ដោយស៊ីវ ម៉េង
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា កម្ពុជាត្រូវពង្រីកនិងសាងសង់ព្រលានយន្តហោះបន្ថែមទៀត ដើម្បីអាចទទួលអ្នកដំណើរ៣០លាននាក់នៅឆ្នាំ២០៣០ខាងមុខ។
រដ្ឋលេខាធិការប្រចាំការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ជា អូន បានថ្លែងឲ្យដឹងក្នុងពិណ៌សមិទ្ធិផលនៅវិមានឈ្នះ ឈ្នះកាលពីថ្ងៃទី៣១ ធ្នូកន្លងមកថា នៅឆ្នាំបន្តបន្ទាប់ទៀតព្រលានយន្តហោះទាំងអស់ នឹងត្រូវបន្តជុលជូលសាងសង់ពង្រីកបន្ថែម ដើម្បីជម្រុញការទទួលភ្ញៀវអោយបាន៣០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។
លោកបន្តថា បន្ទាប់ពីពង្រីកការសាងសង់អស់លទ្ធភាពហើយ កម្ពុជានឹងសាងសង់ព្រលានយន្តចំនួន៣កន្លែងបន្ថែមទៀត រួមមាន ការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ការសាងសង់ព្រលានចំណុះរបស់រាជធានីភ្នំពេញ និងការពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុ ដើម្បីទទួលយន្តហោះដែលហោះឆ្លងទ្វីបទៅកាន់សហរដ្ឋអាមេរិច និងសហគមអឺរ៉ុប។
លោកជា អូនបានបន្តឲ្យដឹងទៀតថា បើយោងតាមស្ថានភាពព្រលានធំចំនួនបីកន្លែងដែលកំពុងមានបច្ចុប្បន្ន គឺព្រលានយន្តហោះនៅរាជធានីភ្នំពេញ មានលទ្ធភាពផ្ទុកមនុស្សចេញចូលបានប្រមាណ៥លាននាក់ ពោលគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាព្រលានយន្តហោះនៅខេត្តសៀមរាប ហើយអនាគតប្រសិនបើកម្ពុជានៅតែរក្សាកំណើនភ្ញៀវចេញចូល១៦ភាគរយរៀងរាល់ឆ្នាំនោះ វានឹងជម្រុញឱ្យព្រលានយន្តហោះនេះមានស្ថានភាពចង្អៀតណែន។
លោកបន្តថា “បច្ចុប្បន្នព្រលានយន្តហោះនិមួយៗ មានយន្តហោះចុះចតកើនឡើងប្រមាណ៨០ទៅ១០០ដង ខណៈចំនួនក្រុមហ៊ុនអាកាសចរណ៍ បានកើនឡើងជាបន្តបន្ទាប់”។
លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនការហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានឲ្យដឹងថា ព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនឹងត្រូវពង្រីកនៅត្រីមាសទី១ឆ្នាំនេះ ដែលធ្វើឲ្យផ្លូវរត់ព្រលានយន្តហោះនេះមានសមត្ថភាពទទួលយន្តហោះចុះចត ស្មើនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញសព្វថ្ងៃនេះ។លោកបន្តថា តាមពិតបើគិតដល់ឆ្នាំ២០៣០ យើងអាចទទួលអ្នកដំណើរច្រើនជាង៣០លាននាក់ ហើយសមត្ថភាពព្រលានយន្តហោះបច្ចុប្បន្នអាចទទួលអ្នកដំណើរបាន ពិសេសព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាបបច្ចុប្បន្នអាចទទួលអ្នកដំណើរបាន១០លាននាក់ សម្រាប់ព្រលាននិមួយៗ។
លោកបន្តថា “ចំណែកព្រលានយន្តហោះក្រុងព្រះសីហនុ យើងត្រូវពង្រីកកាន់តែធំ តាមអ្វីដែលជាការចង់បានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា”៕