ស្វែងយល់ពិភពលោក ! តម្លៃលំនៅដ្ឋាននៅក្នុទីក្រុងប៊ែកឡាំងកើនឡើងខ្លាំង

0

ដោយ : វត្ថា
ភ្នំពេញ : ស្របពេលដែលតម្លៃលំនៅមានការធ្លាក់ចុះបន្តិចនៅតាមបណ្តាទីក្រុងមួយចំនួននៅទូទាំងពិភពលោកនោះ តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងប៊ែកឡាំងបានកើនឡើង និងនាំមុខព្រមទាំងជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ ២០១៧។ នេះ បើយោងតាមតារាងសន្ទស្សន៍លំនៅដ្ឋានសកលចុងក្រោយរបស់ ក្រុមហ៊ុន Knight Frank ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ។

តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងរបស់អាឡឺម៉ង់បានកើនឡើង ២០,៥ ភាគរយហូតដល់ត្រីមាសទី ៤ នៃឆ្នាំ ២០១៧ ដែលជាទីក្រុងតែមួយគត់ក្នុងចំណោមទីផ្សារចំនួន ១៥០ ដែលបានប្រកាសពីអត្រាកំណើន ២០ ភាគរយនៃការលក់របស់ខ្លួន។

លោក Kate Everett-Allen ប្រធានផ្នែកស្រាវជ្រាវលំនៅដ្ឋានអន្តរជាតិបានថ្លែងថា កំណើនប្រជាជន សេដ្ឋកិច្ចមានស្ថិរភាព ភាពអត់ការងារធ្វើកម្រិតទាប និងការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគបរទេសជម្រុញអោយមានការកើនឡើងតម្លៃលំនៅដ្ឋានខ្ពស់ជាងមុននៅក្នុងទីកក្រុងមួយនេះ។ សន្ទស្សន៍នេះបានបង្ហាញថាតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងរបស់អាល្លឺម៉ង់មានការកើឡើងជាលើកដំបូងដូចជានៅក្នុងទីក្រុង Hamburg ទីក្រុង Munich និង ទីក្រុងFrankfurt ស្ថិតនៅក្នុងសន្ទស្សន៍លំដាប់លេខរៀងទី ៧ ទី ៨ និងទី ១០។

លោក Everett- Allen បានកត់សម្គាល់ថា មានតែទីក្រុងហុងកុងមួយប៉ុណ្ណោះដែលតំណាងឱ្យតំបន់ទ្វីបអាស៊ីឈរនៅលំដាប់លេខរៀងកំពូលក្នុងចំណោមទីក្រុងទាំង ១០ ដែលមានតម្លៃលំនៅដ្ឋានកើនឡើង ១៤,៨ ភាគរយរវាងត្រីមាសទី៤នៃឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ។ ស្របពេលដែលទីផ្សារលំនៅដ្ឋានក្នុងទីក្រុង Seville នៅប្រទេសអេស្ប៉ាញ និងទីក្រុងហុងកុងមានការរីកចម្រើនខ្លាំងបំផុតនៅឆ្នាំ ២០១៧។

លំនៅដ្ឋានក្នុងទីក្រុងរបស់ចិនបានជួបប្រទះនៃការកើនឡើងតម្លៃដែលជាមធ្យមមានត្រឹមតែ ១,៦ ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន។ ចំណាត់ថ្នាក់ចុងក្រោយបានកត់សម្គាល់នៅចុងឆ្នាំ២០១៦ ទីផ្សារលំនៅដ្ឋានចំនួន ១២ បានកើនឡើង ២០ភាគរយដែលស្ថិតនៅក្នុងការកំណត់តម្លៃ។

នៅទូទាំងពិភពលោកតម្លៃលំនៅដ្ឋានបានកើន ៤,៥% នៅចុងឆ្នាំ២០១៧ ធ្លាក់ចុះពី ៧% ក្នុងឆ្នាំ ២០១៦ ។

តារាងសន្ទស្សន៍តម្លៃលំនៅដ្ឋានសកលរបស់ របស់ក្រុមហ៊ុន Knight Frank Global ក្នុងចំណោមទីក្រុងទាំង ១០ រួមមានមាន

១. ទីក្រុងប៊ែកឡាំង ២. ទីក្រុង Izmir ៣. ទីក្រុង Reykjavik ៤. ទីក្រុង Vancouver ៥. ទីក្រុងហុងកុង ៦. ទីក្រុងប៊ុយដាប៉េស ៧. ទីក្រុង Hamburg ៨. ទីក្រុង Munich ៩. Rotterdam និង១០. ទីក្រុង ហ្វ្រេងហ្វឺត ៕

តើវិស័យ SME មានសារសំខាន់ដូចម្ដេចខ្លះចំពោះសេដ្ឋកិច្ច ?

0

ដោយ : វត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជាចាត់ទុក SMEs សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ
នៅក្នុង «វេទិកាភាពជាអ្នកដឹកនាំអាស៊ាន លើកទី១៥» ដែលរៀបចំឡើងនៅសណ្ឋាគារ Marina Mandarin រដ្ឋធានីសិង្ហបុរី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបបណ្តារដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអាស៊ាន និងអ្នកសារព័ត៌មាន អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសហគ្រាសធុនតូច និងធម្យម ស្របតាមផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងធម្យម ឆ្នាំ២០១៦-២០២៥។


លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា សហគ្រាស ធុនតូច និងមធ្យម ដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន ដែលបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់នៃសហគ្រាសធុនតូច និងធម្យម ហើយបានប្រឹងប្រែងជំរុញវិស័យនេះ តាមរយៈក្របខណ្ឌការអភិវឌ្ឍសហគ្រាសធុនតូច និងធម្យម ឆ្នាំ២០០៥-២០១០ យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅពង្រីក និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងធម្យម តាមរយៈជំនួយបច្ចេកទេស ធនធានហិរញ្ញវត្ថុ និងការគាំទ្រទីផ្សារជាដើម។ល។


លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿមុតមាំថា ការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាមួយវឌ្ឍនភាពយ៉ាងច្រើន សម្រាប់ការលូតលាស់នៃវិស័យសហគ្រាសធុនតូច និងធម្យម នៅក្នុងតំបន់។
សូមបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំអាស៊ាន គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលផ្តោតសំខាន់លើការពិភាក្សាយុទ្ធសាស្រ្តកម្រិតខ្ពស់។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសន្ទនា និងបង្កើនទំនាក់ទំនងស្អិតរមួត រវាងមន្រ្តីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន នៅក្នុងប្រទេសអាស៊ាន។ សម្រាប់ឆ្នាំនេះ វេទិកានេះត្រូវបានដឹកនាំដោយបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងមានការចូលរួមពីសំណាក់ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច នៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការរងពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង ក្រុមប្រឹក្សាធុរជន វិស័យឯកជន និងអ្នកសារព័ត៌មានជាច្រើនរូប៕

រដ្ឋាភិបាល ផ្តល់កាដូរពិសេសដល់ពលរដ្ឋក្រោយបុណ្យចូលឆ្នាំខ្មែរ

0

ដោយ : វត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីសិរីសោភ័ណ ទៅបាត់ដំបង មានប្រវែង៦៥គ.ម ដោយអោយប្រជាពលរដ្ឋរបស់ខ្លួនជិញដោយមិនគិតថ្លៃចាប់ថ្ងៃសម្ពោធរហូតដល់ថ្ងៃទី០១ សីហា ២០១៨។


ថ្លែងនៅក្នុងពិធីបើកដំណើរការបណ្តោះអាសន្ន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំណាត់ផ្លូវរថភ្លើងមួយខ្សែនេះដែលត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀតបន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការពីភ្នំពេញ-ប៉ោយប៉ែតនៅត្រឹមចុងឆ្នាំ២០១៨ ប្រវែង៣៨៦គ.ម។


លោក ស៊ុន ចាន់ថុល បានបន្តថា ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។


គួររំលឹកផងដែរថា ផ្លូវដែកទិសពាយ័ព្យ ពីប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ទៅបាត់ដំបង មានប្រវែងសរុប១១៣គ.ម ដោយមានស្ថានីយ៍ចំនួន១៥ រួមមាន ស្ថានីយ៍ប៉ោយប៉ែត ស្ថានីយ៍កូប ស្ថានីយ៍សូភី ស្ថានីយ៍សាលាសំរោង ស្ថានីយ៍ទឹកថ្លា ស្ថានីយ៍សិរីសោភ័ណ ស្ថានីយ៍មង្គលបូរី ស្ថានីយ៍ចំការចេក ស្ថានីយ៍ភ្នំតូច ស្ថានីយ៍ទួលសំរោង ស្ថានីយ៍ជ្រោយស្តៅ ស្ថានីយ៍ជណ្តើរស្វា ស្ថានីយ៍អូរតាគី ស្ថានីយ៍សៀម និងស្ថានីយ៍បាត់ដំបង។ ក្នុងនោះកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ មានប្រវែង៤៨គ.ម ទ្រទម្ងន់បាន ២០តោន/អ័ក្ស ដែលបានដាក់ឱ្យដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង មានប្រវែង៦៥គ.ម ទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ៕

ធនាគារពិភពលោក ផ្ដល់ឥណទាន ៩០លានដុល្លារដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

0

ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័ត ហិរញ្ញប្បទានក្នុងទឹកប្រាក់ចំនួន៩០លានដុល្លារអាម៉េរិក ដល់គម្រោងមួយដែលសំដៅ ជួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនគុណភាពឧត្តមសិក្សា និងការងារស្រាវជ្រាវរបស់ប្រទេស និងបង្កលទ្ធភាពដល់សិស្សក្រីក្រឱ្យ ទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្វាគមន៍នូវការគាំទ្រ របស់ធនាគាពិភពលោកសម្រាប់ឧត្តមសិក្សា និងការងារស្រាវជ្រាវ ដែលស្របគ្នាល្អណាស់ជាមួយនឹងបណ្តាអាទិភាពនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ របស់កម្ពុជា។ លោក បានបញ្ជាក់ថា«គម្រោងនេះ នឹងជួយក្នុងការឈានទៅបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយសម្រាប់ការអភិវឌ្ឍ ឧត្តមសិក្សា ដើម្បីជួយឱ្យនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាមានសមត្ថភាពអាច ឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្លាំងឡើងរបស់ទីផ្សារការងារ និងឱកាសកាន់តែច្រើនសម្រាប់ធ្វើការចល័តទី និងផ្ទេរបច្ចេកវិទ្យានៅក្នុងរង្វង់ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងលើសពីតំបន់នេះទៅទៀត”។

ជាមួយគ្នានេះដែរ សម្រាប់រយៈពេល៦ឆ្នាំខាងមុខ គម្រោងបង្កើន សមត្ថភាពស្ថាប័នឧត្តមសិក្សា (Higher Education Institutions Capacity Improvement Project) និងជួយបង្កើនគុណភាពអប់រំ និងការស្រាវជ្រាវនៅតាមស្ថាប័ន ឧត្តមសិក្សាដែលជាគោលដៅ ហើយបង្កើនឱកាសឱ្យទទួលបានការសិក្សានៅឧត្តមសិក្សា និងជួយបង្កើនអភិបាលកិច្ចនៅក្នុងវិស័យនេះផងដែរ។

សូមបញ្ជាក់ថា សម្រាប់បណ្តាវិស័យដែលគម្រោងនេះផ្តោតការយកចិត្តទុកដាក់លើ មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ (STEM) និងកសិកម្ម ហើយត្រូវបានរំពឹងថា និស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាទទួលបានជំនាញ និងចំណេះដែលកាន់តែមានភាពឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានជំនាញងាយផ្ទេរបន្តជាងមុន ដែលអាចជួយប្រទេសធ្វើអន្តរកម្ម ចេញពីសេដ្ឋកិច្ចផ្អែកលើការប្រើពលកម្មតាមបែបប្រពលវប្បកម្ម ឱ្យក្លាយទៅជា សេដ្ឋកិច្ចមួយដែលផ្អែកលើជំនាញនិងចំណេះវិញ។

គម្រោងនេះ នឹងជួយគាំទ្រដល់គោលដៅនៃគោលនយោបាយការអភិវឌ្ឍឧស្សាហកម្ម តាមរយៈសកម្មភាពធំៗចំនួនប្រាំ រួមមាន ផ្តល់មូលនិធិសម្រាប់ការងារសិក្សាស្រាវ ជ្រាវក្នុងមុខវិជ្ជាអាទិភាពនានា ពង្រីកចំនួនបន្ទប់សិក្សា និងមន្ទីរពិសោធន៍ សង់និវេសនដ្ឋានសម្រាប់និស្សិតក្រីក្រស្នាក់នៅ (និស្សិតដែលមកពីគ្រួសារក្រីក្រ និងពីតំបន់ដាច់ស្រយាល ក៏ដូចជានិស្សិតស្រ្តីផងដែរ) ពង្រឹងប្រព័ន្ធធានាគុណភាពនិងប្រព័ន្ធព័ត៌មាន និងធ្វើការជាមួយដៃគូអន្តរជាតិ ក្នុងការកែលម្អកម្មវិធី និងវិធីសាស្ត្របង្រៀននៅក្នុងមុខវិជ្ជាជាអាទិភាព។ ទន្ទឹមនេះ ការសង់និវេសនដ្ឋានសិស្សនឹងសាងសង់នៅរាជធានីភ្នំពេញ និងការពង្រីកអាគារសិក្សា ឬហេដ្ឋារចនាសម្ព័ន្ធស្ថាប័នឧត្តមសិក្សាចំនួនពីរគឺក្នុងខេត្តបាត់ដំបង និងខេត្តស្វាយរៀង។

លោកស្រី អ៊ីហ្គូណា ដូបា្រចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ការកសាងសមត្ថភាពស្រាវជ្រាវមានគុណភាពខ្ពស់មួយ និងការត្រៀមឱ្យនិស្សិតដែលបញ្ចប់ការសិក្សានៅឧត្តមសិក្សាទៅមានជំនាញខ្ពស់ គឺជាអាទិភាពមួយសម្រាប់កម្ពុជា និងធនាគារពិភពលោក។ លោកស្រីបានបន្ដថា ការចាប់ផ្តើមសកម្មភាពពីពេលនេះតទៅ អាចជួយកម្ពុជាមានភាពឈានមុខក្នុងទុនមនុស្ស និងពង្រឹងប្រសិទ្ធភាពនៅក្នុងឧត្តមសិក្សា។

លោកស្រីបានបន្ថែមថែមទៀតថា គម្រោងនេះនឹងជួយបន្តនូវសមិទ្ធផលនានា ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននាពេលកន្លងមក ក្នុងការកសាងសមត្ថភាពរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្រាប់គម្រោងការផ្តល់ហិរញ្ញប្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនេះ គឺបន្តពីគម្រោងបង្កើនគុណភាពនិងសមត្ថភាពឧត្តមសិក្សានៅកម្ពុជា (Higher Education Quality and Capacity Improvement Project/HEQCIP) ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៧ ដែលបានកសាងមូលដ្ឋានគ្រឹះមួយសម្រាប់សមត្ថភាពតាមវិស័យ និងបង្កើតឱ្យមានបរិស្ថានគោលនយោបាយល្អមួយសម្រាប់ជំរុញឱ្យការវិនិយោគកាន់តែច្រើនទៀត៕

វិភាគ៖ ជំនួបបងប្អូនកូរ៉េទាំងពីរផលប្រយោជន៍ និងឥទ្ឋិពលមនោគមវិជ្ជានយោបាយជាអ្វីត្រូវថ្លឹងច្រើនជាងគេ

0

ដោយ លាងគង់ យិន ស្ថានិកគេហទំព័រ Propertyarea.asia

ប្រវត្តិសាស្រ្តថ្មីបានចាប់ផ្តើមនៅឧបទ្វីបកូរ៉េ ព្រះអាទិត្យថ្មីកំពុងរះនៅលើទឹកដីកូរ៉េខាងជើង ប៉ុន្តែតើព្រះអាទិត្យនេះនៅបន្តស្រអ័ព្ទ ឬរះចែងចាំង អាស្រ័យលើពេលវេលាជា អ្នកបង្ហាញ និងការប្រកាន់យកជំហររបស់មេដឹកនាំកូរ៉េទាំងពីរ។

រំលត់ភ្លើង

ជាមួយការចាប់ផ្តើមចាប់ដៃគ្នា និងការឆ្លើយឆ្លងគ្នាជាពាក្យសម្តីដ៏រញ្ជួយចិត្តដល់គ្នា ទៅវិញទៅមក នៃមេដឹកនាំកូរ៉េទាំងពីរនៅថ្ងៃនេះ វាមិនមែនជាសញ្ញានៃការបង្រួបបង្រួមកូរ៉េទាំងពីរភ្លាមៗទេ ប៉ុន្តែជាសញ្ញានៃការនាំមកនូវសន្តិភាព និងអាចរំលត់ភ្លើងនៅលើឧប​ទ្វីប​កូរ៉េ ដែលបងប្អូនទាំងពីរបានបែកគ្នា ក្នុងសម័យសង្រ្គាមត្រជាក់កំឡុងទសវត្សរ៍ចន្លោះឆ្នាំ១៩៥០ ១៩៥៣។

ឥរិយាបទនៃមេដឹកនាំកូរ៉េទាំងពីរ លោកម៉ូន ជេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូង និង​ប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន ហាក់នៅមិនទាន់បង្ហាញសន្តិភាពផ្លូវចិត្តនៅឡើយទេ។ មិនទាន់មានសន្តិភាពយ៉ាងដូចម្តេច? គឺយើងសង្កេតឃើញថាជំនួបនាព្រឹកថ្ងៃទី២៧ មេសានេះ ធ្វើឡើងនៅលើទឹកដីកូរ៉េខាងត្បូង ប៉ុន្តែនៅពេលបិទជំនួបប្រជុំ ដើម្បីទទួលទានអាហារ មេដឹកនាំកូរ៉េខាងជើងហាក់បង្ហាញចេតនាយកប្រៀបវិញ ដោយទាញដៃមេដឹកនាំកូរ៉េខាងត្បូង មកជាន់ទឹកដីកូរ៉េខាងជើងវិញ។

ជាលទ្ឋផលបឋមនៃជំនួបនេះ មានតែពាក្យសម្តីមួយឃ្លាគួរឲ្យចាប់អារម្មណ៍ពីមេដឹកនាំកូរ៉េខាងជើង ដែលបានលើកឡើងថា “ខ្ញុំនឹងមិនរំខានដំណេករបស់អ្នក នាពេលព្រឹកព្រហាមទៀតនោះឡើយ”។ សម្តីមួយឃ្លានេះ អាចបញ្ជាក់ផងដែរថា មេដឹកនាំកូរ៉េខាងជើងហាក់បន្ទន់ឥរិយាបទ ហើយនឹងមិនសាកល្បងអាវុធមហាប្រល័យរបស់ខ្លួនទៀតនោះឡើយ ប៉ុន្តែវាមានរយៈពេលយូរប៉ុណ្ណា អាស្រ័យលើទំនាក់ទំនង សម្ពាធ និងឥទ្ឋិពល​នៃមនោគមវិជ្ជានាពេលខាងមុខ។

ជំនួបប្រជុំរយៈពេលពេញមួយថ្ងៃ ការដាំដើមស្រល់រួមគ្នានៅទីលានធ្លាប់បង្ហូរឈាមរវាងប្រជាជាតិទាំងពីរ និងមានការជួបជុំគ្នាទទួលទានអាហារសាមគ្គីនាពេលល្ងាចមុនបែកគ្នា ពិតណាស់លទ្ឋផលនៃជំនួបនេះ ពិតជាមានសញ្ញាវិជ្ជមានច្រើនជាងកិច្ចប្រជុំដែលបានធ្វើឡើងកំឡុងឆ្នាំ២០០០រវាងលោកគីម ដេជុងប្រធានាធិបតីកូរ៉េខាងត្បូង និងលោកគីម ជូលអ៊ីលប្រធានាធិបតីកូរ៉េខាងជើង  និងជំនួបលើកទី២នៅឆ្នាំ២០០៧ រវាងប្រធានា​ធិបតីកូរ៉េខាងត្បូងរ៉ូម៉ូយ៉ុន និងលោកប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ីល។

ប្រវត្តិសាស្រ្តអាចច្រំដែលឬទេ?

សំណួរធំមួយនៅថ្ងៃនេះថា តើប្រវត្តិសាស្រ្តអាចច្រំដែលឬទេ? ខណៈជំនួបលើកទី១ ឆ្នាំ២០០០ និងជំនួបលើកទី២ ឆ្នាំ២០០៧ មេដឹកនាំកូរ៉េទាំងពីរបានយល់ព្រមធ្វើឲ្យមានសិទ្ឋិសញ្ញាសន្តិភាពនៅព្រំដែនរវាងប្រទេសទាំងពីរ ពិសេសការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែស្របពេលមានការផ្លាស់ប្តូរ​មេដឹកនាំនៅកូរ៉េខាងត្បូង និងការលូកដៃពីមហាអំណាចធំពីរ សិទ្ឋិសញ្ញាសន្តិភាពនោះមិនត្រូវបានចុះហត្ថលេខា និងអនុវត្តន៍នោះទេ។

ហេតុនេះអ្វីដែលត្រូវសួរបន្ថែមទៀតគឺថា តើជំនួបលើកទី៣ ដែលមានការគាំទ្រពីមេដឹកនាំសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ ដែលចង់បន្ថយឥទ្ឋិពលមហាមិត្តិចិន និងបំណងទទូចរបស់កូរ៉េខាងត្បូង ដែលចង់បង្រួបបង្រូមកូរ៉េទាំងពីរ អាចប្រែក្លាយទៅជាយ៉ាងណា ឬប្រវត្តិ​សាស្រ្តច្រំដែល(មិនអាចអនុវត្តន៍បាន) វិលចូលមកវិញឬអត់ អាស្រ័យដោយសារឥទ្ឋិពលនៃសេដ្ឋកិច្ច និងមនោគមវិជ្ជានយោបា​យនាពេលខាងមុខ។

តើបងប្អូនទាំងពីរអាចបង្រួបបង្រួមគ្នាបានឬទេ?

ពាក្យបង្រួបបង្រូមងាយស្រួលសរសេរ និងនិយាយចេញពីមាត់ ប៉ុន្តែការបង្រួបប  ង្រួមពិតប្រាកដ ពិតជាត្រូវការពេលវេលា និងឆន្ទៈពិតប្រាកដរវាងមេដឹកនាំទាំងពីរ។ វាមិនមែនងាយស្រួលក្នុងការអនុវត្តនោះទេ ខណៈមហាអំណាចបី(សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី) កំពុងនៅពីក្រោយប្រទេសទាំងពីរនេះ និងមិនចង់ឲ្យប្រទេសទាំងពីរបង្រួបបង្រូមគ្នាឡើយ។

ជម្រើសសមស្របរវាងបងប្អូនកូរ៉េ គឺការធ្វើយ៉ាងណាឲ្យមានសិទ្ឋិសញ្ញាសន្តិភាពកើតឡើងជាមុន និងមានការចុះហត្ថលេខាដោយមេដឹកនាំទាំងពីរ និងការបង្ហូរទុនវិនិយោគពីសំណាក់កូរ៉េខាងត្បូង ចូលប្រទេសកូរ៉េខាងជើង ដើម្បីឲ្យជីវភាពប្រជាជនកូរ៉េខាងជើងប្រសើរឡើង ពិសេសការយល់ដឹងពីពិភពខាងក្រៅ របស់ប្រជាជនកូរ៉េខាងជើងជាមុន​សិន ទើបការបង្រួបបង្រួមរវាងបងប្អូនទាំងពីរអាចធ្វើទៅបាន។ នេះមិនទាន់គិតពីឥទ្ឋិពលនៃមនោគមវិជ្ជាមនោគមវិជ្ជានយោបាយ និងឥទ្ឋិពលសេដ្ឋកិច្ចដែលមហាយក្សចិន និងអាមេរិក យកប្រៀបលើគ្នានៅឧបទ្វីបកូរ៉េនៅឡើយ។

ជាមួយគ្នានេះ កូរ៉េទាំងពីរក៏ត្រូវត្រៀមខ្លួន ដោះស្រាយបញ្ហាប្រឈមចំពោះមុខផងដែរ មុនពេលការបង្រួបបង្រួមកើតមានឡើង។

អម្រែកពីរធ្លាក់ទៅលើកូរ៉េខាងជើង

ការសម្រេចចិត្តមួយដោយច្បាស់លាស់ ក្នុងការងាកទៅកាន់មហាអំណាចណាមួយ ជារឿងឈឺក្បាលបំផុតរវាងមេដឹកនាំកូរ៉េខាងជើង ពីព្រោះការងាកទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង វានឹងជាការវាយសំពងក្បាល “មហាយក្សចិន”ដ៏ធ្ងន់ធ្ងរមួយ ព្រោះកូរ៉េខាងជើងបានរស់រាន និងមានដង្ហើមសេដ្ឋកិច្ច ក៏ដោយសារចិនជាអ្នកនៅពីក្រោយរាប់ទស​វត្សរ៍មកហើយ។

ប៉ុន្តែបើសិនជាកូរ៉េខាងជើងនៅតែរក្សាភ័ក្តីភាព របស់ខ្លូនជាមួយមហាយក្សចិន ទំ​នាក់ទំនងរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចតានតឹងជាថ្មី ហើយលទ្ឋផលនៃជំនួបលើកទី៣នេះ អាចប្រែក្លាយជាមោឃក៏ថាបាន ព្រោះចិត្តមនុស្សអាចប្រែប្រួល អាស្រ័យលើផលប្រយោជន៍ អំណាច និងមនោសញ្ចេតនាបុគ្គល។

ហេតុនេះកូរ៉េខាងជើង និងខាងត្បូងអាចស្តារនូវទំនាក់ទំនងល្អ នឹងគ្នាឡើងវិញ តាមរយៈជំនួបបងប្អូន ដែលបានបែកគ្នាក្នុងសង្រ្គាមឧបទ្វីបកូរ៉េ និងការផ្តល់ផលប្រយោ​ជន៍ពីកូរ៉េខាងត្បូងទៅកាន់កូរ៉េខាងជើងដ៏ក្រីក្រ ដើម្បីធ្វើឲ្យទឹកដីដែលមានទំហំធំជាងខ្លួនជិត២ដងនេះ ស្ថិតក្នុងវាលរហោស្ថានឡើយ។

មហាយក្សចិន

មហាយក្សចិនពិតជាមានរឿងឈឺក្បាលមិនតិចទេ និងកំពុងរង់ចាំអ៊ុតលទ្ឋផលនៃជំនួបបងប្អូនកូរ៉េទាំងពីរ ប៉ុន្តែទោះមានលទ្ឋផលបែបណាក្តី ក៏ចិននឹងមិនបណ្តោយឲ្យសហរដ្ឋអាមេរិកមក “ខោកក្បាល” របស់ខ្លួនទទេៗនោះទេ ព្រោះទី១ វានឹងធ្វើឲ្យខាតផលប្រយោជន៍ចិនដោយផ្ទាល់ទៅលើសេដ្ឋកិច្ច ទី២ នឹងធ្វើឲ្យឥទ្ឋិពលចិនចុះខ្សោយនៅតំបន់នេះ ព្រោះប្រសិនជាកូរ៉េខាងជើងងាកមកសហរដ្ឋអាមេរិក ចិននឹងបាត់បង់ភូមិសាស្រ្តនយោបាយរបស់ខ្លួន ហេតុនេះ​ចិននឹងបង្ហូរធនធានរបស់ខ្លួនច្រើន តាមដែលអាចធ្វើទៅបានដើម្បីវិបុលភាពកូរ៉េខាងជើង ដើម្បីទប់ទល់ឥទ្ឋិពលលោកខាងលិច។

សង្រ្គាមត្រជាក់ច្បាស់ណាស់នឹងកើតឡើង និងមានសភាពកាន់តែធ្ងន់ធ្ងរនៅលើឧបទ្វីបនេះ ហេតុនេះកូរ៉េខាងជើងក៏អាចជួបទ្វេរគ្រោះផងដែរ ប្រសិនជាត្រូវមហាអំណា​ចទាំងពីរលូកកកូរកកាយផ្ទៃក្នុងរបស់ខ្លួនកាន់តែធ្ងន់ធ្ងរ។

ភក្តីភាពពិតជាមានសារៈសំខាន់ក្នុងសង្គមមនុស្ស ប៉ុន្តែអ្វីសំខាន់ជាងនេះគឺក្រពះ ដែលពេលនេះកូរ៉េខាងជើង កំពុងស្វះស្វែងរកធនធាន ដើម្បីបំពេញក្រពះប្រជាជាតិរបស់ខ្លួន និងអាចនាំវិបុលភាពដល់ប្រជាជនខ្លួន បន្ថែមទៀតនាពេលអនាគត។ នេះជាកត្តាសត្យានុម័ត មិនអាចប្រកែកបានរបស់មេដឹកនាំកូរ៉េខាងជើងដ៏ឯកោនោះ។

ដោយមើលឃើញការគំរាមកំហែងចំពោះមុខ ប្រធានាធបិតីដ៏មានឥទ្ឋិពលរបស់ចិនលោកហ្ស៊ី ជីនពីង ក៏បានអញ្ជើញមេដឹកនាំកូរ៉េខាងជើងមកជួប ជាមួយខ្លួនកាលពីចុងខែមិនាកន្លងមកនេះ។ ជំនួបនេះពិតជាសារច្បាស់លាស់រួចហើយថា “ចិនមិនព្រងើយកន្តើយចំពោះបញ្ហានេះទេ ហើយក៏មិនទុកឲ្យប្រជាជនកូរ៉េបន្តអត់ឃ្លានទៀតដែរ។ ចិនច្បាស់ណាស់នឹងបង្ហូរទុកវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចនៅ​ទឹកដីកូរ៉េខាងជើងនាពេលអនាគតឆាប់ៗនេះ។

សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកមានយុទ្ឋសាស្រ្តពីរ គឺប្រើលុយ និងអាវុធដើម្បីគ្រប់គ្រងពិភពលោ​ក ហើយចេតនារបស់សហរដ្ឋអាមេរិកច្បាស់លាស់ ចង់បំបាក់មុខមហាយក្សចិន កាត់បន្ថ​យឥទ្ឋិពលចិននៅក្នុងឧបទ្វីបនេះ និងដើម្បីរំសាយកម្មវិធីអាវុធមហាប្រល័យរបស់ប្រទេ​សកូរ៉េខាងជើង ដើម្បីកាត់បន្ថយការគំរាមគំហែងពីឧបទ្វីបនេះ ព្រោះសហរដ្ឋអាមេរិកដឹងច្បាស់ណា​ស់ថា កូរ៉េខាងជើងពិតជាផលិតអាវុធមហាប្រល័យ(បរមាណូ)បាន ដែលមិនត្រឹមតែអាច​គំរាមដល់អាមេរិកខ្លួនឯងទេ តែក៏ជាការគំរាមដល់សម្ព័ន្ឋមិត្តរបស់ខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ប្រធានាធិបតីសហដ្ឋអាមេរិកលោកដូណាល់ ត្រាំបានប្រកាសស្វាគមន៍រួចហើយ នូវជំនួបរវាងបងប្អូនកូរ៉េទាំងពីរ ហើយបានបង្ហើបពីកាលវិភាគ ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើងយ៉ាងគឃ្លើនពី៣ឬបួនដងផងដែរ។

ជាមួយនឹងយុទ្ឋសាស្រ្តកាទូតផង និងការគំរាមកំហែងផង ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកកំពុងប្រើប្រាស់យុទ្ឋសាស្រ្តដ៏ប៉ិនប្រសព្វរបស់ខ្លូន ដូចជាទី១ យុទ្ឋសាស្រ្តកាទូត ទី២ បំបែកភូមិសាស្រ្តនយោបាយ ទី៣ ការស្រោចស្រព និងគំរាមគំហែងផ្នែកសេដ្ឋកិច្ច និងទី៤ យុទ្ឋសាស្រ្តប្រើប្រាស់យោធា និងអាវុធយុទ្ឋភ័ណ្ឌ។

ជាក់ស្តែងកំពុងដាក់សម្ពាធចិនជាថ្មី ដោយប្រកាសធ្វើសមយុទ្ឋរួមគ្នាជាមួយប្រទេ​សជប៉ុននៅក្បែរសមុទ្រចិនខាងត្បូង និងកោះអូគីណាវ៉ា ជាមួយកងកំលាំងទ័ពអាកាសដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែប B52 ដែលជាការធ្វើសមយុទ្ឋបណ្តុះបណ្តាលមួយ ប៉ុន្តែមានចេតនាច្បាស់លាស់មួយគឺ “គំរាមមហាយក្សចិន” ខណៈមហាយក្សចិនពេលនេះកំពុងតែស្ថិតក្នុងភាពស្ងប់ស្ងាត់នៅឡើយ។

ជាមួយនឹងគោលដៅចង់រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង របស់សហរដ្ឋអាមេ​រិក កូរ៉េខាងជើងបានផ្ញើរសារដ៏ច្បាស់លាស់ និងបានប្រកាសរួចទៅហើយថា “ខ្លួនបានរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនរួចទៅហើយ”។

តើកូរ៉េខាងជើងពិតជារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ?

មិនចាំបាច់ឆ្ងល់ទេ ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ នឹងធ្វើតាមរយៈពាក្យសម្តី ប៉ុន្តែការអនុវត្តន៍ជាក់ស្តែង គឺដូចពាក្យគេនិយាយបញ្ឍឺថា “ទាល់តែយូរ” ព្រោះការកសាង​មូលដ្ឋានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែចំណាយអស់ធនធានដ៏ច្រើន ពេលវេលាដ៏យូរអង្វែ​ង និងលំបាកលំបិនប៉ុណ្ណោះទេ ប៉ុន្តែវាជារនាំងដ៏ធំមួយដើម្បីការពារអធិបតេយ្យភាពប្រទេសរបស់ខ្លួន និងទុកប្រើជាស្នៀតដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រទេសរបស់ខ្លួន ពិសេសពីមហាអំ​ណាចនានា។

មេដឹកនាំកូរ៉េខាងជើងដឹងច្បាស់ណាស់ថា “បើសិនជាខ្លួនគ្មានអាវុធនុយក្លេអ៊ែរពិ​ភ​ពលោកនឹងមិនចាប់អារម្មណ៍ និងមិនមកស្វះស្វែងរកការចចាជាមួយប្រទេសរបស់ខ្លួន​នោះទេ”។ ការចចារមានឈ្នះ និងចាញ់ ប៉ុន្តែនៅក្នុងនោះបង្កប់ផលប្រយោជន៍ដ៏សម្បើមមួយ សម្រាប់ប្រជាជាតិរបស់ខ្លួន។

ហេតុនេះ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចគ្រាន់តែជាការផ្អាកមួយ    រយៈ ដើម្បីសម្រន់កំហឹងមជ្ឈដ្ឋានអន្តរជាតិ ពិសេសពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែកម្មវិធីនេះអាចចាប់ផ្តើមឡើងវិញនៅគ្រប់ពេលវេលា អាស្រ័យលើភាពតានតឹងរវាងប្រជាជាតិនានាលើសាកលលោកប៉ុណ្ណោះ។

រុស្ស៊ី

មហាអំណាចមួយទៀត ដែលស្ថិតនៅជាប់គ្នាជាមួយកូរ៉េខាងជើងផងដែរ គឺយើងមិនអាចភ្លេចតោទឹកកក “រុស្ស៊ី” នោះឡើយ ព្រោះមហាអំណាចមួយនេះ ក៏មាន​ផលប្រ​យោ​ជន៍ជាមួយកូរ៉េខាងជើងមិនតិចនោះទេ ហើយព្រំដែនប្រទេសទាំងពីរ និងម​នោគមវិជ្ជានយោបាយក៏មិនសូវខុសគ្នានោះទេ ព្រោះប្រទេសទាំងពីរអាចនិយាយថា“មានសត្រូ​វ​រួមគ្នា” គឺសហរដ្ឋអាមេរិកនេះឯង។

ដូច្នេះប្រសិនជាកូរ៉េខាងជើង ប្រែជាល្អូកល្អើនខ្លាំងជាមួយអាមេរិក វាសនារុស្ស៊ីមិនខុសគ្នា នឹងមហាអំណាចចិននោះទេ គឺដូចជាត្រូវមួយព្រនង់ថែមទៀតពីអាមេរិក ដើម្បីបន្ថ​យឥទ្ឋិពល និងខាតបង់ផលប្រយោជន៍ជាមួយកូរ៉េខាងជើង។

ជម្រើសល្អសម្រាប់កូរ៉េខាងជើង

ជាមួយនឹងពេលវេលានេះ កូរ៉េខាងជើងអាចចាប់យកឳកាសមាសបាន ដើម្បីផ្តល់​ផលប្រយោជន៍ដល់ប្រជាជាតិរបស់ខ្លួន ដោយទាញយកផលប្រយោជន៍ពីបងប្អូនកូរ៉េខ្លួនឯងផង (កូរ៉េខាងត្បូង) ពីមហាអំណាចចិនផង ពីរុស្ស៊ីផង និងពីមហាអំណាចសហរដ្ឋអាមេរិកផង តាមរយៈការប្រើប្រាស់យុទ្ឋសាស្រ្តកាទូតដ៏ប៉ិនប្រសព្វ គឺគ្មានមិត្ត និងគ្មានសត្រូវជាមួយអ្នកណាម្នាក់នោះឡើយ។

ក្នុងទំនាក់ទំនងអន្តរជាតិ(កាទូត) បច្ចុប្បន្នគេមិនអាចមិននិយាយពីផលប្រយោជន៍នោះទេ យុត្តិធ៌មនិងសីលធ៌មមានតែលើក្រដាសប៉ុណ្ណោះ។ ហេតុនេះផងប្រយោជន៍ជាច្រើន ស្ថិតនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរួចទៅហើយ ដូច្នេះការទាញយកបានផលប្រយោជន៍ពីកាលានុវត្តន៍ភាពមាសនេះបានច្រើនប៉ុណ្ណា អាស្រ័យលើភាពប៉ិនប្រសព្វរបស់ខ្លួន។

ដូច្នេះកូរ៉េទាំងពីរ គួរទុកពេលវេលានៃការបង្រួបបង្រួមបងប្អូនទាំងពីរ មួយឡែក ប៉ុន្តែយកសន្តិភាពមកដាក់នៅលើតុ ដើម្បីធានាឲ្យមានសន្តិភាពផ្លូវចិត្តទាំងអស់គ្នាសិន ដោយទុកឲ្យពេលវេលាជាអ្នកបង្ហាញ និងឈានទៅបង្កើតយក្សសេដ្ឋកិច្ច​ថ្មីមួយក្នុងពិភពលោកមិនទាន់ហួសពេលនោះទេ៕

ដំណឹងល្អៈខ្សែរថភ្លើងថ្មីពីសិរីសោភ័ណមកបាត់ដំបងនឹងដាក់ដំណើរការនៅចុងខែនេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ជាដំណឹងល្អថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តា​ខេត្ត​ភូមិភាគពាយ័ព្យប្រទេស ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន នឹងបើកឲ្យដំណើរការ​ខ្សែរថភ្លើងថ្មីចេញពី​សិរីសោភ័ណ្ឌ មកកាន់ក្រុងបាត់ដំបង​នៅចុងខែមេសានេះ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងផ្លូវរថភ្លើងដឹកអ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃអាទិត្យ ទី២៩ ខែមេសា  ឆ្នាំ២០១៨  វេលាម៉ោង ០៨:០០ នាទីព្រឹក នៅស្ថានីយ៍​រថភ្លើងសិរីសោភ័ណ។

ផ្លូវរថភ្លើងនេះមានប្រវែង៦៥គីឡូម៉ែត្រនេះ ចាប់ពីសិរីសោភ័ណ បាត់ដំបងនឹងមាន​ស្ថានីយ៍ឈប់សំចក​ចំនួន​១០ស្ថានីយ៍ រួមមាន  សិរីសោភ័ណ មង្គលបូរី ចំការចេក ភ្នំតូច ទួលសំរោង ជ្រោយស្តៅ ជណ្តើរស្វា អូរតាគី សៀម និងបាត់ដំបង។

ការដាក់ឲ្យដំណើរការខ្សែរថភ្លើងដែលបោះបង់ចោលជាងបួនទសវត្សរ៍នេះ ជាការ​ចាប់ផ្តើមនូវសករាជថ្មី ដែលនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្ម ទេសចរណ៍ និងការ​កាត់បន្ថយតម្លៃនៃការដឹកជញ្ជូន ព្រមទាំងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។នេះបើតាមមន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនលើកឡើងកន្លងមក៕

គំរោងអស្ចារ្យមួយទៀតលេចឡើងនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ វត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ មិនបញ្ចប់ត្រឹមនេះទេ ទីក្រុងនេះនឹងប្រណាំងប្រជែងជា​មួយ​បណ្តាទីក្រុងរីកចម្រើននានានៅក្នុងតំបន់នេះ ដោយសារការកើនឡើងនូវលំហូរវិនិយោគ​ផ្ទាល់ពីបរទេស។

ជាក់ស្តែងគំរោងអាគារពាណិជ្ជកម្មដ៏អស្ចារ្យមួយទៀត នឹងសាងសង់នៅជិតស្ពានអាកាសតិចណូ ស្ថិតនៅលើ​មហាវិថីសហព័ន្ឋរុស្ស៊ី ដែលវិនិយោគដោយក្រុមហ៊ុន Royal Field Development (RFDCL)ដែលនឹងធ្វើឱ្យ​យតំបន់នេះកាន់តែរីកចម្រើនថែមទៀត។ អាគារនេះតំបូងឡើយគ្រោងសាងសង់​កំពស់៣១ជាន់ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមកការឌីសាញអាគារនេះបានដំឡើងដល់៤២ជាន់ និងមានកំពស់សរុបរហូតដល់១៩៦ម៉ែត្រ។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនេះ មានឈ្មោះថា Marriott Phnom Penh ដែលគំររោងនេះទទួល​បានការអនុម័តពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹង​សាងសង់​នៅជាប់គ្នានឹងអាគារThe Gatway ដែលជាមជ្ឈ​មណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតផងដែរ។

ពលរដ្ឋនៅរាជធានីភ្នំពេញ បានទទួលស្គាល់ពីការរីកចម្រើននេះ ដោយពួកគេបានលើកឡើងថា ភ្នំពេញ​​រីក​ចម្រើន​ខ្លាំងសព្វថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញថាសព្វថ្ងៃរាជធានីភ្នំពេញ​មានភាព​ផ្លាស់ប្ដូរជាខ្លាំង ដោយបង្ហាញពីការរីកចំរើនរបស់ប្រទេសជាតិ និងសន្តិភាពពេញលេញរបស់ប្រទេស។

គិតត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជាមានអាគារខ្ពស់ៗ ប្រណីតនៅកម្ពុជាចំនួនរហូតដល់ ៩៧៩​ អគារ​បានសាងសង់ឡើងដោយអាគារទាំងនេះមានកំពស់ចាប់ពី ៥ជាន់រហូតដល់៤០ជាន់ឡើងទៅ៕

 

 

ដំណឹងល្អៈស្ពានអាកាសក្បាលថ្នល់ និងរង្វង់មូលចោមចៅនឹងត្រូវសាងសង់នៅពេលឆាប់ៗ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រហែលជាមិនសូវតឹងទ្រូងដោយសារការកកស្ទះចរាចរណ៍​ទៀត​នោះទេ​នៅពេលស្ពានអាកាសក្បាលថ្នល់ និងស្ពាននៅរង្វង់មូលចោមចៅនឹងសាងសង់បញ្ចប់ ​ខណៈការ​បើកការដ្ឋានសាងសង់​នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីចាប់ផ្តើមការដ្ឋានសាងសង់ស្ពានអាកាសទាំងពីរនេះ កាលពីថ្ងៃ​ទី២៥ មេសាកន្លង​មក​នេះ ​អភិបាលរាជធានីភ្នំពេញ លោក​ឃួង ស្រេងបានជំរុញឱ្យ​មន្ត្រីពាក់​ព័ន្ធធ្វើការដោះស្រាយ​ផលប៉ះពាល់​នៅតំបន់​ទាំង​២នេះ ឱ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន ដើម្បី​បើកការដ្ឋាន​សាង​សង់ស្ពាន​អាកាសនា​​ពេលដ៏ខ្លីខាងមុននេះ។​អភិបាលរាជធានី​ភ្នំពេញ ក៏បានជំរុញឱ្យមានការដោះស្រាយ​ផលប៉ះពាល់​នៅតំបន់ទាំងពីរនេះ ឱ្យបានច្បាស់លាស់ ដើម្បី​អាច​ធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ​នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោម​ចៅនៅនា​ពេលដ៏ខ្លីខាង​មុខនេះ។

គម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដី​នៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយ​ពេលប្រមាណ​២០ខែ ។ តំបន់​រង្វង់​មូល​ចោម​ចៅ និងតំបន់ខាងមុខអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ នឹង​មិន​មានការ​កកស្ទះ​ច​រាចរណ៍​ទៀត​ទេ បន្ទាប់​ពី​ស្ពាន​អាកាស និងផ្លូវក្រោមដីចោមចៅនេះបានស្ថាបនារួច។នេះបើតាមមន្រ្តី​ជំនាញ​សាលារាជធានីភ្នំពេញ។

ចំណុច​រង្វង់​មូល​ចោម​ចៅ ក្នុងខណ្ឌពោធិសែនជ័យ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ដោយវាវាស្ថិតនៅចំ​ចំណុចប្រសព្វផ្លូវធំៗ ដូចចាមហាវិថីសហព័ន្ឋរុស្ស៊ី ផ្លូវវេងស្រេង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជា​តំបន់​​មមាញឹក​បំផុតនាពេលបច្ចុប្បន្ននេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា ថវិកាប្រើប្រាស់សម្រាប់ការ​សាងសង់​​ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់​សាលារាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន​កំណាត់​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ចាប់​ពី​​ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោម​ចៅ ត្រូវ​បាន​ពង្រីក​បន្ថែម​ទទឹង​ឲ្យ​ធំ​ទូលាយ អាចឲ្យ​​រថយន្ត​ធ្វើ​ចរាចរណ៍​៣​គន្លង​ចូល​ក្នុង​ក្រុង និង​៤​គន្លង​ចេញ​ក្រៅ​ក្រុង ដោយមាន​សួនច្បារនៅចំ​កណ្តាល និងមាន​ដាក់​ប្រព័ន្ធ​លូ​២​ខ្សែ គឺ​១​ខ្សែ​នៅ​ចំ​កណ្តាល​សួន​ទំហំ​៨​តឹក និង​១​ខ្សែ​ទៀត​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​មាន​ទំហំ​១,៥​ម៉ែត្រ បាន​ស្ថាបនា​រួច​ហើយកាលពីពេលថ្មីៗនេះ៕

ក្រុមហ៊ុនយក្សចិនវិនិយោគដីនៅទីតាំងកំពង់ផែភ្នំពេញជាមជ្ឈមណ្ឌល ពាណិជ្ជក​ម្មអន្តរជាតិ

0

 

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនយក្សរបស់ប្រទេសចិន Yue Tai Harbour Bay គ្រោងនឹងវិនិយោគមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​លំដាប់​អន្តរជាតិ នៅលើដីដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិភ្នំពេញ។

​រដ្ឋាភិបាលកម្ពុជា​ទើប​សម្រេច​កាលពីពេលថ្មីៗនេះ ដើម្បីកាត់​ដាក់​ជា​ដីឯកជន​របស់​រដ្ឋ​អាច​នឹង​ត្រូវ​វិនិយោគ​ជា​គម្រោង​សំណង់​អគារ ​ពាណិជ្ជកម្ម​រួមមាន សណ្ឋាគារ​ខុនដូ ឬ អគារ​ការិយាល័យ​ផ្សេងៗ​។ ដីជាប់មាត់ទន្លេនេះមានទំហំសរុបជាង៩ហិកតា ដែល​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី ​ដល់​ស្ពាន​ជ្រោយចង្វារ ​ត្រូវ​បាន​ធ្វើ​អនុបយោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ។

លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័ត្នក្រុងភ្នំពេញ​បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះ​ថា​ «គំរោងអភិវឌ្ឍន៍នៅទី​នេះ​អាច​មាន​ខុនដូ សណ្ឋាគារ អគារ​ការិយាល័យ ហើយ​នឹង​ជា​​មជ្ឈមណ្ឌល​សកម្មភាព​ពាណិជ្ជកម្ម​ផង​ដែរ​»​។ លោក​បន្ត​ថា​៖ «​យើង​នឹង​រក្សា​ដំណើរការ​កំពង់ផែ​នេះ​»​។

ក្រុមហ៊ុន Yue Tai Harbour Bay គ្រោងសាងសង់អាគារចំនួនជាង២០នៅតំបន់នេះ ថ្នាក់ដឹកនាំជាន់​ខ្ពស់​​ក្រុមហ៊ុន Yue Taiបាន​បញ្ជាក់​ថា មាន​គម្រោង​មួយ​មាន​ស្រាប់​នៅលើ​ដីឡូត៍​នេះ ប៉ុន្តែ​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​៕

អស្ចារ្យ! រដ្ឋាភិបាលរៀបចំផែនការថ្មីសម្រាប់អភិវឌ្ឍន៍នៅទីក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំផែនការថ្មីដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាការឆ្លើ​យ​តបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលមានកំនើនប្រជាសាស្រ្ត និងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។​

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញនូវផែនការថ្មីមួយនៅព្រឹកថ្ងៃទី២៦ មេសានេះ​ដើម្បីឆ្លើ​

យតបទៅនឹងលំហូរច​រាចរ​ណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យ នៅរាជធានី​ភ្នំពេញ ពិសេ​សវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីនេះ។  គំរោងនេះធ្វើ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិ​ការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុង​រាជធានី​ភ្នំពេញ។

លោកឃួង ស្រេងបានថ្លែងថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ​នៃការអភិវឌ្ឍ​ធំមួយ ដូច្នេះ​ហើយទើប​សាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍  នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង ចង់ឲ្យតំបន់​នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ”។

អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ សេវាកម្មសា​ធា​រណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ឆ្លើយ​តបនឹងកំណើនប្រជាជន​ទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។

យោងតាមទិ​ន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋ​ទីក្រុង ដែលជាអ្នកចំណាកស្រុក ចូល​មក​សិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។

តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង លោកស្រី អេឡូឌី គុយអង់កា បានថ្លែងថា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរត្រូវបានដាក់​ឲ្យ​សិក្សា ដូចជា ទី១ ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថី ព្រះស៊ី​សុវត្ថិ។

លោកស្រីបន្តថា ដើម្បីធ្វើការងារទាំងនេះឲ្យបានជោគជ័យ គឺមានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ដើម្បីទុកជាមូលដ្ឋានក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុងតំបន់នោះ។ វិធីសា​ស្រ្ត​នោះ ​តម្រូវឲ្យយើង​ប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដោយមានការងារចម្រុះ ដែលទាមទារឲ្យឲ្យគ្រប់​អង្គភាព​ជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗទៀតរបស់រាជធានីភ្នំពេញ៕