមានរាងជារង្វង់ខ្ពស់បំផុតនៅលើពិភពលោក និងមានលក្ខណៈពិសេសតែមួយគត់​ ដែលមានទទឹងជិត៥០ ម៉ែត្រនៅកណ្តាលនៃអគារ។
ការរចនាប្លង់នេះ ផ្តោតទៅលើទស្សនវិទ្យា និងការយល់ដឹងពីទិសខាងលិចដែលបានរកឃើញនៅក្នុងការប្រើនិមិត្តសញ្ញាឡូហ្គោនចិន ក្នុងការសរសេរសម្រាប់បំផុសគំនិត។ ការពិតអាគារនេះត្រូវបានគេហៅថា ” urban ideogram “។


នៅក្នុងឆ្នាំ២០១៤ ទូរទស្សន៍CNN បានចុះផ្សាយពីអគារនេះថា ជាអគារមួយក្នុងចំណោមអាគារ ដែលគួរឱ្យចាប់អារម្មណ៍បំផុតទាំង១០នៅទូទាំងពិភពលោក៕

អ្នកជំ​នាញថា ទោះបីសង់ ឬមិនសង់ព្រលានយន្តហោះ ក៏ដីនៅស្រុកកណ្តាលស្ទឹងនៅតែល្អសម្រាប់ពេលអនាគត

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេលព៌តមានទាក់ទង នឹងការសាងសង់ព្រលានយន្តហោះថ្មីកំពុង ក្តៅគគុក អ្នកជំនាញផ្នែកអចលនទ្រព្យកម្ពុជាបានអះអាងថា ទោះបីគម្រោងព្រលានយន្ត​ហោះនេះលេចចេញរូបរាង ឬអត់ ក៏តម្លៃដីធ្លីនៅស្រុកកណ្តាលស្ទឹងនៅតែមានតម្លៃល្អនា​ពេលអនាគត។

អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការសាងសង់ព្រលានយន្តហោះ ជាការពិបាកមួយ វាពិបាកជាងសាងសង់ចំណតឡាន ឬផ្សារទំនើបនានា ជាក់ស្តែងនៅប្រទេសម៉ិកស៊ិកកូ មានព្រលានយន្តហោះមួយបាន​ប្រកាសសាងសង់នៅឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៤ ទើបបានប្រកាសថានឹងបញ្ចប់នៅឆ្នាំ២០២០ ដែលចំណាយពេលសាងសង់អស់១៩ឆ្នាំ។ លោកបន្តថា ថ្មីៗនេះនៅប្រទេស​ឥណ្ឌូនេស៊ី ដែលគ្រោងសាងសង់ព្រលានយន្តហោះមួយឈ្មោះ New North Bali ប៉ុន្តែក្រោយមកបានលុបចោល។

លោកបន្តថា “ដូចគ្នានេះដែរព្រលានយន្តហោះ នៅស្រុកកណ្តាលស្ទឹង ពិតជាត្រូវ​ការពេលវេលាក្នុងការសិក្សា ហេតុនេះខ្ញុំសូមបញ្ជាក់ប្រាក់អ្នកវិនិយោគជាតិ អន្តរជាតិថា  រដ្ឋាភិបាលមានគម្រោងវិនិយោគព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង មិនមែនជាការជំរុញឲ្យអ្នកវិនិយោគទិញដីទុកយកចំណេញទេ គឺរដ្ឋាភិបាលចង់បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។លោកបន្តថា “រដ្ឋាភិបាលជំរុញការដឹកជញ្ជូន ព្រោះកាលណាការដឹកជញ្ជូនបានច្រើន និងមានតម្លៃទាបវានឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង”។

លោកឃាង ពុទ្ឋីបានបន្តថា ហេតុនេះការទិញដី និងតម្លៃដីនៅស្រុកកណ្តាលស្ទឹង មិនមានហានិភ័យអ្វីនោះទេ ព្រោះមានទីតាំងនៅជិតរាជធានីភ្នំពេញ ដូច្នេះឧទាហរណ៍ថាព្រលានយន្តហោះនេះសាងសង់ក៏ល្អ ឬមិនសាងសង់ក៏មិនបញ្ហានោះទេ ព្រោះនៅតំបន់​នេះមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ គឺមហាវិថីសម្តេចតេជោហ៊ុន សែន ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ហើយបើរដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ក្រុងទីបី ភ្ជាប់ទៅតំបន់​នោះ គឺតម្លៃដីនៅទីនោះ នឹងកើនឡើងខ្ពស់បន្ថែមទៀត។

លោកបន្តថា “តំបន់នោះបើមិនសាងសង់ព្រលានយន្តហោះ តំបន់នោះអាចក្លាយជាតំបន់លំនៅដ្ឋាន និងឧស្សាហកម្មនានា ព្រោះតំបន់នោះមានចម្ងាយប្រមាណ ១០គីឡូ​ម៉ែត្រពីផ្លូវជាតិលេខ៣”។

លោកពុទ្ឋីបានបន្តថា នេះអាចជាបទពិសោធន៍មួយ សម្រាប់អ្នកវិនិយោគវិស័យអចលនវត្ថុ ព្រោះកុំលឺគំរោងអ្វីមួយប្រកាសនាំគ្នាជ្រួលច្របល់ ដោយសារតម្លៃអចលនវត្ថុឡើងថ្លៃ គឺមានកត្តាជាច្រើន មិនមែនតែកត្តាហេដ្ឋារចនាសម្ព័ន្ឋទេ គឺទី១ ទាក់ទងនឹងកំនើនប្រជាសាស្រ្ត ទី២ កំនើនសេដ្ឋកិច្ច ទី៣ កត្តាសន្តិភាព ស្ថិរភាពនយោបាយ ទី៤ គោលនយោបាយរបស់រដ្ឋាភិបាល និងគំរោងហេដ្ឋារចនាសម្ព័ន្ឋនានា និងទី៥ អត្រាការប្រាក់តាមធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនានា៕