ដំណឹងល្អ! ស្ថានីយ៍ចំណតរថយន្តកម្ពុជា-ជប៉ុននៅខេត្តកំពង់ឆ្នាំងនឹងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរ

0

ដោយ វុត្ថា

ភ្នំពេញ: ស្ថានីយ៍ចំណតរថយន្តមិត្តភាពកម្ពុជា ជប៉ុនខេត្តកំពង់ឆ្នាំង បានស្ថាបនារួច១០០ភាគរយហើយ និងគ្រោងបើកឲ្យដំណើរការជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០១៨ ។

លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ស្ថានីយ៍ចំណតរថយន្តមិត្តភាពកម្ពុជា ជប៉ុននេះជាស្ថានីយ៍ទី២នៅកម្ពុជា បន្ទាប់ពីស្ថានីយ៍ទី២១ ធ្វើនៅខេត្តពោធិសាត់ ដែលបានសាងសង់ឡើង ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិសមាហរណកម្មអាស៊ានបានបញ្ចប់។ លោកបន្តថា ការបង្កើតអោយមានស្ថានីយ៍រថយន្តមិត្តភាពកម្ពុជាជប៉ុននេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងជំរុញកំណើនភ្ញៀវទេសចរណ៍។

ស្ថានីយ៍នេះបានចាប់ផ្តើមសាងសង់នៅចុងខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅក្នុងខែកុម្ភៈឆ្នាំ២០១៨ ដែលមានទំហំដីសរុប៥៥០០ម៉ែត្រការ៉េ ផ្ទៃក្រឡាទំហំសំណង់មានទំហំ៣០០ម៉ែត្រការេ ក្នុងនោះមានការិយាល័យប្រតិបត្តិករស្ថានីយ៍ កន្លែងណែនាំ និងសាកសួរព៌តមាន កន្លែងចំអិនអាហារ ភោជនីយដ្ឋាន តូបលក់សម្ភារៈអនុស្សាវរីយ៍ និងបន្ទប់ទឹកសាធារណៈ។

លោក ស៊ាង ថៃ បញ្ជាក់ថា ស្ថានីយ៍នេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្នុងចំងាយផ្លូវ១០០គីឡូម៉ែត្រ ត្រូវមានស្ថានីយ៍ចំណតរថយន្តមួយ ដើម្បីអោយអ្នកបើកបរបានចុះសំរាក រកបន្ទប់ទឹក និងញាំអាហារ។ ស្ថានីយ៍នេះ មានប្រយោជន៍ជំរុញដាក់តាំងលក់ផលិតផលក្នុងខេត្ត និងក្នុងប្រទេសឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានស្គាល់ ជំរុញផ្សព្វផ្សាយផលិតផលក្នុងស្រុក និងផ្សព្វផ្សាយពីព័តមានសំខាន់ៗ នៃតំបន់ទេសចរណ៍ នានានៅក្នុងខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿនបានឲ្យដឹងផងដែរថា នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថានីយ៍ចំណតរថយន្តថ្មីនេះមានអត្ថប្រយោជន៍ច្រើន ទាក់ទងទៅនឹងការទបស្កាត់គ្រោះថ្នាក់ចរាចរណ៍ ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ក្នុងខេត្តកំពង់ឆ្នាំង ព្រោះខេត្តកំពង់ឆ្នាំងមានចំងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញឡើយ៕

បុរីថ្មីមួយបើកដំណើរការដោយផ្តោតលើអ្នកមានជីវភាពមធ្យម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ: ស្របពេលនិន្នាការទីផ្សារ កំពុងប្រែប្រួលមករកអ្នកមានជីវភាពមធ្យម​បុរីថ្មីមួយ​បាន​ងាកមកវិនិយោគគំរោងលំនៅដ្ឋានតម្លៃទាប និងតម្លៃមធ្យម ដើម្បីឆ្លើយតបនឹងតម្រូវការ​ទីផ្សារជាក់ស្តែងក្នុងប្រទេស។

អគ្គនាយកក្រុមហ៊ុន RN VIP Real Estate លោក វន វណ្ណ: បានលើកឡើង​ក្នុងពិធី​បើកការដ្ឋានសាងសង់គំរោងទី៣របស់ខ្លួន កាលពីម្សិលម៉ិញនេះថា មួយរយ:ចុង​ក្រោយ​នេះកំ​នើ​​នអចលនទ្រព្យ ដូចជា បូរីលំនៅដ្ឋាន ខុនដូ មានការកើនឡើងគួរអោយគត់សំគាល់ ប៉ុន្តែ​យើងមើលឃើញថា គម្រោង​ភាគច្រើនសុទ្ធតែផ្តោតលើអតិថិជន អ្នកចំណូលមធ្យម និងខ្ពស់ ។ ដូច្នេះហើយក្រុមហ៊ុនបានចាប់ផ្តើមគិតគូរ ចំពោះអ្នក​មានចំណូលទាប និងមធ្យម មានតម្លៃ​សម​រម្យ និងមានគុណភាពប្រកបតាមស្តង់ដាខ្ពស់ ចាប់ផ្តើម​តាំងពី​ការរចនា​ម៉ូតផ្ទះ ការចាក់ដី ការ​បុកគ្រឹះសំណង់ ប្រព័ន្ធផ្លូវ ថ្នល់ លូ អគ្គីសនី ក្នុងផ្ទះ និងតាមដងផ្លូវ​ជុំវិញបូរី​ទាំងមូល។

លោកបន្តថា “ក្រុមហ៊ុនបាននិងកំពុងយកចិត្តទុកដាក់លើសេវាសន្តិសុខ សុវត្តិភាព របស់​អតិ​ថិជន ដោយមាន​ការប្រចាំការ២៤ម៉ោង និងពេញមួយសប្តាហ៍”។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ប៉ុន្តែនិន្នាការបានងាកមកកាន់ប្រជាជនមានជីវភាពមធ្យម និងប្រជាជនមានប្រាក់ចំណូលទាប ដោយសារតែប្រជាជនមានប្រាក់ចំណូលមធ្យមកើនឡើង និងមានចំនួនច្រើន ធៀបជាមួយនឹងក្រុមប្រជាជនមានជីវភាពខ្ពស់ ឬក្រុម Elite។

អ្នកនាងបន្តថា “ការវិនិយោគលើលំនៅដ្ឋានប្រជាជនមានជីវភាពមធ្យម ជាមូលដ្ឋានដ៏សំ​ខាន់សម្រាប់ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ”។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា ទីផ្សារ​លំ​នៅដ្ឋានសម្រាប់ប្រជាជនមានជីវភាពមធ្យម បាននិងកំពុងកើនឡើងខ្លាំង និងទទួលបាន​ជោគ​ជ័យ ក្នុងការវិនិយោគដោយសារប្រជាជនមានជីវភាពមធ្យម និងទាបមានចំនួនច្រើន ខណៈការលក់លំនៅដ្ឋានមានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវផងដែរនាពេលបច្ចុប្បន្ន​នេះ៕

ចង់ដឹង​ទេ​ហេតុ​អី​រថភ្លើង​ស្រុក​ខ្មែរ​រត់​ដូច​អណ្តើ​កវារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការបើក​ដំណើរការ​រ​ភ្លើង​ភ្នំពេញ ខេត្ត​ព្រះសីហនុ​ជា​រឿង​អបអរ​មួយ ប៉ុន្តែ​ការរត់​លើផ្លូវ​ដែក​នៃ​ទូរ​រថភ្លើង​ដ​វែង​នោះ ហាក់​យឺត​ជាង​អ្វីដែល​យើង​គិត។ តើ​ហេតុអ្វី​បានជា​ទូរ​រថភ្លើង​របស់​យើង​រត់​យឺត​បែបនេះ?

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា ស៊ីម​សូរិយា​បាន​មានប្រសាសន៍​ពន្យល់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០ មិនា​នេះ​ថា តាមពិត​ផ្លូវ​រថភ្លើង​របស់​យើង អាច​អនុ​ញ្ញា​ត្ត​ឲ្យ​រថភ្លើង​រត់​បាន​ក្នុង​ល្បឿន៦០គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ដើម្បី​បង្ការ​គ្រោះថ្នាក់ និង​ដោយសារ​មាន​ផ្លូវ​ឆ្លងកាត់​ច្រើន​ផង ទើប​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​រថភ្លើង​រត់​បាន​តាម​ល្បឿន​កំណត់​ទេ។លោក​បន្តថា បច្ចុប្បន្ន​ខ្សែ​រថភ្លើង​នៃ​ក្រុមហ៊ុន Toll Railway អាច​រត់​ក្នុង​ល្បឿន៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

លោក​បន្តថា “នៅក្នុង​ខ្សែ​រថភ្លើង​ប្រវែង២៦៦គីឡូម៉ែត្រ​នេះ មាន​ផ្លូវ​ឆ្លងកាត់​ជាង៤០០កន្លែង នេះ​ជា​មួល​ហេតុ​មិនអាច​ឲ្យ​រថភ្លើង​រត់​បាន​លឿន និង​មួយផ្នែក​ទៀត​គឺ​ផ្លូវ​ឆ្លងកាត់​ភាគច្រើន​មិនមាន​របង​ទេ។លោក​បន្តថា “បច្ចុប្បន្ន​បើ​ចង់ទៅ​កាន់​ខេត្ត​ព្រះសីហនុ ត្រូវ​ចំណាយពេល​ប្រមាណ៧ម៉ោង ទើប​ទៅដល់​គោលដៅ។

លោក​វ៉ា ស៊ីម​សូរិយា​បាន​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន Toll Railway កំពុងដំនើរកា​រដឹក​ជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ជាប្រចាំ​រវាង​ខេត្ត​ព្រះសីហនុ និង​ក្រុងភ្នំពេញ

ដោយ​ខ្សែ​រថភ្លើង​នេះ​ឆ្លងកាត់​ខេត្តកំពត និង​ខេត្ត​កែប​ផងដែរ មុន​ទៅដល់​ខេត្ត​ព្រះសីហនុ៕

លោកឧកញ៉ា លី ហួរ បង្ហើបពីយុទ្ឋសាស្រ្តធ្វើឲ្យក្រុមហ៊ុនទទួលជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញការបង្កើតក្រុមហ៊ុនមួយ ជាការងាយស្រួលទេ ប៉ុន្តែដើម្បីឲ្យក្រុមនោះទទួលបានជោគជ័យប្រកបដោយនិន្តរភាព ​មិនមែនជាការងាយស្រួលនោះទេ ដូច្នេះការមានផែនការច្បាស់លាស់ពិតជាមានសារៈសំខាន់ណាស់។

លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលមានក្រុមហ៊ុនជា​បុត្រសម្ព័ន្ឋចំនួន៨ និងមានបុគ្គលិកបំរើការងារប្រមាណ១៥០០នាក់បានមានប្រ​សាសន៍ឲ្យគេហទំព័រ Propertyarea.asia ដឹងនាព្រឹកថ្ងៃទី២០ មិនានេះថា ការបង្កើ​ត​ក្រុមហ៊ុនមួយ អ្នកវិនិយោគត្រូវគិតលើកត្តាជាច្រើន ដោយទី១ ត្រូវសិក្សាពីទីតាំង នៃអាជីវកម្មរបស់ខ្លួនថា តើសមស្របសម្រាប់អាជីវកម្មរបស់ខ្លួនឬអត់ ទី២ ត្រូវសិក្សាពីទីផ្សារ និងដៃគូប្រកួតប្រជែងរបស់យើងច្រើនឬតិច មានដៃគូខ្លាំងប៉ុន្មានក្រុមហ៊ុន? ទី៣ អ្វីជាផែនការរបស់យើងពិតប្រាកដ ពេលរកឃើញហើ​យត្រូវយកមកប្រៀបធៀបជាមួយដៃគូ ប្រកួតប្រជែងរបស់យើងនៅតំបន់នោះ។

ទី៤ បើសិក្សារួចហើយឃើញថាគំរោងរបស់យើងល្អ មានទីផ្សារល្អ និងអាចប្រកួតជាមួយដៃគូអាជីវកម្មរបស់យើងបាន យើងធ្វើអាជីវកម្មនោះនឹងទទួល​ជោគជ័យហើយ ទី៥ យើងត្រូវសិក្សាពីតម្លៃផលិតផលរបស់យើងផងដែរ បើវាមានតម្លៃសមរម្យ និងអាចប្រកួតប្រជែងបាន យើងអាចាប់ផ្តើមបានហើយ។ លើ​សពីនេះ យើងក៏ត្រូវសិក្សាពីមូលដ្ឋានហិរញ្ញវត្ថុរបស់យើងផងដែរ ដើម្បីធ្វើឲ្យប្រាកដថា គំរោងរបស់​យើងដើរទៅមុខ ដោយគ្មានឧបសគ្គហិរញ្ញវត្ថុ។

លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា “បើយើងមិនបានសិក្សាពីទីផ្សារ ពីផលិតផលរបស់យើង ពីដៃគូប្រកួតប្រជែងរបស់យើង ហើយយើងចេះតែធ្វើតាម​ការនឹកឃើញ គឺយើងពិបាកទទួលបានជោគជ័យណាស់”។

លោកបន្តថា  ការបើ​កក្រុមហ៊ុនមួយៗ ក៏ត្រូវគិតពីលទ្ឋភាពរបស់យើងសិនថា យើងចង់ធ្វើអី បើយើង​ចង់វិនិយោគលើវិស័យអចលនទ្រព្យ បើយើងគិតថាចង់សង់ផ្ទះលក់ យើងត្រូវដឹងថា តំបន់នោះតម្រូវទីផ្សារប្រជាជនក្រុមណា ហើយ​ចង់ផ្ទះលក់ក្នុងតម្លៃប៉ុន្មាន ទើបអាចរកចំណេញបាន ហើយបើសង់ហើយមានអ្នកទិញឬទេ នោះជាចំណុចដ៏សំខាន់ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងទទួលបានជោគជ័យ។

លោកឧកញ៉ាលី ហួរបានបន្តថា “អ្វីដែលយើងធ្វើ គឺត្រូវគិតដល់សុភាសិតខ្មែរយើងមួយ ដែលបានលើកឡើងថា “គិតហើយ សឹមគូរ ព្រោះបើយើងគូរហើយ​ចាំ គិតពិតជាពិបាកជោគជ័យហើយ”៕

ADB ផ្តល់ជំនួន ៦០លានដុល្លារ ជួយកម្ពុជាឆ្ពោះទៅមុខកាន់តែលឿន

0

ដោយ ដែន ចែងចាំង

ភ្នំពេញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ទឹកប្រាក់៦០លានដុល្លារ ដើម្បីជួយកម្ពុជាឆ្ពោះទៅមុខកាន់តែលឿន តាមរយៈការអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ដល់កម្ពុជា។

លោកអ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់អ្នកសារព័តមាន ក្រោយជំនួបពិភាក្សាជាមួ​យលោ​ក Jan Hansen ប្រធានស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ មិនានេះថា គម្រោងអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងរៀបចំធ្វើយ៉ាងណា នឹងបង្កើនគម្រោងនេះសម្រាប់បរិបទថ្មី នៃការអភិវឌ្ឍន៍ គោលនយោបាយជាតិស្តីពី ការពិពិធកម្មឧស្សាហកម្ម និងគោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ។

លោកបន្តថា “គំរោងនេះ នឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធិភាពការ អនុវត្តន៍គោលនយោ​បាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនិងគំរោ ង ដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១”។

លោកអ៊ិត សំហេងបានបន្តថា នៅក្នុងបរិបទសមារណកម្មសហគមសេដ្ឋកិច្ចអាស៊ាន និងសា​ក​​លភាវូបនីយកម្ម តម្រូវការកំលាំងពលកម្ម ដែលមានកម្រិតជំនាញមានកាន់តែច្រើនឡើង។ ហេតុនេះកម្ពុជាចាំបាច់ណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈឲ្យកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលជាទិសដៅនាពេលខាងមុខសម្រាប់ការអភិវឌ្ឍន៍។

តាមរយៈគម្រោងភាពជាដៃគូនេះ នឹងបង្កើតឲ្យជិតស្និទ្ធបន្ថែមទៀតរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រវាងក្រសួង និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយផ្នែកឯកជន ដើម្បីទាក់ទាញនូវធនធាន ក៏ដូចជា បច្ចេកទេសឲ្យបានកាន់​តែច្រើនថែម សម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស និងមានអត្ថប្រយោ​ជន៍ធំណាស់សម្រា​ប់ប្រទេសជាតិ និងប្រជាពលរដ្ឋ យុវជន យុវនារី ព្រោះបើគិតពីពេលនេះទៅមុខ។

យោងតាមសេចក្តីប្រកាសព័តមាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹ​ង​ថា ដំណើរការនៃការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាសធា​តុពីរ ដូចជា ទី១ កម្ចីសម្រាប់សកម្មភាពការងារ គោលនយោបាយដែលមានថវិកាចំនួន៧លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី និងទី២ កម្ចីសម្រាប់សកម្ម​ភាពការងារគម្រោងចំនួន៣៨លានដុល្លារ និងទឹកប្រាក់១៥លានដុល្លារបាន​មកពីទីភ្នាក់​ងារបារាំងដើម្បីការអភិវឌ្ឍ (AFD)៕

ដុល្លារូបនីយកម្មរួមចំណែក ៨,៥ភាគរយក្នុងការជំរុញកំណើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ ដុល្លាររូបនីយកម្មបានចូលរួមចំណែកជាវិជ្ជមាន ដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ រូបិយប័ណ្ណនេះបានរួមចំណែក៨,៥ភាគរយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាស្តីពី សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជាបានបង្ហាញថា មកដល់បច្ចុប្បន្នដុល្លាររូបនីយកម្ម បានចូលរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើន សកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលមានកម្រិតមធ្យមប្រមាណ៨,៥ភាគរយ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ក្នុងនោះល្បឿនកំណើនដែលគួរឲ្យកត់សម្គាល់នេះ ត្រូវបានជម្រុញការវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ និងសមាហរណកម្ម យ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងពិភពលោក។

របាយការណ៍នេះបានបង្ហាញថា ខណៈកម្ពុជាកំពុងក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតដុល្លារូបនីយកម្មខ្ពស់ បានធ្វើឲ្យកម្ពុជារងនូវឥទ្ធិផលពីខាងក្រៅ ហើយប្រឈមនិងហានីភ័យជាចម្បងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចកម្ពុជាផងដែរ។

របាយការណ៍ដដែលបានសង្កាត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវបង្កើនភាពឯករាជ្យ ពីការប្រើប្រាស់រូបិយប័ណ្ណ ដើម្បីធ្វើឲ្យលទ្ធភាពនៃការគ្រប់ គ្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះដោយយល់ឃើញពីសារៈសំខាន់ នៃតួនាទី រូបិយប័ណ្ណជាតិក្នុងការជម្រុញសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍យុទ្ធសាស្រ្តជម្រុញ ការប្រើប្រាស់ប្រាក់រៀល ដូច បានចែងក្នុងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាក់ស្តែងរាជរដ្ឋាភិបាលបានជម្រុញការបង់ពន្ធ បង់ ថ្លៃទឹកភ្លើង ត្រូវធ្វើឡើងជាប្រាក់រៀល រួមនឹងការរក្សារតម្លៃប្រាក់ររៀល តាមរយៈការធ្វើឲ្យអត្រាប្តូរប្រាក់មានស្ថិរភាពជាដើម។

ទោះជាយ៉ាងណាមានប្រតិកម្មចម្រុះ ទាក់ទងនឹងភាពវិជ្ជមាន និងអវិជ្ជមានលើដុល្លារូបនីយកម្មនៅកម្ពុជា។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែភាពអវិជ្ជមានអាចមានច្រើន ដោយសារកម្ពុជានាំចេញដោយប្រើ​ប្រាស់ប្រាក់ដុល្លារ ហេតុនេះនៅពេលប្រាក់ដុល្លារឡើងថ្លៃ នឹងធ្វើឲ្យទំនិញកម្ពុជា​មានតម្លៃថ្លៃ និងពិបាកក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត។

លោកបន្តថា “ទោះជាការចចរាចរណ៍ប្រាក់ដុល្លារ នៅកម្ពុជាមានចំនុចវិជ្ជ​មានច្រើនក្តី ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យមានការធ្វើបដិដុល្លារនីយកម្មបន្តិចម្តងៗ ដើម្បី ប្រាក់របស់ជាតិមានស្ថិរភាព និងជាការលើកកំពស់មោទនភាពជាតិ”។

ទោះជាយ៉ាងណាអ្នកវិនិយោគតៃវ៉ាន់ ដែលបានវិនិយោគគំរោង TK Royal One នៅកម្ពុជាលោក Chenyi Liu បានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជា ជាចំណូចវិជ្ជមាន ដោយសារយើងមានភាពកក់ក្តៅ និងមានទំនុកចិត្តនូវការចរាចរណ៍ប្រាក់ដុល្លារនៅកម្ពុជា ប៉ុន្តែយ៉ាងណាវាមិនមែនជាផ្នែក​តែមួយ ដែលបានទាក់ទាញអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជានោះទេ?។

លោកបន្តថា “ការចរាចរណ៍ប្រាក់ដុល្លារយ៉ាងសកម្ម និងទូលំទូលាយនៅក្នុងទីផ្សារនៅទីនេះ ពិតជាល្អប្រសើរ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត”។

អគ្គនាយកក្រុមហ៊ុន WTC Phnom Penh លោក KAZUYA URATA បានយល់ស្របនឹងការវិនិយោគរបស់ជនជាតិតៃវ៉ាន់ ដោយលោកបានថ្លែងថា ការអនុញ្ញាត្តឲ្យមានការចរាចរ ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជា ពិតជាផ្នែក​មួយយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យអ្នកវិនិយោគមានទំ​នុកចិត្ត និងមានភាពកក់ក្តៅ នៅក្នុងទីផ្សារនេះ ប៉ុន្តែការមានច្បាប់វិនិយោគដ៏ល្អ កំណើនសេដ្ឋកិច្ចល្អ និងការអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋិបោះទុនវិនិយោគ១០០ភាគរយ ក៏ជាផ្នែកដ៏សំ​ខាន់ ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគជាច្រើនមកកម្ពុជាផងដែរ៕

ហុងកុង​វិនិយោគ​ទឹកប្រាក់​ជាង១៣០០លាន​ដុល្លារ​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាមួយនឹង​សក្តានុពល និង​ការបើកចំហ​របស់​កម្ពុ​ជា​បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ហុងកុង មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ជាង១៣៣០លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​កាល ពី​ម្សិល​ម៉ិ​ញ​នេះ​ថា ការវិនិយោគ​របស់​អ្នកវិនិយោគ​ហុងកុង​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៧មាន​ចំនួន២៥៧គម្រោង មាន​ទុនវិនិយោគ​ប្រមាណ១៣៣០លាន​ដុល្លារ​អាមេរិក ស្មើ​ជាង២ភាគរយ នៃ​ការវិនិយោគ​បរទេស​សរុប​នៅ​កម្ពុជា។

ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Edward Yau អគ្គលេខាធិការ​ពាណិជ្ជ​កម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​វឌ្ឍនភាព​យ៉ាងខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​មាន​បរិយាកាស​វិនិយោគ​ល្អប្រសើរ ដោយ​លោក​នឹង​ខិតខំ​ទាក់ទាញ អ្ន​កវិន​យោគ​មកពី​ទីក្រុង​ហុងកុង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​ជម្រាបជូន​គណៈប្រតិភូ​ហុងកុង អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៥។ លើសពីនេះ  លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ប្រតិភូ​ហុងកុង អំពី​គោលនយោបាយ​គាំពារ​វិនិយោគិន និង​ការលើកទឹកចិត្តផ្សេងៗរបស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បាន​សំណូមពរ​ឲ្យ​មានការ​រៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី នៅក្នុង​ទីក្រុង​ហុងកុង នាពេលខាងមុខ​ផងដែរ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​សុខ ចិន្តា​សោភា​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​វិនិយោគ ដែល​បាន​ទាក់ទាញ​អ្នកវិនិយោគ​មកពី​ហុងកុង និង​ប្រទេស​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​បរិយាកាស​វិនិយោគ​ល្អប្រសើរ ច្បាប់​វិនិយោគ ច្បាប់​ព​ន្ឋ​របស់​កម្ពុជា​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ និង​កត្តា​អំណោយផល​ជាច្រើន​ទៀត៕

អស្ចារ្យណាស់ ….អគារភ្លោះកម្ពស់ជិត៦០០ម៉ែត្រ តម្លៃជាង៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានបញ្ចុះបឋមសិលាសង់ជញ្ជាំងបេតុងទ​ប់ដី មុនបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

0
  • គម្រោងសាងសង់អគារភ្លោះដែលមានកម្ពស់ខ្ពស់កប់ពពករហូតដល់៦០០ម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅត្រឹមរសៀលថ្ងៃទី១៩ ខែមីនា នេះ បានប្រារព្វពិធីបញ្ចុះបឋមសិលា សង់ជញ្ចាំងបេតុងដើម្បីទប់ដីមុនពេលបុកគ្រឹះជាផ្លូវការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។
  • លោក ទួស សាភឿន ប្រធានក្រុមការងារស្ថាបតយ្យករ នៃក្រុមហ៊ុនសំណង់ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណៈស្ថាបតយ្យកម្មកម្ពុជា បានថ្លែង ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបួងសួងសូមសិរីសួស្តី ពីម្ចាស់ទឹកម្ចាស់ដី នៃគម្រោងសាងសង់អាគារ «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» លំដាប់ពិភពលោក។ នេះជាព្រឹត្តការណ៍បើកការដ្ឋានដំបូង គឺសម្រាប់ការដ្ឋានគម្រោងជញ្ជាំងបេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំឲ្យមានការបាក់ច្រាំង នៅពេលការចាប់ផ្តើមសាងសង់សំណង់ អគារភ្លោះទាំងមូលនៅពេលខាងមុខ។
  • លោកបានបញ្ជាក់ទៀតថា គម្រោង «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានកំពស់៥៦១.៧ម៉ែត្រ ស្មើនឹង១៣៣ជាន់ គឺគិតចំនួនផ្ទៃដែលប្រើប្រាស់បាន បើគិតបញ្ចូលទាំងកំពស់អង់តែន២៥ម៉ែត្រទៀត គឺមានកំពស់រហូតដល់៥៨៦.៧ម៉ែត្រឯណោះ » ។
    លោកបានបន្ថែមថា ៖ «ប្លង់ស្ថាបត្យកម្មរបស់អគារនេះ ទទួលបានការចូលរួមសិក្សាពីស្ថាបត្យករមកពី៦ប្រទេស ហើយប្លង់នេះបានបញ្ចប់រួចរាល់ហើយ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាប្រទេសមួយចំនួន។ ពេលនេះក្រុមការងារបច្ចេកទេស បាននឹងកំពុងសិក្សាបន្ថែមទៀត ។ គម្រោងមួយនេះ យើងបានប្រើប្រាស់ថវិកាអស់ជាច្រើនលានដុល្លាររួចមកហើយ។ នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ សាងសង់ចប់ នឹងក្លាយជានិម្មិតរូប នៃការអភិវឌ្ឍជាតិ មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតម្លៃកិត្យានុភាព សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់។ វាមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឲ្យចូលមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់ មានការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបើកការិយាល័យនៅរាជធានីភ្នំពេញ បានច្រើននៅឡើយ»។

សុខ ចិន្តាសោភា!!! កម្ពុជាជាប្រទេសគោលដៅវិនិយោគដ៏មានសក្តានុពល

0

ដោយ ដែន ចែងចាំង

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ការសម្រេចចិត្តរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ដោយសារកម្ពុជាមានគោលដៅវិនិយោ​គដ៏មានសក្តានុពល ក្នុងការចាប់ផ្តើមនិងការពង្រីកអាជីវកម្មរបស់ខ្លួន។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេ​ខា​ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំជាមួ​យគណៈប្រតិភូពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨នេះថា កម្ពុជាជាប្រទេសដែលមានលក្ខណៈអំណោយផលនៃការវិនិយោគ ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់លទ្ធភាពឲ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧.៧%ក្នុងជា​ង២ទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តមបន្តថា កំណើនសេដ្ឋកិច្ចនេះ បានជម្រុញ  ឲ្យកម្ពុជា ធ្វើដំនើរ​យ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ បរទេសឲ្យមកបណ្តាក់ទុនលើគ្រប់វិស័យ។

លោកបន្តថា “ការសម្រេចចិត្តរបស់អ្នកវិនិយោគទុនហុងកុង ដែលបានជ្រើសរើសយកកម្ពុជា ដោយសារកម្ពុជាបានចាប់ផ្តើម និងការពង្រីកលើមូល​ដ្ឋានអាជីវកម្មរបស់ខ្លួនដ៏មានតម្លាភាព”។

លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក អ៊េត វីតយ៉ាវបានទទួលស្គាល់ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសមានការរីកចម្រើន លូតលាស់យ៉ាងខ្លាំង ហើយឯកឧត្តមសន្យា ជួយទាក់ទាញអ្នកវិនិយោគទុនហុងកុង ឲ្យមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត ដើម្បីបន្តរឹងចំណងមិត្តភាព និងទំនាក់ទំនង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ការវិនិ​យោ​គរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧មានចំនួន២៥៧គម្រោង មានទុនវិនិយោគប្រមាណ១៣៣០លានដុល្លារអាមេរិក ស្មើជាង២ភាគរយ នៃការវិនិយោគបរទេសសរុបនៅកម្ពុជា។

ដោយឡែកនៅឆ្នាំ២០១៧កន្លងមក អ្នកវិនិយោគទុនហុងកុងបានវិនិយោ​គនៅកម្ពុជាចំនួន១៣គម្រោង ដែលគម្រោងវិនិយោគនោះរូមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ការបូប ស្បែក ជើងនិងឧស្សាហកម្មដ៏ទៃទៀត ដែលមានទឹកប្រាក់វិនិយោគប្រមាណ៨៥លានដុល្លាអាមេរិក ស្មើនឹង១.៦៤ភាគរយ នៃទុនវិនិយោគបរទេសសរុបនៅមកម្ពុជា៕

ដំណឹងល្អ! ព្រលានយន្តហោះខេត្តសៀមរាប ផ្តើមបើកការដ្ឋានសាងសង់ហើយ

0

ដោយ វុត្ថា

ភ្នំពេញដំណឹងល្អ! នៅទីបំផុតព្រលានយន្តហោអន្តរជាតិខេត្តសៀមរាបបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ បើទោះបីការដោះស្រាយ ជាមួយក្រុមហ៊ុន SCA បាននិងកំពុងដំណើរការមិនទាន់បញ្ចប់ក្តី។

អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ មិនានេះបន្តថា  ក្រុមអ្មកអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានកៀងគរក្រុមកម្មកររបស់ខ្លួន ឧបករណ៍ និងធនធានកំពុង ពង្រាប ការសំអាត និងការឈូសឆាយដីនៅទីតាំងគម្រោង។ បន្ថែមពីនេះ ក្រុមងការងារ នឹងធ្វើការសាងសង់ផ្លូវចូល  អគារស្ថានីយ៍ បំពាក់អំពូលបំភ្លឺ និងគ្រឿងបរិក្ខារផ្សេងៗទៀតដែលចាំបាច់នឹងធ្វើទៅតាមគម្រោង។

ព្រលានយន្តហោះថ្មី ដែលគ្រោងសាងនៅក្នុងទឹកដីខេត្តសៀមរាបនេះ នឹងចំណាយថវិការប្រមាណ ៨៨០លានដុល្លារ និងសាងសង់លើផ្ទៃដីទំហំ ៧៥០ ហិកតា នៅក្នុងស្រុកសូត្រនិគម នាជាយក្រុងសៀមរាប។ តាមគម្រោងនឹងត្រូវប្រើពេលយ៉ាងហោចណាស៣ឆ្នាំ ទៅ៥ឆ្នាំទើបសាងសង់បញ្ចប់។

លោកបន្តថា “ការបើកការដ្ឋានសាងសង់បានចាប់ផ្តើមហើយ ខណៈក្រុម​ចចារជាមួយក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះនៅកម្ពុជា (SCA)បាននិងកំពុងចចារបញ្ចប់”។

គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ដំណាក់កាលទី ១ ក្រុមហ៊ុននឹងវិនិយោគ ៥០០លានដុល្លារក្នុងការឈូសឆាយ សាងសង់ស្ថានីយ៍ និងបំពាក់គ្រឿង ដំណាក់កាលទី២ សាងសង់ផ្លូវ ដែលអាចអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ដូចជាយន្តហោះ ប្រភេទ Boeing 737 និង Airbus A320 ចុះចតបាន និងដំណាក់កាលពី៣ មានទឹកប្រាក់៣០០លានដុល្លារផ្សេងទៀត ត្រូវបានត្រៀមទុកក្នុងការពង្រីកព្រលាន។

កាលពីខែតុលាឆ្នាំ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិន គ្រប់គ្រងអស់រយៈពេល ៥៥ឆ្នាំក្រោមយន្តការ (BOT) ។

កិច្ចព្រមព្រៀងថ្មីនេះ គឺជំនួសអោយកិច្ចព្រមព្រៀងផ្តាច់មុខជាមួយអាកាសយានដ្ឋានកម្ពុជា ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ នាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាផ្នែកមួយ នៃការគ្រប់គ្រងដោយក្រុមហ៊ុន Vinci Group របស់បារាំង ដែលកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលមានស្រាប់ ហើយថ្មីៗនេះបានវិនិយោគទឹកប្រាក់ចំនួន១០០លានដុល្លារ ដើម្បីធ្វើឱ្យព្រលានយន្តហោះនៅរាជធានីភ្នំពេញ និងសៀមរាបកាន់តែប្រសើរឡើង។

ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀត នៅខេត្តសៀមរាបត្រូវបានស្វាគមន៍ ដោយភាគីពាក់ព័ន្ធជាច្រើន ដែលយល់ឃើញថា វាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ មិនត្រឹមតែនៅក្នុងខេត្តសៀមរាប ប៉ុន្តែក៏នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា អាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អ សម្រាប់វិស័យទេសចរណ៍ ហើយប្រាកដណាស់ វានឹងទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន ហើយនឹងអាចស្វាគមន៍យន្តហោះដែលមានទំហំធំ” ។

ខេត្តកោះកុងក៏នឹងចាប់ផ្តើមការសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅឆ្នាំនេះ ដែលមានតម្លៃ ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតា ស្ថិតនៅក្នុងស្រុកបទុមសាគរផងដែរ៕