ដោយវុត្ថា
ក្រុងបាវិត៖ ទីក្រុងរណបតម្លៃរាប់រយលានដុល្លារបានចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ក្នុងក្រុងបាវិតនាថ្ងៃនេះនៅលើទំហំដីជាង ១០០០ហិកតា តែក្នុងដំណាក់កាលដំបូងខាងក្រុមហ៊ុនសាងសង់នៅលើទំហំទំហំដី ៥៧ ហិកតា។

អគ្គនាយកក្រុមហ៊ុន Empire World លោក Eric Loo ដែលជាអ្នកវិនិយោគគំរោងទីក្រុងរណបនេះ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកបានសិក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាទីក្រុងសំខាន់ៗរបស់កម្ពុជា ទើបចុងក្រោយសម្រេចវិនិយោគគំរោងទីក្រុងរណបនេះឡើង ដែលជាគំរោងលំដាប់អន្តរជាតិដ៏ធំមួយ ដែលមានផ្ទៃដីជាង១០០០ហិកតា ប៉ុន្តែដំណាក់លកាលទី១ យើងអភិវឌ្ឍន៍ទីក្រុងនេះលើផ្ទៃដី៥៧ហិកតា។
-->

លោកបន្តថា “ទីក្រុងរណបនេះមានរួមបញ្ចូលនូវកាស៊ីណូ សណ្ឋាគារកម្រិតផ្កាយ៥ អាផាតម៉ិនប្រណីត បណ្តុំនៃភោជនីយដ្ឋាន និងមជ្ឈមណ្ឌលបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាជួយរដ្ឋាភិបាលគ្រប់គ្រង Game Online នៅកម្ពុជា។លោកបន្តថា “រហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួនជាង៤០ហើយ បានសហការជាមួយយើង និងហាងអាហារ និងភេជ្ជៈល្បីៗប្រមាណ១០០បានចុះកុងត្រា ដើម្បីបើកនៅក្នុងគំរោងនេះរួចហើយ។

ក្រៅពីទីក្រុងរណបនេះ ក្រុមហ៊ុនរបស់ចិនមួយទៀត ក៏បានបើកដំណើរការសាងសង់ទីក្រុងរណបលើផ្ទៃដី៧ហិកតា នៅក្នុងទីក្រុងបាវិតរួចហើយ ដោយដាក់ឈ្មោះទីក្រុងហេងហេង។

លោក Eric Loo បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រុងបាវិតមានលក្ខណៈពិសេសជាច្រើន ដោយស្ថិតនៅក្នុងគំរោងខ្សែក្រវ៉ាត់១ ផ្លូវមួយរបស់ចិន និងមានទីតាំងនៅកៀកនឹងក្រុងហូ ជីម៉ិញប្រទេសវៀតណាម ដែលងាយស្រួលក្នុងការដឹកជញ្ជូននិងពង្រីកការតភ្ជាប់លើវិស័យពាណិជ្ជកម្ម។
តាមព៌តមានជាក់លាក់បានឲ្យដឹងថា បច្ចុប្បន្នមានជនជាតិចិន និងអ្នកវិនិយោគចិនប្រមាណ៥០,០០០នាក់ បាននិងកំពុងធ្វើការ និងវិនិយោគនៅទីក្រុងនេះ ដែលនៅឆ្នាំ២០២៥ខាងមុខ ទីក្រុងបាវិតនឹងមានមនុស្សរស់នៅប្រមាណ២០ម៉ឺននាក់។

លោក Eric Loo បានបន្តថា គោលដៅនៃការអភិវឌ្ឍទីក្រុងរណបនេះ យើងនឹងសហការជាមួយដៃគូវិនិយោគអន្តរជាតិដទៃទៀត ដែលបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើនបានចាប់អារម្មណ៍ ក្រៅពីដៃគូដែលយើងមានប្រមាណ៤០ក្រុមហ៊ុនរួចហើយ។
រដ្ឋាភិបាលកម្ពុជាបានដាក់ក្រុងបាវិត ជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ – ២០២៥ ជាមួយទីក្រុងពីរផ្សេងទៀត គឺខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។
ក្រុងនៃឧស្សាហកម្ម មានន័យថារដ្ឋាភិបាលនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងផ្នែករ៉ឹង និងផ្នែកទន់ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ពិភពលោក។

លោក Eric Loo បានបន្តថា ហេតុដែលយើងវិនិយោគនៅទីក្រុងរណបនេះ ដោយសារវាជាទីក្រុងបែបយុទ្ឋសាស្ត្រ ដែលស្ថិតនៅជាប់ព្រំដែនអន្តរជាតិ ដែលកម្ពុជាមានព្រំដែនលំដាប់អន្តរជាតិចំនួនពីរ គឺព្រំដែនបាវិត និងប៉ោយប៉ែត ដែលរដ្ឋាភិបាលមិនអាចបិទបានទេ ដោយសារវាជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។លោកបន្តថា យើងមិនត្រឹមតែអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរ៉ឹងនោះទេ តែយើងនឹងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សផងដែរ ព្រោះបច្ចុប្បន្នកម្ពុជាមិនទាន់ មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយទេ ហេតុនេះនៅក្នុងក្រុងរណបនេះ យើងក៏មានសាងសង់សាលារៀនលំដាប់អន្តរជាតិផងដែរ។

ទីក្រុងបាវិត ពិសេសផ្លូវជាតិលេខ១ជាផ្នែកមួយនៃផ្លូវអាស៊ាន និងស្ថិតនៅក្នុងយុទ្ឋសាស្ត្រត្បូង ត្បូង ដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋអាស៊ាន៕