ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្រុងម៉ាកាវ ប្រទេសចិនបានប្រកាសវិនិយោគរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប ដែលជាគំរោងគ្របដណ្តប់លើផ្ទៃដីជាង១០០០ហិកតា។
ក្រុមហ៊ុន Macau Legend Development Limited ដែលមានចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុងបានប្រកាសកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨កន្លងមកថា ក្រុមហ៊ុននេះបានទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនHowing Enterprises នៅកម្ពុជាក្នុងតម្លៃ៩០ លានដុល្លារ ក្នុងគោលបំណងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្ម (IR) នៅខេត្តសៀមរាប។
យោងតាមឯកសារចេញផ្សាយ លើគេហទំព័រផ្សារហ៊ុនក្រុងហុងកុង (HKEX)ហើយត្រូវបានចុះផ្សាយ ដោយកាសែតភ្នំពេញប៉ុស្ត៍បានឲ្យដឹងថា ក្រុមហ៊ុន Howing គឺជាក្រុមហ៊ុនដែលកាន់កាប់ដីជាច្រើនកន្លែង ដែលមានចំនួនសរុប១២០០ហិកតា។ ដីនេះនឹងត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Macau Legend Development តាមរយៈការផ្ទេរភាគហ៊ុនដែលត្រូវបានលក់នេះទៅឲ្យក្រុមហ៊ុន Sky Force ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
ប្រធាននាយកប្រតិបត្តិ Macau Legend Development លោក Chow Kam Fai បានឲ្យដឹងថា ការទិញដីនេះមានបំណងសាងសង់ និងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប ដែលអាចឲ្យក្រុមហ៊ុនចូលរួម និងទទួលនូវអត្ថប្រយោជន៍ពីឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា។
លោកឲ្យដឹងបន្តថា “ក្រុមប្រឹក្សាភិបាលចាត់ទុកថា លក្ខខណ្ឌនៃការទិញលក់នេះត្រឹមត្រូវ និងសមហេតុផល ហើយការទិញនេះស្ថិតក្នុងផលប្រយោជន៍របស់ក្រុមហ៊ុន និងភាគទុនិកទាំងអស់របស់ខ្លួន”។
ទោះជាយ៉ាងណាក្រុមហ៊ុនរៀបចំផែនការប្រើប្រាស់ដី ដើម្បីអភិវឌ្ឍរមណីយដ្ឋាន សមាហរណកម្មនៅសៀមរាបក្តី ក៏ក្រុមហ៊ុននេះមិនបានបញ្ជាក់នោះទេថា តើរមណីយដ្ឋាននេះ នឹងមានសកម្មភាពកាស៊ីណូឬការភ្នាល់ល្បែងឬអត់នោះទេ ប៉ុន្តែតាមមន្រ្តីជំនាញបានអះអាងថារដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យមានការបើកកាស៊ីណូ និងល្បែងភ្នាល់ណាមួយនៅខេត្តសៀមរាបនោះទេ៕
ក្រុមហ៊ុនម៉ាកាវគ្រោងវិនិយោគរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មអំពាវនាវផលិតករ និងអ្នកនាំចេញរួសរាន់ចុះបញ្ជី
ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើដល់អ្នកផលិតករ និងអ្នកនាំចេញទាំងអស់អញ្ជើញមកដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួង ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើមជំនួសឱ្យការប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់A ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹង នាថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨នេះថា យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានធ្វើវិសោធនកម្មចុងក្រោយ និងដោយផ្អែកតាមប្រកាសអន្តរក្រសួងនាចុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មស្តីពី ការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស ក្នុងគោលបំណងសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់អ្នកនាំចេញ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោង “ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA)” រួមទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវេស ប្រទេសស្វីស និងប្រទេសទួរគី មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ របស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ លើប្រភពដើមទំនិញទម្រង់A៕
កែប, កំពត, កំពង់សោម ទទួលភ្ញៀវទេសចរជិតកន្លះលាននាក់នៅរាត្រីឆ្លងឆ្នាំ
ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ខេត្តចំនួន៣ ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរចំនួន៤ បានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ប្រមាណកន្លះលាននាក់សម្រាប់រាត្រីឆ្លងឆ្នាំសាកល ឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩នេះ។

លោក ស៊យ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងឲ្យដឹងនៅថ្ងៃដដែលថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តកំពតជិត១០ម៉ឺននាក់ ដែលមានកំនើនជិត២៧ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវអន្តរជាតិកើន៣៧ភាគរយ។ លោកបន្តថា ខេត្តកំពត បានស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិជាង១០កន្លែង ជាមួយបន្ទប់ស្នាក់នៅជាង៣០០០បន្ទប់។
លោកបន្តថា “បញ្ហាតម្លៃបន្ទប់មិនចោទជាបញ្ហាធំដុំនោះទេ ព្រោះអ្នកផ្គត់ផ្គង់បានចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីនិរន្តរភាពទេសចរណ៍ខេត្ត”។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ មករា ឆ្នាំ២០១៩នេះថា ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តកែបបានកើនឡើងប្រមាណ៤០ភាគរយ ដោយចំនួនភ្ញៀវបានកើនពី១១ម៉ឺននាក់ មកដល់១៥ម៉ឺននាក់នៅឆ្នាំនេះ។លោកបន្តថា បើគិតពីកំនើនប្រចាំឆ្នាំចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិមានកំនើនប្រមាណ៥ភាគរយ ដោយឆ្នាំ២០១៧ខេត្តទទួលបានភ្ញៀវទេសចរសរុប១,៦២លាននាក់ ប៉ុន្តែឆ្នាំ២០១៨ចំនួនភ្ញៀវបានកើនដល់សរុប១,៦៧លាននាក់។

លោកបន្តថា “កំនើនភ្ញៀវទេសចរមកទស្សនាខេត្តកែប ដោយសារការផ្លាស់ប្តូរ គោលដៅពីខេត្តព្រះសីហនុ និងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបានល្អប្រសើរ”។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា បើគិតពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចេញដើរកំសាន្តក្នុងខេត្ត ដើម្បីប្រារពពិធីបុណ្យឆ្លងឆ្នាំសាកល ខេត្តទទួលបានភ្ញៀវចំនួនជាង២២ម៉ឺននាក់ កើនឡើង១២ភាគរយ ប៉ុន្តែបើគិតតែភ្ញៀវទេសចរក្នុងស្រុកគឺថយចុះ១៨ភាគរយ ធៀបរយៈពេលដូចចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា ចំណែកភ្ញៀវទេសចរអន្តរជាតិបានកើន១២ភាគរយ ដោយសារខេត្តបានរៀបចំសកម្មភាពកំសាន្តច្រើន ទាំងការបោះតង់ ការតាំងពិព័រណ៍ការប្រគំតន្រ្តីជាដើម។ លោកបន្តថា “ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកំសាន្តនៅខេត្តឆ្នាំ២០១៨មានប្រមាណ២លាននាក់”៕

កម្ពុជាទទួលបានចំណូលជាង១១៦លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆ្នាំ២០១៨
ដោយគង់ សូរិយា
សៀមរាបៈ រដ្ឋាភិបាលកម្ពុជាទទួលបានចំណូល១១៦,៦៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨កើនឡើង៨ភាគរយ ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះបានឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង៥.៤៥ភាគរយ។របាយការណ៍ដដែលបានឲ្យដឹងថា ចំណូលជាង១១៦លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន៥,១៨១,៦៣០លានដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ប្រាសាទអង្គរត្រូវបានគេហទំព័រTrip Advisorបោះឆ្នោតជាប់ជាប្រាសាទដែលមានភាពអស្ចារ្យជាងគេ និងជាសំណង់ប្រាសាទធំជាងគេ និងជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈការបោះឆ្នោតពីអ្នកធ្វើដំណើរទេសចរណ៍ ទូទាំងពិភពលោកកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ៕
កម្ពុជាត្រូវពង្រីកការសាងសង់ព្រលានយន្តហោះដើម្បីឈានទៅទទួលអ្នកដំណើរ៣០លាននាក់
ដោយស៊ីវ ម៉េង
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា កម្ពុជាត្រូវពង្រីកនិងសាងសង់ព្រលានយន្តហោះបន្ថែមទៀត ដើម្បីអាចទទួលអ្នកដំណើរ៣០លាននាក់នៅឆ្នាំ២០៣០ខាងមុខ។
រដ្ឋលេខាធិការប្រចាំការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ជា អូន បានថ្លែងឲ្យដឹងក្នុងពិណ៌សមិទ្ធិផលនៅវិមានឈ្នះ ឈ្នះកាលពីថ្ងៃទី៣១ ធ្នូកន្លងមកថា នៅឆ្នាំបន្តបន្ទាប់ទៀតព្រលានយន្តហោះទាំងអស់ នឹងត្រូវបន្តជុលជូលសាងសង់ពង្រីកបន្ថែម ដើម្បីជម្រុញការទទួលភ្ញៀវអោយបាន៣០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។
លោកបន្តថា បន្ទាប់ពីពង្រីកការសាងសង់អស់លទ្ធភាពហើយ កម្ពុជានឹងសាងសង់ព្រលានយន្តចំនួន៣កន្លែងបន្ថែមទៀត រួមមាន ការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ការសាងសង់ព្រលានចំណុះរបស់រាជធានីភ្នំពេញ និងការពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុ ដើម្បីទទួលយន្តហោះដែលហោះឆ្លងទ្វីបទៅកាន់សហរដ្ឋអាមេរិច និងសហគមអឺរ៉ុប។
លោកជា អូនបានបន្តឲ្យដឹងទៀតថា បើយោងតាមស្ថានភាពព្រលានធំចំនួនបីកន្លែងដែលកំពុងមានបច្ចុប្បន្ន គឺព្រលានយន្តហោះនៅរាជធានីភ្នំពេញ មានលទ្ធភាពផ្ទុកមនុស្សចេញចូលបានប្រមាណ៥លាននាក់ ពោលគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាព្រលានយន្តហោះនៅខេត្តសៀមរាប ហើយអនាគតប្រសិនបើកម្ពុជានៅតែរក្សាកំណើនភ្ញៀវចេញចូល១៦ភាគរយរៀងរាល់ឆ្នាំនោះ វានឹងជម្រុញឱ្យព្រលានយន្តហោះនេះមានស្ថានភាពចង្អៀតណែន។
លោកបន្តថា “បច្ចុប្បន្នព្រលានយន្តហោះនិមួយៗ មានយន្តហោះចុះចតកើនឡើងប្រមាណ៨០ទៅ១០០ដង ខណៈចំនួនក្រុមហ៊ុនអាកាសចរណ៍ បានកើនឡើងជាបន្តបន្ទាប់”។
លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនការហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានឲ្យដឹងថា ព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនឹងត្រូវពង្រីកនៅត្រីមាសទី១ឆ្នាំនេះ ដែលធ្វើឲ្យផ្លូវរត់ព្រលានយន្តហោះនេះមានសមត្ថភាពទទួលយន្តហោះចុះចត ស្មើនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញសព្វថ្ងៃនេះ។លោកបន្តថា តាមពិតបើគិតដល់ឆ្នាំ២០៣០ យើងអាចទទួលអ្នកដំណើរច្រើនជាង៣០លាននាក់ ហើយសមត្ថភាពព្រលានយន្តហោះបច្ចុប្បន្នអាចទទួលអ្នកដំណើរបាន ពិសេសព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាបបច្ចុប្បន្នអាចទទួលអ្នកដំណើរបាន១០លាននាក់ សម្រាប់ព្រលាននិមួយៗ។
លោកបន្តថា “ចំណែកព្រលានយន្តហោះក្រុងព្រះសីហនុ យើងត្រូវពង្រីកកាន់តែធំ តាមអ្វីដែលជាការចង់បានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា”៕
៦វិធីសាស្រ្តគួរយល់ដឹងមុនសម្រេចចិត្តទិញផ្ទះដើម្បីបញ្ចៀសការខកចិត្ត
ដោយស៊ីវ ម៉េង
ភ្នំពេញ: ការមានប្រាក់ទិញលំនៅដ្ឋានមិនទាន់គ្រប់គ្រាន់ទេ បើអ្នកគ្មានចំណេះដឹង ហេតុនេះ ការសិក្សាឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញលំនៅដ្ឋានពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហាខកចិត្តនាពេលអនាគត។

ការទិញផ្ទះដោយបង់រំលស់
ការគ្មានប្រាក់ក្នុងដៃគ្រប់គ្រាន់ ហើយសម្រេចចិត្តទិញផ្ទះបង់រំលស់ជាវិធីសាស្រ្តមួយ ដែលមានការពេញនិយមនាពេលបច្ចុប្បន្ន ប៉ុន្តការទិញផ្ទះដោយប្រើប្រាស់វិធីសាស្រ្តនេះក៏ជួបហានិភ័យខ្ពស់ដែរ នៅពេលលំហូរសាច់ប្រាក់របស់អ្នកជួបបញ្ហា ព្រោះលោក អ្នកត្រូវចំណាយលើសេវាកម្មផ្សេងៗទៀតជាច្រើន ដូចថ្លៃអាហារ ទឹកភ្លើង ថ្លៃចំណាយលើការសិក្សារបស់កូនជាដើម។
យោងតាមការសិក្សាមួយបានរកឃើញថា ៤៨ភាគរយបានរកឃើញថា ការគ្មានផែនការថវិកាច្បាស់លាស់ ពួកគេមិនមានផែនការសម្រាប់ការចំណាយលើការថែរក្សាផ្ទះនោះទេ។
សហគមន៍ជុំវិញ
ទោះជាយើងរស់នៅផ្ទះយើង គេហ៍នៅផ្ទះរបស់គេ តែសហគមន៍ជុំវិញក៏មានសារៈសំខាន់ ដែលផ្តល់ភាពសុខដុមក្នុងសហគមន៍លោក អ្នករស់នៅផងដែរ។
យោងតាមការស្ទង់មតិមួយរបស់ Trulia / Harris Interactive បានបង្ហាញថា ការស្វែងរកទីតាំងត្រឹមត្រូវពិតជាសំខាន់ និងសំខាន់ជាងការស្វែងរកផ្ទះត្រឹមត្រូវ។ ប៉ុន្តែតំបន់ ដែលត្រឹមត្រូវសម្រាប់អ្នកទិញផ្ទះឆ្នាំទី១ អាចមានភាពខុសគ្នាខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហេតុនេះផ្ទះឬលំនៅដ្ឋាន នៅកន្លែងកំសាន្តសប្បាយដូចជា បារនិងកន្លែងញ៉ាំបាយនិងកន្លែងទិញឥវ៉ាន់អាចជាកន្លែងដ៏ទាក់ទាញមួយ សម្រាប់កុមារដែលរស់នៅតំបន់ដាច់ស្រយាល។
យ៉ាងណាក្តីតំបន់ដ៏ស្ងប់ស្ងាត់ ហាក់ដូចជាកន្លែងដ៏ល្អល្អប្រសើរ ដើម្បីដោះស្រាយប៉ុន្តែលោក អ្នកត្រូវចំណាយពេលវេលាច្រើនសម្រាប់ពេលវេលាទៅបំពេញការងារ។
ការត្រូតពិនិត្យសុវត្ថិភាព
ការមានការត្រួតពិនិត្យ ឬសេវាកម្មសន្តិសុខជាប្រចាំ ពិតជារឿងសំខាន់មិនអាចមើលរំលងបាន។ ហេតុនេះ វាជារឿងសំខាន់ ដែលអ្នកទិញលំនៅដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសបញ្ហាជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នក ខណៈពេលដែលបញ្ហានៅតែជាទំនួលខុសត្រូវរបស់អ្នកលក់។
នៅពេលអ្នកពេញចិត្តលំនៅដ្ឋាន មុនពេលលោក អ្នកចុះហត្ថលេខាលើឯកសារចុងក្រោយ លោក អ្នកត្រូវប្រាកដថាបញ្ហាទ្រព្យសម្បត្តិរបស់អ្នកនឹងមិនមានហានិភ័យ។
ការទិញផ្ទះតូចចង្អៀត
នៅពេលសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសិក្សាសម្រាប់រយៈពេលវែងចំពោះមុខ និងត្រូវគិតពីតម្រូវការរបស់អ្នកក្នុងរយៈពេលច្រើនឆ្នាំខាងមុខនេះ។ ការទិញផ្ទះដែលតូចពេកត្រូវបានចងភ្ជាប់ជាកំហុសឆ្គងជាច្រើន ព្រោះតាមការយល់ឃើញថាសម្រាប់ក្រុមហ៊ុន Gen Xers និងអ្នកកំដរកូនក្មេងការទិញផ្ទះតូចពេកគឺជាកំហុសទី១។

ត្រូវពិនិត្យលើចិញ្ចើមផ្លូវនិងលំហមុខផ្ទះ
អ្នកសាងសង់ផ្ទះលក់មួយចំនួន មិនបានគិតពីផាសុខភាពដល់អ្នករស់នៅទេ ពួកគេគិតពីប្រាក់ចំណេញច្រើនជាង ហេតុនេះពួកគេសាងសង់ផ្លូវក្នុងបុរី ឬក្នុងតំបន់ផ្ទះល្វែងរបស់ពួកគេមានទំហំតូច និងចិញ្ចើមផ្លូវមុខផ្ទះតូច ដែលមិនអាចចតរថយន្តបាន។
លំនៅដ្ឋានបែបនេះ មិនសូវផ្តល់ផាសុខភាពដល់អ្នករស់នៅ និងសហគមន៍នោះទេ ហើយជារឿយៗជម្លោះអាចកើតមានឡើងផងដែរ ជាមួយអ្នកជិតខាង ឬអ្នកធ្វើដំណើរឆ្លងកាត់។
ប្រវែងលំនៅដ្ឋានសមស្រប
អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងជំនាញក្នុងវិស័យលំនៅដ្ឋានបានថ្លែងថា លំនៅ ដ្ឋានសមរម្យសម្រាប់រស់នៅ និងផ្តល់ផាសុខភាពក្នុងការរស់នៅ ជាលំនៅដ្ឋានដែលមានប្រវែងត្រឹម១២ម៉ែត្រ និងទំហំទទឹង៤,៥ម៉ែត្រ ឬធំជាងនេះអាស្រ័យលើប្រភេទផ្ទះ។ ប្រវែងលំនៅដ្ឋានបែបនេះ វាផ្តល់ឲ្យមានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ប៉ុន្តែលំនៅដ្ឋានដែលមានប្រវែង១៦ម៉ែត្រ ឬវែងជាងនេះ ក៏មិនខុសដែរ តែវាជាលំនៅដ្ឋានសំរាប់ការធ្វើអាជីវកម្ម និងស្តុកទំនិញច្រើនជាង៕
តោះ …ទៅមើលអាគារទ្រេត ស្ថាបត្យកម្មចម្លែកអស្ចារ្យមួយនៅប្រទេសអ៊ីតាលី
ដោយ : វុត្ថា
អ៊ីតាលី : ប្រទេសអ៊ីតាលី បានសាងសង់អគារដ៏អស្ចារ្យមួយ នៅក្នុងសតវត្សទី១២ ប៉ុន្តែក្រោយមកអាគារនេះបានទ្រេត តែមិនដួល នេះជាហេតុផលដែលធ្វើឲ្យអាគារសាងសង់នៅសតវត្សរ៍ទី១២នេះ កាន់តែមានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។

អគារនេះមានឈ្មោះថា Pisa Tower បានសាងសង់នៅក្នុងទីក្រុង Cathedral នៃប្រទេសអ៊ីតាលី ហើយក៏គឺជាអគារ ដែលមានរចនាបថចំណាស់ជាងគេបំផុតនៅក្នុងទីក្រុងមួយនេះ។
មូលហេតុដែលអាគារនេះមានសភាពត្រង់ ហើយបែរជាដួលទ្រេតបែបនេះ ដោយសារស្ថានភាពដីទន់ទៅម្ខាង មិនអាចគាំទ្រដល់ទំងន់នៃរចនាសម្ព័ន្ធនៃអគារបាន។ ការសាងសង់អគារទ្រេតនេះ ត្រូវចំណាយពេលអស់រយៈពេលជាច្រើនសតវត្យរ៍ មុនពេលការសាងសង់បញ្ចប់នៅសតវត្សទី១៤។

ការកែច្នៃរចនាសម្ព័ន្ធនៃអគារនេះ ត្រូវបានធ្វើជាបន្តបន្ទាប់រហូតដល់រចនាសម្ព័ន្ធនៃអគារមានភាពលំនឹង និងមានស្ថេរភាពរហូតដល់សតវត្សទី២០ និង២១នេះ។
អាគារដ៏អស្ចារ្យមានកំពស់៥៥.៦៧ម៉ែត្រ រាប់ពីជាន់ផ្ទាល់ដីនៅផ្នែកខាងទាប ហើយផ្នែកខាងខ្ពស់ គឺមានកំពស់៥៦.៦៧ម៉ែត្រ។ បន្ថែមពីនេះ អគារនេះមានជណ្តើរចំនួន២៩៦ ឬ២៩៤កាំ។ នៅជាន់ទី៧ មានជណ្តើរពីរនៅប៉ែងខាងជើងនៃអគារ។
នៅឆ្នាំ១៩៩០អគារនេះពឹងផ្អែកលើមុំ៥,៥ ដឺក្រេ ប៉ុន្តែបន្ទាប់ពីធ្វើការជួសជុលនៅក្នុងចន្លោះឆ្នាំ១៩៩៣ និង ២០០១ ស្ថាបត្យករបានបន្ថយដល់៣,៩៧ អង្សារ កាត់បន្ថយកំពស់៤៥សង់ទីម៉ែត្រ ដោយចំណាតទឹកប្រាក់តម្លៃនៃ២០០លានផោន។
អគារនេះបានបាត់បង់ជំហរចំនួន៤សង់ទីម៉ែត្រ សម្រាប់រយៈពេលពីរទសវត្សរ៍គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨។ អគារនេះ ត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាកន្លែងប្រារព្វពិធីសាសនាគ្រឹស្តនិកាយCatholic។
សូមរំលឹកផងដែរថា អគារនេះត្រូវបានសាងសង់ជា៣ដំណាក់កាល បើគិតចន្លោះឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៨។
ស្ថាបត្យកម្មដ៏អស្ចារ្យនេះ ត្រូវបានចុះនៅក្នុងបញ្ជីរបតិកភណ្ឌពិភលោក ហើយក៏គឺជាអគារដែលទាក់ទាញទេសចរណ៍ទៅលេងកម្សាន្តនៅទីនោះផងដែរ៕
ឧកញ៉ា តេង រិទ្ឋីៈ ការអភិវឌ្ឍលំនៅដ្ឋានភាគច្រើនគោរពបានតាមស្តង់ដា
ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ស្របពេលទីផ្សារលំនៅដ្ឋានកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន អ្នកជំនាញផ្នែកស្ថាបត្យកម្មបានថ្លែងថា ការសាងសង់លំនៅដ្ឋានភាគច្រើនគោរពបានតាមស្តង់ដាបរិស្ថានល្អប្រសើរហើយ តែនៅមានចំណុចត្រូវកែលំអរជាច្រើនទៀត។

លោកឧកញ៉ា តេង រិទ្ឋី អគ្គនាយកក្រុមហ៊ុន R INVESTMENT GROUP បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការអភិវឌ្ឍលំនៅដ្ឋាននៅតាមបុរីនានាភាគច្រើនគោរពបានតាមស្តង់ដាហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀត ដែលអ្នកអភិវឌ្ឍន៍ត្រូវគិតគូលើហេដ្ឋារចនាសម្ព័ន្ឋ ភាពបៃតង ពិសេសស្តង់ដាលំនៅដ្ឋានដោយបែងចែកឲ្យបានច្បាស់លាស់រវាងផ្ទះសម្រាប់រស់នៅឬផ្ទះសម្រាប់ធ្វើអាជីវកម្ម។ លោកបន្តថា “ទោះជាលំនៅដ្ឋាននៅតាមបុរីភាគច្រើន គោរពបានតាមស្តង់ដាក្តី ប៉ុន្តែអ្នកវិនិយោគផ្ទះល្វែង២០ទៅ៣០ល្វែងសម្រាប់លក់ ក៏គួរគិតគូរជាចម្បងទៅលើហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវឲ្យបានធំទូលាយ ជៀងវាងមានបញ្ហានៅពេលអនាគត”។ លោកបន្តថា “លំនៅដ្ឋានសម្រាប់ស្នាក់នៅគួរមានបណ្តោយប្រវែង១២ម៉ែត្រ ព្រោះវាធ្វើឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ តែបើលំនៅដ្ឋានសំរាប់ធ្វើអាជីវកម្មផ្ទះល្វែងគួរធ្វើវែងជាងនេះ១៤ទៅ១៦ម៉ែត្រ”។

លោកឧកញ៉ា តេង រិទ្ឋី ដែលជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់អ្នកអភិវឌ្ឍន៍ជាច្រើនលើគម្រោងលំនៅដ្ឋានបានបន្តថា នៅពេលនិយាយពីទីផ្សារ ការសាងសង់លំនៅដ្ឋានមិនអាចធ្វើឡើងតាមបែបបទ ឬរចនាបទខ្មែរតែមួយមុខនោះទេ តែត្រូវរួមបញ្ចូលគ្នានូវរចនាបទបែបអឺរ៉ុប និងអាស៊ីបញ្ចូលគ្នា ព្រោះប្រជាជនកម្ពុជាកាន់តែមានភាពស៊ីវិល័យ និងត្រូវការលំនៅដ្ឋានដែលមានស្តង់ដាមួយ និងមានភាពទាក់ទាញ ក៏ដូចជាផ្តល់ផាសុកភាពសំរាប់រស់នៅ។
ទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមានតម្រូវការខ្ពស់ ដោយយោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងបន្ថែមទៀតនៅចន្លោះឆ្នាំ ២០១៥ – ២០៣០៕
តោះទៅមើលស្ថាបត្យកម្មកំពូលមួយទៀតនៅទីក្រុងឌុបៃតម្លៃ៣៥៥លានដុល្លារ
ដោយវុត្ថា
ភ្នំពេញ៖ ទីក្រុងឌុបៃនៃប្រទេសអារ៉ាប់រួម មិនត្រឹមតែមានអាគារខ្ពស់ជាងគេលើពិភពលោកប៉ុណ្ណោះទេ តែប្រទេសនេះមានសំណង់ស្ថាបត្យកម្ម លំដាប់កំពូលជាច្រើនទៀត។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីសំណង់អគារសណ្ឋាគារបង្វិល៣៦០ដឺក្រេ ដែលអាចវិលទៅវិលមក និងអនុញ្ញាត្តិអោយអ្នកដែលសា្នក់នៅក្នុងអគារនេះ អាចទស្សនាព្រះទិត្យរៈឡើងនៅពេលព្រឹកព្រលឹម និងលិចចុះនៅពេលល្ងាច។
ស្ថាបត្យកម្មសណ្ឋាគារដ៏អស្ចារ្យនេះមានឈ្មោះថា Dynamic Tower ស្ថិតនៅក្នុងទីក្រុងឌុបៃ។ វាជាប្រភេទសណ្ឋាគារ ត្រូវបានគេចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០០៨ ហើយអាចនឹងបញ្ចប់ការសាសង់នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។ គម្រោងអគារនេះ ត្រូវបានប៉ានស្មានចំណាយអស់ថវិការចំនួន៣៥៥លាដុល្លារ។
អគារខ្ពស់កប់ពពកនេះនឹងបំពាក់ទៅដោយប្រព័ន្ធអគ្គិសនីយស្វ័យប្រវត្តិ តាមរយៈបំពង់ខ្យល់ និងប្រព័ន្ធសូឡា។ អគារសណ្ខាគារខ្ពស់កប់ពពកមួយនេះ នឹងអាចបង្វិល៣៦០ដឺក្រេ។ ដូច្នេះទិដ្ឋភាពនឹងផ្លាស់ប្តូរជារៀងពេលរហូត សម្រាប់អ្នកស្នាក់នៅខាងក្នុងអគារនេះអាចគយគន់ទិដ្ឋភាពទីក្រុងឌូបៃបានគ្រប់ទិស។
អគារសណ្ឋាគារនេះ មានកំពស់១,៣៧៥ហ្វីត ស្មើនឹង៤១៩ ម៉ែត្រ និងមានកំពស់៨០ជាន់ ដែលជាន់នីមួយៗត្រូវបានបង្វិលដោយខ្លួនឯង។

ថ្នាក់ដឹកនាំក្រុមហ៊ុន Dynamic Group បានអះអាងថា ការសាងសងស់នូវអគារនេះឡើង គឺចំណុចសំខាន់ននឹងផ្តល់ជូននូវ’បទពិសោធថ្មីសម្រាប់មនុស្ស ជាជាងគ្រាន់តែធ្វើជាសណ្ឋាគារ។
គេហទំព័ររបស់ក្រុមហ៊ុន Dynamic Group នេះបានសរសេរថា: “បទពិសោធន៍ដ៏អស្ចារ្យនេះ នឹងផ្តល់ជូននូវសេវាកម្មកន្លែងស្នាក់នៅដ៏ប្រណិត និងកន្លែងសម្រាប់អ្នកធ្វើដំណើរកម្សាន្ត ដែលមានបច្ចេកវិជ្ជាទំនើបបំផុតមិនថា សម្រាប់អាជីវកម្មឬការលំហែនោះទេ។
ក្រុមហ៊ុន Dynamic Group បានបង្ហាញសុទិដ្ឋិនិយមថា នៅពេលសាងសង់រួចរាល់ហើយនោះ សណ្ឋាគារនេះនឹងទទួលបានការគាំទ្រពីភ្ញៀវទេចរណ៍ មកពីជុំវិញពិភពលោក តាមរយៈការផ្តល់នូវបដិសណ្ឋារកិច្ច និងសេវកម្មផ្តាច់មុខ និងល្អឥតខ្ចោះនៃសណ្ឋាគារបង្វិលតែមួយគត់នៅក្នុងពិភពលោក៕
អ្នកជំនាញលើកឡើងពីទីតាំងបីដែលនឹងតម្លៃដីធ្លីនឹងកើនឡើងខ្លាំង
ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញផ្នែកដីធ្លី ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យនេះបានថ្លែងថា ទីតាំងចំនួនបីនឹងជាតំបន់មានការអភិវឌ្ឍ និងធ្វើឲ្យតម្លាំដីធ្លីកើនឡើងខ្លាំងនាពេលអនាគតឆាប់ៗនេះ។

លោក កាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Station Real Estate បានមានប្រសាសន៍ថា តម្លៃដីធ្លីនឹងកើនឡើងខ្ពស់បន្ថែមទៀត នៅឆ្នាំ២០១៩ ដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះ។ តំបន់ទាំងនោះរួមមាន តំបន់កំបូល ស្ថិតនៅភាគខាងលិចឈៀងខាងជើងក្រុងភ្នំពេញ ស្របតាមបណ្តោយផ្លូវជាតិលេខ។ លោកបន្តថា ភាព អំណោយផលរបស់តំបន់នេះ ដោយសារតំបន់នេះជាតំបន់ឧស្សាហកម្ម ដែលមានរោងចក្រសហគ្រាសច្រើន ពិសេសជាតំបន់ថ្មីដែលងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងងាយស្រួលក្នុងការរៀបចំផែនការអភិវឌ្ឍន៍។
ចំណែកតំបន់មួយទៀត គឺតំបន់ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ព្រោះតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប ពិសេសផ្លូវជាតិលេខ៦អា ដែលបានសាងសង់រួច និងមានភាពធំទូលាយ ហើយដីនៅតំបន់នេះមានតម្លៃទាបនៅឡើយ ហេតុនេះតម្លៃដីតំបន់នេះអាចកើនទ្វេរដងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកកាង សុធីបានបន្តថា ការរីកចម្រើននៅតាមបណ្តោយផ្លូវជាតិលេខ៦អាបានទៅដល់ស្រុកមុខកំពូលហើយ ដោយគំរោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់បុរីវិមានភ្នំពេញមង្គលរតនៈបាននិងកំពុងសាងសង់នៅតំបន់នេះ ដែលមានទីតាំងនៅក្បែរផ្សារព្រែកអញ្ចាញនិងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត។

លោក លាងគង់ យិន ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រ Propertyarea .asia ដែលបានតាមដានដំណើរវិវត្តន៍ក្នុងវិស័យនេះ រយៈពេល១០ឆ្នាំកន្លងមកនេះ បាន
យល់ស្របនឹងការលើកឡើងខាងលើ ប៉ុន្តែលោកនិងអ្នកជំនាញដទៃទៀតបានមើលឃើ ញតំបន់ភ្នំប្រសិទ្ឋ នឹងមានការអភិវឌ្ឍលឿននាពេលអនាគត ដោយសារតំបន់នេះនៅសល់ដីទំនេរច្រើន មានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងមានទីតាំងនៅកៀករាជធានីភ្នំពេញ ហើយបើធ្វើដំណើរចេញពីផ្សារទំនើប AEON2 គេអាចចំណាយពេលវេលាត្រឹម១៥នាទីប៉ុណ្ណោះនឹងទៅដល់តំបន់នេះហើយ។
លោកបន្តថា “វាជាតំបន់មួយដែលមានគំរោងអភិវឌ្ឍន៍លំនៅដ្ឋាននាពេលអនាគត ហើយវាមានលក្ខណៈពិសេសមួយ ដោយសារតំបន់នេះមានរមណីយដ្ឋានពីរនៅក្បែរ និងមានបរិស្ថានធម្មជាតិស្រស់បំព្រង ដែលអាចឲ្យប្រជាជនរស់នៅជាមួយផាសុខភាព និងងាយស្រួលសម្រាប់ការលំហែររបស់ពួកគេ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជានឹងកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Mekong Brokerage ដែលទើបជាប់ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តម្លៃដីធ្លីនៅឆ្នាំ២០១៩ខាងមុខនេះ នឹងកើនឡើងចន្លោះ១៥ទៅ២០ភាគរយបន្ថែមទៀត ហើយការកើនឡើងនេះអាស្រ័យលើតំបន់ និងទីតាំងនិមួយៗ ដែលមានអំណោយផលវិនិយោគ និងអំ ណោយផលសម្រាប់ការអភិវឌ្ឍ។
លោកបន្តថា “កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំជាមូលដ្ឋានដ៏សំខាន់ដែលជំរុញការវិនិយោគ ហើយខ្ញុំគិតថាអ្នកវិនិយោគចិននឹងចូលមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត”៕









