កាស៊ីណូនៅខេត្តព្រះសីហនុកើនឡើងដល់ ៣០កន្លែងហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ចំនួនកាស៊ីណូក្នុងខេត្តព្រះសីហនុ បានកើនឡើងឥតឈប់ឈរ ដោយរហូតមកទល់ពេលនេះ ទីក្រុងនេះមានកាស៊ីណូប្រមាណ៣០កន្លែងហើយ ខណៈវត្តមានជនជាតិចិន កាន់តែច្រើនបានចូលមកធ្វើការ និងវិនិយោគក្នុងខេត្តនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកជួន ណារិនបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ មិនានេះថា ចំនួនកាស៊ីណូបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយរហូតមកទល់ពេលនេះ មានកាស៊ីណូកំពុងដំណើរការ និងត្រៀមដំណើរការចំនួន៣០កន្លែងហើយ នៅក្នុងទីក្រុងជាប់មាត់សមុទ្រនេះ។លោកបន្តថា វត្តមានកាស៊ីណូបានធ្វើឲ្យចំនួនទេសចរណ៍កើនឡើង ខណៈជនជាតិចិនរស់នៅក្នុងខេត្តនេះមានចំ​នួនប្រមាណ៥០០០នាក់។


លោកបន្តថា “សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ត្រូវបានពង្រឹងជាប​ន្តបន្ទាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនានា”។

ខេត្តព្រះសីហនុកំពុងមានការរីកចម្រើន លើវិស័យបដិសណ្ឋារកិច្ចជាច្រើន ដោយរហូតមកទល់ពេលនេះ មានសណ្ឋាគារនិងផ្ទះសំណាក់ចំនួនជិត១ម៉ឺនបន្ទប់។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃដដែលនេះថា ខេត្តព្រះសីហនុមានសណ្ឋាគារប្រមាណ៨៨នាពេលបច្ចុប្បន្ននេះ និងមានបន្ទប់ជិត៤០០០បន្ទប់ និងផ្ទះសំណាក់ បឹងហ្កាឡូនានាជាង៣០០កន្លែង និងមានបន្ទប់សរុបចំនួនជាង៤០០០បន្ទប់ ដែលបាននិងកំពុងដំនើរ​ការ ហើយនៅចុងឆ្នាំនេះសណ្ឋាគារចំនួន១០ទៀត និងមានបន្ទប់សរុបប្រមាណ១០០០បន្ទប់ នឹងបើកដំណើរការផងដែរ ដើម្បីឆ្លើយតបនឹងកំនើនទេ​សចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្តថា “ដោយសារសណ្ឋាគារភាគច្រើន ត្រូវបានជួលដោយជនជាតិ​ចិនធ្វើកាស៊ីណូ បានធ្វើឲ្យចំនួនបន្ទ​ប់តែងមានភាពខ្វះខាតនៅចុងសប្តាហ៍ ប៉ុន្តែនៅឆ្នាំ២០១៨ និង២០១៩ខាងមុខនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំបីទៅបួនទៀត​នឹងបើកដំណើរការ ដែលអាចជួយសម្រាលកង្វះខាតបន្ទប់ស្នាក់នៅ”។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនក៏បានស្នើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិបន្តវិនិយោគលើវិស័យបដិសណ្ឋារកិច្ច បន្ថែមទៀតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការ៕

អ្នកជំនាញពន្យល់ពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃការទិញផ្ទះដោយការបង់រំលស់

0

ដោយ រ៉ាវី
ភ្នំពេញ៖ បច្ចុប្បន្ននេះសម្រាប់ការទិញផ្ទះ ដោយការអនុវត្តវិធីសាស្រ្តបង់រំលស់ គឺកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ក្នុងនោះរាប់ទាំងប្រភេទលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ដែលផ្តោតសំខាន់លើអ្នកមានចំណូលខ្ពស់។

តើការទិញផ្ទះលំនៅដ្ឋានដោយការបង់រំលស់នេះ មានចំណុចល្អប្រសើរ និងប៉ះពាល់អ្វីខ្លះ ចំពោះអតិថិជនដែលជាអ្នកទិញ ? ចម្ងល់មួយនេះត្រូវបានបំភ្លឺដោយលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisals ដូចខាងក្រោម។

លោកឧកញ៉ា នួន រឹទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ការបង់រំលស់ថ្លៃផ្ទះនេះ គឺត្រូវធ្វើឡើងដោយអមជាមួយគ្នារវាងថ្លៃដើម និងការប្រាក់ ។ ប៉ុន្តែបើសម្លឹងមើលពីចំនួនថ្លៃដើម គឺដំបូងបានរំលស់តិចណាស់ ដែលវាត្រូវចំណាយលើការប្រាក់ច្រើនក្នុងមួយខែ។ បើយើងរំលស់ក្នុងរយៈពេលយូរ យើងបង់ខាតកាន់តែច្រើន ដូច្នេះសម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលស់នេះ ចាំបាច់ត្រូវពិចា​រណាទៅលើស្ថានភាព នៃចំណូលរបស់ខ្លួនជាមុនសិនថា តើចំណូលដែលបានមកស័ក្តិសមនឹងការទិញផ្ទះដែរឬទេ។

មួយវិញទៀត សម្រាប់អ្នកដែលមានចំណូលមានកម្រិត ក៏គួរពិចារណាថា តើការជួលផ្ទះ និងការទិញផ្ទះដោយការរំលស់នេះ មួយណាប្រសើរជាងសម្រាប់ជីវភាពជាក់ស្ដែងរបស់យើង ។


លោកឧកញ៉ានួន រិទ្ឋីបានលើកជាឧទាហរណ៍ថា យើងស្នាក់នៅក្នុងផ្ទះជួលដោយចំណាយ200ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលមានគេសង់ផ្ទះលក់ដោយការបងរំលស់ត្រឹម200ដុល្លារ ក្នុងមួយខែដូចគ្នា សួរថាតើយើងត្រូវនៅផ្ទះជួយបន្តទៀត ឬត្រូវទិញផ្ទះ ? ជាការពិត បើយើងបូកសរុបចំនួននៃការចំណាយលើការបង់សរុបនៃថ្លៃផ្ទះ គឺមានចំនួនច្រើនលើសថ្លៃដើម ប៉ុន្តែវិធីសាស្រ្តនៃការបង់រំលស់នេះ គឺបានបន្ធូរបន្ថយដល់អ្នកមានលទ្ធភាពមធ្យម និងក្រោមមធ្យមទទួលបានផ្ទះស្នាក់នៅ។

លោកឧកញ៉ាបន្តថា និយាយរួមការទិញផ្ទះដោយការបង់រំលស់ មានចំណុ​ចល្អ និងចំណុចអវិជ្ជមាន។ ចំណុចល្អត្រង់ថា យើងអាចមានផ្ទះស្នាក់នៅ និងជាកម្មសិទ្ធិតាំងពីយើងមិនទាន់មានលុយទិញផ្ទះគ្រប់ ដោយឡែកចំណុចអវិជ្ជមាន គឺត្រូវចំណាយថ្លៃបង់ការប្រាក់ប្រចាំខែច្រើន៕

ស្វែងយល់​ពី​អាស៊ី៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កោះ​តៃវ៉ាន់​កំពុង​កើនឡើង

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីផ្សារ​អ​ច​នល​ទ្រព្យ​នៅ​កោះ​តៃ​វាន់ ក៏បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ផងដែរ​នៅ​ឆ្នាំនេះ ដោយ​អចលនទ្រព្យ​ក្នុងប្រទេស​នេះ កំពុង​បង្ហាញ​ពី​កំណើន​លូតលាស់​គួរឱ្យកត់សម្គាល់។

យោងតាម​ការ​ស្ថិតិ​ផ្លូវការ ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​នៃ​កោះ​នេះ កាលពី​សប្តាហ៍​មុននេះ​បានឱ្យដឹងថា ទីក្រុងធំៗចំនួន៦នៃ​កោះ​នេះ មានការ​កើនឡើង​នូវ​តម្រូវការ​ផ្ទះ ការិយាល័យ​ធ្វើការ និង​ហាង​លក់ដូរ ចាប់តាំងពី​ខែមករា​ដល់​ខែកុម្ភៈ​នេះ​កើនឡើង​រហូតដល់៩,៧៦ ភាគរយ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មាន​ខុន​ដូ​ចំនួន៣០.៦៤០យូ​នី​ត​ត្រូវបាន​គេ​ដាក់លក់​ក្នុង​ទីក្រុង​តៃប៉ិ ទីក្រុង​តៃប៉ិ​ថ្មី តា​យ​វ៉ា​យ តៃ​ឈុន តាន​អ៊ី​ន និង​ទីក្រុង​កាវ​សុង។ ទីក្រុង​តៃប៉ិ​បាន​ចុះបញ្ជីរ​កើនឡើង​នូវ​អចលនទ្រព្យ ប្រមាណ​ជា ១៥,១% ក្នុង​មួយឆ្នាំ គឺ​កើន​ឡើងដល់៣,៦៨៧ Units ខណៈ​ក្រុមហ៊ុន​ Tainan បានបង្ហាញ​ពី​កំណើន៣២,២% សម្រាប់​ការលក់​អចលនទ្រព្យ​ផ្នែក​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ចំនួន៣,៣៤៥ យូ​នី​ត។

លោក Hsu Chih-yao អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ National Realty បានឱ្យដឹងថា ទីក្រុង​ចំនួន៦បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ការធ្វើ​អាជីវកម្ម​ផ្ទះ ប៉ុន្តែ​ទីផ្សារ​ក្នុង​ក្រុង​តៃប៉ិ បានទទួល​ប្រយោជន៍​ពី​ការកើនឡើង​តម្រូវការ​នៅតាម​ស្រុក​ដូចជា ស្រុក Neihu Zhongshan និង Da’an ។

ក្រុមអ្នកវិភាគ​នៅក្នុង​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Eastern Realty បាន​និយាយថា កំណើន​នៅក្នុង​ទីក្រុង​តា​ណាន និង​កាវ​សុង​ស្ថិតក្នុង​រង្វង់៧,៥ភាគរយ​ប្រចាំឆ្នាំ នៅក្នុង​ប្រតិបត្តិការ​ចំនួន៤,៩៩៦យូ​នី​ត ។ តួលេខ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​នៃ​ការកើនឡើង​ផ្ទះ​ខ្នាតតូច​បន្ថែមទៀត។

ប៉ុន្តែ​មានតែ​ផ្ទះ​ចំនួន១១.៣០០យូ​នី​ត​ប៉ុណ្ណោះ ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រតិបត្តិការ​លំនៅដ្ឋាន​សម្រាប់​ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ដោយមាន​ការធ្លាក់ចុះ៧,៩ ភាគរយ​កាលពី​ឆ្នាំមុន។

ទោះជា​យ៉ាងណាអ្វីៗនៅមាន​សញ្ញា​វិជ្ជមាន ការអភិវឌ្ឍ​លំនៅឋាន​នៅក្នុង​ទីក្រុង​នានា បានបង្ហាញ​ពី​កំណើន​ប្រចាំឆ្នាំ​ប្រមាណ១១,៨៥ភាគរយ កាលពី​ឆ្នាំមុន ដែលជា​ការកើនឡើង​ជា​លើកដំបូង​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ក្នុង​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល៤ឆ្នាំ​មកនេះ៕

ស្វែងយល់​ពី​អាស៊ាន៖ ការផ្គត់ផ្គង់​លំនៅដ្ឋាន​នឹង​កើន​ឡើងវិញ​ក្នុងប្រទេស​សឹង្ហ​បុរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ការផ្គត់ផ្គង់​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ២០១៨នេះ ដោយសារ​តែមាន​មាន​ក្រុម​ហ​អ​ច​នល​ព្រ​ទ្យ​ជាច្រើន បាន​សម្ភោ​ធ​គម្រោង​សាងសង់​ជាច្រើន ដើម្បី​ស្តារ​តម្រូវការ​ទីផ្សារ​ឡើងវិញ បន្ទាប់ពី​ការផ្គត់ផ្គង់​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន។

យោងតាម​គេហទំព័រ ProperyGuru បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មាន​គម្រោង​សាងសង់​ចំនួន១៦ ទៅ២២គម្រោង នឹងធ្វើ​ការ​សម្ភោ​ធ​ជា​ផ្លូវការ នៅក្នុង​ទីក្រុង​ទាំងមូល​ក្នុង​ឆ្នាំ២០១៨នេះ។ តួលេខ​នេះ​មាន​ភាពដូចគ្នា ទៅនឹង​ទិន្ន័យ​របស់​ក្រសួង​អភិវឌ្ឍន៍​របស់​សឹង្ហ​បុរី​បាន​បង្ហាញថា មានផ្ទះ​ឯកជន​ចំនួន១០,០០០ខ្នង នឹង​សាងសង់​បញ្ច ប់​នៅក្នុង​ឆ្នាំ២០១៨នេះ។

ការពង្រីក​ការផ្គត់ផ្គង់​នេះ វា​ស្របទៅនឹង​ការចង់បាន​របស់​រដ្ឋ​មួយ​នេះ​កាលពី​ឆ្នាំ២០១។ ក្រុមហ៊ុន​សាងសង់​បាន​ទិញ គម្រោង​សាងសង់​លំនៅឋាន​ចំនួន ៤.៥លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០១៧នេះ​គឺជា​តួលេខ​ដ៏​ធំ ខណៈដែល​ការលក់​ចេញ បាន​ជាប់គាំង​តាម​ការ​ទស្សន៍ទាយ ដោយសារ​ការបន្ថែម​ចំនួន២ម៉ឺន​Units ទៅក្នុង​ទីផ្សារ។

បើតាម​គេហទំព័រ​ដដែល​នេះ​បាន​បង្ហាញថា ក្នុង​រយៈពេល​ត្រឹមតែ៣ខែ ការលក់​ផ្ទះ​ក្នុង​ទីក្រុង បាន​ធ្លាក់ចុះ​ចំនួន៤.៥ភាគរយ។  ការបង្កើន​ការផ្គត់ផ្គង់​អាចរួមចំណែក​ដល់​អត្រា​កំណើន​ការងារ​ខ្ពស់ ដែលជា​ការជួយ​ដល់​អ្នក​ជួល​ផ្ទះ។ របាយការណ៍​នេះ​បានឱ្យដឹងថា ការកើនឡើង​នៃ​ការផ្គត់ផ្គង់ នៅពេល​សាងសង់​ចប់​នឹង​ផ្តល់​ជម្រើស​ផ្ទះ​បន្ថែមទៀត សម្រាប់​អ្នក​ជួល​ហើយ​ដាក់​សម្ពាធ​លើ​តម្លៃ​ជួល។

ទន្ទឹមនឹងនេះ​ក្រុមអ្នកវិភាគ​មានការ​ព្រួយបារម្ភ​ថា ការកើនឡើង​នូវ​ការផ្គត់ផ្គង់​អាច​នាំឱ្យមាន​ការធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ ។

អ្នកស្រាវជ្រាវ​ក្នុងប្រទេស​នេះ​បាន​លើកឡើងថា ដោយសារតែ​កំណើនប្រជាជន​របស់​ប្រទេស​សិង្ហ​បុរី បាន​ធ្លាក់ចុះ​ពី៣,០ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ ២០០៧ និង ២០១២ និង​បន្ត​ធ្លាក់ចុះ​រហូតដល់​ឆ្នាំ២០១៧ ក៏មាន​ភាពមិនច្បាស់លាស់​អំពី​ថា តើ​ការផ្គត់ផ្គង់​លំនៅដ្ឋាន​នេះ អាច​ត្រូវបាន​ស្រូប​យកបាន​ពេញលេញ ដោយ​ទីផ្សារ​នេះ​ឬ​យ៉ាងណា៕

ទឹកប្រាក់ជាង ១៣០០លានដុល្លារបានចាក់ចូលក្នុងវិស័យរ៉ែ

0

ដោយ គង់ សូរិយា

ភ្នំពេញមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា គិតមកដល់ពេលនេះទឹកប្រាក់ជាង១៣០០លាន​ដុល្លារ បានវិនិយោគលើវិស័យរ៉ែ និងប្រេងកាតនៅកម្ពុជា ដែលបានអនុម័តដោយរដ្ឋាភិបាល។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងក្នុងសន្និបាតបូកសរុបសមិទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលឆ្នាំ២០១៤-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨នាព្រឹកថ្ងៃទី៦ មិនានេះថា ការវិនិយោគរបស់អ្នកវិនិយោគបរទេ​សលើវិស័យរ៉ែ និងប្រេងកាត ដែលរដ្ឋាភិបាលបានអនុម័តរួចរាល់ រឺត្រៀមអនុម័តក្នុងឆ្នាំ២០១៨នេះ មានទំហំទឹកប្រាក់ជាង១៣០០លានដុល្លារអាមេរិក។ លោកបន្តថា ទំហំវិនិយោគដ៏ធំក្នុងវិស័យរ៉ែ និងប្រេងកាតនេះ នឹងក្លាយជាប្រភពទុនវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសដ៏ធំសម្រា​ប់​ឆ្នាំ ២០១៨ -២០១៩ខាងមុខ។

លោកបន្តថា “សម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្ទាប់ៗទៀត  គឺជាពេលវេលាដែលរដ្ឋាភិបាល អាចចាប់ផ្ដើមប្រមូលផលពេញលេញ ពីរាល់ការវិនិ​យោ​​គរបស់ខ្លួនហើយ”។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា ការប្រមូលចំណូ​លពីធនធានវិស័យរ៉ែ និងប្រេងកាត ជាចំណូលមិនមែនសារពើពន្ធ បានកើនឡើងលើសពី១០ដង ដែលកាលពីឆ្នាំ២០១៣មានទំហំត្រឹមតែ២-៣លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែទំហំចំណូលមិនមែនសារពើពន្ធបានពីវិស័យ រ៉ែនិងប្រេងកាត បានកើនឡើងដល់១៧ ទៅ១៨លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ២០១៦​-២០១៧។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingលោកង៉ែត ជូបានថ្លែងថា ធនធានរ៉ែ និងចំណូលបានមកពីវិស័យនេះ ជាផ្នែកដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាល ដើម្បីយកមកប្រើប្រាស់ក្នុងអភិ​វឌ្ឍន៍ប្រទេស ប៉ុន្តែយ៉ាងណាវាជាវិស័យថ្មីមួយ ដែលទាមទារឲ្យមានការគ្រប់គ្រងប្រកបដោយប្រសិទ្ឋភាព និងតម្លាភាព ដើម្បីជៀសវាងពីបណ្តាសារពីធនធានធម្មជាតិ។

លោកបន្តថា “ទោះជាយ៉ាងណាលោកមើលឃើញថា រដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិបានកាន់តែល្អប្រសើរ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ”៕

តើ​គួរ​រៀបចំផ្ទះ​ដូចម្តេច​ដើម្បី​ទាក់ទាញ​អតិថិជន​អឺរ៉ុប?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ទីផ្សារ​អចលនវត្ថុ យើង​ហាក់​ភ្លេច​ពី​ក្រុម​អ្នកវិនិយោគ​អឺរ៉ុប ដោយសារ​កំនើន​នៃ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​លក្ខណៈ​គំហុក​ខ្លាំងពេក។

ប៉ុន្តែ​ពេលនេះ Propertyarea.asia សូម​ទាញ​លោក អ្នក​មក​ចាប់អារម្មណ៍​ពី​ទីផ្សារ​អឺរ៉ុប​នៅ​កម្ពុជា ដែល​ភាគច្រើន​ជនជាតិ​អឺរ៉ុប​ចូលមក​កម្ពុជា មិនសូវ​ចូលមក​វិនិយោគ​គំរោងធំៗឡើយ ពួកគេ​វិនិយោគ​ភាគច្រើន​លើ​គំរោងតូចៗ និង​មក​ធ្វើការ​នៅ​កម្ពុជា​ច្រើន​ទៅវិញ។

ដូច្នេះ​តើ​ម្ចាស់​លំនៅដ្ឋាន​នានា​គួររៀបចំ​លំនៅដ្ឋាន​ដូចម្តេច ដើម្បី​ទាក់ទាញ​ក្រុម​ភ្ញៀវ​ច្រមុះ​ស្រួច​នេះ? លោក​វ៉ន ចាន់ថន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​TOWN CITY Real Estateបាន​ថ្លែង​ឲ្យ​ដឹងថា បើ​និយាយ​ពី​ភាពទាន់សម័យ ប្រទេស​របស់​ពួកគេ​ទាន់សម័យ​ដល់​កំពូល​រួចទៅហើយ ហេតុនេះ​ចំណូលចិត្ត​របស់​ពួកគេ គឺ​ចូលចិត្ត​របស់ចាស់ៗ ជា​ផ្ទះ​បែប​បុរាណ។

លោក​បន្តថា បើ​ម្ចាស់​លំនៅដ្ឋាន​ចង់​ទាក់ទាញ​ពួក​អឺរ៉ុប ត្រូវធ្វើ​រឿង​ទាំងនេះ ដូចជា ទី១ រៀបចំ​លំនៅដ្ឋាន​បែប​បុរាណ ហើយ​បើ​បុរាណ​ចំ​បុរាណ សម័យ​ចំ​សម័យ ទី២ ពួកគេ​មាន​រស​និយម លើ​លំនៅដ្ឋាន​បែប​សម័យ​អាណានិគម និង​ទី៣ ពួកគេ​ចូលចិត្ត​ផ្ទះ​មាន​ទ្វារ និង​បង្អួចធំៗ និង​មាន​រានហាល ព្រោះ​ពួកគេ​មិន​ចូលចិត្ត​ផ្ទះ​ដែល​ចូលទៅ​ដូច​ចូលក្នុង​ប្រអប់​នោះទេ។

លោក​បន្តថា “ជនជាតិ​អឺរ៉ុប​នៅ​កម្ពុជា ពួកគេ​ភាគច្រើន​មក​ធ្វើការ និង​វិនិយោគ​គំរោងតូចៗ ដូចជា អូ​តែ​ល​ខ្នាតតូច ផ្តល់​សេវាកម្ម និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់។លោក​បន្តថា “ពួកគេ​មិនមែនជា​អ្នកធ្វើ​ឲ្យ​អចលនទ្រព្យ រីកចម្រើន​ខ្លាំង​ទេ ពួកគេ​ប្រៀបដូចជា​ត្រី​តូច តែ​ច្រើន”៕

តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ កាន់​តែមាន​សក្តានុពល

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពី​ផ្លូវជាតិ​លេខ១បានបញ្ចប់​ការស្ថាបនា តំបន់​នេះ​បានប្រែក្លាយ​មុខមាត់​អភិវឌ្ឍ​យ៉ាង​លឿន ដោយ​បច្ចុប្បន្ន​មាន​ហាងល្បីៗជាច្រើន បានមក​បោះ​ទីតាំងនៅ​តំបន់​នេះ។

បច្ចុប្បន្ន​ហាងល្បីៗជាច្រើន​បានមក​កាន់​តំបន់​នេះ បន្ទាប់ពី​ហាង​កាហ្វេ Amazon ដ៏​ល្បី​បានមក​កាន់​តំបន់​នេះ​មុនគេ ហើយ​ហាង​ជា​បន្តបន្ទាប់​ដូចជា ភោជនីយដ្ឋាន Park Cafe, Pizza Company, Bread Talk និង​ហាងល្បីៗជាច្រើន​ទៀត​បាននិងកំពុង​ត្រៀម​ចូលមក​កាន់​តំបន់​នេះ ដូចជា ហាង​កាហ្វេ Brown ជា​ម៉ាក​សញ្ញា​ដ៏​ល្បី​ក្នុងស្រុក ក៏​នឹង​បើក​សាខា​របស់ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ដ៏​វែង​នេះ​ផងដែរ។

ជាមួយ​គំរោង​អភិវឌ្ឍន៍​ឥតឈប់ឈរ ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ក៏​គ្រោង​បើក​សួន​កម្សាន្ត​តម្លៃ៦០លាន​ដុល្លារ​នៅ​តំបន់​នេះ នៅ​ចុង​ឆ្នាំនេះ ខណៈ​ផ្សារ​ទំនើប​ដ៏​ធំ​របស់ខ្លួន​ក៏​បាននិងកំពុង​សាងសង់​ផងដែរ។ អ្វី​កាន់តែ​ពិសេស​ផ្សារ​បែប​សហគមន៍ ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ នៅ​ច្រកចូល​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក៏​គ្រោង​នឹង​បើកទ្វារ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៩ខាងមុខ​ផងដែរ។

លោកស្រី សោម ស្រី​ណា​ជ្រា​ជា​ជន​រស់នៅ​រាជធានី​ភ្នំពេញ​លើកឡើង​ប្រាប់ថា តាម​ដងផ្លូវ​ជាតិ​លេខ១ ពិតជា​មានការ​អភិវឌ្ឍ​ច្រើនជាង​កាលពីមុន ដោយ​ល​លោកស្រី​សង្កេតឃើញថា ការធ្វើ​ចរាចរណ៍​ល្អប្រសើរ ហើយ​មាន​ហាង​ទំនើប”ជាច្រើន​ទៀតផង។

ចំណែក​លោក​សាម​ឌី និង​លោកស្រី​ណាវី ដែល​ទើប​ត្រលប់​មកពី​ប្រទេស​កូរ៉េ ក៏​បង្ហាញ​ជាការ​ភ្ញាក់ផ្អើល ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​តាម​ដងផ្លូវ​ជាតិ​លេខ១ផងដែរ ដោយ​ពួកគាត់​ទាំងពីរ​បញ្ជាក់ថា ការអភិវឌ្ឍ​នៅ​កម្ពុជា​នាពេលនេះ មិន​ចាញ់​ការអភិវឌ្ឍ​នៅ​ប្រទេស​កូរ៉េ​នោះទេ។

ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​លាង​គង់ យិន​ដែលមាន​ការិយាល័យ​នៅ​តំបន់​នេះ​បាន​ថ្លែងថា ផ្លួ​វ​ជាតិ​លេខ១កាន់​តែមាន​សក្តានុពល បន្ទាប់ពី​ផ្លូវជាតិ​នេះ​បាន​ស្ថាបនា​រួច ហើយ​តំបន់​នេះដែ​លពី​មុនគេ​មិនសូវ​នឹកនា​ដល់ ពេលនេះ​បាននិងកំពុង​ក្លាយជា​ទីតាំង​មួយ ដែល​ក្រុម​អ្នកមាន​ប្រាក់​ចាប់អារម្មណ៍​ច្រើន ដោយសារ​បុរី​ប៉េង ហួត​បាន​វិនិយោគ​នៅទីនេះ ដែល​បាន​ទាក់ទាញ​ក្រុម​អភិជន​មក​រស់នៅ​តំបន់​នេះ​ច្រើន ដែល​បានធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​នានា បាន​ចាប់អារម្មណ៍​មកកាន់​តំបន់​នេះ ដើម្បី​ពង្រីក​មូលដ្ឋាន​ជំនួញ​របស់ខ្លួន។

លោក​បន្តថា “ខ្ញុំ​គិតថា​រយៈពេល​ពី៣ទៅ៥ឆ្នាំ​ខាងមុខ តំបន់​នេះ​នឹង​កាន់​តែមាន​ភាពរសរវើក ដោយសារ​កំនើន​ប្រជាសាស្ត្រ និង​សកម្មភាព​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​នឹង​បង្កើតឡើង ពិសេស​ផ្សារ​ទំនើប​និង​សួន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​របស់​បុរី​ប៉េង ហួត​បើក​ដំណើរការ។លោក​បន្តថា “តំបន់​នេះ​ក្រៅពី​មាន​សក្តានុពល​ផ្នែក​លំនៅដ្ឋាន ក៏​ជា​តំបន់ឧស្សាហកម្ម ដែល​យ៉ាងយូរ​រយៈពេល១០ឆ្នាំ​ទៀត ការអភិវឌ្ឍន៍​ឧស្សាហកម្ម​និង​លំនៅដ្ឋាន នឹង​រីក​ទៅ​តំបន់​ស្ពាន​អ្នក​លឿង​ក្នុង​ខេត្តព្រៃវែង។

ផ្លូវជាតិ​លេខ១ ជា​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​មួយ សម្រាប់​ការអភិវឌ្ឍន៍​នៅ​ច្រករបៀង​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ និង​អាស៊ាន ដែល​ភ្ជាប់​រវាង​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម៕

ក្រុមហ៊ុនអចលនទ្រព្យយក្សអាមេរិកស្វែងរកដៃគូសហការនៅខេត្តចំនួន17

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia កំពុងស្វែងរកដៃគូសហការ ដើម្បីផ្តល់សេវាកម្មទិញលក់ ជួលអចលនទ្រព្យនៅ​ខេត្តចំនួន១៧ ក្នុងចំណោមរាជធានី ខេត្តចំនួន 25 ។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី5 មីនានេះថា​ ក្នុងចំណោមរាជធានី ខេត្តចំនួន25 ក្រុមហ៊ុនរកបានដៃគូសហការនៅរាជធានី ខេត្តចំ​នួន​ 8 រួចហើយ នៅសល់តែខេត្ត​ចំនួន17 ដែលយើងត្រូវការស្វែងរកដៃគូសហការ ដើម្បីផ្តល់សេវាកម្មទិញលក់ ជួល វាយតម្លៃអចលនវត្ថុកម្ពុជា។ អ្នកនាងបន្តថា អ្នកមានបំណងជាដៃគូសហការជា​មួយក្រុមហ៊ុន Century21 Cambodia នឹងទទួលបានការបណ្តុះបណ្តាល និងការៀរបចំការិយាល័យជូនដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តដែលពួកគេរស់នៅ។

អ្នកនាងបន្តថា “អ្វីសំខាន់យើងស្វែងរកអ្នក ដែលមានចំណូលចិត្តធ្វើការ​ងា​រផ្នែកនេះ ជាមនុស្សមានភាពអត់ធ្មត់ និងជាមនុស្សដែលមានភាពស្មោះត្រង់ ដើម្បីធ្វើការងារក្នុងវិស័យនេះឲ្យបានជោគជ័យ”។ អ្នកនាងបន្តថា “បណ្តាខេត្តទាំងនោះសុទ្ឋតែមានសក្តានុពល លើវិស័យអចលនវត្ថុ ប៉ុន្តែដោយសារខេត្តមិន​ទាន់មានអ្នកជំនាញផ្នែកនេះ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកប​ដោយវិជ្ជាជីវៈ ទើបការទាញយកសក្តានុពលរបស់ខេត្តនៅមានកម្រិត”។

អ្នកនាង Grace Rachny Fong បានបន្តថា បណ្តាខេត្តដែលមិនទាន់មានភ្នាក់ងារអចលនវត្ថុ​ ដែលសហការជាមួយក្រុមហ៊ុន Century21 Cambodia មានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង ពោធិសាត់ បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង  ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ប៉ៃលិន កែប កោះកុង ។

អ្នកនាងបន្តថា សម្រាប់អ្នកមានបំណងចង់ក្លាយជាភ្នាក់​ងារ អចលនទ្រព្យ និងធ្វើការងារដៃគូជាមួយក្រុមហ៊ុន អាចទំនាក់ទំនងជាមួយក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ ០៩៥ ៦៦៦ ២៩៨ ៕

រយៈពេល 2ខែ ដើមឆ្នាំ2018 កម្ពុជាសម្រេចការនាំចេញអង្ករបានជាង11ម៉ឺនតោន

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ នៅត្រឹមរយៈពេល2ខែដើមឆ្នាំ2018 ពោលគឺខែមករា និងខែកុម្ភៈ កន្លងទៅនេះ កម្ពុជាបានសម្រេចធ្វើការនាំអង្ករចេញទៅទីផ្សារក្រៅប្រទេសបាន ជាង11ម៉ឺនតោន ដែលចំនួនទាំងនេះបានកើនឡើងប្រមាណជាង 0.8 % បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017 ។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយកាលពីពេលកន្លងទៅនេះ ។

ជាមួយនឹងការបង្ហាញពីចំនួនទិន្នន័យនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិខាងលើនេះ ត្រូវបានអ្នកជំនួញខាងការនាំចេញអង្ករបញ្ជាក់ប្រាប់ថា វាជាសញ្ញាបង្ហាញពីចំណុចវិជ្ជមានសម្រាប់ឆ្នាំ2018 ។ ដោយឡែកសម្រាប់គោលដៅទីផ្សារធំៗនៃការនាំចេញអង្ករកម្ពុជាក្នុងរយៈរយៈ2ខែកន្លងទៅនេះ រួមមាន ដូចជា ៖  1. ប្រទេស​ចិន​ ចំនួន 29501 ​តោន, ប្រទេសបារាំង ចំនួន 14743 ​តោន, ប្រទេសម៉ាឡេស៊ី ចំនួន ​9279​ តោន, ប្រទេសហ្គា​ប៊ុន ចំនួន 7267​​ តោន, ប្រទេសហូ​ឡង់ ចំនួន 5419 ​តោន , ប្រទេសប៉ូឡូញ ចំនួន 4934 តោន , ប្រទេសឆេក ចំនួន 3868 តោន, ប្រទេសប៊ែល​ហ្សិ​ក ចំនួន 3495 តោន, ប្រទេសហុងកុង ចំនួន 3399 ​តោន , និងចក្រភពអង់គ្លេស ចំនួន 3381​ តោន ជាដើម ហើយក្រៅពីនោះនៅមានបណ្តាប្រទេសជិតខាង ដែលស្ថិតនៅក្នុងតំបន់អាស៊ី និងនៅក្នុតំបន់អឺរ៉ុបមួយចំនួនទៀត ។

គួរកត់សម្គាល់ផងដែរថា ចំពោះការនាំចេញអង្ករសរុបក្នុងរយៈពេល 7ឆ្នាំ កន្លងទៅនោះ ដោយចាប់គិតពីឆ្នាំ 2011 រហូតដល់ឆ្នាំ 2017 កម្ពុជាសម្រេចបានត្រឹម 2,88 លានតោន។ ការនាំចេញនៅក្នុងឆ្នាំ2011 មានប្រមាណ 201.899 តោន, នៅឆ្នាំ2012 មានប្រមាណ 205.717 តោន, នៅឆ្នាំ2013 មានប្រមាណ 378.856 តោន, នៅឆ្នាំ2014 មានប្រមាណ 387.061 តោន, នៅឆ្នាំ2015 មានប្រមាណ 538.396 តោន, នៅឆ្នាំ2016 មានប្រមាណ 542.144 តោន និងនៅឆ្នាំ2017 មានប្រមាណ 635.679តោន ។ របាយការណ៍បានបង្ហាញទៀតថា ទិសដៅធំៗទាំង 5 នៃការនាំចេញអង្ករកម្ពុជា ពីឆ្នាំ 2011 ដល់ឆ្នាំ2017 ប្រទេសចិន បានឈរនៅលំដាប់កំពូលតារាង បន្ទាប់មកលេខរៀងទី2 គឺប្រទេសបារាំង , លេខរៀងទី3 ប្រទេសប៉ូឡូញ និងប្រទេសម៉ាឡេស៊ី ស្ថិតនៅ លេខរៀងទី 4 ខណៈដែលប្រទេស ហូឡង់ ឈរនៅលំដាប់លេខរៀងទី 5 ៕

ហាង​កាហ្វេ​ល្បី​មួយទៀត​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ Plantoza Café & Bistro ហាង​កាហ្វេ​លំដាប់​ពិភពលោក​មួយទៀត បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា ស្របពេល​ទីផ្សារ​ហាង​កាហ្វេ​នៅ​កម្ពុជា កាន់​តែមាន​ប្រជាប្រិយភាព និង​កំពុង​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ។

អគ្គនាយក​ក្រុមហ៊ុន​អេស​ធី​អាយ អ៊ិន​វេស​មេន​គ្រុប លោក​យឹម សារ៉ាត់ បាន​ថ្លែង​ក្នុង​វេទិកា​យល់ដឹង​ពី​ការប្រកប​អាជីវកម្ម​ដោយ​អាជ្ញាប័ណ្ណ និង​លក្ខណៈ​កម្ម​សិទ្ធ​បញ្ញា​កាលពី​ចុង​សប្តាហ៍​មុននេះ​ថា Plantoza Café & Bistro ដែលមាន​Franchiseជា​លក្ខណៈ​អន្តរជាតិ និង​ល្បីល្បាញ​នៅលើ​ពិភពលោក​បាន​ឈាន​ជើង​មកដល់​ទីផ្សារ​កម្ពុជា​ហើយ។ លោក​បន្តថា Plantoza Café & Bistro នឹង​ផ្តល់ជូន​អ្នក​ចាប់អារម្មណ៍​មាន​សិទ្ធ​លក់​បន្ត នឹង​ផ្តល់ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បើកហាង​កាហ្វេ​អាច​ទិញ​សិ​ទ្ឋ​អាជីវ​កម្មបាន ដោយ​គ្រាន់តែ​ចំណាយ​ហ្វ្រេ​ន​ឆាយ​ដំបូង​ត្រឹមតែ១ម៉ឺន​ដុល្លារ និង​មាន​អ្នកជំនាញ​ទៅ​រៀបចំ​ជូន តាំងពី​ដំបូង​រហូតដល់​ថ្ងៃ​សម្ពោធ​ហាង។

លោក​បន្តថា “ការធ្វើ​ពាណិជ្ជកម្ម​មានកម្ម​សិទ្ធ​បញ្ញា គឺ​ផ្តល់​ការជឿជាក់​ដល់​អតិថិជន​កាន់តែខ្លាំង ពិសេស​ទៅលើ​គុណភាព អនាម័យ និង​តម្លៃ​សមរម្យ។ លោក​បន្តថា “ការ​មាន​ស្តង់ដា មាន​រចនាបថ មាន​គំរូរ និង​ងាយស្រួល​ក្នុងការ​ពង្រីក​វិសាលភាព ដែល​មិនសូវមាន​ហានិភ័យ ដូច​ការធ្វើ​ពាណិជ្ជកម្ម​ដែល​គ្មាន Franchise នោះទេ។

លោក​យឹម សារ៉ាន់​បាន​បន្តថា អ្នក​ដែល​ចង់​ទិញ​សិទ្ធ​លក់​បន្ត​នូវ​ហាង​កាហ្វេ​នេះ ត្រូវមាន​ដើមទុន​ចន្លោះ​ពី៤ទៅ១០ម៉ឺន​ដុល្លារ ហើយ​ត្រូវមាន​ទំនុកចិត្ត​ទៅលើ​អ្នកបំរើ​ការឱ្យ​ខ្លួន ព្រោះថា​យីហោ​មួយ​នេះ​មាន​ភាព​លេចធ្លោ​ខ្លាំង ពិបាក​នឹង​រក​ដៃគូ​ប្រកួតប្រជែង​នៅ​កម្ពុជា និង​នៅ​អាស៊ី៕