ស្វែងយល់ពីអាស៊ានៈ តើសេដ្ឋកិច្ចវៀតណាមដំណើរការដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ៖ តើសេដ្ឋកិច្ចនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅក្នុងកម្រិតណា សម្រាប់ផលទុនជាតិសរុប និងផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោក អ្នកទៅស្វែងដល់ពីទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស ដែលស្ថិតនៅជិតខាងកម្ពុជាមួយនេះ។

វៀតណាមមានសេដ្ឋកិច្ចធំលំដាប់ទី៤៧នៅលើពិភពលោក ដែលមានផលិ​តផលក្នុងស្រុកសរុប (GDP) ច្រើន និងធំបំផុតទី៣៥ នៅលើពិភពលោកដោយអំណាចនៃការបញ្ជាទិញ (PPP)។ ប្រទេសនេះគឺជាសមាជិករបស់ APEC អាស៊ាន និង WTO ។

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ តាមរយៈការធ្វើកំណែទម្រង់ ប្រទេសវៀតណាម បានផ្លាស់ប្តូរពីការគ្រប់គ្រងសេដ្ឋកិច្ច ដែលមានកំរិតទៅជាសេដ្ឋកិច្ចចំរុះ ដែលប្រើប្រាស់ផែនការទាំងពីរគឹផ្ទាល់ និងមិនផ្ទាល់តាមរយៈផែន​ការប្រាំឆ្នាំ។ ក្នុងរយៈពេលនោះសេដ្ឋកិច្ច បានរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅសតវត្សរ៍ទី២១ ប្រទេសវៀតណាម ស្ថិតក្នុងដំណាក់កាលមួយត្រូវបានបញ្ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ស្ទើរគ្រប់សហគ្រាសរបស់វៀតណាមទាំងអស់ គឺជា​សហគ្រាសធុនតូចនិងមធ្យម (SMEs)។

ប្រទេសវៀតណាម បានក្លាយទៅជាប្រទេសអ្នកទិញនិងនាំចេញផលិត​ផលក្នុងវិស័យកសិកម្មឈានមុខគេ និងបានក្លាយជាទិសដៅទាក់ទាញ ការវិនិ​យោគបរទេសនៅតំបន់អាស៊ីអាគ្នេយ៍។

ដូចគ្នានឹងបណ្តាប្រទេសកុម្មុយនីស្តដទៃទៀតដែរ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ សេដ្ឋកិច្ចវៀតណាម បានបាត់បង់សន្ទុះសម្រាប់ផលិតភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ប៉ុន្តែនាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងធំទៅលើការវិនិយោគដោយផ្ទាល់ពីបរទេស ដើម្បីទ្រទ្រង់ដល់ភាពតានតឹងខាងសេដ្ឋកិច្ចជាប្រចាំ។ ការវិនិយោគបរទេសលើសណ្ឋាគារ និងអចលនទ្រព្យប្រណីតៗ និងរម​ណី​យដ្ឋាន ដើម្បីទ្រទ្រង់ឧស្សាហកម្មទេសចរណ៍លំដាប់ខ្ពស់។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Price water house Coopers នៅក្នុងខែកុម្ភៈឆ្នាំ២០១៧បានបង្ហាញថា វៀតណាមអាចនឹងក្លាយជាប្រទេសរីកចម្រើនឆាប់រហ័ស ក្នុងចំណោមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើននា​នានៅលើពិភពលោក ជាមួយនឹងអត្រាកំណើនផលទុនជាតិសរុប ប្រចាំឆ្នាំប្រហែ​ល៥.១ភាគ​រយ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះ ក្លាយទៅជាមហាអំណាចទី ២០នៅលើពិភពលោកត្រឹមឆ្នាំ ២០៥០។

ប្រទេសវៀតណាមត្រូវបានគេរំពឹងថា មានផលទុនជាតិសរុប (GDP)​កើន​ឡើងរហូតដល់២២៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨នេះ  និងប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់២៧៤១ដុល្លារ ។ ប្រទេសនេះមានការនាំចេញច្រើន ដូចជា ខោ អាវ ស្បែកជើង ប្រេង ឈើ កាហ្វេ និង គ្រឿងភ្លើង ជាដើម ដែលនាំទៅកាន់ប្រទេសសំខាន់ៗ ដូចជាប្រទេសចិន កូរ៉េ កោះតៃវាន់ និងជប៉ុនដើម ក្នុងទំហំទឹកប្រាក់ចំនួន២១៤.០២ ពាន់លានដុល្លារ ទិន្ន័យក្នុងឆ្នាំ ២០១៧។

បន្ថែមពីនេះ ប្រទេសនេះក៏បាននាំចូលផលិតផលជាច្រើន មកពីតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងជប៉ុនជាដើម ក្នុងទំហំទឹកប្រាក់ចំនួន២១១.១ ពាន់លានដុល្លារ។

យោងតាមការជំរឿនថ្នាក់ជាតិមួយកាលពីឆ្នាំ២០១៦បានបង្ហាញថា ប្រទេ​សវៀតណាម ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ីនេះ មានចំនួនប្រជាជនចំនួន៩២,៧លាននាក់៕

តោះស្តាប់វិធីសន្សំលុយរបស់ឧកញ៉ាលី ហួរ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មនុស្សភាគច្រើនក្លាយជាអ្នកមាន ឬមានងារជាឧកញ៉ាតាមរយៈ​ការសន្សំប្រាក់ពីតិចតួច រហូតដល់មានប្រាក់ច្រើនសមល្មមសម្រាប់វិនិយោគ ទើ​បអាចក្លាយជាអ្នកមានបាន។

លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលបច្ចុប្បន្នមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋចំនួន៨ បានចាប់ផ្តើមជំនួញជាមួយការលក់ជ្រូកមួយក្បា​ល ដើម្បីចាប់ផ្តើមរកស៊ីពីតួចតាច រហូតក្លាយជាឧកញ៉ាដែលមានកេរ្ត៍ឈ្មោះល្បី ល្បាញក្នុងសង្គមមកដល់បច្ចុប្បន្ននេះ។

គេហទំព័រ Propertyarea.asia សួមនាំចំណេះដឹង និងវិធីសាស្រ្តសន្សំប្រាក់​របស់ឧកញ៉ារូបនេះមកចែករំលែកដល់មិត្តអ្នកអាន។

លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការនិយាយស្រួល តែការធ្វើវាពិបាក ព្រោះអ្វីៗមិនមែនងាយស្រួលដូចយើងគិតទេ តែមានអ្នកខ្លះមានភាពអត់ធ្មត់ រហូតទទួលបានជោគជ័យ ប៉ុន្តែសម្រាប់លោ​ក ឧកញ៉ាផ្ទាល់លោកបានអត់ធ្មត់ និងលះបង់ច្រើនណាស់ ដោយមិនទិញរបស់មិន គួរទិញនោះទេ នៅពេលយើងគ្មានប្រាក់។ ចំណីអាហារឆ្ងាញ់ ថ្លៃៗ និងគ្រឿងលំអរតុបតែងទាំងប្តី ទាំងប្រពន្ឋយើងមិនហ៊ានទិញទេ។

លោកបន្តថា“អ្វីសំខាន់យើងខិតខំអត់ធ្មត់ សន្សំសំចៃ ដើម្បីយើងមានប្រា​ក់​អាចរកស៊ីបាន”។លោកបន្តថា “កាលពីមុនសម័យបារីស្មីត បើទិញមួយកញ្ចប់ក្នុងឪមួយថ្ងៃយើងជក់អស់ហើយ តែខ្ញុំទិញតែបីដើមក្នុងមួយថ្ងៃទេ ដោយមួយជក់​នៅពេលព្រឹក មួយជក់នៅពេលថ្ងៃត្រង់ មួយជក់នៅពេលល្ងាច។ នេះជាការសន្សំ សំចៃរបស់ខ្ញុំ”។

លោកឧកញ៉ាលី ហួរបានបន្តទៀតថា ការសន្សំដំបូងគិតថាមិនច្រើនទេ តែបើយើងសន្សំសំចៃគ្រប់ផ្នែក គ្រប់រឿងទាំងអស់ទៅវាបានច្រើនដែរ នៅពេលយើ​ងសន្សណយូរឆ្នាំទៅ។ លោកបន្តថា នៅពេលយើងខ្វះទុន ជំនាន់ទសវត្សរ៍ទី៨០ ឬ៩០ យើងមិនអាចរកទុនពីធនាគារនោះទេ ដែលពេលនោះយើងសន្សំពង្រីកមុខរបរបន្តិចម្តងៗ។

លោកឧកញ៉ាបានផ្តល់អនុសាសន៍ថា “យើងត្រួវមានមហិច្ឆតាដូចកាំជណ្តើរអញ្ចឹង ព្រោះបើយើងគ្មានមហិច្ឆតាទេ អ្វីដែលជាភាពសុខស្រួល ភាពខ្ជិលច្រអូ​សរបស់យើង វាចូលមកក្នុងជីវិតយើង។ យើង​មិនអាចដើរបានលឿនទៅមុខទេ”។​លោកឧកញ៉ាបន្តថា “ហេតុនេះយើងត្រូវមានមហិច្ឆតា ដូចឡើងកាំជណ្តើរ ពេ​ល​យើងឈានឡើងមួយកាំហើយ យើង​ត្រូវឈានទៅមួយកាំទៀត នោះហើយជាកត្តាជំរុញឲ្យយើងខិតខំ អំណត់ អត់ធ្មត់គ្រប់បែបយ៉ាង ទើបយើងទទួលបានជោគជ័យ”៕

ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ឆ្នាំងបន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យបុណ្យទន្លេ

0

ដោយ វុត្ថា

ភ្នំពេញ៖ ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ដែលការប្រារពពិធីបុណ្យទន្លេឆ្នាំ២០១៩ នឹងធ្វើឡើងនៅខត្តកំពង់ឆ្នាំង បន្ទាប់ពីការសម្រេចជាផ្លូវការពីណឹងល្អសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ដែលការប្រារពពិធីបុណ្យទន្លេឆ្នាំ២០១៩ នឹងធ្វើឡើងនៅខត្តកំពង់ឆ្នាំង បន្ទាប់ពីការសម្រេចជាផ្លូវការសម្រាប់គម្រោងបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនាឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងលិខិតជូនដំណឹងរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីជម្រាបជូនរដ្ឋមន្ត្រីក្រសួ​ងទេសចរណ៍ និងអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨បានបញ្ជាក់ថា ការសម្រេចយកខេត្តកំពង់ឆ្នាំងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី៥ នៅឆ្នាំ២០១៩ខាងមុខនេះ គឺយោងតាមចំណារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍លោក ជក់ ជំនោ បានលើកឡើងថា រាជរដ្ឋាភិបាលសម្រេចធ្វើបុណ្យទន្លេជារៀងរាល់ឆ្នាំដោយធ្វើការផ្លាស់ប្តូរខេត្ត ដែលជាប់តាមដងទន្លេផ្សេងៗគ្នា ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍នៅតាមដងទន្លេនៃប្រទេសកម្ពុជា។

លោកបន្តថា “ក្រសួងទេសចរណ៍ទទួលបានបទពិសោធន៍ជោគជ័យច្រើនពីការរៀបចំបុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាលកន្លងមក ដូចជាការពង្រឹងសន្តិសុខល្អ ការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក ការតាំងពិព័រណ៍ផលិតផលខ្មែរ និងការថែរក្សាបរិស្ថានជាដើម”។ លោកសង្ឃឹមថា “យើងនឹងយកបទពិសោធន៍នេះទៅអនុវត្តន៍នៅក្នុងពិធីបុណ្យទន្លេ ដែលរៀបចំនៅខេត្តកំពង់ឆ្នាំងនៅឆ្នាំ២០១៩ ខាងមុខឱ្យកាន់តែទទួលបានជោគជ័យថែមទៀត”។

ចូលរួមបើកពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅខេត្តកណ្តាលកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានចាត់ទុកថា ការរៀបចំឱ្យមានពិធីបុណ្យទន្លេ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏បានជួយផ្សព្វផ្សាយផលិ​តផល កសិផល និងវប្បធម៌របស់ខ្មែរផងដែរ។ ក្រសួងទេសចរណ៍បង្ហាញថា បុណ្យទន្លេឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបានអ្នកចូលទស្សនាជាង១លាននាក់។

នាឳកាសនោះសម្តេចតេជោហ៊ុន សែនក៏បានផ្តល់អនុសាសន៍ឲ្យក្រសួ​ងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តនិមួយៗនៅជុំវិញបឹងទន្លេសាប រៀបចំបុណ្យទន្លេឲ្យបានជាប់ជាប្រចាំ តាមរយៈការវិលជុំនៃការរៀបចំកម្មវិធីនេះផងដែរ៕

ដំណឹង​ល្អ! ស្ពាន​បា​ឡេ​ឆ្លងកាត់​តំបន់​ជ្រោយចង្វារ​នឹង​សង់​ចប់​នៅ​ចុងខែ​មេសា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹង​ល្អ ស្ពាន​បា​ឡេ​ដែល​សាងសង់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥ ទៅ​តំបន់​ជ្រោយចង្វារ នឹង​បញ្ចប់​ការសាងសង់១០០ភាគរយ នៅ​ដំណាច់​ខែមេសា​ខាងមុខនេះ ខណៈ​ការសាងសង់​រហូតមក​ទល់​ពេលនេះ សម្រេចបាន​ប្រមាណ៩០ភាគរយ​ហើយ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២ មិនា​នេះ​ថា រហូតមកទល់​ពេលនេះ ការសាងសង់​ស្ពាន​នេះ​កំពុងដំណើរការ​យ៉ាងសកម្ម ព្រោះ​សម្ភារៈ​ទាំងអស់ ត្រូវបាន​បញ្ជូនមក​ដល់​ការ  ដ្ឋា​ន​អស់ហើយ នៅ​រង់ចាំតែ​ការលើក​ផ្គុំ​ដើម្បី​ចាប់​ប​ញ្ចួ​ល​គ្នា​ប៉ុណ្ណោះ។លោក​បន្តថា គំរោង​បើក​ដំណើរការ​ស្ពានដែក​នេះ អាច​នឹងមិន​អាច​បើក​ដំនើរការ​មុនពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​ទេ ដោយសារ​ក្រោយពេល​បញ្ចប់​ការសាងសង់ អ្នកបច្ចេកទេស​ត្រូវកា​រ​ពេលវេលា ដើម្បី​ធ្វើតេស្ត​រយៈពេល​មួយ​សប្តាហ៍​ឬ១០ថ្ងៃ​សិន។

លោក​បន្តថា “ក្រុមហ៊ុន​ចង់​ធ្វើ​ឲ្យ​លឿន​ណាស់ តែ​អ្វីដែល​យើង​គិតគូរ​ជា ចម្បង​គឺ​សុវត្ថិភាព​សម្រាប់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​នេះ។លោក​បន្តថា “ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ និង​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ៩លាន​ដុល្លារ​អាមេរិក។

ថវិកា​សាងសង់​ស្ពាន​នេះ បានមកពី​ការជួល​ដី​ទីក្រុង​ជ្រោយចង្វារ​ដល់​ក្រុមហ៊ុន​OCIC ដែល​បាននិងកំពុង​វិនិយោគ​ទីក្រុង​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត​ដែល​គ្រោង​បោះទុន​វិនិយោគ សរុប​ប្រមាណ៣០០០លាន​ដុល្លារ​អាមេរិក៕

ឧកញ៉ា​ម៉ុង រិ​ទ្ឋី ប្រាប់​ពី​វិធី​បែងចែក​ការងារ និង​គ្រួសារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក អ្នកមួយ​ចំនួន​តែងតែ​គិតថា ការ​មានមុខ​ជំនួញ​ច្រើន​ប្រាកដ ជា​គ្មាន​ពេលវេលា​សម្រាប់​គ្រួសារ​នោះទេ ហើយ​សុភមង្គល​ក្នុង​គ្រួសារ​ក៏​មិនសូវមាន​ពេញលេញ​ដែរ។

ប្រជាជន​ខ្មែរ​ភាគច្រើន​ប្រាកដជា​ស្គាល់​អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ម៉ុង រិ​ទ្ឋី​គ្រុប និង​មាន​ក្រុមហ៊ុន​ជា​បុត្រ​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀត​មិន​ខាន។ ដោយសារ​មានមុខ​ជំនួញ​ច្រើន​បែបនេះ ប្រហែលជា​លោក​គ្មាន​ពេលវេលា​សម្រាប់​ប្រព​ន្ឋ​កូន​នោះទេ ដូច្នេះ​តើ​គាត់​បែងចែក​ពេលវេលា​ស​ម្រា​ប់​គ្រួសារ និង​មុខ​ជំនួញ​ដូច ម្តេច​ប្រាកដជា​អ្វីមួយ ដែល​លោកអ្នក​ចង់​ដឹក​ហើយ។

អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា យុវជន​បច្ចុប្បន្ន មានសំណាង ព្រោះ​មាន​សិ​ទ្ឋ និង​ពេលវេលា​ជ្រើសរើស​គូ​ស្វាមីភរិយា​ដោយ​ខ្លួនឯងបាន ខុសពី​លោក​រៀបការ គឺ​ពួក​អាពត​រៀបការ​ឲ្យ​ទាំង​ហ្វូង ដែល​រហូត​មកទល់ពេលនេះ​អ្នក​រៀបការ​ជាមួយ​លោក បាន​លែងលះគ្នា​ស្ទើរ​អស់​ទៅហើយ។លោក​បន្តថា ការ​មានគូស្រករ​ដោយ​ជ្រើសរើស​បាន​ដោយ​ខ្លួនឯង ពិតជា​ពិសេស​ណាស់ ហើយ​បើ​រើស​ខុស​ទៀត នោះ​ជា​កំហុស​របស់​យើង មិនមែន​កំហុស​ឪពុកម្តាយ​ឬ​ត្រូវ​បន្ទោស​អ្នកណា​ឡើយ។

ឧកញ៉ា​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​បាន​បន្តថា “រវាង​ការងារ​ជំនួញ និង​ការ​ថែ​រទាំ​ភរិយា ឬ​សុភមង្គល​ក្នុង​គ្រួសារ មិនមាន​អ្វី​គួរ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ទេ សម្រាប់​លោក ព្រោះ​ភរិយា​របស់លោក​មិនបាន​ទាមទារ​ថា​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ជា​ពេលវេលា​របស់គាត់​ឡើយ ហើយ​លោក​ទៅណា​ក៏​ភរិយា​មិនដែល​សួរនាំ​ដែរ។ សំខាន់​រស់នៅ​ជាមួយគ្នា​ត្រូវ​ទុកចិត្ត​គ្នា។ លោក​បន្តថា “បើ​លោក​ទៅ​ព្រៃ នៅ​ចំការ​ដូងប្រេង ភរិយា​លោក​ទៅ​ព្រៃ​ជាមួយ​លោក មិនដែល​ទារ​ទៅ​ផ្សារ​ទំនើប ឬ​ទាមទារ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ​ពី​លោក​ឡើយ។

អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី​បាន​លើក​ជា​សំណួរ​ថា ហេតុ​អី​ត្រូវមាន​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ សម្រាប់​គ្នា? ខ្ញុំ​មិន​គិត​ចឹ​ង​ទេ ព្រោះ​ប្រព​ន្ឋ​ខ្ញុំ​ស្រួល​ដែរ ពេល​ខ្ញុំ​ទៅណា​គាត់​ទៅតាម ប៉ុន្តែ​មិនមែន​ចេះតែ​តាម​គ្រប់ពេលវេលា មិន​រករឿង ប្រច័ណ្ឌ​ខុសពេល​វេលា​ទេ។លោក​បន្តថា បើ​រវល់​តែ​ចង់បាន​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ ឬ​តាមដាន ប្រច័ណ្ឌ​គ្រប់ពេលវេលា យើង​មិន​អាចធ្វើ​អ្វី​កើត​នោះទេ”៕

IMF សេដ្ឋកិច្ចកម្ពុជានឹងសម្រេចកំណើន ៧ភាគរយនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ: មូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ប្រមាណ៧ភាគរយនៅឆ្នាំ២០១៨នេះ ដោយសារកំលាំងចលករជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរ៉ឹងមាំ។

តាមសចក្ដីប្រកាសព័ត៌មានរបស់មូលនិធិរូបិយបណ័ណ្ណអន្តរជាតិ ដែលបា​នធ្វើឡើងបន្ទាប់ពីក្រុមមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដឹកនាំដោយលោក Jarkko Turunen ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី ១៦ខែមីនាកន្លងទៅនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើង ក្នុងរង្វង់៧ភាគរយ ក្នុងឆ្នាំ២០១៨នេះ ដោយសារតែការចំណាយសាធារណៈមានការកើនឡើង ភាពរឹងមាំនៃវិស័យសំ​ណង់ និងសកម្មភាពទេចរណ៍នៅកម្ពុជា ខណៈពេលដែលអតិផរណាធ្លាក់ចុះមក ២.០ភាគរយក្នុងខែមករាឆ្នាំ២០១៨។ ក្នុងនោះឱនភាពគណនីចរន្តត្រូវបានប៉ាន់ប្រមាណថា នៅតែមានស្ថិរភាពក្នុងរង្វង់៨,៤នៃផលទុនជាតិសរុប (GDP)នៅក្នុងឆ្នាំ២០១៧ ហើយទុនបំរុងបរទេសបានបន្តកើនឡើងដល់៨,៩​ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមករាឆ្នាំ២០១៨។

សេចក្តីប្រកាសដដែលបានបន្តថា “សេដ្ឋកិច្ចកម្ពុជានៅតែមានទស្សនវិស័វិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវាអាចប្រឈ​មនឹងហានិភ័យខ្លះ រួមមាន ហានិភ័យលើម៉ាក្រូហិរញ្ញវត្ថុ និងហានិភ័យដែលមានឥទ្ឋិពលពីប្រភពពីខាងក្រៅ”។

របាយការណ៍របស់IMF បានរកឃើញផងដែរថា កំណើនឥណទានរបស់ធនាគារបានកើនឡើងដល់១៧,២ភាគរយ នៅខែមករាឆ្នាំ២០១៨ ហើយក្នុងនោះកំណើនឥណទាន ចំពោះសកម្មភាពទាក់ទងនឹងវិស័យអចលនទ្រព្យ និងសំណ​ង់នៅតែបន្តកើនឡើងក្នុងល្បឿនលឿន ជាងឥណទានលើវិស័យដទៃទៀត៕

ស្វែងយល់ពីមហាយក្សចិនៈ ការវិនិយោគអចលនទ្រព្យកើនឡើងខ្ពស់ក្នុង ប្រទេសចិន

0

ដោយ វុត្ថា
ភ្នំពេញ៖ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន មានការកើនឡើងគួរអោយកត់សម្គាល់ ប៉ុន្តែការលក់អចលនទ្រព្យទាំងនោះនៅក្នុងទីផ្សារ មានការធ្លាក់ចុះជារៀងរាល់ឆ្នាំ។
បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់រដ្ឋាភិបាលចិន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យ នៅទូទាំងប្រទេសចិនបានកើនឡើង៩,៩ភាគរយ ដែលមានតម្លៃរហូតដល់១៧០,៧ពាន់លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០១៨នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងការកើនឡើងនៃការវិនិយោគ ប៉ុន្តែទីផ្សារបែរជាបង្ហាញពីការធ្លាក់ចុះនៃការលក់អចលនទ្រព្យនៅទូទាំងប្រទេសនេះ ។ ការលក់អចលនទ្រព្យក្នុងប្រទេសនេះបានកើនឡើងត្រឹម៤,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលសម្រេចបានអត្រាកំណើនរហូតដល់៧,៧ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកំនើនរហូតដល់២២,៥ភាគរយនៅឆ្នាំ ២០១៦។

ទន្ទឹមនឹងនេះដែរការសាងសង់សំណង់អគារថ្មីៗ បានចាប់ផ្តើមត្រឹមតែ២,៩ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងផ្ទៃដីក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេល៣ខែ។

ការលក់លំនៅឋាននេះ ដោយមិនរាប់បញ្ចូលអចលនព្រព្យមានតម្លៃសមរម្យ ដែលត្រូវបានគាំទ្រដោយរដ្ឋបានកើនឡើង១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំគិតជាតម្លៃ ក្នុងអំឡុងពេលខែមករា និងខែកុម្ភៈដល់ចំនួន១,០៦ពាន់ពាន់លានយន់ ដែលស្មើរនឹង១៦៨ពាន់លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។

វិធានការផ្លូវការដើម្បីទប់ស្កាត់ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ រដ្ឋាភិបា​លចិនបានដាក់ចេញវិធានការណ៍ដើម្បីទប់ស្កាត់បញ្ហានេះ។

កាលពីដើមខែនេះ អ្នកនាំពាក្យសមាជប្រជាជនជាតិ (NPC) បានប្រកាសផែនការ ពង្រាងច្បាប់ពន្ធលើអចលនទ្រព្យ ដែលត្រូវបានកំណត់សម្រាប់ការពិនិត្យឡើងវិញដោយនីតិប្បញ្ញត្តិនៅឆ្នាំនេះ ដើម្បីស្រោចស្រង់ឧស្សាហកម្មនេះ៕

ដំណឹងល្អ! ខេត្តចំនួន៤ ជាប់ព្រំប្រទល់ថៃទទួលបានការធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ

0

ដោយ វុត្ថា

ភ្នំពេញ: ដើម្បីសម្រួលដល់ការនាំចេញកសិផល នៅតាមបណ្តាយព្រំដែនកម្ពុជា ថៃ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្ម នៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ (D) ដល់មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួន៤រួមមានខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវការធ្វើប្រតិភូកម្មនៃការចេញC.Oទម្រង់D សម្រាប់ខេត្តទាំង ៤នេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

លោកប៉ាន សូរស័ក្តិបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោ​បាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។លោកបន្តថា ការធ្វើប្រតិភូកម្មនេះ មិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តមុខងារឲ្យកាន់តែមានប្រសិ្ធទ្ធភាព និងតម្លាភាព ជៀ​សវាងនូវបាតុភាពអសកម្ម និងការកកស្ទះកសិផលជាយថាហេតុ។

លោកបន្តថា “ក្រសួងនឹងបន្តធ្វើប្រតិភូកម្មសេវាធារណៈនេះ ដល់បណ្តាខេត្តជាប់ព្រំដែនផ្សេងៗទៀតនាពេលអនាគត ទន្ទឹមគ្នានឹងការបណ្តុះបណា្តលមន្រ្តីរាជការមន្ទីរពាណិជ្ជកម្មជាមុន ទាំងកម្រិតជំនាញទាក់ទងវិធានប្រភពដើមទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចេញC.Oផងដែរ”។

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងការខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឲ្យមានការអភិវឌ្ឍដ៏ទូលំទូលាយ ប្រក បដោយនិរន្តរភាព ព្រមទាំងដើម្បីពង្រឹង និងធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋានរាជ    រដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្តន៍ក្របខណ្ឌយុទ្ធសាស្រ្ដស្តីពី កំណែទម្រ​ង់វិមជ្ឈការ និងវិសហមជ្ឈការចាប់តាំងពីឆ្នាំ២០០៥។ ក្នុងន័យនេះ ក្រសួងពាណិ​ជ្ជកម្មកន្លង មកបានធ្វើប្រតិភូកម្មសេវាសាធារណៈជាបន្តបន្ទាប់​ ដល់មន្ទីរពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបតម្រូវការអទិភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋបំផុត។

យោងតាមទិន្ន័យរបស់នាយកដ្ឋាននាំចេញ នាំចូលបានឲ្យដឹងថា ការនាំចេញនៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេសបានកើនឡើ​ង​រហូតដល់១១,១៥៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ស្មើនឹងជាង១៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដែលទឹកប្រាក់ត្រឹមតែ៩,៤២១ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែកការនាំចេញតាមវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់D ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណជាង៦៦ភាគរយ កើនឡើងពីទឹកបា្រក់៧២៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ រហូតដល់ទឹកប្រាក់១,២១៤ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕

អស្ចារ្យ! ក្រុមហ៊ុនផ្សារទំនើបធំជាងគេនៅអាស៊ីឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ: ដោយសារកំលាំងទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាកើនជាមធ្យម៧ភាគរយ នៅទីបំផុតក្រុមហ៊ុន CapitaLand ដែលមានក្រុមហ៊ុន CapitaLand Retail ជាក្រុមហ៊ុនផ្សារទំនើបល្បីល្បាញមួយ របស់ប្រទេសសិង្ហបុរីបាន​សម្រេចចិត្តឈានជើងចូលទីផ្សារកម្ពុជា។

ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគ្រប់គ្រងផ្សារលក់រាយថ្មីមួយ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុត និងទំនើបបំផុតមួយនៅក្នុងរាជធានីភ្នំពេញ ដែលផ្សារនោះស្ថិតនៅក្នុងគំរោង The PeAk ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

ផ្សារទំនើបដែលស្ថិតនៅជាផ្នែកមួយនៃគម្រោង The Peak ដែលជាគម្រោ​ងអភិវឌ្ឍន៍រួមគ្នាមួយដោយក្រុមហ៊ុន World Bridge Land របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley ប្រទេសសិង្ហបុរី។ ក្រោមកិច្ចព្រមព្រៀងនេះ CapitaLand នឹងត្រូវទទួលខុសត្រូវលើការធ្វើផែន ការរៀបចំមុនពេលបើកដំណើរការ និងការគ្រប់គ្រងលើការលក់រាយ។ ផ្សារនេះនឹងគ្រប់ដណ្តប់លើអគារកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសរុប ៤២០,០០០​ ហ្វីតការ៉េ។

លោក Wilson Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Retail លើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងថាក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្កើនសក្តានុពលលក់រាយនៃគម្រោង The Peak។

លោក Wilson បានបន្តទៀតថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ ពីក្រុមហ៊ុនលក់រាយអន្តរជាតិល្បីៗជាច្រើនរួមទាំងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ”។ លោកបន្តថា “នេះដោយសារតែក្រុមហ៊ុនទាំងនេះ មានបំណងទាញយកប្រយោជន៍ពីកំណើន នៃទំហំនៃការចំណាយកាន់តែច្រើន  និងកំណើននៃភ្ញៀវទេសចរ ដែលបានមកដល់ប្រទេសកម្ពុជា”។

កត្តានេះបានជម្រុញឲ្យមានកំណើន តម្រូវការកន្លែងលក់រាយដែលមានទីតាំងល្អ និងមានការរចនាល្អនៅក្នុងប្រទេស។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សម្រេចបានកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានមកពីលំហូរទុនដ៏ច្រើនពីបរទេស និងកំណើនវិស័យទេសចរណ៍។ ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាតំបន់មានការអភិវឌ្ឍន៍ឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក Wilson បានបន្ថែមថា “បើពិនិត្យមើលពីទីតាំងរបស់គម្រោង The Peak នៅកណ្តាលរាជធានីភ្នំពេញ និងលក្ខណៈពិសេសនៃអគារលំដាប់់ប្រណិតយើងឃើញថា គម្រោងមានលក្ខណៈរឹងមាំ ស្របទៅតាមលក្ខខណ្ឌនៃសេវាកម្មលក់រាយប្រកដោយគុណភាព ដើម្បីបំពេញទៅតាមបំណងប្រាថ្នានៃអ្នករស់នៅក្នុងទីក្រុង។ CapitaLand នឹងបង្កើនជំនាញលើការគ្រប់គ្រងទ្រព្យសកម្មលក់រាយ និងបណ្តាញក្រុមហ៊ុនលក់រាយឈានមុខគេ ដែលមានចំនួន១៧,០០០កន្លែង ដើម្បីពង្រីកសក្តានុពល លក់រាយរបស់គម្រោង The Peak”។

មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី​ ក្រុមហ៊ុនCapitaLand គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅតំបន់អាស៊ី។ ក្រុមហ៊ុន CapitaLand Retail បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជា៖ ប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា៕

ប្រភព Realestate.com.kh

ដល់ពេលរាប់ថយក្រោយសម្រាប់ការសាងសង់ស្ពាន ភ្នំពេញ-ស្វាយជ្រុំ និងក្ដីតាកុយហើយ

1

ដោយវុត្ថា

ភ្នំពេញ: ដំណឹងល្អ ពីក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលជាពេលត្រូវរាប់ថយក្រោយ ដើម្បីទទួលសមិទ្ឋិផលស្ពានដ៏វែងចំ​នួនពីរ គឺស្ពានតភ្ជាប់រវាងភ្នំពេញ ស្វាយ  ជ្រុំ និងក្តីតាកុយ អារិយក្សត្រ ដែលក្រសួងនិងអ្នកជំនាញបានសិក្សាចប់អស់ហើយ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ស្ពានឆ្លងកាត់ទន្លេ ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ព្រែកតាកុយ ក្រសួងសា ធារណការបានសិក្សារួចរាល់នូវគម្រោងទាំងនេះ ខណៈដីនៅតំបន់នោះ កំពុងឡើងថ្លៃយ៉ាងខ្លាំង។តែយ៉ាងណាក៏ដោយក្រសួងមិនទាន់កំណត់ថ្ងៃណាជាក់លាក់ក្នុងសាងសង់នោះទេ។

លោកបន្តថា “ស្ពានអរិយក្សត្រ និងក្តីតាកុយពីរហ្នឹង យើងខ្ញុំថា គម្រោងនេះបានសិក្សាហើយ ក៏ប៉ុន្ដែមិនទាន់បានដាក់ចូល នៅក្នុងគម្រោងស្នើសុំថវិកាពីប្រ​ទេ​សចិនទេ ”។

ទោះជាយ៉ាងណាការសាងសង់ស្ពានទាំងពីរនេះ មិនទាន់ប្រាកដប្រើប្រាស់ ជំនួយរបស់ចិន ឬកូរ៉េនោះទេ។

បើតាមលោកស៊ុន ចាន់ថុលបានអះអាងថា នាពេលថ្មីៗនេះប្រទេសកូរ៉េ បានសន្យាជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថាចង់សាងសង់ស្ពានមួយ នៅក្នុងប្រទេសកម្ពុជា ។ លោកថា សព្វថ្ងៃនេះនៅកម្ពុជា មានស្ពានដូចជា ស្ពានមិត្តភាព កម្ពុជា-ចិន និងស្ពានមិត្តភាព ជប៉ុន-កម្ពុជា ។

លោកបន្ដថា “នៅកម្ពុជាមិនទាន់មាន ស្ពានមិត្តភាព កូរ៉េ-កម្ពុជា ទើបកូរ៉េធ្វើតាមការសន្យាចង់មានស្ពានមួយ នៅកម្ពុជា។ ជាពិសេសស្ពាន ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ភ្នំពេញ-ក្តីតាកុយ”។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ស្ពានឆ្លងកាត់ផ្លូវ និងមានជាបន្ដបន្ទាប់ទៀត បន្ទាប់ពីមានមួយចំនួននៅក្នុងរាជធានីភ្នំពេញ៕​