[:km]ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលសេចក្តីព្រាងច្បាប់ E- Commerce កំពុងស្ថិតនៅទីស្តីការគណរដ្ឋមន្ត្រី និងគ្រោងអណុម័តនាឆ្នាំនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា នៅពេលច្បាប់នេះអនុម័តឲ្យប្រើប្រាស់ វានឹងធ្វើឲ្យការធ្វើពាណិជ្ជកម្មតាម Online នៅកម្ពុជាមានភាពយុត្តិធ៌ម គ្មានការបោកប្រាស់រវាងអ្នកលក់ និងអតិថិជន។
លោកស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មករានេះថា សេចក្តីព្រាងច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញមាន១១ជំពូក និងចែកចេញជា៥៩មាត្រា ហើយបច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះ កំពុងត្រូវបានលើកយកមកពិភាក្សា នៅក្នុងកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
-->
លោកបន្តថា ស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត កាន់តែមានការីកលូតលាស់គ្របដណ្តប់ពេញ ផ្ទៃប្រទេសកម្ពុជានោះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា ការទិញទំនិញ លក់ទំនិញ ការកក់សេវាកម្ម ការជួញដូរទំនិញ និងសេវាកម្មនានា មានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស៊ាង ថៃបានបន្តថា “ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ Online បាននិងកំពុងនាំមកនូវកាលានុវត្តន៍ភាពអាជីវកម្មថ្មីៗយ៉ាងច្រើន សម្រាប់សហគ្រិនវ័យក្មេងនៅក្នុងប្រទេស ដើម្បីចូលរួមពង្រីកកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះក៏ជាតម្រូវការក្នុងក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។

បច្ចុប្បន្ននៅលើពិភពលោកមានប្រជាជន ប្រមាណជាង៣ពាន់លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត។ ដោយឡែក ប្រទេសកម្ពុជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬហ្វេសប៊ុកមានចំនួនជាង១,២លាននាក់ និងអ្នកប្រើប្រាស់អ៊ិនធឺណែតសរុបប្រមាណ៣លាននាក់៕[:]