សណ្ឋាគារខ្ពស់ជាងគេតំបូងគេនៅរាជធានីភ្នំពេញបានប្តូរឈ្មោះហើយ

0

ដោយគង់ សូរិយា
​ភ្នំពេញ សណ្ឋាគារកម្រិតផ្កាយប្រាំ ខ្ពស់ជាងគេលើកតំបូងនៅរាជធានីភ្នំពេ ញIntercontinental Hotel បានសម្រេចប្តូរឈ្មោះជាផ្លូវការហើយ ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៨នេះ។


​សណ្ឋាគារកំពស់១៥ជាន់ និងបានប្រើប្រាស់Franchise លំដាប់ពិភពលោ​កគឺIntercontinental រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ បានប្តូរមកជាឈ្មោះសណ្ឋាគារGreat DUKEវិញ។ សណ្ឋាគារនេះ មានទីតាំងនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីរ៉េត និងមហាវិថីម៉ៅ សេទុង ពោលគឺស្ថិតនៅភាគខាងត្បូងផ្សារដើមគរ សព្វថ្ងៃនេះ។


​នាយកផ្នែកលក់នៃសណ្ឋាគារនេះកញ្ញាសេង គីមស័របានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ មករានេះថា សណ្ឋាគារនេះបានសម្រេចប្តូរឈ្មោះចាប់ពីថ្ងៃទី១ កុម្ភៈខាងមុខនេះ ដោយម្ចាស់សណ្ឋាគារនេះបានសម្រេច​ប្រើប្រាស់ឈ្មោះ ដែលបង្កើតដោយខ្លួនឯង ប៉ុន្តែសេវាកម្មទាំងអស់នៅសណ្ឋាគារកម្រិតផ្កាយប្រាំដ៏ប្រណីតនេះ គឺរក្សានៅដដែល និងរក្សាបាននូវសន្តិសុខ និងសេវាកម្មពេញលេញដូចពីមុន។

​កញ្ញាបន្តថា “ខ្ញុំគិតថាការប្តូរឈ្មោះនេះ មិនប៉ះពាល់ដល់អាជីវកម្មសណ្ឋា​គារនេះនោះទេ ព្រោះគ្រប់សេវាកម្មនៅតែរក្សាគុណភាពដើម និងមានលក្ខណៈពិសេសដែលច្នៃប្រឌិតឡើងដោយអ្នកវិនិយោគសណ្ឋាគារនេះ”។កញ្ញាបន្តថា “អ្វី​
ដែលយើងផ្តោតខ្លាំងនៅទីនេះ គឺសេវាកម្មសន្តិសុខ និងសេវាកម្មផ្សេងៗទៀតជាសេវាកម្មលំដាប់ពិភពលោក ដើម្បីផ្តល់ឲ្យអ្នកស្នាក់នៅមានផាសុខភាព និងទទួ​លអារម្មណ៍ថា ការស្នាក់នៅសណ្ឋាគារនេះ ទទួលបាននូវបទពិសោធន៍ដ៏ល្អ សម្រាប់ជីវិត”។

​សណ្ឋាគារនេះបានបើកដំណើរការកំឡុងឆ្នាំ១៩៩៥ ឬ១៩៩៦ សណ្ឋាគារនេះមានកំពស់១៥ជាន់ និងមានបន្ទប់សរុបចំនួន៣៤៥បន្ទប់។

​ជាន់ក្រោមដីនៃសណ្ឋាគារនេះជាហាងលក់ទំនិញតូចៗ ជាន់ទី១ ជាភោជនី​យដ្ឋាន បន្ទប់ប្រជុំ កន្លែងទទួលភ្ញៀវ។ ជាន់ទី២ ជាការិយាល័យសម្រាប់ជួល និងជាទីតាំងសម្រាប់ប្រជុំធំ។ ជាន់ទី៣ ជាកន្លែងហាត់ប្រាណ អាងហែលទឹក និង​បន្ទប់ប្រជុំផងដែរ។ (មិនមានជាន់ទី៤) ចំណែកជាន់ទី៥ ជាអាផាតម៉ិន ដែលមាន​បន្ទប់ធំៗ សម្រាប់ជួល និងចាប់ពីជាន់ទី៦ដល់ជាន់ទី១៥ ជាបន្ទប់សណ្ឋាគារដែល​មានសរុបចំនួន៣៤៥បន្ទប់។

​លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សណ្ឋាគារនេះមានសេវាកម្មល្អប្រសើរ ហើយមានកេរ្ត៍ឈ្មោះល្អ ដោយសារសណ្ឋាគារនេះ អាចទទួលមេដឹកនាំពិភពលោកធំៗ ចូលរួមកិច្ចប្រជុំធំៗនៅរាជធានីភ្នំពេញ និងស្នាក់នៅក្នុងសណ្ឋាគារនេះ។ ហេតុនេះ គុណភាព សេវាកម្មសណ្ឋាគារនេះមានស្តង់ដាលំដាប់ពិភពលោក ដែលមានការទទួលខុសត្រូវនិងស្របតាមស្តង់ដាអន្តរជាតិ។

​នៅពេលសួរពីការប្តូរឈ្មោះសណ្ឋាគារនេះអាចប៉ះពាល់ដល់ទំនុកចិត្ត និងអាជីវកម្មសណ្ឋាគារនេះឬទេ លោកហូ វណ្ឌីបានបដិសេធមិនអត្ថាធិប្បាយ៕
​លោកធួន ស៊ីណានប្រធានសមគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការផ្លាស់ប្តូរឈ្មោះសណ្ឋាគារនេះ ប្រហែលមិនប៉ះពាល់ដល់អាជីវកម្ម​របស់ គាត់ធ្ងន់ធ្ងរនោះទេ ដោយសារសណ្ឋាគារនេះ ពឹងផ្អែកលើសេវាកម្មពីរដ្ឋាភិបាល​ច្រើន ប៉ុន្តែស្របពេលការប្រកួតប្រជែងកើនឡើង ក្នុងរាជធានីភ្នំពេញ អាចធ្វើឲ្យការលក់បន្ទប់មិន​បានតម្លៃដើមនោះទេ ព្រោះបើគាត់លែងប្រើប្រាស់ឈ្មោះIntercontinental ការលក់បន្ទប់អាចមានតម្លៃធ្លាក់ចុះជាងមុន៕

Xiamen Airline អាកាសចរណ៍ចិនធំមួយចាប់ផ្តើមហោះមកភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airline បានភ្ជាប់ការហោះហើរត្រង់ រវាងទីក្រុង​ Xiamen​ ប្រទេស​ចិន​មកកាន់រាជធានីភ្នំពេញជាសញ្ញាសុទិដ្ឋិនិយមសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវ​លីន បានថ្លែងឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃ ទី៣០ មករានេះថា ក្រុមហ៊ុននេះ បានសម្រេចបើកជើងហោះហើរមកកម្ពុជា កាលពីថ្ងៃទី២៨ មករាកន្លងមកនេះ ហើយបាន​បើក​សម្ភោធកាលពីល្ងាចថ្ងៃទី២៩ មករា។ លោកស្រីបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airline ជាក្រុមហ៊ុនធំមួយ ដែលមានបំរើសេវាកម្មពេញលេញ ដែលយើងជាវិស័យឯកជននឹងគាំទ្រសេវាកម្មរបស់គាត់។

លោកស្រីបន្តថា “ការមកដល់របស់ក្រុមហ៊ុននេះ នឹងនាំមកនូវអ្នក​​ទេសចរណ៍ចិន និងអ្នកជំនួញចិនកាន់តែច្រើនថែមទៀតនៅកម្ពុជា និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនថែមទៀត”។ លោកស្រីបន្ថែមថា “យើងរំពឹងថា ការហោះហើររបស់ក្រុមហ៊ុននេះ នឹងមាននិរន្តរភាព ហើ​យយើងនឹងគាំទ្រ និងជួយផ្សព្វផ្សាយពីអាកាសចរណ៍នេះ”។

តាមកាលវិភាគក្រុមហ៊ុននេះ នឹងហោះហើរត្រង់ពីទីក្រុង Xiamen មកកាន់ទីក្រុងភ្នំពេញ ចំនួន៤លើកក្នុងមួយសប្តាហ៍។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គលេខាធិកាសមាគមជាតិទេសចរណ៍កម្ពុជាបានថ្លែងថា តាម​រយៈ​យុទ្ឋសាស្រ្តបើកចំហជើង មេឃរបស់សម្តេចតេជោ វិស័យអាកាសចរណ៍នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ជាង៤០ក្រុមហ៊ុនហើយ ដែលបានភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា។លោ​កកបន្តថា តាមរយៈគោលនយោបាយនេះ ក៏ផ្តល់នូវកាលានុវត្តន៍ភាពដ៏សំខាន់ ដែលបានទាក់ទាញអ្នកវិនិយោគចិនជាច្រើន មកវិស័យនៅកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ និងវិស័យអចលវត្ថុជាដើម។

លោកបន្តថា “ការហោះហើរត្រង់នេះ ជាសញ្ញាល្អសម្រាប់កម្ពុជា​ហើយលោករំពឹងថា កម្ពុជានឹងសម្រេចទទួលបានភ្ញៀវទេសចរណ៍ចិន​២លាននាក់នៅឆ្នាំ២០២០ តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍​”។ លោកបន្តថា “ការតភ្ជាប់នេះ ជាការតភ្ជាប់តំបន់វប្បធ៌មនៃប្រទេ​សទាំងពីរ ដែលនឹងរួមចំណែកដល់ការអភិរ័ក្ស និងអភិវឌ្ឍន៍វប្បធ៌មផង​ដែរ”៕

ដំណឹងល្អ៖ អនាគត កម្ពុជានឹងតភ្ជាប់ផ្លូវគោកជាមួយប្រទេសឥណ្ឌា

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅក្នុងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាមួយតំបន់ និងពិភព លោក បណ្តាប្រទេសក្នុងតំបន់នានាកាន់តែខិតជិតគ្នាបន្ថែមទៀត ដែលនាពេលអនាគតនឹងមានផ្លូវហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងត្រូវតភ្ជាប់មកកម្ពុជា ។

ប្រមុខរដ្ឋាភិបាលកម្ពុជា និងឥណ្ឌាក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ របស់សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចប្រឹងប្រែងធ្វើការតភ្ជាប់ក្នុងតំបន់ ដូចជាផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងបានឯកភាពរិះរកលទ្ធភាព ដើម្បីពង្រីកបន្តផ្លូវហាយវ៉េនេះឲ្យមកដល់កម្ពុជា និងហួសពីកម្ពុជាទៅទៀត។

ផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គឺតភ្ជាប់ពីក្រុង Moreh ក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌារហូតដល់ក្រុង Mae Sot ប្រទេសថៃ ដោយឆ្លងកាត់ប្រទេ​សមីយ៉ាន់ម៉ា ហើយបើតាមគម្រោងផ្លូវហាយវ៉េនេះ នឹងពង្រីកដល់កម្ពុជា ឡាវ និងវៀតណាម។

រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌា លោក Nitin Gadkari បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផ្លូវហាយវ៉េឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងអាចដំណើរការបាននៅខែធ្នូ ឆ្នាំ២០១៩ ដែលផ្លូវប្រវែងប្រហែល១៤០០គីឡូម៉ែត្រនេះ ដែលនឹងជួយជំរុញដល់វិស័យពាណិជ្ជកម្ម សុខភាព អប់រំ និងទេសចរណ៍ ក្នុងប្រទេសទាំង៣នេះ៕

ស្វែងយល់បន្ថែមពីហត្ថលេខាឌីជីថលជាមួយអ្នកជំនាញ

0
លោក អ៊ូ ផាន់ណារិទ្ធ

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ មនុស្សកាន់តែរវល់ច្រើន បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលធ្វើឲ្យពួកគេមានពេលវេលាកាន់តែតិច សម្រាប់ការចុះហត្ថលេខាលើលិខិតស្នាមនានា ជំនួសវិញពួកគេអាចប្រើប្រាស់ឬចុះហត្ថលេខាជាមួយប្រព័ន្ឋឌីជីថល ដែលកាន់តែទំនើប និងកាត់បន្ថយការចំណាយពេលវេលា។

ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍លោក អ៊ូ ផាន់ណារិទ្ធ បានលើកឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ហត្ថលេខាឌីជីថលនាព្រឹកថ្ងៃទី ៣០ខែមករាឆ្នាំ២០១៨ថា ហត្ថលេខាឌីជីថលនេះ មានសារៈសំខាន់យ៉ាងខ្លាំងណាស់ ចំពោះរដ្ឋាភិបាល និងវិស័យឯកជន ដែលប្រតិបត្តិការប្រព័ន្ធអ៊ីនធឺណែត។ លោកបន្ថែមថា ហត្ថលេខាឌីជីថលនេះ នឹងធានាបានភាពត្រឹមត្រូវ សុច្ច​រិតភាព រក្សាការសម្ងាត់ និងការមិនអាចបដិសេធបាន។

លោកបន្តថា “ហត្ថលេខាឌីជីថលនឹងដើរតួយ៉ាងសំខាន់ សម្រាប់កិច្ចការផ្សេងៗលើទំនាក់ទំនងលើគ្រប់វិស័យ សម្រា​ប់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដើម្បីធានាបានសុវត្ថិភាពខ្ពស់ ទាំងក្នុងកិច្ចការរដ្ឋាភិបាលនិងវិស័យឯកជន”។លោកបន្ថែមថា “ស្ថិតក្នុងដំណាក់កាលនេះ ក្រសួងប្រៃសណីយ៍កំពុងធ្វើការផ្សព្វផ្សាយពីអនុក្រឹត្យហត្ថលេខាឌីជីថល ដើម្បីឲ្យមានការយល់ដឹងពីសារៈសំខា​ន់របស់វា ហើយដើម្បីទទួលបានហត្ថលេខាឌីជីថល ត្រូវតែមានការស្នើសុំមកក្រសួងក្រសួងប្រៃសណីយ៍ត្រឹមត្រូវ ទៅតាមលក្ខណ្ឌកំណត់ទើបអាចទទួលបាន ហត្ថលេខាឌីជីថលបាន”។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក បានលើកឡើងក្នុងសិក្ខាសាលាដដែលថា អនុក្រឹត្យហត្ថលេខាឌីជីថលនេះ នឹងក្លាយជាធាតុផ្សំមួយសំខាន់ ក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងភាពទុកចិត្តបាននៃប្រតិបត្តិការ តាមប្រព័ន្ធអ៊ីនធរណេត ទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកប្រើប្រាស់។

លោកបន្ថែមថា “វាជាចំណុចដំបូងនៃក្របខណ្ឌសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្នុងការកសាងមជ្ឈដ្ឋាននៃការប្រើប្រាស់អ៊ីនធណេតនៅកម្ពុជា ប្រកបដោយទំនុកចិត្ត និងសន្តិសុខ សម្រាប់កិច្ចការធុរកិច្ច សម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ”៕

ទីក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងម៉ាកាវទី២ ក្នុងរយៈពេល ៥ឆ្នាំទៅ១០ឆ្នាំទៀត?

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុងព្រះសីហនុដែលនៅជាប់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា មានចំងាយប្រមាណ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ បានក្លាយជាទីក្រុងមួយកំពុងក្រសោបយកការវិនិយោគ និងការចាប់អារម្មណ៍របស់អ្នកវិនិយោគជាតិ និងអន្តរជាតិចាប់ពីដើមឆ្នាំ ២០១៦រហូតមកទល់ពេលនេះ។

មានការរីកចម្រើនគ៏អោយកត់សម្គាល់ ទាំងវិស័យហេដ្ឋារចនាសម្ពន្ធ អគារខុនដូ និងអគារខ្ពស់ថ្មីៗជាច្រើនបាន និងកំពុងសាសង់យ៉ាងសកម្មព្រោងព្រាតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ មិនចាញទីក្រុងភ្នំពេញនោះទេ ។ ការររីកចម្រើនយ៉ាងលឿង និងសាងសង់សំណង់យ៉ាងសកម្មនៅក្នុងតបន់នេះ ត្រូវបានគេមើលឃើញថា ទីក្រុងនេះនឹងក្លាយទៅទីក្រុងម៉ាកាវទី២របស់កម្ពុជា ក្នុងរយៈពេល៥ទៅ១០ ទៅមុខទៀត។

ស្ទើរតែគ្រប់ទីន្លែងនៅក្នុងខេត្តនេះ ត្រូវបានគេលឺសូសម្លេងសាងសង់បុកគ្រឹះ សំណង់អគារខុនដូ សណ្ឋាគារខ្ពស់ៗយ៉ាងគគ្រឹកគគ្រេង និងឃើញស្លាកសញ្ញាជាភាសាចិនធំ និងតូចនៅលើសំណង់នីមួយៗថែមទៀត ។ តំបន់នេះ គឺជាតំបន់ដែលអ្នកវិនិយោគិនចិន បានចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកឧញ្ញា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនhottun CPLបានថ្លែងថា ក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន មានសក្កដានុពលផ្នែកសេដ្ឋកិច្ច និងការរីកម្រើនយ៉ាងខ្លាំង ក្នុងចំណោមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ការការរីកចម្រើនយ៉ាងដូច្នេះ ដោយសារតែមានអ្នកការវិយោគបរទេសជាច្រើនបានចាប់អារម្មណ៍មកវិនិយោគក្នុងទីក្រុងនេះ ហើយជាពិសេសភ្ញៀវទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧកញ៉ាបន្តថា “ការរីកចម្រើនលឿនរបស់ក្រុងព្រះសីហនុនេះ ដោ​យសារតែមាន ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ជាច្រើនបានចាប់អារម្មណ៍វិនិយោគលើលវិស័យដីធ្លី សាងសង់ខុនដូរ និងកាស៊ីណូ ព្រមទាំងសំណង់អគារផ្សេងៗជាច្រើន”។ លោកបន្តថា “ក្នុងរយៈពេល៥ទៅ១០ទៀត តំបន់នេះនឹងក្លាយទៅជាតំបន់រីកចម្រើនដូចទីក្រុងម៉ាកាវទី២ បើសកម្មភាពនៃការសាងសង់មិនត្រូវបានរេរាំង”។

កញ្ញាJessica អ្នកអភិវឌ្ឍន៍គំរោងខុនដូប្រណីតSea Gate Suite បានថ្លែងថា ការសម្រេចិត្តមកសាងសង់ខុនដូនៅតំបន់នេះ ដោយសារតែតំបន់នេះ នៅជាប់ឆ្នេរដ៏ស្រស់ស្អាត ហើយជាប់ជាឆ្នេរស្រស់ស្អាតលំដប់ពិភភលោក និងមានអាហារសមុទ្រស្រស់ៗ ហើយជាខេត្តមានសក្កដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាជាគោលដៅនៃគោលនយោបាយរបស់ចិន (One Belt One Road) ដែលបានដាក់ចេញ ក្នុងការអភិវឌ្ឍន៍តំបន់នេះឲ្យរីកចម្រើន។

កញ្ញាបន្តទៀតថា “មិនតែប៉ុណ្ណោះក្រុងព្រះសីហនុ មានកំពង់ផែសម្រាប់ដឹកទំនិញឆ្លង់ទៅកាត់អន្តរជាតិ” ។

អនុប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកស្រីតាំង ហួរបានថ្លែងថា ទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន មានការខុសប្លែកច្រើនដោយសារមមានគម្រោងសាងសង់ខុនដូ និងការវិនិយោគលើវិស័យដីធ្លីជាច្រើន ការនេះ បានធ្វើឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើតើមិនមិនស្មានដល់”។

លោកស្រីបន្តថា “ការសាងស់នូវអគារចំនួនច្រើន នឹងធ្វើអោយប្រជាពល​រដ្ឋក្នុងតំបន់នេះ មានឪកាសទទួលបានការងារធ្វើ ព្រមទាំងទទួលបានប្រាក់ចំណូ​លសមរម្យ”។លោកស្រីបន្តថា ទោះជាយ៉ាងណាក៏មានបញ្ហាមួយចំនួនកើតឡើង ស្របពេលជាមួយនឹងការការរីចម្រើននេះដែរ តែមិនមានអ្វីជាបញ្ហាចោទខ្លាំងក្លានោះទេ”។

ជាអ្នកលក់បបរ និងបាយកញ្ចប់តាមម៉ូតូនៅបណ្តោយឆ្នេរអូឈើទាល និងជាអ្នករស់នៅក្នុងខេត្តព្រះសីហនុនេះ ប្រមាណជា៧ ឆ្នាំ អ្នកស្រីសុខ គាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុងព្រះសីហនុមានការរីកចម្រើន គួរឲ្យកត់សម្គា​ល់ស្ទើរតែគ្រប់ផ្នែក ជាពិសេសមានសណ្ឌាគារ ខុនដូ និងសំណង់ផ្សេងៗបាននឹងសាងសង់ដោយក្រុមហ៊ុនចិន។

លោកស្រីបន្តថា “តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះមានតែភ្ញៀវទេចរណ៍ និងវិនិយោគិនចិនមករកស៊ី និងស្នាក់នៅក្នុងក្រុងព្រះសីហនុច្រើនជាងគេ។ចំណែ​កអ្នកទេសចរណ៍អឺរ៉ុបមានការធ្លាក់ចុះទៅវិញ”។

ក្រុងព្រះសីហនុត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ជាតំបន់គោលទេសចរណ៍ដែលមានឆ្នេរស្រស់ស្អាត និងការអភិវឌ្ឍន៍លើវិស័យសំណង់អគារ ព្រមទាំងជាតំបន់កំពង់ផែដឹកទំនិញផងដែរ។ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចុះហត្ថលេខាជួសជួលផ្លូវល្បឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ក្នុងតំលៃ១៩០០លានដុល្លារដុល្លារអាមេរិក៕

ដំណឹងល្អ៖ Rosewood នឹងបើកដំណើរការនៅចុងខែកុម្ភៈខាងមុខនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹងល្អៈសណ្ឋាគារ Rosewood កម្រិតផ្កាយប្រាំលំដាប់ពិភពលោក នឹងបើកដំណើរការនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ កុម្ភៈខាងមុខនេះហើយ បន្ទាប់ពីការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លូនបានដោយជោគជ័យ។

សណ្ឋាគារ Rosewood ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះនឹងបើក​ដំណើរការនៅផ្នែកនៃជាន់ខាងលើអាគារ Vattanac Capital ដែលជាអាគារដ៏ទាក់ទាញ និងទទួលបានពានរង្វាន់ជាច្រើននៅទីក្រុងភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan នាយកផ្នែកទំនាក់ទំនងនៃសណ្ឋាគារ Rosewood នៅកម្ពុជា បានថ្លែងឲ្យដឹងតាមអ៊ីម៉េលកាលពីពេលថ្មីៗនេះថា សណ្ឋា​គារនេះមានបន្ទប់ចំនួន១៧៥ ក្នុងនោះមានបន្ទប់បែបVIPចំនួ​ន៣៧បន្ទប់ ដែលរចនាដោយគោរពតាមបរិបទវប្បធ៌មកម្ពុជា ដែលបន្ទប់និមួយៗអាចគយ​គន់ទេ​ស​ភាពក្រុងភ្នំពេ​ញបាន។ អ្នកនាងបន្តថា កម្ពុជាជាទីតាំងដែលមានសក្តានុពល​សម្រាប់វិស័យទេសច​រណ៍ ដែលកំពុងមានការកើនឡើងនៅប្រទេសនេះ ហើយការ​មកដល់នូវសេវាកម្ម ដែលមានកេរ្ត៍ឈ្មោះល្បីៗពីបរទេសកាន់តែច្រើននឹងជួយលើកមុខមាត់ប្រទេ​សនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ផ្លូវអាកាសកាន់តែ​មានភាពប្រសើរឡើង។

សណ្ឋាគារនេះ ត្រូវបាននាំមកដោយអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Vattanac Properties និងគ្រប់គ្រងដោយ Rosewood ភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan បានបន្តថា “ឧស្សាហកម្មសណ្ឋាគារ​ក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើន ដែលធ្វើឲ្យអត្រាប្រើប្រាស់បន្ទប់នៅតែមាន​ការកើនឡើង”។អ្នកនាងបន្តថា “ការចូលមកដល់នូវអចលនទ្រព្យ ដែលមានភា​ពស៊ីវិល័យកំពុងត្រូវបានពង្រីក នៅតាមផ្នែកមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសនេះ លេចមុខលេចមាត់លើការធ្វើ​ដំនើរ និងស្តង់ដាបដិសណ្ឋារកិច្ចកាន់តែមានកម្រិតខ្ពស់”។

បន្ទប់សណ្ឋាគារ និងរមណីយដ្ឋាន Rosewood មានតំលៃចាប់ពី២៥០ដុល្លារឡើងទៅ ដោយមិនរួមបញ្ចូលនូវពន្ឋនៅឡើយទេ។

Rosewood មានទំនុកចិត្តចំពោះទីផ្សារនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចល នទ្រព្យកម្ពុជា Vattanak Capital នឹងដំណើរការសណ្ឋាគារ Rosewood &Resorts នៅខេត្ត​សៀមរាបក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែ​ងថា ការមកដល់នូវសណ្ឋាគារ Rosewood ជាការបង្ហាញនូវជំនឿទុកចិត្ត និង​ការសម្លឹ​ង​មើលឃើញសក្តានុពល និងការមានអតិថិជនក្នុងដៃស្រាប់របស់អ្នកវិនិយោគ ហើយការចូលមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ បរិ​យាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងច្បាប់វិនិយោគនៅកម្ពុជាកាន់តែ​មានភាពទាក់ទាញ។

លោកបន្តថា “ការប្រកួតប្រជែងតែងតែមាន ប៉ុន្តែនៅរាជធានីភ្នំពេញម្ចាស់អចលនទ្រព្យនានា បានគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ខុសពីក្រុងសៀមរាបដែលការប្រកួតប្រជែងធ្វើឡើងដោយមិនសូវមានសីលធ៌ម”។

លោកហូ វណ្ឌីបានបន្តថា “ការមកដល់របស់ Rosewood នឹងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាបន្ថែមទៀត”។លោកបន្តថា “យើង​គួរតែមានមោទនភាព និងរីករាយ ប៉ុន្តែអ្វីសំខាន់គឺយើងមិនត្រឹមតែឲ្យភ្ញៀវទេសចរណ៍ ត្រឹមតែមកឃើញកម្ពុជាទេ សំខាន់គឺត្រូវឲ្យគេស្គាល់ ដើម្បីពួកគេមកកម្ពុជាម្តង​ហើយម្តងទៀត”។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានថ្លែងស្រដៀងគ្នាថា ការមកដល់នៃសណ្ឋាគារនេះ វាមានសញ្ញាវិជ្ជមានជាច្រើនដែលធ្វើឲ្យមានទំនុកចិត្តថែមទៀត ដល់អ្នកទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិនានាមកលើប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយនៅកម្ពុជា។ លោកបន្តថា មានប្រទេសមួយចំនួនបានផ្តល់ដី ដល់ក្រុមហ៊ុនអន្តរជាតិបែបនេះ ដើម្បីឲ្យពួកគេមកវិនិយោគនៅប្រទេសរបស់ពួកគេ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសរបស់ខ្លួន។

លោកបន្តថា “ការមកដល់នៃ Rosewood វាជាសក្ខីភាពនៃការរីកចម្រើននិងទំនុកចិត្តនៃទីផ្សារកម្ពុជា ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ”។លោក​បន្តថា “ការមកដល់របស់ Rosewood នឹងបង្កើនកំនើនភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត”៕

កម្ពុជាចាប់ផ្តើមឈានជើងចូលក្នុងកម្មវិធីនៃហត្ថលេខាឌីជីថល

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង ការចុះហត្ថលេ​ខាលើលិខិតស្នាមនានា ត្រូវបានធ្វើឡើងតាមប្រព័ន្ឋកុំព្យូរទ័រ ដោយប្រើប្រាស់ប ច្ចេកវិទ្យា និងធានាបាននូវសុច្ចរឹតភាពសម្រាប់ការប្រើប្រាស់ផងដែរ។

ឆ្លើយតបនឹងបដិវត្តន៍បច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម ក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យហត្ថលេខាឌីជីថល ដោយមានការចូលរួមពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករ និងបុគ្គ​លពាក់ព័ន្ធ និងវិស័យទូរគមនាគមន៍ ប្រតិបត្តិករវិស័យហិរញ្ញវត្ថុ និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍បានចែកជូនអ្នកសារព៌តមាននាព្រឹកថ្ងៃទី៣០ មករានេះបានឲ្យដឹងថា ហត្ថលេខាឌីជីថល ប្រៀបបានទៅនឹងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ប្រតិបត្តិការអនឡាញ ឬអ៊ីនធឺណែត។ ហត្ថលេខាឌីជីថល ជាធាតុផ្សំសំខាន់ក្នុងការធ្វើឲ្យមានសន្តិសុខ និងសុវត្ថិភាព តាមរយៈយន្តការការបញ្ជាក់ពីភាពត្រឹមត្រូវ សុច្ចរិតភាពរក្សាការសម្ងាត់ និងការមិនអាចបដិសេធបាន។

រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍លោកត្រាំ អ៊ីវតឹកបានថ្លែងក្នុង ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ហត្ថលេខាឌីជីថល នាព្រឹកថ្ងៃទី ៣០ខែមករាថា អនុក្រឹត្យហត្ថលេខាឌីជីថលនេះ នឹងក្លាយជាធាតុផ្សំមួយសំខាន់ ក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងភាពទុកចិត្តបាននៃប្រតិ​បត្តិការតាមប្រព័ន្ធអ៊ីនធរណេត ទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកប្រើប្រាស់។

លោកបន្ថែមថា “វាជាចំណុចដំបូងនៃក្របខណ្ឌសន្តិសុខបច្ចេកវិទ្យា គមនា​គមន៍ និងព៌តមាន ក្នុងការកសាងមូលដ្ឋាន នៃការប្រើប្រាស់អ៊ីនធណេតកម្ពុជា ប្រកបដោយទំនុកចិត្ត និងសន្តិសុខ សម្រាប់កិច្ចការធុរកិច្ច សម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ”។

អនុក្រឹត្យហត្ថលេខាឌីជីថលត្រូវបានរដ្ឋាភិបាល សម្រេចដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ៕

ជប៉ុនកាន់តែបង្កើនមូលដ្ឋានរ៉ឹងមាំសម្រាប់វិនិយោគនៅកម្ពុជា

0

​ដោយដួង ចន្រ្ទា

ភ្នំពេញ៖ កំនើននៃការវិនិយោគ និងការមកដល់នៃអ្នកទេសចរណ៍ជប៉ុន បាន​ផ្តល់ជាមួលដ្ឋានរ៉ឹងមាំ សម្រាប់ជប៉ុនឈានជើងមួយជំហ៊ានទៀត មកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

ការបើកស្ថានកុងស៊ុលថ្មីនៅខេត្តសៀមរាប ឆ្លុញបញ្ចាំងពីការតភ្ជាប់ស្ពាននៃមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរ៉ឹងមាំ និងអាចធ្វើដំណើររយៈពេលវែងជាមួយគ្នា ខណៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានសន្យាជំរុញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្រ្តីជាន់ខ្ពស់កម្ពុជាជួយ​ការពារជនជាតិខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី២៩ មករានេះ លោកKazuyuki Zakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានស្នើរ ឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តីជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាបនោះ។លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នំា។

លោកបន្តថា “ជប៉ុនសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀម​រាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏ដើម្បីបញ្ជា​ក់​នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ”។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា មានរហូតដល់ជាង២៥០ក្រុមហ៊ុន។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុនគឺជា មិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជាពិតជាអគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ​ ប្បន្ននេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ។

សម្តេចបន្តថា ការដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ជប៉ុន នៅក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែមករានេះ គឺជាការបង្ហាញពីការជឿជាក់របស់ភាគីជប៉ុនអំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជាការជំរុញឲ្យវិស័យទេស​ចរណ៍មានការរីកចម្រើនកាន់តែខ្លាំងផងដែរ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានកំនើនល្អប្រសើរ គួបផ្សំនឹងស្ថិរភា ពនយោបាយ និងលំហូរFDIកើនឡើងជាបន្តបន្ទាប់ ជាផ្នែកយ៉ាងសំខាន់ក្នុងការ ទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន ចូលមកវិនិយោគនៅកម្ពុជា។លោកបន្តថា បច្ចុប្បន្នជប៉ុនបានវិនិយោគស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសំរាប់ធ្វើ​ការ និងរស់នៅរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “អ្នកវិនិយោគជប៉ុនពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគនៅកម្ពុជា”៕

អស្ចារ្យ!!! អតិថិជនឈ្នះរង្វាន់រហូតដល់ ២០០០០ដុល្លារ ពីបុរី The Mekong Royal

0

ដោយ ដែន ចែងចាំង

ភ្នំពេញ បុរីប្រណីត និងប្រកបដោយគុណភាព The Mekong Royal បានផ្តល់រង្វាន់ចំនួន២០,០០០ដុល្លារ ដល់អតិថិជរបស់ខ្លួន ដែលបានកក់លំនៅដ្ឋានក្នុងគំរោងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឈន៍យ៉ាងលឿន នៅតំបន់ជ្រោយចង្វារ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦អា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ឲ្យដឹង​នាព្រឹកថ្ងៃទី២៩ មករានេះថា អតិថិជនដែលមានសំណាងចាប់បានរង្វាន់ដ៏អស្ចារ្យ ជាទឹកប្រាក់បញ្ចុះតម្លៃ 20,000ដុល្លា ស្រ៊ុន រដ្ឋសាឌី លេខទូរស័ព្ទ 017 67 25 47 ដែលបានមកកក់ផ្ទះនៅថ្ងែទី28 ខែមករា ឆ្នាំ 2018 ក្នុងឱកាសប្រូម៉ូសិនកាន់តែកក្រើក។ រង្វាន់រឹតតែអស្ចារ្យពីបុរី ឌឹមេគង្គរ៉ូយ៉ាល់ ផ្តល់ជូនអតិថិជននៅរង្វាន់ពិតៗជាមួយនឹងគុណភាពសំណង់ សោភ័ណភាព ការចនាដ៏ទាក់ទាញ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានផាសុខភាព និងទីតាំងគំរោងស្ថិតនៅស្របមាត់ទន្លេសាប និងទន្លេមេគង្គ គំរោងលំនៅដ្ឋាននៃបុរី The Mekong Royal សមស្របនឹងលំនៅដ្ឋានសម្រាប់មនុស្សសម័យថ្មី បុរី The Mekong Royalបានទទួល ជោគជ័យយ៉ាងឆាប់រហ័ស។

អតិថិជនអាចមកទស្សនាផ្ទះគំរូដោយផ្ទាល់ និងសាកសួរព័ត៌មានបន្ថែម ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ដែលមានចម្ងាយពីស្ពានជ្រោយចង្វារចម្ងាយ6គីឡូម៉ែត្រ ស្ថិតខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង 010 86 87 88, 078 86 87 88, 097 9868788៕

អ្នកជំនាញអចលនទ្រព្យនិយាយពីការអភិវឌ្ឍន៍ទីក្រុងព្រះសីហនុ

0

 

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមអ្នកជំនាញនិងអ្នកអភិវឌ្ឍអចនទ្រព្យលើកឡើងថា ក្រុងព្រះសីហនុ មានការរីកចម្រើនគ៏អោយកត់សម្គាល់ ទាំងវិស័យហេដ្ឋារចនាសម្ពន្ធ អគារខុនដូរ និងអគារខ្ពស់ថ្មីៗជាច្រើន ដែលបាននិងកំពុងសាសង់យ៉ាងសកម្មព្រោងព្រាតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ។

អ្នកនៅក្នុងឧស្សាហកម្មនេះបានលើកឡើងស្រដៀងគ្នាថា ក្រុងព្រះសីហនុនាពេលបច្ចុប្បន្នមានសក្កដានុពលផ្នែកសេដ្ឋកិច្ច និងការរីកម្រើនយ៉ាងខ្លាំងក្នុងចំណោមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ។ ការការរីកចម្រើនយ៉ាងដូច្នេះ ដោយ​សារតែមានអ្នកការវិយោគបរទេសជាច្រើន បានចាប់អារម្មណ៍មកវិនិយោគក្នុងទីក្រុងនេះ ហើយជាពិសេសភ្ញៀវទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧកញ៉ាចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងឲ្យដឹងក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍មុនបានថ្លែងថា ការរីកចម្រើនលឿនរបស់ក្រុងព្រះសីហនុនេះ ដោយសារតែមានក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនជាច្រើន បានចាប់អារម្មណ៍វិនិយោគលើលវិស័យដីធ្លី សាងសង់ខុនដូរ ព្រមទាំងសំណង់អគារផ្សេងៗជាច្រើន។ លោកឧកញ៉ាបានបន្តថា ខេត្តមួយនេះបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេងក្នុងពិភលោក ដូច្នេះហើយបានជាអ្នកវិយោគិនចាប់រម្មណ៍។

លោកបានបន្តថា “ក្នុងរយៈពេល៥ទៅ១០ទៀតតំបន់នេះ នឹងក្លាយទៅជាតំបន់រីកចម្រើនដូចប្រទេជិតខាង”។

កញ្ញា Jessica អ្នកអភិវឌ្ឍន៍គំរោងខុនដូប្រណីត Sea Gate Suite បានថ្លែងថា ការសម្រេចិត្តមក​សាងសង់​ខុនដូនៅតំបន់នេះ ដោយតែតំបន់នេះនៅជាប់ឆ្នេរដ៏ស្រស់ស្អាត និងអាហារសមុទ្រស្រស់ៗ ហើយជាខេត្តមានសក្កដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានដឹកនាំសមាជិកខ្លួនប្រមាណជិត១០០នាក់ មកទស្សនកិច្ចសិក្សាគំរោងសាងសង់ខុនដូ Sea Gate Suite ដែលវិនិយោគតម្លៃ២០០លានដុល្លារអាមេរិកនោះបានថ្លែងឲ្យដឹងផងដែរថា ទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្នមានការខុសប្លែកច្រើន ដោយសារមមានគម្រោងសាងសង់ខុនដូ និងការវិនិយោគលើវិស័យដីធ្លីជាច្រើន។ ការណ៍នេះបានធ្វើឲ្យខេត្តនេះ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើតើមិនមិនស្មានដល់។

ក្រុងព្រះសីហនុត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ជាតំបន់ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥៕